« មេរៀនទី ១ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យរៀនអំពីទ្រង់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១ ឯកសាររៀបចំសម្រាប់ថ្នាក់
ការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដើម្បីរៀនអំពីទ្រង់
សូមស្វាគមន៍មកកាន់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( សាសនា ២៥០ ) ។ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីព្រះអង្គសង្គ្រោះថា « គ្មាននរណាផ្សេងទៀតមានឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើអស់ទាំងមនុស្សដែលបានរស់នៅ ហើយនឹងរស់នៅលើផែនដីនេះឡើយ » ( « The Living Christ: The Testimony of the Apostles » ChurchofJesusChrist.org ) ។ វគ្គសិក្សានេះនឹងផ្តល់ឲ្យអ្នកនូវឱកាសដ៏ពិសិដ្ឋដើម្បីរៀនបន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ ដូច្នេះអ្នកអាចបង្កើនឥទ្ធិពលរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ។
ឯកសាររៀបចំនៅក្នុងវគ្គសិក្សានេះត្រូវបានរចនាឡើងដើម្បីជួយអ្នកឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ដោយការលើកកម្ពស់ការសិក្សាផ្ទាល់ខ្លួនរបស់អ្នក និងការរៀបចំអ្នកឲ្យមានការពិភាក្សាដែលស្អាងគ្នាទៅវិញទៅមកជាមួយគ្នា ។ វារួមបញ្ចូលបទគម្ពីរដែលទាក់ទងនឹង សេចក្តីថ្លែងការណ៍គាំទ្រពីថ្នាក់ដឹកនាំសាសនាចក្រ វីដេអូដែលទាក់ទង និងការអញ្ជើញឲ្យពិចារណា និងអនុវត្តអ្វីដែលអ្នករៀន ។ មេរៀននីមួយៗមានផ្នែកជម្រើសមួយគឺ « ចង់បានបន្ថែមទៀតទេ ? » ដែលរួមមានធនធានបន្ថែម ដែលអាចជួយអ្នករៀនបន្ថែម និងពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។
ផ្នែកទី ១
តើការរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់អាចផ្លាស់ប្តូរជីវិតរបស់ខ្ញុំដោយរបៀបណា ?
សូមស្រមៃថាអ្នកបានរស់នៅក្នុងប្រទេសប៉ាឡេស្ទីន អំឡុងពេលនៃការបម្រើរបស់ព្រះអម្ចាស់ ។ អ្នកបានឮរឿងដ៏អស្ចារ្យជាច្រើនអំពីលោកគ្រូម្នាក់ឈ្មោះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ហើយមានបំណងប្រាថ្នាចង់ទៅស្ដាប់ទ្រង់ដោយផ្ទាល់ ។ ថ្ងៃដែលអ្នករកឃើញទ្រង់ គឺជាថ្ងៃដែលព្រះយេស៊ូវកំពុងបង្រៀនមនុស្សមួយក្រុមធំ ។ ទ្រង់ប្រកាសពីភាពដ៏អស្ចារ្យរបស់យ៉ូហាន បាទីស្ទ ហើយស្តីបន្ទោសបណ្តាជនចំពោះការមិនជឿរបស់ពួកគេ ( សូមមើល ម៉ាថាយ ១១:៧–២៤ ) ។ បន្ទាប់មក ទ្រង់ប្រទានការអញ្ជើញមួយដែលអាចផ្លាស់ប្តូរជីវិតបានយ៉ាងជាក់ ។
ព្រះយេស៊ូវគ្រីស្ទបានបន្តការអញ្ជើញស្រដៀងគ្នានេះនៅជំនាន់របស់យើង ។ បន្ទាប់ពីបានថ្លែងទីបន្ទាល់អំពីតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលទ្រង់បានចំណាយដើម្បីធួនសម្រាប់អំពើបាបរបស់យើង ដើម្បីយើងអាចប្រែចិត្ត ព្រះអង្គសង្គ្រោះបានមានបន្ទូលថា « ចូររៀនអំពីយើង ហើយស្តាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ ចូរដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់យើង នោះអ្នកនឹងបានសេចក្ដីសុខសាន្តក្នុងយើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣ ) ។
