ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩០—ការស្ថាបនា​ទំនាក់ទំនង​វិជ្ជមាន ៖ ការបង្កើត​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ


« មេរៀន​ទី ១៩០—ការស្ថាបនា​ទំនាក់ទំនង​វិជ្ជមាន ៖ ការបង្កើត​ទំនាក់ទំនង​ដ៏រឹងមាំ​ជាមួយ​គ្រួសារ និង មិត្តភក្តិ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« ការស្ថាបនា​ទំនាក់ទំនង​វិជ្ជមាន » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៩០—សុខភាព​ខាងផ្លូវកាយ និង​ផ្លូវចិត្ត

ការស្ថាបនា​ទំនាក់ទំនង​វិជ្ជមាន

ការបង្កើត​ទំនាក់ទំនង​ដ៏រឹងមាំ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ

មិត្តភក្តិ​មួយ​ក្រុម

ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ស្រឡាញ់​ទ្រង់ និង​អស់អ្នក​ដែល​នៅ​ជុំវិញ​យើង ។ ពេល​យើង​អភិវឌ្ឍ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ នោះ​យើង​អាច​ទទួលបាន​ពរជ័យ​ដោយ​ការលួងលោម កម្លាំង និង​ការគាំទ្រ​ដែល​យើង​ត្រូវការ​ក្នុង​អំឡុងពេល​ទាំង​ស្ងប់ និង​ពេល​លំបាក​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ក្នុង​ការបង្កើត​ទំនាក់ទំនង​ដែល​រួម​ចំណែក​ដល់​សុខភាព និង​សុខុមាលភាព​ទាំង​មូល​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អ្វី​ដែល​សំខាន់​បំផុត ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រាយ​បញ្ជី​នៅ​លើ​ក្ដារខៀន​អំពី​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​សំខាន់​បំផុត​ក្នុង​ជីវិត ។

សូមបង្ហាញ​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​អំពីអ្វី​ដែល​សំខាន់​បំផុត ៖

2:3

Of Things That Matter Most

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ពេល​យើង​ងាក​ទៅរក​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ស្វែងរក​ប្រាជ្ញា​របស់​ទ្រង់​ទាក់ទង​នឹង​រឿង​ដែល​សំខាន់​បំផុត នោះ​យើង​រៀន​ម្តង​ហើយ​ម្តង​ទៀត​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​បួន​យ៉ាង​គឺ ៖ ជាមួយនឹង​ព្រះ​របស់​យើង ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​យើង ជាមួយ​នឹង​មិត្ត​រួម​ការងារ​របស់​យើង និង​ជាមួយនឹង​ខ្លួនឯង ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Of Things That Matter Most » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទំព័រ ២១ )

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មកពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ អុជដូហ្វ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គូស​រង្វង់​ឃ្លា​ដែល​ពួកគេ​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​ដែល​បង្ហាញ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ព្រះ និង​អ្នក​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​ចំណោម​រឿង​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ។ ប្រសិនបើ​ចាំបាច់​សូម​បន្ថែម « ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ព្រះ និង​អ្នកដទៃ » ទៅ​ក្នុង​បញ្ជី​នៅលើ​ក្តារខៀន ។

សូម​ពន្យល់​ថា​មេរៀន​នេះ​នឹង​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​អ្នក​ដទៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ទំនាក់ទំនង​បច្ចុប្បន្ន​របស់​ពួកគេ​មួយ​ចំនួន ហើយ​ថា​តើ​ទំនាក់ទំនង​ទាំងនេះ​នាំ​ពួកគេ​ឲ្យ​ខិត​ទៅ​ជិត​ព្រះ ហើយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​កម្លាំង និង​ផ្តល់​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ​ក្នុង​ជីវិត​របស់​ពួកគេ​ដែរឬ​អត់ ។ ពួកគេ​ក៏​អាច​ពិចារណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ចង់​ឲ្យ​ពួកគេ​ពង្រឹង​ទំនាក់ទំនង​ដែល​មាន​ស្រាប់ ឬ​អភិវឌ្ឍ​ទំនាក់ទំនង​ថ្មី ។

