អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
២.ការរៀបចំ និង​សកម្មភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម


« ២. ការរៀបចំ និង​សកម្មភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—បេសកកម្ម​ផ្នែក​សេវាកម្ម ( ឆ្នាំ​២០២១ )

« ២. ការរៀបចំ និង​សកម្មភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—បេសកកម្ម​ផ្នែក​សេវាកម្ម

ការ​មើល​ថែ​អ្នកខ្វះខាត​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង

ការរៀបចំ និង​សកម្មភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

២.០

សេចក្តីផ្តើម

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​រាល់​គ្នា​ត្រូវ​រៀបចំ​ខ្លួន ហើយ​តាំង​ឲ្យ​មនុស្ស [ ទាំង​ប្រុសទាំង​ស្រី ] មាន​ការ​កាន់កាប់​ត្រួតត្រា​រៀងៗ​ខ្លួន [ របស់​ពួកគេ ] » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១១ ) ។ វគ្គ​នេះ​នៃ​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​ពិពណ៌នា​អំពី​ការរៀបចំបេសកកម្ម​ផ្នែក​សេវាកម្ម ។ វា​ក៏​ពន្យល់​ពី​របៀប​ដែល​អ្នក​អាច​បម្រើ​មនុស្ស​ដទៃ​បាន​ល្អ​បំផុត​ដោយ​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ពេល​អ្នក​ចូលរួម​នៅ​ក្នុង​កិច្ចការ និង​សកម្មភាព​បេសកកម្ម​ផ្នែក​សេវាកម្មដែរ ​( សូមមើល មរ៉ូណៃ ៧:៤៤–៤៧ ) ។

ពាក្យ ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា សំដៅ​លើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​ការចាត់តាំង​ជា​ថ្នាក់​ដឹកនាំ ដូចជា​អ្នក​ដឹកនាំ​មណ្ឌល និង​អ្នក​ដឹកនាំ​​ស៊ីស្ទើរ ។ ពាក្យ ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម សំដៅ​ទៅ​លើ​អ្នក​ដឹកនាំ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ជា​ប្រចាំ​ចំពោះ​អ្នក និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​នៅ​ក្នុង​តំបន់​ចាត់តាំង​របស់​អ្នក ( សូមមើល ២.១.១ ) ។

នៅ​ក្នុង​ក្បួនខ្នាត​នេះពាក្យ ប្រធាន​ស្តេក ប៊ីស្សព ស្តេក និង វួដ ក៏​អនុវត្ត​ចំពោះ​ប្រធាន​មណ្ឌល ប្រធានសាខា មណ្ឌល និង​សាខា​ផងដែរ ។

២.១

ភាព​ជា​អ្នកដឹកនាំ​ក្នុង​បេសកកម្ម​ផ្នែក​សេវាកម្ម

ទំនួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​អ្នក មិន​ថា​នៅក្នុង​ការចាត់តាំង​ជា​ថ្នាក់​ដឹកនាំ​ណា​ឡើយ គឺ​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​ស្មោះត្រង់ និង​លះបង់ ។ អ្នក​នឹង​មានពរ ពេល​អ្នក​ធ្វើតាម​ការ​ប្រឹក្សា​មក​ពី​ថ្នាក់​ដឹកនាំ​របស់​អ្នក និង​ពេល​អ្នក​អភិវឌ្ឍ​ទំនាក់ទំនង​គួរ​ឲ្យ​ស្រឡាញ់​ជាមួយ​នឹង​ពួកគេ ។

២.១.១

ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម

ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកអ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ដោយ​ការហៅ​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​ដើម្បី​ដឹកនាំពួកគេ ។ ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ​បម្រើ​រួម​គ្នា​ជា​ថ្នាក់ដឹកនាំ​ជំនួយ ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ។ ពួកគាត់​ត្រូវ​បាន​ហៅ​មកពី​ព្រះ ហើយ​ត្រូវ​បាន​ញែកចេញ​ដើម្បី​ដឹកនាំ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ​នៅ​ក្នុង​តំបន់​ចាត់តាំង​របស់​អ្នក ។ ពួកគាត់​ស្រឡាញ់​អ្នក បម្រើ​អ្នក និង​ជួយ​អ្នក​បំពេញ​គោលបំណង​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ ដោយធ្វើការ​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​អ្នក នោះ​ពួកគាត់​ជួយ​កំណត់​ពី​ឱកាស​បម្រើ​សម្រាប់​អ្នក ។ ពួកគាត់​ជួយ​អភិវឌ្ឍ​កាលវិភាគ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​អ្នក និង​ការ​ចាត់តាំង​របស់​អ្នក ។ ពួកគាត់ក៏ ៖

  • ជួបហើយ​សម្ភាសន៍​អ្នក​ជាទៀងទាត់ ។

  • វាយតម្លៃ និង​គាំទ្រ​ដល់​ការរីកចម្រើន​របស់​អ្នក ។

  • គាំទ្រ និង​លើកទឹកចិត្ត​អ្នក ។

  • ស្ដាប់​កង្វល់​របស់​អ្នក ឆ្លើយ​សំណួរ​របស់​អ្នក ហើយ​ប្រឹក្សា​យោបល់ ។

  • ប្រើការ​បំផុស​គំនិត និង​វិវរណៈ​ដើម្បី​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

