អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
១.បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក


« ១. បទពិសោធន៍​​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—បេសកកម្ម​ផ្នែក​សេវាកម្ម ( ឆ្នាំ​២០២១ )

« ១. បទពិសោធន៍​​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​ » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—បេសកកម្ម​ផ្នែក​សេវាកម្ម

ព្រះគ្រីស្ទ និង​ពួក​អ្នក​នេសាទត្រី ដោយ ជេ ខឺក រីឆាដ

បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​

១.០

សេចក្តីផ្តើម

បេសកកម្ម​របស់​អ្នក​ពុំ​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ដែល​អ្នក​បាន​ធ្វើ​ពិធី​ញែក​ចេញនោះទេ ។ វា​នឹង​មិន​បញ្ចប់​នៅ​ថ្ងៃ​ដែល​អ្នក​ត្រូវបាន​ដោះលែង​នោះ​ឡើយ ។ បេសកកម្ម​ផ្នែក​សេវាកម្ម​គឺលើស​ពី​ការស្លៀកពាក់​ឯកសណ្ឋាន​នៅ​ពេល​ព្រឹក ហើយ​ដោះ​វា​ចេញ​ម្ដង​ទៀត​នៅ​ពេល​យប់​នោះ​ទេ ។

បទពិសោធន៍​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​បង្ហាញ​ពី​ការ​តាំង​ចិត្ត​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ​មនុស្ស​ដទៃ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ ចាប់​តាំង​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក​មក អ្នក​បាន​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដែល​នាំ​ទៅ​កាន់​សុភមង្គល អំណរ និង​សេចក្ដី​សុខសាន្ត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ បទពិសោធន៍​បេសកកម្ម​របស់​អ្នក​អាច​ផ្លាស់ប្ដូរ​អ្នក​បាន ហើយ​អ្នក​គួរតែ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ទាំងនោះ​ជាមួយ​នឹង​អ្នក​ពេញ​មួយ​ជីវិត ។

នៅពេល​មើល​តាម​ទស្សនវិស័យ​ដ៏​នៅអស់កល្ប​ជានិច្ច នោះ​បេសកកម្ម​របស់​អ្នក​គឺ​លើសពីការ​គូស​សញ្ញាកែង​ក្នុងប្រអប់​ថា​បាន​ធ្វើ​រួចរាល់​ហើយ​ទៅ​ទៀត ។ វា​គឺជា​វិធី​មួយ​ដើម្បី​ជួយ​អ្នក​នៅ​ក្នុង​ដំំណើរ​ស្វែងរក​របស់​អ្នក​ដើម្បី​ប្រែ​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ។ ប្រធាន ម៉ារីអន ជី. រ៉ូមនី បាន​មាន​ប្រសាសន៍​ថា « ការ​បម្រើ​ពុំ​មែន​ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​ស៊ូទ្រាំ​នៅ​លើ​ផែនដី​នេះ​ដើម្បី​យើងអាច​ទទួល​បាន​សិទ្ធិ​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល​នោះទេ ។ ការ​បម្រើ​គឺជា​កម្លាំង​ដែល​ជីវិតដ៏ខ្ពង់ខ្ពស់​នៅ​ក្នុង​នគរសេឡស្ទាល​ត្រូវ​បាន​បង្កើតឡើង » ( « The Celestial Nature of Self-reliance » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨២ ទំព័រ ៩៣ ) ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ហេតុដូច្នេះហើយ បើសិនជា​អ្នករាល់គ្នា​មាន​បំណង​ចង់​បម្រើ​ព្រះ នោះ​អ្នករាល់គ្នា​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ហើយ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៤:៣ ) ។ មិន​ថា​អ្នកបាន​ត្រូវចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​តាំង​ពី​ដំបូង​មក ឬ​ក៏​ត្រូវ​បាន​ប្ដូរ​ឲ្យ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ឬ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ឡើង​វិញ​នោះ​ទេ អ្នក​មាន​ឯកសិទ្ធិ​នៃ​ការឧទ្ទិស​ថ្វាយ​រយៈពេល​នេះ​នៃ​ជីវិត​របស់​អ្នក​ចំពោះ​ការ​បម្រើ​ព្រះអម្ចាស់​ដោយ​បម្រើ​មនុស្ស​ដទៃ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ នៅ​ក្នុង​ការ​ហៅ​នេះ អ្នក​នឹង​មាន​ឱកាស​ផ្ដល់​ការបម្រើ​ដែល​នឹង​ផ្ដល់​ពរ​ដល់​មនុស្ស​ដទៃ ជីវិត​របស់​អ្នក​ផ្ទាល់ គ្រួសារ​របស់​អ្នក សាសនាចក្រ និង​អង្គការ​ដែល​អ្នក​បម្រើ ។

