« ៤. សុខុមាលភាពខាងរាងកាយ និងសតិអារម្មណ៍ » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម ( ឆ្នាំ២០២១ )
« ៤. សុខុមាលភាពខាងរាងកាយ និងសតិអារម្មណ៍ » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម
៤
សុខភាពខាងរាងកាយ និងសតិអារម្មណ៍
៤.០
សេចក្តីផ្តើម
បេសកកម្មអាចមានទាំងភាពរីករាយ និងភាពតានតឹង ។ បទដ្ឋាននៅក្នុងវគ្គនេះ និងនៅក្នុង ការសម្របទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា នឹងជួយអ្នកឲ្យរៀបចំគំនិត និងរាងកាយរបស់អ្នក ដើម្បីបម្រើព្រះអម្ចាស់ឲ្យបានប្រសើរឡើង ។ សូមរំឭកបទដ្ឋានទាំងនេះជាទៀងទាត់ ក្នុងអំឡុងបេសកកម្មរបស់អ្នក ។
៤.១
សុខភាពរាងកាយ
សុខភាព និងសុវត្ថិភាពរបស់អ្នកគឺជាបញ្ហាដ៏សំខាន់ ។ សូមថែរក្សាសុខភាពរបស់អ្នក ដើម្បីអ្នកអាចបម្រើឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ។
អ្នក និងគ្រួសាររបស់អ្នកមានការទទួលខុសត្រូវចំពោះសេចក្ដីត្រូវការផ្នែកវេជ្ជសាស្ត្ររបស់អ្នក ។ ការទៅជួបគ្រូពេទ្យ ឬអ្នកជំនាញផ្នែកថែទាំសុខភាពផ្សេងទៀត គួរតែបានសម្របសម្រួល ជាមួយអ្នកគ្រប់គ្រងរបស់អ្នកជាមុន ។
៤.១.១
គោលការណ៍ណែនាំសម្រាប់អាហាររូបត្ថម្ភទូទៅ
សូមប្រើគោលការណ៍ណែនាំអាហារូបត្ថម្ភទូទៅដូចមានខាងក្រោម ជាមួយនឹងការប្ដូរតាមបំណងបុគ្គល ប្រសិនបើចាំបាច់ ៖
-
ហូបទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ ។ អ្នកអាចត្រូវការទឹក និងអំបិលបន្ថែមទៀត ប្រសិនបើអ្នកបែកញើសច្រើនពេញមួយថ្ងៃ ឬអំឡុងពេលហាត់ប្រាណ ។
-
ទទួលទានអាហារដែលមានតុល្យភាព ដូចជាបន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិ ខ្លាញ់ល្អ និងប្រូតេអ៊ីន ។
-
កំណត់លើអាហារដែលឥតបានការ ភេស្ជជៈមានជាតិកាបូន អាហារកែច្នៃ និងអាហារចម្អិនស្រាប់ ។
-
ធ្វើតាមការណែនាំមកពីអ្នកជំនាញវេជ្ជសាស្ត្ររបស់អ្នក ទាក់ទងនឹងរបបអាហារ ថ្នាំពេទ្យពិសេសៗ ឬការអនុវត្តដែលជាទម្លាប់ល្អខាងសុខភាពជាក់លាក់សម្រាប់សេចក្ដីត្រូវការរបស់អ្នក ។
៤.២
ការហាត់ប្រាណ
ការហាត់ប្រាណជួយឲ្យអ្នកមានសុខភាពល្អ និងជួយកាត់បន្ថយភាពតានតឹង ។ ធ្វើឲ្យការហាត់ប្រាណក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក ប្រសិនបើកាលៈទេសៈអំណោយផល ។
៤.៣
សុខភាពផ្នែកសតិអារម្មណ៍
