ក្បួនខ្នាត និង​ការហៅ
៣៥. ការថែទាំ និង​ការប្រើប្រាស់​សាលា​ប្រជុំ


« ៣៥. ការថែទាំ និង​ការប្រើប្រាស់​សាលា​ប្រជុំ » ក្បួន​ខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣៥. ការថែទាំ និង​ការប្រើប្រាស់​សាលា​ប្រជុំ » ក្បួនខ្នាត​ទូទៅ ។

៣៥.

ការថែទាំ និង​ការប្រើប្រាស់​សាលា​ប្រជុំ

៣៥.១

គោលបំណង

សាសនាចក្រ​ផ្ដល់​សាលាប្រជុំ​ទាំងឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ដែល​ចូល​មក​អាច ៖

សាលាប្រជុំ​អាច​មាន​ទម្រង់​ផ្សេងៗ​គ្នា អាស្រ័យ​លើ​កាលៈទេសៈ និង​តម្រូវការ​ក្នុង​មូលដ្ឋាន ។ វា​អាច​ជា​កន្លែង​ដែល​សាងសង់​ដោយ​សាសនាចក្រ ឬ​កន្លែង​ដែល​បាន​ជាវ​ដោយ​សាសនាចក្រ ផ្ទះ​របស់​សមាជិក សាលា​រៀន​ក្នុង​មូលដ្ឋាន ឬ​មជ្ឈមណ្ឌល​ក្នុង​សហគមន៍ កន្លែង​ជួល ឬ​ជម្រើស​ដែល​បាន​អនុម័ត​ផ្សេងទៀត ។

៣៥.២

តួនាទី និង​ការទទួល​ខុសត្រូវ

៣៥.២.១

នាយកដ្ឋាន​អគារ​សាលាប្រជុំ

នាយកដ្ឋាន​អគារ​សាលាប្រជុំ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ​បង្កើត​គោលការណ៍ និង​គោលការណ៍​ណែនាំ​ទាំងឡាយ​សម្រាប់​ការផ្ដល់ និង​ការថែទាំ​ទីកន្លែង​ថ្វាយ​បង្គំ ។ នាយកដ្ឋាន​នេះ​ដំណើរការ​នៅក្រោម​ការដឹកនាំ​របស់​គណៈប៊ីស្សព​ជា​អធិបតី ។

បុគ្គលិក​អគារ​សាលា​ប្រជុំ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការផ្ដល់ និង​ថែទាំ​សាលា​ប្រជុំ និង​អគារ​សាសនាចក្រ​ផ្សេងៗ​ទៀត ។ ការណ៍​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​តំបន់ និង​នាយក​ប្រចាំ​តំបន់​សម្រាប់​កិច្ចការ​ខាង​អាណាចក្រ ។

៣៥.២.២

អ្នកគ្រប់គ្រង​អគារ​សាសនាចក្រ​

អ្នកគ្រប់គ្រង​អគារ​ដែល​ជា​បុគ្គលិក​របស់​សាសនាចក្រ ជួយ​ស្តេក​នីមួយៗ​ឲ្យ​ដំណើរការ​សាលា​ប្រជុំ ។ គាត់​រៀបចំ​ការជួសជុល​ធំៗ ការសម្អាត​ពិសេស និង​ការថែទាំ​អគារ​ជា​ប្រចាំ ។

តាម​ដែល​ត្រូវការ អ្នកគ្រប់គ្រង​អគារ​ជួយ​បង្រៀន​ដល់​អ្នកតំណាង​អគារ​របស់​ស្តេក និង​វួដ អំពី​របៀប​សម្អាត​អគារ និង​ធ្វើ​ការងារ​ខាងក្នុង​ផ្សេងៗ​ទៀត ។ គាត់​ផ្ដល់​ការណែនាំ សម្ភារ និង​ឧបករណ៍ ។

អ្នកគ្រប់គ្រង​អគារ​ធ្វើការ​ជាមួយ​អ្នក​តំណាង​អគារ​ប្រចាំ​ស្តេក ដើម្បី​ចាត់ចែង​សេវា​ទាំងនេះ និង​ការថែទាំ​អគារ​ជា​ទូទៅ ។ គាត់​ក៏​អាច​ពិនិត្យ​មើល​ការចំណាយ​លើ​អគារ​ជាមួយ​នឹង​ប៊ីស្សព​ផងដែរ ។

៣៥.២.៣

ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់

ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រធាន​ស្តេក​នៅក្នុង​ដំណើរការ​ដាក់​ផែនការ​មេ ( សូមមើល ៣៥.៣ ) ។

៣៥.២.៤

គណៈប្រធាន​ស្តេក

គណៈប្រធាន​ស្តេក​ណែនាំ​ប៊ីស្សព​នៅក្នុង​ការប្រើប្រាស់ ការមើលថែ និង​សន្តិសុខ​ដល់​សាលាប្រជុំ ។ ពួកគាត់​ចាត់​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នកតំណាង​អគារ​ប្រចាំ​ស្ដេក ( សូមមើល ៣៥.២.៥ ) ។ ពួកគាត់​ប្រឹក្សា​ជាមួយ​នឹង​គាត់ ដើម្បី​ពិនិត្យ​មើល​ពី​សេចក្តី​ត្រូវការ និង​គម្រោង​នានា ។

ប្រសិនបើ​សមាជិក​ត្រូវការ​កន្លែង​បន្ថែម​ទៀត​សម្រាប់​ការថ្វាយ​បង្គំ នោះ​គណៈ​ប្រធាន​ស្ដេក​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ។ ការណ៍​នេះ​ធ្វើឡើង​តាមរយៈ​ដំណើរការ​ដាក់​ផែនការ​មេ ( សូមមើល ៣៥.៣ ) ។

៣៥.២.៥

អ្នកតំណាង​អគារ​ប្រចាំ​ស្តេក

អ្នកតំណាង​អគារ​ប្រចាំ​ស្តេក​ជួយ​គណៈប្រធាន​ស្តេក​នៅក្នុង​ការប្រើប្រាស់ ការមើលថែ និង​សន្តិសុខ​ដល់​សាលាប្រជុំ​ដោយ ៖

  • បង្រៀន​ដល់​អ្នកតំណាង​អគារ​ប្រចាំ​វួដ​អំពី​ភារកិច្ច​របស់​ពួកគេ ( សូមមើល ៣៥.២.៩ ) ។

  • ប្រគល់​កូនសោ​ទៅ​ថ្នាក់ដឹកនាំ​អង្គភាព ។

  • ទាក់ទង​ជាមួយ​នឹង​អ្នកគ្រប់គ្រង​អគារ​សាសនាចក្រ​អំពី​ការថែទាំ និង​តម្រូវការ​ផ្នែក​ប្រតិបត្តិការ​របស់​អគារ ។

