អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
៤. ការអភិវឌ្ឍ​ភាពធន់​ខាង​សង្គម


« ៤. ការអភិវឌ្ឍ​ភាពធន់​ខាង​សង្គម » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូន​សៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ៤. ការអភិវឌ្ឍ​ភាពធន់​ខាង​សង្គម » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

អ្នក​ផ្សព្វផ្សាយ​សាសនា​ពាក់​អាវកាក់​ដៃជំនួយ

៤. ការអភិវឌ្ឍ​ភាពធន់​ខាង​សង្គម

ទំនាក់ទំនង​អាច​ទាំងជា​ប្រភព​នៃ​ភាពតានតឹង ហើយ​ក៏ជា​ធនធាន​សម្រាប់​តស៊ូ​នឹង​ភាពតាន​តឹង​ផងដែរ ។ ការស្រាវ​ជ្រាវ​បង្ហាញ​ថា ទំនាក់​ទំនង​ដែល​ល្អ​គឺមាន​អត្ថប្រយោជន៍​ពេញមួយ​ជីវិត ។ ទំនាក់​ទំនង​បែបនេះ​បាន​ផ្សារភ្ជាប់​ទៅនឹង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ ។ នៅ​ពេល​យើងមាន​ភាព​តាន​តឹង​ខ្លាំង ទំនាក់ទំនងនានា​អាច​ទទួល​រង​ទុក្ខ ។ សូម​ពិចារណា​អំពី​មតិ​យោបល់​ដូច​ខាង​ក្រោម​សម្រាប់​ការស្ថាបនា​ទំនាក់ទំនង​ល្អ​នានា ។ សូម​យោង​ទៅ​វគ្គ « ១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតានតឹង » សម្រាប់​យោបល់​បន្ថែម​ទៀត​ផងដែរ ។

ក. ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ

  • ស្វែងរក និង​ប្រើ​ភាព​ខ្លាំង​របស់​អ្នក​នៅពេល​អ្នកបម្រើ ។ អ្នក​មាន​ភាព​ខ្លាំង ដែល​អាច​ជួយ​អ្នក​ឲ្យ​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏មាន​ប្រសិទ្ធភាព​មួយ​រូប ។ សូម​ស្វែង​រកការ​បំផុស​គំនិត ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ភាពខ្លាំង​របស់​អ្នក ។ ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​ប្រើ​ភាពខ្លាំង​ទាំងនេះ​ក្នុង​ការបម្រើ​របស់​អ្នក​ដល់​ទ្រង់ ។ ឧទាហរណ៍ មនុស្ស​មួយ​ចំនួន​រក​ឃើញ​ថា ការនិយាយ​ជា​មួយ​អ្នកដទៃ​ធ្វើ​ឲ្យ​មាន​កម្លាំង​ឋាមពល ។ មនុស្សមួយ​ចំនួន​ទៀត​យល់​ថា វា​គួរឲ្យ​ធុញទ្រាន់​ទៅវិញ ។ ទោះ​ជាយ៉ាងណា មនុស្ស​ទាំងពីរ​ប្រភេទ​នេះ​អាច​ក្លាយ​ជា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព ។ ប្រសិនបើ​ការនិយាយ​ជាមួយ​មនុស្ស​ថ្មី​ធ្វើឲ្យ​អ្នក​អស់​កម្លាំង សូម​ធ្វើ​សន្សឹមៗ ។ ចូរ​ធ្វើ​ជាមិត្ត​ល្អ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្គាល់​ច្បាស់ ។ ចំណុច​ខ្លាំង​របស់អ្នក​អាចជា​គំនិត​ច្នៃប្រឌិត​របស់អ្នក ការយល់​ដឹង​របស់អ្នក​អំពី​មនុស្ស ឬ​សមត្ថភាព​របស់​អ្នក​ក្នុង​ដាក់​ផែនការ ។

