ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទុកចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចៅក្រម​របស់​យើង


« មេរៀនទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទុកចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចៅក្រម​របស់​យើង » ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់​កាលជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

ព្រះយេស៊ូវ​គ្រីស្ទ ដោយ ហារី អាន់ឌើរសិន

មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការទុកចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចៅក្រម​របស់​យើង

សូម​ស្រមៃមើល​ពី​គំនិត និង​អារម្មណ៍​ដែល​អ្នក​អាច​មាន ប្រសិនបើ​អ្នក​ត្រូវ​បានអញ្ជើញ​នៅ​ថ្ងៃនេះ​ឲ្យ​នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះអម្ចាស់ ។ នៅថ្ងៃណា​មួយ « យើង​ម្នាក់ៗ​នឹង​ត្រូវ​ឈរ ទទួល​ការជំនុំ​ជម្រះ​ពី​ទ្រង់ ស្របតាម​កិច្ចការ​របស់​យើង និង​តាម​សេចក្តីប៉ងប្រាថ្នា​នៃ​ចិត្ត​របស់​យើង​ទាំងឡាយ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org សូមមើល​ផងដែរ នីហ្វៃទី ២ ៩:១៥ ) ។ របៀប​ដែល​យើង​មាន​បទពិសោធន៍​ក្នុង​វត្តមាន​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​អាស្រ័យ​លើ​របៀប​ដែល​យើង​បាន​រៀបចំ​ខ្លួន​យើង ( សូមមើល អាលម៉ា ៥:១៦–២៥ ) ។ កាល​អ្នកសិក្សា សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​អ្នក​នឹង​ទទួល​អារម្មណ៍​មាន​ផាសុខភាព និង​មាន​ទំនុកចិត្ត​នៅក្នុង​ទីវត្តមាន​របស់​ទ្រង់​នៅឯ​សេចក្តី​ជំនុំជម្រះ​ចុងក្រោយ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤៥ ) ។

ផ្នែក​ទី ១

ហេតុអ្វីខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចៅក្រម​របស់ខ្ញុំ ?

ដោយសារ​និស្ស័យ​ដ៏​ទេវភាព​របស់​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់​របស់​ទ្រង់ នោះ​យើង​អាច​ត្រូវ​បាន​ធានា​ថា ទ្រង់​នឹង​ធ្វើ​ជា « ចៅក្រម​សុចរិត » ( ម៉ូសេ ៦:៥៧ ) នៅពេល​ដែល​ថ្ងៃនោះ​មកដល់ យើង​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​ទូល​ប្រាប់​ពី​ដំណើររឿង​អំពី​ជីវិត​របស់​យើង ( សូមមើល រ៉ូម ១៤:១០–១២ ) ។ ទ្រង់​នឹងធ្វើការ​កំណត់​យ៉ាងល្អ​ឥតខ្ចោះ​ចំពោះ​កម្រិត​នៃ​សិរីល្អ​ដែល​យើង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល ។ នៅក្នុង​គម្ពីរ​ទំនុក​ដំកើង យើង​អាន​ថា « ទ្រង់​នឹង​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌ ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត » ( ទំនុក​ដំកើង ៩:៨ សូមមើល​ផងដែរ ៩៦:១៣ ) ។

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បានមាន​ប្រសាសន៍​ពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ជា​ចៅក្រម​របស់​យើង ៖

អែលឌើរ រីឆាដ ជី ស្កត

ព្រះយេស៊ូវគ្រីស្ទ​មាន គុណសម្បត្តិ ដែល​គ្មាន​មនុស្ស​ដទៃ​ណា​អាច​ធ្វើ​បាន​ឡើយ ។ ទ្រង់​ជា​ព្រះ ជា​ព្រះយេហូវ៉ា ពីមុន​ពេល​ទ្រង់​ប្រសូត​នៅភូមិ​បេថ្លេហិម ។ ព្រះវរបិតា​ជា​ទីស្រឡាញ់​របស់​ទ្រង់​មិន​គ្រាន់តែ​បាន​ប្រទាន​រូបកាយ​ជា​វិញ្ញាណ​ដល់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះយេស៊ូវ​គឺជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​ជា​សាច់ឈាម ។ លោកចៅហ្វាយ​របស់​យើង​រស់នៅក្នុង​ព្រះជន្ម​ដែល​ឥតខ្ចោះ គ្មាន​អំពើបាប ហេតុដូច្នោះ គឺ​ត្រូវបាន​លើកលែង​ពី​ការទាមទារ​នៃសេចក្ដី​យុត្តិធម៌ ។ ទ្រង់​ល្អឥតខ្ចោះ​នៅក្នុង​គ្រប់​លក្ខណៈ​ទាំងអស់ ដោយ​រួមទាំង​សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តាករុណា ការអត់ធ្មត់ ការគោរព​ប្រតិបត្តិ ការអភ័យទោស និង​ការបន្ទាបខ្លួន ។ …

