អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
សេចក្តី​ផ្តើម


« សេចក្តី​ផ្តើម » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូន​សៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« សេចក្តី​ផ្តើម » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ព្រះយេស៊ូវ​ហៅបុរស​នៅលើទូក

ព៌ត័មាន​លម្អិត​មកពី ចូរ​មក​តាម​ខ្ញុំ ដោយ ជេមស៍ ធី ហាវូដ

សេចក្តី​ផ្តើម

អ្នក​អាច​ទទួល​បាន​ជោគជ័យ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់

ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើជា​តំណាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​កំពុង​ផ្ដល់​ការងារ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។ ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​អ្នក ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ឆ្ពោះ​ទៅមុខ ។ ទ្រង់​បាន​សន្យា ៖ « យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៨ ) ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​អាន​ព្រះគម្ពីរ

សូម​អនុវត្ត​សេច​ក្តីជំនឿ​របស់អ្នក ហើយ​ធ្វើ​សកម្មភាព​តាម​ការសម្រេចចិត្ត​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ តាមរយៈការបន្តមាន​សេចក្តី​ជំនឿ និងកិច្ច​ខិតខំ​ដ៏ល្អ​បំផុត​របស់អ្នក នោះ​អ្នកនឹង​អភិវឌ្ឍ​ជំនាញ អំណោយទាន និង​ភាពរឹងមាំ​ដែល​អ្នក​ត្រូវការ​បាន​យ៉ាង​ឆាប់បំផុត ។ អ្នកនឹង​ទទួល​អារម្មណ៍​ថា​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ។ អ្នក​នឹង​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បម្រើ​ទ្រង់ ។

ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ជួយ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ប៉ុន្តែ​នៅក្នុង​ប្រវត្តិសាស្រ្ត ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏អស្ចារ្យ​ជាច្រើន​បានរងទុក្ខ និង​ពុះពារ​ក្នុងការងារ​ផ្សព្វ​ផ្សាយ​សាសនា​របស់​ពួកគេ​ផងដែរ ។ អាំម៉ូន និង​បងប្អូន​ប្រុស​របស់​លោក « [ បាន ] រង​ទុក្ខ​ជាច្រើន ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ដូចជា​ការ​អត់​ឃ្លាន ការ​ស្រេក និង​ការ​នឿយ​ហត់ ព្រមទាំង​ការ​នឿយ​ហត់​ខាង​ផ្លូវ​វិញ្ញាណ​ផង » ( អាលម៉ា ១៧:៥ ) ។ ជួនកាល ពួកលោក​មាន​អារម្មណ៍​សន្ធប់​ខ្លាំង ។ « ឥឡូវ​នេះ កាល​ណា​យើង​នឿយ​ណាយ​ក្នុង​ចិត្ត ហើយ​យើង​សឹង​តែ​ត្រឡប់​ទៅ​វិញ មើល​ចុះ ព្រះអម្ចាស់​ទ្រង់​បាន​កម្សាន្ត​ចិត្ត​យើង ហើយ​មាន​ព្រះបន្ទូល​ថា ៖ ចូរ​ទៅ​ក្នុង​ចំណោម​បង​ប្អូនអ្នក គឺ​ពួកសាសន៍​លេមិន ហើយ​ចូរ​ទ្រាំ​ដោយ​សេចក្ដី​អត់ធ្មត់​នូវ​ការទុក្ខ​វេទនា​ទាំងឡាយ​របស់​អ្នក​ចុះ ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​ជ័យ​ជម្នះ » ( អាលម៉ា ២៦:២៧ ) ។

ការសន្យា​នេះ​អនុវត្ត​ចំពោះ​អ្នក​នៅក្នុង​ការបម្រើ​ដែល​បាន​ចាត់តាំង​របស់​អ្នក​ចំពោះ​ក្រុមគ្រួសារ​របស់​ព្រះ​ផងដែរ ។ អ្នក​អាច​ធ្វើជា​អ្នក​បម្រើ​ដ៏មាន​ប្រយោជន៍​របស់​ព្រះអម្ចាស់ ។

ថាតស៊ូ អ៊ីតូ ដែលជា​អ្នក​មាន​ជំងឺ​ស្វិត​សាច់ដុំ​ឆ្អឹងខ្នង គឺជា​ឧទាហរណ៍​មួយ​ពី​ការបំពេញ​សេចក្តី​សន្យា​នេះ ។ នៅពេល​ដែល​គ្រួសារ អ៊ីតូ បាន​ផ្លាស់​ទីលំនៅ​ពី​ប្រទេស​ជប៉ុន ទៅ រដ្ឋ យូថាហ៍ ថាតស៊ូ បាន​សម្រេច​ចិត្ត​បម្រើ​ជា​អ្នកផ្សព្វ​ផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។ ប្អូនប្រុស​របស់ ថាតស៊ូ ឈ្មោះ ឌេន « អាច​មើលឃើញ​ពី​ការផ្លាស់​ប្តូរ​របស់​ថាតស៊ូ » ក្នុង​អំឡុង​បេសកកម្ម ហើយ​បានដឹង​ថា ថាតស៊ូ ពិតជា « កំពុង​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅស្ថាន​សួគ៌​វិញ » មែន ។

