« ៥. « សិទ្ធិអំណាច និងពិធីបរិសុទ្ធនៃបព្វជិតភាព » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម ( ឆ្នាំ២០២១ )
« ៥. សិទ្ធិអំណាច និងពិធីបរិសុទ្ធនៃបព្វជិតភាព » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម
៥
សិទ្ធិអំណាច និងពិធីបរិសុទ្ធនៃបព្វជិតភាព
៥.០
សេចក្តីផ្តើម
បព្វជិតភាពគឺជាសិទ្ធិអំណាចដែលព្រះប្រទានដល់កូនចៅរបស់ទ្រង់ដើម្បីនាំសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់គ្នា ។ ថ្នាក់ដឹកនាំបព្វជិតភាពដែលទទួល ហើយអនុវត្តកូនសោបព្វជិតភាពមាននូវសិទ្ធិអំណាចបព្វជិតភាព ហើយអាចប្រគល់សិទ្ធិអំណាចបព្វជិតភាពដល់មនុស្សដទៃទៀត ។ ដោយសារ « គ្រប់ទាំងសិទ្ធិអំណាច [ និង ] តំណែងផ្សេងៗទៀតនៅក្នុងសាសនាចក្រ សុទ្ធតែជាការបន្តោងបញ្ជាប់ទៅនឹងបព្វជិតភាព [ ម៉ិលគីស្សាដែក ] នេះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៥ ) នោះគ្រប់អ្វីទាំងអស់ដែលត្រូវបានធ្វើឡើងនៅក្នុងការដឹកនាំរបស់កូនសោបព្វជិតភាពទាំងនោះ គឺត្រូវបានធ្វើឡើងជាមួយនឹងសិទ្ធិអំណាចបព្វជិតភាព ។
ពេលស្ត្រីម្នាក់ត្រូវបានញែកចេញឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនា នោះគាត់ធ្វើសកម្មភាពនៅក្រោមសិទ្ធិអំណាចបព្វជិតភាពដើម្បីបំពេញមុខងារបព្វជិតភាព ។ នរណាម្នាក់ដែលមានការហៅមួយដែលបានទទួលពីមនុស្សម្នាក់ដែលកាន់កូនសោបព្វជិតភាព ដើម្បីអនុវត្តសិទ្ធិអំណាចបព្វជិតភាព នៅក្នុងការបំពេញកាតព្វកិច្ចដែលបានចាត់តាំងរបស់នាង ឬរបស់គាត់ ។
ប្រសិនបើអ្នកជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក នោះអ្នកនឹងមានឱកាសចូលរួមនៅក្នុងពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាព ។
សូមប្រើសេចក្ដីណែនាំទូទៅទាំងនេះសម្រាប់ការធ្វើពិធីបរិសុទ្ធ និងពរជ័យនៃបព្វជិតភាព ។ ព័ត៌មាននៅក្នុងវគ្គនេះត្រូវបានបង្រួញចេញមកពី ជំពូក ១៨ នៃ ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
កំណត់ចំណាំ ៖ ដូចដែលបានពន្យល់នៅក្នុងវគ្គដូចតទៅនេះ ពិធីបរិសុទ្ធមួយចំនួនត្រូវផ្ដល់សិទ្ធិអនុញ្ញាតដោយសិទ្ធិអំណាចទូទៅជាអធិបតីដែលកាន់កូនសោត្រឹមត្រូវ ។
៥.១
ការគ្រប់គ្រងនៅក្នុងបព្វជិតភាព ៖ សេចក្ដីណែនាំទូទៅសម្រាប់អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកគួរតែខិតខំជានិច្ចដើម្បីមានភាពស័ក្ដិសម ហើយបានដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេគួរតែធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរនីមួយៗក្នុងរបៀបដ៏លើកតម្កើងមួយ ដោយប្រាកដថា វាបំពេញតាមតម្រូវការដូចខាងក្រោមនេះ ៖
-
វាគួរតែត្រូវបានធ្វើឡើងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
វាគួរតែត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។
-
វាគួរតែត្រូវបានធ្វើឡើងជាមួយនឹងនីតិវិធីចាំបាច់នានា ដូចជាការប្រើពាក្យជាក់លាក់ ឬការឧទ្ទិសប្រេងជាដើម ។
-
ប្រសិនបើចាំបាច់ វាគួរតែទទួលបានសិទ្ធិអនុញ្ញាតមកពីអ្នកមានសិទ្ធិអំណាចជាអធិបតីដែលកាន់កូនសោត្រឹមត្រូវ ( ជាធម្មតា ប៊ីស្សព ប្រធានស្តេក ឬប្រធានបេសកកម្ម ) ស្របតាមសេចក្ដីណែនាំនៅក្នុងវគ្គនេះ ។
