ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧៤—សេចក្តី​ណែនាំ « ដើម្បី​កម្លាំង​នៃ​យុវវជន » ៖ « សេចក្តី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព »


« មេរៀន​ទី ១៧៤—សេចក្តី​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ៖ ‹ សេចក្តី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« សេចក្តី​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៧៤ ៖ ដើម្បី​កម្លាំង​នៃ​យុវជន

សេចក្តី​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន

« សេចក្តី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព »

ដ.ក.យ.

ព្រះវរបិតាសួគ៌​ស្រឡាញ់ និង​ទុកចិត្ត​លើ​ជំនាន់​កំពុង​ពេញវ័យ ។ ទ្រង់​បាន​ប្រទាន​ការណែនាំ​ពី​ព្យាការី​ដើម្បី​ជួយ​យុវវ័យ​សព្វថ្ងៃ​អភិវឌ្ឍ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​សម្លឹង​មើល​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ប្រើ « ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស » ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

វគ្គ​ពីរ​ដំបូង​នៃ​មេរៀន​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ​២០២២ ) ដើម្បី​ឲ្យ​ពួកគេ​អាច​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់​តែ​ប្រសើរ​ឡើង ។ វគ្គ​ចុងក្រោយ​បង្អស់​ផ្តល់​នូវ​សកម្មភាព​រៀនសូត្រ​ដែល​ផ្តោតលើ​ផ្នែក​នៅក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា « សេចក្តី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » នៅលើ​ទំព័រ ៣០–៣៣ ។ គំនិត​ទាំងឡាយ​ដើម្បី​សិក្សា​ប្រធាន​បទ​បន្ថែម​មកពី​សៀវភៅ​ណែនាំ​ត្រូវ​បាន​ដាក់ក្នុង​សៀវភៅ​សិក្សាសម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខា​សាលា​ផ្សេង​ទៀត ។ សូម​សម្រេច​ចិត្ត​យក​វគ្គ​ណាមួយ​មកពី​មេរៀន​នេះ ហើយ​ប្រធានបទ​ណាមួយ​មកពី ដើម្បី​កម្លាំង​នៃ​យុវជន នឹង​បំពេញ​តម្រូវការ​របស់​សិស្ស​របស់​អ្នក​បាន​ល្អបំផុត ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​នៃ​យុវជន

សូម​ពិចារណា​សរសេរ​ពាក្យ កម្លាំង នៅ​លើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ថា​តើ​នរណា ឬ​អ្វី​ដែល​ពួកគេ​គិតដល់​នៅ​ពេល​ពួកគេ​ឃើញ​ពាក្យ​នេះ ។ បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពិភាក្សា​អំពី​សំណួរ​ខាង​ក្រោម​នេះ ។

ព្រះអង្គ​សង្គ្រោះ
  • ហេតុអ្វី​បានជា​ព្រះយេស៊ូវ​គ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​កម្លាំង ? តើ​ទ្រង់​បាន​បង្ហាញ​ភាពរឹងមាំ​នៅក្នុង​គ្រប់ផ្នែក​ទាំង​អស់​នៃ​ជីវិត​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ស្ថានភាព​អ្វី​ខ្លះ​ដែល​ក្មេង​ជំទង់​ជួប​ប្រទះ​ដែល​កម្លាំង​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ពួកគេ​បាន ?

សូម​អាន « សារលិខិត​មកពី​គណៈប្រធាន​ទីមួយ » នៅលើ​ទំព័រ​ទី ២ នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ដោយ​ស្វែងរក​របៀប​ដែល​អ្នក​អាច​ទទួល​បាន​កម្លាំង ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ដែលថា​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា « កម្លាំង​នៃ​យុវជន » ?

  • តើ​អ្នក​បាន​ទទួល​ជំនួយ និង​កម្លាំង​មកពី​ទ្រង់​ដោយ​របៀបណា ?