យោងតាមការអញ្ជើញនេះ អែលឌើរ គីម ប៊ី ក្លាកនៃពួកចិតសិបនាក់បានបង្រៀន ៖
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដើម្បី « រៀនអំពីយើង » មានអត្ថន័យពីរទាក់ទងគ្នាដែលឆ្លើយតបក្នុងរបៀបដ៏ល្អមួយចំពោះមាគ៌ារបស់ព្រះអម្ចាស់ ដើម្បីរៀនសូត្រឲ្យបានជ្រៅជ្រះ ។
អត្ថន័យទីមួយនៃ « រៀនអំពីយើង » គឺ ៖ រៀន ស្គាល់ យើង ។
… ដើម្បីស្គាល់ទ្រង់គឺត្រូវកើតពីទ្រង់ខាងវិញ្ញាណ មានបទពិសោធន៍នៃការផ្លាស់ប្ដូរដួងចិត្តដ៏ធំ និងការក្លាយជាបុត្រាបុត្រីរបស់ទ្រង់ ។ …
អត្ថន័យទីពីនៃ« រៀនអំពីយើង » គឺ ៖ រៀន ពី យើង ។
… នៅពេលយើងជ្រមុជខ្លួនយើងទៅក្នុងបទគម្ពីរ នោះយើងរៀនមកពីគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ។ … យើងត្រូវធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីបំពេញចំណែករបស់យើង ប៉ុន្តែនៅពេលយើងធ្វើដូច្នោះ … ទ្រង់សន្យាថានឹងតម្កើងសមត្ថភាពរបស់យើងសម្រាប់សកម្មភាពសុចរិត ហើយជួយយើងឲ្យក្លាយកាន់តែដូចទ្រង់ ។ ( « រៀនអំពីយើង » [ សុន្ទរកថាទៅកាន់គ្រូបង្រៀនសាសនា ស៊ី.អ៊ី.អេស. នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៨ ] ChurchofJesusChrist.org;ការសង្កត់ន័យត្រូវបានបន្ថែម )
វិធីដ៏សំខាន់មួយដើម្បីរៀនអំពីព្រះអង្គសង្គ្រោះគឺសិក្សា និងរស់នៅតាមដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ។ « ពាក្យ ដំណឹងល្អ មានន័យថា ‹ សេចក្ដីល្អដែលត្រូវដឹង › » ( Bible Dictionary « Gospels ») ។ ដូច្នេះ តើអ្វីទៅជាសេចក្ដីល្អដែលត្រូវដឹងនៃដំណឹងល្អ ?
នៅជិតចុងបញ្ចប់នៃការបម្រើរបស់ទ្រង់ទៅកាន់ពួកសាសន៍លេមិន និងសាសន៍នីហ្វៃ នៅក្នុងដែនដីបរិបូរណ៍ ព្រះអង្គសង្គ្រោះបានពន្យល់ដោយពាក្យសាមញ្ញ និងច្បាស់លាស់អំពីអត្ថន័យ និងគោលបំណងនៃដំណឹងល្អរបស់ទ្រង់ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« ដំណឹងល្អ » គឺមានន័យថា សេចក្តីស្លាប់ និងស្ថាននរកអាចត្រូវបានរួចផុត កំហុស និងអំពើបាបអាចត្រូវបានយកឈ្នះ មានក្តីសង្ឃឹម មានជំនួយ រាល់បញ្ហាត្រូវបានដោះស្រាយ ហើយបច្ចាមិត្តត្រូវចុះចាញ់ ។ ដំណឹងល្អគឺថា ផ្នូររបស់ មនុស្សគ្រប់គ្នា អាចនៅទទេនៅថ្ងៃមួយ ថាព្រលឹងរបស់ មនុស្សគ្រប់គ្នា អាចបានបរិសុទ្ធម្ដងទៀត ថាបុត្រ គ្រប់រូប របស់ព្រះអាចត្រឡប់ទៅកាន់ព្រះវរបិតាម្ដងទៀត ដែលទ្រង់ជាអ្នកប្រទានជីវិតដល់ពួកគេ ។ ( « Missionary Work and the Atonement » Ensign ខែ មិនា ឆ្នាំ ២០០១ ទំព័រ ៨–១០ )
ផ្នែកទី ២
តើខ្ញុំអាចបង្កើនសមត្ថភាពរបស់ខ្ញុំដើម្បីរៀនអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ដោយរបៀបណា ?
