ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧៣ ៖ ការយល់ដឹង​ពី​បរិបទ​នៃ​ព្រះគម្ពីរ


« ការយល់ដឹង​ពី​បរិបទ​នៃ​ព្រះគម្ពីរ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការយល់ដឹង​ពី​បរិបទ​នៃ​ព្រះគម្ពីរ »⁠ ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៧៣ ៖ ជំនាញ​សិក្សា​ព្រះគម្ពីរ

ការយល់ដឹង​ពី​បរិបទ​នៃ​ព្រះគម្ពីរ

យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ​គាត់

ការយល់ដឹង​អំពី​បរិបទ​នៃ​ព្រះគម្ពីរ ជួយ​យើង​ឲ្យ​ស្គាល់ពី​គោលបំណង​របស់​អ្នកនិពន្ធ​ដ៏​បំផុស​គំនិត ។ ការណ៍​នេះ​អាច​ធ្វើឲ្យ​ការយល់ដឹង​របស់​យើង​អំពី​ពាក្យ​សម្តី​របស់​ពួកលោក​មាន​កាន់តែ​ជ្រាលជ្រៅ ហើយ​ជួយ​យើង​ឲ្យ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​យើង ។ គោលបំណង​មេរៀន​នេះ គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​របៀប​ដែល​បរិបទ​នៃ​ព្រះគម្ពីរ អាច​ធ្វើឲ្យ​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​អត្ថន័យ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

រូបភាព​ទាំងមូល

សូម​ចាប់ផ្តើម​ថ្នាក់​ដោយ​ការបង្ហាញ​រូបភាព​ខាងក្រោម​ម្ដង​មួយៗ ហើយ​សួរ​សំណួរ​ដែល​មាន​បន្ទាប់​នេះ ។ ជា​ជម្រើស សិស្ស​អាច​សរសេរ​ចំណងជើង​សម្រាប់​រូបភាព​ទាំងនេះ នៅពេល​អ្នក​បង្ហាញ​រូបភាព​ម្ដង​មួយៗ ។ បន្ទាប់​មក ពួកគេ​អាច​ពិភាក្សា​អំពី​របៀប​ដែល​ចំណងជើង​នេះ​បាន​ផ្លាស់ប្តូរ បន្ទាប់ពី​ពួកគេ​បាន​ឃើញ​រូបភាព​ទាំងមូល ។

ជំនួសឲ្យ​ការប្រើ​រូបភាព​ខាងក្រោម​នេះ សិស្ស​អាច​ជ្រើសរើស​រូបថត​មួយ​សន្លឹក​ពីក្នុង​រូបថត​កាមេរ៉ា​នៅលើ​ទូរសព្ទ​របស់​ពួកគេ ពង្រីក​ឲ្យឃើញ​តែមួយ​ផ្នែក​ប៉ុណ្ណោះ​នៃ​រូបភាព​នោះ ហើយ​អញ្ជើញ​ដៃគូ​ម្នាក់​ឲ្យ​ទាយ​ពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព​នោះ ។ បន្ទាប់​មក ពួកគេ​អាច​បង្រួម​វិញ និង​សួរ​ថា តើ​ការយល់ដឹង​របស់​សិស្ស​ផ្សេងទៀត​បាន​ផ្លាស់ប្តូរ​យ៉ាង​ដូចម្ដេច​ដែរ ។

ក្មេងប្រុស​ម្នាក់​រុញ​ក្មេងប្រុស​ម្នាក់ទៀត
  • តើ​មាន​អ្វី​កំពុង​កើតឡើង​នៅក្នុង​រូបភាព​នេះ ?

ក្មេងប្រុស​ម្នាក់​រុញ​ក្មេងប្រុស​ម្នាក់ទៀត​ចេញពី​ផ្លូវ​រថយន្ត​ដែល​កំពុង​ជិះ​មក
  • តើ​ការយល់ដឹង​របស់​យើង​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច នៅពេល​យើង​មើលឃើញ​រូបភាព​ទាំងមូល ?

    សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​នានា​មកពី​ជីវិត​របស់​ពួកគេ នៅពេល​ដែល​ការមើលឃើញ​រូបភាព​បន្ថែម​ទៀត ធ្វើឲ្យ​មាន​ភាពខុសគ្នា ។ ឧទាហរណ៍​មួយ​ចំនួន​ដែល​អាច​លើកឡើង​បាន អាច​រួមមាន​ការផ្ញើ​សារ ឬ​ការចុះផ្សាយ​អ្វីមួយ​មុនពេល​មាន​ព័ត៌មាន​លម្អិត​ទាំងអស់ ការវិនិច្ឆ័យ​នរណា​ម្នាក់​ដោយ​មិន​ដឹងពី​ដំណើររឿង​របស់​ពួកគេ ឬ​ការសន្និដ្ឋាន​មិន​ត្រឹមត្រូវ​ចេញពី​រូបភាព​ដែល​បាន​កាត់‑ត ។

  • តើ​រឿង​នេះ​ទាក់ទង​នឹង​ការសិក្សា​ព្រះគម្ពីរ​របស់​យើង​ដោយ​របៀប​ណា ?

នៅពេល​សិស្ស​ឆ្លើយ​សំណួរ​នេះ សូម​វាយតម្លៃ​ការយល់ដឹង​របស់​ពួកគេ​អំពី​បរិបទ​ដែល​ទាក់ទង​នឹង​ការសិក្សា​ព្រះគម្ពីរ ។ ដោយ​ផ្អែកលើ​ការវាយតម្លៃ​របស់​អ្នក​អំពី​ការយល់ដឹង​របស់​ពួកគេ សូម​ពិចារណា​ប្រើប្រាស់​ផ្នែក​ខាងក្រោម​នេះ​ទាំងអស់ ឬ​តែ​តាម​ផ្នែក​ខ្លះ​ក៏បាន ។

កំណត់​និយមន័យ ៖ ការយល់ដឹង​ពី​បរិបទ

សូម​ពិចារណា​សរសេរ​ពាក្យ បរិបទ នៅលើ​ក្ដារខៀន ។

យើង​អាច​មិន​ដឹងពី​ព័ត៌មាន​លម្អិត​សំខាន់ៗ ហើយ​មិន​មាន​ការយល់ដឹង​ពេញលេញ​អំពី​អ្វី​ដែល​កំពុង​កើតឡើង​ទេ បើ​គ្មាន​បរិបទ​ទេ​នោះ ។

  • តើ​អ្នក​នឹង​ផ្ដល់​និយមន័យ​នៃ​ពាក្យ បរិបទ យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​នៅលើ​ក្ដារខៀន ។ តាម​ការចាំបាច់ សូម​ចែកចាយ​និយមន័យ​នៃ​ពាក្យ​បរិបទ​ដូច​ខាងក្រោម ៖

បរិបទ​គឺជា​សាវតា​រឿង ស្ថានភាព និង​មជ្ឈដ្ឋាន​ជុំវិញ​ព្រឹត្តិការណ៍​ដែល​កើតឡើង ដែល​អាច​ធ្វើ​ឲ្យ​យើង​យល់បាន​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​កំពុង​កើតឡើង ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី​អែលឌើរ ដេវីដ អេ បែដណា ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) ៖

ដេវីឌ អេ បែដណា

« ខ្ញុំ​មាន​គន្លឹះ​មួយ ដែល​ខ្ញុំ​យល់ពី​ព្រះគម្ពីរ​បាន ។ ខ្ញុំ​សួរ​ថា តើ​អ្វី​ទៅជា​សំណួរ​ដែល​បាន​ទាញ​ឲ្យមាន​ចម្លើយ​នេះ ឬ​ដែល​បាន​បណ្ដាល​ឲ្យ​ព្រះយេស៊ូវ​មាន​បន្ទូល​នូវ​រឿង​ប្រៀប​ប្រដូច​នេះ ? » ( History of the Church ទំព័រ ៥:២៦១ ) ។ ដូច្នេះ ការខិតខំ​យល់ពី​សំណួរ​ដែល​បាន​កើតមុន​វិវរណៈ រឿង​ប្រៀប​ប្រដូច ឬ​ស្ថានភាព​ជាក់លាក់​មួយ អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ការយល់ដឹង​កាន់តែ​ជ្រាលជ្រៅ​មួយ​អំពី​ព្រះគម្ពីរ ។ ( ដេវីឌ អេ បែដណា នៅក្នុង « Witnesses of the Prophet Joseph Smith » Ensign ខែ មករា ឆ្នាំ ២០០៩ ទំព័រ ១៥ )

