អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
ការ​យល់​ដឹង​ពី​ភាព​តានតឹង


« ការ​យល់​ដឹង​ពី​ភាព​តានតឹង » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូន​សៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ការ​យល់​ដឹង​ពី​ភាព​តានតឹង » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅមុខ​កុំព្យូទ័រ

ការ​យល់​ដឹង​ពី​ភាព​តានតឹង

ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតានតឹង

បទពិសោធន៍​ថ្មី ( ដូចជា​ការ​ចូលរួម​សាសនាចក្រ ឬ​ការ​ចូល​រៀន​នៅ​សាលា​ថ្មី ) គឺ​ជា​រឿង​រំភើប​ណាស់ ។ ប៉ុន្តែ​វា​ក៏អាច​ធ្វើ​ឲ្យ​អ្នក​ភ័យខ្លាច​ផងដែរ ។ អ្នក​មិន​ដឹង​ពិតប្រាកដ​ពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក​នោះទេ ។ ពេលវេលានឹង​កន្លង​ទៅ អ្នក​នឹង​រៀនពី​បញ្ហាប្រឈម​ទាំងនេះ ហើយ​អ្នក​នឹង​រីកចម្រើន​នៅ​ក្នុង​ដំណើរការ​នេះ ។ ការសម្រប​ខ្លួន​ទៅ​នឹង​ភាព​តាន​តឹង​ដោយ​វិធីវិជ្ជ​មាន​គឺជា​របៀប​អភិវឌ្ឍ​ភាព​ធន់​ខាង​សតិអារម្មណ៍ ។

បេសកកម្ម​ផ្នែក​សេវាកម្ម​មិនមាន​ភាព​ខុសប្លែក​គ្នា​នោះ​ទេ ។ ពេលខ្លះ បេសកកម្ម​ផ្នែក​សេវាកម្ម​មាន​អារម្មណ៍​ហាក់​ដូច​ដំណើរ​ផ្សង​ព្រេង​ខាង​វិញ្ញាណ​មួយ​ដ៏អស្ចារ្យ ។ វាហាក់​ដូចជា​បញ្ហា​ប្រឈម​ដែល​អ្នកអាច​ដោះ​ស្រាយបាន ។ អ្នក​អាច​ដើរ​ឆ្ពោះទៅមុខ​យ៉ាង​ស្ងប់ស្ងាត់​ដោយ​សេចក្ដីជំនឿ ។ អ្នក​ដឹង​ថា ការ​ភ័យខ្លាច ឬ​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​ដែល​អ្នក​ជួប​ប្រទះ​គឺជា​រឿង​បណ្ដោះ​អាសន្ន​តែប៉ុណ្ណោះ ។ អ្នក​មាន​សេចក្តី​ក្លាហាន​ដោយ​ដឹង​ថា អ្នក​នឹង​អាច​សម្រប​ខ្លួន​បាន​ទៅ​តាម​ពេល​វេលា ។ អ្នក​រីក​ចម្រើន​ខាងវិញ្ញាណ ហើយ​មាន​ឱកាស​ដើម្បី​អភិវឌ្ឍ​ជំនាញ​ថ្មីៗ ។ ជា​ញឹកញាប់ បទពិសោធន៍​ទាំងឡាយ​ដែល​អ្នក​ធ្លាប់​តែ​ខ្លាច ក្លាយ​ទៅជា​រឿង​ដែល​កាន់​តែ​អាច​គ្រប់គ្រង​បាន ។ អ្នក​ថែមទាំង​ស្រឡាញ់​ទស្សនវិស័យ​នៃ​ការបម្រើ​បេសកកម្ម​ទៀត​ផង ដែល​គ្រា​មួយ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ធុញទ្រាន់ ។ អ្នក​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ ។ អ្នក​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​រក​ឃើញ​អំណរ​នៅ​ក្នុង​ការ​បម្រើ​របស់​អ្នក ។

