« ការពន្យល់បទគម្ពីរ ៖ ការគូសចំណាំ និងការបន្ថែមកំណត់ចំណាំ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការពន្យល់បទគម្ពីរ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧១ ៖ ជំនាញសិក្សាព្រះគម្ពីរ
ការពន្យល់បទគម្ពីរ
ការគូសចំណាំ និងការបន្ថែមកំណត់ចំណាំ
មេរៀននេះអាចជួយសិស្សឲ្យគូសចំណាំ និងបន្ថែមកំណត់ចំណាំទៅក្នុងបទគម្ពីររបស់ពួកគេក្នុងរបៀបមួយដែលធ្វើឲ្យការសិក្សារបស់ពួកគេកាន់តែមានន័យ និងនាំឲ្យពួកគេកាន់តែខិតជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ ជាផ្នែកនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ សូមអញ្ជើញសិស្សឲ្យគូសចំណាំនូវអ្វីដែលមានន័យសម្រាប់ពួកគេ ជាពិសេសពាក្យ ឬឃ្លាដែលជួយពួកគេឲ្យយល់ ឬទទួលអារម្មណ៍នូវសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចរៀបចំខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានគូសចំណាំ និងមូលហេតុ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការធ្វើឲ្យការសិក្សាបទគម្ពីរកាន់តែមានអត្ថន័យ
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតធ្វើសកម្មភាពពីរបីដែលពួកគេអាចធ្វើជាធម្មតា ប៉ុន្ដែកាន់តែមានអត្ថន័យ ។ ឧទាហរណ៍អាចរួមមានការស្វាគមន៍ និងការនិយាយជាមួយមិត្តរួមថ្នាក់ ការផ្ញើសំបុត្រថ្លែងអំណរគុណ ឬផ្ញើសារជាអក្សរខ្លីអរគុណ និងការសិក្សាព្រះគម្ពីរ ។
ព្រះអង្គសង្រ្គោះបានបញ្ជាយើងកុំឲ្យអានព្រះគម្ពីរធម្មតាៗឡើយ ប៉ុន្តែត្រូវ « ពិចារណាមើល » « សិក្សា » និង « ទទួលទាន » ព្រះបន្ទូលទាំងឡាយរបស់ទ្រង់ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៧; ១១:២២; នីហ្វៃទី២ ៣២:៣ ) ។ តាមរយៈបទគម្ពីរ យើងអាចស្គាល់ទ្រង់ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ( សូមមើល យ៉ូហាន ៥:៣៩; យ៉ាកុប ៣:២ ) ។
សូមអញ្ជើញសិស្សឲ្យចំណាយពេលមួយភ្លែតដើម្បីវាយតម្លៃការសិក្សាព្រះគម្ពីររបស់ពួកគេ រួមទាំងវាយតម្លៃថា តើវាជួយឲ្យពួកគេមានអារម្មណ៍ថាវាកំពុងជួយពួកគេឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬអត់ ឬវាយតម្លៃថាតើវាជួយតាមរបៀបណា ។
តើមានកិច្ចការអ្វីខ្លះដែលអ្នកបានធ្វើ ( ឬអាចធ្វើបាន ) ដើម្បីធ្វើឲ្យការសិក្សាព្រះគម្ពីរកាន់តែមានអត្ថន័យសម្រាប់អ្នក ?
សូមស្តាប់ចម្លើយរបស់សិស្សដោយយកចិត្តទុកដាក់ និងសរសេរចម្លើយនោះនៅលើក្ដារខៀន ។ សូមពិចារណាពន្យល់ដូចតទៅនេះតាមពាក្យពេចន៍ផ្ទាល់របស់អ្នក ៖
កំណត់និយមន័យ ៖ ការគូសចំណាំបទគម្ពីរ
របៀបមួយដើម្បីធ្វើឲ្យការសិក្សាព្រះគម្ពីរមានអត្ថន័យគឺការគូសចំណាំ និងការបន្ថែមកំណត់ចំណាំទៅព្រះគម្ពីររបស់អ្នក ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលវិធីដែលអ្នកអាចនឹងចង់គូសចំណាំព្រះគម្ពីររបស់អ្នក ដើម្បីជួយឲ្យការសិក្សាព្រះគម្ពីររបស់អ្នកនាំអ្នកឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
គំរូ ៖ ការគូសចំណាំបទគម្ពីរ
សូមបង្ហាញសិស្សនូវឧទាហរណ៍ពីរបីអំពីរបៀបដែលមនុស្សអាចគូសចំណាំបទគម្ពីររបស់ពួកគេ ដូចជាវីដេអូ ឬរូបភាពដែលបានរួមបញ្ចូលនៅទីនេះ ។ សិស្សក៏ថែមទាំងអាចចែកចាយរបៀបដែលពួកគេគូសចំណាំបទគម្ពីររបស់ពួកគេផងដែរ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកមូលហេតុដែលអាចមានសម្រាប់ការគូសចំណាំដែលពួកគេឃើញ ។
« A Marking System That Works for You » ( ១:៥៦ ) ។ នៅក្នុងវីដេអូនេះ អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្ហាញពីរបៀបគូសចំណាំបទគម្ពីរ ។
2.3.1 A Marking System That Works for You
« Marking Scriptures » ( ១:៤៥ ) ។ នៅក្នុងវីដេអូនេះ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបង្ហាញពីរបៀបដែលលោកគូសចំណាំបទគម្ពីរ ។
Marking Scriptures
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សបានគូសចំណាំបទគម្ពីររបស់ពួកគេ ?