យើងរស់នៅក្នុងពិភពលោកមួយដែលពោរពេញទៅចំណេះដឹងខាងលោកិយ ។ ចំណេះដឹងខាងលោកិយផ្តោតលើរឿងខាងលោកិយ ដែលមិនត្រូវបានចាត់ទុកថាជារឿងខាងសាសនា ឬរឿងខាងវិញ្ញាណនោះទេ ។ ឧទាហរណ៍ ការរៀនបែបវិទ្យាសាស្ត្របង្កើតចំណេះដឹងខាងលោកិយ ។ ចំណេះដឹងនេះមានសារៈសំខាន់ ហើយបាននាំឲ្យមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងបច្ចេកវិទ្យា ឱសថ កសិកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ។ រួមជាមួយនឹងការរៀនសូត្រខាងលោកិយនេះ គឺមានរបៀបខាងវិញ្ញាណដ៏ស៊ីជម្រៅជាងនេះមួយ ដើម្បីរៀនសេចក្តីពិត ។
អែលឌើរ ប៉ុល វី ចនសុននៃពួកចិតសិបនាក់បានបែងចែករវាងការរៀនខាងវិញ្ញាណ និងវិទ្យាសាស្រ្តតាមវិធីនេះ ៖
ការរៀនសូត្រអំពីរឿងខាងវិញ្ញាណ … តម្រូវឲ្យមានការចាប់ផ្ដើមមួយដែលខុសគ្នាពីការរៀនសូត្រអំពីរឿងផ្នែកវិទ្យាសាស្ត្រ ។ វិធីសាស្ត្រ និងប្រាជ្ញាផ្នែកវិទ្យាសាស្ត្រគឺមានប្រយោជន៍ណាស់ ប៉ុន្តែវាតែម៉្យាងពុំអាចនាំមកនូវចំណេះដឹងខាងវិញ្ញាណបានឡើយ ។ ការរៀនសូត្ររឿងខាងវិញ្ញាណតម្រូវឲ្យមានប្រាជ្ញា ប៉ុន្តែវាពុំទាន់គ្រប់គ្រាន់ទេ ។ យើងរៀនសូត្ររឿងខាងវិញ្ញាណតែតាមរយៈព្រះវិញ្ញាណប៉ុណ្ណោះ ។ ( « A Pattern for Learning Spiritual Things » [ ការចាក់ផ្សាយតាមប្រព័ន្ធផ្កាយរណបនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានរបស់សាសនា នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ] ChurchofJesusChrist.org )
ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធអំពីការរៀនសូត្រខាងវិញ្ញាណថា ៖ « ហើយដូចជាមនុស្សពុំមានសេចក្តីជំនឿទាំងអស់គ្នា នោះចូរអ្នករាល់គ្នាព្យាយាមស្វែងរក ហើយបង្រៀនគ្នាទៅវិញទៅមក នូវពាក្យសម្តីនៃប្រាជ្ញាវាងវៃ មែនហើយ ចូរអ្នករាល់គ្នាស្វែងរកពាក្យសម្តីនៃប្រាជ្ញាវាងវៃចេញពីសៀវភៅដ៏ល្អៗបំផុត ចូរស្វែងរក ការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្តីជំនឿផង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) ។
យើងភាគច្រើនដឹងពីរបៀបរៀនដោយសារ ការសិក្សា ។ ប៉ុន្តែតើយើងរៀនដោយសារ សេចក្ដីជំនឿដោយរបៀបណា ? ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ៖
យើងពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងព្យាយាមរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយ « តែងតែចងចាំទ្រង់ជានិច្ច » [ ម៉រូណៃ ៤:៣ ] ។ បន្ថែមពីលើនោះ សេចក្ដីជំនឿរបស់យើងចម្រើនឡើងគ្រប់ពេល ដែលយើង អនុវត្ត សេចក្ដីជំនឿរបស់យើងទៅលើទ្រង់ ។ នោះគឺជាអត្ថន័យនៃការរៀនសូត្រដោយសារសេចក្ដីជំនឿ ។
ឧទាហរណ៍ ៖ រាល់ពេលដែលយើងមានជំនឿដើម្បីគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ — ទោះជាពេលដែលគំនិតលោកិយមិនឲ្យតម្លៃយើង — ឬរាល់ពេលដែលយើងមិនព្រមធ្វើតាមការកម្សាន្ដ ឬជំនឿដែលធ្វើឡើងដើម្បីបំបាក់សេចក្ដីសញ្ញា នោះយើងកំពុង អនុវត្ត សេចក្ដីជំនឿរបស់យើង ដែលនឹងនាំឲ្យ ចម្រើន សេចក្ដីជំនឿរបស់យើងហើយ ។
បន្ថែមពីលើនេះ មានរឿងមួយចំនួនដែលស្ថាបនាសេចក្ដីជំនឿច្រើនជាងការជ្រមុជខ្លួនទៅក្នុងព្រះគម្ពីរមរមនជាទៀងទាត់ ។ គ្មានគម្ពីរណាផ្សេងទៀតដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដោយព្រះចេស្ដា និងភាពច្បាស់លាស់ដូច្នេះទេ ។ …
ប្រាកដណាស់ សុវត្ថិភាពចុងក្រោយរបស់យើងនឹងកើតមាន នៅពេលយើងទឹមខ្លួនយើងទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ! ជីវិត ដែលគ្មាន ព្រះគឺជាជីវិតដែលមានពេញដោយភាពភ័យខ្លាច ។ ជីវិតដែលមានព្រះគឺជាជីវិតដែលមានពេញដោយភាពសុខសាន្ដ ។ នេះគឺដោយសារតែពរជ័យខាងវិញ្ញាណកើតមានដល់ជនស្មោះត្រង់ ។ ការទទួលវិវរណៈផ្ទាល់ខ្លួន គឺជាពរជ័យដ៏ធំបំផុតមួយនៃពរជ័យទាំងនោះ ។ ( « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )