« មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការងារបម្រើដូចជាព្រះអង្គសង្រ្គោះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់
ការងារបម្រើដូចជាព្រះអង្គសង្រ្គោះ
យើងទាំងអស់គ្នាបានឃើញ—ហើយពេលខ្លះមិនបានមើលឃើញ—បុគ្គលដែលត្រូវការជំនួយ ។ អ្នកខ្លះអាចមានថ្ងៃដែលគ្រោតគ្រាត អ្នកផ្សេងទៀតអាចមានភាពឯកោ ការសង្ស័យលើខ្លួនឯង ការស្រេកឃ្លាន ការខកចិត្ត ឬជំងឺ ។ យើងប្រហែលជាឆ្ងល់ថាតើយើងអាចធ្វើអ្វីបាន ? នៅពេលយើងមើលទៅព្រះជន្មរបស់ព្រះអង្គសង្រ្គោះ យើងមើលឃើញគំរូនៃរបៀបដែលទ្រង់ « បានយាងចុះឡើងធ្វើការល្អ » ( កិច្ចការ ១០:៣៨ ) ។ កាលដែលអ្នកគិតពីគំរូរបស់ទ្រង់ សូមពិចារណាអ្វីដែលអ្នកអាចរៀនអំពីការងារបម្រើដល់តម្រូវការរបស់អ្នកដទៃ ។
ផ្នែកទី ១
តើខ្ញុំអាចរៀនអ្វីខ្លះអំពីការងារបម្រើចេញពីគំរូរបស់ព្រះអង្គសង្គ្រោះ ?
សូមស្រមៃគិតអំពីអ្វីដែលព្រះអង្គសង្គ្រោះអាចមានព្រះទ័យនៅអំឡុងពេលអាហារចុងក្រោយ ដោយការទទួលរងទុក្ខដ៏ឃោរឃៅដែលកំពុងរង់ចាំទ្រង់នៅឯសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសង្កេតឃើញដូច្នេះ ៖
ស្ថិតក្រោមអារម្មណ៍ដ៏ឈឺចាប់ដែលពិបាកយល់ និងដ៏ជ្រាលជ្រៅ … ព្រះគ្រីស្ទបានក្រោកឡើងដោយស្ងាត់ស្ងៀម ប្រុងប្រៀបព្រះអង្គទ្រង់ដូចជាទាសករ ឬអ្នកបម្រើ ហើយលុតជង្គង់លាងជើងឲ្យពួកសាវក ។ ( សូមមើល យ៉ូហាន ១៣:៣–១៧ ) ។ នៅក្នុងរង្វង់ដ៏តូចនៃពួកអ្នកជឿនេះនៅក្នុងនគរដែលទើបបានបង្កើតឡើងនេះ ហៀបនឹងឆ្លងកាត់នូវការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេ ដូច្នេះទ្រង់នឹងទុកការឈឺចាប់យ៉ាងខ្លាំងរបស់ទ្រង់មួយឡែក ដើម្បីទ្រង់អាចបម្រើ និងពង្រឹងដល់ពួកគេម្ដងទៀត ។ ( « He Loved Them unto the End » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ២៥ )
បន្ទាប់ពីលាងជើងរបស់ពួកសាវករួចហើយ ព្រះអង្គសង្រ្គោះបានប្រទានព្រះបញ្ញត្តិថ្មីមួយដល់ពួកគេ ដែលនឹងចាំបាច់ចំពោះមនុស្សទាំងអស់ដែលខិតខំធ្វើការងារបម្រើក្នុងព្រះនាមរបស់ទ្រង់ ។
នៅពេលយើងសញ្ជឹងគិតអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចឃើញថាទ្រង់បានបង្ហាញយើងពីរបៀបបម្រើដោយសេចក្ដីស្រឡាញ់ ។
ពួកយើងភាគច្រើនចង់ធ្វើការងារបម្រើដល់អ្នកដទៃដោយមានក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ ប៉ុន្តែយើងប្រហែលជាមិនដឹងពីរបៀប ឬត្រូវជួយនៅពេលណា ។ ប្រធាន រ័សុល អិម ណិលសុនបានបង្រៀនថា « ការងារបម្រើមានន័យថាការធ្វើតាមអារម្មណ៍របស់អ្នកដើម្បីជួយនរណាម្នាក់ទៀតឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះនៅក្នុងជីវិតរបស់ពួកគាត់ » ( នៅក្នុងសឺរី អិល ឌូវ Insights from a Prophet’s Life: Russell M. Nelson [ ឆ្នាំ ២០១៩ ] ទំព័រ ៣៤៩ ) ។