កិច្ចការអ្នកផ្សព្វផ្សាយសាសនាគឺជាតម្រូវការ ។ ការមានអារម្មណ៍តានតឹងពីមួយពេលទៅមួយពេល គឺជារឿងធម្មតា ។ អ្នកអាចរៀបចំរូបកាយ និងគំនិតរបស់អ្នកឲ្យគ្រប់គ្រងភាពតានតឹងកាន់តែប្រសើរ ដោយក្ដាប់យកឱកាសពីការគាំទ្ររបស់គ្រួសារ ។ អ្នកក៏អាចរៀបចំខ្លួនដោយអនុវត្តទម្លាប់ហូបអាហារដែលមានសុខភាពល្អ ហាត់ប្រាណឲ្យទៀងទាត់ ដេកឲ្យទៀងទាត់ លំហែកាយ និងសកម្មភាពខាងវិញ្ញាណ ( ដូចជា ការអធិស្ឋាន ការពិចារណា និងការសិក្សា ) ។
ក្នុងអំឡុងបេសកកម្មរបស់អ្នក សូមប្រើ ការសម្របទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ដើម្បីជួយអ្នកឲ្យគ្រប់គ្រងភាពតានតឹងរបស់អ្នក ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមានការលំបាកក្នុងការគ្រប់គ្រងភាពតានតឹង ឬប្រសិនបើអ្នកមានការបន្ទាន់ផ្នែកសុខភាពផ្នែកផ្លូវចិត្ត ឬសតិអារម្មណ៍ សូមទាក់ទងទៅថ្នាក់ដឹកនាំបេសកកម្មសេវាកម្មរបស់អ្នក ។
ប្រសិនបើអ្នកត្រូវបានចេញវេជ្ជបញ្ជាឲ្យ ព្យាបាល ការថប់បារម្ភ ឬស្ថានភាព ឬជំងឺផ្សេងទៀតណាមួយ សូមធ្វើតាមវេជ្ជបញ្ជា និងការណែនាំរបស់គ្រូពេទ្យរបស់អ្នក ។
៤.៤
ការថែទាំផ្នែកវេជ្ជសាស្ត្រ
សូមយកចិត្តទុកដាក់ឲ្យហ្មត់ចត់ចំពោះសុខភាពរាងកាយ និងសតិអារម្មណ៍របស់អ្នក ។ សូមប្រាកដថា អ្នកទទួលបានការគាំទ្រដែលចាំបាច់មកពីឪពុកម្ដាយ ឬអាណាព្យាបាលរបស់អ្នកសម្រាប់បញ្ហាវេជ្ជសាស្ត្រណាមួយដែលអ្នកមាន ( ដូចជា ថ្នាំដែលអ្នកកំពុងប្រើ ប្រតិកម្មដែលអ្នកមាន ឬសកម្មភាពដែលអ្នកគួរចៀសវាង ) ។ អ្នកក៏អាចចែកចាយព័ត៌មានវេជ្ជសាស្ត្រជាក់លាក់ជាមួយនឹងថ្នាក់ដឹកនាំបេសកកម្មសេវាកម្មរបស់អ្នក ឬប្រធានផ្នែកប្រតិបត្តិការ ប្រសិនបើចាំបាច់ ។
ប្រសិនបើអ្នកមានការបន្ទាន់ខាងសុខភាព សូមធ្វើសកម្មភាពដោយមានសុភវិនិច្ឆ័យសម្រាប់សុវត្ថិភាព ឬការថែទាំបន្ទាន់របស់អ្នក ។ ទូរសព្ទទៅសេវាកម្មបន្ទាន់ក្នុងមូលដ្ឋាន ( ដូចជា ៩១១ នៅក្នុងសហរដ្ឋអាមេរិក ) លើកលែងតែអ្នកត្រូវបានផ្ដល់ការណែនាំផ្សេងទៀត ។ ទាក់ទងថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នកឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
