ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧៧—ការទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា ៖ ការមាន​មនសិការ​ប្រុងប្រយ័ត្ន​ក្នុង​ការជ្រើសរើស​របស់​យើង​ទាក់ទង​នឹង​បច្ចេកវិទ្យា


« មេរៀន​ទី ១៧៧—ការទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា ៖ ការមាន​មនសិការ​ប្រុងប្រយ័ត្ន​ក្នុង​ការជ្រើសរើស​របស់​យើង​ទាក់ទង​នឹង​បច្ចេកវិទ្យា » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៧៧ ៖ ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការធ្វើ​ការជ្រើសរើស

ការទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា

ការមាន​មនសិការ​ប្រុងប្រយ័ត្ន​ក្នុង​ការជ្រើសរើស​របស់​យើង​ទាក់ទង​នឹង​បច្ចេកវិទ្យា

យុវនារី​ម្នាក់​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ​របស់​នាង

យើង​មាន​ពរ​ដែល​បាន​រស់នៅ​ក្នុង​គ្រា​ដែល​មាន​បច្ចេកវិទ្យា​ច្រើន ។ ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​យើង​អាច​ជួយ​យើង​ឲ្យ​រីកចម្រើន​ខិតកាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​កិច្ចការ​របស់​ទ្រង់​ឲ្យ​ឆ្ពោះ​ទៅមុខ ។ ប៉ុន្តែ​វា​ក៏​អាច​ដឹកនាំ​យើង​ឲ្យ​ចេញឆ្ងាយ​ពី​ទ្រង់​ដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការការពារ​សុវត្ថិភាព​ដើម្បី​ទទួល​ខុសត្រូវ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការប្រើប្រាស់​បច្ចេកវិទ្យា

សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​ផ្ទាំង​មាស ។ សូម​ពន្យល់​ថា ព្រះ​បាន​ប្រគល់​ផ្ទាំង​មាស​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ។

ផ្ទាំងមាស

សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤៦ ដោយ​រកមើល​ការព្រមាន​ដែល​មរ៉ូណៃ​បាន​ផ្តល់​ឲ្យ យ៉ូសែប ស្ម៊ីធ អំពី​ផ្ទាំង​មាស ។

សូម​ពិចារណា​សរសេរ​ចំណងជើង​ថា ការប្រើប្រាស់​សម្រាប់​សេចក្ដីល្អ នៅលើ​ក្ដារខៀន​ម្ខាង និង​ចំណងជើង​មួយ​ទៀត​ថា ការ​ប្រើប្រាស់​ខុស នៅលើ​ក្ដារខៀន​ម្ខាង​ទៀត ។ បន្ទាប់មក អ្នកអាច​សរសេរ​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ដែល​នៅក្រោម​ចំណងជើង​នីមួយៗ ។

  • តើ​សាតាំង​បានព្យាយាម​ធ្វើ​ឲ្យ យ៉ូសែប ស្ម៊ីធ ប្រើប្រាស់​ផ្ទាំង​មាស​ដោយ​ខុសឆ្គង​យ៉ាង​ដូចម្ដេច ?

  • តើ យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ផ្ទាំង​មាស​សម្រាប់​សេចក្ដីល្អ​យ៉ាង​ដូចម្ដេច ?

សូម​លើក​ទូរសព្ទ​ដៃ​មួយ​ឡើង ឬ​ដាក់​បង្ហាញ​រូបភាព​ទូរសព្ទ​ដៃ​មួយ ហើយ​ប្រាប់​សិស្ស​ថា ព្រះបាន​ប្រទាន​បច្ចេកវិទ្យា​ដល់​ពួកគេ ។

  • តើ​យើងអាច​ប្រើ​បច្ចេកវិទ្យា​សម្រាប់​សេចក្ដីល្អ​យ៉ាង​ដូចម្ដេច ?

