« ៣៥. ការថែទាំ និងការប្រើប្រាស់សាលាប្រជុំ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៣៥. ការថែទាំ និងការប្រើប្រាស់សាលាប្រជុំ » ក្បួនខ្នាតទូទៅ ។
៣៥.
ការថែទាំ និងការប្រើប្រាស់សាលាប្រជុំ
៣៥.១
គោលបំណង
សាសនាចក្រផ្ដល់សាលាប្រជុំទាំងឡាយ ដើម្បីឲ្យមនុស្សទាំងអស់ដែលចូលមកអាច ៖
-
ចុះ និងរំឭកសេចក្ដីសញ្ញាតាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥; ៥៩:៩–១២ ) ។
-
ជួបជុំគ្នា ( សូមមើល នីហ្វៃទី៣ ១៨:២២–២៣ ) ។
-
ថ្វាយបង្គំ និងអធិស្ឋានជាមួយគ្នា ( សូមមើល ម៉ូសាយ ១៨:២៥; មរ៉ូណៃ ៦:៩ ) ។
-
បង្រៀន និងផ្ដល់ការងារបម្រើដល់គ្នាទៅវិញទៅមក ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។
-
ចូលរួមនៅក្នុងការប្រើប្រាស់ដែលបានអនុម័តដទៃទៀត ដូចបានពិពណ៌នានៅក្នុងជំពូកនេះ ។
សាលាប្រជុំអាចមានទម្រង់ផ្សេងៗគ្នា អាស្រ័យលើកាលៈទេសៈ និងតម្រូវការក្នុងមូលដ្ឋាន ។ វាអាចជាកន្លែងដែលសាងសង់ដោយសាសនាចក្រ ឬកន្លែងដែលបានជាវដោយសាសនាចក្រ ផ្ទះរបស់សមាជិក សាលារៀនក្នុងមូលដ្ឋាន ឬមជ្ឈមណ្ឌលក្នុងសហគមន៍ កន្លែងជួល ឬជម្រើសដែលបានអនុម័តផ្សេងទៀត ។
៣៥.២
តួនាទី និងការទទួលខុសត្រូវ
៣៥.២.១
នាយកដ្ឋានអគារសាលាប្រជុំ
នាយកដ្ឋានអគារសាលាប្រជុំនៅឯទីស្នាក់ការកណ្ដាលរបស់សាសនាចក្របង្កើតគោលការណ៍ និងគោលការណ៍ណែនាំទាំងឡាយសម្រាប់ការផ្ដល់ និងការថែទាំទីកន្លែងថ្វាយបង្គំ ។ នាយកដ្ឋាននេះដំណើរការនៅក្រោមការដឹកនាំរបស់គណៈប៊ីស្សពជាអធិបតី ។
បុគ្គលិកអគារសាលាប្រជុំមានទំនួលខុសត្រូវក្នុងការផ្ដល់ និងថែទាំសាលាប្រជុំ និងអគារសាសនាចក្រផ្សេងៗទៀត ។ ការណ៍នេះត្រូវបានធ្វើឡើងនៅក្រោមការដឹកនាំរបស់គណៈប្រធានតំបន់ និងនាយកប្រចាំតំបន់សម្រាប់កិច្ចការខាងអាណាចក្រ ។
៣៥.២.២
អ្នកគ្រប់គ្រងអគារសាសនាចក្រ
អ្នកគ្រប់គ្រងអគារដែលជាបុគ្គលិករបស់សាសនាចក្រ ជួយស្តេកនីមួយៗឲ្យដំណើរការសាលាប្រជុំ ។ គាត់រៀបចំការជួសជុលធំៗ ការសម្អាតពិសេស និងការថែទាំអគារជាប្រចាំ ។
តាមដែលត្រូវការ អ្នកគ្រប់គ្រងអគារជួយបង្រៀនដល់អ្នកតំណាងអគាររបស់ស្តេក និងវួដ អំពីរបៀបសម្អាតអគារ និងធ្វើការងារខាងក្នុងផ្សេងៗទៀត ។ គាត់ផ្ដល់ការណែនាំ សម្ភារ និងឧបករណ៍ ។
អ្នកគ្រប់គ្រងអគារធ្វើការជាមួយអ្នកតំណាងអគារប្រចាំស្តេក ដើម្បីចាត់ចែងសេវាទាំងនេះ និងការថែទាំអគារជាទូទៅ ។ គាត់ក៏អាចពិនិត្យមើលការចំណាយលើអគារជាមួយនឹងប៊ីស្សពផងដែរ ។
៣៥.២.៣
ពួកចិតសិបនាក់ប្រចាំតំបន់
ពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រធានស្តេកនៅក្នុងដំណើរការដាក់ផែនការមេ ( សូមមើល ៣៥.៣ ) ។
៣៥.២.៤
គណៈប្រធានស្តេក
គណៈប្រធានស្តេកណែនាំប៊ីស្សពនៅក្នុងការប្រើប្រាស់ ការមើលថែ និងសន្តិសុខដល់សាលាប្រជុំ ។ ពួកគាត់ចាត់ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យធ្វើជាអ្នកតំណាងអគារប្រចាំស្ដេក ( សូមមើល ៣៥.២.៥ ) ។ ពួកគាត់ប្រឹក្សាជាមួយនឹងគាត់ ដើម្បីពិនិត្យមើលពីសេចក្តីត្រូវការ និងគម្រោងនានា ។
ប្រសិនបើសមាជិកត្រូវការកន្លែងបន្ថែមទៀតសម្រាប់ការថ្វាយបង្គំ នោះគណៈប្រធានស្ដេកផ្ដល់ព័ត៌មានទៅកាន់ពួកចិតសិបនាក់ប្រចាំតំបន់ ។ ការណ៍នេះធ្វើឡើងតាមរយៈដំណើរការដាក់ផែនការមេ ( សូមមើល ៣៥.៣ ) ។
៣៥.២.៥