សរុបទៅ ពួកគាត់​មាន​ការទទួលខុសត្រូវ​ជា​ប្រចាំ​ចំពោះ​ការ​ធ្វើការ​ជាមួយ​នឹង​អ្នក ដើម្បី​អ្នកអាច​មាន​បទពិសោធន៍​បេសកកម្ម​ដែល​ផ្លាស់ប្ដូរ​ជីវិត ។

ពេល​អ្នក​មានការ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម នោះ​អ្នក​អាច​អញ្ជើញ​ឪពុកម្ដាយ​របស់​អ្នក ឬ​អ្នកផ្សព្វផ្សាយ​សាសនា​គាំទ្រ​ដោយ​ផ្ទាល់ ដើម្បី​មានវត្តមាន​ក្នុង​ការ​សម្ភាសន៍​នោះ ។ ការសម្រេច​ចិត្ត​របស់​អ្នក​ដើម្បី​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ចូលរួម​ជាមួយ​អ្នក មិន​បន្ថយ​នូវ​សេចក្ដី​ស្រឡាញ់ ការខ្វល់ខ្វាយ ឬ​ការកោត​សរសើរ​របស់​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​ចំពោះ​អ្នក​នោះ​ទេ ។

២.១.២

ប្រធាន​ស្តេក

ដោយសារ​អ្នក​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​ស្តេក នោះ​ប្រធានស្តេក​របស់​អ្នក​មាន​ការ​ទទួល​ខុសត្រូវ​បព្វជិតភាព​ចំពោះ​អ្នក ។ ដោយធ្វើ​ការ​ជិតស្និទ្ធ​ជាមួយនឹង​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក នោះគាត់​ដាក់​ការ​រំពឹង​ទុក​ខាង​វិញ្ញាណ និង​ខាង​អាកប្បកិរិយា​នៃ​បេសកកម្ម​របស់​អ្នក ហើយ​អនុម័ត​បទពិសោធន៍​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​ការបម្រើ​របស់អ្នក ។

ប្រធាន​ស្ដេក​របស់​អ្នក​មាន​ការ​ទទួល​ខុស​សម្រាប់​ការ​សម្ភាសន៍​ភាពស័ក្ដិសម ។ គាត់​ត្រូវ​ប្រាកដ​ថា អ្នក​នឹង​ធ្វើតាម​បទដ្ឋាន​បេសកកម្ម​ផ្នែក​សេវាកម្ម ។ ដោយ​ប្រឹក្សា​ជាមួយ​នឹង​ថ្នាក់ដឹកនាំបេសកកម្ម​ផ្នែក​សេវាកម្ម នោះ​គាត់​ពិនិត្យ​ឡើងវិញ​នូវ​កាលវិភាគ និង​ការ​ចាត់តាំង​របស់​អ្នក ។ នៅចុង​បញ្ចប់​នៃ​បេសកកម្ម​របស់​អ្នក គាត់​នឹង​ដោះលែង​អ្នក ហើយ​អរគុណ​អ្នកចំពោះ​ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា​របស់​អ្នក ។

ក្នុង​ករណី​មួយចំនួន ចម្ងាយ​ផ្លូវ​ធ្វើ​ឲ្យមាន​ការ​លំបាក​ចំពោះ​ប្រធាន​ស្តេក​ដើម្បី​ជួប​ជាមួយ​នឹង​អ្នក​ជាទៀងទាត់ ។ ប្រសិនបើ​ដូច្នោះមែន គាត់អាច​ចាត់​អ្នក​ជំនាញ​ប្រចាំ​ស្តេក ឬ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ផ្សេងទៀត​ម្នាក់​ដើម្បី​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ដើម្បី​គាំទ្រ ហើយ​ជួយ​អ្នក​ឲ្យ​ប្រាកដ​ថា អ្នក​មាន​បទពិសោធន៍​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ផ្លាស់ប្ដូរ​ជីវិត​មួយ ។

២.១.៣

ការរៀបចំ​ថ្នាក់​ដឹកនាំ​ក្នុង​បេសកកម្ម​ផ្នែក​សេវាកម្ម

ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​ប្រើការ​បំផុសគំនិត និង​វិវរណៈ​ដើម្បី​រៀបចំ​កិច្ចការ​នោះ ។ ពួកគេ​អាច​ចាត់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​នៅ​ក្នុង​តំបន់​អ្នកផ្សព្វផ្សាយសាសនា​ផ្នែក​សេវាកម្ម ( ដូចជា​អ្នកដឹកនាំ​មណ្ឌល ឬ​អ្នកដឹកនាំ​ស៊ីស្ទើរ ) ។ អ្នក​ក៏​អាច​ត្រូវ​បាន​សុំ​ឲ្យដឹកនាំ ឬ​ផ្ដល់​ការ​បំពាក់​បំប៉ន​នៅ​ក្នុង​ការ​ចាត់តាំង​ប្រតិបត្តិការ ឬ​សហគមន៍​របស់​អ្នកដែរ ។

