ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨៥—ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់ ៖ ការបង្កើន​ទំនុកចិត្ត​របស់​យើង​លើ​ជំនួយ​របស់​ព្រះអម្ចាស់​ជាមួយនឹង​ការប្រឈម​ខាងផ្លូវចិត្ត​របស់​យើង


« មេរៀន​ទី ១៨៥—ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់ ៖ ការបង្កើន​ទំនុកចិត្ត​របស់​យើង​លើ​ជំនួយ​របស់​ព្រះអម្ចាស់​ជាមួយនឹង​ការប្រឈម​ខាង​ផ្លូវចិត្ត​របស់​យើង » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៨៥ ៖ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត

ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់

ការបង្កើន​ទំនុកចិត្ត​របស់​យើង​លើ​ជំនួយ​របស់​ព្រះអម្ចាស់​ជាមួយនឹង​ការប្រឈម​ខាង​ផ្លូវចិត្ត​របស់​យើង

ព្រះយេស៊ូវ​គង់​ជាមួយ ម៉ារា និង​ម៉ាថា

ដោយសារ​ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើម្បី​ពង្រឹង និង​លួងលោម​យើង​អំឡុងពេល​ជីវិត​ជួប​ទុក្ខលំបាក ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​ទំនុកចិត្ត​ដែល​ព្រះអង្គសង្រ្គោះ​នឹង​ជួយ​ពួកគេ​ស្ថាបនា​ភាពធន់​ខាង​ផ្លូវចិត្ត ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត

ចំណាំ ៖ សម្ភារ​នេះ​ក្នុង​ន័យ​ជា​ជំនួយ​ដល់​ការសិក្សា​អំពី​ការស្ថាបនា​កម្លាំង​ផ្លូវចិត្ត​លើ​ព្រះអម្ចាស់ មិន​មែន​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជំងឺ​សតិអារម្មណ៍ និង​ជំងឺ​ផ្លូវចិត្ត​ឡើយ ។ បទពិសោធន៍​ក្នុង​ថ្នាក់​ក៏​មិនមែន​ជា​ការព្យាបាល​ជា​ក្រុម​ដែរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​គំនិត និង​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត​មួយចំនួន​ដែល​ពួកគេ ឬ​ក្មេង​ជំទង់​ដូច​ពួកគេ អាច​នឹង​ប្រឈមមុខ​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ឧទាហរណ៍​ខ្លះៗ អាច​រាប់បញ្ចូល​ទាំង​អារម្មណ៍​សើច​ចំអក​ពី​មិត្តភក្តិ​របស់​ពួកគេ ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពួកគេ​ត្រូវតែ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​ពួកគេ​មិន​ស្គាល់ ឬ​នៅពេល​ដែល​អ្វី​មួយ​ដែល​រីករាយ​ឈាន​ដល់​ទីបញ្ចប់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​ឲ្យ​ស្ថានភាព​របស់​ពួកគេ​មាន​ភាព​ប្រាកដនិយម និង​ពាក់ព័ន្ធ ។

បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​គិត​អំពី​ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត​ដែល​អ្នក​ប្រឈមមុខ ឬ​ទំនង​នឹង​ប្រឈមមុខ​ក្នុង​ពេល​ឆាប់ៗ​នេះ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ឆ្លើយតប​នឹង​ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត​នេះ​បាន​ល្អ​ប៉ុនណា ? ហេតុអ្វី ?

  • នៅលើ​រង្វាស់​ពី ១ ដល់ ១០ ( ១ = មិន​មាន​ទំនុក​ចិត្ត​ទាល់​តែ​សោះ ១០ = មាន​ទំនុកចិត្ត​ខ្លាំង​បំផុត ) តើ​អ្នក​មាន​ទំនុក​ចិត្ត​ប៉ុនណា ថា​ព្រះអង្គ​សង្គ្រោះ​អាច ហើយ​នឹង​ជួយ​អ្នក​ក្នុង​ស្ថានភាព​ទាំងនេះ ? ហេតុអ្វី ?