អ្នកតំណាងអគារប្រចាំស្តេក
អ្នកតំណាងអគារប្រចាំស្តេកជួយគណៈប្រធានស្តេកនៅក្នុងការប្រើប្រាស់ ការមើលថែ និងសន្តិសុខដល់សាលាប្រជុំដោយ ៖
-
បង្រៀនដល់អ្នកតំណាងអគារប្រចាំវួដអំពីភារកិច្ចរបស់ពួកគេ ( សូមមើល ៣៥.២.៩ ) ។
-
ប្រគល់កូនសោទៅថ្នាក់ដឹកនាំអង្គភាព ។
-
ទាក់ទងជាមួយនឹងអ្នកគ្រប់គ្រងអគារសាសនាចក្រអំពីការថែទាំ និងតម្រូវការផ្នែកប្រតិបត្តិការរបស់អគារ ។
៣៥.២.៦
អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំស្តេក និងវួដ
អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំស្តេក និងវួដ ជួយរៀបចំ និងថែទាំផ្នែកបច្ចេកវិទ្យានៅក្នុងអគារ ។ នៅពេលឧបករណ៍ថ្មីត្រូវការរៀបដំឡើង ពួកគេប្រាស្រ័យទាក់ទងនឹងអ្នកគ្រប់គ្រងអគារ ។ សម្រាប់ព័ត៌មានបន្ថែមអំពីការហៅបម្រើទាំងនេះ សូមមើល ៣៣.១០ ( សូមមើលផងដែរនៅលើគេហទំព័រ mhtech.ChurchofJesusChrist.org ) ។
៣៥.២.៧
គណៈប៊ីស្សព
គណៈប៊ីស្សព ( ឬអ្នកតំណាងអគារប្រចាំវួដ ) បង្រៀនសមាជិកពីរបៀបប្រើប្រាស់ មើលថែ និងរក្សាសន្តិសុខដល់សាលាប្រជុំ ។ គណៈប៊ីស្សពក៏ប្រគល់កូនសោដល់ថ្នាក់ដឹកនាំវួដផងដែរ ។
ពួកគាត់ធ្វើឲ្យប្រាកដថា សកម្មភាពនៅក្នុងអគារ និងនៅលើបរិវេណអគារត្រូវបានធ្វើឡើងដោយសុវត្ថិភាព ( សូមមើល ២០.៧ ) ។
ពួកគាត់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកគ្រប់គ្រងអគារសាសនាចក្រអំពីការថែទាំ និងតម្រូវការផ្នែកប្រតិបត្តិការរបស់អគារ ។ ពួកគាត់ក៏អាចនឹងពិនិត្យមើលការចំណាយដែលទាក់ទងជាមួយនឹងអ្នកគ្រប់គ្រងអគារផងដែរ ។
៣៥.២.៨
ប៊ីស្សពជាភ្នាក់ងារ
ប្រសិនបើមានវួដលើសពីមួយជួបប្រជុំនៅក្នុងអគារតែមួយ នោះគណៈប្រធានស្តេកជ្រើសរើសប៊ីស្សពជាភ្នាក់ងារមួយរូប ដើម្បីសម្របសម្រួលការចាត់តាំងនានាជាមួយនឹងប៊ីស្សពដទៃទៀត ។ ការចាត់តាំងទាំងនេះរួមមាន ការដាក់កាលវិភាគ ការសម្អាត និងការរក្សាសន្តិសុខអគារ ។ គណៈប្រធានស្តេកផ្លាស់ប្ដូរការទទួលខុសត្រូវនេះជាទៀងទាត់ពីប៊ីស្សពមួយទៅប៊ីស្សពមួយទៀត ដែលវួដរបស់ពួកគាត់ជួបនៅក្នុងអគារនោះ ។
៣៥.២.៩
អ្នកតំណាងអគារវួដ
គណៈប៊ីស្សពកំណត់ថាតើត្រូវហៅអ្នកតំណាងអគារប្រចាំវួដម្នាក់ឬអត់ ។ ប្រសិនបើពួកគាត់សម្រេចចិត្តថាត្រូវផ្ដល់ការហៅនេះ នោះគណៈប៊ីស្សពអាចហៅសមាជិកមជ្ឈិមវ័យជាបុរស ឬស្ត្រីម្នាក់ ។ ប្រសិនបើអ្នកតំណាងអគារប្រចាំវួដមិនត្រូវបានហៅទេ នោះប៊ីស្សពអាចចាត់តាំងការទទួលខុសត្រូវនេះទៅទីប្រឹក្សាមួយរូបរបស់គាត់ ស្មៀនវួដ ឬជំនួយការស្មៀនវួដ ឬលេខាប្រតិបត្តិ ។
អ្នកតំណាងអគារប្រចាំវួដរៀបចំសមាជិក និងអ្នកស្ម័គ្រចិត្តដើម្បីសម្អាត និងថែទាំអគារ ។ គាត់បង្រៀនពួកគេពីរបៀបដើម្បីធ្វើកិច្ចការនីមួយៗ ជាមួយនឹងសម្ភារ និងឧបករណ៍ដែលមាន ។
ប្រសិនបើចាំបាច់ គាត់ទទួលការណែនាំមកពីអ្នកតំណាងអគារប្រចាំស្តេក អំពីការប្រតិបត្តិការសំឡេង ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអគារផ្សេងៗទៀត ។
៣៥.២.១០
សមាជិក
នៅក្រោមការដឹកនាំរបស់ប៊ីស្សព ថ្នាក់ដឹកនាំជាមជ្ឈិមវ័យ និងជាយុវជនលើកទឹកចិត្តសមាជិកឲ្យជួយដល់ការថែទាំអគារ ។ គណៈប៊ីស្សព និងអ្នកតំណាងអគារប្រចាំវួដ កែសម្រួលកិច្ចការទាំងឡាយទៅតាមជំនាញ និងសមត្ថភាពរបស់អ្នកដែលធ្វើកិច្ចការនោះ ។ ការមើលថែជាទៀងទាត់ដោយសមាជិកជួយឲ្យធនធានរបស់សាសនាចក្រប្រើប្រាស់បានយូរតាមដែលអាចធ្វើទៅបាន ។