  • ចូរ​ចង់ដឹង​ឮ​ពី​មនុស្ស​ដទៃ ។ រៀន​អំពី​សំណួរ​ដែលអ្នក​អាច​ប្រើ​ដើម្បី​លើក​ទឹកចិត្ត​មនុស្ស​ផ្សេង​ទៀត​ឲ្យ​និយាយ ។ សួរនាំ​មនុស្ស​ទូទៅ​ពី​ការងារ ចំណង់​ចំណូល​ចិត្ត គ្រួសារ ឬ​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សួរ​អំពី​អ្វី​ដែល​មាន​សារៈសំខាន់​បំផុត​ចំពោះ​ពួកគេ អ្វី​ដែល​ពួកគេ​ចង់បាន ឬ​ព្រួយបារម្ភ ។ ស្ដាប់រក​ឱកាស​ដើម្បី​ថ្លែងទីបន្ទាល់​ពីគោលការណ៍​នៃ​ដំណឹងល្អ​ដែល​នឹង​ទាក់ទង​ជាមួយ​ពួកគេ ។ ព្យាយាម​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​អ្នក​ដទៃ ។ នេះគឺជា​ផ្នែក​មួយ​នៃ​អត្ថន័យ​នៃ​ការស្រឡាញ់​អ្នកជិតខាង​របស់យើង ។ ចូរ​មាន​ឆន្ទៈ​ក្នុងការឆ្លើយ​សំណួរ​របស់​ពួកគេ​អំពី​ខ្លួន​អ្នក​ផងដែរ ។

  • ដាក់គោលដៅ​មួយ​ដើម្បី​ស្គាល់​មនុស្ស​ថ្មី​ឲ្យ​បាន​ម្នាក់​ជារៀង​រាល់ថ្ងៃ ។ ហៅ​ឈ្មោះ​របស់​បុគ្គល​នោះ​នៅនាទី​ដំបូង បន្ទាប់ពី​អ្នក​ជួប​គាត់ ឬ​នាង ។ ហៅ​ឈ្មោះ​នោះ​ម្ដងទៀត នៅពេល​អ្នក​បញ្ចប់​ការសន្ទនា​នោះ ។ កត់​ឈ្មោះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ ។

  • ផ្ដោត​លើ​ការជួយ​ដល់​អ្នក​ដទៃ ។ បង្វែរ​ការ​យក​ចិត្ត​ទុកដាក់​របស់អ្នក​ទៅ​លើ​តម្រូវការ​របស់អ្នក​ដទៃ ។ នៅពេល​អ្នកធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​មិនសូវ​គិត​ពីតម្រូវ​ការ និង​ភាព​មិនគ្រប់​គ្រាន់​របស់​ខ្លួន​ឯងទេ ( សូម​មើល ម៉ូសាយ ២:១៧ ) ។

  • សូម​សុំ​ជំនួយ​ដើម្បី​ស្វែងយល់​ពី​អ្នកដទៃ ។ មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​យល់​ពីមនុស្ស​ដទៃ​ដោយ​គ្រាន់​តែ​មើល​ទឹកមុខ ឬ​កាយវិការ​របស់​ពួកគេ​នោះទេ ។ ប្រសិន​បើ​អ្នក​ពិបាក​ក្នុង​ការកត់​សម្គាល់​អំពី​អារម្មណ៍​របស់​អ្នកដទៃ ចូរ​សុំ​ជំនួយ​ពីនរណា​ម្នាក់ ។