ពេញ​មួយ​មេរៀន​នេះ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ដោយ​ការអធិស្ឋាន ដើម្បី​មាន​ទំនុកចិត្ត​លើ​ព្រះ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការជួយ​ពួកគេ​ក្នុង​ស្ថានភាព​លំបាក​ខាងផ្លូវចិត្ត ហើយ​ប្រែ​ជា​មាន​ភាពធន់​ខាង​ផ្លូវចិត្ត​វិញ ។

ភាពធន់​ខាង​ផ្លូវចិត្ត

សូម​ពិចារណា​សរសេរ​ពាក្យ ភាពធន់​ខាង​ផ្លូវចិត្ត នៅលើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​អំពី​អ្វី​ដែល​ពួកគេ​យល់​អំពី​ពាក្យ​នេះ ។ អ្នក​ក៏​អាច​បង្ហាញ​ព័ត៌មាន​ដូចខាង​ក្រោមនេះ​ផងដែរ ៖

ដោយ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ យើង​ទាំងអស់​គ្នា​ប្រឈមមុខ​នឹង​ឧបសគ្គ និង​ទុក្ខលំបាក​ក្នុង​ជីវិត​នេះ ។ ទោះ​យ៉ាង​ណា​ក៏​ដោយ នៅពេល​យើង​ងាក​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពឹងផ្អែក​លើ​សេចក្តី​មេត្តាករុណា និង​ព្រះគុណ​របស់​ទ្រង់ នោះ​ទ្រង់​អាច​ជួយ​យើង​បង្កើត​ភាពធន់​ខាង​ផ្លូវចិត្ត ។ ភាពធន់​ខាង​ផ្លូវចិត្ត​គឺ ៖

  • សមត្ថភាព​ដើម្បី​សម្រប​តាម​ការប្រឈម​ខាង​ផ្លូវចិត្ត ដោយ​មាន​ចិត្ត​ក្លាហាន និង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការជួយ​ខ្លួនអ្នក និង​មនុស្ស​ដទៃ​ទៀត​ឲ្យ​បាន​ល្អបំផុត​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។

  • ការឈោង​ទៅរក​ជំនួយ​បន្ថែម នៅពេល​ត្រូវការ ។

គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ពន្យល់​ថា ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ឆ្លងកាត់​នូវ​អារម្មណ៍​ដូចជា​ការឈឺចិត្ត និង​ទុក្ខព្រួយ ។ អ្នក​អាច​សួរ​សិស្ស​ថា តើ​ពួកគេ​អាច​គិត​អំពី​ឧទាហរណ៍​ណា​មួយ​ដែរ​ឬ​ទេ ? សម្រាប់​សកម្មភាព​ខាងក្រោម​នេះ សូម​ពិចារណា​រៀបចំ​សិស្ស​ជា​គូៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​តារាង​ដែល​ភ្ជាប់​មក​ជាមួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ដៃគូ​នីមួយៗ​ឲ្យ​សិក្សា​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ដែល​បាន​រាយ​ក្នុង​តារាង​នេះ ។ នៅពេល​សិស្ស​សិក្សា​ចប់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។

សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានឆ្លើយតប​នៅក្នុង​ស្ថានភាព​នីមួយៗ ។ សូម​កត់ត្រា​អារម្មណ៍​ណាមួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្ហាញ និង​ទង្វើ​ដែល​ទ្រង់​បានធ្វើ ។

ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត

របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប

ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត

ហេរ៉ូឌ អាន់ទីប៉ាស បានសម្លាប់​យ៉ូហាន​បាទីស្ទ ។

របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប

ម៉ាថាយ ១៤:១៣–២៣

ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត

ព្រះ​យេស៊ូវ​បាន​ធ្វើ​ដំណើរ​ទៅ​នៅ​ជាមួយ​ម៉ារា និង​ម៉ាថា បន្ទាប់ពី​ឡាសារ​ជា​បងប្រុស​របស់​ពួកគេ​បានស្លាប់ ។

របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប

យ៉ូហាន ១១:៣២–៤៤

  • តើអ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ចេញពី​ដំណើររឿង​ទាំងនេះ ?

  • តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា​ក្នុង​អំឡុង​ពេល​មាន​ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត ?

« ទ្រង់​បាន​ទ្រាំទ្រ​រង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង​ជា​ពិត »

សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹមតែ​ជា​គំរូ​ដ៏​ខ្ពង់ខ្ពស់​នៃ​ភាពធន់​ខាង​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​យល់​យ៉ាង​ឥតខ្ចោះ​រាល់​អារម្មណ៍ និង​ការពុះពារ​ក្នុង​ជីវិត​រមែង​ស្លាប់​ផងដែរ ។ បើ​អាច សូម​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ​កំពុង​រងទុក្ខ​នៅ​ក្នុងសួនច្បារ​គែតសេម៉ានី នៅលើ​ក្ដារខៀន ។ នៅពេល​សិស្ស​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ពាក្យ ឬ​ឃ្លា​ដែល​ពោរពេញ​ដោយ​អត្ថន័យ​ពី អេសាយ ៥៣:៣–៥ នៅ​ជុំវិញ​រូបភាព​នេះ ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា អេសាយ ៥៣:៣–៥ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

