ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨៨—ការស៊ូទ្រាំ​នឹង​ភាពសោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ៖ ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​យើងឲ្យ​យកឈ្នះ​លើ​បញ្ហា​ផ្លូវចិត្ត​នៃ​ជីវិត​បាន


« មេរៀន​ទី ១៨៨—ការស៊ូទ្រាំ​នឹង​ភាពសោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ៖ ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​យើងឲ្យ​យកឈ្នះ​លើ​បញ្ហា​ផ្លូវចិត្ត​នៃ​ជីវិត​បាន » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« ការស៊ូទ្រាំ​នឹង​ភាពសោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៨៨ ៖ សុខភាព​ខាង​រាងកាយ និង​សតិអារម្មណ៍

ការស៊ូទ្រាំ​នឹង​ភាពសោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត

ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​យើងឲ្យ​យកឈ្នះ​លើ​បញ្ហា​ផ្លូវចិត្ត​នៃ​ជីវិត​បាន

យុវវ័យ​អង្គុយ​ផ្អែក​នឹង​ជញ្ជាំង​ដោយ​ភាពសោកសៅ

ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា​នៅ​ក្នុង​ទ្រង់ យើង​អាច​បាន​សេចក្តី​អំណរ​ដ៏​ពោរ​ពេញ ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០១:៣៦ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រា​នៃ​ភាព​សោកសៅ និង​ការបាក់ទឹកចិត្ត​គឺ​ជា​ផ្នែក​ធម្មតា​មួយ​នៃ​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់​របស់​យើង ។ ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​អស់​សង្ឃឹម និង​ការធ្លាក់ទឹកចិត្ដ​ធ្ងន់ធ្ងរ​ខ្លាំង ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្ដល់​ធនធាន​ទាំងឡាយ​ដើម្បី​ជួយ​យើង​ឲ្យ​ឈាន​ទៅ​មុខ​ក្នុង​សេចក្ដី​ជំនឿ​ក្នុង​អំឡុង​ពេល​មាន​ការលំបាក​ខាង​សតិអារម្មណ៍ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ជំនួយ​ចំពោះ​អារម្មណ៍​នៃ​ភាព​សោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ដ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អារម្មណ៍​ប្រៀប​ដូចជា​រលក​សមុទ្រ

ចំណាំ ៖ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា អ្នក​មិន​ចាំបាច់​ជា​អ្នក​ជំនាញ​លើ​ប្រធាន​បទ​នេះ​ដើម្បី​បង្រៀន​មេរៀន​នេះ​ទេ ។ សូម​អធិស្ឋាន​ទូលសុំ​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ធ្វើតាម​ឯកសារ​ទាំងឡាយ​នេះ និង​ទុកចិត្ត​លើ​សិស្ស​របស់​អ្នក ។ ប្រសិន​បើ​សិស្ស​សួរ​សំណួរ​ដែល​អ្នក​មិន​ដឹង​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ណា ឬ​បើ​ពួកគេ​ចែកចាយ​នូវ​ការលំបាក​ផ្ទាល់​ខ្លួន​ដែល​ពួកគេ​ប្រឈមមុខ​នោះ សូម​អញ្ជើញ​ពួកគេ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ឪពុកម្ដាយ​របស់​ពួកគេ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត ។

ដើម្បី​ចាប់ផ្តើម សូម​បង្ហាញ​រូបភាព ឬ​វីដេអូ​អំពី​រលក​សមុទ្រ ។ ចែកចាយ ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម ។

ជើង​នៅក្នុង​ខ្សាច់/រលក

សូម​ស្រមៃថា​កំពុង​ឈរ​នៅ​លើ​ឆ្នេរ ហើយ​កំពុង​មើល​រលក​សមុទ្រ ។ រលក​គឺ​ដូច​ជា​អារម្មណ៍​របស់​យើង​អ៊ីចឹង ។ រលក​មួយ​ចំនួន​បាន​បក់​មកលើ​ជើង​របស់​អ្នក​ដោយ​ស្រទន់​នៅ​ពេល​ដែល​អ្នក​ឈរ ឬ​ដើរ​កាត់​ទឹក ។ នៅ​ពេល​ខ្លះ​ទៀត​អ្នក​ប្រហែល​ជា​នៅ​ក្នុង​ទឹក​ជ្រៅ​ជាងមុន ហើយ​រលក​អាច​បោក​មក​លើ​អ្នក​ខ្លាំង​ជាងមុន ឬ អាច​នឹង​ខ្លាំង​ជាង​អ្វី​ដែល​អ្នក​បាន​រំពឹង​ទុក រហូត​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទប់​ខ្លួន​បាន ។ ពេល​ខ្លះ​រលក​ធំៗ​អាច​បោក​មក​លើ​អ្នក​ដោយ​កម្រោល​យ៉ាង​ខ្លាំង បោក​មួយហើយ​មួយ​ទៀត ។ អ្នក​អាច​ពិបាក​នឹង​មាន​ជំហរ ហើយ​អាច​នឹង​ឈ្លក់​ទឹក ឬ​ពិបាក​ដក​ដង្ហើម ។