២.១.៤

ការទទួល​ខុសត្រូវ​របស់​អ្នកដឹកនាំ​អ្នកផ្សព្វផ្សាយ​សាសនា

ដូចជា​អ្នកដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ដែរ ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​​ធ្វើ​តាម​ការប្រឹក្សា​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី « បម្រើ [ ព្រះ ] ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង [ របស់​ពួកគេ ] » និង « នឹក​ចាំ​ពី​សេចក្ដី​ជំនឿ គុណធម៌ តម្រិះ សេចក្ដី​អត់​សង្កត់ សេចក្ដី​អត់ធន់ សេចក្ដី​រាប់​អាន​គ្នា​ជា​បង​ប្អូន សេចក្ដី​កោតខ្លាច​ដល់​ព្រះ សេចក្ដី​សប្បុរស សេចក្ដី​ទាប​រាបសា សេចក្ដី​ឧស្សាហ៍ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤:២, ៦ ) ។ ការចាត់តាំង​ភាពជា​អ្នកដឹកនាំ ពុំ​ចង្អុល​បង្ហាញ​អំពី​ការទទួល​ស្គាល់​ពិសេស ឬ​ការដំឡើង​តំណែង ឬ​ជា​ការឆ្លុះ​បញ្ចាំង​ពី​តម្លៃ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នោះ​ទេ ។

អ្នកដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​​មាន​ទំនួល​ខុសត្រូវ​ដើម្បី ៖

  • ធ្វើ​ជា​គំរូ​អំពី​បទដ្ឋាន​អ្នកផ្សព្វផ្សាយសាសនា ​ផ្នែក​អាកប្បកិរិយា ( សូមមើល ជំពូកទី ៣ ) ។

  • ជួយបំពាក់បំប៉ន​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត ​ដូច​ដែលបាន​ដឹកនាំ​ដោយ​អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ។

  • ស្រឡាញ់ និង​ធ្វើ​ជា​មិត្តភក្ដិ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃ​ទៀត ។

  • ជួយ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​ឲ្យ​ស្គាល់​ពី​តម្លៃ​នៃ​កិច្ចខិតខំ​របស់​ពួកគេ ។

  • ស្ដាប់​ពី​កង្វល់​របស់​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ផ្សេង​ទៀត ហើយ​ចែកចាយ​សេចក្ដីត្រូវ​ការ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ។

  • ទទួល​ខុសត្រូវ​ចំពោះ​កាតព្វកិច្ច​ជា​អ្នកដឹកនាំ​របស់​ពួកគេ​ចំពោះ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ។

  • ជួយរៀបចំ និង​ដឹកនាំ​សន្និសីទ ការ​ប្រជុំ និង​សកម្មភាពនានា ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ។

ដូច​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ដែរ ពួក​អែលឌើរ និង​ពួក​ស៊ីស្ទើរ ដែល​មាន​ការចាត់តាំង​ជា​ថ្នាក់​ដឹកនាំ គប្បី​អនុវត្ត​នូវ​ភាព​ជា​អ្នក​ដឹកនាំ​ដែល​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ។ ប្រសិន​បើ​អាកប្បកិរិយារបស់​អ្នក​ផ្សព្វផ្សាយ​ណា​ម្នាក់ រួម​ទាំង​អ្នក​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា ហាក់​មិន​ប្រកាន់តាម​បទបញ្ញត្តិ និង​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា សូម​ពិភាក្សា​បញ្ហា​នោះជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែកសេវាកម្ម ឪពុកម្ដាយ ឬ​មិត្ត​ភក្ដិ​របស់​អ្នក ។

២.១.៥

ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន

« តម្កើង​ការងារ [ របស់​អ្នក ] ថ្វាយ​ព្រះ​អម្ចាស់ » ( យ៉ាកុប ១:១៩ ) មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ ហើយ « ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ [ ខ្លួន​អ្នក ] » ( នីហ្វៃទី២ ២:១៦ ) តាមរយៈ​ការទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ធ្វើ​តាម​ព្រះវិញ្ញាណ ។

ពេល​អ្នក​មាន​សំណួរ ឬ​កង្វល់ ៖

  • អនុវត្ត​ការបង្រៀន​ដើម្បី « សិក្សា​ក្នុង​គំនិត​របស់​អ្នក រួចហើយ … សូម​ដល់​យើង បើ​សិន​ជា​ការណ៍​នោះ​ត្រឹម​ត្រូវ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨ ) ។

  • ស្វែងរក​ការដឹកនាំ​តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ( ជាពិសេស ព្រះគម្ពីរ​មរមន ) ការបង្រៀន​របស់​ព្យាការី​ដែល​នៅ​រស់ និង​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។

និយាយ​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​របស់​អ្នក​អំពី​បញ្ហា​ភាពស័ក្ដិសម ។ និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក អំពី​កង្វល់​ដែលទាក់ទង​នឹង​សុវត្ថិភាព​បន្ទាន់ ដូចជាការវាយប្រហារ ​ការរំលោភ​បំពាន ឬ​បញ្ហា​ផ្សេងៗ​ទៀត ។

