អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
ការរៀបចំ​ខ្លួន​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែកសេវាកម្ម


« ការរៀបចំ​ខ្លួន​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូន​សៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ការរៀបចំ​ខ្លួន​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅ​ខាងមុខ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែកសេវាកម្ម

ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ជាទូទៅ​សម្រាប់​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ថ្មី ដែល​ត្រូវ​ជួប​នឹង​ភាពតានតឹង ឬ​មិន​ស្រណុក​ចិត្ត​នោះ ។ អ្នកនឹង​ត្រូវរៀន​ភារកិច្ចថ្មី ជួប​មនុស្សថ្មី និង​ធ្វើការ​ជាមួយ​មនុស្ស​ដទៃ ។ កាល​អ្នក​រៀន​ធ្វើ​កិច្ច​ការ​ទាំងនេះ​ សូម​មាន​ចិត្ត​អត់ធ្មត់ ។ អ្នក​នឹង​រៀន​ស្គាល់​ពរជ័យ​នៃការ​លះបង់​ជីវិត​របស់​អ្នក​ដើម្បី​ព្រះអង្គ​សង្គ្រោះ ។ សូមចាំ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់នៅ​ជាមួយ​អ្នក ។ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​នេះ ។ ទ្រង់​នឹង​ជួយ​អ្នក​ក្នុង​ការ​សម្រប​ខ្លួន ក្នុង​ការទទួល​ខុស​ត្រូវ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ថ្មី​របស់​អ្នក ។

អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​ញញឹម

ការសម្រប​ខ្លួន​ទៅ​នឹង​បទពិសោធន៍​ថ្មីៗ

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​គឺ​ដូចជា​មនុស្ស​ជាច្រើន​ដែល​ឈាន​ចូល​ក្នុង​ស្ថានភាព​ថ្មី​ដែរ ។ មនុស្ស​ជាច្រើន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការសម្រប​សតិអារម្មណ៍​ផ្សេងៗគ្នា នៅពេល​ពួកគេ​ចាប់ផ្តើម​ការបម្រើ​របស់​ពួកគេ ៖

  • ការរំពឹង​ទុក​ជាមុន

    • អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​អន្ទះសា​ចំពោះ​បញ្ហា​ប្រឈម​នោះ ( សូមមើល នីហ្វៃទី១ ៣:៧ ) ។

    • អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​មាន​គោលបំណង និង​ភក្ដីភាព​ចំពោះ​ព្រះ​កាន់តែ​ខ្លាំង​ឡើង ( សូមមើល នីហ្វៃទី​៣ ៥:១៣ ) ។

    • អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​រីករាយ ហើយ​ទន្ទឹង​រង់ចាំ​ជួប​មនុស្ស​ថ្មី និង​ទីកន្លែង​ថ្មី ។

  • ការស្វែងយល់​ពី​អ្វី​ដែល​មិន​បាន​រំពឹងទុក

    • អ្នក​ប្រហែល​ជាចាប់​ផ្តើម​មាន​ចម្ងល់​អំពី​ការសម្រេច​ចិត្ត​ធ្វើការ​បម្រើ​របស់​អ្នក ( សូមមើល អាលម៉ា ២៦:២៧ ) ។

    • អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​អាការៈ​នៃ​ភាពតានតឹង​ខាង​រូបកាយ ដូច​ជា​ការគេង​មិនលក់ របប​អាហារប្រែប្រួល ឬ​ឆាប់​ខឹង ។

    • អ្នក​ប្រហែល​ជា​នឹក​ស្មាន​មិនដល់​ថា ខ្លួន​ឯង​រិះគន់​ច្បាប់ និង​ការរំពឹង​ទុក​នានា​របស់​បេសកកម្ម​ផ្នែក​សេវាកម្ម​ដោយ​មិន​ដឹង​ខ្លួន ។ អ្នក​ប្រហែល​ជាមិន​ចង់​ធ្វើ​តាម​ច្បាប់​ទាំង​នោះ​ទាំងស្រុង​ទេ ។