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ពិចារណា​អំពី​របៀប​ដែល​ការប្រៀប​ធៀប​នេះ​អាច​អនុវត្ត​ចំពោះ​បញ្ហា​ផ្លូវចិត្ត​ដូចជា​ភាពសោកសៅ ការបាក់​ទឹកចិត្ត និង​ការធ្លាក់​ទឹកចិត្ត ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​អំពី​ការយល់​ដឹង​របស់​ពួកគេ​អំពី​ប្រធានបទ​នេះ អ្នក​អាច​ផ្តល់​នូវ​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​ដូច​ខាង​ក្រោម​សម្រាប់​សិស្ស​ដើម្បី​គិត​ពិចារណា ។

សូម​ជញ្ជឹង​គិត​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពី​សេចក្តី​ថ្លែង​ការណ៍​ខាងក្រោម​នេះ ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​ថា តើ​សេចក្តី​ថ្លែងការណ៍​នីមួយៗ​អនុវត្ត​ចំពោះ​អ្នក​យ៉ាង​ដូចម្តេច ( ដោយ​ប្រើ​ចម្លើយ « បាទ ឬ​ចាស » « ភាគច្រើន » « តិចតួច » និង « មិន​មាន​សោះ » ) ។

  • ខ្ញុំ​ស្គាល់​ភាពខុសគ្នា​រវាង​ភាពសោកសៅ ការបាក់​ទឹកចិត្ត និង​ការធ្លាក់​ទឹកចិត្ត ។

  • ខ្ញុំ​ដឹងពី​សញ្ញា​នៃ​ការធ្លាក់​ទឹកចិត្ត ។

  • ខ្ញុំ​ដឹង​ពី​កន្លែង​ដើម្បី​ទទួល​បាន​ជំនួយ ប្រសិន​បើ​ខ្ញុំ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ។

  • ខ្ញុំ​ស្គាល់​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​នៅពេល​ខ្ញុំ​សោកសៅ ឬ​ធ្លាក់​ទឹក​ចិត្ដ ។

ភាពសោកសៅ និង ការធ្លាក់​ទឹកចិត្ត

ជួយ​សិស្ស​ឲ្យ​យល់​ថា​ភាព​សោកសៅ និង​ការបាក់ទឹកចិត្ត​គឺ​ពិបាក ប៉ុន្តែ​វា​ជា​ធាតុ​ចាំបាច់​នៅក្នុង​ការរីកចម្រើន​របស់​យើង ។ វា​គឺ​ដូច​ជា​រលក​តូចៗ ដែល​ជា​ប្រតិកម្ម​ធម្មតាៗ​ចំពោះ​ឧបសគ្គ​ទាំងឡាយ និង​ការខកចិត្ត​នៃ​ជីវិត ។ សូម​ពន្យល់​ថា​ការធ្លាក់ទឹកចិត្ដ​គឺ​លើសពី​ភាពសោកសៅ​ទៅទៀត ។ ការធ្លាក់​ទឹកចិត្ត​មាន​ឥទ្ធិពល​យ៉ាង​ខ្ជាប់ខ្ជួន និង​អវិជ្ជមាន​ទៅលើ​របៀប​ដែល​មនុស្ស​ម្នាក់​គិត មាន​អារម្មណ៍ និង​ធ្វើ​សកម្មភាព ( ដូចជា​រលក​ធំ​ៗ ) ។ រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​រួមមាន​ភាពសោកសៅ​ឥត​ឈប់ឈរ ការអស់​សង្ឃឹម ការមាន​អារម្មណ៍​ថា​គ្មាន​តម្លៃ កង្វះ​កម្លាំង​ពលំ ការបាត់បង់​ការចាប់​អារម្មណ៍​ចំពោះ​សកម្មភាព​ដែល​រីករាយ​ពីមុនៗ មាន​អារម្មណ៍​ថាជា​បន្ទុក​ដល់​មនុស្ស​ជុំវិញខ្លួន និង​ការគិត​អំពី​ការស្លាប់ និង​ការធ្វើ​អត្តឃាត​ខ្លួន​ឯង​ជាដើម ។ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ធ្លាក់​ទឹកចិត្ត ពួក​គេ​អាច​មាន​អារម្មណ៍​ថា​ត្រូវ​បាន​រារាំង​ក្នុង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការស្គាល់​ព្រះវិញ្ញាណ ។ ( សូមមើល « Understanding Sadness and Depression » នៅក្នុង Strength in the Lord: Emotional Resilience [ ឆ្នាំ​២០២១ ] ៧៥ ។ )

