អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតានតឹង


« ១. « ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតានតឹង » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូន​សៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតានតឹង » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​ធ្វើ​ការ​ផ្នែក​ម្ហូប​អាហារ

១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតានតឹង

ផ្នែក​នេះ​មាន​មតិយោបល់​ទូទៅ​ដើម្បី​ការពារ​កុំឲ្យ​មាន​ភាព​តានតឹង​ហួសកម្រិត ហើយ​ទប់ទល់​នឹង​ភាពតានតឹង​នៅពេល​ដែល​វា​កើត​ឡើង ។ មតិយោបល់​ទាំងនេះ​អាច​មាន​ប្រយោជន៍​ចំពោះ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់ ។

ការ​ឆ្លើយតប​ដោយ​វិជ្ជមាន​ចំពោះ​ភាព​តានតឹង

  • អធិស្ឋាន​ដោយ​ក្លៀវក្លា និង​ញឹកញាប់។ សូម​ទូល​ប្រាប់​ព្រះអម្ចាស់​ពី​អារម្មណ៍ បទពិសោធន៍ ផែនការ និង​កង្វល់​របស់​អ្នក ។ ទូលសូម​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​នឹង​អ្នកក្នុង​គ្រប់កិច្ចការ​ទាំងអស់ ។ សូម​សរសេរ​ពី​អារម្មណ៍​ដែល​អ្នក​បាន​ទទួល កាល​អ្នក​អធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ ។ សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ដឹកនាំ​ខាង​វិញ្ញាណ​ដែល​អ្នក​អាច​នឹង​ទទួល​បាន​ពេញ​មួយ​ថ្ងៃ ។ ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ ។ កាល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​បន្ត​ទទួល​បាន​ការ​ដឹកនាំ ការលួង​លោម និង​ជំនួយ ។ « ដ្បិត​មើល​ចុះ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ទៀត​ថា បើសិន​ជា​អ្នក​រាល់គ្នា​នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នកនូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃទី​២ ៣២:៥  ) ។ ទូលសូម​ជំនួយ​ពី​ព្រះអម្ចាស់​ឲ្យ​អ្នក​ស្គាល់ និង​ធ្វើ​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ។

  • ចូរ​បង្អង់​សិន ។ ការបង្អង់​សិន​មិន​មែន​មាន​ន័យ​ថា​គ្រាន់​តែ​បង្អង់​ខាង​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បង្អង់​ខាង​រាងកាយ​ទាំងអស់តែ​ម្តង ។ ការបង្អង់​សិន​គឺជា​ឥរិយាបថ​ក្នុង​ចិត្ត ។ វា​គឺ​ជា​ស្ថានភាព​នៃ​ភាព​ស្ងប់ស្ងាត់​ក្នុង​ចិត្ត​ដែល​យាងអញ្ជើញ​ឲ្យ​មាន​វត្តមាន​របស់​ព្រះ ។ « ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » ( ទំនុក​ដំកើង ៤៦:១០ ) ។ រៀន​ឲ្យ​ចេះ​បង្អង់ ។ អ្នក​នឹង​កាន់​តែ​ឆាប់​ដឹង​ពី​ការ​បំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ។ អ្នក​នឹង​កាន់​តែ​អាច​បំពេញ​តាម​តម្រូវ​ការ​នៃ​បេស​កកម្ម​របស់​អ្នក​បាន ។ នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ពេក នោះ​អ្នក​អាច​អនុវត្ត​តាម​គោលការណ៍​បង្អង់​សិន​បាន ។ ជំនួស​ឲ្យ​ការផ្តោត​លើ​គំនិត​ដែល​នៅក្នុង​ចិត្ត​របស់​អ្នក សូម​យក​ចិត្តទុក​ដាក់​លើ​ចំណាប់​អារម្មណ៍​នៅក្នុង​រាងកាយ​របស់​អ្នក​វិញ ។ សូម​សង្កេត​មើល​ថា​តើ​សាច់ដុំ​របស់​អ្នក​រឹង ឬ​ធូរ ហើយ​សង្កេត​មើល​សំឡេង និង​ក្លិន​នៅជុំវិញ​អ្នក ។ វាមាន​ប្រយោជន៍​ជាពិសេស​ក្នុង​ការយក​ចិត្តទុកដាក់​លើការ​ដក​ដង្ហើម​របស់អ្នក ( សូមមើល លំហាត់ប្រាណ​ផ្លូវ​ដង្ហើម ) ។ អ្នក​មិន​ព្យាយាម​ដាក់​គំនាប​លើ​គំនិត​ណាមួយ ឬ​ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​ស្រុញ​នោះទេ ។ អ្នកគ្រាន់​តែ​បង្វែរ​ការយក​ចិត្ត​ទុក​ដាក់​របស់អ្នក​ចេញ​ពី​ការព្រួយ​បារម្ភ និង​ការភ័យ​ខ្លាច​ប៉ុណ្ណោះ ។ ចំណុច​នេះ​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​កន្លែង​សម្រាប់​ព្រះវិញ្ញាណ​គង់នៅ​ក្នុងចិត្ត​របស់​អ្នក ។ វា​ក៏​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​អារម្មណ៍​សុខ​សាន្ត​ផងដែរ ។