វា​អាច​នឹង​មាន​គ្រា​ទាំងឡាយ អំឡុង​បេសកកម្ម​របស់អ្នក ពេល​ដែល​អ្នក​ឃើញ​ថា​វា​ពិបាក​ដើម្បី​ផ្ដោត​លើ​កិច្ចការ​សេវាកម្ម​របស់​អ្នក ដោយសារ​តែ​ឧបសគ្គនាពេល​បច្ចុប្បន្ន បញ្ហា​ផ្ទាល់​ខ្លួន ឬ​គ្រួសារ ឬ​សូម្បី​តែ​ជា​បទពិសោធន៍​ពី​អតីតកាល ។ កុំ​ស្ទាក់ស្ទើរ​ដើម្បី​ចែកចាយ​កង្វល់​របស់​អ្នក​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក ។

សូម​ចងចាំ​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ ។ ចូរមើល​ស្នាម​ទាំង​ឡាយ​ដែល​នៅ​ចំហៀង​យើង ហើយ​ព្រម​ទាំង​ស្នាម​ដែកគោល​នៅ​ដៃ និង​ជើង​របស់​យើង​ចុះ ចូរ​មាន​ចិត្ត​ស្មោះត្រង់​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹងគ្រងនគរ​ស្ថាន​សួគ៌​ទុកជា​មរតក ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦–៣៧ ) ។

២.២

ការបម្រើ​រួមគ្នា

ពីមួយគ្រាទៅមួយគ្រា អ្នកអាច​​ត្រូវ​​ចាត់​តាំងជាមួយ​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផ្សេង​ទៀត​ទៅ​កាន់​ទីតាំង​ដូចគ្នា ។ ក្នុងនាម​ជា​​អ្នកផ្សព្វផ្សាយ​សាសនាដែលធ្វើការ​បម្រើ​រួមគ្នា អ្នកគួរតែ ៖

  • មាន​ភាពសាមគ្គី​គ្នា​នៅក្នុង​កិច្ចការនេះ ហើយ​បម្រើដូចជា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។

  • គាំទ្រ​សុខុមាលភាព​របស់​គ្នា​ទៅវិញ​ទៅមក ខាង​វិញ្ញាណ ខាងសតិ​អារម្មណ៍ និង​រាងកាយ ។

  • គិតគូរ​ពីសុវត្ថិភាពគ្នា​ទៅវិញ​ទៅមក​ខណៈ​កំពុង​បម្រើ​រួមគ្នា ។

  • ទទួល​ខុសត្រូវ​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ការកាន់​តាម​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។

២.២.១

ដៃគូ

ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​អាច​ចាត់​តាំងដៃគូ​ដើម្បី​កែលម្អ​ការ​សិក្សា​ដំណឹងល្អ និង​ការ​ប្រាស្រ័យទាក់ទង​ក្នុង​សង្គម​ក្នុង​បទពិសោធន៍​បេសកកម្ម​របស់​អ្នក ។ ដៃគូ​អាច​ត្រូវ​បាន​ចាត់​នៅ​ក្នុង​តំបន់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម នៅ​ទីតាំង​សេវាកម្ម ឬ​សម្រាប់​សកម្មភាព​សេវាកម្ម​ពិសេសៗ ។

សូមចងចាំ​ពី​សេចក្ដីណែនាំ​ដូចតនេះ​ជានិច្ច ពេល​អ្នក​ប្រាស្រ័យទាក់ទង​នឹង​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផ្សេងទៀត ៖

  • ស្រឡាញ់ គោរព និង​ពង្រឹង​​អ្នកផ្សព្វផ្សាយសាសនា​ផ្សេងទៀត ។

  • បន្ទាប​ខ្លួន ហើយ​ទទួល​ស្គាល់​ពី​ភាពខ្លាំង​របស់​គ្នា​ទៅវិញ​ទៅ​មក ។

  • ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែរ ។

  • ចៀសវាង​ការ​រិះគន់ និង​ការទាស់ទែង ហើយ​ទទួល​ស្គាល់​ពី​សេចក្ដីល្អ​នៅ​ក្នុងខ្លួន​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត ។

  • ចៀសវាង​ការនិយាយ​អវិជ្ជមាន​អំពី​គ្នា​ទៅវិញ​ទៅ​មក ប្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផ្សេង​ទៀត សមាជិក​សាសនាចក្រ ឬ​គ្រួសារ និង​មិត្តភក្ដិ ។

ប្រសិន​បើ​អ្នក​កត់សម្គាល់​ឃើញ​ថា​មាន​ស្ថានភាព ឬ​អាកប្បកិរិយា​មិន​សមរម្យ​ណា​មួយ សូម​ពិភាក្សា​វា​ជាមួយ​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ។

