« ថ្ងៃទី ១៩–២៥ ខែ កក្កដា គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១-៨៣ ៖ ទីណា ‹ ត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៩–២៥ ខែ កក្កដា គោលលទ្ធិ និង សេចក្តីសញ្ញា ៨១-៨៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៩–២៥ ខែ កក្កដា
គោលលទ្ធិ និងសេចក្តីសញ្ញា ៨១-៨៣
ទីណា « ត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញ »
តើវិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១-៨៣ អាចជួយកុមារដែលអ្នកបង្រៀនធ្វើល្អក្នុងចំណោមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ យ៉ាងដូចម្តេច ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយអ្វីមួយដែលពួកបានធ្វើដើម្បីជួយនរណាម្នាក់នៅក្នុងសប្តាហ៍នេះ ។ តើការបម្រើដល់មនុស្សដទៃអាចជួយយើងឲ្យប្រែក្លាយដូចជាព្រះអង្គសង្គ្រោះតាមរបៀបណា ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៣
ខ្ញុំគួរអធិស្ឋានជានិច្ច ។
នៅពេលព្រះអម្ចាស់បានហៅ ហ្វ្រែឌើរីក ជី វិលលាម ឲ្យធ្វើជាទីប្រឹក្សាម្នាក់របស់ព្យាការីយ៉ូសែប ស្ម៉ីធ ទ្រង់បានប្រឹក្សាដល់ហ្វ្រែឌើរីកឲ្យ « មានចិត្តស្មោះត្រង់ … នៅក្នុងការអធិស្ឋានរហូត » ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានឲ្យកុមារស្ដាប់អំពីការប្រឹក្សារបស់ព្រះអម្ចាស់ឲ្យ ៖ « មានចិត្តស្មោះត្រង់ … នៅក្នុងការអធិស្ឋានរហូត ដោយចេញសំឡេង និងទាំងនៅក្នុងចិត្តអ្នក នៅទីសាធារណៈ និងទាំងនៅទីសម្ងាត់ » (គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៣) ។ សូមពន្យល់ពីអត្ថន័យនៃការអធិស្ឋាននៅក្នុងចិត្តរបស់យើង ហើយចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយ ។ សូមជួយកុមារឲ្យគិតអំពីគ្រានានាដែលពួកគេអាចអធិស្ឋាន« នៅទីសាធារណៈ និងទាំងនៅទីសម្ងាត់ » ។
-
សូមបង្រៀនកុមារអំពីរបៀបអធិស្ឋាន ។ សូមគូសបញ្ជាក់ថា ពួកគេអាចថ្លែងអំណរគុណចំពោះព្រះវរបិតាសួគ៌សម្រាប់ពរជ័យរបស់ពួកគេ ហើយទូលសូមទ្រង់នូវអ្វីដែលពួកគេត្រូវការ ។ ចម្រៀងមួយបទអំពីការអធិស្ឋាន ដូចជា « ខ្ញុំអរគុណព្រះវរបិតា » ( សៀវភៅចម្រៀងកុមារ លេខ ៩ )អាចជួយកុមារឲ្យដឹងពីអ្វីដែលត្រូវនិយាយនៅក្នុងការអធិស្ឋានរបស់ពួកគេ ។ សូមឲ្យកុមារម្នាក់ៗប្ដូរវេនគ្នានិយាយការអធិស្ឋានខ្លីមួយ ។
-
ចូរសុំឲ្យកុមារគិតអំពីអ្វីៗដែលពួកគេអាចថ្លែងអំណរគុណចំពោះព្រះវរបិតាសួគ៌ ឬទូលសូមទ្រង់ ។ សូមឲ្យពួកគេគូររូបគំនូរអំពីរឿងទាំងនេះ ហើយចែកចាយរូបភាពនោះជាមួយកុមារផ្សេងទៀត ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១:៥, ៨២:១៩
ខ្ញុំអាចបម្រើមនុស្សជុំវិញខ្លួនខ្ញុំ ។