  • តើ​ក្មេង​ជំទង់​អាច​ត្រូវបាន​ល្បួង​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ដោយ​ខុសឆ្គង​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។

  • តើ​អ្នក​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​របៀប​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​អ្នកប្រើ​ដែរឬទេ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បើកចិត្ត​ទទួល​យក​ចំណាប់​អារម្មណ៍​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួល​ខុសត្រូវ​លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​ថា ដូច​ដែល​ព្រះអម្ចាស់​បានណែនាំ យ៉ូសែប ស្ម៊ីធ ឲ្យ​ប្រើ​ផ្ទាំង​មាស​សម្រាប់​សេចក្ដីល្អ​ដែរ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូចគ្នា​ជាមួយ​នឹង​បច្ចេកវិទ្យា ។

ការណែនាំ​ដែល​បាន​បំផុស​គំនិត

សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ពី​ការណែនាំ​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះអម្ចាស់​អំពី​ការទទួល​ខុសត្រូវ​លើ​បច្ចេកវិទ្យា ។

របៀប​មួយ​ដែល​អ្នក​អាច​សិក្សា​ផ្នែក​ខាងក្រោម​គឺ​បំបែក​សិស្ស​ជា​ពីរ​ក្រុម ។ សូម​ចែក​ផ្នែក​មួយ​ឲ្យ​ក្រុម​នីមួយៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ផ្នែក​របស់​ពួកគេ​រៀងៗខ្លួន សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងនោះ ហើយ​ត្រៀមខ្លួន​បង្រៀន​អ្វី​ដែល​ពួកគេ​រៀន ។

ជា​ជម្រើស អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ផ្នែក​ណាមួយ​ដែល​ពួកគេ​មាន​ចំណាប់​អារម្មណ៍​ច្រើន ។

ការទទួលខុស​ត្រូវ​លើ​បច្ចេកវិទ្យា

ផ្នែកទី ១ ។ ការចំណាយ​ពេល​ប្រើ​បច្ចេកវិទ្យា​ដោយ​ឈ្លាសវៃ

នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះអម្ចាស់​ប្រើ​ពាក្យ « ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ » និង « បង្ខាត » ។

  • តើ​អ្នក​គិត​ថា ពាក្យ​ទាំងនេះ​មាន​ន័យ​ដូចម្ដេច ?

សូម​អាន​បទគម្ពីរ​ខាងក្រោម ហើយ​ជញ្ជឹងគិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​បង្រៀន​អំពី​ការឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ និង​ការបង្ខាត ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៧–២៨; ៦០:១៣; ៦៨:៣១; ៧៥:៣ ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​ព្រះអម្ចាស់​បង្រៀន​យ៉ាង​ដូចម្ដេច ?

( នៅក្នុង​ចំណោម​សេចក្តីពិត​មួយ​ចំនួន អ្នក​អាច​សង្កេតឃើញ​អ្វីមួយ​ដូច​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​មិន​បង្ខាត​ពេលវេលា​របស់​យើង​ឡើយ ) ។

  • តើ​យើង​អាច​ដឹង​ថា បើ​យើង​ខ្ជះខ្ជាយ​ពេលវេលា​របស់​យើង​ជាមួយ​បច្ចេកវិទ្យា​ដោយ​របៀប​ណា ?

សូម​សិក្សា​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ដោយ​រកមើល​ការយល់ដឹង​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ឈ្លាសវៃ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ដេវីឌ អេ បែដណា