៣៥.៣
ការផ្ដល់សាលាប្រជុំទាំងឡាយ
សាលាប្រជុំមានទំហំ និងប្រភេទខុសៗគ្នា ដោយផ្អែកទៅលើតម្រូវការ និងលក្ខខណ្ឌក្នុងមូលដ្ឋាន ។ សាលាប្រជុំមួយអាចជាកន្លែងសាងសង់ដោយសាសនាចក្រ ឬកន្លែងដែលបានជាវដោយសាសនាចក្រ ផ្ទះរបស់សមាជិក សាលារៀនក្នុងមូលដ្ឋាន ឬមជ្ឈមណ្ឌលក្នុងសហគមន៍ កន្លែងជួល ឬជម្រើសដែលបានអនុម័តផ្សេងទៀត ។
ថ្នាក់ដឹកនាំក្នុងតំបន់ និងមូលដ្ឋាន ត្រូវខិតខំព្យាយាមដើម្បីប្រើប្រាស់សាលាប្រជុំដែលមានស្រាប់ឲ្យអស់ពីលទ្ធភាព ហើយធ្វើការផ្ដល់អនុសាសន៍ប្រកបដោយភាពឈ្លាសវៃក្នុងការរៀបចំកន្លែងបន្ថែមទៀត ។ ពួកគាត់ធ្វើតាម « គោលការណ៍ និងសេចក្តីណែនាំសម្រាប់ការផ្តល់សាលាប្រជុំ » ( គោលការណ៍ណែនាំការដាក់ផែនការមេសម្រាប់សាលាប្រជុំ [ ឆ្នាំ ២០២១ ] ) ។
ថ្នាក់ដឹកនាំរៀបចំផែនការមេប្រចាំឆ្នាំ ដោយប្រើប្រាស់ គោលការណ៍ណែនាំការដាក់ផែនការមេសម្រាប់សាលាប្រជុំ ( ឆ្នាំ ២០២១ ) ដើម្បីធ្វើឲ្យប្រាកដថា សាលាប្រជុំមានទីកន្លែងគ្រប់គ្រាន់ ។ ថ្នាក់ដឹកនាំក៏ប្រើប្រាស់ផែនការមេនេះ ដើម្បីវាយតម្លៃពីតម្រូវការនាពេលអនាគតផងដែរ ដើម្បីបន្ថែមកន្លែងប្រជុំ ឬដាក់ឲ្យដំណើរការឡើងវិញ ដែលលក់ ឬអនុញ្ញាតឲ្យមានការប្រើប្រាស់ផ្សេងៗទៀតសម្រាប់សាលាប្រជុំ និងទ្រព្យសម្បត្តិ ។
សូមមើល « ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត » ( ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ) សម្រាប់ព័ត៌មានបន្ថែមទៀត ។
៣៥.៣.១
ពិធីបើកការដ្ឋានសាងសង់ និងការឧទ្ទិសឆ្លងអគារ
ពិធីបើកការដ្ឋានសាងសង់អាចត្រូវបានធ្វើឡើងមុនការសាងសង់ ។ នៅពេលធ្វើរួចហើយ នោះអគារថ្មីៗ និងការបន្ថែមធំៗគួរតែត្រូវបានឧទ្ទិសឆ្លងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ កន្លែងដែលជួលក៏អាចត្រូវបានឧទ្ទិសឆ្លងផងដែរ ។
សូមមើលផ្នែក « ពិធីបើកការដ្ឋានសាងសង់ » និង « ការឧទ្ទិសឆ្លងអគារ » នៅក្នុង « ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត » ( ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ) សម្រាប់ព័ត៌មានបន្ថែមទៀត ។
៣៥.៤
ការថែទាំសាលាប្រជុំ
៣៥.៤.១
ការសម្អាត និងការថែទាំសាលាប្រជុំ
ថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន រួមទាំងយុវវ័យ មានទំនួលខុសត្រូវក្នុងការជួយរក្សាអគារនីមួយៗឲ្យបានស្អាត និងនៅក្នុងស្ថានភាពល្អប្រសើរ ។ ការណ៍នេះជួយ ៖
-
រក្សាលក្ខណៈពិសិដ្ឋរបស់អគារ ជាកន្លែងមួយដែលព្រះវិញ្ញាណអាចគង់នៅបាន ។
-
លើកទឹកចិត្តឲ្យមានគារវភាព ។
-
តំណាងឲ្យរូបភាពនៃសេចក្តីថ្លៃថ្នូរ និងការគោរព ។
-
ពន្យារអាយុកាលប្រើប្រាស់របស់អាគារ ។
កាលវិភាគសម្អាតមិនគួរជាបន្ទុកទៅលើសមាជិកនោះទេ ។ ឧទាហរណ៍ ប្រសិនបើធ្វើដំណើរទៅអគារនោះគឺជាការលំបាក នោះសមាជិកអាចធ្វើការសម្អាត ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍ នៅពេលពួកគេនៅឯសាលាប្រជុំរួចទៅហើយ ។
សូមមើល « ការថែទាំសាលាប្រជុំ » ( ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ) សម្រាប់ព័ត៌មានបន្ថែមទៀត ។
៣៥.៤.២
ការស្នើសុំការជួសជុល