៣៥.២.៦

អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​ស្តេក និង​វួដ

អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​ស្តេក និង​វួដ ជួយ​រៀបចំ និង​ថែទាំ​ផ្នែក​បច្ចេកវិទ្យា​នៅក្នុង​អគារ ។ នៅពេល​ឧបករណ៍​ថ្មី​ត្រូវការ​រៀប​ដំឡើង ពួកគេ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នកគ្រប់គ្រង​អគារ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការហៅ​បម្រើ​ទាំងនេះ សូម​មើល ៣៣.១០ ( សូមមើល​ផងដែរ​នៅលើ​គេហទំព័រ mhtech.ChurchofJesusChrist.org ) ។

៣៥.២.៧

គណៈ​ប៊ីស្សព

គណៈប៊ីស្សព ( ឬ​អ្នក​តំណាងអគារ​ប្រចាំ​វួដ ) បង្រៀន​សមាជិក​ពី​របៀប​ប្រើប្រាស់ មើលថែ និង​រក្សា​សន្តិសុខ​ដល់​សាលាប្រជុំ ។ គណៈប៊ីស្សព​ក៏​ប្រគល់​កូនសោ​ដល់​ថ្នាក់ដឹកនាំ​វួដ​ផងដែរ ។

ពួកគាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា សកម្មភាព​នៅក្នុង​អគារ និង​នៅលើ​បរិវេណ​អគារ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព ( សូមមើល ២០.៧ ) ។

ពួកគាត់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នកគ្រប់គ្រង​អគារ​សាសនាចក្រ​អំពី​ការថែទាំ និង​តម្រូវការ​ផ្នែក​ប្រតិបត្តិការ​របស់​អគារ ។ ពួកគាត់​ក៏​អាច​នឹង​ពិនិត្យ​មើល​ការចំណាយ​ដែល​ទាក់ទង​ជាមួយ​នឹង​អ្នកគ្រប់គ្រង​អគារ​ផងដែរ ។

៣៥.២.៨

ប៊ីស្សព​ជា​ភ្នាក់ងារ

ប្រសិនបើ​មាន​វួដ​លើស​ពី​មួយ​ជួបប្រជុំ​នៅក្នុង​អគារ​តែមួយ នោះ​គណៈប្រធាន​ស្តេក​ជ្រើសរើស​ប៊ីស្សព​ជា​ភ្នាក់ងារ​មួយ​រូប ដើម្បី​សម្របសម្រួល​ការចាត់តាំង​នានា​ជាមួយ​នឹង​ប៊ីស្សព​ដទៃ​ទៀត ។ ការចាត់តាំង​ទាំងនេះ​រួមមាន ការដាក់​កាលវិភាគ ការសម្អាត និង​ការរក្សា​សន្តិសុខ​អគារ ។ គណៈប្រធាន​ស្តេក​ផ្លាស់ប្ដូរ​ការទទួល​ខុសត្រូវ​នេះ​ជា​ទៀងទាត់​ពី​ប៊ីស្សព​មួយ​ទៅ​ប៊ីស្សព​មួយ​ទៀត ដែល​វួដ​របស់​ពួកគាត់​ជួប​នៅក្នុង​អគារ​នោះ ។

៣៥.២.៩

អ្នកតំណាង​អគារ​វួដ

គណៈប៊ីស្សព​កំណត់​ថា​តើ​ត្រូវ​ហៅ​អ្នកតំណាង​អគារ​ប្រចាំ​វួដ​ម្នាក់​ឬ​អត់ ។ ប្រសិនបើ​ពួកគាត់​សម្រេច​ចិត្ត​ថា​ត្រូវ​ផ្ដល់​ការហៅ​នេះ នោះ​គណៈប៊ីស្សព​អាច​ហៅ​សមាជិក​មជ្ឈិមវ័យ​ជា​បុរស ឬ​ស្ត្រី​ម្នាក់ ។ រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល ប្រសិន​បើ​អ្នក​តំណាងអគារ​ប្រចាំ​វួដ​មិន​ត្រូវបាន​ហៅ​ទេ នោះ​ប៊ីស្សព​អាច​ចាត់តាំង​ការទទួល​ខុសត្រូវ​នេះ​ទៅ​ទីប្រឹក្សា​មួយ​រូប​របស់​គាត់ ស្មៀន​វួដ ឬ​ជំនួយការ​ស្មៀន​វួដ ឬ​លេខា​ប្រតិបត្តិ ។

អ្នក​តំណាងអគារ​ប្រចាំ​វួដ​រៀបចំ​សមាជិក និង​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​សម្អាត និង​ថែទាំអគារ ។ គាត់​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​ធ្វើ​កិច្ចការ​នីមួយៗ ជាមួយ​នឹង​សម្ភារ និង​ឧបករណ៍​ដែល​មាន ។

ប្រសិន​បើចាំបាច់ គាត់​ទទួល​ការណែនាំ​មកពី​អ្នកតំណាង​អគារប្រចាំស្តេក អំពី​ការប្រតិបត្តិ​ការសំឡេង ម៉ាស៊ីន​កម្ដៅ ម៉ាស៊ីន​ត្រជាក់ និង​ប្រព័ន្ធ​អគារ​ផ្សេងៗ​ទៀត ។

៣៥.២.១០

សមាជិក

នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ថ្នាក់​ដឹកនាំ​ជា​មជ្ឈិមវ័យ និង​ជា​យុវជន​លើកទឹកចិត្ត​សមាជិក​ឲ្យ​ជួយ​ដល់​ការថែទាំ​អគារ ។ គណៈប៊ីស្សព និង​អ្នក​តំណាងអគារ​ប្រចាំ​វួដ កែសម្រួល​កិច្ចការ​ទាំងឡាយ​ទៅតាម​ជំនាញ និង​សមត្ថភាព​របស់​អ្នក​ដែល​ធ្វើ​កិច្ចការនោះ ។ ការមើលថែ​ជា​ទៀងទាត់​ដោយ​សមាជិក​ជួយ​ឲ្យ​ធនធាន​របស់​សាសនាចក្រ​ប្រើប្រាស់​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

