« ការចាត់តាំងជាថ្មីមកពីបេសកកម្មផ្នែកផ្សព្វផ្សាយ » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ( ឆ្នាំ ២០២០ )
« ការចាត់តាំងជាថ្មីមកពីបេសកកម្មផ្នែកផ្សព្វផ្សាយ » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
ការចាត់តាំងជាថ្មីមកពីបេសកកម្មផ្នែកផ្សព្វផ្សាយ
នៅពេលដែលអ្នកត្រូវបានផ្ទេរពីបេសកកម្មផ្នែកផ្សព្វផ្សាយមកកាន់បេសកកម្មផ្នែកសេវាកម្ម នោះការចាត់តាំងជាថ្មីនេះមិនប៉ះពាល់ដល់ការហៅរបស់អ្នកជាអ្នកផ្សព្វផ្សាយសាសនានោះទេ ។
ការប្រឈមនឹងការផ្លាស់ប្ដូរ
-
ការចាត់តាំងជាថ្មីពីបេសកកម្មផ្នែកផ្សព្វផ្សាយទៅផ្នែកសេវាកម្ម ធ្វើឲ្យពួកអ្នកផ្សព្វផ្សាយសាសនាមួយចំនួនតក់ស្លុត ។ អ្នកអាចឆ្លងកាត់នូវអារម្មណ៏អវិជ្ជមានយ៉ាងច្រើន ។ ប៉ុន្តែសូមជឿជាក់ថា ព្រះអង្គសង្គ្រោះញាណដឹងពីស្ថានភាពរបស់អ្នក ។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នកគឺឥតខ្ចោះ ។ ទ្រង់នៅតែចង់បាន ហើយត្រូវការការបម្រើរបស់អ្នក ។ ទ្រង់ត្រូវការការបម្រើរបស់អ្នកដើម្បីស្ថាបនានគររបស់ទ្រង់ មុនពេលទ្រង់យាងមកផែនដីម្តងទៀត ។
-
ជារឿយៗ ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានចាត់តាំងជាថ្មីមានអារម្មណ៍ថាខ្លួនឯងមានកំហុស ។ ពួកគេសោកស្ដាយដែលពួកគេមិនអាចបន្តបេសកកម្មផ្នែកផ្សព្វផ្សាយបាន ។ អារម្មណ៍ថាខ្លួនឯងមានកំហុសទាំងនេះអាចរារាំងពួកគេពីការទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពនេះ សូមចងចាំថា ព្រះវិញ្ញាណគង់នៅជាមួយអ្នក ។ អារម្មណ៍ថាខ្លួនឯងមានកំហុសដែលមិនអាចបញ្ចប់បេសកកម្មផ្នែកផ្សព្វផ្សាយបាន មិនមែនជាហេតុផលល្អទេ ។ អ្នកមានទាំងឆន្ទៈ និងភាពស័ក្តិសមក្នុងការបម្រើ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣៤ ) ។
-
អារម្មណ៍ថាខ្លួនឯងមានកំហុសអាចបណ្តាលមកពីប្រតិកម្មគីមីនៅក្នុងខួរក្បាល ។ អារម្មណ៍ទាំងនេះមិនមែនជាលទ្ធផលមកពីអំពើបាបទេ ។ វាសំខាន់ខ្លាំងណាស់ក្នុងការយល់ដឹង និងទទួលស្គាល់ពីភាពខុសគ្នានេះ ។
នៅតែជាភាពជោគជ័យដដែល