  • ការ​ស្គាល់​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​គ្រប់​កិច្ចការ​ទាំងអស់ ។ អ្នក​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​អព្ភូតហេតុ​របស់​ព្រះ ដើម្បី​ផ្តល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ សូម​រៀន​ផ្ដោត​អារម្មណ៍​ជារៀង​រាល់ថ្ងៃ​ទៅ​លើ​ពរជ័យ​ដែល​អ្នក​មាន​អំណរគុណ ។ សូម​កត់​សម្គាល់​ពី​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​របស់​អ្នក ហើយ​សរសេរ​អំពីវា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ( សូមមើល មរ៉ូណៃ ១០:៣ ) ។

  • បម្រើ​ឲ្យ​អស់​ពីកម្លាំង និង​ទេពកោសល្យ​របស់​អ្នក ។ សូម​ធ្វើ​បញ្ជី​មួយ​ពី​ភាព​ខ្លាំង ទេពកោសល្យ និង​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​អ្នក ។ ភាពខ្លាំង​របស់​អ្នក​គឺ​ជា​ចំណែក​មួយ​នៃ​ឃ្លាំង​របស់​ព្រះអម្ចាស់ ។ ទ្រង់​ប្រើ​អំណោយទាន​ទាំងនេះ​ដើម្បី​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​របស់ទ្រង់ និង​ស្ថាបនា​នគរ​ស្ថានសួគ៌​របស់ទ្រង់ ។ ផ្នែក​ដ៏​សំខាន់​នៃ​បេសកកម្ម​របស់អ្នក​គឺដើម្បី​បណ្តុះ​បណ្តាល​អំណោយ​ទាន​របស់អ្នក ។ សូម​ប្រើ​ភាពខ្លាំង​របស់​អ្នក​តាម​របៀប​ដូច​ព្រះគ្រីស្ទ ដើម្បី​ជួយ​ដល់​អ្នក​ដទៃ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​ខ្សឹបប្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ៖ « ខ្ញុំ​មិន​បាន​ហៅ​អ្នក​ពី​ភាពទន់ខ្សោយ​របស់​អ្នក​ទេ ។ យើង​ហៅ​អ្នក​ពី​ភាពរឹង​មាំ​របស់អ្នក » ។ សូម​ផ្ដោត​បន្ថែម​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អ ជាជាង​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុស ។ រៀបចំ​ផែន​ការណ៍​រាល់សប្តាហ៍​ដើម្បីអភិវឌ្ឍ និង​ប្រើប្រាស់​អំណោយទាន​របស់អ្នក​ដើម្បី​បម្រើ ហើយ​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ​ទៀត ។ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨២:១៨–១៩ ) ។

  • សូម​ស្គាល់ ហើយ​ទន្ទេញ​បទគម្ពីរ​ដែល​ជួយ​លួងលោម​ចិត្ត ។ កាល​អ្នក​សិក្សា​ព្រះគម្ពីរ សូម​រាយ​បញ្ជី​បទគម្ពីរ​ដែល​ពង្រឹង ហើយ​លួងលោម​ចិត្តអ្នក ។ អ្នក​អាច​អាន ស្តាប់ ឬ​ទន្ទេញ​ខគម្ពីរ​ទាំងនោះ​បាន ។