-
តើអ្នកគិតថា ការគូសចំណាំបទគម្ពីររបស់អ្នកអាចជួយអ្នកដោយរបៀបណា ?
អនុវត្ត ៖ ការគូសចំណាំបទគម្ពីរ
សូមពិចារណាសរសេរ ឬបង្ហាញអត្ថបទពេញលេញនៃខគម្ពីរខាងក្រោមនៅលើក្ដារខៀន ។ ឬប្រសិនបើមាន សូមបង្ហាញកំណែអេឡិចត្រូនិចនៃខគម្ពីរទាំងនេះពីបណ្ណាល័យដំណឹងល្អ ។ អ្នកអាចជំនួសខគម្ពីរទាំងនេះជាមួយនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬខគម្ពីរផ្សេងទៀត ឬខគម្ពីរដែលអ្នកជ្រើសរើសបាន ។
សម្រាប់សិស្សដែលប្រើព្រះគម្ពីរឌីជីថល អ្នកប្រហែលជាចង់ចំណាយពេលខ្លះដើម្បីបង្ហាញពីរបៀបគូសចំណាំបទគម្ពីរនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ សម្រាប់សេចក្តីណែនាំស្តីពីរបៀបដើម្បីធ្វើដូច្នោះ សូមមើលផ្នែក « ជំនួយ » នៃកម្មវិធីបណ្ណាល័យដំណឹងល្អ រួមមាន ៖ Gospel Library User Guide (iOS) និង Gospel Library User Guide (Android) ក្រោមចំណងជើងថា « Marking Content » ។
ដើម្បីអនុវត្តការគូសចំណាំ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:៥–៦ ហើយគូសចំណាំថា តើវាមានអត្ថន័យយ៉ាងណាចំពោះអ្នក ។ អ្នកប្រហែលជាចង់យកចិត្តទុកដាក់ជាពិសេសចំពោះអ្វីដែលអ្នករៀនអំពីព្រះអង្គសង្គ្រោះ និងពីព្រះទ័យរបស់ទ្រង់ចំពោះអ្នក ។
ប្រសិនបើខគម្ពីរនេះបានបង្ហាញនៅលើក្ដារខៀន សូមពិចារណាអញ្ជើញសិស្សឲ្យប្រើប្រដាប់គូសចំណាំដើម្បីបង្កើតការគូសចំណាំរបស់ពួកគេឡើងវិញនៅលើក្ដារខៀន ហើយសុំឲ្យពួកគេចែកចាយពីមូលហេតុដែលពួកគេគូសចំណាំអ្វីដែលពួកគេបានគូសនោះ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានគូសចំណាំ ? ហេតុអ្វីបានជាអ្នកចាប់អារម្មណ៍ខគម្ពីរទាំងនេះ ?
-
តើអ្នកមានអារម្មណ៍ខុសគ្នាដែរឬទេ អំពីខគម្ពីររបស់អ្នកបន្ទាប់ពីអ្នកបានគូសចំណាំវា ? តើវាជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកចំពោះព្រះអង្គសង្រ្គោះដែរឬទេ ? បើមាន ហេតុអ្វីទៅ ?