២.៣

ការប្រជុំ សន្និសីទ និង​ក្រុមប្រឹក្សា

ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ប្រឹក្សា​ជាមួយ​គ្នា ពេល​អ្នក​ផ្ដល់ និង​ទទួល​ការបំពាក់​បំប៉ន និង​ពេល​ដែល​អ្នក​ដាក់​ផែនការ និង​សម្រប​សម្រួល​សេវាកម្ម​របស់​អ្នក ។ ការប្រជុំ សន្និសីទ និង​ក្រុម​ប្រឹក្សា​គួរតែ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង​គួរតែ​ជា​ពេល​វេលា​មួយ​សម្រាប់​ការ​បំផុស​គំនិត និង​វិវរណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣២ ) ។ ការ​ប្រមូលផ្ដុំ​ក្នុងនាម​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ក៏​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក និង​រីករាយ​ជាមួយ​គ្នា​ផង​ដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៨; ៥០:២២ ) ។

ការ​ប្រជុំ​ដែល​អ្នកដឹកនាំ​អ្នកផ្សព្វផ្សាយ​សាសនា​រៀបចំ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម រួមមាន ៖

  • ការ​ប្រជុំ​មណ្ឌល​ជាទៀងទាត់

  • ការ​ប្រជុំ​ប្រចាំ​សប្ដាហ៍ ឬប្រចាំ​ខែ

  • សន្និសីទ

  • ក្រុមប្រឹក្សា​ភាពជា​អ្នកដឹកនាំ

២.៤

ការ​ចាត់តាំង និង​កាលវិភាគ

ចូរ​ស្មោះត្រង់ ហើយ​ឧស្សាហ៍​នៅ​ក្នុងការ​ធ្វើ​តាម​ការ​ចាត់តាំង និង​កាលវិភាគ​អ្នកផ្សព្វផ្សាយសាសនា​របស់​អ្នក ។

២.៤.១

ការចាត់តាំង​តាម​បំណង

អ្នក​ត្រូវ​បានហៅ​ដោយ​ព្រះអម្ចាស់​ឲ្យ​ធ្វើ​ជា​អ្នកផ្សព្វ​ផ្សាយ​សាសនា ។ អ្នក​ត្រូវ​បាន​ចាត់​តាំងឲ្យ​បម្រើ​ នៅ​ក្នុង​បទពិសោធន៍​បេសកកម្ម​តាម​បំណង​ដែល​បាន​ជ្រើសរើស​យ៉ាង​វិសេស​សម្រាប់​ទេពកោសល្យ ជំនាញ និង​អំណោយទាន​របស់​អ្នក ។ ក្នុង​ដំណើរ​នៃ​បេសកកម្ម​របស់​អ្នក អ្នក​អាច​បម្រើ​នៅ​ក្នុង​ការ​ចាត់តាំង​ច្រើន រួម​មាន​នៅ​ក្នុង​អង្គការ​មនុស្សធម៌​ដែល​បាន​អនុម័ត ប្រតិបត្តិការ​សាសនាចក្រ ព្រះវិហារ​បរិសុទ្ធ និង​ឱកាស​បម្រើ​ដែល​បាន​ចាត់​តាំងដោយ​ស្តេក ។

អ្នក​អាច​បម្រើ​លើស​ពី​មួយ​កន្លែង​នៅ​ក្នុង​សប្ដាហ៍​នោះ ។ នៅឯ​ទីតាំង​នីមួយៗ អ្នក​នឹង​រាយការណ៍​ទៅ​កាន់​អ្នក​គ្រប់គ្រង​ដែល​នឹង​ផ្ដល់​ការ​បំពាក់​បំប៉ន ឧបករណ៍ និង​ការ​គាំទ្រ​ដែល​អ្នក​ត្រូវការ​ដើម្បី​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​អ្នក ។ មក​ដល់​កន្លែង​ចាត់តាំង​របស់​អ្នកឲ្យ​ទាន់ពេល ហើយ​បានរៀបចំខ្លួនដើម្បី​បម្រើ​ឲ្យ​បាន​ល្អ ។ មានភាពជឿជាក់ និង​អាចទុកចិត្តបាន ។ ធ្វើតាម​ការ​ដឹកនាំ​មក​ពី​អ្នកគ្រប់គ្រង​របស់​អ្នក​ដោយ​ប្រុងប្រយ័ត្ន និង​ដោយ​ពេញលេញ ។ ធ្វើ​ឲ្យ​អស់​ពីលទ្ធភាព​ដើម្បី​បរិច្ចាគ​ដល់​ការងារ​នេះ​តាម​របៀប​ដ៏​មាន​ន័យ ។ ចូរ​មាន​ភាព​វិជ្ជមាន និង​មានឥទ្ធិពលនៃការ​លើក​ស្ទួយ​ដល់​មនុស្ស​ដែល​អ្នក​បម្រើ និង​ប្រាស្រ័យទាក់ទង ។ ធ្វើការ​ដោយ​សុវត្ថិភាព និង​ព្យាយាម​កែលម្អ​ជានិច្ច ។

២.៤.២

ការ​ប្ដូរការចាត់តាំង

ដោយ​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ នោះ​ប្រធានស្តេក និង​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​អាច​កែសម្រួល​ការ​ចាត់តាំង​ផ្នែក​សេវាកម្ម​របស់​អ្នក ក្នុង​អំឡុងពេលនៃ​ដំណើរ​បេសកកម្ម​របស់​អ្នក ។