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ដោយ​ការរង​ទុក្ខលំបាក និង​ការឈឺ​ចាប់​ដែល​មិន​អាច​នឹកស្មាន​ដល់​ចំពោះ​តម្លៃ​ដែល​មិន​អាច​គណនា​បាន ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​សិទ្ធិ​របស់​ទ្រង់​ក្នុងការ​ធ្វើជា​ព្រះ​ប្រោសលោះ​របស់​យើង ជា​អង្គ​អាជ្ញាកណ្តាល​របស់​ និង​ជា​ចៅក្រម​ចុង​ក្រោយ​របស់​យើង ។ ( « The Atonement Can Secure Your Peace and Happiness » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៤២ )

ជួប​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ ជេន ធុលមេន

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ ដែលជា​អតីត​ចៅក្រម​របស់​តុលាការ​កំពូល​នៃ​រដ្ឋ​យូថាហ៍ បាន​មាន​ប្រសាសន៍​អំពី​ជំហរ​ពិសេស​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​វិនិច្ឆ័យ​យើង ៖

ប្រធាន ដាល្លិន អេក អូក

ឥទ្ធិឫទ្ធិ​របស់​ទ្រង់​បាន​ផ្ដល់​ដល់​ទ្រង់​នូវ​ចំណេះដឹង​ដ៏​ឥតខ្ចោះ​មួយ​អំពី​ទង្វើ និង​បំណង​ប្រាថ្នា​ទាំងអស់​របស់​យើង ទាំង​អ្នក​មិន​ប្រែចិត្ត ឬ​អ្នកមិន​ផ្លាស់ប្ដូរ និង​អ្នកដែល​ប្រែចិត្ត ឬ​សុចរិត ។ ហេតុដូច្នេះ​ហើយ បន្ទាប់ពី​ការ​ជំនុំជម្រះ​របស់​ទ្រង់ យើង​ទាំងអស់គ្នា​សារភាព​ថា « សេចក្តី​ជំនុំជម្រះ​របស់​ទ្រង់​គឺ​ត្រឹមត្រូវ » ( ម៉ូសាយ ១៦:១ ) ។ ( « The Great Plan » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៦ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​អំពី​គុណលក្ខណៈ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា​ទ្រង់​នឹង​ធ្វើ​ជា​ចៅក្រម​ដ៏​សុចរិត ។ ឧទាហរណ៍ អ្នក​អាច​ពិចារណា​ពី​របៀប​ដែល​ទ្រង់​ពេញ​ដោយ​ក្តី​ស្រឡាញ់ ញាណដឹង​គ្រប់បែប​យ៉ាង គ្រប់​ថាមពល ព្រះ​ប្រាជ្ញាញាណ សេចក្តី​ករុណា យុត្តិធម៌ សេចក្តី​មេត្តា អត់ធ្មត់ ស្លូតបូត ឬ​អន់ឱន ។ សូម​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​គុណលក្ខណៈ​ដែល​អ្នក​បាន​ជ្រើសរើស​ជាមួយ​ថ្នាក់​របស់​អ្នក ។

ផ្នែក​ទី ២

តើ​ខ្ញុំ​ជំនុំជម្រះ​ដោយ​របៀប ?

