អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
៣.អាកប្បកិរិយា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា


« ៣. អាកប្បកិរិយា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—បេសកកម្ម​ផ្នែក​សេវាកម្ម ( ឆ្នាំ ២០២១ )

« ៣. អាកប្បកិរិយា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—បេសកកម្ម​ផ្នែក​សេវាកម្ម

គ្រប់​ជង្គង់​នឹង​លុតចុះ ដោយ ជេ ខឺក រីឆាត

អាកប្បកិរិយា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា

៣.០

សេចក្តីផ្តើម

វគ្គ​នេះ​ពិពណ៌នា​អំពី​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​ស្ដីពី​បុគ្គលិកលក្ខណៈ និង​គុណសម្បត្តិដូចជា​ព្រះគ្រីស្ទ ។ អ្នកត្រូវបាន​រំពឹង​ឲ្យ​អនុវត្ត និង​អភិវឌ្ឍ​បទដ្ឋាន និង​គុណសម្បត្តិទាំងនេះ ពេល​អ្នកក្លាយ​ជា​សិស្ស​ដែល​កាន់តែ​លះបង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​ជា​ព្យាការី​មរ៉ូណៃ បាន​ប្រឹក្សា​ថា « នឹក​ចាំ​ពី​ព្រះ​បន្ទូល​នៃ​ព្រះ​ដែល​ចែង​ថា ដោយ​កិច្ចការ​របស់​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ហើយ ដ្បិត​បើ​សិន​ជា​កិច្ចការ​របស់​គេ​ល្អ នោះ​ពួក​គេ​ក៏​ជា​មនុស្ស​ល្អ​ដែរ » ( មរ៉ូណៃ ៧:៥ ) ។

៣.១

បុគ្គលិកលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ

សូម​អធិស្ឋាន និង​ខិតខំ​ដើម្បី​អភិវឌ្ឍ​ចរិតលក្ខណៈ ឬ​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ ដូច​បាន​ពិពណ៌នា​នៅក្នុង​បទគម្ពីរ និង​នៅក្នុង​ការ​បង្រៀន​របស់​ពួក​ព្យាការី​នៅ​រស់ ។ គុណលក្ខណៈ​ទាំងនេះ​រួម​មាន ការ​ដឹងគុណ សេចក្ដីសប្បុរស សេចក្ដីស្រឡាញ់ សេចក្ដីរាបសា សេចក្ដីអត់ធ្មត់ សេចក្ដីអាណិតអាសូរ និង​ការគោរពប្រតិបត្តិ ។ ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ ព្រមទាំង​កិច្ច​ប្រឹងប្រែង​ដ៏​ស្មោះសរ និង​ឧស្សាហ៍​ព្យាយាម​របស់​អ្នក​ផ្ទាល់ នោះអ្នក​អាច​អភិវឌ្ឍ​គុណ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​បាន ( សូមមើល ម៉ូសាយ ៣:១៩ ) ។

ចូរ​មាន​ចិត្តល្អ វិជ្ជមាន និង​លើក​ស្ទួយ ។ ចូរ​មាន​ការគិតគូរ​អំពី​ស្ថានភាព​របស់​មនុស្ស​ម្នាក់ៗ ៖ អ្នក​ជា​ភ្ញៀវ​ម្នាក់​នៅក្នុង​ទីតាំង​ដែល​អ្នក​បម្រើ ហើយ​គួរតែ​ប្រព្រឹត្ត​ចំពោះ​មនុស្ស និង​ទីកន្លែង​ដោយ​ការគោរព និង​អំណរគុណ ។

ខណៈ​កំពុងបម្រើ​នៅ​ក្នុង​សហគមន៍ សូម​គោរព​ប្រពៃណី ជំនឿ​សាសនា និង​ការ​អនុវត្ត​របស់​មនុស្ស​ដទៃ​នៅ​គ្រប់ពេល​ជានិច្ច ។ ចៀសវាង​ធ្វើឲ្យ​មនុស្ស​ដទៃ​អាក់អន់ចិត្ត ។ ចូរ​ចងចាំថា អ្វី​ដែល​អ្នក​និយាយ និង​អ្វី​ដែល​អ្នក​ធ្វើ​អំឡុង​ការ​ចាត់តាំង​នៃការបម្រើ​របស់​អ្នក​អាច​ត្រូវបាន​ស្ដាប់ឮ សង្កេត និង​​កត់ត្រា​ទុក ។ នៅពេល​អ្នក​បម្រើ អ្នក​គឺជា​អ្នកតំណាង​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​ដែល​បានស្ដារឡើងវិញ​របស់​ទ្រង់ ។

៣.២

ភាពស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

ពួក​អ្នកផ្សព្វផ្សាយសាសនា​ចាំបាច់​ត្រូវ​មាន​ស័ក្ដិសម​​ដើម្បីចូល​ព្រះវិហារ​បរិសុទ្ធ​ពេញ​មួយបេសកកម្ម​របស់​ពួកគេ ។

ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​អ្នក​ឲ្យ « រៀបចំ​ខ្លួន ហើយ​ប្រុងប្រៀប​ខ្លួន ហើយ​ញែក​ខ្លួន​ជា​បរិសុទ្ធ មែន​ហើយ ចូរ​ជម្រះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ ហើយ​លាង​ដៃ​របស់​អ្នក និង​ជើង​របស់​អ្នក​នៅ​ចំពោះ​យើង​ចុះ ប្រយោជន៍​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​បាន​ជ្រះ​ស្អាត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៤ ) ។ ផ្នែក​នៃ​ការរៀបចំ​នេះ រួម​មាន​ការរក្សា​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ប្រសិន​បើ​អ្នក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