២.៤.៣

កាលវិភាគ​ប្រចាំ​ថ្ងៃ

ដោយធ្វើការជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ នោះ​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​នឹង​បង្កើត​កាលវិភាគ​អ្នកផ្សព្វផ្សាយសាសនា​ប្រចាំ​ថ្ងៃ ដោយ​បាន​មតិ​មក​ពីអ្នក ។ ប្រធាន​ស្ដេក​របស់​អ្នក​នឹង​អនុម័ត​លើ​កាលវិភាគ​នោះ ។ កាលវិភាគ​នេះ​អាច​ដាក់​បញ្ចូល​នូវ​កិច្ចការ និង​សកម្មភាព​ដែល​ស្ថិតនៅក្រោម​ផ្នែក​នៃ​ការ​អភិវឌ្ឍ​ដូច​តទៅ​នេះ ៖

  • ផ្នែកខាងវិញ្ញាណ

  • ផ្នែកខាងសង្គម

  • ផ្នែកខាងសាច់​ឈាម

  • ផ្នែកខាងបញ្ញា

ចូរ​មានភាព​ជាប់លាប់ និង​អាចទុកចិត្ត​បាន​ក្នុងការ​ធ្វើតាម​កាលវិភាគ​អ្នកផ្សព្វផ្សាយសាសនា​ប្រចាំថ្ងៃ​របស់អ្នក ។ ការណ៍​នេះ​នឹង​នាំ​មក​នូវ​ការីកចម្រើន អំណរ និង​ពរជ័យ​ខាងវិញ្ញាណ​ដ៏​ធំ​ដល់​អ្នក ក្នុង​អំឡុងការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។

កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​អ្នក​អាច​រួមមាន ៖

  • ការដាក់ និង​ការ​ពិនិត្យមើល​អ្នកផ្សព្វផ្សាយសាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។

  • ការរៀបចំ​ខ្លួន និង​ការ​បំពេញ​ការចាត់តាំង​របស់​អ្នក​រៀងរាល់ថ្ងៃ ។

  • ការ​សិក្សា​បទគម្ពីរ ( ជាពិសេស​ព្រះគម្ពីរ​មរមន ) ការ​បង្រៀន​របស់​ព្យាការី និង​សាវក​នៅ​រស់ ផ្នែក​ដែល​ទាក់ទង​ស្ដីពី ការកែសម្រួល​ជីវិត​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៃការ​ប្រកាស​ដំណឹងល្អ​របស់​យើង និង​ធនធាន​អនុម័ត​ផ្សេង​ទៀត ។ ( សូម​មើល ២.៤.៥ ) ។

២.៤.៤

គំរូ​កាលវិភាគ​ប្រចាំ​ថ្ងៃ

ជាមួយ​គ្នា​នឹង​ថ្នាក់ដឹកនាំ ឪពុកម្ដាយ ឬ​អាណាព្យាបាល​របស់​អ្នក សូម​ធ្វើ​កាលវិភាគ​ជាលាយលក្ខណ៍​អក្សរទូទៅ​មួយ ។ រួម​បញ្ចូលទាំង​ពេលវេលា​របស់​អ្នក​នៅក្នុង​ការ​ចាត់តាំង និង​ពេលវេលា​ដែល​អ្នក​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ដើម្បី​កំណត់​ពី​របៀប​ដែល​អ្នក​នឹង​បម្រើ កែលម្អ និង​រីកចម្រើន ( ហៅថា « ម៉ោង​សិទ្ធិ​ជ្រើសរើស » ) ។ ពិនិត្យ​មើលឡើងវិញ ហើយ​ធ្វើ​តាម​ផែនការ​របស់​អ្នក​រៀងរាល់ថ្ងៃ ។

កាលវិភាគ​ប្រចាំ​ថ្ងៃ​សម្រាប់​បេសកកម្ម​របស់​អ្នក អាច​មើល​ទៅ​ដូច​គំរូ​ខាង​ក្រោម​នេះ ។

ពេល​ព្រឹក ៖

[ ម៉ោង​ចាប់ផ្ដើម ]

ក្រោកឡើង និងអធិស្ឋាន ។

[ ម៉ោង​ចាប់ផ្ដើម ]

ហាត់ប្រាណ ៣០ នាទី ។ ( ប្រឹក្សា​ជាមួយ​នឹង​អ្នកជំនាញ​ផ្នែក​សុខភាព​អំពី​អ្វី​ដែល​ល្អបំផុត​សម្រាប់​សុខភាព និង​ស្ថានភាព​រាងកាយ​របស់​អ្នក ) ។

[ ម៉ោង​ចាប់ផ្ដើម ]

ងូត​ទឹក បរិភោគ​អាហារ​ពេល​ព្រឹក និង​បញ្ចប់ការ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​នេះ ។

[ ម៉ោង​ចាប់ផ្ដើម ]

ចូលរួម​ក្នុង​ការ​ប្រជុំធម្មនិដ្ឋាន ឬ​ការ​សិក្សា​ដំណឹងល្អ ។

[ ម៉ោង​ចាប់ផ្ដើម ]

