ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨៩—ការមានភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ៖ ដំណើរការ​នៃ​ការប្រែក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ


« មេរៀន​ទី ១៨៩—​ការមានភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ៖ ដំណើរការ​នៃ​ការប្រែក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« ​ការមានភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៨៩—សុខភាព​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត

ការមានភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ

ដំណើរការ​នៃ​ការប្រែក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ

សម្ពាធ និង​ការរំពឹង​ចង់បាន​ជា​ច្រើន​ក្នុង​ជីវិត​អាច​ធ្វើ​ឲ្យ​យើង​ពុះពារ​ជាមួយ​នឹង​ភាពឥតខ្ចោះ​និយម ឬ​អាច​គិត​ខុស​ថា​យើង​ត្រូវ​តែ​មាន​ភាពល្អឥត​ខ្ចោះ​ដោយ​ខ្លួន​ឯង ។ ដោយ​សារ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច « បាន​ល្អ​ឥត​ខ្ចោះ​នៅក្នុង​ទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់ ពីការគិត​ខុសឆ្គង​ដែល​ទាក់ទង​នឹង​ភាព​ឥតខ្ចោះនិយម ហើយ​អាច​ជួយ​ពួកគេ​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់​បាន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ភាព​ឥតខ្ចោះ​និយម

សូម​ពិចារណា​បង្ហាញ​គំនិត​មួយ​ចំនួន​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ហើយ​អាន​គំនិត​ទាំង​នោះ​ជាមួយ​គ្នា​ជា​ថ្នាក់ ។ អ្នកអាចធ្វើការកែសម្រួល ឬ​ផ្លាស់ប្ដូរ​គំនិតទាំងនេះ ទៅជា គំនិតនៃភាពឥតខ្ចោះផ្សេងទៀត ដែលមានភាពពាក់ព័ន្ធច្រើនជាងចំពោះសិស្សរបស់អ្នក។

  • « ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​នឹង​​មាន​ភាពល្អ​គ្រប់គ្រាន់​នោះទេ » ។

  • « ខ្ញុំ​មិន​ពូកែ​រឿង​នេះ​ដូច​នាង​ទេ ។ ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​ខំ​ព្យាយាម » ។

  • « ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវតែ​សម្តែង​ធ្វើ​ដូច​ជា​មាន​ភាពរីករាយ ហើយ​ធ្វើ​ដូចជាល្អ​ប្រសើរ​ជាង​កាល​ដែល​ខ្ញុំ​មិនមែនដូច្នោះនោះទេ » ។

សម្រាប់​ឧទាហរណ៍​អំពី​គំនិត​មួយ​ចំនួន​ទាំងនេះ សូម​ពិចារណា​បង្ហាញ​វីដេអូ « Self-Compassion » ( ២:៥៨ ) ចាប់ពី​នាទីទី ០:០០ ដល់ ០:៥៣ ។

2:58

សូម​អញ្ជើញ​សិស្ស​ឲ្យ​ងាក​ទៅ​រក​ដៃគូ ហើយ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា​គំនិត​បែប​នេះ​ជា​រឿង​ធម្មតា​ប៉ុនណាទៅ ?

  • ហេតុអ្វី​មនុស្ស​អាច​​ត្រូវ​បាន​ល្បួង​ឲ្យ​គិត​តាម​របៀប​នេះ ?

អ្នក​អាច​ពន្យល់​ថា​សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គំរូ​នៃ​ការគិតបែបឥតខ្ចោះនិយម ។ អ្នក​អាច​សរសេរ ភាពឥត​ខ្ចោះ​និយម នៅ​លើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការពិពណ៌នា​នៅ​ជុំវិញ​ពាក្យ​នេះ ។

សូម​ពិចារណា​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ។ លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការយល់​ដឹង​បន្ថែម​ដែល​ពួកគេ​អាច​បន្ថែម​ទៅ​លើ​ក្ដារខៀន ។

អែលឌើរ វើន ភី ស្តានហ្វីល ក្នុង​ពួកចិតសិប​នាក់ បាន​ពន្យល់​ ៖

អែលឌើរ វើន ភី ស្តានហ្វីល

ភាពឥតខ្ចោះ​និយម តម្រូវ​ឲ្យ​មាន​បទដ្ឋាន​ដែល​មិន​អាច​ធ្វើ​ទៅ​បាន ដែល​ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចាប់ ព្រោះ​ប្រៀបធៀប​ខ្លួនយើង​ទៅ​នឹង​អ្នក​ដទៃ ។ វា​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ថា​ខុស និង​ថប់​បារម្ភ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ចង់​ដក​ខ្លួន​ចេញ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ ។ ( វើន ភី ស្តានហ្វីល « ការប្រមូល​ផល​ដែល​មិន​ល្អ​ឥតខ្ចោះ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ១១៣ )