ទំនាក់ទំនង​របស់​យើង

រូបតំណាង​សំណៅ​ចែកសូម​ចែកចាយ​សំណៅ​ចែក​ដែល​មាន​ចំណង​ជើង​ថា « គំរូ​នៃ​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សាសនាចក្រ និង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា » ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ភស្តុតាង​នៃ​សេចក្ដី​ពិត​ដូច​ខាង​ក្រោម​នេះ ៖ វិធី​មួយ​ដែល​ព្រះ​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​យើង និង​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង គឺ​តាម​រយៈ​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយនឹង​អ្នក​ដទៃ ។ ( អ្នក​អាច​នឹងចង់​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ពិចារណា​អំពី​វិធី​ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រើ​សំណៅ​ចែក​នេះ ។ វិធី​មួយ​គឺ​ត្រូវ​រៀបចំ​ពួកគេ​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ហើយ​ចាត់​សមាជិក​ក្រុម​នីមួយៗ​ឲ្យ​សិក្សា​អំពី​គំរូ​មួយ​ក្នុង​ចំណោម​គំរូ​ទាំង​នោះ​នៅ​លើ​សំណៅ​ចែក ។ នៅពេល​សិស្ស​បញ្ចប់​ការសិក្សា​អំពី​គំរូ​របស់​ពួកគេ​ហើយ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ការចែកចាយ​ជាមួយ​ក្រុម​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​របៀប​ដែល​ព្រះ​អាច​ប្រទាន​ពរ​ដល់​យើង​តាមរយៈ​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​អ្នក​ដទៃ ។

គំរូ​នៃ​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សាសនាចក្រ និង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

គំរូ​ទី ១

បន្ទាប់​ពី​លោក​បាន​ទៅ​ភ្នំ​គូម៉ូរ៉ា​នៅ​ខែ​កញ្ញា ឆ្នាំ​១៨២៣ យ៉ូសែប ស្ម៊ីធ បាន​ចែកចាយ​ព័ត៌មាន​លម្អិត​អំពី​បទពិសោធន៍​របស់​លោក និង​ការយាង​មក​ជួប​របស់​ទេវតា​មរ៉ូណៃ​ជាមួយ​គ្រួសារ​របស់​លោក ។ យ៉ូសែប​បាន​បន្ត​ចែកចាយ​បទពិសោធន៍ និង​ទស្សនៈ​របស់​លោក​ជាមួយ​នឹង​អ្នក​ដែល​ជិតស្និទ្ធ​នឹង​គាត់​បំផុត ។ កាល​រំឭក​អំពី​ការមកជួប​ដ៏​ពិសិដ្ឋ​ទាំង​នេះ ម្តាយ​របស់​ព្យាការី លូស៊ី ម៉ាក ស្ម៊ីធ បាន​កត់ត្រា​ដូច​ខាង​ក្រោម​នេះ ៖

លូស៊ី ម៉ាក ស្ម៊ីធ

រៀងរាល់​ល្ងាច​យើង​បាន​ប្រមូល​កូនៗ​របស់​យើង​មក​ជួបជុំគ្នា ។ ខ្ញុំ​គិត​ថា យើង​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ដ៏​ចម្លែក​បំផុត​នៃ​គ្រួសារ​ណា​មួយ​ដែល​ធ្លាប់​រស់​នៅ​លើ​ផែនដី ទាំងអស់គ្នា​អង្គុយ​នៅ​ក្នុង​រង្វង់ មាន​ឪពុក ម្តាយ កូន​ប្រុស និង​កូន​ស្រី​ដែល​ស្តាប់​ចង់​ភ្លេច​ដក​ដង្ហើម​ចំពោះ​ការបង្រៀន​ខាង​សាសនា​របស់​ក្មេង​ប្រុស​ម្នាក់ ។ …

… ការជួបជុំគ្នា និង​សុភមង្គល​ដ៏​ផ្អែមល្ហែម​បំផុត​បាន​សាយភាយ​ពេញ​ផ្ទះ​របស់​យើង ។ គ្មាន​ការមិនចុះ​សម្រុង ឬ​រំខាន​ដល់​សន្តិភាព​របស់​យើង​ឡើយ ហើយ​ភាពស្ងប់​ស្ងាត់​បាន​មាន​នៅក្នុង​ចំណោម​ពួក​យើង​ទាំងអស់គ្នា ។ ( លូស៊ី ម៉ាក ស្ម៊ីធ នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ​២០០៧ ] ទំព័រ ៤៨៦ )

  • តើ​អ្វី​ដែល​លេចធ្លោ​ជាងគេ​ចំពោះ​អ្នក​អំពី​គ្រួសារ ស្ម៊ីធ ចេញ​មកពី​ដំណើររឿង​នេះ ?

