ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧៨—ពរ​របស់​លោក​អយ្យកោ ៖ « ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​សម្រាប់​បងប្អូន »


« មេរៀន​ទី ១៧៨—ពរ​របស់​លោក​អយ្យកោ ៖ ‹ ព្រះគម្ពីរ​ផ្ទាល់ខ្លួន​សម្រាប់​បងប្អូន › » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ពរ​របស់​លោក​អយ្យកោ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៧៨ ៖ ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការធ្វើ​ការជ្រើសរើស

ពរ​របស់​លោក​អយ្យកោ

« ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​សម្រាប់​បងប្អូន »

យុវនារី​ម្នាក់​កំពុង​អាន​ពរ​របស់​លោកអយ្យកោ​របស់​នាង

ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​មាន​របៀប​ជាច្រើន​ក្នុងការ​ផ្តល់​ការណែនាំ និង​ការដឹកនាំ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ របៀប​មួយ​ដែល​ទ្រង់​ធ្វើ​ការណ៍​នេះ គឺ​តាមរយៈ​ពរ​របស់​លោក​អយ្យកោ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​ក្នុង​ការដឹកនាំ​ពួកគេ​តាមរយៈ​ពរ​របស់​លោក​អយ្យកោ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការដឹកនាំ​នៅក្នុង​ជីវិត​របស់​យើង

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ឬ​គូរ​រូបភាព​មួយ​ដូចជា​រូបភាព​នេះ​នៅលើ​ក្ដារខៀន ។

យុវជន​ម្នាក់​កំពុង​សម្រេចចិត្ត​រវាង​ផ្លូវ​ពីរ
  • តើ​ទិដ្ឋភាព​អ្វីខ្លះ​នៃ​ជីវិត​របស់​អ្នក ដែល​អ្នក​អាច​ទទួល​អារម្មណ៍​ដូច​បុគ្គល​ក្នុង​រូបភាព​នេះ ? ហេតុអ្វី ?

  • តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ នៅពេល​យើង​មិន​ប្រាកដ​ពី​ទិសដៅ​ដែល​យើង​គួរ​ធ្វើ​ក្នុង​ជីវិត ?

សូម​ពន្យល់​ថា ព្រះគម្ពីរ​បង្រៀន​សេចក្ដីពិត​សំខាន់ៗ​អំពី​ព្រះ ដែល​អាច​ជួយ​យើង​នៅពេល​យើង​ត្រូវការ​ការដឹកនាំ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:១៤; ៤២:៦១ និង ១១២:១០ ដោយ​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​យើង នៅពេល​យើង​ប្រឈមមុខ​នឹង​ស្ថានភាព​ដែល​មិន​ប្រាកដប្រជា​មួយ​ចំនួន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីពិត ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ប្រើ​ពាក្យពេចន៍​របស់​ពួកគេ ពួកគេ​អាច​ចែកចាយ​សេចក្ដីពិត​ស្រដៀង​ទៅ​នឹង ៖

ជា​ញឹកញាប់​នៅពេល​ដែល​យើង​ទូល​សួរ​ព្រះ ទ្រង់​នឹង​ណែនាំ​យើង​តាមរយៈ​ព្រះវិញ្ញាណ​របស់ទ្រង់ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:១៤ ) ។

ប្រសិនបើ​យើង​ទូលសួរ ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​នូវ​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៦១ ) ។

ព្រះ​នឹង​កាន់ដៃ​ដឹកនាំ​យើង និង​ប្រទាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១២:១០ ) ។

អ្នក​ក៏​អាច​សុំ​ឲ្យ​សិស្ស​ចែកចាយ​បទគម្ពីរ​ផ្សេងទៀត​ដែល​ពួកគេ​ដឹង ដែល​បង្ហាញ​ពី​ព្រះហឫទ័យ​របស់​ព្រះ​ក្នុង​ការផ្ដល់​ការណែនាំ និង​ការដឹកនាំ​ដល់​យើង​ផងដែរ ។

  • តើ​ការចងចាំ​សេចក្ដីពិត​ទាំងនេះ​អាច​ជះឥទ្ធិពល​ដល់​អារម្មណ៍ ឬ​អាកប្បកិរិយា​របស់​អ្នក​ចំពោះ​ព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​ព្រះ​ប្រទាន​ការដឹកនាំ​ដល់​ជីវិត​របស់​យើង ?