៣៥.៣

ការផ្ដល់​សាលាប្រជុំ​ទាំងឡាយ

សាលាប្រជុំ​មាន​ទំហំ និង​ប្រភេទ​ខុសៗ​គ្នា ដោយ​ផ្អែក​ទៅលើ​តម្រូវការ និង​លក្ខខណ្ឌ​ក្នុង​មូលដ្ឋាន ។ សាលាប្រជុំ​មួយ​អាច​ជា​កន្លែង​សាងសង់​ដោយ​សាសនាចក្រ ឬ​កន្លែង​ដែល​បាន​ជាវ​ដោយ​សាសនាចក្រ ផ្ទះ​របស់​សមាជិក សាលា​រៀន​ក្នុង​មូលដ្ឋាន ឬ​មជ្ឈមណ្ឌល​ក្នុង​សហគមន៍ កន្លែង​ជួល ឬ​ជម្រើស​ដែល​បាន​អនុម័ត​ផ្សេងទៀត ។

ថ្នាក់ដឹកនាំ​ក្នុង​តំបន់ និង​មូលដ្ឋាន ត្រូវ​ខិតខំ​ព្យាយាម​ដើម្បី​ប្រើប្រាស់​សាលាប្រជុំ​ដែល​មាន​ស្រាប់​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ធ្វើ​ការផ្ដល់​អនុសាសន៍​ប្រកប​ដោយ​ភាពឈ្លាសវៃ​ក្នុង​ការរៀបចំ​កន្លែង​បន្ថែម​ទៀត ។ ពួកគាត់​ធ្វើតាម « គោលការណ៍ និង​សេចក្តីណែនាំ​សម្រាប់​ការផ្តល់​សាលាប្រជុំ » ( គោលការណ៍​ណែនាំ​ការដាក់​ផែនការ​មេ​សម្រាប់​សាលាប្រជុំ [ ឆ្នាំ ២០២១ ] ) ។

ថ្នាក់​ដឹកនាំ​រៀបចំ​ផែនការ​មេ​ប្រចាំ​ឆ្នាំ ដោយ​ប្រើប្រាស់ គោលការណ៍​ណែនាំ​ការដាក់​ផែនការ​មេ​សម្រាប់​សាលាប្រជុំ ( ឆ្នាំ ២០២១ ) ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សាលាប្រជុំ​មាន​ទីកន្លែង​គ្រប់គ្រាន់ ។ ថ្នាក់ដឹកនាំ​ក៏​ប្រើប្រាស់​ផែនការ​មេ​នេះ ដើម្បី​វាយ​តម្លៃ​ពី​តម្រូវការ​នា​ពេល​អនាគត​ផងដែរ ដើម្បី​បន្ថែម​កន្លែង​ប្រជុំ ឬ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ ដែល​លក់ ឬ​អនុញ្ញាត​ឲ្យ​មាន​ការប្រើប្រាស់​ផ្សេងៗ​ទៀត​សម្រាប់​សាលាប្រជុំ និង​ទ្រព្យសម្បត្តិ ។

សូមមើល « ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត » ( ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត ) សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ។

៣៥.៣.១

ពិធីបើក​ការដ្ឋាន​សាងសង់ និង​ការឧទ្ទិសឆ្លង​អគារ

ពិធីបើក​ការដ្ឋាន​សាងសង់​អាច​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ការសាងសង់ ។ នៅពេល​ធ្វើ​រួចហើយ នោះ​អគារ​ថ្មីៗ និង​ការបន្ថែម​ធំៗ​គួរតែ​ត្រូវបាន​ឧទ្ទិសឆ្លង​ឲ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន ។ កន្លែង​ដែល​ជួល​ក៏​អាច​ត្រូវបាន​ឧទ្ទិស​ឆ្លង​ផងដែរ ។

សូមមើល​ផ្នែក « ពិធីបើក​ការដ្ឋាន​សាងសង់ » និង « ការឧទ្ទិសឆ្លង​អគារ » នៅក្នុង « ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត » ( ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត ) សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ។

៣៥.៤

ការថែទាំ​សាលាប្រជុំ

៣៥.៤.១

ការសម្អាត និង​ការ​ថែទាំ​សាលាប្រជុំ

ថ្នាក់ដឹកនាំ និង​សមាជិក​ក្នុង​មូលដ្ឋាន រួមទាំង​យុវវ័យ មាន​ទំនួលខុសត្រូវ​ក្នុង​ការ​ជួយ​រក្សា​អគារ​នីមួយៗ​ឲ្យ​បាន​ស្អាត និង​នៅក្នុង​ស្ថានភាព​ល្អ​ប្រសើរ ។ ការណ៍​នេះ​ជួយ ៖

  • រក្សា​លក្ខណៈ​ពិសិដ្ឋ​របស់​អគារ ជា​កន្លែង​មួយ​ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ​បាន ។

  • លើក​ទឹកចិត្ត​ឲ្យ​មាន​គារវភាព ។

  • តំណាង​ឲ្យ​រូបភាព​នៃ​សេចក្តី​ថ្លៃថ្នូរ និង​ការគោរព ។

  • ពន្យារ​អាយុកាល​ប្រើប្រាស់​របស់​អាគារ ។

កាលវិភាគ​សម្អាត​មិនគួរ​ជា​បន្ទុក​ទៅលើ​សមាជិក​នោះ​ទេ ។ ឧទាហរណ៍ ប្រសិនបើ​ធ្វើដំណើរ​ទៅ​អគារ​នោះ​គឺ​ជា​ការលំបាក នោះ​សមាជិក​អាច​ធ្វើ​ការសម្អាត ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ប្រចាំ​សប្តាហ៍ នៅពេល​ពួកគេ​នៅឯ​សាលា​ប្រជុំ​រួច​ទៅ​ហើយ ។

សូមមើល « ការថែទាំ​សាលាប្រជុំ » ( ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត ) សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ។

៣៥.៤.២

ការស្នើសុំ​ការជួសជុល

សមាជិក​ក្រុមប្រឹក្សា​វួដ និង​ស្តេក អាច​រាយការណ៍​ពី​តម្រូវការ​នានា​សម្រាប់​ការជួសជុល​អគារ​បាន ។ ការណ៍​នេះ​អាច​ត្រូវបាន​ធ្វើ​ឡើង ដោយ​ប្រើប្រាស់​ឧបករណ៍ ការរាយការណ៍​បញ្ហា​អគារ ( រ.ប.អ. ) ។ រ.ប.អ. ជួយ​ថ្នាក់​ដឹកនាំ​ឲ្យ​បញ្ជូន តាមដាន​ដំណើរការ និង​ផ្ដល់​យោបល់​លើ​ការជួលជុល និង​សំណើ​ផ្សេងៗ​ទៀត ។ សមាជិក​ក្រុមប្រឹក្សា​ក៏​អាច​ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​អគារ​ដើម្បី​សុំ​ជំនួយ​ផងដែរ ។