[ បុគ្គល ] ម្នាក់​ដែល​មិនទាន់​ពេញវ័យ ឬ​មាន​ការយល់​ខុស​អាច​ចំណាយ​ពេលវេលា​មិន​សម​ហេតុផល​ក្នុង​ការលេង​ហ្គេម មើល​វីដេអូ ឈែត​តាម​អនឡាញ ឬ​តាម​របៀប​ផ្សេង​ទៀត​ដែល​អនុញ្ញាត​ឲ្យ​ឌីជីថល​គ្រប់គ្រង​រឿង​ទាំងឡាយ​តាម​ដែល​មាន ។ ដំបូងឡើយ ការចំណាយ​ពេលវេលា​នោះ​អាច​ហាក់​ដូចជា​គ្មាន​ការបង្ក​គ្រោះថ្នាក់​អ្វី​ទេ ដោយ​គ្រាន់តែ​គិត​ថា ត្រូវការ​ពេល​ពីរ​បី​នាទី​ដើម្បី​ដកឃ្លា​ពី​តម្រូវការ​ការងារ​ប្រចាំថ្ងៃ​ដ៏​មមា​ញឹក​ប៉ុណ្ណោះ ។ ប៉ុន្តែ​ឱកាស​សំខាន់ៗ​ត្រូវបាន​ខកខាន​សម្រាប់​ការអភិវឌ្ឍ និង​ការកែលម្អ​ជំនាញ​ទំនាក់​ទំនង​រវាង​បុគ្គល និង​បុគ្គល ។ … បន្ដិច​ម្ដងៗ ការកម្សាន្ត​ដែល​ហាក់​ដូចជា​គ្មាន​កំហុស​អ្វីសោះ​អាច​ក្លាយជា​ទម្រង់​នៃ​ការធ្វើ​ជា​ទាសករ​ដ៏​អាក្រក់ ។ ( ដេវីឌ អេ បែដណា « Things as They Really Are » Ensign ខែ​មិថុនា ឆ្នាំ​២០១០ ទំព័រ​២១ )

  • តើ​មនុស្ស​ប្រើ​ហេតុផល​អ្វីខ្លះ​ដើម្បី​បង្ហាញ​ពី​ការខ្ជះខ្ជាយ​ពេលវេលា​លើ​បច្ចេកវិទ្យា ?

  • តើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ការខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក​ទៅលើ​បច្ចេកវិទ្យា ?

  • តើ​អ្នក​អាច​ដាក់​បញ្ចូល​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ប្រើ​បច្ចេកវិទ្យា​ដោយ​ឈ្លាសវៃ ?

ផ្នែកទី ២ ។ ការជ្រើសរើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្អ

  • តើ​អ្នក​ជ្រើសរើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្វីខ្លះ​ជា​ប្រចាំ ?

  • តើ​បទពិសោធន៍​របស់​អ្នក​បាន​បង្រៀន​អ្នក​អ្វីខ្លះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​ធ្វើការ​ជ្រើសរើស​ប្រព័ន្ធ​ផ្សព្វផ្សាយ ?

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:២៣–២៤; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១៣ និង មរ៉ូណៃ ៧:១២–១៧ ដោយ​រក​មើល​សេចក្តីពិត​ដែលអាច​ជួយ​យើង​វិនិច្ឆ័យ​រឿងល្អ និង​រឿង​អាក្រក់​បាន ។

  • តើ​អ្នក​រក​ឃើញ​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ?

( ក្នុង​ចំណោម​សេចក្ដីពិត​មួយ​ចំនួន អ្នក​អាច​កំណត់​សេចក្ដីពិត​មួយ​ដូច​តទៅ ៖ អ្វី​ដែល​ពង្រឹង និង​បញ្ចុះបញ្ចូល​ឲ្យ​ធ្វើល្អ​គឺ​មកពី​ព្រះ ) ។

  • តើ​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ណា​ពី​ការអនុវត្ត​សេចក្ដីពិត​នេះ ពេល​អ្នក​ជ្រើសរើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ត្រូវ​ប្រើ ?

អែលឌើរ ដេវីឌ អេ បែដណា​បាន​អញ្ជើញ​យើង​ឲ្យ​សួរ​ខ្លួនឯង​នូវ​សំណួរ​ខាងក្រោម​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​យើង​ប្រើ ៖

អែលឌើរ ដេវីឌ អេ បែដណា

តើ​ការ​ប្រើ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​អញ្ជើញ ឬ​រារាំង​ភាពជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់អ្នក​ដែរឬទេ ? ( ដេវីឌ អេ បែដណា « Things as They Really Are » Ensign ខែ​មិថុនា ឆ្នាំ​២០១០ ទំព័រ​២៣ )

  • តើ​អ្នក​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​នៅពេល​អ្នក​ធ្វើការ​ជ្រើសរើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​របៀប​ណា ?