  • « ខ្ញុំ​អាច​ធ្វើ​បាន »

    • អ្នក​នឹង​រៀន​គោរព​តាម​ច្បាប់ និង​ការ​រំពឹង​ទុក​នានា​របស់​បេសកកម្ម​ផ្នែក​សេវាកម្ម​ដោយ​ស្ម័គ្រចិត្ត ។

    • អ្នក​រៀន​មាន​ភាពអត់ធ្មត់ ( សូមមើល អេសាយ ២៨:១០; ម៉ូសាយ ៤:២៧ ) ។

    • ប្រសិនបើ​អ្នក​មាន​អាការៈ​នៃ​ភាពតានតឹង​ខាង​រូបកាយ វា​ក៏​ចាប់ផ្តើម​ធូរស្បើយ​ហើយ​ដែរ ។

  • ភាពខ្លួន​ទីពឹង​ខ្លួន​ផ្នែក​សតិ​អារម្មណ៍

    • អ្នក​មាន​អារម្មណ៍​ថា​ងាយស្រួល​ក្នុង​ការធ្វើ​តាម​ទម្លាប់​ប្រចាំថ្ងៃ ។

    • អ្នក​ស្គាល់​ពី​កម្លាំង និង​ការរីក​ចម្រើន​ផ្ទាល់ខ្លួន​របស់​អ្នក ។

    • អ្នក​យល់​ពីអត្ថន័យ​នៃ​ការ​ដើរ​មួយ​ជំហាន​ម្តងៗ​ក្នុង​ជីវិត ( សូមមើល​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១២ ) ។

    • អ្នក​អភិវឌ្ឍ​ទំនុកចិត្ត​លើ​ខ្លួន​ឯង ហើយ​បង្កើន​បំណង​ប្រាថ្នា​ដើម្បី​បម្រើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ។

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅពីមុខ​ត្រាក់ទ័រ

អ្វីៗ​ដែល​អ្នក​អាច​ធ្វើ​បាន​នាពេល​ឥឡូវ​នេះ

សូមស្វែង​រក​វិធី​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ ។ បេសកកម្ម​របស់​អ្នក​គឺ​ការហៅ​ដើម្បី​បម្រើ ។ សូម​ផ្តោតលើ​ការមើលទៅ​ខាងក្រៅ​នៃ​អារម្មណ៍​មិន​សុខស្រួល​របស់អ្នក​ផ្ទាល់ ។ សូម​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដែល​ត្រូវ​ការ​ពាក្យ​សម្ដី​ល្អៗ សកម្មភាព​សប្បុរសធម៌ ឬ​មិត្តភាព ។

សូម​និយាយ​ជាមួយ​អ្នកដទៃ​អំពី​ការ​សម្រប​ខ្លួន​របស់​អ្នក​ទៅនឹង បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ។ សូម​ទុកពេល​ដើម្បី​ពិភាក្សា​ប្រធាន​បទ​ខាងក្រោម​នេះ​ជាមួយ​នឹង​ឪពុកម្ដាយ ថ្នាក់ដឹកនាំ​បព្វជិតភាព ឬ​មិត្ត​ដែល​ត្រឡប់​មកពី​បេសកកម្ម​វិញ ៖

  • ព្រះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្វើ​កិច្ចការ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​លើស​ពី​សមត្ថភាព​ដែល​អាច​ធ្វើបាន ។ តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ ចេញពី​គំរូ​នានា​នៅក្នុង​ព្រះគម្ពីរ ? អ្នកអាច​សិក្សា និក្ខមនំ ៤:១០–១២; យេរេមា ១:៦–៩; អាលម៉ា ១៧:៩–១២; អាលម៉ា ២៦:២៧; អេធើរ ១២:២៣–២៧; ម៉ូសេ ៦:៣១–៣២ ។

  • ហេតុអ្វី​វា​សំខាន់​ក្នុង​ការចូល​ដំណេក​ទាន់ពេល និង​ក្រោក​ឡើង​ទាន់​ពេល ? ហេតុអ្វី​វា​សំខាន់​ដើម្បី​រក្សា​អាហារូបត្ថម្ភ​ល្អ ? ហេតុ​អ្វី​អ្នក​គួរ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ? ហេតុ​អ្វី​អ្នក​គួរ​ធ្វើ​ការអធិស្ឋាន​ផ្ទាល់ខ្លួន ?