ព្រះវរបិតាសួគ៌ជ្រាបពីសេចក្ដីត្រូវការរបស់បុត្រាបុត្រីម្នាក់ៗរបស់ទ្រង់ ហើយជារឿយៗទ្រង់ប្រើប្រាស់អ្នកដទៃ—ដូចជាកុមារដែលអ្នកបង្រៀន—ឲ្យជួយបំពេញសេចក្ដីត្រូវការទាំងនោះ ។ តើអ្នកអាចជួយកុមារស្គាល់ពីសេចក្ដីត្រូវការរបស់មនុស្សដទៃ ហើយបម្រើពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១:៥ ទៅកាន់កុមារ ហើយជួយពួកគេឲ្យយល់ពីឃ្លាដូចជា « ជួយអ្នកទន់ខ្សោយ » ហើយ« លើកដៃដែលរោយ » ។ ចូរឲ្យពួកគេសម្ដែងជារបៀបនានាដែលពួកគេអាចធ្វើដូចអ្វីដែលព្រះអម្ចាស់សុំនៅក្នុងខគម្ពីរនេះ ។ សូមប្រើរូបភាព ឬវីដេអូ ដើម្បីប្រាប់ពីដំណើររឿងដ៏សាមញ្ញអំពីព្រះយេស៊ូវគ្រីស្ទបម្រើដល់មនុស្សដទៃ ( សូមមើល សៀវភៅរូបភាពដំណឹងល្អលេខ៤១, ៤២, ៤៦, ៤៧, ៥៥, biblevideos.ChurchofJesusChrist.org ) ។ តើយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះស្ដីពីការជួយដល់មនុស្សដទៃយ៉ាងដូចម្ដេច ?
-
សូមច្រៀងឃ្លាទីបួននៃបទ « ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះសង្គ្រោះ » (សៀវភៅចម្រៀងកុមារ ទំព័រ ៤២ ) ឬបទចម្រៀងណាមួយផ្សេងទៀតអំពីការបម្រើ ។ សូមប្រាប់កុមារពីគ្រាដែលនៅពេលនរណាម្នាក់បានជួយអ្នកទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះ តាមរយៈការបម្រើដល់អ្នក ។
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១៩ ទៅកាន់កុមារ ដោយសង្កត់ធ្ងន់ទៅលើឃ្លា « ស្វែងរកចំណូលចិត្តនៃអ្នកជិតខាងរបស់ខ្លួន » ។ សូមពន្យល់ថា មានន័យថាការធ្វើអ្វីៗដែលជួយដល់អ្នកជិតខាងយើង—បូករួមទាំងក្រុមគ្រួសារយើងផងដែរ ។ សូមជួយកុមារគិតអំពីរបៀបដែលពួកគេអាចបម្រើនរណាម្នាក់នៅសប្តាហ៍នេះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១០
ព្រះសន្យានូវពរជ័យជាច្រើន នៅពេលខ្ញុំគោរពតាមទ្រង់ ។
នៅពេលដែលពួកគេធំឡើង កុមារអាចឆ្ងល់ពីមូលហេតុដែលព្រះប្រទានព្រះបញ្ញត្តិដល់យើងជាច្រើន ។ អ្នកអាចជួយកុមារយល់ថា ទ្រង់ប្រទានព្រះបញ្ញត្តិនានាដល់យើងដើម្បីប្រទានពរជ័យដល់យើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារគិតពីព្រះបញ្ញត្តិទាំងឡាយដែលព្រះបានប្រទានដល់យើង ( សូមមើល ឧទាហរណ៍ និក្ខមនំ ២០:៤–១៧; ម៉ាថាយ ២២:៣៧–៣៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:៥–១៧) ។ សូមគូររូបភាពនៅលើក្តារខៀនដើម្បីជួយកុមារយល់ ហើយចងចាំបទបញ្ញត្តិទាំងនេះ ។ សូមផ្តល់ឧទាហរណ៍ពីរបៀបដែលព្រះបញ្ញត្តិរបស់ព្រះអាចប្រទានពរជ័យ និងការពារយើង ។
-