គិត​អំពី​ជីវិត​របស់​ខ្លួនឯង​ផ្ទាល់ សូម​ពិចារណា​ពី​ប្រភេទ​នៃ​រលក​ដែល​អាច​ពិពណ៌នា​អំពី​ស្ថានភាព​ផ្លូវ​ចិត្ត​បច្ចុប្បន្ន​របស់​អ្នក ។

នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​ស្វែង​រក​ការបំផុស​គំនិត​របស់​ព្រះ​វិញ្ញាណ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ជួយ​អ្នក និង​អស់​អ្នក​ដែល​អ្នក​ស្គាល់​ដែល​កំពុង​ដកពិសោធន៍​ភាព​សោកសៅ និង​ការ​ធ្លាក់​ទឹក​ចិត្ដ ។

អេសាយ ៦១:១–៣ ពិពណ៌នា​អំពី​វិធី​ជាច្រើន​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​បាន ។ សូម​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​ស្វែងរក​ឃ្លា​ដែល​អ្នក​គិត​ថា​អាច​អនុវត្ត​បាន​ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​សោកសៅ ឬ​ធ្លាក់​ទឹក​ចិត្ដ ។ ពាក្យ​ថា « ខ្ញុំ » នៅក្នុង​ខគម្ពីរ​ទាំង​នេះ​សំដៅ​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ព្រះ​មែស៊ី ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​ដែល​មាន​អត្ថន័យ​សម្រាប់​អ្នក ? តើ​អ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ​ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​កំពុង​ជួប​នឹង​ភាព​សោកសៅ ឬ​ការធ្លាក់​ទឹក​ចិត្ដ ?

សិស្ស​អាច​លើក​ឡើង​ពី​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជួយ លួងលោម និង​សម្រាលទុក្ខ​ដល់​អស់អ្នក​ដែល​ខូចចិត្ត អស់អ្នក​ដែលមាន​អារម្មណ៍​ថា​ជាប់​ឃុំឃាំង អស់អ្នក​ដែល​កាន់​ទុក្ខ និង​អស់អ្នក​ដែល​មាន​អារម្មណ៍​ចង់​ចុះចាញ់ ។

បន្ទាប់ពី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​រួចហើយ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ។ សេចក្តី​ថ្លែង​ការណ៍​របស់​គាត់​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ស្វែងរក​ភាពធូរស្រាល​បាន ។

ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ អតីត​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បានបង្រៀន​ ៖

2:3

កាត់​ពពកភ្លៀង​ផ្គរ​ថ្ងៃ សូម​គង់​នឹង​ខ្ញុំ !

ស៊ិស្ទើរ អាប៊ើតូ ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​បុត្រា​បុត្រី​របស់​ព្រះគ្រប់​រូប​ឲ្យ​ស៊ូទ្រាំ​នឹង​ជំងឺ​ខាង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​បាន ។

ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ

ដូច​ជា​ផ្នែក​នានា​នៃ​រូបកាយ​ដែរ ខួរ​ក្បាល​គឺ​ជា​ចំណែក​ដែល​រង​នូវ​ជំងឺ ការឈឺ​ចុកចាប់ និង​អតុល្យភាព​ផ្នែក​គីមី ។ ពេល​ចិត្ត​យើង​កំពុង​រងទុក្ខ វា​គឺជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ព្រះ ពី​មនុស្ស​ជុំវិញ​ខ្លួន​យើង ព្រមទាំង​ពី​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​សុខភាព​ផ្លូវ​ចិត្ត ។ …