  • សូម​ផ្ដោត​ទៅ​លើ​សេចក្ដីត្រូវ​ការ​នៃ​មនុស្ស​ដែល​អ្នក​កំពុង​បម្រើ ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ផ្តល់​ពរជ័យ​ដល់​មនុស្ស ដែល​អ្នក​កំពុង​បម្រើ ។ សូម​ស្វែង​រកការ​បំផុស​គំនិត ដើម្បី​ដឹង​ពីរបៀប​ដែល​អ្នក​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​បាន​កាន់តែ​ច្រើន ។ សូម​ព្យាយាម​ពង្រឹង​សេចក្តី​ជំនឿ​របស់​ពួកគេ ។

  • សូម​ភ្ជាប់​ការ​ងារ​របស់​អ្នក​ទៅនឹងមនុស្ស​ដែល​អ្នក​ស្គាល់ ។ សូម​គិត​អំពីរបៀប​ដែល​ការបម្រើ​របស់​អ្នក​ជួយ​ដល់​មនុស្ស​ដែល​អ្នក​ស្គាល់​ជាមួយ​នឹង​បញ្ហា​ពិតប្រាកដ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​អ្នក សូម​កត់ត្រា​ឧទាហរណ៍ ពីរបៀប​ដែល​ការបម្រើ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​ផ្លាស់ប្តូរ ។

    រូបភាព
    អ្នកដឹកនាំ​សាសនាចក្រ​ជួប​ជាមួយ​យុវជន​ម្នាក់
  • សូម​ពិនិត្យ​មើល​ការ​រំពឹង​ទុក​របស់​អ្នក ។ បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក​ប្រហែល​ជា​មិន​ដូច​អ្វី​ដែល​អ្នក​បាន​រំពឹង​ទុក​ជានិច្ច​នោះទេ ។ ពេល​ខ្លះ​គ្រប់​យ៉ាង​មិន​ដំណើរការ​ទៅ​តាម​អ្វី​ដែល​អ្នក​បាន​សង្ឃឹម​ទុក​នោះ​ទេ ។ ការចាត់តាំង​របស់អ្នក​ប្រហែល​ជា​មិនមែន​ជា​បញ្ហាប្រឈម ឬ​ទទួល​បាន​រង្វាន់​ជានិច្ច​នោះ​ទេ ។ ហើយ​អ្នក​ប្រហែល​ជា​ពុំ​បាន​ធ្វើ​អ្វីៗគ្រប់យ៉ាង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​នោះទេ ។ សូម​ចងចាំ​ពាក្យ​ទូន្មាន​របស់​ព្រះអម្ចាស់​ទៅកាន់​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​គុកលិបើទី ៖ « គ្រប់ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការល្អ​ដល់​អ្នក​ទៅ​វិញ ។ … ហេតុដូច្នេះហើយ កូន​កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៧, ៩ ) ។

  • សូម​សុំ​ការអនុញ្ញាត​ដើម្បី​សម្រាក​ពីអ្វី​ក៏ដោយ​ដែល​អ្នក​កំពុង​ធ្វើ ។ ប្រហែល​ជា​អ្នក​មិន​អាច​ធ្វើ​បាន​ភ្លាមៗ​នោះ​ទេ ។ ប្រសិន​បើ​ដូច្នេះ​មែន សូម​ប្រាប់​ខ្លួន​អ្នកថា « ខ្ញុំ​អាច​រង់ចាំ​រហូត​ដល់​ពេល​សម្រាក » ។

  • ហាត់​ប្រាណ ។ ការ​ធ្វើ​លំហាត់ប្រាណ​ជា​ទៀងទាត់​គឺជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​គ្រប់គ្រង​ភាព​តានតឹង ។ សូម​ព្យាយាម​ចូល​រួម​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែលធ្វើ​ឲ្យ​មាន​ទាំង​ភាព​រីករាយ និង​ការប្រឹងប្រែង​ខាង​រាង​កាយ​ផងដែរ ។ កាល​អ្នក​ផ្តោត​លើ​សកម្ម​ភាព​ទាំង​នេះ នោះ​អ្នក​អាច​ឃើញ​ថា​ខ្លួនឯង​មាន​ថាមពល​គ្រប់គ្រាន់ ។ អ្នក​នឹង​អាច​បំភ្លេច​កង្វល់​ដែល​កើត​មាន​នៅ​ថ្ងៃ​នោះ ។ លំហាត់​ប្រាណ​ណា​ក៏អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ភាពអំណត់ និង​សមត្ថភាព​របស់អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់​បាន​ដែរ ។ ស្វែងរក​វិធី​ផ្តល់​រង្វាន់​ឲ្យ​ខ្លួនឯង ដោយ​ការ​ស្វែង​រក​វិធី​ដើម្បី​បង្កើន​លំហាត់​ប្រាណ​របស់អ្នក ។