ការគិត​អំពី​សេចក្តីជំនុំ​ជម្រះ​ចុង​ក្រោយ​អាច​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ស្ញប់ស្ញែង និង​លើសលប់ ។ ពេលខ្លះ​យើង​អាច​នឹង​ឆ្ងល់​ថា តើ​យើង​នឹង​មាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​ដើម្បី​ត្រូវ​បាន​ជំនុំជម្រះ​ដោយ​ព្រះអម្ចាស់​ឬ​អត់ ។ គម្ពីរ​វិវរណៈ​ផ្តល់​នូវ​សេចក្តីពិត​សំខាន់ៗ​អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​យើង ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន វិវរណៈ ២០:១២ ដោយ​រកមើល​វិធី​មួយ​ដែល​យើង​នឹង​ត្រូវ​ជំនុំជម្រះ ។

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន ៖

ប្រធាន ហារ៉ូល ប៊ី លី

« បញ្ជី ​» ដែល​បាន​និយាយ​នេះ សំដៅ​ទៅ​លើ​កំណត់ត្រា [ អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ] ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​ផែនដី ។ … បញ្ជី​ជីវិត​គឺ​ជា​កំណត់ត្រា​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ស្ថានសួគ៌ ។ ( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ] ទំព័រ ២២៦–២៧ )

នៅក្នុង​ការនិមិត្ត​អំពី​នគរ​សេឡេស្ទាល ព្យាការី យ៉ូសែប ស៊្មីធ បានទទួល​ការយល់ដឹង​បន្ថែម​អំពី​សេចក្តី​ជំនុំជម្រះ​ចុងក្រោយ ។ ព្រះអង្គសង្រ្គោះ​បាន​បង្រៀន ៖ « ដ្បិត​យើង​ជា​ព្រះ​អម្ចាស់ នឹង​ជំនុំ​ជម្រះ​មនុស្ស​លោក​ទាំង​អស់ ស្រប​តាម​កិច្ចការ​របស់​ពួកគេ គឺ​ស្រប​តាម សេចក្តី​ប៉ងប្រាថ្នា​នៃ​ដួងចិត្ត​របស់​ពួកគេ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧:៩ បាន​បន្ថែម​ការបញ្ជាក់ ) ។ ព្យាការី​អាលម៉ា​បាន​បង្រៀន​ថា យើង​ក៏​នឹង​ទទួល​ខុសត្រូវ​សម្រាប់​ពាក្យ​សម្តី​របស់​យើង​ផងដែរ ( សូមមើល អាលម៉ា ១២:១៤ ) ។

ប្រធាន អូក បានបង្រៀន​ថា សេចក្តី​ជំនុំ​ជម្រះ​ចុងក្រោយ​គឺ​ច្រើនជាង​ការវាយតម្លៃ​លើ​គំនិត ពាក្យ​សម្ដី និង​ទង្វើ​របស់យើង ៖

ប្រធាន ដាល្លិន អេក អូក

ការជំនុំ​ជម្រះ​ចុង​ក្រោយ​គឺ​ពុំ​គ្រាន់តែ​ជា​ការវាយតម្លៃ​មួយ​នៃ​ការបូក​សរុប​នូវ​សកម្មភាព​ល្អៗ និង​សកម្មភាព​អាក្រក់—ដែល​យើង​បាន ធ្វើ​ប៉ុណ្ណោះ​នោះទេ ។ វា​ជា​ការទទួល​ស្គាល់​អំពី​ឥទ្ធិពល​ចុងក្រោយ​នៃ​ទង្វើ និង​គំនិត​របស់​យើង​—ជា​អ្វី​ដែល​យើង​បាន ប្រែក្លាយ ។ … ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ​នៃ​ដំណឹងល្អ គឺ​មិនមែន​ជា​បញ្ជី​នៃ​ការដាក់​ប្រាក់ ដែល​តម្រូវ​ឲ្យ​ដាក់​នៅ​ក្នុង​គណនី​សួគ៌ា​មួយ​ចំនួន​នោះ​ទេ ។ ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​មួយ​ដែល​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ប្រែក្លាយ​ទៅ​ជាអ្វី ដែល​ព្រះវរបិតាសួគ៌​របស់​យើង​សព្វ​ព្រះហឫទ័យ​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ ។ ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២ )

វា​ជា​ការសំខាន់​ក្នុង​ការចាំ​ថា មិន​ថា​យើង​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ឧស្សាហ៍​ប៉ុណ្ណា​ទេ បើ​គ្មាន​ជំនួយ​ពី​ព្រះអម្ចាស់​ទេ យើង​មិន​អាច​ក្លាយជា​អ្វី​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ប្រែក្លាយ​បាន​ឡើយ ។ ដោយ​អំណរ ព្រះ​យេស៊ូវ​គ្រីស្ទ​មិន​គ្រាន់តែ​ជា​ចៅក្រម​របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជា « ព្រះ​គាំទ្រ​របស់​អ្នក​ជាមួយ​ព្រះ​វរបិតា » ផងដែរ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:៤ សូមមើល​ផង​ដែរ យ៉ូហាន ទី១ ២:១ ) ។