    បុរស​ម្នាក់ និង​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​ចាប់ដៃ​គ្នា
  • សូម​ផ្ដល់​ទំនុកចិត្ត​ដល់​ខ្លួនឯង ទោះ​ជា​អ្នក​ពុំ​មាន​អារម្មណ៍​បែប​នោះ​ក្ដី ។ នៅពេល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី កំពុង​បម្រើ​បេសកកម្ម នោះ​ឪពុក​របស់​លោក​បាន​ប្រាប់​លោក​ថា « បំភ្លេច​ខ្លួនឯង ហើយ​ចេញ​ទៅ​បម្រើ » ( នៅក្នុង « Taking the Gospel to Britain » Ensign ខែ កក្កដា ឆ្នាំ ១៩៨៧ ទំព័រ ៧ ) ។ ដំបូន្មាន​នេះ​មាន​សារៈប្រយោជន៍​ចំពោះ​ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​ទាំងអស់ ។ សូម​ព្យាយាម​បំភ្លេច​ការភ័យ​ខ្លាច​របស់អ្នក​ទាក់ទង​នឹង​សុខទុក្ខ​ផ្ទាល់ខ្លួន​របស់​អ្នក ។ ផ្ទុយទៅវិញ សូម​ផ្តោត​យក​ចិត្ត​ទុកដាក់​លើ​ការហៅ​របស់អ្នក​ដើម្បី​បម្រើ​ដល់​អ្នកដទៃ ។

ខ. ចៀសវាង​ពី​ការមាន​អារម្មណ៍​ឯកោ ឬ​កណ្ដោច​កណ្ដែង

  • សួរ​សំណួរ​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​មនុស្ស​ដទៃ ។ សួរ​អ្នក​ដទៃ​អំពី​បទពិសោធន៍ និង​អារម្មណ៍​របស់​ពួកគេ ដើម្បី​អ្នក​អាច​យល់​ពី​ពួកគេ​បាន​កាន់​តែ​ច្បាស់ ។ នៅពេល​អ្នក​យល់​ពី​អ្នក​ដទៃ នោះ​អ្នក​នឹង​មិន​សូវ​មាន​អារម្មណ៍​ឯកោ​ទេ ។

  • សូម​ចែកចាយ​បន្ថែម​ទៀត ។ សូម​ចែកចាយ​គំនិត និង​អារម្មណ៍​របស់អ្នក​ជាមួយអ្នក​ដទៃ ។ យើង​មាន​អារម្មណ៍​ឯកោ នៅពេល​ដែល​យើង​មាន​អារម្មណ៍​ថា​អ្នក​ដទៃ​មិន​ស្គាល់​យើង និង​មិន​ឲ្យ​តម្លៃ​យើង ។

  • សូម​ឲ្យ​និយមន័យ​ពាក្យ « ឯកោ » ថា​វា​មានន័យ​យ៉ាងណា​ចំពោះ​អ្នក ។ ព្យាយាម​សម្គាល់​អារម្មណ៍ គំនិត និង​អាកប្ប​កិរិយា​បែបណា​ដែលធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឯកោ ។ បន្ទាប់​មក សូម​ព្យាយាម​រំដោះ​ខ្លួន​ចេញពី​អ្វី​ទាំងនេះ ។

  • និយាយ​ជាមួយ​មជ្ឈិមវ័យ​ដែល​បារម្ភ​ពី​អ្នក ។ អនុញ្ញាត​ឲ្យ​មជ្ឈិមវ័យ​ទាំងនេះ​ដឹងថា អ្នក​មាន​អារម្មណ៍​បែបណា ។ ពួកគេ​អាចមាន​យោបល់​អំពីអ្វី​ដែលអ្នក​អាច​ធ្វើ​បាន ដើម្បី​ចៀសវាង​ពី​អារម្មណ៍​ឯកោ ។

    អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុងប្រើ​ប្រដាប់​រុញ និង​លើក​របស់​ធ្ងន់