  • សូម​កុំ​ព្យាយាម​គ្រប់គ្រង​អ្វីៗ​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន​ឡើយ ។ លទ្ធផល​នៃ​ការ​ខិតខំ​ដោយ​សុចរិត​របស់​អ្នក​អាច​អាស្រ័យ​ទៅ​លើ​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ដទៃ ។ អ្នក​មិន​អាច​គ្រប់គ្រង​មនុស្ស​ណាម្នាក់ ឬ​បង្ខំ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​មួយ​នោះ​ទេ ។ « គ្មាន​អំណាច ឬ​ឥទ្ធិពលណា​អាច ឬ​គប្បី​កាន់កាប់​ដោយ​សារ​បព្វជិតភាព​បាន​ឡើយ លើក​លែង​ដោយ​ការ​លួងលោម​ដោយ​ការ​អត់ធ្មត់ ដោយ​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់ប៉ុណ្ណោះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១ ) ។ « ហេតុ​ដូច្នេះ​ហើយ បង​ប្អូន​ដ៏​ស្ងួនភ្ងា​អើយ ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង​ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៧ ) ។

  • រៀន​យកចិត្ត​ទុកដាក់ ។ ការយកចិត្ត​ទុកដាក់​គឺជា​បច្ចេក​ទេស​មួយ​សម្រាប់​ដោះស្រាយ​ភាព​តាន​តឹង ។ វា​ទាក់ទង​នឹង​ការយក​ចិត្តទុក​ដាក់​លើ​បទពិ​សោធន៍​ក្នុង​ពេល​បច្ចុប្បន្ន ។ សូម​ប្រើវា​នៅពេល​អ្នក​មាន​អារម្មណ៍​តាន​តឹង ឬ​ភ័យខ្លាច​ខ្លាំង ។ សូម​ព្យាយាម​ផ្តោត​ការយល់ដឹង​របស់​អ្នក​លើអ្វី​ដែល​កំពុង​កើត​ឡើង​ជុំវិញអ្នក ។ សូម​ផ្ដោត​ទៅលើ​វា​ក្នុង​ពេល​ឥឡូវ​នេះ និង​ត្រង់​នេះ​តែម្ដង គឺ​ពុំ​មែន​រង់ចាំ​ពេល​ខាងមុខ​នោះទេ ។ សូម​សម្គាល់​ពីរបៀប​ដែល​ចិត្ត​របស់​អ្នក​មាន​ប្រតិកម្ម​ចំពោះ​ការយល់​ដឹង​នេះ ។

    • សូម​ដក​ដង្ហើម​វែងៗ បិទភ្នែក​របស់​អ្នក​ប្រសិន​បើ​ចាំបាច់ ហើយ​ព្យាយាម​បន្ធូរ​អារម្មណ៍ ។

    • ចេញ​ដើរ​នៅ​ជិតៗ​ហ្នឹង​ប្រសិន​បើ​វា​មាន​ប្រយោជន៍ ។

    • សង្កេតមើល​គ្រប់​យ៉ាង​នៃអ្វី​ដែល​អ្នក​កំពុង​ព្រួយ​បារម្ភ សឹង​ឲ្យ​ដូចជា​អ្នក​ក្រៅ​មើល​មកយើង​អ៊ីចឹង ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ ?

    • សូម​បំភ្លេច​ចោល​រឿង​ណា​ដែល​រំខាន​ដល់​អ្នក ។ សូម​ផ្ដោត​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ឬ​គួរ​តែ​ធ្វើ នៅក្នុង​រយៈ​ពេល​ពីរបី​នាទី​បន្ទាប់ ។

    • ប្រសិន​បើ​ស្ថានភាព​នោះ​មិន​ប្រសើរ​ឡើង​ទេ សូម​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​បេសក​កម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​ដឹង ។

  • សូម​រាប់អាន​មិត្តរួម​ការងារ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ។ សូម​ចែកចាយ​គំនិត បម្រើ​គ្នា​ទៅវិញ​ទៅ​មក ជួយ​គ្នា​ទៅវិញ​ទៅមក ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