យើងម្នាក់ៗ​ត្រូវ​បាន​ចាត់​មក​ផែនដី​នេះ​ជាមួយ​នឹង​សមត្ថភាព និង​ទេពកោសល្យ​ខុសៗគ្នា ។ អ្នក​អាច​ធ្វើ​ការ​ចូលរួម​ចំណែក​ដ៏​មាន​ន័យ​ចំពោះ​កិច្ចការ​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ​ជាមួយ​នឹង​ទេពកោសល្យ និង​សមត្ថភាព​ដ៏​វិសេស​វិសាល​របស់​អ្នក ។ ការ​បម្រើ​ដ៏​ស្មោះត្រង់​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺជា​ការ​ថ្វាយ​ដែល​អាច​ទទួល​យក​បាន​ចំពោះ​ព្រះអម្ចាស់ ។

ចូរ​រីករាយ​នឹង​បទពិសោធន៍​បេសកកម្ម​របស់​អ្នក ពេល​អ្នក​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ។ នេះ​ជា​ពេល​ដើម្បី​ត្រេកអរ និង​ដើម្បី​ដក​ពិសោធន៍​នូវ​សុភមង្គល និង​ភាពសុខសាន្ត​ដ៏​យូរ​អង្វែង​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។

១.១

ការគោរព​ប្រតិបត្តិ

សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​​គោរព​ប្រតិបត្តិ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ ការ​កាន់​តាម​បទបញ្ញត្តិ​មាន​ន័យ​ថា អ្នក​នឹង​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ដោយ​ស្ម័គ្រចិត្ត ហើយ​ដោយ​ស្មោះត្រង់ ដោយសារ​អ្នក​ស្រឡាញ់​ទ្រង់ ។ ការគោរព​ប្រតិបត្តិ​ក៏​មាន​ន័យ​ថា អ្នក​កាន់​តាម​បទបញ្ញត្តិ « ដោយ​អំណរ » ផងដែរ ( កូឡ៉ុស ១:១១ ) និង « ចិត្ត​ស្មោះត្រង់ » ( កិច្ចការ ២:៤៦ ) ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​គំរូ​នៃ​ការគោរព​ប្រតិបត្តិ​ដ៏​ល្អ​ឥត​ខ្ចោះ ។ អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​គឺជា​ព្រះហឫទ័យ​របស់​ព្រះវរបិតា ។ សូម​ធ្វើ​តាម​ទ្រង់​ដោយ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក​ដើម្បី​គោរព​រាល់​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​រស់​នៅ​តាម​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។ ការ​គោរព​ប្រតិបត្តិ និង​ការ​មាន​ភាព​ស្មោះត្រង់ ក៏​មានន័យ​ថា អ្នក​ព្យាយាម​រៀន លូតលាស់ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ ។ សូម​កែតម្រូវ​កំហុស​ភ្លាមៗ ។ សូម​បង្ហាញ​ថា អ្នក​មានភាព​ស្មោះត្រង់ និង​គោរពប្រតិបត្តិ ដោយ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​អ្នក ។

អ្នក​នឹង​មានពរ ពេល​អ្នក​ធ្វើតាម​បទបញ្ញត្តិ និង​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ប្រើ​សុភវិនិច្ឆ័យ ។ ចូរ​ដឹង​ថា ទោះ​បី​ជា​ពេល​ដែល​អ្នក​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​ក្ដី ក៏​អ្នក​អាច​ជួប​នឹង​បញ្ហា ជំងឺ ឬ​ការ​ប្រឈម​នានា​ផងដែរ ( សូមមើល យ៉ូហាន ១៦:៣៣ ) ។ ព្រះអង្គ​សង្គ្រោះ​បាន​ដក​ពិសោធន៍​នៅ​គ្រប់​រឿង​ទាំង​នេះ ( សូម​មើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៨ ) ។ ទ្រង់​សន្យា​ថា « ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នាឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ » ( យ៉ូហាន ១៤:១៨ ) ។

ព្រះ​ស្រឡាញ់​អ្នក ។ ចូរ​ជ្រើសរើស​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ដោយសារ​អ្នក​ស្រឡាញ់​ព្រះ ។ សូម​កុំ​ព្យាយាម​ធ្វើ​កិច្ចព្រមព្រាង​ជាមួយ​នឹង​ព្រះ ឬ​ចាត់ទុក​ការគោរព​ប្រតិបត្តិ​របស់​អ្នក​ជា​កិច្ចការ​ដើម្បីទទួល​បាន​ពរជ័យ​ណាមួយ​ឡើយ ។