ការធ្វើ​ការជ្រើសរើស​ដែល​បំផុស​គំនិត

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

រាយបញ្ជី​នូវ​ជម្រើស ឬ​ការសម្រេច​ចិត្ត​សំខាន់ៗ​មួយ​ចំនួន ដែល​អ្នក​ត្រូវ​ធ្វើ​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ ។ កំណត់​តើ​ជម្រើស​មួយ​ណា​ក្នុង​ចំណោម​ជម្រើស​ទាំង​នេះ​ដែល​នឹង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទៅ​លើ​ជីវិត​របស់​អ្នក​ដែល​នៅ​សល់​ប៉ុន្មាន ។

សិស្ស​អាច​សង្កត់​ធ្ងន់​លើ​ការសម្រេច​ចិត្ត​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​នឹង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទៅ​លើ​ជីវិត​របស់​ពួកគេ ដោយ​គូស​បញ្ជាក់​ពី​ការសម្រេច​ចិត្ត​ទាំង​នោះ ។ ចំពោះ​សំណួរ​បន្ទាប់ ពួកគេ​អាច​ឆ្លើយ​តប​ដោយ​ស្ងៀមស្ងាត់​ដោយ​គូរ​មុខ​ញញឹម មុខ​អព្យាក្រឹត ឬ​មុខ​កម្សត់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​គេ ដើម្បី​បង្ហាញ​ថា​ពួកគេ​មាន​ទំនុក​ចិត្ត​ប៉ុន​ណា​ចំពោះ​ការធ្វើ​ការសម្រេចចិត្ត​នីមួយៗ ។

  • តើ​អ្នក​មាន​អារម្មណ៍​ជឿជាក់​ប៉ុន​ណា​ចំពោះ​ការធ្វើ​ការជ្រើសរើស​ទាំង​នេះ ?

  • តើ​ព្រះ​វរបិតា​សួគ៌​បាន​ប្រទាន​ធនធាន​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត ?

សិស្ស​អាច​ចែកចាយ​អំពី​របៀប​ដែល ដើម្បី​កម្លាំង​នៃ​យុវជន បាន​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត ។

សូម​អាន​ផ្នែក « ធ្វើ​ការជ្រើសរើស​ប្រកប​ដោយ​ការបំផុស​គំនិត » នៅ​លើ​ទំព័រ​ទី ៤–៥ នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ដោយ​ស្វែង​រក​អ្វី​ដែល​អាច​ជួយ​អ្នក​ក្នុង​ការជ្រើសរើស​ដែល​អ្នក​មាន​ឥឡូវ​នេះ ហើយ​នឹង​មាន​នៅ​ពេល​អនាគត ។

សូម​ពិចារណា​ដាក់​សិស្ស​ជា​គូៗ​ដើម្បី​សិក្សា​ផ្នែក​នេះ ។ ចាត់តាំង​សិស្ស​ម្នាក់​នៅក្នុង​គូ​នីមួយៗ​ឲ្យ​សិក្សា​កថាខណ្ឌ​បី​ដំបូង និង​គូ​ផ្សេងទៀត​ឲ្យ​សិក្សា​កថាខណ្ឌ​បី​ចុងក្រោយ ។ អញ្ជើញ​ពួកគេ​ឲ្យ​គូស​សម្គាល់​ពាក្យ និង​ឃ្លា​ដ៏​មាន​អត្ថន័យ ហើយ​​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​ដៃគូ​របស់​ពួកគេ ។

បន្ទាប់​ពី​សិស្ស​បញ្ចប់​ការពិភាក្សា​ជា​គូ​រួចហើយ សូម​ពិចារណា​អំពី​ការសម្របសម្រួល​ការពិភាក្សា​ជា​ថ្នាក់​ដោយ​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ​ដែល​អាច​ជួយ​ដល់​អ្នក​នៅក្នុង​ការ​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត ?

  • តើ​អ្វី​ដែល​អ្នក​បាន​រៀន​ជះ​ឥទិ្ធពល​លើ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ការបង្រៀន និង​គោលការណ៍​នៅ​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ជា​ទៀងទាត់​ពេល​ពួកគេ​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​ខិតខំ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។ សូម​ណែនាំ​ពួកគេ​ទៅកាន់​ក្រាហ្វិក​នៅ​ខាងក្រោយ​នៃ​ផ្នែក « ធ្វើ​ការជ្រើសរើស​ប្រកប​ដោយ​ការបំផុសគំនិត » នៅលើ​ទំព័រទី ៥ ឬ​បង្ហាញ​ព័ត៌មាន​ខាងក្រោម​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើល​ពីរបៀប​ដែល ដើម្បី​កម្លាំង​នៃ​យុវជន ត្រូវបាន​រៀបចំ​ឡើង ។

ប្រធាន​បទ​នីមួយៗ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន មាន​បីផ្នែក​គឺ ៖

  1. សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច ឬ​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើងវិញ

  2. ការអញ្ជើញ ដើម្បី​ឲ្យ​ធ្វើ​សកម្មភាព​តាម​សេចក្តី​ពិត​ទាំងនោះ

  3. ពរជ័យ​ដែល​បាន​សន្យា ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ដែល​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​សំណួរ ឬ​ឧបសគ្គ​នានា នា​ពេល​បច្ចុប្បន្ន​ដែល​ពួកគេ​អាច​ត្រូវការ​ជំនួយ ជា​ពិសេស នៅ​ពេល​ពួកគេ​ជញ្ជឹងគិត​អំពី​ជម្រើស​សំខាន់ៗ​ដែល​ពួកគេ​នឹង​ធ្វើ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។ សូម​ផ្តល់​ពេល​វេលា​ដល់​ពួកគេ​ដើម្បី​សិក្សា ដើម្បី​កម្លាំង​នៃ​យុវជន ដោយ​ស្វែងរក​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច ការ​អញ្ជើញ និង​ពរជ័យ​ដែល​បាន​សន្យា​ដែល​អាច​ជួយ​ចំពោះ​កង្វល់​ជាក់លាក់​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា​នូវ​ការយល់ដឹង និង​ចំណាប់​អារម្មណ៍​ទាំងឡាយ​នៅ​ពេល​ពួកគេ​សិក្សា ។ នៅ​ពេល​ពួកគេ​បញ្ចប់ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ប៉ុន្តែ​រំឭក​ពួកគេ​កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​ផ្ទាល់​ខ្លួន​ពេក ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​បាន ។

  • តើ​អ្វីខ្លះ​ដែល​អ្នក​បាន​រក​ឃើញ ឬ​ឃើញ​ថា​មាន​ប្រយោជន៍​ពេល​ដែល​អ្នក​បាន​សិក្សា​នោះ ?

  • តើ​លំនាំ​នៃ​ការរៀន​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច ការ​ធ្វើ​តាម​ការអញ្ជើញ​ដែល​បំផុស​គំនិត និង​ការចងចាំ​ពរជ័យ​ដែល​បាន​សន្យា​អាច​ជួយ​អ្នក​ទទួល​បាន​កម្លាំង​មកពី​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ធ្វើ​ការជ្រើសរើស​ដែល​បំផុស​គំនិត​ដោយ​របៀបណា ?

« សេចក្តី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព »

ផ្នែក​នៃ​មេរៀន​នេះ​ផ្តោត​ទៅ​លើ​ផ្នែក « សេចក្តី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » នៅ​លើ​ទំព័រទី ៣០-៣៣ នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ។ អ្នក​អាច​បង្រៀន​ផ្នែក​នេះ​រួម​ជាមួយ​នឹង​ផ្នែក​ផ្សេង​ទៀត ឬ​បង្រៀន​តែ​ផ្នែក​នេះ​សុទ្ធ​ក៏បាន ។

សូម​សរសេរ គុណសម្បត្តិ និង គុណវិបត្តិ នៅ​លើ​ក្ដារខៀន ។ សូម​ពិចារណា​បង្ហាញ​ទូរសព្ទឆ្លាតវៃ កុំព្យូទ័រ​យួរ​ដៃ ឬ​ឧបករណ៍​ផ្សេង​ទៀត​ដែល​មាន​អ៊ីនធឺណិត និង​ការចូលដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សូម​ឲ្យ​សិស្ស​រៀបរាប់​អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅពេល​ស្វែងរក​ចំណេះដឹង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រាយ​បញ្ជី​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន​នៅលើ​ក្ដារខៀន ដែល​ពួកគេ​ដឹង និង​ចែកចាយ​អំពី​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​ការប្រើ​ប្រភព​ទាំង​នេះ​នៅ​ពេល​ស្វែង​រក​សេចក្ដី​ពិត ។

សូម​អាន យ៉ូហាន ៨:៣១-៣២ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​សេចក្ដី​ពិត ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ?

  • តើ​សេចក្តី​ពិត​ជួយ​យើង​ឲ្យ​មាន​សេរីភាព ដោយ​របៀប​ណា ?