សូមអានទៅកុមារ « យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វី ដែលយើងមានព្រះបន្ទូល » (គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១០) ។ សូមឲ្យកុមារនិយាយឃ្លានេះជាមួយអ្នកឡើងវិញឲ្យបានច្រើនដង ហើយសូមគិតពីវិធីនានាដើម្បីជួយពួកគេចងចាំឃ្លានេះ ដូចជាសូមឲ្យពួកគេទះដៃជាចង្វាក់ភ្លេងពីឃ្លានេះ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងគោរពតាមព្រះបញ្ញត្តិរបស់ព្រះ នោះទ្រង់នឹងគោរពសេចក្តីសន្យារបស់ទ្រង់ចំពោះយើងដែរ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៣
ខ្ញុំអាចអធិស្ឋាន « ដោយការចេញសំឡេង និងទាំងនៅក្នុងចិត្ត [ របស់ខ្ញុំ ] » ។
តើអ្នកអាចបំផុសគំនិតដល់កុមារឲ្យងាកទៅរកព្រះអម្ចាស់ « នៅក្នុងការអធិស្ឋានរហូត » នៅពេលពួកគេត្រូវការយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញនរណាម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៣ ហើយសូមសួរកុមារថាតើវាមានអត្ថន័យយ៉ាងណាចំពោះការអធិស្ឋាន « នៅក្នុងចិត្ត [ របស់អ្នក ] » ។ សូមចែកចាយបទពិសោធន៍ នៅពេលអ្នកបានអធិស្ឋានឭៗ ឬនៅក្នុងចិត្តរបស់អ្នក ហើយព្រះអម្ចាស់បានជួយអ្នក ។ សូមឲ្យកុមារចែកចាយបទពិសោធន៍របស់ពួកគេផ្ទាល់ ។ តើការអធិស្ឋាននាំឲ្យយើងខិតកាន់តែជិតព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ?
-
សូមអាន ឬច្រៀងទំនុកតម្កើងជាមួយកុមារអំពីការអធិស្ឋានដូចជា « តើបានអធិស្ឋានទេ ? » ឬ « ការអធិស្ឋានស្ងប់ស្ងាត់ » ( ទំនុកតម្កើង ល.រ. ៧៩, ៧៨ ) ។ សូមអញ្ជើញកុមារឲ្យចែកចាយពីឃ្លាចេញពីទំនុកតម្កើងដែលជួយពួកគេយល់អ្វីមួយអំពីការអធិស្ឋាន ។ សូមផ្តល់ពេលវេលាឲ្យពួកគេសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីធ្វើឲ្យការអធិស្ឋានរបស់ពួកគេមានភាពកាន់តែប្រសើរជាងមុន ហើយបន្ទាប់មកសូមសរសេរគំនិតរបស់ពួកគេទុក ។
ព្រះមានព្រះទ័យចង់ឲ្យខ្ញុំបម្រើ និងពង្រឹងដល់អ្នកទាំងឡាយណាដែលត្រូវការជំនួយ ។
សូមជួយកុមារយល់ថា មានវិធីជាច្រើនដែលពួកគេអាចបម្រើក្រុមគ្រួសាររបស់ពួកគេ មិត្តភក្តិ និងអ្នកជិតខាងជារៀងរាល់ថ្ងៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូររូបភាពដៃ និងជង្គង់នៅលើក្តារខៀន ។ សុំឲ្យកុមារអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៥ ដើម្បីរៀនពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីអវយវៈនៃរូបកាយទាំងនេះ ។ សូមមើលវីដេអូ « Pass It On » (ChurchofJesusChrist.org) ឬចែកចាយពីរបៀបដែលអ្នក និងកុមារបានឃើញមនុស្សបម្រើគ្នាទៅវិញទៅមក ។ តើយើងអាចងាយដឹងពីមនុស្សទីទាល់នៅជុំវិញខ្លួនយើងយ៉ាងដូចម្តេច ? សូមអញ្ជើញកុមារឲ្យធ្វើការបម្រើយ៉ាងហោចមនុស្សម្នាក់នៅសប្តាហ៍នេះ ។ ចំពោះយោបល់ស្តីអំពីរបៀបនៃការបម្រើដល់អ្នកដទៃ សូមច្រៀងចម្រៀងមួយបទអំពីការបម្រើ ដូចជា «តើខ្ញុំបានធ្វើល្អឬទេ ? ( ទំនុកតម្កើងទំព័រ ១៣៨ ) ។