… ការមានអារម្មណ៍​សោកសៅ ឬ​ការព្រួយបារម្ភ​ម្ដង​ម្កាល​គឺជា​រឿង​ធម្មតា​ទេ ។ ភាពសោកសៅ និង​ការភ័យខ្លាច​គឺជា​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស ។ ប៉ុន្តែ​បើ​យើង​មាន​ភាពសោកសៅ​ជា​ទៀង​ទាត់ ហើយ​បើ​ការឈឺចាប់​របស់​យើង​បង្អាក់​សមត្ថភាព​យើង ដើម្បី​មាន​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រមទាំង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​ប្រហែល​ជា​រងទុក្ខ​ដោយ​សារ​តែ​ការថប់បារម្ភ ការភ័យខ្លាច ឬ​បញ្ហា​ផ្លូវ​ចិត្ត​ណា​មួយ​ពុំ​ខាន​ឡើយ ។ ( រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទំព័រ ៥៧ )

  • តើ​យើង​អាច​រៀន​ពី​សេចក្ដីពិត​អ្វី​ខ្លះ​ចេញ​មកពី​សារលិខិត​របស់​ស៊ីស្ទើរ អាប៊ើតូ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សេចក្ដី​ពិត​ដែល​ថា នៅ​ពេល​ដែល​គំនិត​របស់​យើង​កំពុង​រង​ទុក្ខ យើង​គួរ​តែ​ស្វែង​រក​ជំនួយ​ពី​ព្រះ ពី​មនុស្ស​ជុំវិញ​ខ្លួន​យើង ព្រមទាំង​ពី​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​សុខភាព​ផ្លូវចិត្ត ។

ស្វែងរក​ជំនួយ​ពី​ព្រះ ពី​អ្នក​ដទៃ និង​អ្នក​ជំនាញ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​គោលការណ៍​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បត់​ក្រដាស​មួយ​ទៅ​ជា​បី​ផ្នែក ដើម្បី​បង្កើត​ជា​ខិតប័ណ្ណ​មួយ ។ នៅ​ក្នុង​ខិតប័ណ្ណ​នោះ ពួក​គេ​អាច​កត់​ត្រា​នូវ​អ្វី​ដែល​ពួកគេ​រៀន​អំពី​ការស្វែង​រក​ជំនួយ​សម្រាប់​ភាពសោកសៅ ឬ​ការធ្លាក់ទឹកចិត្ត ។ នេះ​អាច​មាន​ប្រយោជន៍​នៅពេល​ឥឡូវ​នេះ ឬ​នៅ​ពេល​អនាគត​សម្រាប់​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្រឡាញ់ ។ សិស្ស​អាច​ដាក់​ស្លាក​វគ្គ​ទាំងបី​នេះថា « ស្វែងរក​ជំនួយ​មកពី​ព្រះ » « ស្វែងរក​ជំនួយ​មកពី​អ្នកដទៃ » និង « ស្វែងរក​ជំនួយ​មកពី​អ្នកជំនាញ » ។ រូបតំណាង​សំណៅ​ចែក បន្ទាប់​មក​ផ្តល់​ជូន​សំណៅ​ចែក​ដែល​មាន​ចំណង​ជើង​ថា « ការស្វែងរក​ជំនួយ » ។ សិស្ស​អាច​ធ្វើ​ការដោយ​ខ្លួន​ឯង ឬ​នៅ​ក្នុង​ក្រុម​តូចៗ ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​នៅ​លើ​សំណៅ​ចែក​ដែល​មាន​នៅ​ក្នុង​ខិតប័ណ្ណ​របស់​ពួកគេ ។

ការស្វែងរក​ជំនួយ

ការស្វែងរក​ជំនួយ​មកពី​ព្រះ

ព្រះវរបិតាសួគ៌​បាន​សន្យា​ប្រទាន​ជំនួយ​ពី​ព្រះ​ដើម្បី​យើង​អាច​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ទាំង​អស់​របស់​ជីវិត​រមែងស្លាប់ ។ ទ្រង់​បាន​សន្យា​ថា​ជំនួយ​របស់​ទ្រង់​នឹង​មក​ដល់​តាម​របៀប​ជា​ច្រើន ។ បើ​យើង​មិន​ឃើញ​ជំនួយ​របស់​ទ្រង់​តាម​របៀប​ណា​មួយ​ទេ នោះ​វា​សំខាន់​ជានិច្ច​ថា យើងមិន​ត្រូវ​បោះបង់​ឡើយ ។ បន្ត​ការស្វែងរក ។ ទ្រង់​គង់​នៅ​ក្បែរ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ប្រទាន​ឲ្យ​អ្នក​នូវ​ទំនុកចិត្ត​ថា ទ្រង់​ទាំងទ្វេ​អាច​ជួយ​យើង​អំពី​ភាព​សោកសៅ និង​ការធ្លាក់ទឹកចិត្ដ​បាន ?

