« ៥. ការអភិវឌ្ឍភាពធន់ខាងផ្លូវចិត្ត » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ( ឆ្នាំ ២០២០ )
« ៥. ការអភិវឌ្ឍភាពធន់ខាងផ្លូវចិត្ត » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
៥. ការអភិវឌ្ឍភាពធន់ខាងផ្លូវចិត្ត
កិច្ចការផ្សព្វផ្សាយសាសនាតម្រូវឲ្យមនុស្សធ្វើការជាច្រើន ហើយតម្រូវការទាំងនោះមានឥទ្ធិពលលើមនុស្សម្នាក់ៗខុសៗគ្នា ។ សមត្ថភាពដែលអ្នកមាននឹងជួយអ្នកឲ្យសម្រេចកិច្ចការរបស់ព្រះ ។ អ្នកអាចទុកចិត្តលើទ្រង់ឲ្យបង្កើតភាពខុសគ្នារវាងសមត្ថភាពរបស់អ្នក និងអ្វីដែលត្រូវការបាន ។ យោបល់ខាងក្រោមនេះអាចជួយអ្នកឲ្យដោះស្រាយបញ្ហាមួយចំនួន ។ សូមយោងទៅវគ្គ « ១. ការអភិវឌ្ឍភាពធន់នៅក្រោមភាពតានតឹង » ដើម្បីទទួលបានយោបល់បន្ថែម ។
ក. ការរៀនអំពីការចាត់តាំងថ្មី
ការចាប់ផ្តើមការចាត់តាំងថ្មីអាចជារឿងស្មុគស្មាញ ។ សូមអត់ធ្មត់ជាមួយនឹងអ្នកគ្រប់គ្រងរបស់អ្នក អ្នកធ្វើការជាមួយអ្នក និងខ្លួនអ្នកផ្ទាល់ ។ សូមព្យាយាមកុំបាក់ទឹកចិត្ត ឬតូចចិត្ត ពេលអ្នកកំពុងរៀនពីការចាត់តាំងថ្មីរបស់អ្នក ។ ជាធម្មតា អ្នកនឹងយល់ពីកិច្ចការទាំងនេះក្នុងអំឡុងពេលពីរបីថ្ងៃ ។ នេះគឺជាគន្លឹះមួយចំនួនដើម្បីជួយដល់អ្នក នៅពេលអ្នកចាប់ផ្តើមធ្វើតាមការចាត់តាំងថ្មីរបស់អ្នក ។ អ្នកអាចពិភាក្សាពីកិច្ចការទាំងនេះជាមួយអ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នកបាន ។
-
រៀនស្គាល់កិច្ចការ ។ រៀនស្គាល់របៀបដោះស្រាយកិច្ចការរបស់អ្នកឲ្យបានស្ទាត់ ។ រៀបចំឯកសារគ្រប់យ៉ាង ។ រៀបចំតំបន់ការងាររបស់អ្នក ។ ត្រូវស្គាល់ឈ្មោះមិត្តរួមការងារ និងអ្នកគ្រប់គ្រងរបស់អ្នក ។
-
មានសង្ឃឹមឡើង ។ សម្រេចចិត្តរៀនធ្វើការជារៀងរាល់ថ្ងៃដោយមានអាកប្បកិរិយាវិជ្ជមាននៅកន្លែងធ្វើការ ។ ទោះបីជាអ្នកនឿយហត់ ឬមិនប្រាកដអំពីអ្វីដែលរំពឹងទុកក៏ដោយ ក៏សូមជ្រើសរើសយកភាពរួសរាយរាក់ទាក់ដែរ ។ មានភាពវិជ្ជមាន ទោះបីជាអ្នកមិនរីករាយនឹងការងាររបស់អ្នក ឬមនុស្សដែលអ្នកធ្វើការជាមួយក្តី ។ ចំណុចនេះនឹងជួយអ្នកឲ្យជោគជ័យ ។ វានឹងជួយមនុស្សដែលនៅជុំវិញអ្នកឲ្យរៀនទុកចិត្ត និងឲ្យតម្លៃលើអ្នក ។