ពរ​របស់​លោក​អយ្យកោ

បើចាំបាច់ សូម​លើកឡើង​ថា ពរ​របស់​លោក​អយ្យកោ គឺជា​របៀប​មួយ​ដែល​យើង​អាច​ទទួល​បាន​ការដឹកនាំ​ពី​ព្រះ ។ ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ចំណេះដឹង​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​ពរ​របស់​លោក​អយ្យកោ សូម​ពិចារណា​បង្ហាញ​មាតិកា​ខាងក្រោម ហើយ​ផ្តល់​ពេល​ឲ្យ​សិស្ស​ឆ្លើយតប​ទៅនឹង​សេចក្ដីថ្លែងការណ៍​នេះ​ដោយ​ស្ងៀមស្ងាត់ ឬ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ ។

សូម​ប្រើ​រង្វាស់​ពី​មួយ ( មិន​ពិត ) ទៅ​ប្រាំ ( ពិត​ខ្លាំង ) សូម​ពិចារណា​ថា តើ​សេចក្តី​ថ្លែងការណ៍​នីមួយៗ​ខាងក្រោម​នេះ​ពិត​សម្រាប់​អ្នក​ប៉ុនណា ៖

  1. ខ្ញុំ​យល់​ពី​អ្វី​ដែល​ជា​ពរ​របស់​លោក​អយ្យកោ ។

  2. ខ្ញុំ​ដឹង​ពី​របៀប​ដែល​ពរ​របស់​លោក​អយ្យកោ​អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​ខ្ញុំ ។

  3. ខ្ញុំ​ជឿ​ថា ព្រះ​អាច​ប្រទាន​ការដឹកនាំ​ដល់​ខ្ញុំ​សម្រាប់​ជីវិត​របស់ខ្ញុំ​តាមរយៈ​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ ។

សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​សរសេរ​សំណួរ​ដែល​ពួកគេ​មាន​អំពី​ពរ​របស់​លោក​អយ្យកោ​នៅលើ​ក្ដារខៀន ។ ពួកគេ​អាច​មាន​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ពរ​របស់​លោក​អយ្យកោ​ជា​អ្វី ?

  • តើ​ពរ​របស់​លោក​អយ្យកោ​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ​ដោយ​របៀបណា ?

  • តើ​ខ្ញុំ​គួរ​ទទួល​ពរ​របស់​លោក​អយ្យកោ​នៅ​ពេលណា ?

សូម​ជ្រើសរើស​សំណួរ​យ៉ាងហោច​ណាស់​មួយ អំពី​ពរ​របស់​លោក​អយ្យកោ ដែល​អ្នក​ចង់​ឆ្លើយ ។ សូម​សរសេរ​សំណួរ​របស់​អ្នក​នៅ​ទំព័រ​ផ្នែក​ខាងលើ​នៃ​សៀវភៅ​កំណត់ហេតុ ឬ​ក្នុង​ទំព័រ​កំណត់​ចំណាំ​នៅលើ​ឧបករណ៍​ចល័ត​របស់​អ្នក ។ សូម​ស្វែងរក​ការណែនាំ​របស់​ព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក ។

ការឆ្លើយ​សំណួរ​អំពី​ពរ​របស់​លោក​អយ្យកោ

សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ​អំពី​ពរ​របស់​លោក​អយ្យកោ ។ សូម​ពិចារណា​ពី​តម្រូវការ និង​សមត្ថភាព​របស់​សិស្ស​អ្នក​ដើម្បី​កំណត់​ពី​របៀប​ដែល​ពួកគេ​នឹង​ស្វែងរក​ចម្លើយ ។ វា​អាច​មាន​អត្ថប្រយោជន៍​ខ្លះៗ​សម្រាប់​អ្នក​ក្នុង​ការស្វែងរក​ចម្លើយ​ជា​ក្រុម​តូចៗ ។

សូម​ជ្រើសរើស​ពី​ជម្រើស​ខាងក្រោម​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​អំពី​ពរ​របស់​លោក​អយ្យកោ ៖

១. ស្វែងរក​ធនធាន​ដែល​មាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ឧទាហរណ៍ អ្នក​អាច​សិក្សា « Patriarchal Blessings » នៅក្នុង Gospel Topics ឬ​ស្វែងរក « ពរ​របស់​លោក​អយ្យកោ » នៅក្នុង​សុន្ទរកថា​ពី​សន្និសីទ​ទូទៅ ។

២. សិក្សា​សុន្ទរកថា​មួយ​ចេញពី​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០២៣ ៖ « ពេល​ដែល​ត្រូវ​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​បងប្អូន » ដោយ​អែលឌើរ កាស្សូហ៊ីកូ យ៉ាម៉ាស្ស៊ីតា ( លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ​៨៨–៩០ ) ឬ « ពរ​របស់​លោក​អយ្យកោ​របស់​បងប្អូន—ជាការដឹកនាំ​ដ៏​បំផុស​គំនិត​មកពី​ព្រះវរបិតាសួគ៌ » ដោយ​អែលឌើរ រែនដល ឃេ បិនណ្ណិត ( លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ​៤២–៤៣ ) ។