អ្នកដែលផ្ដល់ការប្រសិទ្ធពរបព្វជិតភាពពោលពាក្យនៃការប្រសិទ្ធពរ ( « ខ្ញុំ [ឬយើង] ប្រសិទ្ធពរអ្នកថា … ) ជាជាងការពោលពាក្យអធិស្ឋានមួយថា ( « ព្រះវរបិតាសួគ៌ សូមប្រទានពរដល់បុគ្គលនេះថា … » ) ។
ពេលបុរសពីរបីនាក់ចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមួយ ពួកគាត់ម្នាក់ៗដាក់ដៃខាងស្ដាំស្រាលៗលើក្បាលរបស់បុគ្គលនោះ ( ឬពីក្រោមទារកដែលទទួលការប្រសិទ្ធពរ ) ហើយដាក់ដៃឆ្វេងទៅលើស្មារបស់បងប្អូនប្រុសដែលនៅខាងឆ្វេងគាត់ ។
មានតែអ្នកដែលមានបព្វជិតភាពចាំបាច់ ហើយស័ក្ដិសមប៉ុណ្ណោះ ទើបអាចធ្វើពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមួយបាន ។ តាមរយៈការដឹកនាំពីព្រះវិញ្ញាណ ប៊ីស្សព និងប្រធានស្តេកអាចអញ្ជើញអ្នកកាន់បព្វជិតភាពដែលពុំទាន់មានភាពស័ក្ដិសមពេញលេញចូលព្រះវិហារបរិសុទ្ធ ឲ្យធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួន ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១៨.៣ ChurchofJesusChrist.org ) ។
ការអញ្ជើញគ្រួសារ មិត្តភក្ដិ និងថ្នាក់ដឹកនាំជាច្រើនដើម្បីជួយនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមួយគឺពុំត្រូវបានលើកទឹកចិត្តឡើយ ដោយសារវាមើលទៅចម្លែកចំពោះមនុស្សមួយចំនួន ។ ក្រុមដែលមានមនុស្សច្រើនពេកក៏អាចធ្វើឲ្យមានការឆ្គងដើម្បីធ្វើពិធីបរិសុទ្ធនោះដែរ ។
៥.២
ពិធីបុណ្យជ្រមុជទឹក
នៅក្រោមការដឹកនាំនៃអ្នកមានសិទ្ធិអំណាចជាអធិបតី សង្ឃឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកដ៏ស័ក្ដិសមម្នាក់អាចធ្វើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ។ ដើម្បីធ្វើកិច្ចការនេះ គាត់គួរតែធ្វើតាមជំហានទាំងនេះ ៖
-
គាត់ឈរនៅក្នុងទឹកជាមួយនឹងបុគ្គលដែលទទួលពិធីបុណ្យជ្រមុជទឹក ។
-
គាត់យកដៃឆ្វេងរបស់គាត់កាន់ក-ដៃខាងស្តាំរបស់បុគ្គលរូបនេះ ( សម្រាប់ភាពងាយស្រួល និងសុវត្ថិភាព ) ។ បុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកយកដៃឆ្វេងរបស់ខ្លួនកាន់ក-ដៃឆ្វេងរបស់អ្នកកាន់បព្វជិតភាព ។
-
គាត់លើកដៃស្តាំរបស់គាត់ជារាងកែង ។
-
គាត់ហៅឈ្មោះពេញរបស់បុគ្គលនោះ ហើយពោលថា « ដោយបានទទួលការអនុញ្ញាតពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ) ។
-
គាត់អនុញ្ញាតឲ្យបុគ្គលនោះខ្ទប់ច្រមុះគាត់ ឬនាងដោយប្រើដៃស្ដាំ ( សម្រាប់ភាពងាយស្រួល ) ។ អ្នកកាន់បព្វជិតភាពដាក់ដៃស្ដាំរបស់គាត់ទ្រខ្នងរបស់បុគ្គលនោះ ហើយជ្រមុជបុគ្គលនោះឲ្យលិចទាំងស្រុងចូលទៅក្នុងទឹក រួមទាំងសម្លៀកបំពាក់របស់បុគ្គលនោះផងដែរ ។
-
គាតជួយបុគ្គលនោះឲ្យងើបឡើងពីក្នុងទឹកមកវិញ ។
ដូចដែលបានពិពណ៌នានៅ ក្នុង ក្បួនខ្នាតទូទៅ ១៨.៧.៦ សាក្សីពីរនាក់ត្រូវប្រាកដថា ពិធីបុណ្យជ្រមុជទឹកនីមួយៗត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ។ ពិធីបុណ្យជ្រមុជទឹកនោះត្រូវតែធ្វើឡើងម្តងទៀត ប្រសិនបើពាក្យពេចន៍មិនបាននិយាយត្រឹមត្រូវដូចមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ទេនោះ ។ ពិធីបុណ្យជ្រមុជទឹកនោះក៏ត្រូវតែធ្វើឡើងវិញដែរ ប្រសិនបើផ្នែកខ្លះរបស់បុគ្គលរូបនេះ ឬសម្លៀកបំពាក់មិនបានជ្រមុជចូលទៅក្នុងទឹកទាំងស្រុងទេនោះ ។