គ. ការគ្រប់គ្រង​ជម្លោះ ឬ​ការរិះគន់

  • ពន្យល់​ដោយ​ការ​គោរព​ពី​អ្វី​ដែល​រំខាន​ដល់​អ្នក ។ ប្រសិនបើ​អាកប្ប​កិរិយា​របស់​នរណាម្នាក់​រំខានអ្នក ចូរ​និយាយ​ជាមួយ​បុគ្គល​នោះ​ដោយ​ការគោរព ។ ពន្យល់​ពីអ្វី​ដែល​អ្នកចង់​ឲ្យ​ផ្លាស់ប្តូរ ប៉ុន្តែ​កុំរិះគន់​អាកប្ប​កិរិយា​របស់​អ្នកដទៃ​ឡើយ ។ ប្រសិនបើ​អ្នក​រិះគន់ ឬ​ខឹង​ច្រើន នោះ​អ្នកដទៃ​អាច​ទៅជា​ដោះសារ​យក​រួចខ្លួន និង​មិនសូវ​សហការ​ទៅវិញ ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ថា « ខ្ញុំ​ពិត​ជា​មិន​ចូលចិត្ត​ឲ្យ​មាន​សម្រាម​នៅក្នុង​បន្ទប់​សម្រាក​ទេ ។ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ចូល​ចិត្ត​សម្អាត​វា​ទាំង​អស់​តែ​ឯង​ដែរ ។ ខ្ញុំ​ចង់​ដឹង​ថា តើ​យើង​អាច​ដាស់តឿន​មនុស្ស​គ្រប់​គ្នា​ឲ្យ​ចេះ​សម្អាត​សម្រាម​របស់​ពួកគេ​ដោយ​របៀប​ណា » ។ ឬ « ខ្ញុំ​បារម្ភ​ថា អ្នក​ខឹង​នឹង​ខ្ញុំ នៅ​ពេល​អ្នកស្ងៀម​ស្ងាត់​ពេក ។ តើ​អ្នក​អាច​ប្រាប់ខ្ញុំ​ពី​អ្វី​ដែល​អ្នក​កំពុង​គិត​បាន​ទេ ? »

  • សួរ​រក​មតិ​កែលម្អ ។ សួរ​យោបល់​អ្នក​ផ្សេងទៀត​អំពី​របៀប​ដែលអ្នក​អាច​យកឈ្នះ​លើ​ភាព​ទន់ខ្សោយ​របស់អ្នក ។ ហើយ​ក៏​ទូលសូម​ព្រះអម្ចាស់​ឲ្យ​ជួយ​អ្នក​យល់​ពី​ភាព​ទន់ខ្សោយ​របស់​អ្នក​ផង​ដែរ ( សូម​មើល អេធើរ ១២:២៧ ) ។

  • ចូរ​មាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។ នៅពេល​គិត​អំពី​អ្នកដទៃ សូម​ចៀសវាង​ពី​ការ​វិនិច្ឆ័យ​អវិជ្ជមាន​អំពី​ពួកគេ ឬ​ដាក់​ស្លាក​អវិជ្ជមាន​ឲ្យ​ពួកគេ ។ កុំ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ល្អ​ដោយ​ការ​ចាប់​កំហុស​អ្នក​ដទៃ​ឡើយ ។

  • សូម​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា មិន​មែន​លើ​មនុស្ស​ទេ ។ នៅពេល​នរណា​ម្នាក់​ធ្វើ​អ្វី​ដែល​រំខាន​ដល់​អ្នក សូម​កំណត់​ពី​បញ្ហា​រំខាន​នោះ ហើយ​ដោះស្រាយ​ដើម​កំណើត​បញ្ហា​នោះ មិនមែន​ទៅ​រិះគន់​បុគ្គល​នោះ ឬ​ព្យាយាម​កែតម្រូវ​ពួកគេ​នោះទេ ។ នៅពេល​អ្នក​កំពុង​និយាយ​ទៅកាន់​នរណា​ម្នាក់ សូម​ព្យាយាម​រក្សា​សម្ដី​ទន់ភ្លន់ មិន​ខឹង​សម្បារ ឬ​កុំ​ធ្វើ​ខ្លួន​គួរ​ឲ្យ​កំសត់​ពេក​ឡើយ ( សូម​មើល អេភេសូរ ៤:២៩–៣២ ) ។