រ.ប.អ. ក៏​មាន​ជា​កម្មវិធី​នៅក្នុង Google Play និង Apple App Store ផងដែរ ។ ការណែនាំ​សម្រាប់​ការប្រើប្រាស់ រ.ប.អ. មាន​នៅក្នុង មជ្ឈមណ្ឌល​ជំនួយ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

៣៥.៤.៣

ការត្រួត​ពិនិត្យ​សាលា​ប្រជុំ

គ្រប់​អគារ​ត្រូវបាន​ត្រួតពិនិត្យ​ជា​ប្រចាំ​ឆ្នាំ​ដោយ​អ្នកគ្រប់គ្រង់​អគារ ។ គោលបំណង​គឺ​ដើម្បី​កំណត់​ពី​តម្រូវការ​របស់​អគារ​ក្នុង​រយៈពេល​វែង និង​ការជួសជុល​នានា ។ បន្ទាប់​មក អ្នកគ្រប់គ្រង​អគារ​ពិភាក្សា​អំពី​លទ្ធផល​នៃ​ការត្រួត​ពិនិត្យ និង​សកម្មភាព​ដែល​ត្រូវការ ជាមួយ​នឹង​អ្នកតំណាង​អគារ​ប្រចាំ​ស្តេក ឬ​ក៏​ប៊ីស្សព​ជា​ភ្នាក់ងារ ។

៣៥.៤.៤

ការសន្សំ​ថាមពល​អគិ្គសនី និង​ទឹក

សាសនាចក្រ​ខិតខំ​សន្សំ​សំចៃ​ទឹក អគ្គិសនី និង​ធនធាន​ផ្សេងៗ​ទៀត ។ ថ្នាក់ដឹកនាំ​លើកទឹកចិត្ត​សមាជិក​ឲ្យ​សន្សំ​ថាមពល​អគ្គិសនី និង​ទឹក​នៅក្នុង​អគារ ។ ឧទាហរណ៍ នៅពេល​សមាជិក​ចាកចេញ​ពី​បន្ទប់​មួយ នោះ​ពួកគេ​គួរតែ​បិទ​ភ្លើង បិទទឹក ព្រមទាំង​ម៉ាស៊ីន​កម្ដៅ និង​ម៉ាស៊ីន​ត្រជាក់ ឬ​ក៏​អ្វីៗ​ដែល​បាន​ប្រើប្រាស់​អំឡុង​ការប្រជុំ ឬ​សកម្មភាព​នោះ ។ សមាជិក​រាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ អំពី​រាល់​ស្ថានភាព​ដែល​រួមចំណែក​ដល់​ការខ្ជះខ្ជាយ ។

សមាជិក​ក៏​អាច​គាំទ្រ​ដល់​គម្រោង​សន្សំ​ថាមពល​អគ្គិសនី និង​ទឹក​ដែល​គាំទ្រ​ដោយ​សហគមន៍ ។ កិច្ចប្រឹងប្រែង​ទាំងនេះ​អាច​កាត់បន្ថយ​ថ្លៃ​ទឹក​ភ្លើង​បាន ។

ថ្នាក់ដឹកនាំ និង​សមាជិក​អាច​ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​អគារ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការប្រើប្រាស់ និង​ការសន្សំ​សំចៃ​ទឹក និង​អគ្គិសនី ។

៣៥.៤.៥

សុវត្ថិភាព និង​សន្តិសុខ

ថ្នាក់ដឹកនាំ និង​សមាជិក​គួរតែ ៖

  • រក្សា​ច្រក​ផ្លូវ ជណ្តើរ ច្រកចេញ និង​បន្ទប់​ឧបករណ៍​ប្រើប្រាស់​ឲ្យ​ស្រឡះ​សម្រាប់​ការ​ចេញចូល​ដោយ​សុវត្ថិភាព ។

  • កុំ​ប្រើ ឬកុំ​រក្សា​ទុក​វត្ថុ​គ្រោះថ្នាក់ ឬ​ងាយ​ឆេះ​នៅក្នុង​អគារ​ឡើយ ( សូមមើល​ផងដែរ ៣៥.៥.១៤ ) ។

  • បង្កើត និង​ធ្វើតាម​នីតិវិធី​ចាក់សោ​អគារ ។

  • រក្សា​ឧបករណ៍​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ​ឲ្យ​មាន​សុវត្ថិភាព​ពី​ចោរ ។

  • ដឹង​ពី​របៀប​បិទ​របស់​ប្រើប្រាស់ ដូចជា​ទឹក អគ្គិសនី និង​ហ្គាស ឬ​ប្រេង ។

តាម​ដែល​ចាំបាច់ អ្នកគ្រប់គ្រង​អគារ​អាច​ផ្ដល់​ផែនទី​មួយ ដែល​បង្ហាញ​ពី​បំពង់​ពន្លត់​អគ្គិភ័យ កញ្ចប់​ជំនួយ​បឋម និង​ទីតាំង​ដើម្បី​បិទ​ទឹក​ភ្លើង ។ ព័ត៌មាន​បន្ថែម​ទៀត​អំពី​សុវត្ថិភាព​មាន​នៅក្នុង​ផ្នែក « សន្តិសុខ និង​នីតិវិធី​ចាក់សោ​អគារ » នៅក្នុង « ការថែទាំ​សាលាប្រជុំ » ( ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត ) ។ សូមមើល​ផងដែរ ២០.៧ ។

៣៥.៥

គោលន​យោបាយ​អំពី​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ

សាសនាចក្រ​គឺជា​ម្ចាស់ ជួល ឬ​អនុម័ត​អគារ និង​ទ្រព្យសម្បត្តិ​ទាំងអស់​សម្រាប់​ការប្រើប្រាស់​របស់​វួដ​ក្នុង​មូលដ្ឋាន​ទាំងឡាយ ។ អគារ និង​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ថ្វាយ​បង្គំ ការបង្រៀន​ខាង​សាសនា និង​សកម្មភាព​ដែល​ជាប់​ទាក់​ទង​នឹង​សាសនាចក្រ​ដទៃ​ទៀត ។

ផ្នែក​នេះ​រួមមាន​គោលន​យោបាយ​អំពី​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ​ផងដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត គឺ​មាន​នៅ « ព័ត៌មាន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​គ្រឿង​បរិក្ខារ​ក្នុង​សាលា​ប្រជុំ » ( ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត ) ។ ធនធាន​នេះ​រួមមាន​ព័ត៌មាន​អំពី​ឧបករណ៍ តម្លៃ ការប្រើប្រាស់​ទ្រព្យសម្បត្តិ​សាសនាចក្រ​ដែល​នៅ​ទំនេរ និង​ប្រធានបទ​ផ្សេងៗ​ទៀត ។