៣.២.១

សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( ប្រសិនបើ​បាន​ទទួល​អំណោយទានពិសិដ្ឋ )

ការរក្សា​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​នៃ​ការគោរព​ប្រតិបត្តិ ការលះបង់ និង​ការថ្វាយ​នឹង​ផ្ដល់​អំណាច​ដល់​អ្នក និង​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។

ទោះបី​ជា​គ្មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​តំបន់​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក​ក្ដី សូម​បន្តមាន​ភាពស័ក្ដិសម​ចូលព្រះវិហារ​បរិសុទ្ធ ។ សូម​សួរ​ដល់​ប៊ីស្សព និង​ប្រធាន​ស្តេក​របស់​អ្នក​សម្រាប់​ការសម្ភាសន៍​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ ពីមុន​ប័ណ្ណ​បច្ចុប្បន្ន​របស់​អ្នក​ផុត​កំណត់ ។

ការស្លៀក​សម្លៀកបំពាក់បរិសុទ្ធ គឺជា​អភ័យឯកសិទ្ធិ​ដ៏ពិសិដ្ឋ នៃ​ជនទំាងឡាយ​ណា​ដែលបាន​ធ្វើ​សេចក្ដីសញ្ញា​នៃ​អំណោយទានពិសិដ្ឋ ។ ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹក​នាំ​អ្នក​ដើម្បី​ពង្រឹងការ​តាំង​ចិត្ត​ផ្ទាល់ខ្លួន​របស់អ្នក​ដើម្បី​ស្លៀកសម្លៀក​បំពាក់​បរិសុទ្ធ ។

៣.២.២

ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ

ប្រសិនបើ​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត អ្នក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ពេញមួយ​បេសកកម្ម​របស់​អ្នក ។ ការចូលរួម​នេះ​ក៏អាច​ជា​ឱកាសបម្រើ​មួយ​ដែល​បានចាត់តាំង​ដល់​អ្នក​ផង​ដែរ ។

ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មិន​គួរ​រំខាន​ដល់​ការចាត់តាំង​​ផ្សេងទៀត​របស់​អ្នក​នោះទេ ។ ពេល​អ្នកកំពុង​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​បំពេញ​ការចាត់តាំង​របស់​អ្នក​ដោយ​សេចក្ដីទៀងត្រង់ ការគោរព និង​គារវភាព ។ នៅពេល​អ្នក​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ចងចាំ​ពី​ចំណុច​ដូច​តទៅ​នេះ ៖

  • ប្រសិនបើ​អ្នក​ត្រូវបានហៅ​ដោយ​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​បម្រើ​ជា​អ្នកធ្វើ​ពិធីបរិសុទ្ធ អ្នក​នឹង​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តាម​ការ​ដឹកនាំរបស់​ពួកគាត់ ។

  • កុំ​យក​ម៉ាស៊ីនថតរូប ទូរសព្ទ​ដៃ ឬ​ឯកសារ​អំណាន ( ព្រមទាំង​ពរ​របស់​លោក​អយ្យកោ ) ទៅ​ប្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។

  • កុំ​ផ្ដុំ​គ្នា​ជា​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​លុត​ជង្គង់​អធិស្ឋាន​នៅ​ក្នុង​បន្ទប់​សេឡេស្ទាលឡើយ ។

  • តាមរយៈ​យក​ឈ្មោះ​គ្រួសារ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ផ្នែក​ម្ខាងទៀត​នៃ​វាំងនន ហើយ​ពង្រីក​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ។

៣.៣

ច្បាប់​ព្រហ្មចារីភាព

ផ្នែក​សំខាន់​មួយ​នៃ​ការ​មានភាព​ស័ក្តិសម​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​គឺ​ត្រូវ​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព ។ សូម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការល្បួង​ខាងផ្លូវ​ភេទ​ដែល​អាច​នាំ​ទៅ​កាន់​ការបំពាន​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​របស់​អ្នក ។ ការធ្វើ​អ្វីៗ​ដែល​បំពាន​ច្បាប់​ព្រហ្មចារីយភាព អាច​ត្រូវបាន​ចាត់ទុក​ថា​ជា​បទឧក្រិដ្ឋ​នៅក្នុង​តំបន់​ខ្លះ ។

សូម​ចៀសវាង​ពី​គំនិត ឬ​ទង្វើ​ណា​ដែល​នឹង​បំបែក​អ្នក​ពី​ព្រះវិញ្ញាណ ។ ការណ៍នេះ​រួម​មានចំណុចជាច្រើន ប៉ុន្តែ​មិន​កំណត់​តែទៅ​លើការផិតក្បត់ សហាយស្មន់ សកម្មភាព​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា រួមភេទ​តាម​មាត់ ដាស់​អារម្មណ៍​ផ្លូវ​ភេទ ការប៉ះពាល់​ដែល​មិន​សមរម្យ ការផ្ញើ ឬ​ទទួល​សារ រូបភាព ឬ​វីដេអូ ដែល​មាន​លក្ខណៈ​អសីលធម៌ ឬ​ដែល​ទាក់ទង​នឹង​ផ្លូវ​ភេទ ការសម្រេច​កាម​ដោយ​ខ្លួន​ឯង និង​ការមើល ឬ​ប្រើប្រាស់​ការណ៍​អាសគ្រាមនោះទេ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ​ឆ្នាំ ២០១១ ) « ការប្រែចិត្ត » ទំព័រ ២៨–២៩ ។