  • តើ​ការ​សរសេរ​ក្នុង​ទិនានុប្បវត្តិ​អាច​ជួយ​ដល់​អ្នក​ទាំង​ក្នុង​គ្រា​ជោគជ័យ និង​ក្នុង​គ្រា​ដែល​មាន​ឧបសគ្គ​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ឆ្លើយ​តប​ដោយ​របៀប​ណា នៅ​ពេល​គំនិត ឬ​អារម្មណ៍​ដែល​ព្រួយបារម្ភ​មិន​រសាយ​ទៅណា​នោះ ?

  • សូម​ផ្តោត​យក​ចិត្ត​ទុកដាក់លើ​ការពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតា​សួគ៌​របស់​អ្នក ។ សូម​ស្វែង​រក​ព្រះវិញ្ញាណ​តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។ សូម​ស្ដាប់​តន្ត្រី​ដែល​លើក​ស្ទួយ ហើយ​អាន​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក ។

  • សូម​ធ្វើ​ល្អ​ចំពោះ​ខ្លួន​ឯង និង​អ្នកដទៃ ។ សូម​និយាយ​មក​កាន់​ខ្លួនឯង​នូវ​ពាក្យ​លួងលោម ពាក្យ​សម្ដី​ល្អៗ ដែល​អ្នក​ស្រមៃ​ថា​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រើ​មក​កាន់​អ្នក​ដែរ ។ សូម​ចងចាំ​ថា គំនិត​នៃ​ភាព​គ្មាន​ប្រយោជន៍ ភាព​អស់សង្ឃឹម ឬ​ការ​កាត់​ទោសយ៉ាង​ឃោរឃៅ គឺមិន​មែន​មក​ពី​ព្រះអម្ចាស់​ឡើយ ។

  • សូម​រំពឹង​ទុក​អ្វី​ដែល​មិន​បាន​រំពឹង​ទុក​ជាមុន ។ បទពិសោធន៍​របស់អ្នក​ ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នឹង​មិន​ដូចជា​បទពិសោធន៍​របស់​អ្នកផ្សេង​ឡើយ ។ អ្វីៗ​នឹង​មិន​ដំណើរការ​ទៅ​ដូច​អ្វី​ដែល​អ្នក​បាន​ដាក់​ផែនការ​ទាំងស្រុង​នោះ​ទេ ។ សូម​ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ផ្លាស់ប្តូរ ដើម្បី​អ្នក​អាច​បំពេញ​ទំនួល​ខុសត្រូវ​របស់​អ្នក​ក្នុងនាម​ជា​អ្នកផ្សព្វ​ផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​បាន ។

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

សេចក្ដី​សង្ខេប

សូម​ចាំថា ជីវិត​របស់​អ្នក​ក្នុង​នាម​ជា​អ្នកផ្សព្វ​ផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នឹង​ខុស​ពី​ជីវិត​ពីមុន​របស់​អ្នក ។ ប៉ុន្តែ​ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់ និង​ពរជ័យ​ដល់​អ្នក ។ សូម​អភិវឌ្ឍ​ឥរិយាបទ​វិជ្ជមាន ។ សូម​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ។ សូម​អត់ធ្មត់​ចំពោះ​ខ្លួន​ឯង និង​មនុស្សដទៃ ។ សូម​ចងចាំ​ពី​ឱវាទ​ដែល​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ៖ « បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់ការណ៍​ទាំងនេះ​នឹង​ផ្តល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅជា​ការ​ល្អ​ដល់​អ្នក​ទៅវិញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៧ ) ។