-
បង្ហាញខ្លួន ។ ត្រូវមកឲ្យទាន់ពេលសម្រាប់គ្រប់ការចាត់តាំងទាំងអស់ ត្រូវស្លៀកពាក់ឲ្យបានសមរម្យ និងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការងារ ។ រកមើលវិធីដើម្បីជួយ និងចូលរួមចំណែក ។ សូមឲ្យមនុស្សម្នាមើលឃើញថា អ្នកមានឆន្ទៈក្នុងការសាកល្បងអ្វីដែលថ្មី និងអនុវត្តជំនាញថ្មីៗ ។
-
សិក្សា ។ ប្រសិនបើអ្នកទទួលបានវីដេអូ ឬឯកសារសំណេរ ដែលពន្យល់ពីការងាររបស់អ្នក សូមសិក្សាវាដោយយកចិត្តទុកដាក់ ។ កត់ត្រាពីអ្វីដែលអ្នកត្រូវចងចាំ ។ ជាពិសេសត្រូវដឹងអំពីច្បាប់សុវត្ថិភាព ។ ត្រូវកត់ត្រាអំពីច្បាប់ស្ដីពីឯកជនភាព ឬភាពសម្ងាត់ផងដែរ ។ សិក្សាអំពីបទដ្ឋានដែលបានរំពឹងទុកដើម្បីធ្វើការងាររបស់អ្នកឲ្យបានជោគជ័យ ។
-
សួរសំណួរ ។ សូមសួរអ្នកគ្រប់គ្រង និងមិត្តរួមការងាររបស់អ្នកដោយមានសុជីវធម៌ អំពីកិច្ចការដែលអ្នកមិនយល់ ។ អ្នកអាចយកសៀវភៅកត់ត្រាតូចមួយតាមខ្លួនដើម្បីសរសេរសំណួរ និងចម្លើយដែលអ្នកអាចយោងទៅនៅពេលក្រោយបាន ។ ចូរអត់ធ្មត់នឹងអ្នកបំពាក់បំប៉នទាំងនោះ ប្រសិនបើពួកគេពន្យល់មិនច្បាស់ ។ ព្យាយាមនិយាយអ្វីដែលអ្នកបានឮឡើងវិញ ។ សួរថា « តើខ្ញុំយល់ត្រូវអត់ ? តើមានអ្វីផ្សេងទៀតដែរឬទេ ? » សួរអ្នកគ្រប់គ្រងរបស់អ្នកអំពីការរំពឹងទុករបស់ពួកគាត់ចំពោះអ្នក ។ សួរថាតើអ្វីទៅដែលសំខាន់បំផុតដើម្បីធ្វើការងាររបស់អ្នកឲ្យបានល្អ ។
-
រកមើលច្បាប់ដែលមិនបានសរសេរជាលាយលក្ខណ៍អក្សរ ។ កន្លែងធ្វើការនីមួយៗមានរបៀបធ្វើការរៀងៗខ្លួន ។ រឿងមួយចំនួនទាំងនេះមិនបានកត់ត្រាទុកនោះទេ ទោះបីវាជារឿងសំខាន់ក៏ដោយ ។ ច្បាប់ដែលមិនបានសរសេរជាលាយលក្ខណ៍អក្សរ អាចរួមមានរបៀបដោះស្រាយការមិនចុះសម្រុងគ្នា ព្រមទាំងកន្លែងណា និងពេលណាដែលត្រូវបរិភោគអាហារ ។ ច្បាប់ផ្សេងទៀតអាចរួមបញ្ចូលទាំងសំណួរថា តើភាពច្នៃប្រឌិតប៉ុនណាដែលអាចទទួលយកបាន និងតើត្រូវធ្វើយ៉ាងណាជាមួយការងារដែលមិនបានបញ្ចប់មុនថ្ងៃកំណត់ ។ មើលច្បាប់ដែលមិនបានសរសេរជាលាយលក្ខណ៍អក្សរទាំងនេះ ហើយព្យាយាមធ្វើតាមច្បាប់ទាំងនោះ ។