១.២

សិទ្ធិ​ជ្រើសរើស

សិទ្ធិ​ជ្រើស​រើស ឬ​សមត្ថភាព​ដើម្បី​ជ្រើសរើស និង​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង​គឺជា​អំណោយទាន​ដ៏​មហិមា​មួយ​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ ការ​រីកចម្រើន​ដ៏អស់កល្បជានិច្ច​របស់​យើង​ពឹង​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ប្រើ​អំណោយទាន​នេះ ។ យើង​ត្រូវ​តែ​ជ្រើស​រើស​ថាតើ​ត្រូវ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់​ដែរឬទេ ។ សិទ្ធិ​ជ្រើសរើស​អនុញ្ញាត​ឲ្យ​អ្នក​រៀន រីកចម្រើន និង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។ ដោយ​មានសិទ្ធិ​នេះ អ្នក « មាន​សេរីភាព … រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​ព្រះ​ជា​អ្នកសង្រួបសង្រួមដ៏​ធំ​របស់​មនុស្ស​លោក​ទាំង​អស់ » ( នីហ្វៃទី ២ ២:២៧ ) ។

អ្នក​ទទួលខុសត្រូវ​លើ​ការ​សម្រេចចិត្ត​ដែល​អ្នក​ធ្វើ ។ អ្នក​គឺជា​បុត្រ​របស់​ព្រះ​ដែល​មាន​កម្លាំង​ដ៏​អស្ចារ្យ ! អ្នក​មាន​សមត្ថភាព​ជ្រើសរើស​សេចក្ដីសុចរិត និង​សុភមង្គល ទោះ​ជា​កាលៈទេសៈ​របស់​អ្នក​បែប​ណា​ក្ដី ។

អ្នកក៏​ទទួល​ខុសត្រូវ​ចំពោះ​ការ​អភិវឌ្ឍ​សមត្ថភាព និង​ទេពកោសល្យ​ដែល​ព្រះបាន​ប្រទាន​ដល់​អ្នក​ផង​ដែរ ។ បេសកកម្ម​របស់​អ្នក​គឺជា​ពេលវេលា​មួយ​ដើម្បី​រៀន​ទទួល​ខុសត្រូវ​ចំពោះ​ទ្រង់​សម្រាប់​អ្វី​ដែល​អ្នក​ធ្វើ​ដោយ​ប្រើ​សមត្ថភាព​របស់​អ្នក និង​របៀប​ដែល​អ្នក​ប្រើ​ពេលវេលា​របស់​អ្នក ។ សូម​កុំ​ចំណាយ​ពេលវេលា​ដោយ​ភាព​ខ្ជិល​ច្រអូស ។ ចូរ​មាន​ឆន្ទៈ​ខិតខំ​ធ្វើ​ការ ។ សូម​ជ្រើសរើស​ធ្វើ​ជា​មនុស្ស​នឹងនរ ហើយ​អាចទុក​ចិត្ត​បាន ព្រមទាំង​ប្រព្រឹត្ត​រឿង​ល្អៗ​ជាច្រើនតាម​បំណង​ចិត្ត​របស់​អ្នក​ផ្ទាល់ ។

១.៣

គោលបំណង​នៃ​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ការងារបម្រើ​របស់​ព្រះអង្គសង្គ្រោះ​បង្ហាញ​នូវ​គំរូ​នៃ​ព្រះបញ្ញត្តិ​ធំៗ​ចំនួន​ពីរ​គឺ ៖ « ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » និង « ស្រឡាញ់ អ្នកជិតខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៧, ៣៩) ។ យើង​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ជិតខាង​របស់​យើង ពេល​យើង​បម្រើ​ពួកគេ ។ ពេល​យើង​បម្រើ​មនុស្ស​ដទៃ យើង​ក៏​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ផង​ដែរ ៖ « កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។

គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​គោលបំណង​នៃ​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដើម្បី​ដឹកនាំ​អ្នក​នៅ​ក្នុង​ការហៅបម្រើ​ដ៏​ពិសិដ្ឋ​របស់​អ្នក ។

« គោលបំណង​របស់​ប្អូន​គឺ​ជួយ​អ្នក​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ តាម​រយៈ​ការបម្រើដល់ពួកគេ​ឲ្យ​ដូច​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ។ យើង​បម្រើ​ដោយ​ស្ម័គ្រចិត្ត​នៅក្នុង​អង្គការ​សប្បុរសធម៌ ធុរកិច្ច​របស់​សាសនាចក្រ និង​នៅក្នុង​សហគមន៍ ។ យើង​នឹង​ផ្ដល់​ការងារបម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ទៅ​កាន់​បុគ្គល​នោះ គឺ​ដូចជា​ទ្រង់​បាន​ធ្វើ ដោយ​បង្ហាញ​សេចក្តី​សប្បុរស​គួរ​ឲ្យ​ស្រឡាញ់​របស់​ទ្រង់ » ។