សមាជិកក្រុមប្រឹក្សាវួដ និងស្តេក អាចរាយការណ៍ពីតម្រូវការនានាសម្រាប់ការជួសជុលអគារបាន ។ ការណ៍នេះអាចត្រូវបានធ្វើឡើង ដោយប្រើប្រាស់ឧបករណ៍ ការរាយការណ៍បញ្ហាអគារ ( រ.ប.អ. ) ។ រ.ប.អ. ជួយថ្នាក់ដឹកនាំឲ្យបញ្ជូន តាមដានដំណើរការ និងផ្ដល់យោបល់លើការជួលជុល និងសំណើផ្សេងៗទៀត ។ សមាជិកក្រុមប្រឹក្សាក៏អាចទាក់ទងទៅអ្នកគ្រប់គ្រងអគារដើម្បីសុំជំនួយផងដែរ ។
រ.ប.អ. ក៏មានជាកម្មវិធីនៅក្នុង Google Play និង Apple App Store ផងដែរ ។ ការណែនាំសម្រាប់ការប្រើប្រាស់ រ.ប.អ. មាននៅក្នុង មជ្ឈមណ្ឌលជំនួយ នៅលើគេហទំព័រ ChurchofJesusChrist.org ។
៣៥.៤.៣
ការត្រួតពិនិត្យសាលាប្រជុំ
គ្រប់អគារត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំដោយអ្នកគ្រប់គ្រង់អគារ ។ គោលបំណងគឺដើម្បីកំណត់ពីតម្រូវការរបស់អគារក្នុងរយៈពេលវែង និងការជួសជុលនានា ។ បន្ទាប់មក អ្នកគ្រប់គ្រងអគារពិភាក្សាអំពីលទ្ធផលនៃការត្រួតពិនិត្យ និងសកម្មភាពដែលត្រូវការ ជាមួយនឹងអ្នកតំណាងអគារប្រចាំស្តេក ឬក៏ប៊ីស្សពជាភ្នាក់ងារ ។
៣៥.៤.៤
ការសន្សំថាមពលអគិ្គសនី និងទឹក
សាសនាចក្រខិតខំសន្សំសំចៃទឹក អគ្គិសនី និងធនធានផ្សេងៗទៀត ។ ថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិកឲ្យសន្សំថាមពលអគ្គិសនី និងទឹកនៅក្នុងអគារ ។ ឧទាហរណ៍ នៅពេលសមាជិកចាកចេញពីបន្ទប់មួយ នោះពួកគេគួរតែបិទភ្លើង បិទទឹក ព្រមទាំងម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ ឬក៏អ្វីៗដែលបានប្រើប្រាស់អំឡុងការប្រជុំ ឬសកម្មភាពនោះ ។ សមាជិករាយការណ៍ទៅថ្នាក់ដឹកនាំរបស់ពួកគេ អំពីរាល់ស្ថានភាពដែលរួមចំណែកដល់ការខ្ជះខ្ជាយ ។
សមាជិកក៏អាចគាំទ្រដល់គម្រោងសន្សំថាមពលអគ្គិសនី និងទឹកដែលគាំទ្រដោយសហគមន៍ ។ កិច្ចប្រឹងប្រែងទាំងនេះអាចកាត់បន្ថយថ្លៃទឹកភ្លើងបាន ។
ថ្នាក់ដឹកនាំ និងសមាជិកអាចទាក់ទងទៅអ្នកគ្រប់គ្រងអគារ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីការប្រើប្រាស់ និងការសន្សំសំចៃទឹក និងអគ្គិសនី ។
៣៥.៤.៥
សុវត្ថិភាព និងសន្តិសុខ
ថ្នាក់ដឹកនាំ និងសមាជិកគួរតែ ៖
-
រក្សាច្រកផ្លូវ ជណ្តើរ ច្រកចេញ និងបន្ទប់ឧបករណ៍ប្រើប្រាស់ឲ្យស្រឡះសម្រាប់ការចេញចូលដោយសុវត្ថិភាព ។
-
កុំប្រើ ឬកុំរក្សាទុកវត្ថុគ្រោះថ្នាក់ ឬងាយឆេះនៅក្នុងអគារឡើយ ( សូមមើលផងដែរ ៣៥.៥.១៤ ) ។
-
បង្កើត និងធ្វើតាមនីតិវិធីចាក់សោអគារ ។
-
រក្សាឧបករណ៍ដែលជាកម្មសិទ្ធិរបស់សាសនាចក្រឲ្យមានសុវត្ថិភាពពីចោរ ។
-
ដឹងពីរបៀបបិទរបស់ប្រើប្រាស់ ដូចជាទឹក អគ្គិសនី និងហ្គាស ឬប្រេង ។
តាមដែលចាំបាច់ អ្នកគ្រប់គ្រងអគារអាចផ្ដល់ផែនទីមួយ ដែលបង្ហាញពីបំពង់ពន្លត់អគ្គិភ័យ កញ្ចប់ជំនួយបឋម និងទីតាំងដើម្បីបិទទឹកភ្លើង ។ ព័ត៌មានបន្ថែមទៀតអំពីសុវត្ថិភាពមាននៅក្នុងផ្នែក « សន្តិសុខ និងនីតិវិធីចាក់សោអគារ » នៅក្នុង « ការថែទាំសាលាប្រជុំ » ( ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ) ។ សូមមើលផងដែរ ២០.៧ ។
៣៥.៥
គោលនយោបាយអំពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់សាសនាចក្រ
សាសនាចក្រគឺជាម្ចាស់ ជួល ឬអនុម័តអគារ និងទ្រព្យសម្បត្តិទាំងអស់សម្រាប់ការប្រើប្រាស់របស់វួដក្នុងមូលដ្ឋានទាំងឡាយ ។ អគារ និងទ្រព្យសម្បត្តិរបស់សាសនាចក្រត្រូវបានប្រើប្រាស់ដើម្បីថ្វាយបង្គំ ការបង្រៀនខាងសាសនា និងសកម្មភាពដែលជាប់ទាក់ទងនឹងសាសនាចក្រដទៃទៀត ។