  • តើ​សេចក្ដី​ស្រឡាញ់​ដែល​យ៉ូសែប​មាន​នៅ​ក្នុង​ផ្ទះ​បាន​ជួយ​លោក​ឲ្យ​បំពេញ​ការ​ហៅ​ដ៏​សំខាន់​របស់​លោក​ដោយ​របៀបណា ?

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​មកពី​គំរូ​នេះ​អំពី​របៀប​ដែល​ព្រះ​អាច​ប្រទាន​ពរ​ដល់​អ្នក ឬ​របៀប​ដែល​អ្នក​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​ពរ​តាម​រយៈ​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​នោះ ?

គំរូ​ទី ២

ខណៈ​ដែល​កំពុង​រស់​នៅ​ក្នុង​ទីក្រុងណៅវូ រដ្ឋ​អិលលីណោយ យ៉ូសែប ស្ម៊ីធ បាន​ជញ្ជឹងគិត​អំពី​អត្ថប្រយោជន៍​នៃ​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ទាំងឡាយ ៖

ព្យាការី យ៉ូសែប ស៊្មីធ

ខ្ញុំ​នឹង​ចាត់ទុក​វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ប្រសិន​បើ​ខ្ញុំ​ត្រូវ​រងទុក្ខ​នៅ​ក្នុង​ពិភព​លោក​នេះ​ដើម្បី​ឲ្យ​ខ្ញុំ​មាន​សំណាង​ដែល​ខ្ញុំ​អាច​ស្វែងរក​បងប្អូន និង​មិត្តភក្តិ​នៅ​ជុំវិញ​ខ្ញុំ ។ ( Teachings: Joseph Smith ទំព័រ ៤៦៦ )

  • តើ​គ្រួសារ និង​មិត្តភក្តិ​អាច​ជួយ​យើង​បាន​យ៉ាង​ដូចម្ដេច​នៅពេល​យើង​កំពុង​ជួប​ឧបសគ្គ​ដ៏​លំបាក ?

  • តើ​គ្រួសារ និង​មិត្តភក្តិ​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​យើង​តាម​វិធី​ណាទៀត ?

គំរូ​ទី ៣

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៨:៧ ដោយ​ស្វែងរក​ដំបូន្មាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ឡៃម៉ាន ស៊ើម៉ាន នៃ​ពួក​ចិត​សិប​នាក់ ។

  • ហេតុអ្វី​ពេល​ខ្លះ​វា​ពិបាក​ក្នុង​ការធ្វើ​តាម​ដំបូន្មាន​នេះ ?

  • តើ​នៅ​ពេល​ណា​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ពង្រឹង ឬ​លើក​ទឹក​ចិត្ត​ដោយ​ការប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​របៀប​ដែល​ព្រះ​អាច​ប្រទាន​ពរ​ដល់​យើង​តាមរយៈ​ទំនាក់ទំនង​របស់​យើង ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​តម្លៃ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយ​អ្នក​ដទៃ​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​ការស្ថាបនា និង​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​អាច​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ព្រះ​ព្រម​ទាំង​សុខភាព និង​សុខមាលភាព​ទាំង​មូល​របស់​យើង​ដោយ​របៀបណា ?

ការស្ថាបនា​ទំនាក់ទំនង

អ្នក​អាច​ចំណាយ​ពេល​ពិភាក្សា​អំពី​ជំនាញ​ក្នុង​ការស្ថាបនា​ទំនាក់ទំនង ។ សូម​ពិចារណា​ផ្ដល់​ចម្រៀក​ក្រដាស​ទទេ​មួយ​ទៅ​ឲ្យ​សិស្ស​គ្រប់គ្នា ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​យ៉ាង​ហោច​ណាស់​រឿង​មួយ​ដែល​អាច​ជួយ​នរណា​ម្នាក់​អភិវឌ្ឍ ឬ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ម្នាក់​ទៀត ។ ប្រមូល​ចម្រៀក​ក្រដាស និង​អាន​រឿង​នៅ​លើ​ក្រដាស​មួយចំនួន​ឲ្យ​ឮៗ​ទៅ​កាន់​សិស្ស​ក្នុង​ថ្នាក់ ។ បើចាំបាច់​សូម​ចែកចាយ​គំនិត​មួយ​ចំនួន ឬ​ទាំងអស់​​ខាងក្រោម​នេះ​ជាមួយ​សិស្ស ។