ព្រះយេស៊ូវ​នៅក្នុង​សួនច្បារ​គែតសេម៉ានី

សូម​អាន អេសាយ ៥៣:៣–៥ ដោយ​រកមើល​ភស្តុតាង​ដែល​ថា ព្រះអង្គ​សង្គ្រោះ​យល់​យ៉ាង​ឥតខ្ចោះ​ពី​ទុក្ខលំបាក​ខាង​ផ្លូវចិត្ត​របស់​យើង ។

  • តើ​ពាក្យ ឬ​ឃ្លាណា​មួយ​ណា​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ព្រះ​សមត្ថភាព​របស់​ព្រះយេស៊ូវ​បាន​កាន់តែ​ច្បាស់​ក្នុង​ការ​យល់ចិត្ត និង​ការលួងលោម​ពួកគេ​យ៉ាង​ឥតខ្ចោះ សូម​ពិចារណា​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ៖

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានប្រកាស ៖

11:9

ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង

អែលឌើរ សូរ៉េស បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដង្វាយធួន​របស់ទ្រង់ និង​អំណោយទាន​នៃ​ការ​ប្រែចិត្ត ។

អែលឌើរ អូលីសេស សូរ៉េស

បន្ថែម​ពី​លើនោះ ដើម្បី​ផ្ដល់​នូវ​អំណោយទាន​ដ៏​មហិមា​នៃ​សេចក្តីសង្គ្រោះ​នេះ ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង​នូវ​ភាព​ធូរស្បើយ និង​ការលួងលោម​ចិត្ត កាល​យើង​ប្រឈម​នឹង​ទុក្ខវេទនា ការល្បួង និង​ភាព​ទន់ខ្សោយ​នៃ​ជីវិត​រមែង​ស្លាប់ ។ … ខ្ញុំ​អាចអះអាង​ដល់​បងប្អូន​ថា ព្រះគ្រីស្ទ​ទ្រង់​ញាណ​ដឹង​ពី​សេចក្ដី​វេទនា​ដែល​យើង​ដកពិសោធន៍​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ជា​និច្ច ។ ទ្រង់​យល់​នូវ​រាល់ភាព​ជូរចត់ ការឈឺចាប់ និង​កង្វល់​ខាង​សាច់ឈាម ក៏​ដូចជា​ឧបសគ្គ​ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​ដែល​យើង​ប្រឈម​ផង​ដែរ ។ ព្រះអង្គ​សង្រ្គោះ​ពោរពេញ​ដោយ​សេចក្តី​មេត្តា​ករុណា ហើយ​ទ្រង់​ត្រៀម​ព្រះកាយ​ជួយ​សង្រ្គោះ​យើង​ជានិច្ច ។ ការណ៍​នេះ​អាច​កើត​ឡើងបាន ពីព្រោះទ្រង់​បាន​ដកពិសោធន៍ និង​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ​ការឈឺចាប់​នៃ​ភាពទន់ខ្សោយ និងទុក្ខវេទនា​ខាង​សាច់ឈាម​របស់​យើង​ដោយ​ផ្ទាល់ ។

ដោយ​មាន​ព្រះទ័យ​ស្លូតបូត និង​រាបសា នោះទ្រង់​បាន​យាង​ចុះក្រោម​គ្រប់ទាំងអស់ ហើយ​បាន​ទទួល​យក ទោះ​ជា​ត្រូវ​មនុស្ស​មើល​ងាយ បដិសេធ ហើយ​បន្ទាប​បន្ថោក ព្រមទាំង​រងរបួស​ព្រោះតែ​អំពើ​រំលង និង​អំពើ​ទុច្ចរិត​របស់​យើង​ក្ដី ។ ទ្រង់​បាន​រងទុក្ខ​រឿង​ទាំងនេះ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ដោយ​លើក​ដាក់​មកលើ​អង្គ​ទ្រង់​នូវ​អំពើ​បាប​របស់​ពិភពលោក​នេះ ហើយ​ទ្រង់​ក្លាយ​ជាអង្គថែរក្សា​ខាងវិញ្ញាណ​របស់​យើង​ជា​និរន្តរ ។