វាអាចជាប្រយោជន៍ដើម្បីចង្អុលបង្ហាញដល់សិស្សថា នៅពេលឃ្លាព្រះគម្ពីរលេចធ្លោសម្រាប់ពួកគេ វាអាចជារបៀបមួយដែលព្រះអម្ចាស់កំពុងប្រាស្រ័យទាក់ទងជាមួយពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
កំណត់ន័យ ៖ ភ្ជាប់ ឬដាក់ខគម្ពីរជាក្រុម
វាក៏អាចមានប្រយោជន៍ផងដែរក្នុងការសិក្សាខគម្ពីរបន្ថែមលើប្រធានបទមួយ ហើយភ្ជាប់ ឬដាក់ខគម្ពីរទាំងនេះជាក្រុមជាមួយគ្នា ។
គំរូ ៖ ការភ្ជាប់ ឬការដាក់ខគម្ពីរជាក្រុម
-
តើមានរបៀបអ្វីខ្លះដែលអ្នកអាចភ្ជាប់ ឬដាក់ខគម្ពីរជាក្រុមអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នក ?
សូមស្តាប់ចម្លើយរបស់សិស្ស ហើយពិចារណាបន្ថែមលទ្ធភាពណាមួយខាងក្រោម ។ អ្នកអាចប្រើ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:៥–៦ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០–១១ ជាគំរូនៃខគម្ពីរដែលជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះ ។ បញ្ជីខាងក្រោមមានគំនិតមួយចំនួនដែលសិស្សអាចលើកឡើង ឬដែលអ្នកអាចបន្ថែមទៅអ្វីដែលសិស្សចែកចាយបាន ។
-
សូមសរសេរសេចក្តីយោងនៅលើទំព័រ-សនៅដើម ឬចុងបញ្ចប់នៃព្រះគម្ពីររបស់អ្នក ឬនៅក្នុងសៀវភៅកំណត់ហេតុព្រះគម្ពីរ ។
-
នៅជិតខគម្ពីរមួយនៅរឹមទំព័រ សូមសរសេរសេចក្តីយោង(ច្រើន) ទៅខគម្ពីរដែលទាក់ទង ។
-
នៅពេលប្រើកម្មវិធីបណ្ណាល័យដំណឹងល្អ សូមប្រើមុខងារភ្ជាប់ ឬដាក់ស្លាក ។
បើចាំបាច់ សូមពន្យល់ថា មុខងារភ្ជាប់នឹងភ្ជាប់បទគម្ពីរពីរជាមួយគ្នា ខណៈដែលមុខងារដាក់ស្លាកនឹងអនុញ្ញាតឲ្យអ្នកដាក់ខគម្ពីរជាច្រើនជាក្រុមនៅក្រោមប្រធានបទតែមួយ ។ សូមពិចារណាបង្ហាញជំនាញនេះនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ឬអញ្ជើញសិស្សឲ្យធ្វើការបង្ហាញនេះ ។ ប្រសិនបើអាចធ្វើបាន វានឹងមានអត្ថប្រយោជន៍ក្នុងការបង្ហាញនៅលើអេក្រង់ដែលមានទំហំធំ ជាជាងបង្ហាញនៅលើទូរសព្ទនូវអ្វីដែលអ្នក ឬសិស្សកំពុងធ្វើ ។ សម្រាប់ការណែនាំអំពីរបៀបធ្វើវា សូមមើលផ្នែកជំនួយនៃកម្មវិធីបណ្ណាល័យដំណឹងល្អ ។ អ្នកអាចចូលទៅកាន់ផ្នែកនេះបានដោយជ្រើសរើសចំណុចចុចបីនៅជ្រុងខាងស្តាំខាងលើ ។ ( កំណត់ចំណាំ ៖ អ្នកក៏អាចភ្ជាប់ ឬដាក់ស្លាកសុន្ទរកថាសន្និសីទទូទៅ ឬឯកសារណាផ្សេងទៀតនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អបានផងដែរ ) ។
អនុវត្ត ៖ ការភ្ជាប់ ឬការដាក់ខគម្ពីរជាក្រុម
សកម្មភាពខាងក្រោមអាចលើកទឹកចិត្តសិស្សឲ្យដាក់ជាក្រុម និងភ្ជាប់បទគម្ពីរ ។ ប្រសិនបើអ្នកបានជ្រើសរើសបទគម្ពីរផ្សេងឲ្យសិស្សសិក្សាមុននេះក្នុងមេរៀននេះ អ្នកក៏ប្រហែលជាចង់ជ្រើសរើសខគម្ពីរផ្សេងទៀតលើប្រធានបទដូចគ្នានេះ ដើម្បីជំនួសខគម្ពីរខាងក្រោមនេះដែរ ។