ទៅ​ដល់​កន្លែង​ធ្វើ​ការចាត់តាំង​របស់​អ្នក​ឲ្យ​ទាន់ពេល ។ ( ចូលរួម​ការ​ប្រជុំ​អធិស្ឋាន ឬ​ការ​ប្រជុំ​ធម្មនិដ្ឋាន​ពីមុន​ការ​បម្រើ​របស់​អ្នក ប្រសិន​បើ​មាន​នៅ​ក្នុង​កាលវិភាគ ) ។

ពេល​រសៀល ៖

[ ម៉ោង​ចាប់ផ្ដើម ]

បរិភោគ​អាហារ​ថ្ងៃត្រង់ ។

[ ម៉ោង​ចាប់ផ្ដើម ]

បម្រើ​រហូត​ដល់​ពេល​វេលា​នៃ​ការ​ចាត់តាំង​របស់​អ្នក​បាន​បញ្ចប់ ។

ពេល​ល្ងាច ៖

[ ម៉ោង​ចាប់ផ្ដើម ]

បរិភោគ​អាហារ​ពេលល្ងាច ។

[ ម៉ោង​ចាប់ផ្ដើម ]

ធ្វើតាម​ផែនការ​សកម្មភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​ក្នុង​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ការណ៍​នេះ​គួរ​តែ​ដាក់​បញ្ចូល​នូវ​ពេលវេលា​មួយម៉ោង នៃ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។ វាក៏​អាច​ដាក់បញ្ចូល​នូវ​ការ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ថ្នាក់​វិទ្យាស្ថាន សកម្មភាព​ យ.ម.ល និង​កិច្ចការ​ក្នុង​គ្រួសារ ។

[ ម៉ោង​ចាប់ផ្ដើម ]

កត់ត្រា​អារម្មណ៍​របស់​អ្នក និង​បទពិសោធន៍​ពិសេសៗ​នៅ​ក្នុង​កំណត់​ហេតុ​របស់​អ្នក ។

[ ម៉ោង​ចាប់ផ្ដើម ]

រៀបចំ​ខ្លួន​ចូលដំណេក ។ អធិស្ឋាន និង​ចូលដំណេក ។

សូម្បីតែពេល​ដែល​អ្នក​មិន​ទាន់បម្រើ​នៅ​ទីតាំង​ដែល​អ្នក​បាន​ចាត់ក្ដី ក៏​អ្នក​នៅ​តែ​ជា​អ្នកផ្សព្វផ្សាយសាសនា​ដែរ ។ ទង្វើ គំនិត និង​សកម្មភាព​របស់​អ្នក​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​អ្នកផ្សព្វផ្សាយសាសនា​របស់​អ្នក ។

២.៤.៥

ម៉ោង​សិក្សា​ជាមួយ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផ្សេងទៀត

ប្រសិន​បើ​អាច​ធ្វើបាន សូម​សិក្សា​ជាមួយ​នឹង​អ្នកផ្សព្វ​ផ្សាយសាសនា​ផ្នែក​សេវាកម្ម​ម្នាក់ទៀត ។ មនុស្សម្នាក់​អាច​ត្រូវបាន​ចាត់តាំង​ដោយ​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក​ឲ្យធ្វើ​ជាដៃគូ​អ្នក ។ ការសិក្សា​ជាដៃគូ​នេះ​អាច​ធ្វើ​ឡើង​ដោយ​ផ្ទាល់ ឬ​តាម​អនឡាញ ។

សូម​ផ្ដោត​លើ​បទគម្ពី ( ជាពិសេស​ព្រះគម្ពីរ​មរមន ) ការ​បង្រៀន​របស់​ព្យាការី​នៅ​រស់ ផ្នែក​ដែល​ទាក់ទង​ស្ដីពី ការសម្របទៅនឹង​ជីវិតជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៃការ​ប្រកាស​ដំណឹងល្អ​របស់​យើង  និង​បទដ្ឋាន​បេសកកម្ម​ផ្នែក​សេវាកម្ម ។ ធនធាន​ដែល​ត្រូវបាន​អនុម័ត​ទាំងនេះ អាច​ពង្រឹង​ចំណេះដឹង និង​ទីបន្ទាល់​របស់​អ្នក អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រម​ទាំង​ជួយ​អ្នក​ឲ្យ​រៀបចំខ្លួន ​ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដែល​អ្នក​បម្រើ​ផងដែរ ។

២.៥

ព្រឹត្តិការណ៍ សកម្មភាព និងការរៀបចំខ្លួន​ក្រៅពី​ការចាត់តាំង​ផ្នែក​សេវាកម្ម

កាលវិភាគ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​អាច​រួមបញ្ចូល​នូវ​ពេលវេលា​អំឡុង​សប្ដាហ៍​ដើម្បី​បំពេញ​សេចក្ដីត្រូវការ និងការ​រៀបចំ​ផ្ទាល់ខ្លួន ដូចជា កិច្ចការ​ផ្ទះ ការណាត់ជួប​ពេទ្យ ពេលវេលា​ជាគ្រួសារ និង​ការ​កម្សាន្ត ។ ការណ៍​នេះអាចធ្វើឡើង​ពេញ​មួយ​ថ្ងៃ ឬ​ពាក់កណ្ដាលថ្ងៃ ។ « ចូរ​រៀបចំ​ខ្លួន ចូរ​រៀបចំ​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ ហើយ​ចូរ​តាំង​ដំណាក់​មួយ​ឡើង គឺ … ដំណាក់​នៃ​របៀបរៀបរយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៨ ) ។