    រូបភាព
    ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​ដើរ​ជាមួយគ្នា
  • ប្រើប្រាស់​តន្ដ្រី ។ នឹកចាំ​ដល់​ទំនុក​បទ​ចម្រៀង​ពីរ​បី​បទ ឬ​បទ​គម្ពីរ​ពីរបី​ដែល​អ្នក​ចូលចិត្ត ។ នៅពេល​អ្នកមាន​អារម្មណ៍​តាន​តឹង ឬ​បាក់​ទឹក​ចិត្ត សូម​ចង​ចាំពាក្យ​ពេចន៍​ទាំងនោះ ។ សួរថា​តើ​អ្នក​អាច​ប្រើកាស​ត្រចៀក​នៅ​ក្នុង​ការចាត់តាំង​ផ្នែក​សេវាកម្ម​របស់​អ្នក​បាន​ដែរ​ឬទេ ។ សូម​ស្តាប់​តន្ត្រី​ស្ងប់ស្ងាត់ ប្រសិន​បើ​វា​មិន​រំខាន​ដល់​ការ​ចាត់តាំង​របស់​អ្នក​ទេ ។ សូម​ពិចារណា​ប្រើ​កម្មវិធី​ដែល​ធ្វើ​ឲ្យ​អ្នក « ស្ងប់ស្ងាត់ » ឬ​កម្មវិធី​ស្រដៀង​គ្នា​នេះនៅ​លើ​ទូរសព្ទ​ដៃ​របស់​អ្នក ។

  • សូម​ចងចាំ​ពី​អ្វី​ដែល​អ្នក​បាន​រៀន ។ អ្នកបាន​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្ដូរ ព្រមទាំង​ការលំបាកពេញ​មួយ​ជីវិត​របស់​អ្នក ។ សូម​រៀប​រាប់​ពី​អ្វីដែល​អ្នក​បាន​រៀន​កាល​ពី​អតីត​កាល​ដែល​មាន​ភាពតាន​តឹង​ខ្លាំង ( ការផ្លាស់ប្តូរ​ទីលំនៅ ការបរាជ័យ ឬ​ការប្តូរ​សាលារៀន ឬការងារថ្មី ) ។ តើ​អ្នក​អាច​ប្រើ​ជំនាញ​ទាំងនេះ​នៅ​ពេល​នេះ​ដោយ​របៀប​ណា ?

ខ. ការឆ្លើយ​តប​នឹង « ភាពបន្ទាន់​នៃ​ភាពតានតឹង »

ភាព​បន្ទាន់​នៃ​ភាព​តានតឹង​មួយ​កើត​ឡើង នៅពេល​អ្នករំកិល​ចូល​ទៅ​ក្នុង​តំបន់​ភាព​តាន​តឹង​ពណ៌​ទឹកក្រូច ឬ​ពណ៌​ក្រហម​មួយ​រំពេច ។ ប្រសិន​បើ​អ្នកស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ខាង​រាងកាយ ឬ​ខាង​សតិ​អារម្មណ៍ សូម​ទូរសព្ទ​ទៅ​ឪពុកម្តាយ ឬ​អ្នក​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​ភ្លាមៗ ។ សម្រាប់​ស្ថានភាព​ផ្សេងទៀត សូម​សាកល្បង​ធ្វើ​តាម​សេចក្ដីណែនាំ​ដូចខាង​ក្រោម​នេះ ៖

  • សូម​សម្រាក​មួយ​ស្របក់​សិន ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​សោកសៅ ឬ​តានតឹង​ខ្លាំង ចូរ​សុំ​សម្រាក ។ សូម​ដកដង្ហើម​យឺតៗ វែងៗ​ឲ្យ​បាន​ច្រើនដង ពត់ខ្លួន និង​សម្រាក ។ នៅ​ពេលរាងកាយ និង​គំនិត​របស់​អ្នក​ស្ងប់ស្ងាត់​វិញ នោះ​អ្នក​នឹង​គិត​ឃើញ​កាន់​តែ​ច្បាស់ ។ សូម​ដើរ ឬ​បរិភោគ​អាហារ ឬ​ផឹក​ទឹក ។ ឬ​គ្រាន់តែ​អង្គុយ​ចុះ ហើយ​នៅ​ស្ងៀម​ពីរបី​នាទី​ក៏បាន​ដែរ ។ ការរៀបរាប់​ពី​អ្វី​ដែល​អ្នកមាន​អារម្មណ៍ ( ឧទាហរណ៍ ខ្ញុំ​មាន​អារម្មណ៍​ស្មុគស្មាញ ឬ​ត្រូវ​គេ​បដិសេធ ) ក៏​អាច​ជួយ​ឲ្យ​ខួរក្បាល​របស់​អ្នកឲ្យ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​នោះ​បាន​ដែរ ។