ផ្នែកនេះរួមមានគោលនយោបាយអំពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់សាសនាចក្រផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមទៀត គឺមាននៅ « ព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងគ្រឿងបរិក្ខារក្នុងសាលាប្រជុំ » ( ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ) ។ ធនធាននេះរួមមានព័ត៌មានអំពីឧបករណ៍ តម្លៃ ការប្រើប្រាស់ទ្រព្យសម្បត្តិសាសនាចក្រដែលនៅទំនេរ និងប្រធានបទផ្សេងៗទៀត ។
៣៥.៥.១
រូបគំនូរ
សាលាប្រជុំគួរតែឆ្លុះបញ្ចាំងពីលក្ខណៈនៃគារវភាពសម្រាប់ព្រះយេស៊ូវគ្រីស្ទ និងថ្លែងទីបន្ទាល់អំពីការជឿរបស់សមាជិកទៅលើទ្រង់ ។ រូបគំនូរដែលពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ គួរតែមានដាក់នៅតាមតំបន់ច្រកដើររបស់សាលាប្រជុំ ដើម្បីបង្ហាញពីជំនឿដ៏សំខាន់បំផុតនេះ ។ តំបន់ច្រកដើរមិនគួរមានការរំខាន ដូចជា កន្លែងដាក់បង្ហាញសាច់រឿង ក្តារតាំងព័ត៌មាន តុ ជើងទ្រនោះឡើយ ។ រូបគំនូរដែលពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ឈុតឆាកពីព្រះគម្ពីរ និងប្រវត្តិសាសនាចក្រ គឺសមរម្យសម្រាប់ផ្លូវដើរ និងថ្នាក់រៀន ។
ប្រធានស្តេក ឬថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែលបានចាត់តាំងដទៃទៀត ជ្រើសរើសរូបគំនូរពីកាតាឡុករូបគំនូរដែលបានអនុម័តដោយសាសនាចក្រសម្រាប់សាលាប្រជុំ ។ អ្នកគ្រប់គ្រងអគារអាចចែកចាយកាតាឡុករូបគំនូរជាមួយនឹងថ្នាក់ដឹកនាំ នៅពេលត្រូវការរូបគំនូរថ្មី ។ ជាធម្មតា រូបគំនូរមកពីប្រភពផ្សេងៗទៀតមិនត្រូវបានអនុញ្ញាតនោះទេ ។ ការស្នើសុំសម្រាប់ករណីលើកលែង ត្រូវតែបានធ្វើឡើងតាមរយៈអ្នកគ្រប់គ្រងអគារ ។
រូបគំនូរទាំងនោះមិនត្រូវដាក់នៅក្នុងរោងជំនុំ ឬក្បែរអាងជ្រមុជទឹកឡើយ ។ រូបសំណាក បូជនីយដ្ឋាន វត្ថុរំឭក ផ្ទាំងគំនូរលើជញ្ជាំង និងរូបសិល្បៈដែលផ្គុំពីបំណែកតូចៗ មិនត្រូវបានអនុញ្ញាតនៅក្នុង ឬខាងក្រៅអគារនោះទេ ។ គោលនយោបាយនេះប្រហែលជាមិនអនុវត្តចំពោះរូបគំនូរដែលបានតាំងជាច្រើនឆ្នាំហើយនោះទេ ។
៣៥.៥.២
ការប្រើប្រាស់អគារដែលមិនត្រូវបានអនុញ្ញាត
៣៥.៥.២.១
ការប្រើប្រាស់លក្ខណៈពាណិជ្ជកម្ម
ទ្រព្យសម្បត្តិសាសនាចក្រមិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខាងពាណិជ្ជកម្មទេ ។ ជាឧទាហរណ៍ វាមិនអាចត្រូវបានប្រើប្រាស់ដើម្បីគាំទ្រអាជីវកម្មគ្រប់ប្រភេទ ( សូមមើល ៣៨.៨.៥ ) ។ ការប្រើប្រាស់បែបនោះមិនសមស្របទៅនឹងគោលបំណងនៃទ្រព្យសម្បត្តិសាសនាចក្រនោះទេ ។ វាក៏អាចប្រឆាំងនឹងច្បាប់ក្នុងមូលដ្ឋាន ឬច្បាប់ជាតិផងដែរ ដែលអាចអនុញ្ញាតឲ្យមានការលើកលែងពន្ធលើទ្រព្យសម្បត្តិសាសនាចក្រនោះ ( សូមមើល ៣៤.៨.១ ) ។
ខាងក្រោមនេះផ្តល់ជាឧទាហរណ៍អំពីការប្រើប្រាស់លក្ខណៈពាណិជ្ជកម្មដែលមិនអនុម័តឲ្យ ៖
-
ការផ្សព្វផ្សាយ ឬការឧបត្ថម្ភអាជីវកម្ម ឬការវិនិយោគ
-
ការទិញ ការលក់ ឬការផ្សព្វផ្សាយអំពីផលិតផល សេវាកម្ម ការបោះពុម្ព ឬកិច្ចការច្នៃប្រឌិត
-
ការធ្វើសកម្មភាពរៃអង្គាសមូលនិធិដោយគ្មានការអនុញ្ញាត ( សូមមើល ២០.៦.៥ )
-