  • កុំ​ងាយ​អាក់អន់​ចិត្ត ។ ទទួលយក​មតិយោបល់​ពីអ្នក​ដទៃ​ដោយ​ភាពទន់ភ្លន់ និង​កំប្លែង ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក ។ សូម​ធ្វើ​បែប​នេះ សូម្បី​តែ​ជាមួយ​មនុស្ស​ដែល​គ្មាន​សុជីវធម៌​ក្ដី ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា មាន​នរណា​ម្នាក់​កំពុង​រិះគន់​អ្នក សូម​និយាយថា « អរគុណ​សម្រាប់​មតិ​កែលម្អ ។ ខ្ញុំ​នឹង​សិក្សា​ពីវា » ។

  • សរសើរ និង​បម្រើ​អ្នក​ដទៃ​ឲ្យ​បាន​ញឹកញាប់ ។ អរគុណ​អ្នក​ដទៃ​ចំពោះ​អ្វី​ដែលអ្នក​ពេញចិត្ត ហើយ​ចង្អុល​ប្រាប់​ពីអ្វី​ដែលពួក​គេ​ធ្វើបាន​ល្អ ។ រកមើល​វិធី​បន្តិច​បន្តួច​ដើម្បី​បម្រើ និង​ជួយ​ដល់​អ្នកដទៃ​ជារៀង​រាល់ថ្ងៃ ។

  • អធិស្ឋាន​ទូលសូម​អំណោយទាន​នៃ​សេចក្តី​សប្បុរស ។ សូម​ធ្វើ​ដូច្នោះ « ដោយអស់​ពី​កម្លាំងចិត្ត » ( មរ៉ូណៃ ៧:៤៨ ) ។ ទូលសូម​ឲ្យ​ភ្នែក​អ្នក​មើល​ឃើញ​មនុស្ស​ដទៃ​ដូចជា​ព្រះ​ទត​ឃើញ​ពួកគេ​ដែរ ។ រួមបញ្ចូល​បុគ្គល​ដែល​បដិសេធ​អ្នក និង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​នៅក្នុង​ការអធិស្ឋាន​របស់​អ្នក ( សូម​មើល នីហ្វៃ​ទី៣ ១២:៤៤ ) ។

អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​និយាយ​ជាមួយ​អ្នកដឹកនាំ​សាសនាចក្រ

ឃ. ការចុះ​សម្រុង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ

  • សូម​មាន​ចិត្ត​រាបសា ។ ការបន្ទាបខ្លួន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការបង្រៀន និង​ឆន្ទៈ​ក្នុងការ​កែលម្អ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១១២:១០ ) ។ សូម​ការណែនាំ​ពី​ថ្នាក់​ដឹកនាំ​របស់​អ្នក​ពី​របៀប​ដែល​អ្នកអាច​កែលម្អ​ឲ្យបាន​ល្អ​ប្រសើរ​ឡើង ។ មាន​ឆន្ទៈ​ទទួល​យក​ដំបូន្មាន​ពីពួកគាត់ ហើយ​ឲ្យ​ធ្វើ​ឲ្យ​ពួកគាត់​ដឹង​ថា ពួកគាត់​អាច​ទុកចិត្ត​អ្នក​បាន ។ សូម​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​របស់​អ្នក​សម្រាប់​ការបម្រើ​របស់​ពួកគាត់ ទាំង​ជា​ពាក្យ​សម្ដី និង​ជា​សំណេរ ។