សូម​អាន យ៉ាកុប ២:៨; អាលម៉ា ២៦:២៧-២៨; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:៣៦; ១៣៦:២៩ ។ សូម​ស្វែងរក​វិធី​ដែល​យើង​អាច​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​នៅពេល​យើង​សោកសៅ ឬ​ធ្លាក់​ទឹក​ចិត្ដ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​ឲ្យ​ធ្វើ​អ្វីខ្លះ​នៅពេល​យើង​សោកសៅ ឬ​ធ្លាក់​ទឹក​ចិត្ដ ?

  • តើ​យើង​អាច​ស្វែងរក​ជំនួយ​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀបណា ?

សូម​ចែកចាយ​បទពិសោធន៍​មួយ​ដែល​អ្នក​បាន​ស្វែងរក​ជំនួយ​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិន​បើ​រឿង​នោះ​មិនមាន​ជា​រឿង​ផ្ទាល់​ខ្លួន​ពេកទេ ។


ការស្វែងរក​ជំនួយ​មកពី​អ្នកដទៃ

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ ៖

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

ព្រះ​ទ្រង់​ពិត​ជា​សង្កេត​មើល​យើង ហើយ​ទ្រង់​ឃុំគ្រង​យើង ។ ប៉ុន្ដែ​ជាធម្មតា​ទ្រង់​បំពេញ​តម្រូវការ​យើង​តាមរយៈ​មនុស្ស​ផ្សេងទៀត ដែល​គាត់​បំពេញ​សេចក្តី​ត្រូវការ​របស់​យើង ។ ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ​២០០៦ ] ទំព័រ ៨២ )

នៅពេល​យើង​មាន​អារម្មណ៍​សោកសៅ ឬ​ធ្លាក់ទឹកចិត្ដ នោះ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ត្រូវ​ល្បួង​ឲ្យ​ដក​ខ្លួន​ចេញ ឬ​ញែក​ខ្លួនឯង​ចេញ​ពី​អ្នក​ដទៃ ។ ការធ្វើ​បែប​នេះ​អាច​ដាក់​កម្រិត​ដល់​សមត្ថភាព​របស់​យើង​ដើម្បី​មើល​ឃើញ​ជំនួយ​មកពី​ព្រះវរបិតា​សួគ៌​កំពុង​បញ្ជូន​ឲ្យ​យើង ។ ការ​ជួយ​ដល់​អ្នក​ដទៃ​អាច​រួម​មាន​ការ​និយាយ​ជាមួយ​ឪពុក​ម្ដាយ សមាជិក​គ្រួសារ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ចូរ​រាយ ពីរ ឬ បី ចំណុច​ដែល​មនុស្ស​ម្នាក់​កំពុង​ជួប​ការលំបាក​អាច​ធ្វើ ដើម្បី​ជួយ​ដល់​អ្នកដទៃ ឬ​ឲ្យ​អ្នកដទៃ​ជួយ​ដល់​ពួកគេ ។

ប្រសិន​បើ​មិន​មែន​ជារឿង​ផ្ទាល់​ខ្លួន​ពេក សូម​ចែកចាយ​ពី​ពេល​មួយ​ដែល​សមាជិក​គ្រួសារ ឬ​មិត្ត​ភក្តិ​បាន​ជួយ​អ្នក​ក្នុង​អំឡុង​ពេល​មាន​ភាព​សោកសៅ ឬ​ការធ្លាក់ទឹកចិត្ដ ។