ការធ្វើកម្មវិធីដែលមានវាគ្មិន ឬគ្រូ ដែលជ្រើសរើសអ្នកចូលរួម ស្វែងរកអតិថិជន ឬត្រូវបង់ថ្លៃនៅពេលផ្តល់សិក្ខាសាលា មេរៀន ( លើកលែងតែការបង្រៀនព្យាណូ ឬព្យាណូខ្យល់ប៉ុណ្ណោះ សូមមើល ១៩.៧.២ ) ថ្នាក់ហាត់ប្រាណ ឬសកម្មភាពផ្សេងៗទៀត
៣៥.៥.២.២
គោលបំណងខាងនយោបាយ
អគារសាសនាចក្រមិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខាងនយោបាយទេ ។ ទាំងនេះរួមមានទាំងការធ្វើការប្រជុំ ឬការឃោសនាខាងនយោបាយ ។ សាសនាចក្រគឺមានភាពអព្យាក្រឹតខាងនយោបាយ ( សូមមើល ៣៨.៨.២៩ ) ។
៣៥.៥.២.៣
ការប្រើប្រាស់ផ្សេងៗទៀត
ការប្រើប្រាស់ផ្សេងៗទៀតនៃទ្រព្យសម្បត្តិសាសនាចក្រ ដែលមិនត្រូវបានអនុញ្ញាត ៖
-
ការរៀបចំធ្វើព្រឹត្តិការណ៍អត្តពលកម្ម ឬព្រឹត្តិការណ៍ផ្សេងៗទៀត ដែលមិនបានឧបត្ថម្ភដោយសាសនាចក្រ ។ ក្រុមចម្រៀងក្នុងសហគមន៍ និងអាពាហ៍ពិពាហ៍ស៊ីវិល អាចជាការលើកលែង ( សូមមើល ១៩.៧.៣ អំពីក្រុមចម្រៀង និង ៣៨.៣.៤ អំពីអាពាហ៍ពិពាហ៍ស៊ីវិល ) ។
-
ការអនុញ្ញាតឲ្យស្នាក់នៅពេលយប់ ( លើកលែងក្នុងពេលអាសន្ន សូមមើល ៣៥.៥.៤ ) ។
-
ការបោះជំរំ ឬសកម្មភាពផ្សេងៗទៀត ដែលមានការដេកពេលយប់ ។
ជាទូទៅ ការប្រើប្រាស់ខាងក្រោមនេះមិនត្រូវបានអនុម័តនោះទេ ។ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាក់ទងអ្នកគ្រប់គ្រងអគារ ប្រសិនបើពួកគាត់មានអារម្មណ៍ថាត្រូវការការលើកលែង ។
-
ការជួលអគារ និងទ្រព្យសម្បត្តិសាសនាចក្រ
-
ការប្រើប្រាស់ទ្រព្យសម្បត្តិសម្រាប់ការចុះឈ្មោះបោះឆ្នោតខាងនយោបាយ ឬជាកន្លែងបោះឆ្នោត ជាការលើកលែងមួយដែលអាចត្រូវបានធ្វើឡើង ដោយការស្នើសុំពីមន្ត្រីរដ្ឋាភិបាល នៅពេលដែលពុំមានទីកន្លែងផ្សេងទៀត ហើយព្រឹត្តិការណ៍នោះនឹងមិនប៉ះពាល់ដល់រូបភាព ឬជំហរអព្យាក្រឹតរបស់សាសនាចក្រនោះទេ ( សូមមើល ៣៥.៥.៨ )
៣៥.៥.៣
ការតុបតែងលម្អ
ការតុបតែលម្អសម្រាប់សកម្មភាពបុណ្យទាន ពិធីទទួលភ្ញៀវអាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍ស្រដៀងគ្នាទាំងឡាយ អាចត្រូវបានតុបតែងជាបណ្ដោះអាសន្ននៅខាងក្នុង និងខាងក្រៅអគារ ។ គ្រឿងតុបតែងលម្អទាំងឡាយមិនអាចដាក់នៅក្នុងរោងជំនុំនៅក្នុងការប្រជុំសាក្រាម៉ង់ទេ លើកលែងតែផ្កា ។ ការតុបតែលម្អមិនត្រូវបានលើកទឹកចិត្តឲ្យធ្វើឡើងនៅក្នុងច្រកផ្លូវទេ ដើម្បីរក្សាការផ្ដោតលើគារវភាពចំពោះព្រះអង្គសង្រ្គោះ ។
ការតុបតែងលម្អគួរតែមានភាពសមរម្យ និងមិនចំណាយថ្លៃច្រើន ។ ការតុបតែងលម្អត្រូវតែគ្មានគ្រោះអន្តរាយនាំឲ្យមានភ្លើងឆេះឡើយ ។ ក្បួនច្បាប់អគ្គិភ័យ និងសុវត្ថិភាពក្នុងមូលដ្ឋាន និងពិធីបរិសុទ្ធនានាគួរតែត្រូវបានអនុវត្តតាមជានិច្ច ។
៣៥.៥.៤
ភាពអាសន្ន
អំឡុងពេលអាសន្ន គណៈប្រធានស្តេកសម្រេចចិត្តថាតើគួរតែធ្វើការប្រជុំវួដ និងស្តេកឬអត់ ។ គាត់ក៏អាចអនុញ្ញាតឲ្យប្រើប្រាស់អគារ និងទ្រព្យសម្បត្តិសាសនាចក្រ ដោយភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយ និងសម្រាប់កិច្ចខិតខំដែលទាក់ទងផងដែរ ( សូមមើល ៣៥.៥.៨ ) ។ គាត់ធ្វើការជាមួយនឹងអ្នកគ្រប់គ្រងអគារ ឬអ្នកតំណាងសាសនាចក្រដទៃទៀត ដែលនឹងប្រាស្រ័យទាក់ទងជាមួយគណៈប្រធានតំបន់តាមដែលត្រូវការផងដែរ ( សូមមើល ២២.៩.១.៣ ) ។
៣៥.៥.៥
កាំភ្លើង និងអាវុធទាំងឡាយ
កាំភ្លើង និងអាវុធប្រហារជីវិតទាំងឡាយ មិនត្រូវបានអនុញ្ញាតនៅលើទ្រព្យសម្បត្តិសាសនាចក្របានឡើយ ។ ការណ៍នេះរួមមានទាំងអាវុធដែលលាក់មិនឲ្យគេឃើញផងដែរ ។ ការណ៍នេះមិនអនុវត្តចំពោះមន្ត្រីអនុវត្តច្បាប់ឡើយ ។