ប្រសិនបើអ្នកត្រូវការការថែទាំផ្នែកវេជ្ជសាស្ត្រដែលមិនបន្ទាន់អំឡុងពេលធ្វើកិច្ចការ សូមទូរសព្ទទៅឪពុកម្ដាយ ឬអាណាព្យាបាលរបស់អ្នកភ្លាម ។ ពួកគាត់នឹងប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ ។ សាកល្បងធ្វើការណាត់ទុកជាមុន សម្រាប់ការមើលថែមិនបន្ទាន់ផ្សេងទៀត ដើម្បីកុំឲ្យរំខានដល់ការផ្ដល់សេវាកម្ម ឬកាលវិភាគរបស់អ្នក ។
៤.៥
ស្ថានភាពគ្រោះថ្នាក់ និងការគំរាមកំហែង
មានគ្រោះថ្នាក់ជាច្រើនអាចចៀសវាងបានតាមរយៈការអនុវត្ត ដោយប្រើសុភវិនិច្ឆ័យ និងដោយគោរពតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ។ ទោះជាយ៉ាងណា ក៏នៅតែមានមនុស្សប៉ុនប៉ងធ្វើបាបអ្នក សូម្បីតែពេលដែលអ្នកព្យាយាមរក្សាសុវត្ថិភាពក្ដី ។ ប្រសិនបើមានបញ្ហាមួយ សូមរាយការណ៍ភ្លាមទៅថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មណាម្នាក់របស់អ្នក ។
ចាកចេញភ្លាម ប្រសិនបើអ្នកមានអារម្មណ៍មិនស្រណុកក្នុងចិត្តអំពីទីកន្លែង មនុស្ស ឬស្ថានភាពមួយ ។ ស្ដាប់តាមការបំផុសគំនិតខាងវិញ្ញាណ ។
៤.៦
លំនៅដ្ឋាន
ជួយថែទាំផ្ទះរបស់គ្រួសារអ្នក និងជួយគ្នាធ្វើកិច្ចការផ្ទះ ។ ថែរក្សាបន្ទប់របស់អ្នកឲ្យបានស្អាត ។ ថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក រួមមានឧបករណ៍អេឡិចត្រូនិកទាំងឡាយ ឲ្យដំណើរការល្អ ។
៤.៧
មធ្យោបាយធ្វើដំណើរ
សូមអនុវត្តតាមច្បាប់ចរាចរណ៍ក្នុងស្រុក ច្បាប់ និងទំនៀមទម្លាប់ នៅពេលអ្នកធ្វើដំណើរជានិច្ច ។ ប្រសិនបើអ្នកបើកបររថយន្ត សូមបើកបរដោយប្រុងប្រយ័ត្ន ។
មធ្យោបាយធ្វើដំណើរសាធារណៈ ជាធម្មតាមានតម្លៃថោកជាងការបើករថយន្តផ្ទាល់ខ្លួន ។ សូមពិចារណាប្រើមធ្យោបាយធ្វើដំណើរសាធារណៈក្នុងពេលបំពេញការចាត់តាំងបេសកកម្មរបស់អ្នក ។
ប្រើសុភវិនិច្ឆ័យ ដឹងពីអ្វីៗដែលនៅជុំវិញខ្លួនអ្នក និង ស្គាល់តំបន់របស់អ្នក ។ ធ្វើតាមបទដ្ឋានសុវត្ថិភាពទូទៅនៅក្នុងក្បួនខ្នាតនេះ ។
៤.៧.១
ការបើកបរ
ប្រសិនបើស្ថានភាពគ្រួសារអនុញ្ញាតឲ្យ អ្នកអាចបើកបររថយន្តផ្ទាល់ខ្លួន ឬរបស់គ្រួសារអ្នកដើម្បីបំពេញការចាត់តាំង និងសកម្មភាពបេសកកម្មរបស់អ្នកបាន ។ អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ទទួលខុសត្រូវលើរាល់ការចំណាយលើការធ្វើដំណើរ រួមទាំងប្រេងសាំង ការថែទាំរថយន្ត និងការធានារ៉ាប់រង ។
អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម និងក្រុមគ្រួសាររបស់ពួកគេទទួលបន្ទុករាល់ហានិភ័យផ្ទាល់ខ្លួន ពេលបើកបរ ។ អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មពុំបើករថយន្ត ដែលជាកម្មសិទ្ធិរបស់សាសនាចក្រកាលកំពុងបម្រើឡើយ ។ ផែនការបំពាក់បំប៉នតម្រូវឲ្យមាន ប្រសិនបើអ្នកបើករថយន្តសហគម៍ ឬអង្គការមនុស្សធម៌អំឡុងកិច្ចការចាត់តាំងរបស់អ្នក ។
៤.៨
មូលនិធិ ឬការសន្សំប្រាក់ផ្ទាល់ខ្លួន
អ្នកត្រូវបានលើកទឹកចិត្តឲ្យធ្វើផែនការថវិកា និងចំណាយមូលនិធិផ្ទាល់ខ្លួនរបស់អ្នក ។ សូមចាំជានិច្ចអំពី គោលការណ៍នៃការបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយនានា ព្រមទាំងអំពីការសន្សំប្រាក់ផ្ទាល់ខ្លួន ។
ប្រាក់ដែលអ្នកប្រើនៅអំឡុងបេសកកម្មរបស់អ្នកតំណាងឲ្យពលិកម្មដែលអ្នក គ្រួសាររបស់អ្នក និងមនុស្សដទៃទៀតបានធ្វើ ។ សូមកុំរៃអង្គាសមូលនិធិសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬសម្រាប់អង្គការដែលអ្នកបម្រើ ។
៤.៩
គ្រោះថ្នាក់
ប្រសិនបើអ្នកជួបនឹងគ្រោះថ្នាក់ខណៈកំពុងបើកបរទៅ ឬមកពីកិច្ចការចាត់តាំងជាអ្នកផ្សព្វផ្សាយសាសនា ការប្រជុំ ឬសន្និសីទរបស់អ្នក សូមទូរសព្ទទៅនគរបាល ឬសេវាកម្មសង្គ្រោះបន្ទាន់ ប្រសិនបើចាំបាច់ ។ ទាក់ទងទៅគ្រួសាររបស់អ្នក ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានផងដែរ ។ បន្ទាប់មក ទាក់ទងទៅថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នក និងអ្នកគ្រប់គ្រងការចាត់តាំងរបស់អ្នក ។
ប្រសិនបើអ្នកជួបនឹងគ្រោះថ្នាក់ខណៈកំពុងបម្រើនៅឯការចាត់តាំងជាអ្នកផ្សព្វផ្សាយសាសនារបស់អ្នក សូមពិភាក្សានឹងអ្នកគ្រប់គ្រងទីតាំងផ្នែកសេវាកម្មរបស់អ្នក ។ បុគ្គលនោះនឹងទូរសព្ទទៅនគរបាល ឬសេវាកម្មសង្គ្រោះបន្ទាន់ ប្រសិនបើចាំបាច់ ។ ទាក់ទងថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្ម និងគ្រួសាររបស់អ្នកផងដែរ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។ ប្រធានស្តេករបស់អ្នកនឹងទាក់ទងគ្រួសាររបស់អ្នកផងដែរ ។
៤.១០
ការរៀបចំខ្លួនរបស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
របៀបដែលអ្នកបង្ហាញខ្លួនក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាជះឥទ្ធិពលលើរបៀបដែលមនុស្សគិតអំពីអ្នក និងសាសនាចក្ររបស់ព្រះអម្ចាស់ ហើយអាចជួយការពារអ្នកពីគ្រោះថ្នាក់ផងដែរ ។ ជារឿយៗ រូបរាងខាងក្រៅរបស់អ្នកគឺជាសារលិខិតទីមួយដែលមនុស្សដទៃទទួលបានអំពីអ្នក ហើយវាគួរតែគាំទ្រចំពោះអ្វីដែលអ្នកនិយាយ និងធ្វើ ។