ជួប​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ ជេន ធុលមេន

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ព្រះគាំទ្រ មាន​ន័យថា « ជា​សំឡេង​សម្រាប់ » ឬ « បុគ្គល​ម្នាក់​ដែល​អង្វរ​សម្រាប់​អ្នក​ដទៃ » ( « Jesus the Christ—Our Master and More » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៩២ ] ទំព័រ ៤ ដែលមាន​នៅលើ​គេហទំព័រ speeches.byu.edu ) ។ ក្នុងនាម​ជា​ព្រះគាំទ្រ​របស់​យើង ព្រះ​យេស៊ូវ​គ្រីស្ទ « ជ្រាប​នូវ​សេចក្ដី​កម្សោយ​នៃ​មនុស្ស និង​ចេះ​ជួយ​ពួកគេ​ដែល​ត្រូវ​ល្បួង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២:១ ) ។ ទ្រង់​នឹង​អង្វរ​រក​បុព្វហេតុ​របស់​យើង ហើយ​អង្វរ​ជំនួស​យើង កាល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់ ( សូមមើល មរ៉ូណៃ ៧:២៨; នីហ្វៃទី ២ ២:៩; ហេព្រើរ ៤:១៥–១៦ ) ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មានប្រសាសន៍​ពី​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុងនាម​ជា​ព្រះគាំទ្រ​របស់​យើង ៖

អែលឌើរ ឌេល ជី រេនឡាន់

ការជួយ​តវ៉ា​របស់​ព្រះគ្រីស្ទ​ជាមួយ​ព្រះវរបិតា​ជំនួស​យើង​គឺ​ពុំ​មែន​ជា​ការប្រឆាំង​ជំទាស់​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ … ពុំ​បាន​គាំទ្រ​អ្វី​ផ្សេង​ក្រៅពី​អ្វី​ដែល​ព្រះវរបិតា​សព្វព្រះទ័យ​ឲ្យ​មនុស្ស​ទាំងអស់​ធ្វើ​តាំង​ពី​ដំបូង​ឡើយ ។ ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ និង​អបអរសាទរ​ដល់​ភាពជោគជ័យ​របស់​យើង​ដោយ​ពុំ​សង្ស័យ​អ្វី​ឡើយ ។

យ៉ាង​ហោច​ណាស់ ការជួយ​តវ៉ា​របស់​ព្រះគ្រីស្ទ​គឺ​ដើម្បី​រំឭក​យើង​ថា ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង ហើយ​ថាគ្មាន​នរណា​ម្នាក់​ត្រូវបាន​ដកចេញ​ពី​ឥទ្ធិពល​នៃ​សេចក្តីមេត្តា​ករុណា​របស់​ព្រះ​ឡើយ ។ ( « Choose You This Day » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤–១០៥ )

ជួប​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ ជេន ធុលមេន

នៅក្នុង​វិវរណៈ​ដែល​ព្យាការី​យ៉ូសែប បាន​ទទួល​នៅឆ្នាំ ១៨៣១ ព្រះយេស៊ូវ​គ្រីស្ទ បាន​ពិពណ៌នា​អំពី​តួនាទី​នៃ​ដង្វាយ​ធួន​របស់ទ្រង់ ក្នុងនាម​ជា​ព្រះ​គាំទ្រ​សម្រាប់​អស់​អ្នក​ដែល​ជឿ​លើទ្រង់ ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣–៥ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​ទូលអង្វរ​សម្រាប់​បុព្វហេតុ​របស់​យើង ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ស្រមៃ​ថា​បាន​ឮ​ព្រះអង្គ​សង្គ្រោះ​ទូល​អង្វរ​ សម្រាប់​បុព្វហេតុ​របស់​អ្នក​នៅ​ចំពោះ​ព្រះវរបិតា ។ តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ស្តាប់​ទ្រង់​មាន​ព្រះបន្ទូល​ជំនួស​អ្នក ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​វាយតម្លៃ​ការរៀបចំ​ខ្លួន​របស់​ខ្ញុំ​សម្រាប់​សេចក្តី​ជំនុំជម្រះ​ចុងក្រោយ​ដោយ​របៀប​ណា ?