កាលយើង​ខិត​កាន់តែ​ជិត​ទ្រង់ ដោយអនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​យើង​ខាង​វិញ្ញាណ នោះយើង​នឹង​មាន​លទ្ធភាព​ដើម្បី​លើក​ដាក់​នឹម​ដ៏ងាយ​របស់​ទ្រង់ និង​បន្ទុក​ដ៏ស្រាល​របស់​ទ្រង់​មក​លើ​ខ្លួន​យើង ហើយ​ក៏​រក​ឃើញ​ការ​លួងលោម​ចិត្ត និង​ទីសម្រាក​ដែល​បាន​សន្យា​ផងដែរ ។ លើសពីនេះទៀត យើង​នឹង​ទទួល​បាន​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​យក​ឈ្នះ​លើ​ការលំបាក ភាព​ទន់ខ្សោយ និង​ភាពសោកសៅ​ក្នុង​ជីវិត ដែល​ពិបាក​ស៊ូទ្រាំ​យ៉ាងខ្លាំង បើ​គ្មាន​ជំនួយ និង​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់​ទេ​នោះ ។ ( អូលីសេស សូរ៉េស « ព្រះ​យេស៊ូវ​គ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​៨៣–៨៤ )

  • ចេញពី​ការសិក្សា​របស់​យើង តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះ​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការជួយ​យើង ?

    សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ សេចក្តីពិត​មួយ​ក្នុង​ចំណោម​សេចក្តីពិត​ដែល​សិស្ស​អាច​ស្វែងរក​គឺ​ដូច​ខាងក្រោម​នេះ ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​លួងលោម និង​ពង្រឹង​យើង​នៅ​គ្រា​ជួប​ការប្រឈម​ខាង​ផ្លូវចិត្ត ពីព្រោះ​ទ្រង់​ក៏​បាន​ឆ្លងកាត់​វា​ដែរ ។

  • តើ​ការងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ និង​ការធ្វើ​តាម​គំរូ​របស់​ទ្រង់​ដោយ​សេចក្ដីជំនឿ​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​បង្កើត​ភាពធន់​ខាង​ផ្លូវចិត្ត​ដោយ​របៀប​ណា ?

ការស្រមៃមើល​ពី​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​គោលការណ៍​នេះ​អាច​ជួយ​ពួកគេ នោះ​ជំនាញ​ខាងក្រោម​នេះ អាច​មាន​អត្ថប្រយោជន៍ ។ សូម​ធ្វើ​ដូច​ខាងក្រោម​នេះ​ដើម្បី​កំណត់​ឲ្យ​ច្បាស់ បង្ហាញ​គំរូ និង​អនុវត្ត​ជំនាញ​នេះ ៖

  • កំណត់​ជំនាញ ៖ សូម​ពន្យល់​សិស្ស​ថា ការស្រមៃមើល​ថា​ព្រះអង្គសង្គ្រោះ​កំពុង​គង់​នៅ​ជាមួយ​យើង ហើយ​ជួយ​យើង​ក្នុង​អំឡុង​ស្ថានភាព​លំបាក​ខាង​សតិអារម្មណ៍​របស់​យើង អាច​យាង​អញ្ជើញ​ជំនួយ និង​ការណែនាំ​របស់​ទ្រង់ ។

  • បង្ហាញ​គំរូ​ពី​ជំនាញ ៖ សូម​គិត​អំពី​ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត​មួយ​ដែល​អ្នក​បានប្រឈម ឬ​អាច​នឹង​ប្រឈម​នៅពេល​អនាគត ដែល​អ្នក​ស្ម័គ្រចិត្ត​ចែកចាយ​ជាមួយ​សិស្ស ។ ដោយ​ប្រើ​ជំហាន​ខាងក្រោម សូម​ចែកចាយ​ពី​របៀប​ដែល​អ្នក​ស្រមៃឃើញ​ព្រះអង្គ​សង្គ្រោះ​គង់​ជាមួយ​អ្នក ពង្រឹង​អ្នក និង​របៀប​ដែល​អ្នក​អាច​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ។ អ្នក​ប្រហែល​ជា​ចង់​គិត​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​ការណ៍​នេះ ទុក​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​មេរៀន​របស់​អ្នក ។

  • អនុវត្ត ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ជំនាញ​នេះ សូម​ពិចារណា​រៀបចំ​ពួកគេ​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​គិត​អំពី​ស្ថានភាព​ប្រឈម​ខាងផ្លូវចិត្ត​សម្រាប់​ក្មេង​វ័យ​ជំទង់​ម្នាក់ ។ នៅពេល​ដែល​ពួកគេ​បានគិត​ពី​សាច់រឿង ដែល​អាច​ទាក់ទង​គ្នា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូចខាងក្រោម​ដោយ​ខ្លួនឯង ហើយ​បន្ទាប់​មក​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​ក្រុម​របស់​ពួកគេ ។ អ្នក​អាច​ដាស់តឿន​សិស្ស​កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក​ពី​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