៥.៣
ការបញ្ជាក់
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬច្រើននាក់អាចចូលរួមនៅក្នុងពិធីបញ្ជាក់ ។ ពួកគាត់ដាក់ដៃស្រាលៗនៅលើក្បាលរបស់បុគ្គលរូបនេះ ។ បន្ទាប់មកបុគ្គលដែលធ្វើពិធីបរិសុទ្ធនោះធ្វើដូចតទៅនេះ ៖
-
គាត់ហៅឈ្មោះពេញរបស់បុគ្គលនោះ ។
-
គាត់ថ្លែងថា ពិធីបរិសុទ្ធត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
គាត់បញ្ជាក់បុគ្គលរូបនេះជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
គាត់ប្រើពាក្យថា « ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » ( ពុំមែន « ចូរទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធចុះ » នោះទេ ) ។
-
គាត់ផ្ដល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
គាត់បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
៥.៤
ការឧទ្ទិសប្រេង
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬច្រើននាក់ត្រូវតែឧទ្ទិសប្រេងអូលីវមុនពេលវាត្រូវបានប្រើប្រាស់ ដើម្បីចាក់ប្រេងតាំងដល់អ្នកឈឺ ឬអ្នករងទុក្ខ ។ គ្មានប្រេងដទៃទៀតអាចត្រូវបានប្រើឡើយ ។ ដើម្បីឧទ្ទិសប្រេង អ្នកកាន់បព្វជិតភាពធ្វើតាមជំហានទាំងនេះ ៖
-
គាត់កាន់ដបប្រេងបើកមាត់ដបឲ្យចំហ ។
-
គាត់ទូលទៅព្រះវរបិតាសួគ៌ ។
-
គាត់ពោលថាគាត់កំពុងធ្វើកិច្ចការដោយសិទ្ធិអំណាចបព្វជិតភាពម៉ិលគីស្សាដែក ។
-
គាត់ឧទិ្ទសប្រេង ( មិនមែនដបនោះទេ ) ហើយញែកវាចេញសម្រាប់ការលាបប្រេង និងការប្រសិទ្ធពរដល់អ្នកឈឺ និងអ្នករងទុក្ខ ។
-
គាត់បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
៥.៥
ការព្យាបាលអ្នកឈឺ និងអ្នករងទុក្ខ
ព្រះយេស៊ូវបានប្រទានសិទ្ធិអំណាចបព្វជិតភាពដល់ពួកសាវករបស់ទ្រង់ដើម្បី « ប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង » ( ម៉ាកុស ៣:១៥ ) ។ ពួកអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមានសិទ្ធិអំណាចដូចគ្នា ។ សូមប្រើអំណោយទានឲ្យបានត្រឹមត្រូវ ហើយញឹកញាប់តាមសេចក្ដីត្រូវការ ។
មានតែអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកប៉ុណ្ណោះ ដែលអាចព្យាបាលដល់អ្នកឈឺ ឬអ្នករងទុក្ខបាន ។ ជាធម្មតា អ្នកកាន់បព្វជិតភាពពីរនាក់ ឬច្រើនធ្វើការព្យាបាលដល់អ្នកឈឺរួមគ្នា បុន្តែមនុស្សម្នាក់អាចធ្វើទាំងការចាក់ប្រេងតាំង និងការផ្សារភ្ជាប់តែម្នាក់ឯងបានបើចាំបាច់ ។
ប្រសិនបើគ្មានប្រេងឧទ្ទិស នោះការប្រសិទ្ធពរអាចត្រូវបានប្រគល់ឲ្យដោយសិទ្ធិអំណាចនៃបព្វជិតភាព ដោយគ្មានការចាក់ប្រេងតាំង ។
ជាធម្មតា ស្វាមី ឬឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែកស័ក្តិសមគួរតែធ្វើការព្យាបាលដល់សមាជិកដែលឈឺនៅក្នុងគ្រួសាររបស់គាត់ ។
ពួកអ្នកកាន់បព្វជិតភាពគួរតែធ្វើការព្យាបាលដល់អ្នកឈឺតាមការស្នើសុំរបស់អ្នកឈឺ ឬអស់អ្នកទាំងឡាយណាដែលជិតដិតនឹងបុគ្គលនោះ ដើម្បីឲ្យការប្រសិទ្ធពរនោះបានទទួលតាមសេចក្ដីជំនឿរបស់ពួកគេ ។ ពួកអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ដែលទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ មិនគួរសូមឱកាសធ្វើការព្យាបាលដល់អ្នកជំងឺឡើយ ។