ដើម្បី​ជួយ​សិស្ស​វាយ​តម្លៃ​អំពី​របៀប​ដែល​ពួកគេ​មើល​ឃើញ​ភាព​ឥត​ខ្ចោះ​និយម​ក្នុង​ជីវិត​របស់​ពួកគេ និង​របៀប​យក​ឈ្នះ​វា នោះ​អ្នក​អាច​បង្ហាញ​សំណួរ​ដូច​ខាង​ក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ចម្លើយ​របស់​ពួកគេ ។

សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​រង​នូវ​គំនិត​បែប​ឥត​ខ្ចោះ​និយម ។ អ្នក​អាច​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​មួយ​ចំនួន​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​ស្តង់ដា​មិន​សមហេតុ​សមផល​អ្វី​ដែល​អ្នក​អាច​កំណត់​សម្រាប់​ខ្លួនឯង ?

  • តើ​អ្នក​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នក​ដទៃ​យ៉ាង​ទុទ្ទិដ្ឋិនិយម​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​បែរ​ទៅ​ព្រះអម្ចាស់​ដើម្បី​ដោះស្រាយ​ការគិត​បែប​នេះ​យ៉ាង​ដូចម្ដេច ?

សូម​លើក​ទឹក​ចិត្ដ​សិស្ស​ឲ្យ​ស្វែងរក​វិវរណៈ​មកពី​ព្រះវរបិតា​សួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ពេល​ពួកគេ​សិក្សា​អំពី​របៀប​ដែល​ពួកគេ​អាច​បែរ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ដើម្បី​យក​ឈ្នះ​លើ​ការគិត​បែប​ឥត​ខ្ចោះ​និយម ។

បាន​ល្អឥតខ្ចោះ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ

អែលឌើរ វើន ភី ស្ដានហ្វីល បាន​ចែកចាយ​នូវ​អ្វី​ដែល​យើង​អាច​ផ្តោត​ទៅ​លើ​ដើម្បី​យក​ឈ្នះ​លើ​ការគិត​បែប​ឥតខ្ចោះ​និយម ៖

11:2
អែលឌើរ វើន ភី ស្តានហ្វីល

សូម​ចាំ​ថា ភាពឥតខ្ចោះ​និយម​នោះ គឺ​មិន​ដូច​គ្នា​នឹង​ភាពល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ​នោះ​ទេ ។…

ការក្លាយ​ជា​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ … វា​គឺ​ជា​ដំណើរការ—ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ក្តីស្រឡាញ់—ឲ្យប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ ។ បទដ្ឋាន​ទាំងនេះ​ត្រូវ​បាន​កំណត់​ដោយ​ព្រះវរបិតាសួគ៌​ដែល​មាន​ព្រះទ័យ​សប្បុរស និង​ត្រាស់​ដឹង​គ្រប់​ការណ៍​ទាំងអស់ ហើយ​បាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​សេចក្ដី​សញ្ញា ដែល​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឱប​ក្រសោប ។ វា​សម្រាល​យើង​ពី​បន្ទុក​នៃ​អារម្មណ៍​​ខុសឆ្គង និង​ភាពមិន​ល្អ​គ្រប់គ្រាន់ វា​តែងតែ​គូសបញ្ជាក់​ថា យើង​ជា​នរណា​នៅ​ក្នុង​ព្រះនេត្រ​ព្រះ ។ ( វើន ភី ស្តានហ្វីល « ការប្រមូល​ផល​ដែល​មិន​ល្អ​ឥតខ្ចោះ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ១១៣ )

  • តើ​អ្នក​ស្វែងរក​អត្ថន័យ​អ្វីខ្លះ​ដែល​មាន​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ ?