៣៥.៥.១

រូបគំនូរ

សាលាប្រជុំ​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​នៃ​គារវភាព​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ និង​ថ្លែង​ទីបន្ទាល់​អំពី​ការជឿ​របស់​សមាជិក​ទៅលើ​ទ្រង់ ។ រូបគំនូរ​ដែល​ពិពណ៌នា​អំពី​ព្រះយេស៊ូវគ្រីស្ទ គួរតែ​មាន​ដាក់​នៅ​តាម​តំបន់​ច្រក​ដើរ​របស់​សាលា​ប្រជុំ ដើម្បី​បង្ហាញ​ពី​ជំនឿ​ដ៏​សំខាន់​បំផុត​នេះ ។ តំបន់​ច្រក​ដើរ​មិនគួរ​មានការ​រំខាន ដូចជា កន្លែង​ដាក់បង្ហាញ​សាច់រឿង ក្តារតាំង​ព័ត៌មាន តុ ជើងទ្រ​នោះ​ឡើយ ។ រូបគំនូរ​ដែល​ពិពណ៌នា​អំពី​ព្រះយេស៊ូវគ្រីស្ទ ឈុត​ឆាក​ពី​ព្រះគម្ពីរ និង​ប្រវត្តិ​សាសនាចក្រ គឺ​សមរម្យ​សម្រាប់​ផ្លូវដើរ និង​ថ្នាក់រៀន ។

ប្រធាន​ស្តេក ឬ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ដែល​បាន​ចាត់តាំង​ដទៃ​ទៀត ជ្រើសរើស​រូបគំនូរ​ពី​កាតាឡុក​រូបគំនូរ​ដែល​បាន​អនុម័ត​ដោយ​សាសនាចក្រ​សម្រាប់​សាលាប្រជុំ ។ អ្នកគ្រប់គ្រង​អគារ​អាច​ចែកចាយកាតាឡុក​រូបគំនូរ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ នៅពេល​ត្រូវការ​រូបគំនូរ​ថ្មី ។ ជា​ធម្មតា រូបគំនូរ​មក​ពី​ប្រភព​ផ្សេងៗ​ទៀត​មិន​ត្រូវបាន​អនុញ្ញាត​នោះ​ទេ ។ ការស្នើសុំ​សម្រាប់​ករណី​លើក​លែង ត្រូវ​តែ​បាន​ធ្វើ​ឡើង​តាមរយៈ​អ្នកគ្រប់គ្រង​អគារ ។

រូប​គំនូរ​ទាំង​នោះ​មិន​ត្រូវ​ដាក់​នៅ​ក្នុង​រោងជំនុំ ឬ​ក្បែរ​អាង​ជ្រមុជ​ទឹក​ឡើយ ។ រូបសំណាក បូជនីយដ្ឋាន វត្ថុរំឭក ផ្ទាំងគំនូរ​លើ​ជញ្ជាំង និង​រូប​សិល្បៈ​ដែល​ផ្គុំ​ពី​បំណែក​តូចៗ មិនត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង ឬ​ខាងក្រៅ​អគារ​នោះទេ ។ គោលនយោបាយ​នេះ​ប្រហែល​ជា​មិន​អនុវត្ត​ចំពោះ​រូបគំនូរ​ដែល​បាន​តាំង​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ​ទេ ។

៣៥.៥.២

ការប្រើប្រាស់​អគារ​ដែល​មិន​ត្រូវបាន​អនុញ្ញាត

៣៥.៥.២.១

ការប្រើ​ប្រាស់​លក្ខណៈ​ពាណិជ្ជកម្ម

ទ្រព្យសម្បត្តិ​សាសនាចក្រ​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ខាង​ពាណិជ្ជកម្ម​ទេ ។ ជា​ឧទាហរណ៍ វា​មិនអាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​អាជីវកម្ម​គ្រប់​ប្រភេទ ( សូមមើល ៣៨.៨.៥ ) ។ ការប្រើប្រាស់​បែបនោះ​មិន​សមស្រប​ទៅនឹង​គោលបំណង​នៃ​ទ្រព្យសម្បត្តិ​សាសនាចក្រ​នោះ​ទេ ។ វា​ក៏​អាច​ប្រឆាំង​នឹង​ច្បាប់​ក្នុង​មូលដ្ឋាន ឬ​ច្បាប់​ជាតិ​ផងដែរ ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ការលើកលែង​ពន្ធ​លើ​ទ្រព្យសម្បត្តិ​សាសនាចក្រ​នោះ ( សូមមើល ៣៤.៨.១ ) ។

ខាង​ក្រោម​នេះ​ផ្តល់​ជា​ឧទាហរណ៍​អំពី​ការ​ប្រើ​ប្រាស់​លក្ខណៈ​ពាណិជ្ជកម្ម​ដែលមិន​អនុម័តឲ្យ ៖

  • ការផ្សព្វផ្សាយ ឬ​ការឧបត្ថម្ភ​អាជីវកម្ម ឬ​ការវិនិយោគ

  • ការទិញ ការលក់ ឬការ​ផ្សព្វផ្សាយ​អំពី​ផលិតផល សេវាកម្ម ការបោះពុម្ព ឬ​កិច្ចការ​ច្នៃ​ប្រឌិត

  • ការធ្វើ​សកម្មភាព​រៃអង្គាស​មូលនិធិ​ដោយ​គ្មាន​ការអនុញ្ញាត ( សូមមើល ២០.៦.៥ )

  • ការធ្វើ​កម្មវិធី​ដែល​មាន​វាគ្មិន ឬ​គ្រូ ដែល​ជ្រើសរើស​អ្នកចូលរួម ស្វែងរក​អតិថិជន ឬ​ត្រូវ​បង់ថ្លៃ​នៅពេល​ផ្តល់​សិក្ខាសាលា មេរៀន ( លើកលែង​តែ​ការបង្រៀន​ព្យាណូ ឬ​ព្យាណូ​ខ្យល់​ប៉ុណ្ណោះ សូមមើល ១៩.៧.២ ) ថ្នាក់​ហាត់ប្រាណ ឬ​សកម្មភាព​ផ្សេងៗ​ទៀត

៣៥.៥.២.២

គោលបំណង​ខាង​នយោបាយ​

អគារ​សាសនាចក្រ​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ខាង​នយោបាយ​ទេ ។ ទាំងនេះ​រួមមាន​ទាំង​ការធ្វើការ​ប្រជុំ ឬ​ការឃោសនា​ខាង​នយោបាយ ។ សាសនាចក្រ​គឺ​មាន​ភាពអព្យាក្រឹត​ខាង​នយោបាយ ( សូមមើល ៣៨.៨.២៩ ) ។