  • តើ​អ្វី​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ប្រភេទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​អាច​នាំ​អ្នក​ចេញឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ ?

នៅពេល​សិស្ស​បាន​បញ្ចប់​ការសិក្សា​ហើយ សូម​អញ្ជើញ​ពួកគេ​ចែកចាយ​អ្វីដែល​ពួកគេ​បានរៀន ។ ការណ៍​នេះ​អាច​ធ្វើ​បាន​ជា​ថ្នាក់​ទាំងមូល ឬ​ដោយ​ចាប់គូ​សិស្ស​ជាមួយ​សិស្ស​ម្នាក់​ទៀត​ដែល​បាន​សិក្សា​ផ្នែក​ផ្សេង​គ្នា ។ បន្ទាប់ពី​សិស្ស​បង្រៀន​គ្នា​ហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​អនុវត្ត​ជំនាញ​មួយ ឬ​ទាំងពីរ​ខាងក្រោម ដើម្បី​ជួយ​ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុវត្ថិភាព ។ សម្រាប់​ជំនួយ​បន្ថែម អ្នក​គួរ​ណែនាំ​សិស្ស​ទៅកាន់​ធនធាន « ការទទួលខុស​ត្រូវ​លើ​បច្ចេកវិទ្យា » ដែល​មាន​នៅលើ ChurchofJesusChrist.org ។

ការដាក់​ផែនការ​ទុក​ជាមុន​អាច​ជួយ​យើង​ទទួល​ខុសត្រូវ​លើ​បច្ចេកវិទ្យា​បាន

ដើម្បី​ជួយ​សិស្ស​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន សូម​ជួយ​ពួកគេ​អនុវត្ត​ជំនាញ​ខាងក្រោម​នេះ ៖

កំណត់​ឲ្យ​ច្បាស់ ៖ ការដាក់​ផែនការ​អំពី​របៀប​ដែល​យើង​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​អាច​ជួយ​យើង​ឲ្យ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​មិន​បង្ខាត​ពេលវេលា​របស់​យើង​ឡើយ ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ នៅពេល​ដាក់​ផែនការ​មួយ ។

គំរូ ៖ ផ្តល់​គំរូ​មួយ​ដល់​សិស្ស​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ជោគជ័យ ។ អ្នក​អាច​ធ្វើ​ដូចនេះ​បាន​ដោយ​សួរ ៖

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​រៀបចំ​ផែនការ​ទុក​ជា​មុន​ដើម្បី​ទទួល​ខុសត្រូវ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក ?

    ចម្លើយ​មួយ​ចំនួន​ដែល​អាច​មាន​គឺ ៖

    • សូម​ពិចារណា​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ប្រើ​បច្ចេកវិទ្យា ។

    • មាន​គោលបំណង​មួយ​មុន​ពេល​អ្នក​ប្រើ​បច្ចេកវិទ្យា ( ឧទាហរណ៍ ទាក់ទង​មិត្តភក្តិ​តាម​ទូរសព្ទ​របស់​អ្នក ) ។

    • កំណត់​ពេលវេលា​ប្រចាំថ្ងៃ​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា ។

    • បង្កើត​កន្លែង​ដែល​គ្មាន​ឧបករណ៍ ដូចជា​បន្ទប់​គេង និង​បន្ទប់ទឹក​របស់​អ្នក ។

    • សាក​ទូរសព្ទ​របស់​អ្នក​នៅ​កន្លែង​សម្រាប់​គ្រួសារ​នៅពេល​យប់ ឆ្ងាយ​ពី​គ្រែ​របស់​អ្នក ។

    • ប្រើ​តម្រង​ដែល​រារាំង​មាតិកា​មិន​សមរម្យ ឬ​មិនមាន​សុវត្ថិភាព ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការ​មាន​ផែនការ​មួយ​អាច​ធ្វើ​ឲ្យ​មាន​ការខុសប្លែក ?

