ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧៦—គោលបំណង និង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ៖ យើង​មាន​និស្ស័យ និង​ជោគវាសនា​ដ៏​ទេវភាព


« មេរៀន​ទី ១៧៦—គោលបំណង និង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ៖ យើង​មាន​និស្ស័យ និង​ជោគវាសនា​ដ៏​ទេវភាព »៖ សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលបំណង និង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៧៦ ៖ ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការ​ធ្វើ​ការជ្រើសរើស

គោលបំណង និង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង

យើង​មាន​និស្ស័យ និង​ជោគវាសនា​ដ៏​ទេវភាព

កុមារតូចៗ​នៅ​ជាមួយ​នឹង​ព្រះយេស៊ូវ

ក្នុង​នាម​ជា​បុត្រាបុត្រី​នៃ​ព្រះ​មាតាបិតាសួគ៌ យើង​អាច​ក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ ហើយ​ទទួល​មរតក​នូវ​អ្វី​ដែល​ទ្រង់​មាន ។ ពរជ័យ​ទាំងនេះ​មាន​សម្រាប់​យើងម្នាក់ៗ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​មាន​អារម្មណ៍​ថា ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ ពួកគេ​មាន​និស្ស័យ និង​គោលបំណង​ដ៏​ទេវភាព ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​ខ្ញុំ​ជា​នរណា ហើយ​គោលបំណង​របស់​ខ្ញុំ​គឺជា​អ្វី ?

សូម​ចាប់ផ្តើម​មេរៀន​នេះ​ដោយ​ជួយ​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​យើង​ងាយ​ភ្លេច​តម្លៃ និង​អត្តសញ្ញាណ​នៃ​ព្រះ​របស់​យើង ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​ចែកចាយ​វីដេអូ « Our True Identity » ( ៣:៣៩ ) ចាប់​ពី​នាទី ០:០០ ដល់ ១:១៤ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពី​របៀប​ដែល​យើង​អាច​មើល​ឃើញ​ខ្លួនឯង​ជា​កូនទា​ដ៏​អាក្រក់ ។ បន្ទាប់មក អ្នក​អាច​ឲ្យ​សិស្ស​បង្កើត​សាច់រឿង​ដូច​ខាងក្រោម ដែល​មនុស្ស​ម្នាក់​អាច​មាន​អារម្មណ៍​ដូចជា​កូនទា​ដ៏​អាក្រក់ នៅពេល​ពួកគេ​ភ្លេច​អត្តសញ្ញាណ​នៃ​ព្រះ​របស់​ពួកគេ​ក្នុងនាម​ជា​បុត្រាបុត្រី​របស់​ព្រះ ។

2:3

ឬ​អ្នក​អាច​ចាប់ផ្តើម​ដោយ​ចែកចាយ​សាច់រឿង​ខាងក្រោម ដោយ​កែសម្រួល​ព័ត៌មាន​លម្អិត​ណាមួយ ដើម្បី​ឆ្លុះបញ្ចាំង​ពី​កង្វល់​ដែល​សិស្ស​របស់​អ្នក​អាច​មាន ។

អាមេលៀមាន​អាយុ​១៥​ឆ្នាំ ។ ជារឿយៗ នាង​មាន​អារម្មណ៍​ឯកោ ហើយ​គ្មាន​គេ​ចាប់​អារម្មណ៍​ឡើយ ។ នាង​ប្រាថ្នា​ថា នាង​មាន​មិត្តភក្ដិ​ច្រើន ហើយ​មាន​រូបរាង​ខុសប្លែក​ពី​នាង​សព្វថ្ងៃ ។ អាមេលៀ​មើល​ឃើញ​អ្នក​ដទៃ​ធ្វើ​រឿង​សំខាន់ ប៉ុន្តែ​មិន​គិត​ថា​នាង​ល្អ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​អ្វី​ដែល​សំខាន់​ឡើយ ។ នាង​សង្ស័យ​ពី​តម្លៃ​ខ្លួនឯង ។

  • តើ​អ្វីទៅ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចងចាំ​ពី​អត្តសញ្ញាណ​របស់​យើង​ក្នុង​នាម​ជា​បុត្រា​បុត្រី​ព្រះ ?

សូម​ពន្យល់​ថា ក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​អំពី​អត្តសញ្ញាណ​នៃ​ព្រះ​របស់​ពួកគេ​ក្នុង​នាម​ជា​បុត្រី និង​បុត្រា​នៃ​ព្រះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​របៀប​មួយ​ចំនួន ដែល​ជីវិត​របស់​ពួកគេ​រង​ឥទ្ធិពល​ពី​ការ​ដឹង​ថា ពួកគេ​គឺជា​បុត្រាបុត្រី​របស់​ព្រះ ។ ពួកគេ​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្តាប់រក​ការបង្រៀន​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ ។