    សូម​ពិចារណា​បែងចែក​សិស្ស​ទាំងឡាយ​ទៅជា​ក្រុម​តូចៗ ។ ចែក​ក្រដាស​មួយ​សន្លឹក​ឲ្យ​ដល់ក្រុម​នីមួយៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​ស្ថានភាព​ពិត​ប្រាកដ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ក្មេងជំទង់​ដែល​ទាក់ទង​ទៅ​នឹង​ប្រធាន​បទ​នៅ​ក្នុង​ផ្នែក « សេចក្តី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » នៅ​លើ​ទំព័រទី ៣០-៣៣ ។ ឧទាហរណ៍ សាច់រឿង​នេះ​អាច​ពិពណ៌នា​អំពី​នរណា​ម្នាក់​ដែល​មើល​មិន​ឃើញ​តម្លៃ​នៃ​ការរៀន​សូត្រ​សេចក្ដី​ពិត នរណា​ម្នាក់​ដែល​ពិបាក​រស់​នៅ​ជាមួយ​នឹង​ភាពស្មោះ​ត្រង់ ឬ​នរណា​ម្នាក់​ដែល​ភ័យ​ខ្លាច​ក្នុង​ការពិភាក្សា​អំពី​សេចក្តី​ជំនឿ​របស់​ពួកគេ​ជាមួយ​អ្នក​ដទៃ ។ បន្ទាប់​ពី​ក្រុម​ទាំងឡាយ​បាន​សរសេរ​សាច់រឿង​​របស់​ពួកគេ​រួចហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ផ្លាស់ប្តូរ​ក្រដាស​ជាមួយ​ក្រុម​មួយ​ផ្សេង​ទៀត ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន កថាខណ្ឌ​ទី ១-៤ នៃ​ផ្នែក « សេចក្ដីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » នៅ​ទំព័រទី ៣១ និង​ស្វែងរក​គោលការណ៍​មួយ ។ ពួកគេ​អាច​ស្វែងរក​គោលការណ៍​មួយ​ដូច​ខាង​ក្រោម ៖ ការរៀនសូត្រ និង​ការរស់នៅ​តាម​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ដូច​ជា​ព្រះវរបិតា​សួគ៌ ហើយ​ស្វែងរក​សេចក្ដី​សុខសាន្ត និង​សុភមង្គល​ក្នុង​ជីវិត​នេះ ។

  • តើ​ការរៀនសូត្រ និង​ការរស់នៅ​តាម​សេចក្ដីពិត​ដ៏​អស់​កល្ប​ជានិច្ច អាច​ជួយ​យើង​ឲ្យ​ក្លាយ​​ដូច​ជា​ព្រះវរបិតា​សួគ៌​យ៉ាង​ដូច​ម្ដេច ? តើ​ព្រះយេស៊ូ​គ្រីស្ទ​អាច​ជួយ​អ្នក​ក្នុង​ដំណើរការ​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​ដកពិសោធន៍​នូវ​សេចក្ដី​សុខសាន្ត និង​សុភមង្គល​ចេញ​មក​ពី​ការរស់​នៅ​តាម​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​នៃ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ណា ?

    សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​ទៅកាន់​បុគ្គល​ក្នុង​សាច់រឿង​នេះ​ដោយ​ប្រើ​សេចក្ដី​ពិត ដ៏អស់កល្ប​ជានិច្ច ការ​អញ្ជើញ និង​ពរជ័យ​ដែល​បាន​សន្យា​ដែល​បាន​បង្រៀន​នៅ​ក្នុង​ផ្នែក « សេចក្ដី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » នៅ​លើ​ទំព័រទី ៣០-៣៣ ។ សូម​អញ្ជើញ​ក្រុម​ពីរបី​ឲ្យ​ចែកចាយ​សាច់រឿង​ដែល​ពួកគេ​បាន​ទទួល និង​របៀប​ដែល​ពួកគេ​បាន​ប្រើ​ព័ត៌មាន​នៅ​ក្នុងកូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ដើម្បី​ជួយ ។

    ដើម្បី​បញ្ចប់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន និង​មាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ ?

ពេល​សិស្ស​សិក្សា « សេចក្តី​ពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » នៅ​លើ​ទំព័រទី ៣០–៣៣ ឬ​ផ្នែក​ផ្សេង​ទៀត​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន នោះ​ពួកគេ​អាច​មាន​អារម្មណ៍​ថា​ត្រូវ​ធ្វើ​ការផ្លាស់ប្ដូរ​ខ្លះៗ​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ផ្នែក « ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​អ្នក » នៅ​លើ​ទំព័រទី ៦–៩ ដោយ​ស្វែងរក​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​កម្លាំង​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ផ្លាស់ប្ដូរ ។