ប្រធាន ហិនរីប៊ី អាវរិង បានផ្តល់ដំបូន្មានដូចខាងក្រោមនេះ ៖
[ ព្រះរាជបំណងរបស់ព្រះអម្ចាស់ ] ដើម្បីឲ្យពួកបរិសុទ្ធរបស់ទ្រង់មើលថែគ្នាតាមរបៀបដែលទ្រង់មើលថែដល់ពួកគេ ។… ពួកគេមានជោគជ័យ នៅពេលព្រះវិញ្ញាណបរិសុទ្ធដឹកនាំអ្នកថែទាំឲ្យដឹងពីអ្វីដែលព្រះអម្ចាស់ព្រះតំរិះថា ល្អបំផុតសម្រាប់បុគ្គលដែលទ្រង់កំពុងព្យាយាមជួយ ។ ( « Inspired Ministering » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំពរ ៦២ )
ព្រះវិញ្ញាណបរិសុទ្ធនឹងបំផុសគំនិតយើងជាញឹកញាប់ឲ្យបម្រើតាមរបៀបតូចតាច និងសាមញ្ញ ។ ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀនថា ៖
ពេលខ្លះ យើងគិតថាយើងត្រូវធ្វើអ្វីមួយធំដុំ និងជាវីរជន « ដើម្បីរាប់ថា » ជាការបម្រើដល់អ្នកជិតខាងរបស់យើង ។ ប៉ុន្ដែទង្វើសាមញ្ញៗនៃការបម្រើអាចមានឥទ្ធិពលដ៏ខ្លាំងទៅលើអ្នកដទៃ—ក៏ដូចជាខ្លួនយើងផងដែរ ។ តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ ? … ទ្រង់…បានញញឹម មានបន្ទូល យាងជាមួយ ស្ដាប់ ចំណាយពេល លើកទឹកចិត្ត បង្រៀន ប្រទានអាហារ និងអភ័យទោស ។ ទ្រង់បានបម្រើដល់គ្រួសារ និងមិត្តភក្ដិ អ្នកជិតខាង និងមនុស្សប្លែកមុខ ហើយទ្រង់បានអញ្ជើញអ្នកដែលស្គាល់ និងមនុស្សជាទីស្រឡាញ់ឲ្យរីករាយនឹងពរជ័យដ៏បរិបូរនៃដំណឹងល្អរបស់ទ្រង់ ។ ទង្វើរ « សាមញ្ញៗ » នៃការបម្រើ និងសេចក្ដីស្រឡាញ់ទាំងនោះផ្ដល់ជាគំរូសម្រាប់ការបម្រើរបស់យើងសព្វថ្ងៃនេះ ។ ( « Ministering as the Savior Does » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ )
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយ សារ៉ុន អូប៊ែង ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទូទៅសមាគមសង្គ្រោះ ហើយពិចារណាពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឲ្យការងារបម្រើកាន់តែមានបទពិសោធន៍ដ៏មានន័យ និងផ្ទាល់ខ្លួន ។ ឬអ្នកអាចមើល « You Are the Gift » ( ០:៥៤ ) នៅកន្លែងនៃការអានសេចក្តីថ្លែងការណ៍ដោយស៊ីស្ទើរ អូប៊ែង ។
