អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
សារ​មក​ពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់


ព្រះគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ ជេ ឃើក រីឆាដ

សារ​មក​ពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

ជូន​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ជា​ទី​ស្រឡាញ់ ៖

ព្រះគម្ពីរ​មរមន​បង្រៀន​ថា « ហើយ​មើលចុះ យើង​សុំ​ប្រាប់​អ្នក​នូវ​ការណ៍​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​បាន​ដឹង​ថា កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »​ ( ម៉ូសាយ ២:១៧ ) ។ ព្រះ​បាន​ហៅ​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​សំខាន់​មួយ​នៅ​ពេល​នេះ  យើង​មាន​អំណរគុណ​ខ្លាំង​ណាស់​ចំពោះ​ឆន្ទៈ​របស់​អ្នក​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។

យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ ​« អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នករាល់​គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់​នេះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ » ​( មរ៉ូណៃ ៧:៤៧–៤៨ ) ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ពង្រីក​ទេពកោសល្យ និង​ជំនាញ​របស់​អ្នក​សម្រាប់​សិរីល្អ​នៃ​ព្រះ ។ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ផ្ដល់​ពរជ័យ​ដល់​កូនចៅ​របស់​ទ្រង់ នៅពេល​អ្នក​បម្រើ​ពួកគេ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។

បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—បេសកកម្ម​ផ្នែក​សេវាកម្ម ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ គឺដើម្បី​ដឹកនាំ​ការបម្រើ​របស់​អ្នក ។ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្គាល់​វា ហើយ​រស់​នៅ​តាម​បទដ្ឋាន​ដែល​បាន​ចែង ។ បទដ្ឋាន​ទាំង​នេះ​នឹង​ជួយ​ការពារ​អ្នក​ខាង​ផ្លូវកាយ ខាង​វិញ្ញាណ និង​ខាង​ផ្លូវ​ចិត្ត ។ វា​នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ សូម​សិក្សា​បទដ្ឋាន​ទាំងនេះ​ជា​ទៀងទាត់ ហើយ​ខិតខំ​គោរព​តាម​វា ។ ប្រសិន​បើ​អ្នក​មាន​សំណួរ ចូរ​ទូល​សូម​ព្រះអម្ចាស់​ប្រកប​ដោយ​ការ​អធិស្ឋាន​ដើម្បី​ជួយ​អ្នក រួចហើយ​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​អ្នក ព្រមទាំង​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ប្រសិន​បើ​ចាំបាច់ ។

យើង​សូម​អធិស្ឋាន​ថា អ្នក​នឹង​រកឃើញ​សេចក្ដីសុខសាន្ត និង​អំណរ​ពិត ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដើម្បី​បម្រើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។

ដោយ​សេចក្ដីស្រឡាញ់ និង​អរគុណ

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