ប្រសិន​បើ​សិស្ស​មិន​ចែកចាយ​ទេ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សង្ខេប​អំពី​អត្ថន័យ​នៃ​ការក្លាយ​ជា​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ។ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ចូរ​សរសេរ​គោលការណ៍​មួយ​ដូចខាង​ក្រោម​នៅ​លើ​ក្តាខៀន ៖ ការក្លាយ​ជា​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ​គឺ​ជា​ដំណើរការ—ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ក្តីស្រឡាញ់—ឲ្យប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិចារណា​អំពី​ការ​សរសេរ ការក្លាយ​ជា​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ នៅលើ​ក្ដារខៀន​ក្បែរ ភាព​ឥត​ខ្ចោះ​និយម ។

ខណៈពេល​យាង​ទៅជួប​ប្រជាជន​អាមេរិក​ពី​បុរាណ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជាក់​សារជា​ថ្មី​ថា ការក្លាយ​ជា​ល្អ​ឥត​ខ្ចោះ​គឺ​ជា​អ្វី​ដែល​ទ្រង់ និង​ព្រះវរបិតា​របស់​ទ្រង់​ប្រាថ្នា​ចង់​បាន​សម្រាប់​យើង​ទាំង​អស់​គ្នា ។ សូម​អាន នីហ្វៃទី​៣ ១២:៤៨ ( សូមមើល​ផងដែរ ម៉ាថាយ ៥:៤៨ ) ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល ។

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ពុះពារ​នឹង​គំនិត​នៃ​ភាព​ឥត​ខ្ចោះ​និយម​​ពេល​ពួកគេ​អាន​ខគម្ពីរ​នេះ ។

  • តើ​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ ស្ដានហ្វីល អាច​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ កំពុង បង្រៀន​នៅ​ក្នុង​ខគម្ពីរ​នេះ​យ៉ាង​ដូច​ម្ដេច ?

  • តើ​ការណ៍​នេះ​អាច​ជួយ​យើង​ឲ្យ​បែរ​ទៅ​រក​ព្រះអម្ចាស់​នៅ​ពេល​យើង​តស៊ូ​ជាមួយ​នឹង​ការគិត​បែប​ឥតខ្ចោះ​និយម​យ៉ាង​ដូចម្ដេច ?

ការប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ

រូបតំណាង​សំណៅ​ចែកដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​គោលការណ៍​នេះ សូម​ពិចារណា​ចែកចាយ​នូវ​សំណៅ​ចែក « ការក្លាយ​ជា​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ » ។

សិស្ស​អាច​សិក្សា​អំពី​សេចក្ដី​យោង​បទគម្ពីរ និង​សេចក្ដី​ថ្លែង​ការណ៍​ជា​ក្រុម​តូចៗ ដោយ​បុគ្គល​ម្នាក់ៗ​យក​សេចក្ដី​ថ្លែងការណ៍ និង​សេចក្ដី​យោង​បទគម្ពីរ​មួយ ឬ​ពីរ ។ ឬ​អ្នក​អាច​ផ្ដល់​សេចក្ដី​ថ្លែង​ការណ៍​ និង​សេចក្ដី​យោង​បទគម្ពីរមួយ​ទៅដល់​ក្រុម​នីមួយៗ​ដើម្បី​សិក្សា ។

ការក្លាយ​ជា​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អាន​បទគម្ពីរ​យោង​ខាង​ក្រោម​នេះ ។ សូម​រកមើល​ឃ្លា​ដែល​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​ថា ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ភាពមិនល្អឥតខ្ចោះ​របស់​យើង ហើយ​ក្លាយ​ទៅ​ដូច​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ។ អ្នក​អាច​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​អ្នក​រក​ឃើញ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅ​ខាង​ក្រោយ​សំណៅ​ចែក​នេះ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ។ ស្វែងរក​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​យក​ឈ្នះ​លើ​ការគិត​បែប​ឥតខ្ចោះ​និយម ហើយ​ផ្តោត​លើ​ការក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​គូស​ចំណាំ​នៅលើ​ឃ្លា​ដែល​លេចធ្លោ​ចំពោះ​អ្នក ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ធ្វើ ហើយ​មិន​រំពឹង​ពី​យើង​ឡើយ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ព្រះ​មិន​ត្រូវការ​មនុស្ស​ដែល​ល្អ​ឥតខ្ចោះ​នោះទេ ។ ទ្រង់​ស្វែងរក​អស់​អ្នក​ដែល​នឹង​ផ្តល់ « ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » [ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៣៤ ] ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួកគេ « បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » [ មរ៉ូណៃ ១០:៣២–៣៣ ] ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Five Messages That All of God’s Children Need to Hear » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី​១៧ ឆ្នាំ​២០២១ ] ទំព័រ ៣ នៅលើ​គេហទំព័រ speeches.byu.edu )