ប្រសិនបើបុគ្គលម្នាក់សូមការប្រសិទ្ធពរច្រើនជាងម្តងសម្រាប់ជំងឺដដែល នោះអ្នកកាន់បព្វជិតភាពពុំចាំបាច់ចាក់ប្រេងតាំង បន្ទាប់ពីការប្រសិទ្ធពរលើកដំបូងនោះទេ ។ ផ្ទុយទៅវិញ គាត់ផ្ដល់ការប្រសិទ្ធពរ ដោយការដាក់ដៃលើក្បាល និងសិទ្ធិអំណាចបព្វជិតភាពម៉ិលគីស្សាដែក ។
ការព្យាបាលអ្នកឈឺមានពីរផ្នែក ៖ (១) ការលាបប្រេងដោយប្រើប្រេងដែលបានឧទ្ទិស និង (២) ការផ្សារភ្ជាប់ការលាបប្រេងនោះ ។
ការលាបប្រេងតាំង
ការលាបប្រេងត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពមួយរូប ។
-
គាត់បន្ដក់ប្រេងដែលបានឧទិ្ទសមួយតំណក់នៅលើក្បាលរបស់បុគ្គលរូបនោះ ។
-
គាត់ដាក់ដៃរបស់គាត់ស្រាលៗនៅលើក្បាលរបស់បុគ្គលរូបនោះ ហើយហៅឈ្មោះរបស់បុគ្គលតាមឈ្មោះពេញរបស់ពួកគេ ។
-
គាត់ពោលថាគាត់កំពុងធ្វើកិច្ចការដោយសិទ្ធិអំណាចបព្វជិតភាពម៉ិលគីស្សាដែក ។
-
គាត់និយាយថា គាត់កំពុងលាបប្រេងដែលត្រូវបានឧទ្ទិសសម្រាប់ការលាបប្រេង និងការផ្តល់ពរជ័យដល់អ្នកឈឺ និងអ្នករងទុក្ខ ។
-
គាត់បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ពិធីផ្សារភ្ជាប់ការលាបប្រេង
ជាធម្មតា អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកពីរ ឬច្រើននាក់ដាក់ដៃរបស់ពួកគេស្រាលៗលើក្បាលរបស់បុគ្គលរូបនោះដើម្បីផ្សារភ្ជាប់ការលាបប្រេង ។ ទោះជាយ៉ាងណា អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់អាចធ្វើកិច្ចការនេះតែម្នាក់ឯងបាន ប្រសិនបើចាំបាច់ ។ នៅពេលផ្សារភ្ជាប់ការលាបប្រេង អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកធ្វើដូចតទៅនេះ ៖
-
គាត់ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
គាត់និយាយថា គាត់កំពុងផ្សារភ្ជាប់ការលាបប្រេងនោះដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
គាត់ផ្តល់ពរជ័យស្របតាមការដឹកនាំដោយព្រះវិញ្ញាណ ។
-
គាត់បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
៥.៦
ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សា
ពួកអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចផ្ដល់ការប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សាដល់អ្នកដទៃដែលសូមការប្រសិទ្ធពរពីពួកគាត់ផងដែរ ។ សម្រាប់ការប្រសិទ្ធពរបែបនេះ អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់ដាក់ដៃពួកគាត់ស្រាលៗលើក្បាលរបស់បុគ្គលនោះ ។ បន្ទាប់មក អ្នកកាន់បព្វជិតភាពផ្ដល់ការប្រសិទ្ធពរធ្វើដូចតទៅនេះ ៖
-
គាត់ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
គាត់ពោលថា ការប្រសិទ្ធពរនោះត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាពម៉ិលគីស្សាដែក ។
-
គាត់ផ្តល់ពរជ័យស្របតាមការដឹកនាំដោយព្រះវិញ្ញាណ ។
-
គាត់បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ពួកអ្នកផ្សព្វផ្សាយសាសនាដែលផ្ដល់ការប្រសិទ្ធពរដល់សមាជិកគួរតែរាយការណ៍ពីការប្រសិទ្ធពរដល់ប៊ីស្សពរបស់សមាជិករូបនោះដោយផ្ទាល់ ឬតាមរយៈប្រធានកូរ៉ុមអែលឌើរ ឬអ្នកដឹកនាំបេសកកម្មក្នុងវួដ ដែលពួកគេនឹងប្រាប់ប៊ីស្សពនៅពេលក្រោយ ។