និស្ស័យ និង​គោលបំណង​ដ៏​ទេវភាព

រូបតំណាង​សំណៅចែកចំពោះ​សកម្មភាព​ខាងក្រោម អ្នក​អាច​បែងចែក​សិស្ស​ជាក្រុម​តូចៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​សំណៅចែក « គោលបំណង និង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ខ្ញុំ » ដើម្បី​រៀបចំ​ខ្លួន​ឆ្លើយ​តប​ទៅ​អាមេលៀ ។ សូម​ចាត់​តាំង​អ្នកដឹកនាំ​ក្រុម​ដែល​អាច​ជួយ​ក្រុម​របស់​ពួកគេ​បំពេញ​តួនាទី​ផ្សេងៗគ្នា ។ ឧទាហរណ៍ សិស្ស​ម្នាក់​អាច​អាន ម្នាក់​ទៀត​អាច​សរសេរ​ការឆ្លើយតប ហើយ​ម្នាក់ទៀត​អាច​ធ្វើ​បទបង្ហាញ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

សិស្ស​អាច​រកមើល​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​បន្ថែម​ដោយ​ស្រាវជ្រាវ « និស្ស័យ​ដ៏​ទេវភាព » ឬ « ជោគវាសនា​ដ៏​ទេវភាព » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

សូម​អាន​បទគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​សំណៅចែក ។ សូម​ស្វែងរក​ឃ្លា​ដែល​អ្នក​គិតថា​អាច​ជួយ​អាមេលៀ ហើយ​ពិចារណា​ពី​មូលហេតុ​ដែល​ឃ្លា​ទាំងនោះ​ប្រហែលជា​មាន​ប្រយោជន៍ ។

គោលបំណង និង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ខ្ញុំ

១. សូម​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​មកពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដោយ​រកមើល​ព្រះរាជបំណង​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អ្នក ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យអ្នក​មើល​ឃើញ ទទួល​អារម្មណ៍ និង​ដឹង​ថាទ្រង់​ជាកម្លាំង​របស់​អ្នក ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ នោះ​នឹង​គ្មាន​ដែន​កំណត់​ចំពោះ​អ្វី​ដែលអ្នក​អាច​សម្រេច​បាន​នោះទេ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ សក្តានុពល​របស់​អ្នក​គឺ​គ្មាន​ដែន​កំណត់​ឡើយ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មើល​ឃើញ​ខ្លួន​ឯង​ដូច​ដែល​ទ្រង់​ទត​ឃើញ​អ្នក ។ ដែល​វា​ខុស​ពី​គ្នា​យ៉ាង​ខ្លាំង​ពី​របៀប​ដែល​ពិភពលោក​មើល​ឃើញ​អ្នក ។

ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​យ៉ាង​ច្បាស់​លាស់​ថា អ្នក​គឺ​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ។ ព្រះវរបិតាសួគ៌​របស់​អ្នក​គឺ​ជា​អង្គ​ដ៏​រុងរឿង​បំផុត​ក្នុង​សកលលោក ពេញ​ដោយ​សេចក្តីស្រឡាញ់ អំណរ ស្មោះត្រង់ បរិសុទ្ធ ពន្លឺ ព្រះគុណ និង​សេចក្តីពិត ។ ហើយ​ថ្ងៃ​មួយ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​គ្រង​មរតក​នូវ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ​៩–១០ )

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:៧ ដោយ​រកមើល​អ្វីដែល​ព្រះវរបិតាសួគ៌​មាន​ព្រះរាជ​បំណង​ចង់​ប្រទាន​ឲ្យ​អ្នក ។


២. សូម​អាន​សេចក្តី​ថ្លែងការណ៍​នេះ​មកពី​ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ដោយ​រកមើល​ការប្រឹក្សា​របស់គាត់​ដល់​មនុស្ស​ម្នាក់​ដែល​សង្ស័យ​ពី​តម្លៃ​នៃ​ព្រះ​របស់​ពួកគេ ៖

ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ

ប្រហែល​រឿង​ដ៏សំខាន់​បំផុត​សម្រាប់​យើង​ដើម្បី​មើល​ឃើញ​យ៉ាង​ច្បាស់​គឺ​ថា​តើ​ព្រះ​ជា​នរណា​ហើយ​តើ​យើង​ជា​នរណា—ជា​បុត្រា​បុត្រី​នៃ​ព្រះមាតាបិតាសួគ៌​ដែល​មាន « និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច » [ បាវចនា​យុវនារី នៅលើ​គេហទំព័រ ChurchofJesusChrist.org ] ។ ចូរ​សូមដល់​ព្រះឲ្យ​បង្ហាញ​ការពិត​ទាំងនេះ​ដល់បង​ប្អូន​រួមជាមួយ​ព្រះទ័យ​របស់ទ្រង់​ចំពោះបងប្អូន ។ ( មីឈែល ឌី ក្រេហ្គ « Eyes to See » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ​១៥ )

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១០–១៣ ដោយ​រកមើល​របៀប​ដែល​ព្រះវរបិតាសួគ៌​ខ្វល់ខ្វាយ​ចំពោះ​អ្នក ។