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​យើង​ឃើញ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង ៖

ប្រធាន រ័សុល អិម ណិលសុន

សូម​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។ នៅពេល​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​លេច​ឡើង យើង​អាច​បន្ត​ព្យាយាម​កែ​តម្រូវ​វា​បាន ។ យើង​អាច​អភ័យ​ទោស​ចំពោះ​កំហុស​នៅ​ក្នុង​ខ្លួន​យើង និង​ក្នុង​ចំណោម​អស់អ្នក​ដែល​យើង​ស្រឡាញ់​បាន ។ ( រ័សុល អិម ណិលសុន « Perfection Pending » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ទំព័រ ៨៨ )

បន្ទាប់ពី​សិស្ស​បាន​សិក្សា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុម​របស់​ពួកគេ​អំពីអ្វី​ដែល​ពួកគេ​បានរៀន ។ ជួយ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​បទគម្ពីរ និង​សេចក្ដី​ថ្លែង​ការណ៍​ទាំង​នេះ​ទាក់ទង​នឹង​ពួកគេ ។

សូម​ពិភាក្សា​អំពី​ឃ្លា​ទាំងឡាយ​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង​បទគម្ពីរ ឬ​សេចក្ដី​ថ្លែង​ការណ៍​ទាំង​នេះ​ដែល ៖

  • បាន​ជួយ​អ្នក​ចំពោះ​អារម្មណ៍​ពី​អតីតកាល​នៃ​ការ​ធ្វើ​មិនដូច​ការរំពឹងទុក ។

  • អ្នក​មាន​សំណួរ ។

  • អ្នក​ចង់​យក​មក​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក ។

ការជំនួស​ភាព​ឥត​ខ្ចោះ​និយម​ដោយ​ការក្លាយ​ជា​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ

ជំនាញ​ខាង​ក្រោម​នេះ​អាច​ជួយ​យើង​ឲ្យ​កែ​តម្រូវ​ការគិត​បែប​ឥត​ខ្ចោះ​និយម ហើយផ្តោត​លើ​ការខិតខំ​ដើម្បី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

កំណត់ ៖ សូម​ប្រាកដ​ថា​ជំនាញ​ខាង​ក្រោម​នេះ​គឺ​ច្បាស់​សម្រាប់​សិស្ស ។ សូម​ពិចារណា​អំពី​ការសរសេរ​សំណួរ​នៅលើ​ក្ដារខៀន ។

នៅពេល​អ្នក​ស្គាល់​គំនិត​បែប​ឥត​ខ្ចោះ​និយម សូម​សួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​ព្រះអង្គ​សង្រ្គោះ​អាច​នឹងមាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​មើល​មក​ខ្លួនឯង​ដោយ​មាន​សេចក្ដី​អាណិត​អាសូរ និង​ការអត់ធ្មត់​ដោយ​របៀបណា ?

  • ជំនួស​ឲ្យ​ការព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដោយ​ខ្លួនឯង តើ​ខ្ញុំ​អាច​ទទួលស្គាល់ និង​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្រ្គោះ និង​ព្រះចេស្តា​របស់​ទ្រង់​ដើម្បី​ជួយ​ខ្ញុំ​ដោយ​របៀបណា ?

គំរូ ៖ សូម​ជ្រើស​រើស​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​បែប​ឥតខ្ចោះ​និយម​ទាំងឡាយ​ចេញ​ពី​ដើម​ដំបូង​នៃ​មេរៀន​នេះ​ដូចជា « ខ្ញុំ​មិន​ពូកែ​ខាង​នេះ​ដូច​នាង​ទេ ។ ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​ខំ​ព្យាយាម » ។ សូម​ការរក្សា​គំនិត​នេះ​នៅ​ក្នុង​ចិត្ត សួរ​សិស្ស​នូវ​សំណួរ​ទី​មួយ (« តើ​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​មើល​ខ្លួនឯង​ដោយ​សេចក្ដី​អាណិត​អាសូរ និង​អត់ធ្មត់​ដោយ​របៀបណា ? » ) ។ ដើម្បី​ស្តាប់​ចម្លើយ​មួយ​ចំនួន​ដែល​អាចមាន សូម​មើល​វីដេអូ​ដែល​នៅសល់ « Self-Compassion » ( ២:៥៨ ) ចាប់ពី​នាទីទី០:៥៤ ដល់ ២:៥៨ ។