  • សូម​មាន​ចិត្ត​ល្អ​ចំពោះ​ខ្លួន​ឯង ។ សូម​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ជាមួយ​នឹង​ពាក្យ​លួងលោម​ល្អៗ​ដែល​អ្នក​នឹង​ប្រើ​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត ។ ពេលខ្លះ មនុស្ស​គ្រប់​គ្នា​ធុញថប់ ឬ​ធ្វើ​ខុស ។ សូម​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​យល់ ។ សូម​គិត​ស្រមៃ​ថា​ទ្រង់​កំពុង​គង់​នៅ​ក្បែរ​អ្នក ស្តាប់ និង​ផ្តល់​ការ​គាំទ្រ​ដល់​អ្នក ។ សូម​ចងចាំ​ថា គំនិត​នៃ​ភាព​គ្មាន​ប្រយោជន៍ ភាព​អស់សង្ឃឹម ឬ​ការ​កាត់​ទោសយ៉ាង​ឃោរឃៅ គឺមិន​មែន​មក​ពីព្រះអម្ចាស់​ឡើយ ។

  • សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការដឹងគុណ​សាជាថ្មី ។ សូម​សម្គាល់​ពី​អ្វី​ដែល​នៅ​ជុំវិញ​អ្នក ។ សូម​ផ្ដោតលើ​អ្វី​ដែល​ត្រឹមត្រូវ ល្អ ហើយ​វិជ្ជមាន​ពី​ខ្លួន​ឯង និង​ពិភពលោក​នេះ ។ សូម​ធ្វើ​ការ​អធិស្ឋាន​ថ្លែង​អំណរគុណ​សម្រាប់​រឿង​ជាក់លាក់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ប្រាំ ។ សូម​ប្រាប់​ខ្លួន​អ្នក​ថា « ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ។ ខ្ញុំ​ត្រូវ​បាន​ហៅ​ដោយ​ទ្រង់​ឲ្យ​ប្រកាស​ព្រះ​បន្ទូល​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​ប្រជាជន​ទ្រង់ » ( នីហ្វៃទី៣ ៥:១៣) ។

  • សូម​ធ្វើ​មួយ​ជំហាន​ម្ដងៗ ។ សូម​ស្វែងយល់​ពី​បញ្ហា​ភ្លាមៗ ហើយ​ដោះស្រាយ​បញ្ហា​ម្តងមួយៗ ។ សូម​រំឭក​ខ្លួន​ឯង​ថា « អ្វី​ទាំងអស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺ  » ។

  • សូម​ជួយ​ដល់​មនុស្ស​ផ្សេងទៀត ។ សូម​ផ្ដោត​លើ​កម្លាំង​របស់​អ្នក​ឡើងវិញ ដោយ​ការ​បម្រើ​ដល់​មនុស្ស​ផ្សេង​ទៀត ។ ញញឹម​ដាក់​មនុស្ស​ទូទៅ ជួយ​ពួកគេ ហើយ​ផ្ដល់​ការ​បម្រើ ។ សូម​ចាប់​ផ្តើម​ការសន្ទនា​ជាមួយ​នរណា​ម្នាក់ ដើម្បី​នាំ​គំនិត​របស់​អ្នក​មក​ពេលបច្ចុប្បន្ន​វិញ ។

  • សូម​តតាំង​នឹង​ការ​គិត​អវិជ្ជមាន ។ ឥឡូវ​នេះ ឬ​មុន​ពេល​ចូល​ដំណេក​នៅយប់នេះ សូម​សរសេរ​រៀបរាប់​គំនិត​អវិជ្ជមាន​ទាំងឡាយ​ដែល​មាន​ក្នុង​ថ្ងៃនេះ​ដាក់​លើក្រដាស ។ បន្ទាប់មក សូម​សរសេរ​វា​ឡើង​វិញ​ដើម្បី​ឲ្យ​កាន់តែ​មាន​ក្ដីសង្ឃឹម ស្មោះត្រង់ និង​មាន​ការ​លើកទឹកចិត្ត ( សូម​មើល​ឧទាហរណ៍​ខាងក្រោម ) ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​និយាយ​គ្នា