ប្រសិន​បើ​អ្នក​កំពុង​មាន​ការលំបាក​ក្នុង​ការរក្សា​បទដ្ឋាន​ទាំងនេះ សូម​ទូល​សុំ​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​ជូប​ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​អ្នក​ភ្លាមៗ ។

៣.៣.១

ការ​ចៀស​វាង​ពី​រូបភាព​អាសគ្រាម

រូប​អាសគ្រាម​មាន​ទម្រង់​ជាច្រើន ។ ការ​ដាក់​ផែនការ​ទុក​ជា​មុន និង​ការ​ធ្វើ​ការ​ជ្រើស​រើស​សុចរិត​អាច​ជួយ​អ្នក​ឲ្យ​ចៀស​វាង​រូបភាព​អាសគ្រាម​បាន ។ បើ​អ្នក​ឃើញ​រូប​អាសគ្រាម សូម​ងាក​ចេញ បិទ​ឧបករណ៍ ឬ​ចាក​ចេញ​ពី​ស្ថានភាព​នោះ ។

សូម​ប្រើ​យោបល់ខាងក្រោម​ដើម្បី​ជួយ​អ្នក​ចៀស​វាង​ពី​រូបភាព​អាសគ្រាម ៖

  • ចៀស​វាង​ពី​វិបសាយ សម្ភារ និង​ទីតាំង​ដែល​អ្នក​ទំនង​ជា​ស្ដាប់​ឮ អាន ឬ​មើល​ឃើញ​សម្ភារ​ដែល​បានណែនាំ ឬ​រូបភាព​អាសគ្រាម ។

  • រៀន​ស្គាល់​ពី​ពេល​ដែល​អ្នក​មាន​ការ​ល្បួង​បំផុត​ក្នុងការ​ប្រើ​បច្ចេកវិទ្យា​ដោយ​ពុំ​សមរម្យ ដូចជា​ពេល​អ្នក​នឿយ​ហត់ ឬ​ពេលអផ្សុក​ ។

  • មាន​ផែនការ​មួយ​ដើម្បី​ធ្វើ​អ្វី​ជំនួស​វិញ​នៅ​ពេល​នោះ ។ អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​អាច​ជួយ​បាន ។ អ្នក​ក៏​អាច​ស្វែងរក​ព័ត៌មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org/addressing-pornography បាន​ផងដែរ ។

នរណា​ម្នាក់​ដែល​ខិតខំ​ចៀសវាង ឬ​យក​ឈ្នះ​រូបភាព​អាសគ្រាម​អាច​ស្វែង​រក​ជំនួយ និង​ការ​ព្យាបាល​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិន​បើ​អ្នក​មាន​ភាព​ស្មុគស្មាញ សូម​ជួប​ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​អ្នក ដែល​គាត់​គួរ​តែ​ផ្ដល់​ការប្រឹក្សា និង​ការគាំទ្រ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ។

៣.៤

សេចក្តីទៀងត្រង់

យើង​ត្រូវបាន​បង្គាប់​ឲ្យ​មានភាព​ស្មោះត្រង់ ។ ភាពស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ រួមមាន​ការ​ស្មោះត្រង់​នៅក្នុង​​គ្រប់​ទំនាក់ទំនង​ទាំងអស់​របស់​អ្នក​ជាមួយ​មនុស្ស​ដទៃ​ទៀត ។ ការមាន​ភាព​ស្មោះត្រង់ រួមមាន ៖

  • ការប្រាប់​ការពិត ជាពិសេស​ចំពោះ​ប្រធាន​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក និង​ប្រធាន​ស្តេក​របស់​អ្នក ទាក់ទង​ទៅនឹង​ការប្រព្រឹត្តិ​របស់​អ្នក ទីបន្ទាល់ ទម្លាប់​ការងារ និង​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវកាយ​របស់​អ្នក ។

  • ការផ្ដល់​របាយការណ៍​ត្រឹមត្រូវ​អំពី​ការបម្រើ​របស់​អ្នក និង​របៀប​ដែល​អ្នក​បាន​ចំណាយ​ពេល​ក្នុង​អំឡុង​សប្ដាហ៍​នោះ ។

  • ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​មិនដែល​ផ្ដល់​ការរាយការណ៍ ឬ​ព័ត៌មាន​ក្លែងក្លាយ អំពី​មនុស្ស​ណា​ម្នាក់ ឬ​ពី​កិច្ចការបម្រើ​របស់​អ្នក​ឡើយ ។

  • គោរព​អ្នក​ដទៃ​ដោយ​ការមិន​ខ្ចី មិន​យក ឬ​ការប្រើប្រាស់​របស់​របរ​ផ្ទាល់​ខ្លួន​របស់​នរណា​ម្នាក់ ( ដូចជា សម្លៀក​បំពាក់ សៀវភៅ ឧបករណ៍​អេឡិចត្រូនិក និង​គ្រឿង​អលង្ការ ) ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ ។