ការស្វែងរក​ជំនួយ​មកពី​អ្នកជំនាញ

ប្រភព​ជំនួយ​ដ៏​សំខាន់​មួយ​ដែល​យើង​អាច​ស្វែងរក គឺ​ប្រាជ្ញា​របស់អ្នក​ផ្តល់​សេវាវេជ្ជសាស្រ្ត និង​សុខភាព​ផ្លូវចិត្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ។ សូម​គិត​អំពី​ការប្រៀប​ធៀប​ពី​មុន​នេះ​នៃ​ភាព​សោកសៅ និង​ការធ្លាក់​ទឹកចិត្ត​ទៅនឹង​រលក​សមុទ្រ ។ នៅពេល​យើង​សោកសៅ ( ប្រឈមមុខ​នឹង​​រលក​តូចៗ ) យើង​គួរ​ធ្វើ​តាម​ការណែនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​ពេល​ណា​ត្រូវ​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ​វិជ្ជាជីវៈ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​យើង​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត ឬ​ចង់​ធ្វើ​អត្តឃាត ( ប្រឈម​មុខ​នឹង​រលក​ធំៗ ) ការស្វែង​រក​ជំនួយ​មកពី​អ្នកជំនាញ​គឺ​សំខាន់​ខ្លាំងណាស់ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់ពីរនាក់ ដោយ​ស្វែង​រក​អ្វី​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​ដើម្បី​ជួយ​យើង​នៅ​ពេល​យើង​មាន​បញ្ហា ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

សូម​រក​ដំបូន្មាន​ពី​បុគ្គល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ដែល​ទទួល​ការបណ្ដុះបណ្ដាល​ដែល​មាន​ការទទួល​ស្គាល់ មាន​ ជំនាញ វិជ្ជាជីវៈ ហើយ​ស្មោះត្រង់ ។ ចូរ​ស្មោះត្រង់​នឹង​ពួកគេ​ពី​ដំណើរ​រឿង​និង​បញ្ហា​របស់​អ្នក ។ សូម​គិត​បិចារណា​ប្រកប​ដោយ​ការអធិស្ឋាន និង​ដោយ​បុ្រងប្រយ័ត្ន​ពី​ដំបូន្មាន និង​ដំណោះ​ស្រាយ​ដែល​គេ​បាន​ផ្ដល់​ឲ្យ ។ បើ​អ្នក​មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន ព្រះ​រំពឹង​ឲ្យ​អ្នក​ស្វែងរក​ពរជ័យ​នៃ​បព្វជិតភាព ហើយ ទទួល​យក​ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​មាន ។ ដូចគ្នា​នឹង​ជំងឺ​ផ្លូវចិត្ត​ដែរ ។ ព្រះវរបិតា​យើង​រំពឹង​ឲ្យ​យើង​ប្រើ រាល់ អំណោយទាន​ដ៏អស្ចារ្យ​ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ក្នុង​គ្រា​កាន់កាប់​ដ៏រុងរឿង​នេះ ។ ( ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ ៤១ )

នៅ​លើ​ខិតប័ណ្ណ​របស់​អ្នក សូម​សរសេរ​ផ្នែក​មួយ​នៃ​សេចក្តី​ថ្លែង​ការណ៍​របស់​អែលឌើរ ហូឡិន ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។

  • តើ​អ្នក​គិតថា ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​នរណា​ម្នាក់​ក្នុង​ការស្វែងរក​ជំនួយ​ដែល​មាន​វិជ្ជាជីវៈ​សម្រាប់​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ ?

ជួយ​សិស្ស​ឲ្យ​ស្វែងរក​កន្លែង​ដែល​ពួកគេ​នឹង​បែរ​ទៅ​ស្វែងរក​ជំនួយ​ដែល​មាន​វិជ្ជាជីវៈ ។ យោបល់​ទាំង​នេះ​អាច​ធ្វើ​ដោយ​សាមញ្ញ​ដូច​ជា ការនិយាយ​ទៅ​កាន់​អ្នកប្រឹក្សា​សាលា ឪពុក​ឬ​ម្ដាយ ឬ​អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​ជួយ​ពួកគេ​ស្វែងរក​អ្នកជំនាញ​វិជ្ជាជីវៈ​សមស្រប​ម្នាក់ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ខ្សែទូរសព្ទ​ជំនួយ​បង្ការ​ការធ្វើ​អត្តឃាត ឬ​គេហទំព័រ​សម្រាប់​តំបន់​របស់​អ្នក ( សូម​មើល​នៅលើ​គេហទំព័រ suicide.ChurchofJesusChrist.org សម្រាប់​ខ្សែទូរសព្ទ​ជំនួយ និង​ធនធាន​ទាំងឡាយ ) ។ ពួក​គេ​អាច​សរសេរ​ធនធាន​ទាំង​នេះ​នៅ​ក្នុង​ខិតប័ណ្ណ​របស់​ពួកគេ ។ សិស្ស​អាច​ដាក់​ចំណាំ គេហទំព័រ​ការការពារ​ការធ្វើ​អត្តឃាត​ពី​គេហទំព័រ​របស់​សាសនាចក្រ​នៅលើ​ឧបករណ៍​អេឡិចត្រូនិច​បាន ។