៣. សូម​អាន​សេចក្តី​ថ្លែងការណ៍​នេះ​មកពី​ប្រធាន ស៊ូសាន អេច ផតធ័រ ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ដោយ​រកមើល​មូលហេតុ​ដែល​យើងម្នាក់ៗ​ត្រូវដឹង​ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ខ្វល់ខ្វាយ​ចំពោះ​យើង ៖

ស៊ូសាន អេច ផតធើរ

នៅពេល​បងប្អូន​ដឹង និង​យល់​យ៉ាងច្បាស់​ថា​បងប្អូន​ត្រូវ​បាន​ស្រឡាញ់​យ៉ាង​ពេញលេញ​ដូច​កូនរបស់​ព្រះ នោះ​វា​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង ។ វា​ផ្លាស់ប្តូរ​នូវ​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​អំពី​ខ្លួនឯង​នៅពេល​បងប្អូន​ធ្វើខុស ។ វា​ផ្លាស់ប្តូរ​នូវ​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​នៅពេល​មាន​រឿង​ពិបាក​ផ្សេងៗ​កើតឡើង ។ វា​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​របស់​បងប្អូន​ចំពោះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ វា​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​របស់​បងប្អូន​អំពី​អ្នកដទៃ និង​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពផ្លាស់ប្តូរ ។ ( ស៊ូសាន អេច ផតធ័រ « God’s Love: The Most Joyous to the Soul » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ​៣៣ )


៤. សូម​អាន​សេចក្តី​ថ្លែងការណ៍​នេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន ដោយ​រកមើល​អ្វី​ដែល​លោក​បាន​បង្រៀន​អំពី​សេចក្តី​សង្ឃឹម​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង​ម្នាក់ៗ ៖

ប្រធាន រ័សុល អិម ណិលសុន

ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​រស់នៅ​កន្លែង និង​របៀប​ដែល​ទ្រង់​រស់នៅ ហើយ​ទីបំផុត​នឹង​ក្លាយ​កាន់តែ​ដូច​ទ្រង់ ។ ផែនការ​របស់​ទ្រង់​ពិតជាធ្វើ​ឲ្យ​ពរជ័យ​ដ៏​ធំ​បំផុត​នៃ​ភាពអស់កល្ប​ជានិច្ច កើតមាន​ដល់​យើង រួមទាំង​សក្តានុពល​ដើម្បីយើង​បាន « គ្រង​មរតក​ជាមួយ​នឹង​ព្រះគ្រីស្ទ » ផងដែរ [ រ៉ូម ៨:១៧ ] ។ ( រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាព​អស់កល្ប​ជានិច្ច » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់ យុវមជ្ឈិមវ័យ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

ប្រសិន​បើ​មាន​អត្ថប្រយោជន៍​ចំពោះ​សិស្ស អ្នក​អាច​បង្ហាញ​វីដេអូ​ដែល​នៅសល់​អំពី​« Our True Identity »​( ៣:៣៩ ) ចាប់ពី​នាទី ១:១៥ ដល់ ៣:៣៩ ។ សិស្ស​អាច​ផ្អាក​ការពិភាក្សា​ជា​ក្រុម​របស់​ពួកគេ ដើម្បី​មើល​វីដេអូ​នេះ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​អ្វី​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​អាមេលៀ ។

2:3

នៅពេល​សិស្ស​បាន​បញ្ចប់​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រាយការណ៍​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វីដែល​ពួកគេ​បានសិក្សា ។ ដើម្បី​លើកទឹក​ចិត្ត​ឲ្យមាន​ការពិភាក្សា​ក្នុង​ថ្នាក់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វីដែល​ពួកគេ​យល់ថា​មានអត្ថន័យ​អំពី​មតិយោបល់​របស់​អ្នកដទៃ ។

សារៈសំខាន់​នៃ​ខ្ញុំ​ជា​នរណា និង​ខ្ញុំ​អាច​ក្លាយ​ជា​នរណា

ការសរសេរ​សៀវភៅ​កំណត់ហេតុ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ និង​យល់ដឹង​ពី​អារម្មណ៍​របស់​ពួកគេ​កាន់តែ​ច្បាស់ ។ វាក៏​អាច​ជួយ​សិស្ស​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​ពួកគេ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះ ពេល​អ្នក​សិក្សា​អំពី​គោលបំណង និង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​អ្នក​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ ?

  • តើ​អ្នក​គិត​ថា​ចំណេះដឹង​នេះ​អាច​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​ដែល​អ្នក​ធ្វើ ឬ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ​ដោយ​របៀបណា ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា អ្នក​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជោគវាសនា​ដ៏​ទេវភាព ?

សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ​អំពី​និស្ស័យ និង​ជោគវាសនា​ដ៏​ទេវភាព​របស់​ពួកគេ ។

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​នៃ​បុត្រ​ម្នាក់ៗ​របស់​ព្រះ ។