-
ចូរអត់ធ្មត់ចំពោះខ្លួនឯង និងអ្នកដទៃ ។ អ្នកនឹងធ្វើខុស ! នេះគឺជាផ្នែកមួយនៃការរៀនអ្វីដែលថ្មី ។ សុំទោសអ្នកដទៃ ហើយសួរពួកគេពីរបៀបដែលអ្នកអាចកែកំហុសរបស់អ្នកបាន ។ ស្វែងយល់ពីអ្វីដែលអ្នកគួរធ្វើនៅពេលក្រោយ ហើយព្យាយាមធ្វើម្តងទៀត ។ កុំរស់នៅជាមួយកំហុស—មិនថាកំហុសរបស់អ្នក ឬរបស់នរណាម្នាក់ឡើយ ។ រៀន និងឈានទៅមុខដោយអាកប្បកិរិយាវិជ្ជមាន ។ អ្នកនឹងរៀនធ្វើការងាររបស់អ្នកបានល្អ ។
ខ. ការបន្ដមានរបៀបរៀបរយជាមួយនឹងគោលដៅ និងផែនការទាំងឡាយ
-
រក្សាប្រតិទិន ឬសៀវភៅរៀបចំផែនការ ។ នៅដើមសប្តាហ៍នីមួយៗ សូមសរសេរការណាត់ជួបរបស់អ្នកនៅលើប្រតិទិន ឬក្នុងសៀវភៅផែនការរបស់អ្នក ។ រួមបញ្ចូលទាំងកិច្ចការដែលបានចាត់តាំង ការប្រជុំនៅព្រះវិហារ និងការតាំងចិត្តផ្សេងៗទៀត ដូចជាការអានព្រះគម្ពីរ និងការអធិស្ឋានជាដើម ។ សរសេរឈ្មោះ ការណាត់ជួប គោលដៅ និងបញ្ជីនៃកិច្ចការដែលអ្នកត្រូវធ្វើ ។
-
កុំពឹងផ្អែកតែលើការចងចាំរបស់អ្នកឡើយ ។ មើលប្រតិទិន ឬសៀវភៅផែនការរបស់អ្នកពេញមួយថ្ងៃ ។ សម្រាប់កិច្ចការសំខាន់ៗដែលអ្នកត្រូវធ្វើ សូមសរសេរចូលក្នុងកំណត់ចំណាំរំព្ញកដាក់នៅលើទ្វារ លើទូរទឹកកក ឬនៅជិតគ្រែរបស់អ្នក ។ ដាក់សំឡេងរំព្ញកលើទូរសព្ទរបស់អ្នក ។
-
ដាក់អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ថ្ងៃស្អែកនៅកន្លែងជាក់លាក់មួយ ។ សូមធ្វើដូច្នេះ មុនពេលអ្នកចូលដំណេក ។ នោះអ្នកនឹងមិនភ័យថានឹងភ្លេចអ្វីដែលសំខាន់ឡើយ ។ រក្សាទុករបស់សំខាន់ៗរបស់អ្នកនៅកន្លែងដដែល ។ ការធ្វើដូច្នេះអ្នកនឹងមិនខ្ជះខ្ជាយពេលវេលាស្វែងរកវាទេ ។
-
ស្នើសុំជំនួយក្នុងការចងចាំអ្វីមួយ ។ នៅពេលដែលអ្នកត្រូវចងចាំអ្វីមួយដែលមិនមែនជាផ្នែកនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក ចូរសុំអ្នកផ្សេងឲ្យជួយរំព្ញកអ្នក ។ អ្នកអាចនិយាយថា « ខ្ញុំដឹងថា ខ្ញុំងាយនឹងភ្លេចរឿងនេះ ។ តើអ្នកអាចរំព្ញកខ្ញុំបានទេ បើខ្ញុំភ្លេចរឿងនេះនោះ ? »