៣. រូបតំណាង​សំណៅចែកសិក្សា​សេចក្តីថ្លែងការណ៍​នៅលើ​សំណៅចែក​ដែល​មាន​ចំណងជើង​ថា « ការឆ្លើយ​សំណួរ​អំពី​ពរ​របស់​លោក​អយ្យកោ » ។

ការឆ្លើយ​សំណួរ​អំពី​ពរ​របស់​លោក​អយ្យកោ

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ ៖

ប្រធាន រ័សុល អិម ណិលសុន

[ ពរ​របស់​លោក​អយ្យកោ ] គឺ​មាន​តម្លៃ​ណាស់ ។ វា​ជា​បទគម្ពីរ​ផ្ទាល់ខ្លួន​សម្រាប់​អ្នក ។ វា​ប្រកាស​អំពី​ពូជពង្ស​ពិសេស​របស់​អ្នក ។ វា​រំឭក​អ្នក​ពី​ទំនាក់ទំនង​របស់អ្នក​ជាមួយ​អតីតកាល ។ ហើយ​វា​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​សក្តានុពល​នា​ពេល​អនាគត​របស់​អ្នក ។ ជា​ការពិត អ្នក​អាច​ទូលសូម​ការបំពេញ​ពរជ័យ​ទាំងនោះ​ពី​ព្រះអម្ចាស់ តាមរយៈ​ភាពស្មោះត្រង់​របស់អ្នក ។ ( រ័សុល អិម ណិលសុន « Thanks for the Covenant » [ Brigham Young University devotional ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៨ ] ទំព័រ​៥ )

អែលឌើរ កាស្សូហីកូ យ៉ាម៉ាស្ស៊ីតា នៃ​ពួក​ចិតសិបនាក់​បាន​ថ្លែង ៖

អែលឌើរ កាស្សូហីកូ យ៉ាម៉ាស្ស៊ីតា

ខ្ញុំ​អាន​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ​ជា​ញឹកញាប់ និង​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​វា​តែងតែ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ការលើក​ទឹកចិត្ត ។ ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ចង់​បាន​ពី​ខ្ញុំ ហើយ​វា​ជួយ​ខ្ញុំ​ឲ្យ​ប្រែចិត្ត និង​បន្ទាបខ្លួន ។ នៅពេល​ខ្ញុំ​អាន និង​ពិចារណា​អំពី​ពរ​របស់​លោក​អយ្យកោ នោះ​ខ្ញុំ​ប្រាថ្នា​ចង់​រស់នៅ​ដោយ​ភាពស័ក្ដិសម​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំងនោះ ។ …

… សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌ និង​បុត្រា​ដ៏​ស្ងួនភ្ងា ដែលជា​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​យើង ។ ពរ​របស់​លោក​អយ្យកោ​គឺជា​អំណោយ​ដ៏​ពិសិដ្ឋ​មក​ពី​ទ្រង់​ទាំងទ្វេ ។ នៅពេល​បងប្អូន​ទទួល​ពរ​ជ័យ នោះ​បងប្អូន​នឹង​ដឹង ព្រមទាំង​ទទួល​អារម្មណ៍​ថា ទ្រង់​ទាំងទ្វេ​ស្រឡាញ់​បងប្អូន និង​យកចិត្ត​ទុកដាក់​លើ​បងប្អូន​ម្នាក់ៗ​រៀងៗ​ខ្លួនប៉ុន​ណា ។ ( កាស្សូហីកូ យ៉ាម៉ាស្ស៊ីតា « ពេល​ដែល​ត្រូវ​ទទួល​ពរ​ជ័យ​អយ្យកោ​របស់​បងប្អូន » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ​៩០ )

