សំណួរវគ្គសិក្សាមូលដ្ឋានគ្រឹះ
សេចក្តីណែនាំសម្រាប់គ្រូបង្រៀន
បទពិសោធន៍នៃការលើកកម្ពស់ដល់ការរៀនសូត្រនេះ គឺសម្រាប់សិស្សថ្នាក់វិទ្យាស្ថាន ដែលចូលរៀនវគ្គសិក្សាមូលដ្ឋានគ្រឹះ ។ បទពិសោធន៍នៃការលើកកម្ពស់ដល់ការរៀនសូត្រនេះមាននូវបណ្តុំសំណួរដែលជាដៃគូដ៏សំខាន់ចំពោះការចូលរួមចំណែកនៅក្នុងថ្នាក់ និង អំណានដែលបានដាក់ឲ្យអាន ។ ចម្លើយរបស់សិស្សមិនចាំបាច់វែងពេកទេ ប៉ុន្តែវាគួរតែបង្ហាញអំពីការខិតខំដោយអស់ពីលទ្ធភាពរបស់សិស្ស ។ ជាមួយជំនួយរបស់អ្នក សិស្សគឺត្រូវបានសុំឲ្យសរសេរ រំឭកឡើងវិញមើលកែតម្រូវ និងបញ្ជូនចម្លើយចំពោះសំណួរទាំងនេះពេញមួយវគ្គសិក្សា ។ ទោះបីជាសិស្សត្រូវបានលើកទឹកចិត្តឲ្យសរសេរចម្លើយខ្លួននៅក្រៅម៉ោងសិក្សាក្តី ក៏អ្នកអាចសម្រេចចិត្តយកម៉ោងរៀនខ្លះៗដើម្បីធ្វើកិច្ចការទាំងនេះផងដែរ ។
ដោយសារសេចក្តីលម្អិតភាគច្រើននៅក្នុងការបង្រៀន និងការតាមដានត្រូវបានភ្ជាប់ទៅកម្មវិធីនីមួយៗដោយផ្ទាល់ នោះជំហានដូចខាងក្រោមនឹងជួយអ្នក និងសិស្សរបស់អ្នកឲ្យទទួលបាននូវបទពិសោធន៍មួយដ៏មានជោគជ័យ ។
-
រៀបចំ ៖ ពីមុនចាប់ផ្តើមវគ្គសិក្សា សូមដាក់កាលបរិច្ឆេទរំឭកឡើងវិញ និងថ្ងៃផុតកំណត់សម្រាប់ឲ្យសិស្សបញ្ជូនចម្លើយ ឆ្លើយសំណួរនីមួយៗ ។ គ្រូបង្រៀនមួយចំនួនអាចចង់រំឭកឡើងវិញ ឬបញ្ជូនចម្លើយទាំងអស់នៅថ្ងៃតែមួយនៅពេលជិតបញ្ចប់ឆមាស គ្រូផ្សេងទៀតអាចសម្រេចចិត្តដើម្បីរំឭកឡើងវិញ និងបញ្ជូនចម្លើយម្តងមួយៗពេញមួយវគ្គសិក្សាទាំងមូល ។ សូមប្រាកដថា អ្នកបានបង្រៀនចំណុចសំខាន់ៗក្នុងវគ្គសិក្សាពីមុនអ្នកដាក់ឲ្យសិស្សឆ្លើយសំណួរដែលទាក់ទងនឹងចំណុចនោះ ។
-
ដាក់ការរំពឹងទុកច្បាស់លាស់ ៖ នៅពេលចាប់ផ្តើមវគ្គសិក្សានេះ សូមផ្តល់ច្បាប់ចម្លងនៃទម្រង់បទពិសោធន៍លើកកម្ពស់ដល់ការរៀនសូត្រឲ្យសិស្ស ។ សូមចំណាយពេលពីរបីនាទីដើម្បីពន្យល់ឲ្យបានច្បាស់អំពីគោលបំណង និងការរំពឹងទុកសម្រាប់បទពិសោធន៍នេះ ដោយបូករួមទាំង កាលបរិច្ឆេទដើម្បីរំឭកឡើងវិញនូវឯកសារក្នុងវគ្គសិក្សា និងការដាក់បញ្ជូនចម្លើយ ។
-