-
សូមផ្តោតលើអ្វីដែលអ្នកកំពុងធ្វើ ។ នៅពេលអ្នកដឹងខ្លួនថា អ្នកបែកអារម្មណ៍ចេញពីសកម្មភាពផ្សព្វផ្សាយសាសនា សូមបង្វែរការយកចិត្តទុកដាក់របស់អ្នកទៅរកកិច្ចការរបស់អ្នកវិញ ។ ធ្វើបែបនេះជារឿយៗតាមដែលអ្នកត្រូវការ ។
-
ធ្វើការសម្រេចចិត្តពីគោលដៅ ។ កាលដែលវាមានប្រយោជន៍សម្រាប់អ្នក សូមកំណត់គោលដៅតាមប្រភេទនីមួយៗដូចខាងក្រោម ។ បង្កើតផែនការមួយសម្រាប់អ្វីដែលអ្នកនឹងធ្វើ ។ បន្ថែមផែនការរបស់អ្នកទៅក្នុងប្រតិទិន ឬសៀវភៅផែនការរបស់អ្នកជារៀងរាល់សប្តាហ៍ ។
-
គោលដៅខាងសាច់ឈាមមានដូចជា ការហាត់ប្រាណ ការបង្កើតទម្លាប់ទទួលទានអាហារ និងទម្លាប់ចូលសម្រាន្តដែលធ្វើឲ្យមានសុខភាពល្អ ការសម្អាតបន្ទប់ ឬកន្លែងធ្វើការរបស់អ្នក ការគ្រប់គ្រងថវិកា ការជួយការងារផ្ទះ ឬការលេងកីឡា ។
-
គោលដៅខាងសតិអារម្មណ៍មានដូចជា ការចំណាយពេលសម្រាក ឬការសញ្ជឹងគិត ការធ្វើសមាធិ ការសរសេរអំពីអារម្មណ៍ ឬបទពិសោធន៍ ការឈប់សម្រាក ឬការចំណាយពេលជាមួយធម្មជាតិ ។
-
គោលដៅខាងសង្គមមានដូចជា ការធ្វើអ្វីមួយជាមួយមិត្តភក្តិ និងគ្រួសារ ការចូលរួមសកម្មភាពយុវមជ្ឈិមវ័យនៅលីវ ការជួយអ្នកដទៃ ការធ្វើកិច្ចការពង្សប្រវត្តិ ការសួរនាំសមាជិកគ្រួសារអំពីជីវិតរបស់ពួកគាត់ ឬការរៀនសូត្រ និងការអនុវត្តជំនាញសង្គម ។
-
គោលដៅខាងផ្លូវចិត្ត ដែលនឹងធ្វើឲ្យអ្នកក្លាយជាអ្នកបម្រើដ៏ប្រសើររបស់ព្រះអម្ចាស់មានដូចជា ការចូលរៀន ការរៀនភាសា ឬឧបករណ៍តន្រ្តី ការអាន ការស្វែងរកចំណាប់អារម្មណ៍ការងារ ឬការអភិវឌ្ឍជំនាញការងារនានា ។
-
គោលដៅខាងវិញ្ញាណមានដូចជាការអធិស្ឋានដោយស្មោះត្រង់ជាងមុន ការសិក្សាព្រះគម្ពីរឲ្យបានហ្មត់ចត់ជាងមុន ការធ្វើសកម្មភាពតាមការបំផុសគំនិតខាងវិញ្ញាណ ការចូលរួមក្នុងវួដ ឬសាខារបស់អ្នក ការទៅព្រះវិហារបរិសុទ្ធ ឬការបម្រើអ្នកដទៃដែលនៅក្រៅពីកន្លែងចាត់តាំងបេសកកម្មរបស់អ្នក ។
-
-