សូមអានយ៉ាងហោចណាស់ខគម្ពីរចំនួនបីខាងក្រោម ហើយពិចារណាពីការភ្ជាប់ ឬដាក់ខគម្ពីរជាក្រុមដែលជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០–១១; ៣៤:១–៣; ៤៥:៣–៥; ៤៩:២៦–២៧; ៦៨:៥–៦; ១៣៨:៣; អេសាយ ៤៩:១៥–១៦; យ៉ូហាន ១៥:១៣; រ៉ូម ៨:៣៥–៣៩; យ៉ូហាន ៤:១៩; នីហ្វៃទី១ ១៩:៩ ។
ក្នុងថ្នាក់ ឬជាក្រុមតូចៗ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេបានដាក់ខគម្ពីរជាក្រុម និងមូលហេតុដែលវាអាចមានអត្ថន័យសម្រាប់ពួកគេ ។ ពួកគេក៏អាចចែកចាយគំនិតអំពីរបៀបដែលពួកគេអាចនឹងចង់ប្រើការដាក់ជាក្រុម ឬការភ្ជាប់នៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេផ្ទាល់ផងដែរ ។
កំណត់និយមន័យ ៖ ការបន្ថែមកំណត់ចំណាំ
របៀបមួយទៀតដើម្បីចូលទៅជិតព្រះអម្ចាស់តាមរយៈការសិក្សាព្រះគម្ពីរគឺការបន្ថែមកំណត់ចំណាំអំពីអ្វីដែលអ្នកកំពុងរៀន ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីតម្លៃនៃការកត់ត្រាកំណត់ចំណាំទាំងឡាយ នៅពេលសិក្សាព្រះគម្ពីរ ។
ការសរសេរនូវអ្វីដែលយើងរៀន គិត និងមានអារម្មណ៍ នៅពេលដែលយើងសិក្សាព្រះគម្ពីរ គឺជាទម្រង់មួយទៀតនៃការសញ្ជឹងគិត ហើយជាការអញ្ជើញដ៏មានឥទ្ធិពលទៅដល់ព្រះវិញ្ញាណបរិសុទ្ធសម្រាប់ការណែនាំបន្ត ។ ( ដេវីឌ អេ បែដណា « Because We Have Them before Our Eyes » New Era ខែ មេសា ឆ្នាំ ២០០៦ ទំព័រ ៦–៧ )
គំរូ ៖ ការបន្ថែមកំណត់ចំណាំ
សូមធ្វើបទបង្ហាញ ឬជួយសិស្សរំឭកពីរូបភាព និងវីដេអូពីមុនក្នុងមេរៀននេះ ដែលពួកគេអាចបន្ថែមកំណត់ចំណាំដោយសរសេរនៅគែមនៃព្រះគម្ពីររបស់ពួកគេ នៅលើក្រដាសតូចៗដែលពួកគេបានដាក់ក្នុងព្រះគម្ពីររបស់ពួកគេ នៅក្នុងកំណត់ហេតុព្រះគម្ពីរ ឬប្រើកម្មវិធីបណ្ណាល័យដំណឹងល្អជាអេឡិចត្រូនិច ។
អនុវត្ត ៖ ការបន្ថែមកំណត់ចំណាំ
សូមបញ្ចប់មេរៀននេះដោយការសរសេរគំនិត និងអារម្មណ៍របស់អ្នកអំពីវគ្គបទគម្ពីរយ៉ាងហោចណាស់មួយ ដែលអ្នកបានសិក្សានៅថ្ងៃនេះ ។
អ្នកអាចបង្ហាញពីរបៀបបន្ថែមកំណត់ចំណាំនៅក្នុងព្រះគម្ពីរជាឌីជីថល ដោយការគូសចំណាំពណ៌ឃ្លាមួយ ដោយការជ្រើសរើស កំណត់ចំណាំ និងវាយអត្ថបទចូល ។
បន្ទាប់ពីសិស្សមានពេលអនុវត្តការបន្ថែមកំណត់ចំណាំហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ប្រសិនបើវាមិនមានលក្ខណៈផ្ទាល់ខ្លួនពេកទេ ។ អ្នកក៏ប្រហែលជាចង់សួរពីរបៀបដែលសិស្សចង់គូសចំណាំបទគម្ពីររបស់ពួកគេនៅពេលអនាគត និងមូលហេតុផងដែរ ។