ការស្លៀកពាក់ និងការតុបតែងខ្លួនសមរម្យគឺជាជំនាញជីវិតដ៏សំខាន់ ដែលនឹងជួយអ្នកបន្ទាប់ពីបេសកកម្មរបស់អ្នកផងដែរ ។ សូមស្លៀកពាក់សម្លៀកឲ្យបានសមរម្យសម្រាប់កិច្ចការចាត់តាំងការបម្រើរបស់អ្នក ហើយសមស្របនឹងការហៅដ៏ពិសិដ្ឋរបស់អ្នក ។
៤.១០.១
សម្រាប់អ្នកផ្សព្វផ្សាយសាសនាគ្រប់រូប
ថែរក្សាខ្លួនរបស់អ្នកឲ្យបានស្អាតបាត ។ ងូតទឹកជារៀងរាល់ថ្ងៃ ។ ដុសធ្មេញជាទៀងទាត់ ។ ប្រើ ថ្នាំបំបាត់ក្លិនខ្លួន ។ លាងដៃរបស់អ្នកឲ្យបានទៀងទាត់ ជាពិសេសបន្ទាប់ពីការប្រើបន្ទប់ទឹករួច ។ ថែរក្សាសម្លៀកបំពាក់របស់អ្នកឲ្យស្អាតបាត និងមានរបៀប ។ កុំបណ្ដោយឲ្យរូបរាងខាងក្រៅ ឬឥរិយាបថរបស់អ្នកទាញយកចំណាប់អារម្មណ៍ចេញពីការហៅរបស់អ្នក ។
រក្សាបទដ្ឋានថ្លៃថ្នូរដ៏ខ្ពស់ ។ ចៀសវាងពីសម្លៀកបំពាក់ដែល ៖
-
រឹបពេក ឬរលុងពេក
-
ស្តើង ឬវាលពេក
-
ទាក់ទាញចំណាប់អារម្មណ៍ទៅលើផ្នែកណាមួយនៃរូបកាយ
-
ដែលរយីករយាក ឬរញេរញៃ
បង្ហាញការគោរពចំពោះព្រះអម្ចាស់ និងខ្លួនឯងដោយស្លៀកពាក់សមរម្យសម្រាប់ការប្រជុំ និងសកម្មភាពក្នុងសាសនាចក្រ ជាពិសេសការប្រជុំសាក្រាម៉ង់ ។
៤.១០.២
ចំពោះអែលឌើរ
-
សក់ ។ កក់សក់ឲ្យបានញឹកញាប់ ។ ទុកវាឲ្យខ្លី និងកាត់ឲ្យស្មើ ។ ម៉ូដហួសហេតុពេក ដូចជាសក់បាស់ សក់អ៊ុត ឬសក់លាបពណ៌ គឺមិនសមរម្យទេ ។ ជើងសក់មិនគួរវែងហួសពីគុម្ពត្រចៀកនោះទេ ។ អ្នកគួរតែកោសម្អាតរោមមុខជារៀងរាល់ថ្ងៃ លើកលែងតែ មានវេជ្ជបញ្ជាមិនឲ្យកោ ។
-
គ្រឿងអលង្ការ ។ កុំពាក្យក្រវិល ឬខ្សែក ។ ក្រវិលច្រមុះ និងការចោះលើរូបកាយគឺមិនសមរម្យនោះទេ ។ ប្រសិនបើអ្នកមានសាក់ វាគួរតែគ្របបិទបាំង បើអាចធ្វើទៅបាន ។
៤.១០.៣
ចំពោះស៊ីស្ទើរ
-
សក់ ។ កក់សក់ឲ្យបានញឹកញាប់ ។ ម៉ូដ ពណ៌ និងប្រវែងនៃសក់របស់អ្នកមិនគួរធ្វើឲ្យមានការទាក់ទាញនោះទេ ។
-
គ្រឿងតុបតែងខ្លួន ។ គ្រឿងអលង្ការ និងគ្រឿងតុបតែងខ្លួនផ្សេងទៀតគួរតែមានភាពសាមញ្ញ ហើយស័ក្ដិសមនឹងវិជ្ជាជីវៈ ។ កុំពាក់ក្រវិលលើសពីមួយនៅត្រចៀកម្ខាងៗ ។ ក្រវិលច្រមុះ និងការចោះលើរូបកាយគឺមិនសមរម្យនោះទេ ។ ប្រសិនបើអ្នកមានសាក់ វាគួរតែគ្របបិទបាំង បើអាចធ្វើទៅបាន ។ ការតុបតែងមុខ ការតុបតែងសក់ និងការលាបក្រចកគួរតែមានលក្ខណៈសាមញ្ញ ។