ស៊ីស្ទើរ បូនី អេច ខ័រឌុន អតីតប្រធាន​យុវនារី​ទូទៅ​បាន​បង្រៀន ៖

ប្រធាន បូនី អេច ខ័រឌុន

នៅ​សន្និសីទ ដ.ក.យ. ខ្ញុំ​បាន​ជួប​ជា​មួយ​យុវនារី​ដែល​កំពុង​ជួប​នឹង​បញ្ហា ។ យុវនារី​ទាំងពីរ​រូប​បាន​លើកឡើង​ពី​ការងាក​ទៅរក​ពរ​របស់​លោកអយ្យកោ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​នូវ​សេចក្តី​ស្រឡាញ់ និង​ការណែនាំ​របស់​ព្រះអម្ចាស់​ជាថ្មី ។ ចូរ​ស្វែងរក​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក ផ្លុំ​ធូលី​ចេញ ប្រសិនបើ​អ្នក​ត្រូវ​ធ្វើ​ដូច្នោះ ហើយ​សិក្សា​វា​ឲ្យ​បាន​ញឹកញាប់ ។ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​វា​ទេ សូម​ទទួល​បាន​មួយ—ឆាប់ៗ​នេះ ។ ចូរ​កុំ​បង្អង់​ពេល​យូរ​ក្នុង​ការស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ប្រាប់​អ្នក​ឥឡូវ​នេះ​អំពី​អ្នក ។ ( បូនី អេច ខ័រឌុន « Come unto Christ and Don’t Come Alone » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ​១០ )

បន្ទាប់ពី​សិស្ស​មាន​ឱកាស​សិក្សា​រួចហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ដោយ​ការសួរ​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​ការសិក្សា​របស់​អ្នក​ដែល​អ្នក​បានរកឃើញ​ថា មាន​អត្ថប្រយោជន៍​បំផុត ?

  • តើ​ចម្លើយ​អ្វីខ្លះ​ដែល​អ្នក​បានរកឃើញ​ចំពោះ​សំណួរ​របស់​អ្នក ?

  • តើ​អ្នក​គិត​ថា ពរ​របស់​លោក​អយ្យកោ អាច​ជះឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ចែកចាយ​ពី​របៀប​ដែល​ព្រះ​បាន​ប្រទានពរ ឬ​ដឹកនាំ​អ្នក​តាមរយៈ​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក ។ អ្នក​ក៏​អាច​លើក​ទឹកចិត្ត​សិស្ស​ដែល​បានទទួល​ពរ​របស់​លោក​អយ្យកោ​របស់​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផងដែរ ។ សូម​ប្រាកដ​ថា សិស្ស​យល់​ថា ពួកគេ​មិន​គួរ​ចែកចាយ​ព័ត៌មាន​លម្អិត​អំពី​ពរ​របស់​លោក​អយ្យកោ​របស់​ពួកគេ​ឡើយ ។ ទោះ​យ៉ាង​ណា វា​ជា​ការសមរម្យ​ក្នុងការ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ​ដែល​បាន​ទទួល​ពរ​របស់​លោក​អយ្យកោ និង​របៀប​ដែល​វា​បាន​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ពួកគេ ។

អ្នក​ក៏​អាច​បង្ហាញ​វីដេអូ​ដូច​ខាងក្រោម ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ផងដែរ ដើម្បី​បង្ហាញ​ឧទាហរណ៍​អំពី​របៀប​ដែល​បុគ្គល​ទាំងឡាយ​បាន​ទទួល​ការណែនាំ​ពី​ព្រះ​តាមរយៈ​ពរ​របស់​លោក​អយ្យកោ​របស់​ពួកគេ ។

  • « Enemy Territory » ( ចាប់ពី​នាទី​ទី ០:០០ ដល់ ២:២៥ )—ដំណើររឿង​ចេញពី​ជីវិត​របស់​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( ឆ្នាំ ១៩២៤–២០១៥ ) ។

  • « Without Fear » ( ៣:៣០ ) — យុវជន​ម្នាក់​មកពី​ប្រទេស​អ៊ីតាលី បានពិពណ៌នា​អំពី​របៀប​ដែល​ពរ​របស់​លោក​អយ្យកោ​របស់​គាត់​បាន​ជួយ​គាត់​ធ្វើ​ការសម្រេចចិត្ត​បម្រើ​បេសកកម្ម ។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បានរៀន

ដើម្បី​ជួយ​សិស្ស​គិតពិចារណា​ពី​អ្វី​ដែល​ពួកគេ​បានរៀន និង​ទទួល​អារម្មណ៍ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​ខាងក្រោម​នេះ ៖

សូម​ជញ្ជឹងគិត​ពី​ការបំផុសគំនិត ឬ​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​បាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ប្រយោគ​មួយចំនួន​អំពី​ការណែនាំ និង​ការដឹកនាំ​ដែល​ព្រះវរបិតាសួគ៌​បានប្រទាន​ដល់​អ្នក​នៅ​ថ្ងៃ​នេះ និង​របៀប​ដែល​អ្នក​អាច​ធ្វើសកម្មភាព​តាម​ការបំផុសគំនិត​ទាំងនោះ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើតាម​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​មាននៅ​ថ្ងៃនេះ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណែនាំ និង​ការដឹកនាំ​ពី​ព្រះវរបិតាសួគ៌​ដែល​មាន​សម្រាប់​យើង តាមរយៈ​ពរ​របស់​លោក​អយ្យកោ ។