សូម​បិទ​ភ្នែក​របស់អ្នក ហើយ​ស្រមៃមើល​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​គង់​នៅ​ជាមួយ​អ្នក អំឡុង​ពេល​អ្នក​ជួប​ទុក្ខលំបាក ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ព្រះអង្គសង្គ្រោះ​នឹង​គង់​នៅ​ទីណា​ដែល​ទាក់ទង​នឹង​អ្នក អំឡុង​ពេល​អ្នក​ជួប​ទុក្ខលំបាក ? តើ​ទ្រង់​អាច​ធ្វើ​អ្វី បើ​ទ្រង់​គង់នៅ​ជាមួយ​អ្នក ?

  • តើ​អ្នក​អាច​កំពុង​គិត ឬ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​នៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​វត្តមាន សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ​របស់​ទ្រង់​អាច​ជួយ​អ្នក​គ្រប់គ្រង និង​យកឈ្នះ​លើ​ភាពតានតឹង​ខាងផ្លូវ​ចិត្ត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

  • ចេញពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអង្គ​សង្គ្រោះ តើ​ទ្រង់​អាច​មាន​ព្រះបន្ទូល​អ្វីខ្លះ​ដល់​អ្នក ? ( អ្នក​អាច​ប្រើ​ឃ្លា​ចេញពី​ព្រះគម្ពីរ​ដែល​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅកាន់​អ្នក​ដទៃ ) ។ តើ​ទ្រង់​ប្រហែលជា​បង្គាប់​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ ? តើ​នរណា​ដែល​ទ្រង់​ប្រហែលជា​បង្គាប់​អ្នក​ឲ្យ​ឈោង​ទៅ​រក​ជំនួយ​បន្ថែម ?

    សូម​អញ្ជើញ​ក្រុម​ជាច្រើន​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានពិភាក្សា និង​របៀប​ដែល​ការណ៍​ទាំងនោះ​អាច​ជួយ​បាន ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា សម្រាប់​ការប្រឈម​ខាងផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ឬ​អូសបន្លាយ សិស្ស​គួរតែ​ស្វែងរក​ជំនួយ និង​ការណែនាំ​ពី​ឪពុកម្ដាយ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​អ្នកជំនាញ​ដែលមាន​អាជ្ញាប័ណ្ណ ។

    សូម​ពិចារណា​សួរ​សំណួរ​ដូច​ខាងក្រោម ហើយ​ចែកចាយ​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់អ្នក​អំពី​កម្លាំង និង​ការលួងលោម​ដែល​បាន​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ៖

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បានដឹង​ពី​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ អំឡុងពេល​មាន​ស្ថានភាព​លំបាក​ខាង​ផ្លូវចិត្ត ?

  • ហេតុអ្វី​អ្នក​គិត​ថា ការងាក​ទៅ​រក​ព្រះអម្ចាស់​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ភាពធន់​ខាង​ផ្លូវចិត្ត ?

ដើម្បី​បញ្ចប់ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពី​អារម្មណ៍ ឬ​ចំណាប់អារម្មណ៍​ណា​មួយ​ដែល​ពួកគេ​បាន​ទទួល​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះ​សមត្ថភាព​របស់​ទ្រង់​ទាំងទ្វេ​ក្នុង​ការជួយ​ពួកគេ និង​មនុស្ស​ជា​ទីស្រឡាញ់​បង្កើត​ភាពធន់​ខាង​ផ្លូវចិត្ត ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពឹង​លើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ទទួល​បាន​ជំនួយ និង​កម្លាំង​អំឡុង​ពេល​មាន​ទុក្ខលំបាក និង​ការ​មិន​សម្រេច​បាន​ខាង​ផ្លូវចិត្ត ។ មេរៀន​នា​ពេល​អនាគត​នឹង​ផ្តោត​លើ​វិធី​ជាក់លាក់​ដែល​ពួកគេ​អាច​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ជាមួយនឹង​គំនិត​របស់​ពួកគេ ភាពតានតឹង ការថប់បារម្ភ ការធ្លាក់​ទឹកចិត្ត និង​ជា​ច្រើន​ទៀត ។