ប្រសិនបើយើងប្តូរទស្សនៈរបស់យើង ដើម្បីឲ្យការមើលថែអ្នកក្រីក្រ និងអ្នកខ្វះខាត ដោយមិនសូវផ្តោតលើការផ្តល់ជារបស់របរ ប៉ុន្តែផ្តល់ជាការបំពេញសេចក្តីស្រែកឃ្លានសម្រាប់ទំនាក់ទំនងមនុស្ស ដោយការផ្តល់ការសន្ទនាដ៏មានអត្ថន័យ និងការបង្កើតទំនាក់ទំនងដ៏សម្បូរបែប និងវិជ្ជមាន នោះព្រះអម្ចាស់អាចបញ្ជូនយើងទៅកន្លែងណាមួយ ។ … ព្រះអម្ចាស់ទ្រង់ចង់ប្រើប្រាស់អ្នក ។ មានការងារដែលអ្នកត្រូវធ្វើ ហើយវាជាក់លាក់ចំពោះអ្នក និងសមត្ថភាពរបស់អ្នក ។ គ្មាននរណាម្នាក់នឹងធ្វើជាអ្នកតំណាងដែលអ្នកនឹងធ្វើនោះទេ ។… សូមចាំថា ដូចជាព្រះអង្គសង្គ្រោះដែរ ខ្លួនអ្នកគឺជាអំណោយទានដ៏ល្អបំផុតមួយ ដែលអ្នកអាចផ្តល់ដល់មនុស្សផ្សេងទៀតដែលខ្វះខាត ។ ( « Turning Enemies into Friends » [Brigham Young University forum address ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ ] speeches.byu.edu )
ផ្នែកទី ២
តើខ្ញុំអាចរៀនអ្វីខ្លះពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះអំពីសាសន៍សាម៉ារីដ៏ល្អអំពីការងារបម្រើ ?
នៅជំនាន់របស់ព្រះយេស៊ូវគ្រីស្ទ មានជម្លោះយ៉ាងខ្លាំងរវាងសាសន៍យូដា និងសាសន៍សាម៉ារី ។ សាសន៍យូដាប្រមាថសាសន៍សាម៉ារីដោយសារពួកគេ « ជាមនុស្សមានសាច់ឈាមចម្រុះសាសន៍អ៊ីស្រាអែល និងជាសាសន៍ដទៃ » ហើយ « ឯសាសនារបស់គេ គឺជាសាសនាលាយឡំនឹងជំនឿកាន់តាមរបស់ពួកសាសន៍យូដា និងរបស់សាសន៍ដទៃ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពួកសាសន៍សាម៉ារី » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
នៅពេលអ្នកច្បាប់ ( អ្នកច្បាប់នៅសម័យនោះគឺជាអ្នកជំនាញខាងច្បាប់របស់ម៉ូសេ ) បានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពរបស់គាត់ទាក់ទងនឹងបទបញ្ញត្តិថា « ស្រឡាញ់អ្នកជិតខាងរបស់អ្នក » គាត់បានទូលសួរព្រះអម្ចាស់ថា « តើអ្នកណាជាអ្នកជិតខាងខ្ញុំ ? » ( សូមមើល លូកា ១០:២៥–២៩ ) ។ ព្រះអម្ចាស់បានឆ្លើយដោយប្រើរឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ ។
អែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
នៅលើផ្លូវដ៏ស្មុគស្មាញរបស់យើងទៅកាន់ក្រុងយេរីខូរ យើងត្រូវគេវាយប្រហារ រងរបួស ហើយទុកឲ្យឈឺចាប់ ។
ទោះបីជាយើងត្រូវជួយគ្នាក៏ដោយ ក៏ជាញឹកញាប់យើងឆ្លងទៅផ្លូវផ្សេង ដោយហេតុផលណាមួយ ។
តែដោយក្តីអាណិតអាសូរ នោះសាសន៍សាម៉ារីចិត្តល្អបានឈប់ ហើយរុំរបួសឲ្យ ។… ទ្រង់នាំយើងទៅកាន់ផ្ទះសំណាក់ ដែលអាចតំណាងឲ្យសាសនាចក្ររបស់ទ្រង់ ។ …
… ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យប្រែក្លាយដូចជាទ្រង់ ធ្វើជាសាសន៍សាម៉ារីចិត្តល្អ ដើម្បីធ្វើឲ្យផ្ទះសំណាក់របស់ទ្រង់ ( សាសនាចក្ររបស់ទ្រង់ ) ជាជម្រកសម្រាប់មនុស្សទាំងអស់ជ្រកពីទុក្ខលំបាក និងព្យុះជីវិត ។ ( « បន្ទប់ក្នុងផ្ទះសំណាក់ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៤–២៥ )