  • សូម​ព្យាយាម​ធ្វើ​ជា​អ្នក​ដើរ​តាម​ដ៏​ល្អ ។ មនុស្ស​មួយ​ចំនួន​មិនទុក​ចិត្ត​បុគ្គល​ដែល​មាន​សិទ្ធិ​អំណាច ឬ​ពិបាក​ទទួល​យក​សេចក្តី​ណែនាំ ។ ប្រហែល​ពួកគេ​ធ្លាប់​ធ្វើ​ការសម្រេចចិត្ត​ខ្លួនឯង ។ អ្នកផ្សេង​ទៀត​អាច​មាន​អារម្មណ៍​ថា​ប្រកួត​ប្រជែង​ជាមួយ​មិត្តរួម​ការងារ ។ សូម​ឲ្យ​ថ្នាក់ដឹកនាំ​របស់​អ្នក​ដឹង​ថា តើ​អ្នក​ប្រឈម​បញ្ហា​ទាំងនេះ​ដែរ​ឬអត់ ។ អធិស្ឋាន​ទូលសូម​ការបន្ទាបខ្លួន​ដើម្បី​ធ្វើ​ជា​អ្នក​ដើរ​តាម​ដ៏​ល្អ​ម្នាក់ ។

  • អធិស្ឋាន​សម្រាប់​ថ្នាក់​ដឹកនាំ​របស់​អ្នក​ទាំងអស់ ។ អធិស្ឋាន​សម្រាប់​ថ្នាក់​ដឹកនាំ​របស់អ្នក ជាពិសេស​សម្រាប់​ថ្នាក់​ដឹកនាំ​ដែល​អ្នកមាន​អារម្មណ៍​មិនល្អ​ចំពោះ​ពួកគាត់ ។

  • សូម​ដឹង​ថា ថ្នាក់​ដឹកនាំ​ក៏ជា​មនុស្សធម្មតា​ដែរ ។ ពេល​ខ្លះ​យើង​គិត​ថា ថ្នាក់​ដឹក​នាំ​គួរ​តែ​ជាមនុស្ស​ល្អ​ជាង​អ្នក​ដទៃ​ទៀត ។ បើ​ដូច្នេះ​មែន យើង​អាច​នឹង​ខក​ចិត្ត ហើយ​ក្លាយ​ជា​មនុស្ស​មាន​គំនិត​រិះគន់ ពេល​គេ​ធ្វើ​ខុស ។ ថ្នាក់​ដឹកនាំ​អាច​នឹង​មិន​មាន​ភាព​អត់ធ្មត់ បង្ហាញ​ការវិនិច្ឆ័យ​មិន​ត្រឹម​ត្រូវ និង​យល់ខុស​ចំពោះ​យើង ។ ប្រសិន​បើ​អ្នក​ឃើញ​ភាពមិន​ល្អឥតខ្ចោះ ចូរ​រកមើល​បុគ្គ​លិក​លក្ខណៈ​វិជ្ជមាន​ផងដែរ ( សូម​មើល មរមន ៩:៣១ ) ។

  • រៀនពី​ភាពខ្លាំង​របស់​ថ្នាក់​ដឹកនាំ​អ្នក ។ សូម​ធ្វើ​បញ្ជី​អំពី​គុណសម្បត្តិ​ដែល​ថ្នាក់​ដឹកនាំ​របស់​អ្នកមាន ដែល​អ្នក​ចង់​យក​គំរូ​តាម នៅពេល​ដែល​អ្នក​ធ្វើ​ជា​អ្នកដឹកនាំ​នា​ពេល​អនាគត ។

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​ជួយ​សមាជិក​នៅ​ក្នុង​ឃ្លាំង​របស់​ប៊ីស្សប