ធនធាន​ទាំងឡាយ​សម្រាប់​ការនិយាយ​អំពី​ការធ្វើ​អត្តឃាត​អាច​រក​ឃើញ​នៅក្នុង​គេហទំព័រ suicide.ChurchofJesusChrist.org និង​នៅក្នុង « សកម្មភាព​រៀនសូត្រ​បន្ថែម​ទៀត » ក្នុង​មេរៀន​នេះ ។

អ្នក​ខ្លះ​ដែល​កំពុង​ពុះពារ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​អាច​មាន​អារម្មណ៍​ថា​ពួកគេ​បង្កើត​បន្ទុក​ច្រើន​ពេក​ដល់​អ្នក​ដទៃ និង​សូម្បី​តែ​ចំពោះ​ព្រះអម្ចាស់ ។ សូម​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពី​សេចក្ដី​ស្រឡាញ់ ការអត់ធ្មត់​និង​ព្រះចេស្តា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​ថា​ទ្រង់​មាន​បំណង​ចង់​ជួយ​យើង​រែក​បន្ទុក​របស់​យើង ។ អ្នក​អាច​រំឭក​សិស្ស​ដោយ​ក្ដី​ស្រឡាញ់​ថា វា​តែង​តែ​មាន​សេចក្ដី​សង្ឃឹម​ជានិច្ច​សម្រាប់​នរណា​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់ទឹកចិត្ដ ឬ​គំនិត​នៃ​ការធ្វើ​អត្តឃាត ។

សូម​ពិនិត្យ​មើល​អ្វី​ដែល​អ្នក​បាន​រៀន

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​មូលហេតុ​ដែល​ការស្វែងរក​ជំនួយ​មកពី​ព្រះ អ្នក​ដទៃ និង​អ្នក​ជំនាញ​គឺ​សុទ្ធ​តែ​ជា​រឿងសំខាន់​ទាំងអស់​នៅ​ពេល​យើង​កំពុង​ដោះស្រាយ​នឹង​ភាព​សោកសៅ និង​ការ​ធ្លាក់​ទឹក​ចិត្ដ ។ សិស្ស​មួយ​ចំនួន​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ ប្រសិន​បើ​វា​មិន​មែន​ជា​រឿង​ផ្ទាល់​ខ្លួន​ពេក​ទេ​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការណែនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​ពួកគេ​បំពេញ​កិច្ចការ​ដូចតទៅ​នេះ ។

សូម​សរសេរ​ដូច​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅ​លើ​ខិតប័ណ្ណ​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​សោកសៅ ឬ​ធ្លាក់ទឹកចិត្ត ( នេះ​អាច​រួម​មាន​ទាំង​បទគម្ពីរ​ដែល​អ្នក​អាន ឬ​តន្ត្រី​ពិសិដ្ឋ​ដែល​នាំ​ឲ្យ​អ្នក​មាន​សេចក្ដី​សង្ឃឹម​ផង​ដែរ )

  • អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ជួប​ជាមួយ​អ្នក​ដទៃ​នៅពេល​អ្នក​មាន​អារម្មណ៍​សោកសៅ ឬ​ធ្លាក់​ទឹក​ចិត្ដ

  • អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​សោកសៅ ឬ​ធ្លាក់​ទឹក​ចិត្ដ

  • អ្វី​ដែល​អ្នក​អាច​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ដែល​កំពុង​ជួប​ការលំបាក ហើយ​ឆ្ងល់​ថា​តើ​គាត់​គួរតែ​ស្វែង​រក​អ្នកទីប្រឹក្សា​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ដែរឬ​ទេ

សូម​ពិចារណា​រំឭក​សិស្ស​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច « ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក [ របស់​យើង ] » ( វិវរណៈ ២១:៤ ) និង « នឹង​ឱប​ក្រសោប [ យើង ] ក្នុង​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់ [ របស់​ទ្រង់ ] » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:២០ ) ។