៣៥.៥.២.៣

ការប្រើ​ប្រាស់​ផ្សេងៗ​ទៀត

ការប្រើប្រាស់​ផ្សេងៗ​ទៀត​នៃ​ទ្រព្យសម្បត្តិ​សាសនាចក្រ ដែល​មិន​ត្រូវបាន​អនុញ្ញាត ៖

  • ការរៀបចំ​ធ្វើ​ព្រឹត្តិការណ៍​អត្តពលកម្ម ឬ​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ដែល​មិន​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ ។ ក្រុមចម្រៀង​ក្នុង​សហគមន៍ និង​អាពាហ៍ពិពាហ៍​ស៊ីវិល អាច​ជា​ការលើកលែង ( សូមមើល ១៩.៧.៣ អំពី​ក្រុមចម្រៀង និង ៣៨.៣.៤ អំពី​អាពាហ៍ពិពាហ៍​ស៊ីវិល ) ។

  • ការអនុញ្ញាត​ឲ្យ​ស្នាក់នៅ​ពេលយប់ ( លើកលែង​ក្នុង​ពេលអាសន្ន សូមមើល ៣៥.៥.៤ ) ។

  • ការបោះជំរំ ឬ​សកម្មភាព​ផ្សេងៗ​ទៀត ដែល​មាន​ការដេក​ពេល​យប់ ។

ជាទូទៅ ការប្រើប្រាស់​ខាងក្រោម​នេះ​មិន​ត្រូវបាន​អនុម័ត​នោះទេ ។ ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ទាក់ទង​អ្នក​គ្រប់គ្រង​អគារ ប្រសិន​បើ​ពួកគាត់​មាន​អារម្មណ៍​ថា​ត្រូវការ​ការលើក​លែង ។

  • ការជួល​អគារ និង​ទ្រព្យសម្បត្តិ​សាសនាចក្រ

  • ការប្រើប្រាស់​ទ្រព្យសម្បត្តិ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ខាង​នយោបាយ ឬ​ជា​កន្លែង​បោះឆ្នោត ជា​ការលើកលែង​មួយ​ដែល​អាច​ត្រូវបាន​ធ្វើ​ឡើង ដោយ​ការស្នើសុំ​ពី​មន្ត្រី​រដ្ឋាភិបាល នៅពេល​ដែល​ពុំ​មាន​ទីកន្លែង​ផ្សេងទៀត ហើយ​ព្រឹត្តិការណ៍​នោះ​នឹង​មិន​ប៉ះពាល់​ដល់​រូបភាព ឬ​ជំហរ​អព្យាក្រឹត​របស់​សាសនាចក្រ​នោះ​ទេ ( សូមមើល ៣៥.៥.៨ )

៣៥.៥.៣

ការតុបតែង​លម្អ

ការតុបតែ​លម្អ​សម្រាប់​សកម្មភាព​បុណ្យទាន ពិធី​ទទួល​ភ្ញៀវ​អាពាហ៍ពិពាហ៍ និង​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​ទាំងឡាយ អាច​ត្រូវបាន​តុបតែង​ជា​បណ្ដោះអាសន្ន​នៅ​ខាងក្នុង និង​ខាងក្រៅ​អគារ ។ គ្រឿង​តុបតែង​លម្អ​ទាំងឡាយ​មិន​អាច​ដាក់​នៅក្នុង​រោងជំនុំ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ទេ លើកលែង​តែ​ផ្កា ។ ការតុបតែ​លម្អ​មិន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ឡើង​នៅក្នុង​ច្រក​ផ្លូវ​ទេ ដើម្បី​រក្សា​ការផ្ដោត​លើ​គារវភាព​ចំពោះ​ព្រះអង្គ​សង្រ្គោះ ។

ការតុបតែង​លម្អ​គួរតែ​មាន​ភាពសមរម្យ និង​មិន​ចំណាយ​ថ្លៃ​ច្រើន ។ ការតុបតែង​លម្អ​ត្រូវតែ​គ្មាន​គ្រោះ​អន្តរាយ​នាំឲ្យ​មាន​ភ្លើង​ឆេះ​ឡើយ ។ ក្បួន​ច្បាប់​អគ្គិភ័យ និង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន និង​ពិធីបរិសុទ្ធ​នានា​គួរតែ​ត្រូវបាន​អនុវត្ត​តាម​ជានិច្ច ។

៣៥.៥.៤

ភាពអាសន្ន

អំឡុង​ពេល​អាសន្ន គណៈប្រធាន​ស្តេក​សម្រេច​ចិត្ត​ថា​តើ​គួរតែ​ធ្វើ​ការប្រជុំ​វួដ និង​ស្តេក​ឬ​អត់ ។ គាត់​ក៏​អាច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អគារ និង​ទ្រព្យសម្បត្តិ​សាសនាចក្រ ដោយ​ភ្នាក់ងារ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​សម្រាប់​កិច្ចខិតខំ​ដែល​ទាក់ទង​ផងដែរ ( សូមមើល ៣៥.៥.៨ ) ។ គាត់​ធ្វើការ​ជាមួយ​នឹង​អ្នកគ្រប់គ្រង​អគារ ឬ​អ្នកតំណាង​សាសនាចក្រ​ដទៃ​ទៀត ដែល​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គណៈប្រធាន​តំបន់​តាម​ដែល​ត្រូវការ​ផងដែរ ( សូមមើល ២២.៩.១.៣ ) ។

៣៥.៥.៥

កាំភ្លើង និង​អាវុធ​ទាំងឡាយ

កាំភ្លើង និង​អាវុធ​ប្រហារ​ជីវិត​ទាំងឡាយ មិន​ត្រូវបាន​អនុញ្ញាត​នៅលើ​ទ្រព្យសម្បត្តិ​សាសនាចក្រ​បាន​ឡើយ ។ ការណ៍​នេះ​រួមមាន​ទាំងអាវុធ​ដែល​លាក់​មិន​ឲ្យ​គេ​ឃើញ​ផងដែរ ។ ការណ៍​នេះ​មិន​អនុវត្ត​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ឡើយ ។

៣៥.៥.៦

ទង់ជាតិ

ទង់ជាតិ​នៃ​ប្រជាជាតិ​ខ្លួន​អាច​ចង​បង្ហោះ​នៅក្នុង​បរិវេណ​សាសនាចក្រ​គ្រប់​ពេល ដរាប​ណា​វា​ស្រប​ទៅតាម​គោលការណ៍​ណែនាំ​ក្នុង​មូលដ្ឋាន ។ ទង់ជាតិ​អាច​ត្រូវបាន​ដាក់តាំង​នៅក្នុង​អគារ​សាសនាចក្រ​ក្នុង​ឱកាស​ពិសេសៗ ។ ការស្នេហា​ជាតិ​មិន​តម្រូវ​ឲ្យ​ដាក់​ទង់ជាតិ​ជា​ប្រចាំ​នៅ​កន្លែង​ថ្វាយបង្គំ​នោះ​ទេ ។

៣៥.៥.៧

ការអភិរក្ស​ប្រវត្តិសាស្ត្រ

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការរក្សា​ទ្រព្យសម្បត្តិ ឬ​អគារ​សាសនាចក្រ សូមមើល « ការអភិរក្ស​ប្រវត្តិសាស្ត្រ » ( ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត ) ។ សម្រាប់​ព័ត៌មាន​អំពី​ការថែ​រក្សា​វត្ថុបុរាណ ការងារ​សិល្បៈ ឬ​ឯកសារ​នានា សូមមើល ៣៣.៧.២ ។

៣៥.៥.៨

ការប្រើប្រាស់​ទ្រព្យសម្បត្តិ​សាសនាចក្រ​ដោយ​មិន​រក​ប្រាក់​ចំណេញ

ដោយ​ការស្នើសុំ​ពី​ប្រធាន​ស្តេក នោះ​អ្នកគ្រប់គ្រង​អគារ​អាច​អនុញ្ញាត​ឲ្យមាន​ការប្រើប្រាស់​ដោយ​ក្រុម​មិន​រក​ប្រាក់​ចំណេញ​នៅក្នុង​សហគមន៍​តាម​ការចាំបាច់​បាន ។ អ្នកគ្រប់គ្រង​អគារ​អនុញ្ញាត​ការណ៍​នេះ​ដោយ​ការចុះ​ហត្ថលេខា កិច្ច​ព្រមព្រៀង​ការប្រើប្រាស់​បណ្ដោះអាសន្ន ( បាន​មក​ពី​ការិយាល័យ​តំបន់ ) ។ វិញ្ញាបនបត្រ​ធានា​រ៉ាប់រង​ក៏​អាច​តម្រូវ​ឲ្យ​មាន​ផងដែរ អាស្រ័យ​លើ​ច្បាប់​ក្នុង​មូលដ្ឋាន ។

ការប្រើប្រាស់​បណ្ដោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​សាសនាចក្រ គួរតែ​ធ្វើតាម​គោលការណ៍​ណែនាំ​ទាំងនេះ ៖

  • អ្នកដឹកនាំ​ក្នុង​មូលដ្ឋាន​ម្នាក់​គួរតែ​មាន​វត្តមាន ។

  • ថ្នាក់ដឹកនាំ​សាសនាចក្រ​មាន​សិទ្ធិ​សុំ​ដល់​ក្រុម​ណា​ក៏​ដោយ ឲ្យ​ឈប់​ប្រើប្រាស់​ទ្រព្បសម្បត្តិ​នោះ នៅពេល​ណា​ក៏​បាន និង​ដោយ​មូលហេតុ​ណា​ក៏​បាន ។

  • ការប្រើប្រាស់​នោះ​គួរតែ​សមស្រប​ទៅនឹង​គោលបំណង​របស់​អគារ និង​ជាមួយ​នឹង​ស្ថានភាព​លើកលែង​ពន្ធ​របស់​សាសនាចក្រ នៅ​កន្លែង​ណា​ដែល​អនុវត្ត ។

  • ការប្រើប្រាស់​នោះ​មិន​គួរ​ធ្វើ​ឡើង​ចំ​ថ្ងៃ​មាន​សកម្មភាព​សាសនាចក្រ​ដែល​បាន​ដាក់​កាលវិភាគ​ហើយ​នោះ​ទេ ។

  • បទដ្ឋាន​របស់​សាសនាចក្រ​គប្បី​ប្រកាន់ខ្ជាប់​ជានិច្ច​នៅលើ​បរិវេណ​នោះ ។

  • ការប្រើប្រាស់​ធនធាន​របស់​សាសនាចក្រ​មិន​គួរបង្កើត​ឲ្យ​មាន​គ្រោះ​ហានិភ័យ​ដល់​អ្នកចូលរួម ឬ​បង្ក​ឲ្យមាន​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​ឡើយ ។

  • ការប្រើប្រាស់​នោះ​មិន​គួរ​ធ្វើ​ឲ្យ​សាសនាចក្រ​មាន​ការទទួល​ខុសត្រូវ ឬ​មាន​ការរំខាន​ដល់​អ្នកជិតខាង​នោះ​ឡើយ ។

ការកក់ទុក​ជំរំ​កម្សាន្ត​របស់​សាសនាចក្រ​មិន​គួរ​ធ្វើ​ឡើង​ជំនួស​អង្គការ​សហគមន៍ ក្រុមហ៊ុន​អាជីវកម្ម និង​បុគ្គល​ដែល​មាន​ជំនឿ​ផ្សេង​នោះទេ ។ ទោះ​ជា​យ៉ាងក្ដី សមាជិក​សាសនាចក្រ​ស្វាគមន៍​ឲ្យ​អញ្ជើញ​មិត្តភក្ដិ​របស់​ពួកគេ​ដែល​មាន​ជំនឿ​ផ្សេង​ឲ្យ​មក​ចូលរួម​នឹង​ពួកគេ​បាន ។

៣៥.៥.៩

ចំណត​យានជំនិះ

ការប្រើប្រាស់​ចំណត​យានជំនិះ​របស់​សាសនាចក្រ​គួរតែ​ស្របតាម​គោលការណ៍​ណែនាំ​នៅក្នុង ៣៥.៥.៨ ។ បន្ថែម​ពី​នោះទៀត ចំណត​យានជំនិះ​មិនគួរ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នក​ធ្វើ​ដំណើរ ឬ​ដោយ​ក្រុម ឬ​បុគ្គល​ដទៃ​ទៀត ដោយ​គ្មាន​ការអនុញ្ញាត​មកពី​នាយក​ខាង​កិច្ចការ​អាណាចក្រ​នោះ​ទេ ។ ថ្នាក់​ដឹកនាំ​អាច​ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​អគារ​ចំពោះ​សំណើ​ទាំងឡាយ ។ យានជំនិះ​ផ្ទាល់ខ្លួន និង​ឧបករណ៍​ដទៃ​ទៀត​មិន​អាច​ទុក​នៅក្នុង​បរិវេណ​សាសនាចក្រ​ឡើយ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ចំណត​យាន​ជំនិះ និង​ចំណត​ដែល​អាច​ចត​បាន សូមមើល « ចំណត​យានជំនិះ​របស់​សាលាប្រជុំ » ( ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត ) ។