៣.៥

ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ទៀត

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « នេះ​ជា​សេចក្តី​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ១៥:១២ ) ។ សូម​ជ្រើសរើស​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ និង​ប្រព្រឹត្ត​ដោយ​គួរសម មាន​សុវត្ថិភាព និង​សមរម្យ​សម្រាប់​ស្ថានភាព​នោះ ។

៣.៥.១

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ និង​មិត្តភក្តិ

សូម​ធ្វើ​ជា​កម្លាំង និង​ជា​គំរូ​ល្អ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ។ ចែកចាយ​ដំណើររឿង​បំផុសគំនិត​ចេញពី​បទពិសោធន៍​បេសកកម្ម​របស់​អ្នក ។

សមាជិក​គ្រួសារ​អាច​ត្រូវ​ជួយ​អ្នក​ផ្នែក​តម្រូវការ​ខាង​សាច់ឈាម ជាមួយ​ការធ្វើ​ដំណើរ ឬ​របៀប​ផ្សេងទៀត​សម្រាប់​អ្នក​ដើម្បី​បម្រើ​ដោយ​ជោគជ័យ ។ ជីវិត​គ្រួសារ​នឹង​មាន​ការផ្លាស់ប្តូរ​នៅអំឡុង​ការផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។ អ្នក និង​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​ធ្វើ​ការពលិកម្ម​មួយ​ចំនួន​ដើម្បី​ធានា​ឲ្យ​បាន​ថា​អ្នក​មាន​បទពិសោធន៍​បេសកកម្ម​ប្រកប​ដោយ​អត្ថន័យ និង​ផលិតភាព​បំផុត​អស់​ពី​លទ្ធភាព ។

៣.៥.២

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មជ្ឈិមវ័យ

សូម​បង្កើត​ទំនាក់ទំនង​ដែល​មាន​ការទុក​ចិត្ត​គ្នា និង​មាន​អត្ថន័យ​ជាមួយ​មនុស្ស​ដែល​អ្នក​បម្រើ ។ ត្រូវ​មាន​វិជ្ជាជីវៈ និង​សណ្តាន​ចិត្ត​ល្អ ។ សូម​គោរពតាម​បទដ្ឋាន​ដូច​ខាងក្រោម ៖

  • ចៀសវាង​ស្ថានភាព​ទាំងឡាយ​ដែល​អាច​ប្រែ​ជា​មាន​គ្រោះថ្នាក់​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ឬ​ដែល​អាច​ធ្វើ​ឲ្យ​យល់​ខុស ។

  • កុំ​ចែចង់ ឬ​មាន​ទំនាក់ទំនង​ដោយ​មិន​សមរម្យ​ជាមួយ​នរណា​ម្នាក់​ឡើយ ។

  • រក្សា​ភាសា​របស់​អ្នក​ឲ្យ​ថ្លៃថ្នូរ ។ សូម​ចៀងវាង​ពី​ការប្រើប្រាស់​ក្រៀម​ភាសា ។ ប្រើ​ងារ​ត្រឹមត្រូវ​ពេល​ហៅ​មនុស្ស​ផ្សេង​ទៀត ។ ឧទាហរណ៍ សូម​ប្រើ​ងារ « អែលឌើរ » ឬ « ស៊ីស្ទើរ » ពេល​សំដៅ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម និង​អ្នក​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​ផ្សេងទៀត ដើម្បី​បង្ហាញ​ការគោរព​ដល់​ការហៅ​របស់​ពួកគាត់ ។

៣.៥.៣

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ និង​មជ្ឈិមវ័យ​ដែល​ងាយរងគ្រោះ

ដើម្បី​ជា​សុវត្ថិភាព​របស់​អ្នក ក៏​ដូច​ជា​សុវត្ថិភាព​របស់​កុមារ និង​មជ្ឈិមវ័យ​ដែល​ងាយរងគ្រោះ​ផងដែរ សូម​គោរពតាម​បទដ្ឋាន​ដូច​ខាង​ក្រោម​នេះ​ឲ្យ​បាន​តឹងរឹង​នៅពេល​ធ្វើការ​ជាមួយ​ក្រុម​ទាំងនេះ ៖

  • សូម​កុំ​នៅ​ជាមួយ​កុមារ ឬ​មជ្ឈិមវ័យ​ងាយរង​គ្រោះ​តែ​ម្នាក់​ឯង​ទោះ​ស្ថិត​ក្រោម​កាលៈទេសៈ​ណា​ក៏​ដោយ ។

  • សូម​កុំ​មើលថែ​កូនក្មេង ស្លៀកពាក់​ឲ្យ​ពួកគេ ឲ្យ​ពួកគេលេបថ្នាំ​ ឬ​មើលថែ​អនាម័យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ឡើយ ។

  • បម្រើ​ពួកគេ​តែ​ពេលណា​ដែលមាន​មជ្ឈិមវ័យ​ដែល​មាន​ទំនួលខុស​ត្រូវ​ម្នាក់​ទៀត​មាន​វត្តមាន​តែ​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ពិធីការ​សុវត្ថិភាព​របស់​សាសនាចក្រ ឬអង្គការ​សប្បុរសធម៌​​ដែល​អ្នក​កំពុងបម្រើ ។

  • ប្រសិនបើ​អ្នក​នឹង​ធ្វើការ​ជាមួយ​ពួកគេ​នៅក្នុង​អង្គការ​សប្បុរសធម៌ ​ ដំបូង​អ្នក​​ត្រូវ​បំពេញ​ការពិនិត្យមើល​ជីវៈប្រវត្តិ​​ឲ្យសព្វគ្រប់​សិន ។