ង. ការជួយ​អ្នកដទៃ​ឲ្យ​យល់​អំពី​ការចាត់តាំង​បេសកកម្ម​របស់​អ្នក

  • សូម​ពន្យល់​ពី​អត្ថន័យ​នៃ​បេសកកម្ម​ផ្នែក​សេវាកម្ម ។ សមាជិក​សាសនាចក្រ​មួយ​ចំនួន​ប្រហែល​ជា​មិន​យល់​អំពី​អត្ថន័យ​នៃ​បេសកកម្ម​ផ្នែក​សេវាកម្ម​នោះ​ទេ ។ អ្នក​អាច​និយាយ​ថា « ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​បម្រើ​នៅ​ក្នុង​សាសនាចក្រ ឬ​បម្រើ​ក្នុង​សហគមន៍​រហូតដល់ ៤០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ។ ពួកគេ​មាន​ច្បាប់​បេសកកម្ម និង​គោលការណ៍​ណែនាំ​ខុស​ពី​ច្បាប់​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​ផ្សព្វផ្សាយ ។ ឧទាហរណ៍ ខ្ញុំនឹង​រស់នៅ​ក្នុង​ផ្ទះ​ខ្លួនឯង ។ ខ្ញុំ​នឹង​បម្រើ​នៅ ចំនួន ម៉ោង​ក្នុង​មួយ​ប្តាហ៏ ។ ខ្ញុំ​អាច​ចូលរួម​ក្នុង​វួដ​យុវមជ្ឈិមវ័យ​នៅលីវ និង​សកម្មភាព​ទាំងឡាយ​ក្នុង​វួដ​បាន បើ​ខ្ញុំ​មាន​ពេល​ទំនេរ » ។

  • សូម​ពន្យល់​ថា អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នកតំណាង​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។ ការហៅ​នេះ​គឺ​ដូច​ជាការហៅ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់រូប​ដែរ ហើយ​មិន​ផ្លាស់ប្តូរ​ទេ នៅពេល​ដែល​ការចាត់តាំង​ផ្លាស់ប្តូរ​នោះ ។ ប៉ុន្តែ​ការចាត់តាំង ចំនួន​ម៉ោង ឬ​ពេលវេលា​បម្រើ​របស់​អ្នក​អាច​ផ្លាស់​ប្តូរ​បាន ។ ឧទាហរណ៍ អ្នក​ប្រហែល​ជាត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​បេសកកម្ម​ផ្នែក​សេវាកម្ម​ឡើងវិញ ដោយសារ​តែ​បញ្ហាសុខ​ភាព ។ អ្នក​អាច​និយាយថា « ខ្ញុំ​នៅតែ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដដែល ។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​ចាត់​តាំង​ឡើង​វិញ​ឲ្យ​ទៅ​បេសកកម្ម​ថ្មី ដែល​ឥឡូវនេះ​ខ្ញុំ​នឹង​ផ្តោត​លើ​ការ​ងារបម្រើ​របស់​ខ្ញុំ » ។

  • សូម​អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​ដឹង​ពីអ្វី​ដែលអ្នក​ចង់​បាន និង​ត្រូវការ ។ អ្នក​ប្រហែល​ជា​ទើប​តែ​ចាប់ផ្តើម​បេសកកម្ម​ផ្នែក​សេវា​កម្ម​របស់​អ្នក ។ អ្នក​អាច​អញ្ជើញ​សមាជិក​វួដ​ឲ្យ​រៀន​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​បាន ។ ស្នើ​សុំ​ឲ្យ​ពួកគេ​ជួយ​គាំទ្រ ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ចាត់តាំង​ឡើង​វិញ អ្នក​អាច​នឹង​ស្នើសុំ​ពេល​ពីរ​បី​នាទី​នៅក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ ឬ​ក្នុង​ការប្រជុំ​កូរ៉ុម​អែលឌើរ​បាន ។ សូម​ពន្យល់​ទៅ​សមាជិក​អំពី​ការ​ផ្លាស់​ប្តូរ​ការចាត់​តាំង​របស់​អ្នក ហើយ​ស្នើសុំ​ពួកគាត់​ឲ្យ​ជួយ​គាំទ្រ ។ ប្រសិនបើ​អ្នក​ជិត​ចប់​បេសកកម្ម​ហើយ នោះ​អ្នក​អាច​សុំ​ជំនួយ​ពី​អ្នកដទៃ​បាន ។ ស្នើសុំ​ជំនួយ​ក្នុង​ការស្វែង​រកការងារ ឬ​ចូលរៀន នៅ​ពេល​អ្នក​ធ្វើការ​ផ្លាស់​ប្តូរ​នេះ ។