គ. ការជួយ​មនុស្ស​ដទៃ​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង

  • សូម​កត់សម្គាល់​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​ស្មុគស្មាញ ។ សូម​បង្ហាញ​ថា អ្នក​យល់​ចិត្ត​ពួកគេ ។ សូម​ស្ម័គ្រចិត្ត​ជួយ ។ ចំណាយ​ពេល​ស្តាប់​ពី​ទុក្ខ​ព្រួយ​របស់​ពួកគេ ។ ផ្តល់​យោបល់​ថា ពួកគេ​គួរ​សុំ​សម្រាក​រយៈ​ពេល​ខ្លី ។

  • សូម​គិត​អំពី​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​អ្នក ។ យើង​បាន​សន្យា​ថា « ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល … ទួញយំ​ជាមួយ​នឹងអ្នក​ណា​ដែល​ទួញ​យំ មែនហើយ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវ​កម្សាន្ត​ទុក្ខ ហើយ​ឈរ​ជា​សាក្សីដល់​ព្រះ​នៅ​គ្រប់ពេល​និង​គ្រប់​សេចក្តី » ( ម៉ូសាយ ១៨:៨–៩ ) ។ សូម​អនុវត្ត​សេចក្ដី​សញ្ញា​នេះ​តាមរយៈ (១) ការចែក​រំលែក​បន្ទុក​របស់​អ្នក​ដទៃ (២) ការបង្ហាញ​នូវការ​យល់​ចិត្ត និង​ការលួងលោម និង (៣) ការថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

  • សូម​សួរ​ពីរបី​សំណួរ ប៉ុន្តែ​សូម​កុំ​បង្ខំ​បុគ្គល​នោះ​ឲ្យ​និយាយ​ឡើយ ។ ព្យាយាម​និយាយថា « អ្នក​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​ទេ ។ តើ​មាន​អ្វី​កើតឡើង ? » ឬ « តើ​អ្នក​ចង់​ប្រាប់ខ្ញុំ​ពីរឿង​នោះ​ដែរ​ឬ​ទេ ? » មតិ​យោបល់​ល្អៗ​ផ្សេងទៀត​អាច​រួមមាន ៖

    • « ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វីទេ​ក្នុង​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​អ្នក​ប្រាប់​ខ្ញុំ » ។

    • « សូម​ប្រាប់​ខ្ញុំ​អំពី​អ្វី​ដែល​អ្នក​កំពុង​គិត​ក្នុង​ពេល​នេះ » ។

    • « ខ្ញុំ​បារម្ភ​ពី​អ្នក » ។

    • « ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ជួយ​អ្នក » ។

    • « វា​មិន​អី​ទេ​ក្នុង​ការ​មាន​អារម្មណ៍​បែប​នេះ ។ អ្នក​មិន​ខុស​ទេ » ។

  • សូម​រំឭក​អ្នក​ផ្សេង​ទៀត​ពី​អ្វី​ដែល​គាត់ ឬ​នាង​ធ្វើ​បាន​ល្អ ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ថា « ខ្ញុំ​ពិត​ជា​កោត​សរសើរ​ចំពោះ​សេចក្តីសុចរិត និង​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការ​បម្រើ​ព្រះ​ណាស់ » ។

  • សូម​ស្ដាប់​ដើម្បី​យល់ ហើយ​ផ្ដល់​ការ​គ្រាំទ្រ និងការ​លើក​ទឹកចិត្ត ។ លុះត្រាតែ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា​គេ​យល់ចិត្ត​គាត់​ជា​មុនសិន បើ​មិន​ចឹង​ទេ​ការ​ផ្ដល់​ពាក្យ​ទូន្មាន និង​ការ​ណែនាំ​ពី​ដំណោះស្រាយ​នានា ជារឿយៗ​នឹង​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ សូម​សួរ​សំណួរ ហើយ​ជួយ​បុគ្គល​នោះ​ឲ្យ​ស្វែង​រក​ចម្លើយ​ផ្ទាល់ខ្លួន​របស់​គាត់ ឬ​នាង ។ អ្នក​មិន​គួរ​ដើរ​តួនាទី​ជា​អ្នក​ផ្តល់​ប្រឹក្សា​ដល់​អ្នក​ដទៃ​ឡើយ ។ ប៉ុន្តែ​អ្នក​អាច​ធ្វើជា​អ្នក​ស្តាប់​ដែល​ចេះ​យល់ចិត្ត ដែល​ជួយ និង​គាំទ្រ​ពួកគេ ។