មជ្ឈិមវ័យ​ដែល​ងាយរង​គ្រោះ គឺជា​បុគ្គល​ដែល​មាន​ពិការភាព​ផ្លូវចិត្ត ឬ​ផ្លូវកាយ ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សមត្ថភាព​របស់ពួកគេ​ក្នុងការ​យល់ដឹង​អំពី​ស្ថានភាព និង​ការពារខ្លួន​ពី​ការរំលោភបំពាន ការធ្វេសប្រហែស ឬ​ការកេងប្រវ័ញ្ច ។ មជ្ឈិមវ័យ​ដែល​ងាយរងគ្រោះ ក៏​អនុវត្ត​ចំពោះ​ជនភៀសខ្លួន ដែល​ប្រហែលជា​មិន​យល់​ពី​ភាពខុសគ្នា​នៃ​ភាសា ឬ​វប្បធម៌​ផងដែរ ។

៣.៥.៤

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ អ្នក​អាច​ទៅបង្រៀន​សួរ​សុខទុក្ខជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន​ ។ អ្នក​ពុំ​គួរ​ណែនាំខ្លួនជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន​ឡើយ ។ សូម​កុំ​ពាក់​ស្លាក​ឈ្មោះ​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក​នៅ​ពេល​ចុះ​បង្រៀន​សួរសុខទុក្ខ​ឡើយ ។ អ្នក​មិនគួរ​ចូលរួម​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន​ក្នុង​សន្និសីទ​មណ្ឌល ឬ​ហ្សូន​ឡើយ លើកលែង​តែ​ប្រធាន​បេសកកម្ម​អញ្ជើញ​អ្នកប៉ុណ្ណោះ ។

៣.៥.៥

ការណាត់ដើរ​លេង​ជាគូ

អ្នក​ក៏​មិន​អាច​ណាត់​ដើរ​លេង​ជាគូ​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរ ។ អ្នក​ត្រូវបាន​លើកទឹក​ចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​វួដ និង​សកម្មភាព​ យ.ម.​ល. ប៉ុន្តែ​អ្នក​មិនគួរ​ចូលរួម​នៅក្នុង​ការរាំរែក​នោះ​ទេ ។ អ្នក​ត្រូវតែ​ប្រយ័ត្នប្រយែង​ក្នុង​ការចូលរួម​សកម្មភាព​ណា​ដែល​អាច​ទំនង​ជា​មើលទៅ​ថា​ជា​ការណាត់​ដើរលេង​ជា​គូ ។

៣.៥.៦

ការពាក់ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា

វា​គឺជា​កិត្តិយស និង​ជា​អភ័យ​ឯកសិទ្ធិ​ដើម្បី​ពាក់​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​ពាក់​ស្លាសឈ្មោះ​ជានិច្ច​ខណៈដែល​អ្នក​ធ្វើ​ដំណើរ​ទៅ ឬ​មកពី​បំពេញកិច្ចការជា​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​វិញ ពេល​កំពុង​បំពេញកិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក និង​នៅ​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ​នានា ។

កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​រួមមាន​ការប្រជុំ និង​សន្និសីទ​អ្នក​ផ្សព្វផ្សាយ​សាសនា ម៉ោង​បម្រើ​គ្រួសារ​របស់​អ្នក និង​កិច្ចការ​សាសនាចក្រ និង​សប្បុរសធម៌​ដែល​ធ្វើ​នៅ​ឯ​គេហដ្ឋាន ។ ប្រសិន​បើ​អ្នក​មាន​សំណួរ​ណាមួយ​អំពី​ពេលវេលា​ដែល​ត្រូវ​ពាក់​ស្លាកឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក សូម​សួរ​ទៅកាន់​អ្នក​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ។

៣.៥.៧

ការរស់​នៅក្នុង​ផ្ទះ

នៅក្នុង​​ការហៅ​របស់​អ្នក អ្នក​ត្រូវបាន​ចាត់​ឲ្យ​ធ្វើការ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបម្រើ​នៅក្នុង​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​អ្នក ដោយ​ផ្តល់​ការងារបម្រើ​ដូចជា​ព្រះគ្រីស្ទ​ខណៈពេល​កំពុង​រស់នៅ​ឯ​គេហដ្ឋាន ។

៣.៥.៨

ការងារ និង​ការសិក្សា

ការងារ និង​ការសិក្សា—ទោះជា​ការងារពេញម៉ោង ឬ​ក្រៅ​ម៉ោង​ក្តី—គឺ​មិនមែន​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ផ្នែក​សេវាកម្ម​ឡើយ ។ អ្នក​គួរ​លះបង់​ពេលវេលា ទេព្យកោសល្យ កម្លាំង និង​ធនធាន​ហិរញ្ញវត្ថុ​របស់​អ្នក​ដើម្បី​បេសកកម្ម​របស់​អ្នក ។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។

អ្នក​អាច​ចុះឈ្មោះ​រៀន​នៅ​ថ្នាក់​វិទ្យាស្ថាន និង ​PathwayConnect ប្រសិន​បើ​មានបំណង ។

៣.៥.៩

គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព​សម្រាប់​ធ្វើ​សកម្មភាព​នានា

គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព​សម្រាប់​ធ្វើ​សកម្មភាព​នានា​អនុវត្ត​ចំពោះ​យុវមជ្ឈិមវ័យ​ដែល​មាន​ន័យថា​គោលការណ៍ណែនាំ​នេះ​អនុវត្ត​ចំពោះ​អ្នក​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផងដែរ ។ ការធ្វើ​សកម្មភាព​ដែល​ត្រូវ​ដេកយប់ ការទៅ​ព្រះវិហារ​បរិសុទ្ធ​ក្រៅ​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ចាត់តាំងដល់​អ្នក និង​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​គឺ​ត្រូវ​ហាមឃាត់ ។ សកម្មភាព​ទាំងនេះ​តម្រូវ​ឲ្យ​អ្នក​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​ដាក់​ផែនការ​ជាមុន ហើយ​ស្វែងរក​ការអនុម័ត​ពី​អ្នក​ដឹកនាំ​បព្វជិតភាព​ដែល​បាន​កំណត់ ។ ឪពុកម្តាយ ឬ​អាណាព្យាបាល​របស់​អ្នក​អាច​ត្រូវ​បំពេញ​បែបបទ​ផ្តល់​ការអនុញ្ញាត និង​សំបុត្រ​ពេទ្យ​ដើម្បី​ឲ្យ​អ្នក​ចូលរួម ។

៣.៦

ដំណើរកម្សាន្ត និង​កម្មវិធី​កម្សាន្ត

ជ្រើសរើស​សកម្មភាព​ដែល​លើកស្ទួយ និង​ជួយ​ឲ្យ​អ្នក​បន្ធូរ​អារម្មណ៍ ។ ក្នុងការ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព ការធ្វើ​លំហាត់ប្រាណ និង​សកម្ម​ដើម្បី​រក្សា​រាងកាយ និង​ចិត្ត​គំនិតរបស់​អ្នក​ឲ្យសម​នឹង​ការបម្រើ ។ សូម​ជៀសវាងពី​សកម្មភាព​កម្សាន្ត​ដែល​នាំ​ឲ្យ​មានរបួស និង​នឿយហត់ខ្លាំង ។

៣.៦.១

ហ្គេម ភាពយន្ត និង​ទូរទស្សន៍

សកម្មភាព​អំឡុងពេល​ម៉ោង​ដែល​អ្នក​មិន​ស្ថិត​ក្នុង​ការងារ​បម្រើ​របស់​អ្នក ដូចជា កម្មវិធី​វីដេអូ​ហ្គេម ភាពយន្ត និង​ទូរទស្សន៍​ដែល​សមរម្យ​គឺ​អាច​ទទួលយក​បាន​ដោយ​មាន​ការអនុម័ត​ពី​ប្រធាន​ស្តេក និង​អ្នកដឹកនាំ បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ។

សកម្មភាព​បែប​នោះ​គឺ​មិន​គួរ​ប៉ះពាល់​នឹង​ការរៀបចំផ្ទាល់​ខ្លួន ការសិក្សា ឬ​ម៉ោង​បម្រើ​ផ្ទាល់ខ្លួន​របស់​អ្នក​ឡើយ ។ សូម​ជៀសវាង​អ្វីៗ​ដែល​បង្អាក់​ដល់​ព្រះវិញ្ញាណ ។ សូម​ប្រើ​ការវិនិច្ឆ័យ​ត្រឹមត្រូវ​នៅក្នុង​ការពាក់​ស្លាក​ឈ្មោះ​របស់​អ្នក​នៅអំឡុង​សកម្មភាព ប្រភេទ​នេះ ។

៣.៦.២

វត្តមាន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​វួដ

នៅក្នុង​អំឡុង​ពេល​នៃ​ការបម្រើ​របស់​អ្នក​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា កំណត់ត្រា​សមាជិកភាព​របស់​អ្នក​គួរតែ​នៅតែ​មាន​នៅក្នុង​វួដ​កំណើត​របស់អ្នក​ដដែល ។ នៅ​កន្លែង​ដែល​មាន​ការអនុញ្ញាត អ្នក​អាច​ចូល​រួម​ក្នុង​វួដ​មជ្ឈិមវ័យ​នៅលីវ​ក្នុង​តំបន់​របស់​អ្នក​បាន ។

អ្នក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន និង​សកម្មភាព​នានា ។ អ្នក​ក៏​អាច​ចូលរួម​ក្នុង​សកម្មភាព​មជ្ឈិមវ័យ​នៅលីវ ដែល​ឧបត្ថម្ភ​ដោយ​វួដ ឬ​ស្តេក​របស់អ្នក ដូចជា សកម្មភាព​រាត្រីជួបជុំក្រុមគ្រួសារ ដំណើរ​ទៅ​ព្រះវិហារបរិសុទ្ធ ការប្រជុំ​ធម្មនិដ្ឋាន ហ្គេម និង​អាហារ​ពិនីក ប៉ុន្តែ​មិនរាប់​បញ្ចូល​ការរាំរែក​ឡើយ ។

៣.៦.៣

សកម្មភាព​វប្បធម៌ និងការកម្សាន្ត

សូម​ចងចាំ​ថា អ្នក​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សកម្មភាព​របស់​អ្នក​គួរតែត្រឹមត្រូវ លើកស្ទួយ និង​ស្របតាម​បទដ្ឋាន​នៃ​សៀវភៅ​ក្បួនខ្នាត​នេះជានិច្ច ។