ប្រធាន អូក បាន​បង្រៀន​ថា « គោលបំណង​នៃ​សេចក្ដី​ជំនុំ​ជម្រះ​ចុង​ក្រោយ​គឺដើម្បី​កំណត់​ថា តើ​យើង​បាន​សម្រេច​នូវ​អ្វី​ដែល​អាលម៉ា​បាន​ពិពណ៌នា​ថាជា ‹ ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ដួងចិត្ត › » ( « Cleansed by Repentance » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៣ ) ។ ការផ្លាស់ប្តូរ​នេះ​គឺ​បានសម្រេច​តាមរយៈ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត​ជឿ​ដោយ​ស្មោះសរ ។

នៅពេល​អាលម៉ា​បាន​បង្រៀន​ប្រជាជន​សារ៉ាហិមឡា លោក​បាន​សួរ​ពួកគេ​នូវ​សំណួរ​ជាច្រើន ដើម្បី​ពួកគេ​អាច​វាយតម្លៃ​ស្ថានភាព​នៃ​ដួងចិត្ត​ពួកគេ ហើយ​កំណត់​ពីរបៀប​ថា តើ​ពួកគេ​បាន​រៀបចំ​ខ្លួន​បាន​ប៉ុណ្ណា​ដើម្បី​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ព្រះអង្គសង្គ្រោះ ( សូមមើល អាលម៉ា ៥:១៤ ) ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន អាលម៉ា ៥:១៥–១៦, ១៩, ២៦–២៧ ហើយ​ចំណាយ​ពេល​ខ្លះ​សម្រាប់​ការសញ្ជឹងគិត​ពី​ខ្លួនឯង​ដោយ​ស្មោះត្រង់ កាល​អ្នក​ពិចារណា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ដែល​បានសួរ ។ សូម​កំណត់​សំណួរ​មួយ​ជា​ពិសេស​ដែល​ផ្តល់​យោបល់​អំពី​ចំណុច​មួយ​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ពេល​នេះ ។

បុគ្គល​ម្នាក់​កំពុង​សញ្ជឹងគិត​ពី​បទគម្ពីរ

កាល​អ្នក​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រៀបចំ​ឲ្យ​បាន​កាន់តែ​ល្អ​សម្រាប់​ការ​ជំនុំជម្រះ​ចុងក្រោយ សូម​ចងចាំ​នូវ​ដំបូន្មាន​ដ៏ឈ្លាសវៃ​ខាងក្រោម​នេះ​ពី​អែលឌើរ លែរី អរ ឡ័ររ៉ែន នៃ​ពួក​ចិត​សិបនាក់់ ៖

អែលឌើរ លែរី អរ ឡ័ររ៉ែន

ព្រះវិញ្ញាណ​អាច​បង្ហាញ​យើង​អំពី​ភាពទន់ខ្សោយ​របស់​យើង ប៉ុន្តែ​ទ្រង់​ក៏​អាច​បង្ហាញ​យើង​អំពី​ភាពខ្លាំង​របស់​យើង​ផងដែរ ។ ពេល​ខ្លះ យើង​ត្រូវ​ទូល​សូម​អ្វី​ដែល​យើង​ធ្វើ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​ព្រះអម្ចាស់​អាច​បំផុស ហើយ​លើក​ទឹកចិត្ត​យើង ។… ទ្រង់សប្បាយព្រះទ័យ​គ្រប់ពេល​ដែលយើង​រីកចម្រើន ។ ចំពោះទ្រង់ ទិសដៅរបស់យើងគឺមាន​សារៈសំខាន់​ជាងល្បឿន​របស់​យើង​ទៅទៀត ។

បងប្អូន​ប្រុស​ស្រី​អើយ សូម​បន្ត​ទៅ​មុខ ប៉ុន្តែសូម​កុំ​បាក់ទឹកចិត្ត​ឡើយ ។ ( « What Lack I Yet? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៥ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​សរសេរ​ការឆ្លើយតប​ទៅនឹង​សំណួរ​ដែល​អ្នក​បាន​រកឃើញ​ចេញពី​ពាក្យ​សម្តី​របស់​អាលម៉ា ដែល​បាន​ណែនាំ​អ្វីមួយ​ដែល​អ្នក​អាច​ធ្វើ​ឥឡូវនេះ​ ។ អ្នក​ក៏​អាច​ស្វែងយល់​ពី​សំណួរ​ដែល​បង្ហាញ​ពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ត្រឹមត្រូវ ហើយ​សរសេរ​ការឆ្លើយតប​ចំពោះ​សំណួរ​នោះ​ផងដែរ ។