  • តើ​ការរៀន​ពី​បរិបទ​នៃ​ព្រះគម្ពីរ​ជួយ​អ្នក​ឲ្យ​យល់ពី​មេរៀន​ដែល​បរិបទ​នោះ​បង្រៀន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ភាពញឹកញាប់​ដែល​ពួកគេ​ខិតខំ​ដើម្បី​ដឹង​ពី​សាវតា​រឿង និង​មជ្ឈដ្ឋាន​នេះ ។ សូម​ពិចារណា​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​មួយ ឬ​ពីរ​នាទី ដើម្បី​ជញ្ជឹងគិត​ពី​របៀប​ដែល​ការរៀន​ពី​បរិបទ​នៃ​ព្រះគម្ពីរ​បាន​ផ្ដល់​ពរជ័យ ឬ​អាច​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​បាន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

គំរូ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១

ខាងក្រោម​នេះ​គឺជា​គំរូ​មួយ​នៃ​របៀប​ដែល​ការយល់ដឹង​ពី​បរិបទ អាច​ធ្វើឲ្យ​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​អត្ថន័យ ។ ប្រសិនបើ​អ្នក​ចង់ អ្នក​អាច​ជ្រើសរើស​ខគម្ពីរ​ផ្សេងទៀត​ដើម្បី​ប្រើជា​គំរូ​របស់​អ្នក​បាន ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៧–៨ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់ យ៉ូសែប ស្ម៊ីធ ។

  • នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​មាន​អ្វីខ្លះ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ?

    សូម​ពិចារណា​ដាក់​សិស្ស​ជា​ក្រុម​តូចៗ ដើម្បី​ពិភាក្សា​អំពី​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​បញ្ជី​មួយ​អំពី​ធនធាន​នានា ដែល​ជួយ​យើង​ឲ្យ​រៀន​អំពី​បរិបទ ។

  • តើ​មាន​ឧបករណ៍ ឬ​ធនធាន​ណាខ្លះ ដែល​អាច​ជួយ​យើង​ឲ្យរៀន​អំពី​បរិបទ​នៃ​បទគម្ពីរ​នេះ និង​បទគម្ពីរ​ផ្សេងទៀត​បាន ?

សិស្ស​អាច​នឹង​រាយបញ្ជី​ធនធាន​មួយ​ចំនួន​ដូច​តទៅ​នេះ ៖ ក្បាល​កណ្ឌ ឬ​ក្បាល​ជំពូក ខគម្ពីរ​ជុំវិញ សេចក្ដី​អធិប្បាយ​ព្រះគម្ពីរ សៀវភៅ​សិក្សា សុន្ទរកថា​ដែល​បាន​ថ្លែង​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ និង ដំណើររឿង​ក្នុង​ព្រះគម្ពីរ​សម្រាប់​កុមារ ។

អ្នក​ប្រហែល​ជា​ចង់​លើកឡើង​ថា ធនធាន​ជាក់លាក់​មួយ​ចំនួន​ដែល​មាន​សម្រាប់​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា និង​ប្រវត្តិ​សាសនាចក្រ រួមមាន ពួកបរិសុទ្ធ ភាគ ១ និង Revelations in Context ។ ប្រសិនបើ​សិស្ស​ចង់​ដឹង​បន្ថែម​ទៀត អ្នក​អាច​បង្ហាញ​ពី​របៀប​ដែល​សិស្ស​អាច​ចូល​ប្រើ​ធនធាន​ទាំងនេះ​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​បាន ។ សូម​ធានា​ដល់​សិស្ស​ថា ទោះជា​ការសិក្សា​ប្រភព​ផ្សេងៗ​អាច​មាន​ប្រយោជន៍​ក៏ដោយ ក៏​ទម្លាប់​សាមញ្ញ​នៃ​ការអាន​ក្បាល​កណ្ឌ​មុន​នឹង​ពួកគេ​សិក្សា អាច​ធ្វើឲ្យ​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​អត្ថន័យ​បាន​ដែរ ។ ចំណុច​នេះ​គឺជា​ការផ្តោត​សំខាន់​នៃ​មេរៀន​នេះ ។

សូម​អាន​ក្បាល​កណ្ឌ​ទី ១២១ ដោយ​ស្វែងរក​ព័ត៌មាន​ដែល​នឹង​ជួយ​យើង​ឲ្យ​យល់ពី​ខគម្ពីរ​ទាំងនេះ​បាន​កាន់តែ​ប្រសើរ​ជាងមុន ។ អ្នក​ក៏​អាច​ចង់​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:១–៦ ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត​ផងដែរ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៧–៨ ឡើងវិញ ដោយ​មាន​ការយល់ដឹង​អំពី​បរិបទ​នៅក្នុង​ចិត្ត ។

  • តើ​បរិបទ​នេះ​ជួយ​ធ្វើឲ្យ​ការយល់ដឹង​របស់​អ្នក​អំពី​សារលិខិត​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ យ៉ូសែប នៅក្នុង​ខគម្ពីរ​ទាំងនេះ កាន់តែ​ស៊ីជម្រៅ​ដោយ​របៀប​ណា ?