  • រកមើល​ចំណាប់​អារម្មណ៍​រួម ។

  • រៀន និង​ហៅ​ឈ្មោះ​មនុស្ស ។

  • ញញឹម ។

  • ស្តាប់​ដោយ​ប្រុងប្រយ័ត្ន​ខណៈ​ដែល​អ្នកដទៃ​និយាយ ។

  • លើកតម្កើង និង​កោតសរសើរ​មនុស្ស​ដោយ​ស្មោះ ។

  • ជៀសវាង​ការវិនិច្ឆ័យ ឬ​ការចាប់​កំហុស ។

  • បង្ហាញ​ចំណាប់​អារម្មណ៍​ចេញ​ពី​ចិត្ដ ។

  • អធិស្ឋាន​សម្រាប់​ពួកគេ​ចំៗ​ឈ្មោះ ។

  • ស្វែងរក​សប្បុរសធម៌ ។

  • មាន​ចិត្ត​អត់ធ្មត់ ។

  • រកមើល​ឱកាស​ដើម្បី​បម្រើ ។

សូម​ពិចារណា​ផ្តល់​ពេលវេលា​ដល់​សិស្ស​ក្នុង​ថ្នាក់​ដើម្បី​អនុវត្ត​ជំនាញ​ស្ថាបនា​ទំនាក់ទំនង​ទាំងនេះ ។ ឧទាហរណ៍​ខាង​ក្រោម​នេះ​អាច​ជួយ​បាន ប្រសិន​បើ​សិស្ស​មិន​សូវ​ស្គាល់​ឈ្មោះ​គ្នា​ទៅវិញ​ទៅមក​ទេ ។ ប្រសិន​បើ​សិស្ស​របស់​អ្នក​ស្គាល់​ឈ្មោះ​គ្នា​ទៅវិញ​ទៅមក​រួច​ហើយ សូម​ពិចារណា​ជ្រើស​រើស​ជំនាញ​ផ្សេង​គ្នា​ដើម្បី​អនុវត្ត ។

កំណត់ ៖ សូម​ពន្យល់ថា​ការប្រើ​ឈ្មោះ​មនុស្ស​គឺជា​ជំនាញ​ដ៏មាន​ប្រយោជន៍​មួយ​ក្នុង​ការស្ថាបនា​ទំនាក់ទំនង​ដែល​ល្អ ។ សូម​ពន្យល់​ថា​ព្រះអម្ចាស់​ហៅ​យើង​តាម​ឈ្មោះ​របស់​យើង ( សូមមើល លោកុប្បត្ដិ ៣៥:១០; លូកា ១៩:៥; អេណុស ១:៥; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។ សូម​ពិចារណា​សួរ​សិស្ស​ថា​តើ​វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា​នៅពេល​អ្នក​ដទៃ​ស្គាល់ និង​ហៅ​ពួកគេ​តាម​ឈ្មោះ ។

ពុម្ព​គំរូ ៖ សូម​ជូនដំណឹង​ដល់​សិស្ស​ថា​ពួកគេ​នឹង​ជួប​ការលំបាក​ក្នុង​ការរៀន​ពី​ឈ្មោះ​គ្នា​ទៅវិញ​ទៅមក និង​ការហៅ​គ្នា​តាមឈ្មោះ ។ សូម​ពន្យល់​ថា​វិធី​មួយ​ដើម្បី​ចងចាំ​ឈ្មោះ​មនុស្ស​គឺ​សរសេរ​ឈ្មោះ​ទាំង​នោះ ហើយ​ពិនិត្យ​មើល​ឈ្មោះ​ទាំង​នោះ​ឡើងវិញ ។ ពេល​អ្នក​រាប់​ឈ្មោះ​សមាជិក​ម្នាក់ៗ​ក្នុង​ថ្នាក់​រៀន​រួច​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឈ្មោះ​ណា​មួយ​ដែល​ពួកគេ​មិន​ទាន់​ស្គាល់ ។

វា​ក៏​អាច​មាន​ប្រយោជន៍​ក្នុង​ការសួរ​សិស្ស​នូវ​អ្វី​ដែល​រារាំង​ធ្វើ​ឲ្យ​មិន​ចងចាំ​ឈ្មោះ​របស់​មនុស្ស និង​របៀប​ដែល​ពួកគេ​អាច​យក​ឈ្នះលើ​ឧបសគ្គ​ទាំង​នេះ ។