៣៥.៥.១០

ការថត​រូបថត និង​ការថត​វីដេអូ​អំឡុង​ការប្រជុំ​សាក្រាម៉ង់

ការប្រជុំ​សាក្រាម៉ង់​គឺ​ពិសិដ្ឋ ។ ដោយសារ​ហេតុផល​នេះ ការថតរូប ឬ​ការថត​សំឡេង ឬ​ថត​វីដេអូ មិន​ត្រូវបាន​អនុញ្ញាត​ឡើយ ។

សម្រាប់​ព័ត៌មាន​អំពី​ការចាក់ផ្សាយ ឬ​ការមើល​ការប្រជុំ​សាក្រាម៉ង់ និង​ការប្រជុំ​ផ្សេងៗ​ទៀត សូមមើល ២៩.៧ ។

៣៥.៥.១១

ទ្រព្យ​សម្បត្តិ​សម្រាប់​កម្សាន្ត

សម្រាប់​ព័ត៌មាន​អំពី​ការគ្រប់គ្រង​ជំរំ​កម្សាន្ត ឬ​ទ្រព្យសម្បត្តិ​សម្រាប់​កម្សាន្ត សូមមើល « ជំរំ​កម្សាន្ត » ( ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗទៀត ) ។ ដើម្បី​កក់​ជំរំ ឬ​ទ្រព្យសម្បត្តិ​សម្រាប់​ការកម្សាន្ត សូមមើល​គេហទំព័រ camping.ChurchofJesusChrist.org ។

៣៥.៥.១២

តំបន់​បម្រើ​អាហារ

អ្នក​អាច​ផ្ដល់​អាហារ និង​អាហារ​សម្រន់​នៅក្នុង​សាលាប្រជុំ​បាន ។ ទោះជា​យ៉ាង​ណា អាហារ​មិន​គួរត្រូវបាន​រៀបចំ ឬ​ចម្អិន​នៅក្នុង​ផ្ទះបាយ និង​តំបន់​បម្រើ​នៅក្នុង​សាលា​ប្រជុំ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ អាហារ​គួរតែ​ត្រូវបាន​រៀបចំ​នៅកន្លែង​ផ្សេង​ឲ្យ​ហើយ រួច​ចាំ​យក​មក​សាលាប្រជុំ ។ ផ្ទះបាយ និង​តំបន់​បម្រើ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រក្សា​អាហារ​ឲ្យ​នៅ​ក្ដៅ ឬ​ត្រជាក់ ។ គោលការណ៍​ណែនាំ​ទាំងនេះ​កាត់បន្ថយ​ហានិភ័យ​នៃ​អគ្គិភ័យ ហើយ​ជួយ​អនុវត្ត​តាម​គោលនយោបាយ​គ្រប់គ្រង​ម្ហូប​អាហារ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូមមើល​គេហទំព័រ safety.ChurchofJesusChrist.org ។

ការបង្ហាញ​ពី​ការរៀបចំ​អាហារ​គឺ​ជា​ការលើកលែង​តែ​មួយ​ចំពោះ​គោលការណ៍​ណែនាំ​នេះ អំពី​ការរៀបចំ និង​ការចម្អិន​អាហារ​នៅក្នុង​ផ្ទះបាយ និង​តំបន់​បម្រើ​របស់​សាលាប្រជុំ ។

៣៥.៥.១៣

ស្លាក​សញ្ញា​ទាំងឡាយ

ប្រសិន​បើ​ប្រធាន​ស្តេក​មាន​សំណួរ​អំពី​ស្លាក​សញ្ញា​នានា​សម្រាប់​អគារ​សាសនាចក្រ នោះ​គាត់​អាច​ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​អគារ​បាន ។

៣៥.៥.១៤

ឃ្លាំង​ស្តុក

មានតែ​ឧបករណ៍​សម្រាប់​ការថែទាំ និង​សម្ភារ​ដែល​មាន​ការអនុញ្ញាត​ប៉ុណ្ណោះ​ដែល​អាច​ស្តុកទុក​នៅក្នុង​អគារ​បាន ។ សម្ភារ​សុខុមាលភាព​អាច​ទុក​នៅក្នុង​សាលាប្រជុំ​បាន​អំឡុង​ពេលមាន​ភាពអាសន្ន ( សូមមើល ៣៥.៥.៤ ) ។ ថ្នាក់​ដឹកនាំ​អាច​ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​អគារ​បើ​មាន​សំណួរ​នានា ។

៣៥.៥.១៥

អាពាហ៍ពិពាហ៍ និង​ពិធី​ទទួល​ភ្ញៀវ

អាពាហ៍ពិពាហ៍ និង​ពិធី​ទទួល​ភ្ញៀវ​អាច​ធ្វើ​ឡើង​បាន​នៅក្រោម​កាលៈទេសៈ​ដូច​តទៅ​នេះ ៖

  • វា​ត្រូវតែ​សមស្រប​ជាមួយ​នឹង​បទដ្ឋាន​របស់​សាសនាចក្រ ( សូមមើល ២០.២.៣ ) ។

  • វា​មិនត្រូវ​រំខាន​ដល់​កាលវិភាគ​នៃ​ការប្រជុំ​របស់​សាសនាចក្រ​នោះ​ទេ ។

  • ពិធី​ទទួល​ភ្ញៀវ​មិន​អាច​ធ្វើ​ឡើង​នៅ​ក្នុង​រោង​ជំនុំ​បាន​ទេ លើក​លែង​តែ​វា​ជា​កន្លែង​ដែល​ប្រើប្រាស់​សម្រាប់​គោលបំណង​ច្រើន​យ៉ាង ។

  • ពិធី​ទទួល​ភ្ញៀវ​មិន​គួរ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឈប់​សម្រាក ឬ​នៅពេល​ល្ងាច​ថ្ងៃ​ចន្ទ​នោះ​ទេ ។

  • អ្នកទាំងឡាយ​ណា​ដែល​ទទួល​ខុសត្រូវ​លើ​អាពាហ៍ពិពាហ៍ ឬ​ការទទួល​ភ្ញៀវ​នេះ ត្រូវតែ​សម្អាត​តំបន់​ទាំងឡាយ ដែល​ពួកគេ​ប្រើប្រាស់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៨.៣.៤ ។

សាលាប្រជុំ និង​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ មិន​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ណា​ដែល​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ពហុអាពាហ៍ពិពាហ៍ អាពាហ៍ពិពាហ៍​មិន​ស្រប​ច្បាប់ ឬ​អាពាហ៍ពិពាហ៍​ផ្សេងៗ​ទៀត​ដែល​មិន​ស្រប​ជាមួយ​នឹង​គោលលទ្ធិ ឬ​គោលនយោបាយ​របស់​សាសនាចក្រ​ឡើយ ។