នៅពេល ថាតស៊ូ ទទួល​មរណភាព ឌេន ដែល​មាន​ជំងឺ​ស្វិត​សាច់ដុំ​ឆ្អឹងខ្នង​ផងដែរ​នោះ បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សួរ ប្រសិន​បើ​គាត់​អាច​ទទួល​ការ​ហៅ​ឲ្យ​បំពេញ​ការចាត់​តាំង​បេសកកម្ម​ដូចគ្នា​នឹង​បេសកកម្ម​ដែល ថាតស៊ូ បាន​បម្រើ​ពីមុន​គាត់​ទទួល​មរណភាព ។ ឌេន មាន​ពរជ័យ​ដែល​អាច​ធ្វើ​ដូច្នេះ​បាន ។ គាត់​បាន​បម្រើ​នៅ​ក្នុង​ក្រុម​ឆ្លើយតប និង​ពិនិត្យមើល ប្រូហ្វាល « ខ្ញុំ​ជា​មរមន » នៅលើ​គេហទំព័រ LDS.org ជា​ភាសា​ជប៉ុន ។

ឌេន បាន​និយាយ​ថា គាត់​ក៏ជា « អ្នកតំណាង​របស់​ព្រះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ផងដែរ » ។ ប្រសិនបើ​នរណា​ម្នាក់​មាន​បញ្ហានោះ​គាត់ « រីករាយ​នឹង​ស្តាប់​ពួកគេ និង​លើក​ទឹកចិត្ត​ពួក​គេ​ឲ្យ​ទៅជួប​ប៊ីស្សព​ដើម្បី​ទទួល​ការ​ប្រសិទ្ធ​ពរ​ជានិច្ច » ។

ខណៈ​ដែល​បេសកកម្ម​របស់​អែលឌើរ អ៊ីតូ មិន​មែន​ជា​ទម្រង់ការ​ផ្នែក​ផ្សព្វផ្សាយ គាត់​បាន​និយាយ​ថា គាត់​ពិត​ជា​មាន​អារម្មណ៍​ថា គាត់​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​រូប ។ គាត់​បាន​និយាយ​ថា បេសកម្ម​របស់​គាត់​បាន​ជួយ​គាត់​ឲ្យ « បង្កើន​ឆន្ទៈ​កាន់​តែ​ខ្លាំង​ដើម្បី​បម្រើ​ជារៀង​រាល់​ថ្ងៃ » ។

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​នៅ​មុខ​កុំព្យូទ័រ

អែលឌើរ ថាតស៊ូ អ៊ីតូ

របៀប​ប្រើ​ប្រាស់​កូន​សៀវភៅ​នេះ

បេសកកម្ម​ផ្នែក​សេវាកម្ម​អាច​មាន​ទាំង​ភាពរីករាយ និង​ភាពតានតឹង ។ ការខិតខំ​ធ្វើការ និង​ការបម្រើ​គឺជាឧបករណ៍​ដែល​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​នៅក្នុង​ការគ្រប់គ្រង​ការ​ព្រួយបារម្ភ ភាពអស់​សង្ឃឹម និង​ភាពនឿយហត់ ។ វាសំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​ត្រូវ​រួម​ចំណែក​ក្នុង​កិច្ច​ការ​របស់​ព្រះអម្ចាស់ ទាំង​ក្នុង​អំឡុង​ពេល និង​ក្រោយពេល​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ប៉ុន្តែ​ការខិតខំ​ធ្វើការ និង​ការបម្រើ​តែ​មួយមុខ​គឺ​មិន​មែន​ជាឧបរណ៍​តែម្យ៉ាង​របស់​អ្នក​នោះទេ ។ ធនធាន​ផ្សេង​ទៀត​រួមមាន​ជំនួយ​ផ្នែក​វិជ្ជាជីវៈ ពរជ័យ​បព្វជិតភាព ដំបូន្មាន​ពី​មជ្ឈិមវ័យ​ដែលមាន​បទពិសោធន៍ និង​កូន​សៀវភៅ​នេះ​ជាដើម ។ ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​ជំនាញ និង​បុគ្គលិក​លក្ខណៈ​នានា ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ ។ អ្នក​អាច​ទទួលបាន​ការពេញចិត្ត និង​ភាព​ជោគជ័យ​ក្នុង​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក និង​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

កូន​សៀវភៅ​នេះ​មិនមាន​ន័យថា​ត្រូវអាន​ទាំងអស់​ក្នុង​ពេល​តែ​ម្តង​នោះទេ ។ សូម​ប្រើ​សេចក្តី​ណែនាំ​ដូច​ខាង​ក្រោម ។ អ្នក​នឹង​ទទួល​បាន​ការណែនាំ​ទៅ​កាន់​យោបល់​សម្រាប់​បញ្ហា​ប្រឈម​ដែល​អ្នក​ជួបប្រទះ ។ គំនិត​ទាំងនេះ​ក៏​នឹង​ជួយ​ដល់​អ្នក​ផងដែរ នៅពេល​អ្នក​បម្រើ និង​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ផ្សេងទៀត ។