អនុវត្ត ៖ សូម​ឲ្យ​ពេល​សិស្ស​ពីរ​បី​នាទី​ដើម្បី​ពិនិត្យ​មើល​ឈ្មោះ​ដែល​ពួកគេ​បាន​សរសេរ ។ បន្ទាប់​មក​អនុញ្ញាត​ឲ្យ​ពួកគេ​អនុវត្ត ។ អ្នក​អាច​ដាក់​ពួកគេ​ធ្វើការ​ជា​គូ ហើយ​មើល​ថា​តើ​ពួកគេ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​រាប់​ឈ្មោះ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ថ្នាក់​ដែរឬ​អត់ ។ សូម​សួរ​ថា​តើ​នរណា​អាច​រាប់​ឈ្មោះ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ថ្នាក់​ដោយ​ខ្លួន​ឯង ហើយ​ប្រសិន​បើ​មាន​អ្នក​អាច​ធ្វើ​បាន សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​វា ។ ប្រសិនបើ​សមរម្យអាច​បន្ថែម​ការល្បង​ប្រាជ្ញា​គឺ​​សូម​ឲ្យ​សិស្ស​ផ្លាស់​ប្ដូរ​កន្លែង​ដែល​ពួកគេ​អង្គុយ ហើយ​បន្ទាប់​មក​សាក​មើល​ថា​តើ​សិស្ស​នៅ​តែ​អាច​រាប់​ឈ្មោះ​មនុស្ស​គ្រប់​គ្នា​បាន​ដែរ​ឬ​ទេ ។

ប្រសិនបើ​មាន​ពេលវេលា​គ្រប់គ្រាន់ សូម​ជ្រើសរើស​ជំនាញ​បន្ថែម ។ ឧទាហរណ៍ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​អ្វី​ដែល​ពួកគេ​មាន​ដូច​គ្នា​នឹង​អ្នក​ដទៃ ។ ពួកគេ​អាច​ធ្វើការ​ជាមួយ​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់​ដែល​ជា​ធម្មតា​ពួកគេ​មិន​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​ទេ ហើយ​សួរ​សំណួរ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ស្វែងរក​ចំណាប់​អារម្មណ៍​រួម ។ ក្រោយ​មក​ពួកគេ​អាច​ផ្លាស់​ទៅ​សិស្ស​ម្នាក់​ទៀត​ដើម្បី​ធ្វើ​ការអនុវត្ត​នេះ​ឡើង​វិញ ។ ( ដើម្បី​ដាក់​ជំនាញ​ទាំងពីរ​បញ្ចូលគ្នា សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ហៅគ្នា​តាម​ឈ្មោះ​ក្នុង​ដំណើរការ ) ។

ការអនុវត្ត​ផ្ទាល់ខ្លួន

សូម​ពិចារណា​អំពី​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​សម្រាប់​សិស្ស​ម្នាក់ៗ ។ សូម​ថ្លែង​ជា​សាក្សី​ថា​ព្រះ​អាច​ប្រទានពរ និង​ពង្រឹង​ជីវិត​របស់​ពួកគេ​តាមរយៈ​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ដែល​ពួកគេ​ស្វែងរក​ដើម្បី​អភិវឌ្ឍ និង​ថែរក្សា ។ អ្នក​ក៏​អាច​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​ការទទួល​បាន​ពរជ័យ និង​ការពង្រឹង​ដោយ​ទំនាក់​ទំនង​ក្នុង​ជីវិត​របស់​អ្នកផ្ទាល់​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ធ្វើ​ដូច​ខាង​ក្រោម​នេះ ៖

សូម​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​នឹង​ជួយ​អ្នក​ពង្រឹង​ទំនាក់ទំនង​ដែល​មាន​ស្រាប់ ឬ​អភិវឌ្ឍ​ទំនាក់ទំនង​ថ្មី​មួយ ។ ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ សូម​ធ្វើ​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់អ្នក​កាន់តែ​ស៊ីជម្រៅ​ជាមួយ​បុគ្គល​នេះ ។ ដាក់​បញ្ចូល​របៀប​ដែល​អ្នក​នឹង​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​ជំនួយ​ក្នុង​ដំណើរការ​នេះ ។