អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
ការលាយ​បញ្ចូល​គ្នា​រវាង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ជីវិត​មិនមែន​ជា​អ្នកផ្សព្វផ្សាយ​សាសនា


« ការលាយ​បញ្ចូល​គ្នា​រវាង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ជីវិត​មិនមែន​ជា​អ្នកផ្សព្វផ្សាយ​សាសនា » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូនសៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ការលាយ​បញ្ចូល​គ្នា​រវាង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ជីវិត​មិនមែន​ជា​អ្នកផ្សព្វផ្សាយ​សាសនា » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​កំពុង​ធ្វើការ​បម្រើ​ដោយ​ពាក់​អាវយឺត​ដៃជំនួយ

ការលាយ​បញ្ចូល​គ្នា​រវាង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ជីវិត​មិនមែន​ជា​អ្នកផ្សព្វផ្សាយ​សាសនា

គោលបំណង​មួយ​នៃ​បេសកកម្ម​ផ្នែក​សេវាកម្ម គឺ​ដើម្បី « ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ម្នាក់ៗ ឲ្យ​រៀបចំ​ខ្លួន​ធ្វើ​ការងារ​បម្រើ​ពេញ​មួយ​ជីវិត » ( « Service Missions for Young Missionaries » លិខិត​ភ្ជាប់​មក​ជាមួយ​នឹង​សារ​លិខិត​គណៈប្រធាន​ទីមួយ ​ថ្ងៃ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ) ។ អ្នកអាច​ខិតខំ​ឆ្ពោះទៅ​រកគោល​បំណងនេះ នៅពេល​អ្នក​បំពេញ​តាម​ការ​ចាត់តាំង​ឲ្យ​ធ្វើ​កិច្ចការងារ​បម្រើ​របស់អ្នក ខណៈ​ពេល​ដែល​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ខ្លួនឯង ។ ការធ្វើ​កិច្ចការ​ទាំងនេះ​ក្នុង​ពេល​តែ​មួយ​អាច​ជា​ឧបសគ្គ ។ អ្នក​ត្រូវ​គ្រប់គ្រង​ពេលវេលា​របស់​អ្នក​ដោយ​ប្រុង​ប្រយ័ត្ន ។ ពេល​អ្នក​កំពុង​បម្រើ​បេសកកម្ម​របស់អ្នក អ្នកក៏កំពុង​តែ​រៀន​ពីអ្វីដែល​ជីវិត​ក្រោយ​បេសកកម្ម​របស់អ្នក​នឹង​តម្រូវ​ឲ្យអ្នក​ធ្វើ​ផងដែរ ។ អ្នក​ត្រូវ​តែចេះ​ថ្លឹងថ្លែង​ពី​ការងារ គ្រួសារ ការអប់រំ សាសនាចក្រ ការងារ​បម្រើ​ផ្សេងៗ និង​ពេលទំនេរ ។

បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក​គឺជា​ពេលវេលា និង​បរិយាកាស​ដ៏ល្អ​សម្រាប់​អភិវឌ្ឍ​ជំនាញ​គ្រប់​គ្រង​ពេលវេលា​របស់អ្នក ។ អ្នក​នឹង​ចេះ​បត់បែន ហើយ​ចេះ​គាំទ្រ​រចនាសម្ព័ន្ធ​ដើម្បី​កំណត់ និង​អភិវឌ្ឍ​ទេពកោសល្យ​ពិសេស​របស់អ្នក​ផងដែរ ។ បន្ទាប់​មក អ្នក​អាច​ប្រើ​ប្រាស់​ទេពកោសល្យ​នោះ​ដើម្បី​បម្រើ​អ្នក​ដទៃ​បាន ។

សូម​ប្រឹក្សា​ជាមួយ​អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម និង​ប្រធាន​ស្តេក​របស់​អ្នក​អំពី​ការដាក់​គោលដៅ ។ ថ្នាក់ដឹកនាំ​របស់​អ្នក​ក៏​អាច​ជួយ​អ្នក​ឲ្យស្គាល់​ទេព​កោសល្យ​របស់​អ្នក​ផងដែរ ។ ការអភិវឌ្ឍ​ទេពកោសល្យ​របស់​អ្នក​គួរ​តែ​ដាក់​បញ្ចូល​នៅក្នុង​គោលដៅ​របស់អ្នក ។ គោលដៅ​ទាំងនេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​បេសកកម្ម​ផ្ទាល់​ខ្លួន​របស់​អ្នក ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​តុល្យភាព​លើ​អាទិភាព​របស់​អ្នក ។ អ្នក​គឺជា​អ្នក​រចនា​ដ៏​សំខាន់​នៃ​ផែនការ​របស់​អ្នកផ្ទាល់ ។ នេះ​គឺជា​ផែនការ របស់អ្នក ។ វាផ្លាស់​ប្តូរ​អាស្រ័យ​ទៅលើ​កម្លាំង ទេពកោសល្យ សមត្ថភាព​បច្ចុប្បន្ន ព្រមទាំង​ក្តីសង្ឃឹម និង​ក្តី​សុបិន​របស់​អ្នក​នា​ពេល​អនាគត ។ ក្រុម​ផ្តល់​ជំនួយគាំទ្រ​របស់​អ្នក​អាច​ផ្តល់​ដំបូន្មាន និង​លើក​ទឹកចិត្ត​អ្នក​បាន ប៉ុន្តែ​វាជា​ជម្រើស​របស់អ្នក ។

ដោយ​មាន​ជំនួយ​ពី​ក្រុម​ជំនួយគាំទ្រ​របស់អ្នក នោះ​អ្នកនឹង​ដាក់​គោលដៅ​ដែល​អាច​សម្រេច​ទៅបាន​ក្រោយ​បេសកកម្ម​របស់​អ្នក និង​ផែនការ​នានា​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ ។ ជំនាញ​ដែល​អ្នក​អភិវឌ្ឍ​នឹង​ផ្តល់ពរ​ដល់​អ្នក និង​អ្នក​ផ្សេង​ទៀត​ពេញ​មួយ​ជីវិត​របស់​អ្នក ។ អ្នក​អាច​ប្រែក្លាយជា​មនុស្ស ដែល​ព្រះវរបិតាសួគ៌​ដ៏ពេញ​ដោយ​ក្តីស្រឡាញ់​របស់​អ្នក​ចង់​ឲ្យ​អ្នក​ប្រែក្លាយ ។ ព្រះអម្ចាស់​ក៏​នឹង​ជួយ​អ្នក​ក្នុង​ដំណើរ​ដ៏​រំភើបនេះ​ផងដែរ ។

តាម​រយៈ​ការ​រៀន​ប្រើប្រាស់​ពេលវេលា​របស់​អ្នក​ដោយ​ឈ្លាសវៃ នោះ​អ្នក​នឹង​រៀបចំ​ខ្លួន​សម្រាប់​ការបម្រើ​ពេញ​មួយ​ជីវិត ។ អ្នក​នឹង​អាច​រស់នៅ​តាម​បទ​បញ្ញត្តិ​ធំពីរ ។ បទបញ្ញត្តិ​ទាំងនោះ​គឺ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » និង « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៧, ៣៩ ) ។