2:58

សិស្ស​អាច​ចែកចាយ​ចម្លើយ​ខ្លះៗ​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​មិន​ខ្វល់​ព្រះទ័យ​អំពី​របៀប​ដែល​យើង​កំពុង​ធ្វើ​ដោយ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​ដទៃ​ឡើយ ។ យើង​អាច​មាន​ចិត្ត​អត់ធ្មត់​នឹង​ខ្លួនឯង ប្រសិន​បើ​យើង​មិន​រីក​ចម្រើន​បាន​លឿន​ដូចជា​អ្នក​ដទៃ ហើយ​ដឹង​ថា​អ្នក​ដទៃ​ក៏​មាន​ការលំបាក​ផ្ទាល់​ខ្លួន​របស់​គេ​ផងដែរ ។ យើង​អាច​ដឹង​ថា​ការរីក​ចម្រើន​ភាគ​ច្រើន​គឺ​កើតឡើង​ម្តង​បន្ដិចៗ ។ យើង​អាច​ស្វែងរក​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ ដើម្បី​ងាក​ទៅរក​ព្រះអម្ចាស់ និង​ដឹង​ថា​យើង​នឹង​រីកចម្រើន​ទៅតាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។

សូម​សួរ​សំណួរ​ទី​ពីរ​ខាង​លើ​នេះ ( « ជំនួស​ឲ្យ​ការព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដោយ​ខ្លួនឯង តើ​ខ្ញុំ​អាច​ស្គាល់ និង​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្តា​របស់​ទ្រង់​ដើម្បី​ជួយ​ខ្ញុំ​ដោយ​របៀបណា ? » ) ។ សិស្ស​អាច​នឹង​ចែកចាយ​ថា នៅពេល​យើង​ប្រែចិត្ត ហើយ​បែរ​ទៅរក​ព្រះអង្គ​សង្គ្រោះ ទ្រង់​មាន​ព្រះចេស្តា​ដើម្បី​សម្អាត​យើង​ចេញពី​អំពើបាប ហើយ​ជួយ​យើង​ឲ្យ​ប្រសើរ​ឡើង ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ផ្តោត​ទៅ​លើ​ទ្រង់​សម្រាប់​ជំនួយ​មិន​មែន​អ្នក​ដទៃ​ទេ​ ។ យើង​អាច​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​អធិស្ឋាន​សូម​ឲ្យ​ព្រះវរបិតា​សួគ៌​ប្រទាន​ពរ​ដល់​ការខិតខំ​របស់​យើង ។ យើង​ស្វែងរក​ភស្តុតាង​នៃ​ជំនួយ​របស់​ទ្រង់​ប្រកប​ដោយ​ការអធិស្ឋាន និង​វិធី​ដែល​យើង​កំពុង​កែលម្អ ។

អនុវត្ត ៖ សូម​អញ្ជើញ​សិស្ស​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ​ជាគូ ហើយ​ត្រូវ​ប្រាកដ​ថា​សិស្ស​ម្នាក់ៗ​ទទួល​បាន​ឱកាស​ដើម្បី​អនុវត្ត ។

ជ្រើសរើស​គំរូ​មួយ​នៅក្នុង​ចំណោម​គំនិត​បែប​ឥតខ្ចោះ​និយម​នៅ​ពេល​ចាប់​ផ្ដើម​មេរៀន​នេះ ។ ដោយ​មាន​គំនិត​នេះ​ក្នុង​ចិត្ត សូម​ឆ្លើយ​សំណួរ​ខាង​លើ ។

បន្ទាប់ពី​ទុក​ពេល​ឲ្យ​គ្រប់គ្រាន់​ហើយ នោះ​សូម​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ក្រុម​របស់​ពួកគេ ។ អ្នក​ខ្លះ​ប្រហែល​ជា​កត់​សម្គាល់​ឃើញ​ថា ការយាង​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចូល​ក្នុង​គំនិត​របស់​ពួកគេ​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការអត់ធ្មត់​របស់​ទ្រង់ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពីរបៀប​ដែល​ពួកគេ​អាច​ប្រើ​ជំនាញ​ទាំងនេះ​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​លើ​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​អាច​បាន​ទទួល​នៅ​ពេល​ពួកគេ​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។

អ្នក​អាច​បញ្ចប់​ថ្នាក់​រៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​មកពី​ការខិតខំ​ជា​បន្តបន្ទាប់​របស់​យើង​ដើម្បី​ក្លាយ​ទៅ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។