សូមពិចារណាពីដំណើររឿងរបស់ហេលេមិន និងកងទ័ពកម្លោះទាំង ២០៦០ នាក់របស់លោក ( សូមមើល អាលម៉ា ៥៧:១៩–២៧) ។ កងទ័ពទាំង ២០៦០ នាក់បានរងរបួស ។ ពួកគេភាគច្រើនដួលសន្លប់ដោយសារការបាត់បង់ឈាម ។ ការមានជីវិតរស់របស់ពួកគេទាំងអស់គ្នាគឺជាអព្ភូតហេតុ ។ មិនថាពួកគេម្នាក់ៗមានរបួសច្រើនប៉ុណ្ណាទេ ក៏ពួកគេទាំង ២០៦០ នាក់បានទទួលជោគជ័យដែរ ។ ពួកគេទាំងអស់មានឆន្ទៈដើម្បីបម្រើបុព្វហេតុនៃសេចក្តីសុចរិត ។ ពួកគេទាំងអស់គ្នាស្មោះត្រង់ គោរពប្រតិបត្តិ ហើយក្លាហាន ។ អ្នកអាចធ្វើតាមគំរូរបស់ពួកគេ ហើយធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់ ។
របួសក្នុងកិច្ចការផ្សព្វផ្សាយសាសនានាសព្វថ្ងៃនេះ អាចរួមមានជំងឺផ្លូវកាយ ផ្លូវចិត្ត និងសតិអារម្មណ៍ ។ ជំងឺទាំងនេះបណ្តាលមកពីប្រភព និងមូលហេតុជាច្រើនខុសៗគ្នា ។ អ្នកអាចបន្តធ្វើការបម្រើ និងទទួលបានជោគជ័យ ។ អ្នកមានឆន្ទៈ និងមានភាពស័ក្តិសម ហើយអ្នកអាចប្រើសមត្ថភាពរបស់អ្នកដើម្បីបម្រើព្រះបាន ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ) ។
នៅពេលអ្នកឆ្ពោះទៅមុខក្នុងការចាត់តាំងជាថ្មីរបស់អ្នក សូមចងចាំពាក្យពេចន៍ដ៏បំផុសគំនិតមកពីអែលឌើរ ហ្គើរីត ដបុលយូ ហ្គង ៖ « យើងអាចរកឃើញជីវិតរបស់យើងដោយការលះបង់ជីវិតយើងសម្រាប់បុព្វហេតុរបស់ព្រះអង្គសង្គ្រោះ » ( « Becoming Perfect in Christ » Ensign ឬ Liahona ខែ កក្កដា ឆ្នាំ ២០១៤ ទំព័រ ១៩ ) ។ ហើយអ្នកអាចរកឃើញភាពរឹងមាំនៅក្នុងការសន្យារបស់ព្រះអង្គសង្គ្រោះជានិច្ច ៖ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។ … ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ( ម៉ាថាយ ១១:២៨–៣០ ) ។
បន្ដរីកចម្រើន
ឥឡូវនេះ ដោយសារអ្នកត្រូវបានចាត់តាំងជាថ្មី នោះអ្នកនឹងរស់នៅក្នុងផ្ទះខ្លួនឯងម្ដងទៀត ។ សូមព្យាយាមកុំត្រឡប់ទៅទម្លាប់ចាស់ដែលពឹងលើអ្នកដទៃឡើយ ។ អ្នកនៅតែជាអ្នកផ្សព្វផ្សាយសាសនាដដែល ! សូមបន្តអភិវឌ្ឍជំនាញរបស់មជ្ឈិមវ័យដូចជា ៖
-
ថែទាំសម្លៀកបំពាក់របស់អ្នកផ្ទាល់ដោយបោកសម្អាត សម្ងួត និងអ៊ុតសម្លៀកបំពាក់ទាំងនោះដោយខ្លួនឯង ។
-
ពិនិត្យមើលការតុបតែងខ្លួនរបស់អ្នកផ្ទាល់ ។ ងូតទឹកជារៀងរាល់ថ្ងៃ ហើយធ្វើខ្លួនជាអ្នកតំណាងរបស់ព្រះអង្គសង្គ្រោះ ។
-
រៀនធ្វើម្ហូប ទិញគ្រឿងទេសរបស់អ្នក និងគ្រប់គ្រងរបបអាហារដែលអ្នកបរិភោគ ។
-
ត្រូវប្រាកដថាអ្នកធ្វើលំហាត់ប្រាណរាល់ថ្ងៃ ។
-
ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាសុខភាព និងវាងវៃ ។
-
ធ្វើការសិក្សាដំណឹងល្អ និងការអធិស្ឋានផ្ទាល់ខ្លួនប្រចាំថ្ងៃ ។
-
ដាក់គោលដៅដែលអាចសម្រេចបាន និងគោលដៅរង ហើយ សរសេរវាទុក ។