អនុវត្ត ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ដើម្បី​ដាក់​ផែនការ​មួយ​អំពី​របៀប​ដែល​ពួកគេ​នឹង​ទទួល​ខុសត្រូវ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ ។

សូម​ពិចារណា​សួរ​ថា តើ​សិស្ស​ណា​ម្នាក់​នឹង​ស្ម័គ្រចិត្ត​ចែកចាយ​ផែនការ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ដែរ​ឬ​ទេ ។

ការផ្អាក​អាច​ជួយ​ឲ្យ​យើង​ទទួល​ខុសត្រូវ​លើ​បច្ចេកវិទ្យា

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅពេល​ពួកគេ​ជួបប្រទះ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​សមរម្យ ជំនាញ​ខាងក្រោម​អាច​មាន​អត្ថប្រយោជន៍ ៖

កំណត់​ឲ្យ​ច្បាស់ ៖ នៅពេល​យើង​ជួបប្រទះ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​សមរម្យ យើង​អាច​ផ្អាក និង​សម្រាក​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា ។

គំរូ ៖ ផ្តល់​គំរូ​មួយ​ដល់​សិស្ស​ដោយ​ចែកចាយ​ជំហាន​ទាំងបី​ខាងក្រោម ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ផ្អាក និង​ឈប់​សម្រាក​ពី​បច្ចេកវិទ្យា នៅពេល​ពួកគេ​ជួបប្រទះ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​សមរម្យ ។ អ្នក​ក៏​អាច​ណែនាំ​សិស្ស​ទៅ​រក​ធនធាន « Taking Charge of Technology » សម្រាប់​ជំនួយ​បន្ថែម​ជាមួយ​នឹង​កិច្ចការ​នេះ​ផងដែរ ។

  1. ទទួល​ស្គាល់​វា ៖ នៅពេល​អ្នក​ឃើញ មាតិកា​មិន​សមរម្យ ឬ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិនល្អ ឯកោ ឬ​មិនស្រួល​ចិត្ត អ្នក​អាច​និយាយ​ថា « វា​មិន​ត្រឹមត្រូវ​ទេ » ។ អារម្មណ៍​ទាំងនេះ​អាច​ជា​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  2. ជ្រើសរើស​ជម្រើស​ដ៏​ប្រសើរ​មួយ ៖ អ្នក​អាច​បិទ​ឧបករណ៍ ឬ​បិទ​ការជូន​ដំណឹង ។ អ្នក​អាច​ចេញ​ទៅ​ខាងក្រៅ ឬ​ទៅ​បន្ទប់​ផ្សេង​ទៀត ដោយ​គ្មាន​ឧបករណ៍ ។ អ្នក​អាច​គិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ចងចាំ​បទគម្ពីរ​មួយ​ដែល​ចូលចិត្ត​ដើម្បី​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​ជាមួយ​អ្នក ។

  3. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់ ៖ អ្នក​អាច​និយាយ​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​អំពី​អារម្មណ៍​របស់​អ្នក​បាន ។ អ្នក​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌ ។

អនុវត្ត ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​វិធី​ដែល​ពួកគេ​អាច​ផ្អាក និង​សម្រាក​នៅពេល​ពួកគេ​ជួប​ប្រទះ​នឹង​ប្រព័ន្ធផ្សព្វផ្សាយ​មិន​សមរម្យ ។

ប្រសិន​បើ​សិស្ស​ចង់ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​បាន ។

ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន

  • តើ​រឿង​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​មេរៀន​នេះ ដែល​អ្នក​មិន​ចង់​បំភ្លេច ?

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះអម្ចាស់​អាច​ជួយ​យើង​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុវត្ថិភាព និង​ប្រកបដោយ​ប្រាជ្ញា ។