តាមដាន ៖ នៅក្នុងវគ្គសិក្សាទាំងមូល សូមលើកទឹកចិត្តជាទៀងទាត់ និងជួយសិស្សទាំងអស់នៅពេលពួកគេធ្វើការបំពេញទម្រង់បទពិសោធន៍លើកកម្ពស់ការរៀនសូត្រ តាមកាលបរិច្ឆេទកំណត់ ។
-
រំឭកឡើងវិញ ៖ ចំពោះថ្ងៃដែលអ្នកបានដាក់កាលវិភាគដើម្បីរំឭកឡើងវិញ សូមអញ្ជើញ និងរំឭកសិស្សឲ្យយកចម្លើយរបស់ខ្លួនមកកាន់ថ្នាក់រៀន ។ គោលបំណងនៃការរំឭកឡើងវិញនេះ គឺដើម្បីជួយសិស្សឲ្យទទួលបានចម្លើយ និងចែកចាយពីអ្វីដែលពួកគេបានរៀន ។ សិស្សអាចទទួលបានអត្ថប្រយោជន៍ តាមរយៈការពិនិត្យមើលឡើងវិញនូវកិច្ចការរបស់គ្នាទៅវិញទៅមកជាគូៗ ឬក្រុមតូចៗ ។ អ្នកអាចធ្វើឲ្យការរំឭកឡើងវិញកាន់តែស៊ីជម្រៅនៅពេលអ្នកអញ្ជើញសិស្សឲ្យពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់ពីអ្វីដែលពួកគេបានរៀន ( សូមមើល ការរៀនសូត្រ និងការបង្រៀនដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និង អ្នកដឹកនាំថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ] ទំព័រ ១០) ។ អ្នកគួរតែចំណាយពេលពី ១០ ទៅ ១៥ នាទី ចំពោះសំណួរនីមួយៗ នៅពេលធ្វើការរំឭកឡើងវិញ ។ សិស្សគឺត្រូវបានលើកទឹកចិត្តឲ្យកែតម្រូវចម្លើយរបស់ពួកគេ តាមតម្រូវការ ពីមុនការបញ្ជូនចម្លើយចុងក្រោយរបស់ខ្លួន ។
-
ការបញ្ជូនចម្លើយ ៖ នៅចុងបញ្ចប់នៃវគ្គសិក្សា សិស្សបញ្ជូនចម្លើយរបស់ពួកគេមកកាន់អ្នក ។ សិស្សបានបំពេញទម្រង់បទពិសោធន៍ការលើកកម្ពស់ដល់ការរៀនសូត្រ នៅពេលពួកគេបានធ្វើការខិតខំដែលសមហេតុផល តាមដែលបានវាយតម្លៃដោយគ្រូ ដើម្បីសរសេរ កែតម្រូវ និងបញ្ជូនចម្លើយរបស់ពួកគេឆ្លើយនឹងសំណួរទាំងអស់ក្នុងវគ្គសិក្សានេះ ។ សូមកត់ត្រាសិស្សដែលបានបញ្ជូនចម្លើយរបស់ពួកគេនៅក្នុងសៀវភៅប្រតិបត្តិពិន្ទុ WISE ។
កំណត់ចំណាំ ៖ សូមប្រាកដថា សិស្សដែលមានតម្រូវការពិសេសដូចជា ពិការភាព ឬមានបញ្ហាផ្នែកសុខភាព ទទួលបានការសម្របសម្រួលដែលពួកគេត្រូវការដើម្បីបានរួមចំណែកនៅក្នុងការវាយតម្លៃនេះ ដោយផ្អែកលើមូលដ្ឋានស្មើភាពគ្នាដូចមិត្តភក្តិរបស់ពួកគេដែរ ។ ការសម្របសម្រួលមួយចំនួនអាចរួមទាំងការផ្តល់ឯកសារឲ្យដែលបោះពុម្ពជាអក្សរធំៗ ឬឯកសារជាសំឡេង ការអនុញ្ញាតឲ្យសិស្សឆ្លើយដោយមានជំនួយពីអ្នកដទៃ ដោយការអនុញ្ញាតឲ្យពួកគេឆ្លើយផ្ទាល់មាត់ជំនួសឲ្យការសរសេរ ឬការអនុញ្ញាតឲ្យពួកគេឆ្លើយដោយនិយាយហើយឲ្យសិស្សម្នាក់ទៀតសរសេរឲ្យ ឬដោយការថតជាសំឡេង ។ សូមចូលទៅកាន់គេហទំព័រ lds.org/topics/disability ដើម្បីស្វែងរកព័ត៌មានទូទៅក្នុងការជួយដល់បុគ្គលទាំងឡាយដែលពិការ ។
សេចក្តីណែនាំសម្រាប់សិស្ស
ទម្រង់បទពិសោធន៍នៃការលើកកម្ពស់ដល់ការរៀនសូត្រនេះមាននូវបណ្តុំសំណួរដែលជាដៃគូមួយដ៏សំខាន់ចំពោះការចូលរួមចំណែកនៅក្នុងថ្នាក់របស់អ្នក និងការសិក្សាអំណានដែលបានដាក់ឲ្យអាន ។ ការខិតខំឆ្លើយសំណួរទាំងនេះពេញលេញនៅក្នុងវគ្គសិក្សាទាំងមូល នឹងជួយអ្នកឲ្យយល់ដឹងកាន់តែស៊ីជម្រៅ និងការអនុវត្តដំណឹងល្អ នៅពេលដែលអ្នកសញ្ជឹងគិត និងចែកចាយនូវអ្វីដែលអ្នកបានរៀន ។ សូមបំពេញតាមជំហានដូចខាងក្រោមចំពោះសំណួរនីមួយៗ ៖
-
សូមសរសេរ នូវចម្លើយដែលបានរៀបចំទុកជាមុនចំពោះសំណួរនីមួយៗជាសម្ដីរបស់អ្នកផ្ទាល់ ។ សូមប្រើបទគម្ពីរ និងប្រសាសន៍របស់ព្យាការីដើម្បីគាំទ្រដល់ចម្លើយរបស់អ្នក ។ សូមប្រាកដថាចម្លើយរបស់អ្នក គឺសមរម្យដើម្បីចែកចាយ ។
-
សូមរំឭកឡើងវិញ ចម្លើយរបស់អ្នកដោយយកចម្លើយមកកាន់ថ្នាក់រៀនស្របតាមកាលបរិច្ឆេទដែលគ្រូរបស់អ្នកដាក់ឲ្យ ។
-
សូមកែតម្រូវ ចម្លើយរបស់អ្នកដោយផ្អែកលើការរំឭកឡើងវិញ ប្រសិនបើចាំបាច់ ។
-
សូមបញ្ជូន ចម្លើយចុងក្រោយរបស់អ្នកចំពោះសំណួរទាំងអស់តាមកាលបរិច្ឆេទដែលគ្រូរបស់អ្នកបានដាក់ឲ្យ ។
ចម្លើយរបស់អ្នកគួរតែត្រូវបានបំពេញនៅក្រៅម៉ោងសិក្សា លើកលែងតែត្រូវបានណែនាំឲ្យធ្វើនៅក្នុងម៉ោងសិក្សា ។ ប្រសិនបើអ្នកមានតម្រូវការចាំបាច់ ដូចជា ពិការភាព ឬ មានបញ្ហាផ្នែកសុខភាព សូមនិយាយជាមួយគ្រូរបស់អ្នក ដើម្បីគាត់អាចជួយសម្របសម្រួលដល់អ្នកឲ្យបានបំពេញបទពិសោធន៍នេះ ។ គ្រូរបស់អ្នក ចង់ឲ្យអ្នកទទួលបានជោគជ័យជាមួយបទពិសោធន៍នេះ ហើយមានឆន្ទៈដើម្បីជួយអ្នកឲ្យទទួលបានជោគជ័យ ។