៣៥.៥.៦
ទង់ជាតិ
ទង់ជាតិនៃប្រជាជាតិខ្លួនអាចចងបង្ហោះនៅក្នុងបរិវេណសាសនាចក្រគ្រប់ពេល ដរាបណាវាស្របទៅតាមគោលការណ៍ណែនាំក្នុងមូលដ្ឋាន ។ ទង់ជាតិអាចត្រូវបានដាក់តាំងនៅក្នុងអគារសាសនាចក្រក្នុងឱកាសពិសេសៗ ។ ការស្នេហាជាតិមិនតម្រូវឲ្យដាក់ទង់ជាតិជាប្រចាំនៅកន្លែងថ្វាយបង្គំនោះទេ ។
៣៥.៥.៧
ការអភិរក្សប្រវត្តិសាស្ត្រ
សម្រាប់ព័ត៌មានបន្ថែមទៀតអំពីការរក្សាទ្រព្យសម្បត្តិ ឬអគារសាសនាចក្រ សូមមើល « ការអភិរក្សប្រវត្តិសាស្ត្រ » ( ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ) ។ សម្រាប់ព័ត៌មានអំពីការថែរក្សាវត្ថុបុរាណ ការងារសិល្បៈ ឬឯកសារនានា សូមមើល ៣៣.៧.២ ។
៣៥.៥.៨
ការប្រើប្រាស់ទ្រព្យសម្បត្តិសាសនាចក្រដោយមិនរកប្រាក់ចំណេញ
ដោយការស្នើសុំពីប្រធានស្តេក នោះអ្នកគ្រប់គ្រងអគារអាចអនុញ្ញាតឲ្យមានការប្រើប្រាស់ដោយក្រុមមិនរកប្រាក់ចំណេញនៅក្នុងសហគមន៍តាមការចាំបាច់បាន ។ អ្នកគ្រប់គ្រងអគារអនុញ្ញាតការណ៍នេះដោយការចុះហត្ថលេខា កិច្ចព្រមព្រៀងការប្រើប្រាស់បណ្ដោះអាសន្ន ( បានមកពីការិយាល័យតំបន់ ) ។ វិញ្ញាបនបត្រធានារ៉ាប់រងក៏អាចតម្រូវឲ្យមានផងដែរ អាស្រ័យលើច្បាប់ក្នុងមូលដ្ឋាន ។
ការប្រើប្រាស់បណ្ដោះអាសន្ននូវទ្រព្យសម្បត្តិសាសនាចក្រ គួរតែធ្វើតាមគោលការណ៍ណែនាំទាំងនេះ ៖
-
អ្នកដឹកនាំក្នុងមូលដ្ឋានម្នាក់គួរតែមានវត្តមាន ។
-
ថ្នាក់ដឹកនាំសាសនាចក្រមានសិទ្ធិសុំដល់ក្រុមណាក៏ដោយ ឲ្យឈប់ប្រើប្រាស់ទ្រព្បសម្បត្តិនោះ នៅពេលណាក៏បាន និងដោយមូលហេតុណាក៏បាន ។
-
ការប្រើប្រាស់នោះគួរតែសមស្របទៅនឹងគោលបំណងរបស់អគារ និងជាមួយនឹងស្ថានភាពលើកលែងពន្ធរបស់សាសនាចក្រ នៅកន្លែងណាដែលអនុវត្ត ។
-
ការប្រើប្រាស់នោះមិនគួរធ្វើឡើងចំថ្ងៃមានសកម្មភាពសាសនាចក្រដែលបានដាក់កាលវិភាគហើយនោះទេ ។
-
បទដ្ឋានរបស់សាសនាចក្រគប្បីប្រកាន់ខ្ជាប់ជានិច្ចនៅលើបរិវេណនោះ ។
-
ការប្រើប្រាស់ធនធានរបស់សាសនាចក្រមិនគួរបង្កើតឲ្យមានគ្រោះហានិភ័យដល់អ្នកចូលរួម ឬបង្កឲ្យមានការខូចខាតដល់ទ្រព្យសម្បត្តិឡើយ ។
-
ការប្រើប្រាស់នោះមិនគួរធ្វើឲ្យសាសនាចក្រមានការទទួលខុសត្រូវ ឬមានការរំខានដល់អ្នកជិតខាងនោះឡើយ ។
ការកក់ទុកជំរំកម្សាន្តរបស់សាសនាចក្រមិនគួរធ្វើឡើងជំនួសអង្គការសហគមន៍ ក្រុមហ៊ុនអាជីវកម្ម និងបុគ្គលដែលមានជំនឿផ្សេងនោះទេ ។ ទោះជាយ៉ាងក្ដី សមាជិកសាសនាចក្រស្វាគមន៍ឲ្យអញ្ជើញមិត្តភក្ដិរបស់ពួកគេដែលមានជំនឿផ្សេងឲ្យមកចូលរួមនឹងពួកគេបាន ។
៣៥.៥.៩
ចំណតយានជំនិះ
ការប្រើប្រាស់ចំណតយានជំនិះរបស់សាសនាចក្រគួរតែស្របតាមគោលការណ៍ណែនាំនៅក្នុង ៣៥.៥.៨ ។ បន្ថែមពីនោះទៀត ចំណតយានជំនិះមិនគួរត្រូវបានប្រើប្រាស់សម្រាប់អ្នកធ្វើដំណើរ ឬដោយក្រុម ឬបុគ្គលដទៃទៀត ដោយគ្មានការអនុញ្ញាតមកពីនាយកខាងកិច្ចការអាណាចក្រនោះទេ ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅអ្នកគ្រប់គ្រងអគារចំពោះសំណើទាំងឡាយ ។ យានជំនិះផ្ទាល់ខ្លួន និងឧបករណ៍ដទៃទៀតមិនអាចទុកនៅក្នុងបរិវេណសាសនាចក្រឡើយ ។
សម្រាប់ព័ត៌មានបន្ថែមទៀតអំពីចំណតយានជំនិះ និងចំណតដែលអាចចតបាន សូមមើល « ចំណតយានជំនិះរបស់សាលាប្រជុំ » ( ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ) ។