ចូរ​មាន​សុវត្ថិភាព និង​ប្រើ​សុភវិនិច្ឆ័យ​ជានិច្ច នៅពេល​ចូលរួម​នៅក្នុង​សកម្មភាព​កម្សាន្ត​នានា ។ អំឡុង​បេសកកម្ម​របស់​អ្នក អ្នក​មិនគួរ​ចូលរួម​នៅក្នុង​សកម្មភាព​ណា​ដែល​ទាក់ទង​នឹង​​ហានិភ័យខ្ពស់​នោះ​ទេ ។

អ្នក​អាច​រៀបចំ ឬ​ចូលរួម​ក្នុងការ​ជួបជុំ​ក្នុង​សង្គម​ជាមួយនឹង​អ្នក​ផ្សព្វផ្សាយ​សាសនាផ្នែក​សេវាកម្ម​ផ្សេងទៀត នៅពេល​អ្នក​មិន​ស្ថិត​ក្នុង​កិច្ចការបម្រើ​របស់​អ្នក ។ ទោះជា​យ៉ាងណា​ក៏ដោយ សកម្មភាព​ទាំងនេះ​គួរតែ​ធ្វើ​តាម​បទដ្ឋាន​របស់​អ្នកផ្សព្វផ្សាយ​សាសនាផ្នែក​សេវាកម្ម ហើយ​មិនគួរ​ធ្វើឡើង​ពេញមួយ​យប់​នោះ​ទេ ។

អ្នក​អាច​ទៅ​វិស្សមកាល​ជាមួយ​គ្រួសារ​ដោយ​មាន​ការជូនដំណឹង​ជាមុន​ទៅកាន់​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក និង​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​របស់អ្នក ។ សូម​បង្កើត​ផែនការ​ជាមួយ​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក ដើម្បី​បង្កើន​បទពិសោធន៍​បេសកកម្ម​របស់​អ្នក​ខណៈពេល​ទៅវិស្សមកាល ។

៣.៦.៤

តន្ត្រី

សូម​ស្តាប់​តន្រ្តី​ដែលសមស្របនឹង​ការហៅ​ដ៏​ពិសិដ្ឋ​របស់​អ្នក ។ តន្រ្តី​គួរ​យាង​អញ្ជើញ​ព្រះវិញ្ញាណ ជួយ​អ្នក​ផ្តោត​លើ​កិច្ចការ និង​ដឹកនាំ​គំនិត និង​អារម្មណ៍​របស់អ្នក​ទៅរក​ព្រះអង្គសង្រ្គោះ ។

សូមកុំ​ស្តាប់តន្រ្តី​ណា​ដែលលើកទឹកចិត្តដល់​អំពើ​អសីលធម៌ ឬ​លើកតម្កើងអំពើហិង្សា ប្រើភាសា​ដែល​នាំឲ្យ​ខឹងសម្បារ ឬ​ធ្វើ​ឲ្យអាប់ប្រាជ្ញា​ខាងវិញ្ញាណ​របស់អ្នក​តាមរយៈ​ចង្វាក់ភ្លេង ឧបករណ៍ កម្លាំង​សំឡេង ទំនុក ឬ​ប្រពលភាព​របស់​តន្រ្តី ។

៣.៦.៥

ឧបករណ៍​អេឡិចត្រូនិក និង​កុំព្យូទ័រ

រាល់​ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក និង​ប្រព័ន្ធផ្សព្វផ្សាយ រួមទាំង​ទូរសព្ទ​ដៃ និង​កុំព្យូទ័រ​ផងដែរ គួរតែ​សមស្របតាម​គោលការណ៍​នៃ​ដំណឹងល្អ ។ ការប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​តាម​មធ្យោបាយ​ណា​មួយ​មិនគួរ​បង្អាក់​ដល់​ស្មារតី និង​ការហៅ​បេសកកម្ម​របស់​អ្នក​ឡើយ ។

សូម​ជៀសវាង​រាល់​អ្វីៗ​ដែល​ប្រមាថ អសីលធម៌ ហិង្សា ឬ​អាសអាភាស ។ សូម​កុំប្រើ​ទូរសព្ទ​ដៃ​របស់អ្នក​អំឡុងពេល​ម៉ោង​ធ្វើការ​ឡើយ ។

៣.៦.៦

ប្រព័ន្ធ​ផ្សព្វផ្សាយ

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​អ្នក​កំពុង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ សូម​ចុះផ្សាយ​អំពី​សកម្មភាព​ដែល​មិន​មែន​ជា​ការផ្សព្វផ្សាយ​សាសនា ប៉ុន្តែ​អាច​នៅ​តែ​ឆ្លុះបញ្ចាំង​ពី​សេចក្តីថ្លៃថ្នូរ​ នៃ​ការហៅ​បេសកកម្ម​របស់អ្នក ។

សូម​ជ្រើសរើស​ដោយ​ឈ្លាសវៃ នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ អ្វី​ក៏ដោយ​ដែល​អ្នក​អាន ស្តាប់ ឬ​មើល​វា​ជះ​ឥទ្ធិពល​មក​លើ​អ្នក ។ ជ្រើសរើស​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​លើកស្ទួយ​អ្នក​តែ​ប៉ុណ្ណោះ ។