សូម​ចងចាំ​ការព្រមាន​​របស់​ព្រះអម្ចាស់ចំពោះការ​រៀបចំ​ពេលវេលា ៖ « ចូរ​កុំ​រត់​លឿន ឬ​ធ្វើ​ការ​លើស​ជាង​កម្លាំង​ដែល​អ្នក​មាន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៤ ) និង « ចូរ​ឆាប់​ចូល​ដំណេក ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អស់​កម្លាំង ចូរ​ឆាប់​ក្រោក ប្រយោជន៍​ឲ្យ​រូប​កាយ​របស់​អ្នក​រាល់​គ្នា និង​គំនិត​របស់​អ្នក​រាល់​គ្នា​អាច​មាន​កម្លាំង​ក្លៀវក្លា » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២៤ ) ។ ការឈប់សម្រាក និង​ការរៀបចំខ្លួន​នឹង​ជួយ​គាំទ្រ​ដល់​សមត្ថភាព​របស់​អ្នក​ដើម្បី​បម្រើ​មនុស្ស​ដទៃ ។

២.៦

សកម្មភាព​ថ្ងៃ​ឈប់​សម្រាក

ដាក់ផែនការ​សកម្មភាព​នៅ​ថ្ងៃ​ឈប់សម្រាក​ដែល​ជួយ​អ្នក​ឲ្យបំពេញ​គោលបំណង​ជាអ្នកផ្សព្វផ្សាយ​សាសនា​របស់​អ្នក ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ​ដោយ​បម្រើ​ពួកគេ​ឲ្យ​ដូច​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ ។ សូម​ចងចាំ​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​ថ្ងៃឈប់សម្រាក​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:១៣–១៩ ។

ដោយធ្វើការជាមួយ​នឹង​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន​របស់​អ្នក​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ការហៅ​ក្នុង​វួដ ឬ​ស្តេក​ដែល​មិន​ប៉ះពាល់​ដល់​កាលវិភាគ ឬ​ការចាត់តាំង​បេសកកម្ម​របស់​អ្នក ។ អ្នក​ក៏អាច​បម្រើ​ជា​បងប្អូនប្រុស ឬ​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ផង​ដែរ ។

២.៧

ការបម្រើ​នៅក្នុង​សហគមន៍

វិធីមួយ​ដើម្បី​រៀន​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺតាមរយៈការ​បម្រើ​ដូចជា​ទ្រង់​បាន​ធ្វើ ។ ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក​នឹង​ជួយស្វែងរក​ឱកាស​ឲ្យ​អ្នក​​បម្រើមនុស្ស​ដទៃ​នៅ​ក្នុង​សហគមន៍ « ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ដឹង​ថា កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។

អ្នក​គួរតែ​បម្រើ​ដោយ​បំណង​ប្រាថ្នា​ដ៏​ស្មោះ​សរ ដើម្បី​ជួយ​មនុស្ស​ផ្សេង​ទៀត​ដោយ​មិន​រំពឹង​ថា​លទ្ធផល​ជា​អ្វី​នោះ​ទេ ។ សូម​ចងចាំ​ថា អ្នក​មិនត្រូវបានហៅ​ឲ្យ​បង្រៀន​ដំណឹងល្អ​ដោយ​ពាក្យ​សម្ដី​របស់​អ្នកនោះទេ ។ តាមរយៈ​គំរូ​នៃ​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ​របស់​អ្នក នោះ​អ្នក​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ ។ សូម​កុំ​ផ្សព្វផ្សាយ​ពេល​អ្នកកំពុង​បម្រើ​នៅ​ក្នុង​អង្គការ​មនុស្សធម៌ ។

ការចាត់តាំង​ជាក់លាក់​តម្រូវឲ្យ​មាន​ការ​បំពាក់​បំប៉ន ឬ​ការគ្រប់គ្រង​បន្ថែមទៀត ។ លើកលែង​តែ​អង្គការ​មនុស្សធម៌​ដែល​អ្នក​កំពុង​បម្រើ​បាន​ដាក់​ស្នើ​ឲ្យ​មាន​ផែនការ​បំពាក់​បំប៉ន​ជាក់លាក់​មួយ​ទៅ​កាន់​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក នោះ​អ្នក​មិន​គួរ​ចូលរួម​ក្នុង​សកម្មភាព​ហាមឃាត់​ណាមួយ​ដូចតទៅនេះឡើយ ៖

  • ការ​ប្រាស្រ័យទាក់ទង​នឹង​កុមារ ឬ​មនុស្សពេញវ័យ​ដែល​ងាយរងគ្រោះ

  • ដំណើរការ​ម៉ាស៊ីន ឧបករណ៍​ ឬ​រថយន្តផ្សេងៗ

  • ការកាន់​ប្រាក់ ឬ​វត្ថុមាន​តម្លៃ​ណាមួយ

  • ការ​ផ្ដល់យោបល់​លើវិជ្ជាជីវៈ