  • ថ្លែង​ទីបន្ទាល់​របស់​អ្នក ។ សូម​ចែកចាយ​ជំនឿ​របស់​អ្នក​ពី​សេចក្ដី​ស្រឡាញ់ និង​ព្រះឆន្ទៈ​របស់​ព្រះ​ដើម្បី​ជួយ ។

  • សូម​ឈ្លាសវៃ នៅ​ពេល​អ្នក​ធ្វើការ​បម្រើ​ដល់​មនុស្ស​ដទៃ​ទៀត ។ ការហៅ​របស់​អ្នក​គឺជា​ការហៅ​មួយ​ដ៏​បរិសុទ្ធ ។ ត្រូវ​មាន​ទំនុក​ចិត្ត និង​ចេះ​រក្សា​ការសម្ងាត់ ។

    រូបភាព
    ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​ធ្វើការ​ជាមួយគ្នា
  • សូម​ផ្ដោត​លើ​អ្វី​ដែលត្រូវ​សម្រេចចិត្ត​នៅ​ពេល​ឥឡូវ​នេះ ។ សូម​ជួយ​បុគ្គល​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង ឲ្យ​ចៀស​ចេញ​ពី​បញ្ហា​ធំៗ ហើយ​ផ្តោត​លើ​ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​ធ្វើ​ភ្លាមៗ ។ សូម​ស្ម័គ្រ​ចិត្ត​ជួយ​ពួកគេ ។ លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​រក​បញ្ហា​ដែល​ធំ​ជាង​នោះ​វិញ នៅពេល​អ្វីៗ​បាន​ស្ងប់ស្ងាត់ ។ បន្ទាប់មក សូម​ជួយ​ពួកគេ​ឲ្យ​រក​មើល​ដំណោះ​ស្រាយ ។ សូម​រំព្ញក​ពួកគេ​ថា ព្រះអម្ចាស់​អាច​ជួយ​រក​ដំណោះ​ស្រាយ​ជា​បន្ត​បន្ទាប់​បាន ។ យើង​គួរ​តែ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ហើយ​ទុក​បញ្ហា​នោះ​ទៅលើ​ទ្រង់ ។

ឃ. ការដោះស្រាយ​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន

អ្នក​គឺជា​មនុស្ស​ពិសេស​ដែល​មាន​ភាពខ្លាំង និង​ភាព​ទាន់ខ្សោយ​ដ៏​ពិសេស ។ ប្រសិន​បើអ្នក​មាន​ការប្រឈម​ផ្ទាល់ខ្លួន​ដែល​អ្នក​ចង់​ដោះស្រាយ សូម​សរសេរ​វា​ចុះ​នៅ​ទីនេះ ៖

សូម​ធ្វើ​បញ្ជី​មួយ​អំពី​ការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​រៀន​រួច​មក​ហើយ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​វា​បាន ៖

សូម​ធ្វើ​បញ្ជី​អំពី​រឿង​ថ្មីៗ​ដើម្បី​សាកល្បង​ផងដែរ ។ អ្នក​ក៏អាច​រៀន​ពីមនុស្ស​ជុំវិញ​អ្នក អ្នកមាន​វិជ្ជាជីវៈ ឬ​ការ​ស្រាវ​ជ្រាវ​ផ្ទាល់ខ្លួន​ផងដែរ ។ សូម​គិត​អំពី​វិធី​សាស្រ្ត​ដែល​អាច​ជួយ​បាន​ដល់​ផ្នែក​ខាង​សាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា ឬ​ខាង​វិញ្ញាណ ។ សូម​ចង​ចាំថា អ្នក​នឹង​រៀន​អនុវត្ត​តាម​វិធីសាស្រ្ត​ថ្មី​មួយ​រយៈពេល​បីបួន​សប្តាហ៍ ។ បន្ទាប់​មក អ្នក​នឹង​ដឹង​ថាតើ​វាដំណើរ​ការ​ល្អ​យ៉ាងណា​ដែរ ។

សូម​រៀន​ពន្យល់​ពី​បញ្ហា​របស់​អ្នក​ប្រាប់​ទៅ​អ្នកដទៃ ហើយ​សុំ​ជំនួយ​ដើម្បី​គ្រប់​គ្រង​បញ្ហា​នោះ ។ សូម​អនុវត្ត​ជាមួយ​ឪពុកម្ដាយ ឬ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ។

បោះពុម្ព