សូម​ការពារ​សុវត្ថិភាព​របស់អ្នក និង​សុវត្ថិភាព​អ្នកដទៃ​ដោយ​ប្រយ័ត្នប្រយែង​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន និង​រូបភាព​ដែល​អ្នក​ចែកចាយ​តាមរយៈ​បច្ចេកវិទ្យា ។ សូម​កុំ​ប្រើ​ងារ « អែលឌើរ » ឬ « ស៊ីស្ទើរ » នៅ​ក្នុង​ឈ្មោះ​គណនី​របស់​អ្នក​ឡើយ ។ សូម​កុំ​ទាក់ទង​អ្វីមួយ​តាម​អ៊ីនធឺណិត ឬ​តាមរយៈ​ការផ្ញើសារ​ដែល​មិន​សមរម្យ​ក្នុងការ​ចែកចាយ​ដោយផ្ទាល់​ឡើយ ។ សូម​កុំ​ចែកចាយ​ទស្សនៈ​ខាង​នយោបាយ​ឡើយ ។ សូម​គោរព​តាម​ច្បាប់​ដែល​គ្រប់គ្រង​ការចែកចាយ​តន្ត្រី ភាពយន្ត និង​ច្បាប់​កម្មសិទ្ធិ​​បញ្ញា​ផ្សេងៗទៀត ។ កុំ​បញ្ជាក់​ថា ការ​ចុះ​ផ្សាយ​របស់​អ្នក​គឺជា​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ផ្លូវ​ការ​របស់​សាសនាចក្រឡើយ ។

ការចំណាយ​ពេលវេលា​ប្រើប្រាស់​អ៊ីនធឺណិត ឧបករណ៍​ចល័ត ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗទៀត​ច្រើនពេក អាច​រាំងស្ទះ​អ្នក​ពី​កាលវិភាគ​បេសកកម្ម​ផ្នែក​សេវាកម្ម និង​ភារកិច្ច​របស់អ្នក ។

ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា​តើ​អ្វី​សមរម្យ​ដើម្បី​មើល ឬ​ស្តាប់ សូម​ជួប​ជាមួយ​ឪពុកម្ដាយ ប៊ីស្សព ប្រធាន​ស្តេក ឬ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​កម្លាំង​ដល់​អ្នក​ដើម្បី​ធ្វើការ​ជ្រើសរើស​ត្រឹមត្រូវ ។

៣.៧

ការលើកលែង​ផ្នែក​គោលនយោបាយ

ការលើកលែង​ណាមួយ​ចំពោះ​បទដ្ឋាន​ដែល​បានពន្យល់​នៅក្នុង​បទដ្ឋាន​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ មិនមែន​ជា​ការសម្រេចចិត្តតែ​ម្នាក់​ឯង​របស់​ប្រធានស្តេក ប៊ីស្សព ឪពុកម្តាយ ឬ​អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក នោះទេ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ការលើក​លែង​មួយ​គួរតែ​លើក​យកមក​ពិចារណា នោះ​សូម​ពិភាក្សា​ជាមួយ​ប្រធាន​ស្តេក និង​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ដើម្បី​ពិភាក្សា​អំពី​កាលៈទេសៈ​នេះ ។ បន្ទាប់មក​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​អាច​និយាយ​ជាមួយ​ការិយាល័យ​បេសកកម្ម​ផ្នែក​សេវាកម្ម​ដើម្បី​ពិចារណា​ពី​សំណើ​នេះ ។

៣.៨

ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម អ្នកដឹកនាំ​បព្វជិតភាព និង​អ្នកគ្រប់គ្រង​ទីតាំង​ផ្នែក​សេវាកម្ម

ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រួមមាន​ការទទួល​ខុសត្រូវ​ចំពោះ​ព្រះអម្ចាស់ និង​ថ្នាក់​ដឹកនាំ​របស់​អ្នក ។ អ្នក​ធ្វើ​ដូច្នេះ​ដោយ​ការផ្តល់​របាយការណ៍​ផ្សព្វផ្សាយ​សាសនា​ជា​ប្រចាំ ។ របាយការណ៍​ទាំងនេះ​អាច​មាន ៖

  • កិច្ចការ និង​កាលវិភាគ​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​អ្នក

  • សុខុមាលភាព​ខាង​ផ្លូវកាយ និង​សតិអារម្មណ៍​របស់​អ្នក

  • បទពិសោធន៍​ខាង​វិញ្ញាណ និង​ការអភិវឌ្ឍន៍​របស់​អ្នក

  • ជោគជ័យ និង​ឧបសគ្គ​នា​ពេលថ្មីៗ​របស់​អ្នក

អ្នក​គួរតែ​ជូនដំណឹង​ទៅ​អ្នក​គ្រប់គ្រង​ទីតាំង​ផ្នែក​សេវាកម្ម​របស់អ្នក និង​អ្នក​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក​គ្រប់​ពេល​ដែល​អ្នក​ប្រហែល​មិន​អាច​ចូលរួម​ក្នុង​កិច្ចការ​បម្រើ​របស់អ្នក ។ ទំនាក់ទំនង​នេះ​គួរតែ​ធ្វើឡើង​ជាមុនឲ្យបានល្អ ប្រសិនបើ​អាច​ធ្វើបាន ។

នៅ​ក្នុង​បេសកកម្ម​របស់​អ្នក សូម​ប្រើ​គណនី​អ៊ីម៉ែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ចុះ​ឈ្មោះ​របស់​អ្នក ជាជាង​ប្រើ​គណនី​ផ្ទាល់ខ្លួន​ណា​មួយ ។