-
សូមអញ្ជើញកុមារឲ្យប្តូរវេនគ្នាតម្រាបដូមីណូតៗគ្នា ( ឬអ្វីមួយស្រដៀងនេះ ) ខណៈដែលកំពុងរៀបរាប់ពីវិធីដែលពួកគេអាចមប្រើអ្នកដទៃ ។ សូមឲ្យកុមាររុញគ្រាប់ដូមីណូមួយឲ្យដួលលើមួយទៀត ហើយសូមសង្កេតមើលថាតើគ្រាប់ដូមីណូផ្សេងទៀតប្រែប្រួលបែបណា ។ តើការបម្រើរបស់យើងជះឥទ្ធិពលដល់មនុស្សនៅជុំវិញយើងយ៉ាងដូចម្តេច ? ( សូមមើលវីដេអូ « Dominoes » ផងដែរ ( ChurchofJesusChrist.org ) ។ សូមប្រាប់អំពីរបៀបដែលការមប្រើដោយក្តីស្រឡាញ់របស់នរណាម្នាក់បានលើកទឹកចិត្តអ្នកឲ្យចង់បម្រើអ្នកផ្សេងទៀត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៨-១០
ព្រះសន្យានូវពរជ័យជាច្រើន នៅពេលយើងគោរពតាមទ្រង់ ។
នៅពេលកុមារបង្កើនការទុកចិត្តលើសេចក្តីសន្យារបស់ព្រះ នោះការស្ម័គ្រចិត្តរបស់ពួកគេនៅក្នុងការគោរពព្រះ បញ្ញត្តិរបស់ព្រះនឹងរីកចម្រើនឡើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យស្រមៃថាពួកគេមានមិត្តភក្តិម្នាក់ដែលបានគិតថាព្រះបានប្រទានព្រះបញ្ញត្តិច្រើនពេក ។ សូមឲ្យពួកគេស្វែងរក គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៨-១០ សម្រាប់អ្វីមួយដែលនឹងជួយមិត្តភក្តិរបស់ពួកគេយល់ពីមូលហេតុដែលព្រះប្រទានព្រះបញ្ញត្តិនានា ។ សូមចែកចាយពីរបៀបដែលព្រះបញ្ញត្តិរបស់ព្រះបានប្រទានពរដល់អ្នក ហើយសូមអញ្ជើញកុមារឲ្យចែកចាយគំនិតរបស់ពួកគេផងដែរ ។
-
ដើម្បីជួយកុមារយល់ពីសេចក្តីសន្យារបស់ព្រះវរបិតាសួគ៌ចំពោះយើង សូមបំបែកថ្នាក់ទៅជាបីក្រុម ហើយសូមឲ្យបទគម្ពីរដូចខាងក្រោមទៅក្រុមនីមួយៗអាន ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៧–៣៨; ៨២:១០; ១៣០:២០–២១។ សូមអញ្ជើញពួកគេចែកចាយអ្វីដែលពួកគេរៀនអំពីសេចក្តីសន្យារបស់ព្រះវរបិតាសួគ៌ ។ តើការគោរពប្រតិបត្តិរបស់យើងមានឥទ្ធិពលដល់ពរជ័យដែលយើងទទួលយ៉ាងដូចម្តេច ? សូមជួយកុមារគិតពីគំរូនានាតាមរយៈជីវិតរបស់ពួកគេ ឬតាមរយៈព្រះគម្ពីរ ថាពេលណាមានការគោរពប្រតិបត្តិនោះវានាំមកនូវពរជ័យពីព្រះ ។
-
សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលថ្លែងទីបន្ទាល់ពីគោលការណ៍ទាំងឡាយដែលបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញាកណ្ឌទី ៨២:៨-១០ ។ តើអ្នកចាប់ផ្តើមទុកចិត្តលើព្រះអម្ចាស់ និងសេចក្តីសន្យារបស់ទ្រង់យ៉ាងដូចម្តេច ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យគិតពីអ្វីដែលពួកគេអាចចូលចិត្តបម្រើនរណាម្នាក់នៅក្នុងគ្រួសារពួកគេនាសប្តាហ៍នេះ ។ នៅអំឡុងពេលថ្នាក់រៀនសប្តាហ៍ក្រោយ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានធ្វើ ។