៣៥.៥.១០
ការថតរូបថត និងការថតវីដេអូអំឡុងការប្រជុំសាក្រាម៉ង់
ការប្រជុំសាក្រាម៉ង់គឺពិសិដ្ឋ ។ ដោយសារហេតុផលនេះ ការថតរូប ឬការថតសំឡេង ឬថតវីដេអូ មិនត្រូវបានអនុញ្ញាតឡើយ ។
សម្រាប់ព័ត៌មានអំពីការចាក់ផ្សាយ ឬការមើលការប្រជុំសាក្រាម៉ង់ និងការប្រជុំផ្សេងៗទៀត សូមមើល ២៩.៧ ។
៣៥.៥.១១
ទ្រព្យសម្បត្តិសម្រាប់កម្សាន្ត
សម្រាប់ព័ត៌មានអំពីការគ្រប់គ្រងជំរំកម្សាន្ត ឬទ្រព្យសម្បត្តិសម្រាប់កម្សាន្ត សូមមើល « ជំរំកម្សាន្ត » ( ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ) ។ ដើម្បីកក់ជំរំ ឬទ្រព្យសម្បត្តិសម្រាប់ការកម្សាន្ត សូមមើលគេហទំព័រ camping.ChurchofJesusChrist.org ។
៣៥.៥.១២
តំបន់បម្រើអាហារ
អ្នកអាចផ្ដល់អាហារ និងអាហារសម្រន់នៅក្នុងសាលាប្រជុំបាន ។ ទោះជាយ៉ាងណា អាហារមិនគួរត្រូវបានរៀបចំ ឬចម្អិននៅក្នុងផ្ទះបាយ និងតំបន់បម្រើនៅក្នុងសាលាប្រជុំនោះទេ ។ ផ្ទុយទៅវិញ អាហារគួរតែត្រូវបានរៀបចំនៅកន្លែងផ្សេងឲ្យហើយ រួចចាំយកមកសាលាប្រជុំ ។ ផ្ទះបាយ និងតំបន់បម្រើអាចត្រូវបានប្រើប្រាស់ដើម្បីរក្សាអាហារឲ្យនៅក្ដៅ ឬត្រជាក់ ។ គោលការណ៍ណែនាំទាំងនេះកាត់បន្ថយហានិភ័យនៃអគ្គិភ័យ ហើយជួយអនុវត្តតាមគោលនយោបាយគ្រប់គ្រងម្ហូបអាហារ ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលគេហទំព័រ safety.ChurchofJesusChrist.org ។
ការបង្ហាញពីការរៀបចំអាហារគឺជាការលើកលែងតែមួយចំពោះគោលការណ៍ណែនាំនេះ អំពីការរៀបចំ និងការចម្អិនអាហារនៅក្នុងផ្ទះបាយ និងតំបន់បម្រើរបស់សាលាប្រជុំ ។
៣៥.៥.១៣
ស្លាកសញ្ញាទាំងឡាយ
ប្រសិនបើប្រធានស្តេកមានសំណួរអំពីស្លាកសញ្ញានានាសម្រាប់អគារសាសនាចក្រ នោះគាត់អាចទាក់ទងទៅអ្នកគ្រប់គ្រងអគារបាន ។
៣៥.៥.១៤
ឃ្លាំងស្តុក
មានតែឧបករណ៍សម្រាប់ការថែទាំ និងសម្ភារដែលមានការអនុញ្ញាតប៉ុណ្ណោះដែលអាចស្តុកទុកនៅក្នុងអគារបាន ។ សម្ភារសុខុមាលភាពអាចទុកនៅក្នុងសាលាប្រជុំបានអំឡុងពេលមានភាពអាសន្ន ( សូមមើល ៣៥.៥.៤ ) ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅអ្នកគ្រប់គ្រងអគារបើមានសំណួរនានា ។
៣៥.៥.១៥
អាពាហ៍ពិពាហ៍ និងពិធីទទួលភ្ញៀវ
អាពាហ៍ពិពាហ៍ និងពិធីទទួលភ្ញៀវអាចធ្វើឡើងបាននៅក្រោមកាលៈទេសៈដូចតទៅនេះ ៖
-
វាត្រូវតែសមស្របជាមួយនឹងបទដ្ឋានរបស់សាសនាចក្រ ( សូមមើល ២០.២.៣ ) ។
-
វាមិនត្រូវរំខានដល់កាលវិភាគនៃការប្រជុំរបស់សាសនាចក្រនោះទេ ។
-
ពិធីទទួលភ្ញៀវមិនអាចធ្វើឡើងនៅក្នុងរោងជំនុំបានទេ លើកលែងតែវាជាកន្លែងដែលប្រើប្រាស់សម្រាប់គោលបំណងច្រើនយ៉ាង ។
-
ពិធីទទួលភ្ញៀវមិនគួរធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬនៅពេលល្ងាចថ្ងៃចន្ទនោះទេ ។
-
អ្នកទាំងឡាយណាដែលទទួលខុសត្រូវលើអាពាហ៍ពិពាហ៍ ឬការទទួលភ្ញៀវនេះ ត្រូវតែសម្អាតតំបន់ទាំងឡាយ ដែលពួកគេប្រើប្រាស់ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៣.៤ ។
សាលាប្រជុំ និងទ្រព្យសម្បត្តិរបស់សាសនាចក្រ មិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងណាដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នា ពហុអាពាហ៍ពិពាហ៍ អាពាហ៍ពិពាហ៍មិនស្របច្បាប់ ឬអាពាហ៍ពិពាហ៍ផ្សេងៗទៀតដែលមិនស្របជាមួយនឹងគោលលទ្ធិ ឬគោលនយោបាយរបស់សាសនាចក្រឡើយ ។