កូន​សៀវភៅ​សម្រាប់​បង្រៀន
កិច្ចការ​ផ្សព្វផ្សាយ​សាសនា


កិច្ចការ​ផ្សព្វផ្សាយ​សាសនា

អ្នក​អាច​បម្រើ​មនុស្សដទៃ ហើយ​ចែកចាយ​អំណរ​នៃ​ដំណឹងល្អ​តាមរយៈ​ការធ្វើ កិច្ចការ​ផ្សព្វផ្សាយសាសនា ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សេចក្ដីស្រឡាញ់​របស់​ព្រះ និង របស់​បុត្រាបុត្រី​ទ្រង់ ហើយ​វា​មាន​នូវ​ការជួយ​មនុស្សដទៃ​ឲ្យ​យល់ ហើយ​ទទួល​បាន​ពរជ័យ​មក​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ (សូម​មើល នីហ្វៃទី១ ៨:១២ ) ។

ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​មនុស្ស​គ្រប់​គ្នា មាន​ឱកាស​ទទួល​យក​ដំណឹងល្អ ពី​មុន​ទ្រង់​យាង​មក​ម្ដង​ទៀត ។ ទ្រង់​បាន​ត្រាស់បង្គាប់​ពួក​អ្នក​ដើរតាម​ទ្រង់ ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់​ទៅ​ពាសពេញ​ពិភពលោក ( សូម​មើល ម៉ាថាយ ២៨:១៩ ) ។ នៅ​ពេល​អ្នក​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ជាមួយ​ក្រុមគ្រួសា និង មិត្តភក្តិ​របស់​អ្នក អ្នក​អាច​ជួយ​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​របស់​ទ្រង់ ហើយ​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​សន្យា​ថា​នឹង​ជួយ​អ្នក ឲ្យ​ដឹង​ពី​សេចក្ដី​ដែល​ត្រូវ​និយាយ និង ត្រូវ​ធ្វើ​នៅ​ពេល​អ្នក​ចែកចាយ​ដំណឹងល្អ ។

បន្ថែម​ពី​លើ​ការជួយ​មនុស្សដទៃ​ឲ្យ​រកឃើញ​ដំណឹងល្អ នោះ​ទស្សនវិស័យ និង ទីបន្ទាល់​របស់​អ្នក​នឹង​ក្លាយ​ជា​ពរជ័យ​មហិមា ដល់​សមាជិក​ដទៃទៀត​ក្នុង​សាសនាចក្រ ។ អ្នក​អាច​ជួយ​អ្នក​ទាំងឡាយ​ណា​ដែល​មាន​សេចក្ដីជំនឿ​ទន់ខ្សោយ តាមរយៈ​ការធ្វើ​ជា​មិត្ត​នឹង​ពួកគេ លើកទឹកចិត្ត​ពួកគេ និង​អញ្ជើញ​ពួកគេ​ឲ្យ​ទៅ​ព្រះវិហារ​ជាមួយ​អ្នក ។ នៅ​ក្នុង​គ្រប់​ទង្វើ ឬ ការចាត់តាំង​របស់​អ្នក​ក្នុង​សាសនាចក្រ សូម​ព្យាយាម​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​មក​កាន់តែ​ជិត​ព្រះគ្រីស្ទ ។

ទោះជា​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្សដទៃ​មាន​សារៈសំខាន់​ក្ដី ពុំ​មាន​ន័យ​ថា មនុស្ស​គ្រប់​គ្នា​នឹង​ទទួល យក​អ្វី​ដែល​អ្នក​ប្រាប់​ពួកគេ​នោះ​ទេ ។ សូម​បង្ហាញ​មិត្តភាព សេចក្ដី​ស្រឡាញ់ និង ការគោរព​ដល់​មនុស្ស​គ្រប់​រូប ទោះជា​ពួកគេ​ឆ្លើយ​តប​ទៅ​នឹង​ទីបន្ទាល់ ឬ ការអញ្ជើញ​របស់​អ្នក​យ៉ាង​ដូចម្ដេច​ក៏​ដោយ ។ នៅ​ពេល​អ្នក​រស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ស្មោះត្រង់ អ្នក​នឹង​ធ្វើ​ជា​គំរូ ហើយ​បង្ហាញ​ដល់​សមាជិក​គ្រួសារ និង មិត្តភក្ដិ​របស់​អ្នក នូវ​ពរជ័យ​មហិមា​ដែល​កើតឡើង​ពី​ការរស់នៅ​តាម​ដំណឹងល្អ និង ការបម្រើ​ព្រះ ។