សូម​ចាំថា របៀប​ដែល​អ្នក​បម្រើ​ព្រះអង្គសង្គ្រោះ​គឺសំខាន់​ជាង​ទីកន្លែង​ដែល​អ្នក​បម្រើ ឬ អ្វី​ដែល​អ្នក​ធ្វើ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា « តាមរយៈ​ការ​បម្រើ​ពេញ​មួយ​ជីវិត​នៅក្នុង​សាសនាចក្រ​នេះ ខ្ញុំ​បាន​រៀន​ថា វា​មិន​សំខាន់​ថា​យើង​បម្រើ​នៅ​កន្លែង​ណា​ឡើយ ។ អ្វី​ដែល​ព្រះអម្ចាស់​ខ្វល់​ព្រះទ័យ​បំផុត​នោះ​គឺ​របៀប​ដែល​យើង​ម្នាក់​ៗ​បម្រើ​ទៅ​វិញ​ទេ » ( Ministering with the Power and Authority of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៨ ) ។ ការ​បម្រើ​របស់​អ្នក​គឺ​សម្រាប់​លោកចៅហ្វាយ ហើយ​អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​បម្រើ​ដូចជាទ្រង់ !

១.៤

គោលដៅ​ផ្សព្វផ្សាយ​សាសនា

គណៈប្រធានទីមួយ​ក៏​ផ្ដល់​គោលដៅ​ដូចតទៅ​នេះ​សម្រាប់​បេសកកម្ម​ផ្នែក​សេវាកម្ម​ផង​ដែរ ៖

  • ផ្ដល់​ឱកាស​សម្រាប់​យុវជន និង​យុវនារី​គ្រប់រូប​ដែល​មាន​ឆន្ទៈ ដើម្បី​បម្រើ​ព្រះអម្ចាស់ ហើយ​បង្កើន​ទីបន្ទាល់​លើ​ទ្រង់ ។

  • ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ម្នាក់ៗ​ឲ្យ​រៀបចំខ្លួន​សម្រាប់​ការ​បម្រើពេញ​មួយ​ជីវិត ។

  • ផ្ដល់​ការបម្រើ​ដ៏​ចាំបាច់ និង​មាន​តម្លៃ​ថ្វាយ​ព្រះអម្ចាស់​តាមរយៈ​ការបម្រើ​នៅ​ក្នុង​សាសនាចក្រ និង​អង្គការ​សហគមន៍ ។

ពេល​អ្នក​បម្រើ​ព្រះអង្គសង្គ្រោះ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ និង​តាម​របៀប​របស់​ទ្រង់​ទាំង​អំឡុង និង​ក្រោយ​ពេល​បេសកកម្ម​របស់​អ្នក នោះ​អ្នក​នឹង​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។ លក្ខណៈ ឬ​គុណសម្បត្តិ​ទាំងនេះ​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​នូវ​គោលដៅ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។

អ្នក​មាន​ឱកាស​បង្កើត​ជំនាញ​ខាង​វិញ្ញាណ ខាង​សង្គម ខាង​ផ្លូវកាយ និង​ខាង​បញ្ញ​ថ្មី​ដែល​នឹង​ផ្ដល់​ពរ និង​ជះឥទ្ធិពល​ដល់​គ្រប់ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នក ។

១.៥

បទដ្ឋាន​សម្រាប់​ជីវិត

ព្រះ​អញ្ជើញ​អ្នក​ឲ្យ​ថ្វាយ​ខ្លួន​អ្នក​ដល់​ទ្រង់​អស់​មួយ​ជីវិត​អ្នក ។ បទដ្ឋាន​បេសកកម្ម ដូច​ជា​ការសិក្សា​ផ្ទាល់​ខ្លួន ការដាក់​គោលដៅ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុចរិត នឹង​ផ្ដល់​ពរជ័យ​ដល់​អ្នក​នៅ​ក្នុង​បេសកកម្ម​របស់​អ្នក និង​ពេញ​មួយ​ជីវិត​របស់​អ្នក ។

ចូរ​ធ្វើឲ្យ​បទបញ្ញត្តិ​នៅ​ក្នុង​បទគម្ពីរ និង​បទដ្ឋាន​បេសកកម្ម​ទាំង​នេះក្លាយ​ជា​គោលការណ៍​ដឹកនាំ​ពេញ​មួយ​ជីវិត ។ កាលដែល​អ្នក​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង​តាម​បទដ្ឋាន​ទាំងឡាយ នោះ​ទ្រង់​នឹង​ដឹកនាំ ប្រទាន​ពរ និង​ណែនាំ​អ្នក​ពេញ​មួយ​ជីវិត​អ្នក ។