  • តើ​ការយល់ដឹង​ថ្មី​នេះ​ធ្វើឲ្យ​ខគម្ពីរ​ទាំងនេះ​កាន់តែ​មាន​អត្ថន័យ​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​ឆ្លើយ សូម​ស្វែងរក​វិធី​ដើម្បី​គូសបញ្ជាក់ ឬ​សួរ​ថា តើ​បរិបទ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ។ ឧទាហរណ៍ ព្រះអម្ចាស់​សព្វព្រះទ័យ​ប្រទាន​សេចក្ដី​សុខសាន្ដ ទស្សនវិស័យ និង​ការសន្យា​មួយ​អំពី​ពរជ័យ​នៅ​អនាគតកាល​នៅក្នុង​គ្រា​លំបាក​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។ ការយល់ដឹង​ពី​បរិបទ​នេះ​ជួយ​យើងឲ្យ​ដឹង​ថា ព្រះអម្ចាស់​អាច​ប្រទាន​សេចក្តី​សុខសាន្ដ និង​ការណែនាំ​ដល់​យើង​នៅក្នុង​ជីវិត​របស់​យើង​បាន​ផងដែរ ។

អនុវត្ត​ការយល់ដឹង​ពី​បរិបទ​នៃ​ព្រះគម្ពីរ

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការយល់ដឹង​ពី​បរិបទ សូម​ពិចារណា​បង្ហាញ​សេចក្ដីយោង​បទគម្ពីរ និង​សំណួរ​ខាងក្រោម​ដាក់​នៅលើ​ក្ដារខៀន ។ អ្នក​អាច​ឲ្យ​សិស្ស​អាន​សេចក្ដីយោង​បទគម្ពីរ​មួយ ឬ​ច្រើន​ជា​ដៃគូ ហើយ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​បទគម្ពីរ​នេះ​នៅ​ចំ​កណ្តាល​ក្រដាស​មួយ​សន្លឹក ។ បន្ទាប់​មក ពួកគេ​អាច​អាន​ក្បាល​កណ្ឌ​នេះ ជាមួយ​នឹង​ខគម្ពីរ​ដែល​មាន​នៅ​ជុំវិញ​នោះ ។ នៅ​ជុំវិញ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​រួច​ហើយ ពួកគេ​អាច​គូរ ឬ​សរសេរ​អ្វីមួយ​ដែល​សង្ខេប​ពី​បរិបទ​នេះ ( រូបភាព​ធំ​ជាងនេះ ) ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣:៦–៩

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២–៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧:១–២

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨:២, ៧

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:៣–៥

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩:១៥–១៧

គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៨:១–៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:២២–២៣

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ប្រសិនបើ​មាន​ប្រយោជន៍ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​បរិបទ​នៃ​កណ្ឌ​នេះ​ធ្វើឲ្យ​ការយល់ដឹង​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​មាន​កាន់តែ​ស៊ីជម្រៅ​ដោយ​របៀប​ណា ?

  • តើ​បរិបទ​ជួយ​អ្នក​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ សេចក្ដី​ស្រឡាញ់ សេចក្ដី​មេត្តា​ករុណា ឬ​ព្រះចេស្ដា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

បើ​ពេលវេលា​អនុញ្ញាត សិស្ស​អាច​អនុវត្ត​ជំនាញ​នេះ​ដោយ​ប្រើ​កណ្ឌ ឬ​ជំពូក​បច្ចុប្បន្ន​មួយ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ​បាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ការសិក្សា​បរិបទ អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​របៀប​ដែល​ពួកគេ​អាច​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ តាមរយៈ​ការអនុវត្ត​ជំនាញ​នេះ ។

នៅពេល​សិស្ស​អនុវត្ត​ជំនាញ​សិក្សា​ព្រះគម្ពីរ​នេះ​នៅ​សប្ដាហ៍​ខាងមុខ សូម​ពិចារណា​ស្វែងរក​របៀប​ដើម្បី​ឲ្យ​ពួកគេ​ចែកចាយ​នូវ​ការយល់ដឹង​នានា ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន​ក្នុង​ថ្នាក់​នាពេល​អនាគត ។