ថ្វាយពេលវេលារបស់អ្នកដល់ព្រះអម្ចាស់ ។ ធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីដាក់កាលវិភាគពេលវេលារបស់អ្នក ហើយប្រើវាឲ្យបានល្អ ។ បន្ទាប់មក នៅព្រឹកព្រលឹមនៃថ្ងៃរបស់អ្នក សូមថ្វាយថ្ងៃនោះដល់ព្រះអម្ចាស់ ។ ទូលសូមទៅព្រះអម្ចាស់ឲ្យធ្វើឲ្យថ្ងៃនោះដំណើរការទៅបានយ៉ាងរលូនសម្រាប់ជាប្រយោជន៍ដល់អ្នក ។ នៅពេញមួយថ្ងៃ ត្រូវចេះបត់បែន ហើយឆ្លើយតបនឹងព្រះវិញ្ញាណ ។
គ. ការយកឈ្នះលើអារម្មណ៍ដែលគិតថាខ្លួនឯងគ្មានសមត្ថភាព
-
ចូររក្សាអារម្មណ៍កំប្លុកកំប្លែងរបស់អ្នក នៅពេលអ្នកធ្វើខុស ។ សុំទោសចំពោះអ្វីដែលអ្នកបានធ្វើខុស ហើយព្យាយាមធ្វើវាម្តងទៀត ។ សូមចងចាំថា ការមានឆន្ទៈក្នុងការសុំទោសគឺជាសញ្ញានៃភាពធន់ និងភាពខ្លាំង ។
-
ស្វែងរកភាពខ្លាំងនៅក្នុងភាពទន់ខ្សោយ ។ ពេលខ្លះភាពទន់ខ្សោយជួយយើងឲ្យអភិវឌ្ឍភាពខ្លាំងដូចជាសេចក្តីអាណិតអាសូរ និងការយល់ចិត្តជាដើម ។ ការពុះពារដើម្បីយកឈ្នះលើភាពទន់ខ្សោយអាចបង្រៀនយើងអំពីការអត់ធ្មត់ ការបន្ទាបខ្លួន និងការពឹងផ្អែកលើព្រះអម្ចាស់ ។ ពេលខ្លះ ភាពទន់ខ្សោយដូចជាការងាយទទួលការរំខាន ក៏មានភាពខ្លាំងនៅក្នុងនោះដែរ ។ អ្នកអាចសម្គាល់ឃើញអ្វីដែលអ្នកផ្សេងមើលមិនឃើញ ។ សូមស្វែងរកភាពខ្លាំងដែលអាចមាននៅក្នុងភាពទន់ខ្សោយរបស់អ្នក ។
-
ដុសខាត់ចំណុចខ្សោយរបស់អ្នក ។ ដុសខាត់ចំណុចខ្សោយម្តងមួយៗ ដើម្បីកុំឲ្យអ្នកមានអារម្មណ៍លើសលុបពេក ។ ទទួលយកគំនិតផ្សេងៗពីអ្នកដទៃ ។ អធិស្ឋានទូលសូមការណែនាំ និងជំនួយ ។ ដាក់ផែនការដើម្បីយកឈ្នះលើភាពខ្សោយរបស់អ្នក ។ គិតអំពីឧបសគ្គនានាដែលអ្នកនឹងជួប និងគិតអំពីដំណោះស្រាយ ។ រៀនអនុវត្ត ។ កែសម្រួលផែនការរបស់អ្នកប្រសិនបើចាំបាច់ ។ មានចិត្តអត់ធ្មត់ ។
-
ផ្តោតការយកចិត្តទុកដាក់របស់អ្នកជាថ្មីលើបេសកកម្មផ្នែកសេវាកម្មរបស់អ្នក ។ តើអ្នកមានអារម្មណ៍ច្រណែននឹងជំនាញរបស់អ្នកដទៃដែរឬទេ ? ដាក់កម្លាំងកាយកម្លាំងចិត្តរបស់អ្នកទៅក្នុងការអភិវឌ្ឍភាពខ្លាំងរបស់អ្នក និងឲ្យភាពខ្លាំងនោះចូលរួមចំណែកទៅក្នុងកិច្ចការនេះ ។ នេះគឺជាបេសកកម្មរបស់អ្នក ។