ទោះជាយ៉ាងណា នៅពេល​ខ្លះ​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​រំពឹង​ទុក​ផងដែរ ។ បទពិសោធន៍​ខ្លះ​វា​កាន់តែ​ពិបាក ឬ​កាន់តែ​មិន​ពេញ​ចិត្ត ជាង​ការរំពឹង​ទុក​ទៅ​ទៀត ។ អ្នក​អាច​ងឿង​ឆ្ងល់​ថា តើ​អ្នក​អាច​ទទួល​បាន​ជោគជ័យ​ដោយ​របៀប​ណា ។ ជំនួស​ឲ្យ​អារម្មណ៍​លើក​ទឹកចិត្ត​ឲ្យ​ព្យាយាម នោះ​អ្នក​អាច​បែរទៅ​ជា​មាន​អារម្មណ៍អន្ទះសា ឆាប់​ខឹង នឿយហត់ ឬ​ស្មុគស្មាញ ។ អ្នក​អាច​មាន​អាការ​ផ្លូវកាយ​ដូចជា ការឈឺចាប់ ឈឺ​ក្រពះ ការ​ដេក​បាន​តិច ឬ​មាន​ជំងឺ ។ អ្នក​អាច​មាន​បញ្ហា​ជាមួយ​នឹង​ការរៀនសូត្រ ឬ​ការប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ទូទៅ ។ អ្នក​អាច​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​ចង់​បោះបង់​ចោល ។

កម្រិត​ទាំងបួន​នៃ​ភាព​តានតឹង

រោគសញ្ញា​នៃភាព​តានតឹង​គឺ​ដូច​ជា​សញ្ញា​ដែល​បង្ហាញ​នៅ​លើ​ផ្ទាំង​គ្រប់គ្រង​របស់​រថយន្ត​ដែរ ។ វា​រំព្ញក​អ្នក​ឲ្យ​បន្ថយ​ល្បឿន ចាក់​ប្រេងឥន្ធនៈ ឬ​ត្រួត​ពិនិត្យ​មើល​ម៉ាស៊ីន ។ វា​រំព្ញក​អ្នក​ឲ្យ​ចាក់​បំពេញ « ធុង » ខាង​វិញ្ញាណ​របស់​អ្នក ហើយ​ស្វែងរក​ដំណោះ​ស្រាយ​ថ្មី ។ យោង​តាម​តារាង​ខាងក្រោម​នេះ ពេល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​សម្រប​ខ្លួន​ទៅនឹង​ភាព​តានតឹង​បាន​ល្អ នោះ​ពួកគេ​ស្ថិត​ក្នុង​កម្រិត « ពណ៌​បៃតង » ។ នៅពេល​ពួកគេ​ថប់បារម្ភ ឬ​មាន​បញ្ហា នោះ​ពួកគេ​ស្ថិត​ក្នុង​កម្រិត « ពណ៌​លឿង » ។ ប្រសិន​បើ​ពួក​គេ​បន្ត​មាន​អារម្មណ៍​តានតឹង នោះ​ពួកគេ​ស្ថិត​ក្នុង​កម្រិត « ពណ៌ទឹកក្រូច »។ ហើយ​នៅពេល​ពួកគេ​មាន​អារម្មណ៍ថា​មិនអាច​បំពេញ​មុខងារ​ដូច​ប្រក្រតី​វិញ​បាន ពីព្រោះ​តែ​ភាពតានតឹង នោះ​ពួកគេ​ស្ថិត​ក្នុង​កម្រិត « ពណ៌​ក្រហម » ។

នៅ​ក្នុង​ដំណើរ​នៃ​បេសកកម្ម​របស់​អ្នក អ្នក​ប្រហែល​ជា​ជួប​នឹង​កម្រិត​នៃ​ភាព​តាន​តឹង​ខុសៗ​គ្នា នៅ​ពេល​ផ្សេងៗ​ពី​គ្នា ។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍ « ពណ៌​ទឹកក្រូច » នៅ​ថ្ងៃ​នេះ ហើយ​ត្រឡប់​ទៅ « ពណ៌​បៃតង » វិញ​នៅ​ថ្ងៃ​ស្អែក ។ កូន​សៀវភៅ​នេះ​មាន​នូវ​មតិយោបល់ និង​ឧបករណ៍​ដែល​អាច​ជួយ​អ្នក​ឲ្យ​បន្ត—ឬត្រឡប់​ទៅ​កម្រិត​ពណ៌​បៃតង​វិញ​បាន ។

សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​ស្ថិត​នៅ​កម្រិត​នេះ

អ្វី​ដែលត្រូវ​ធ្វើ

ពណ៌បៃតង

រូបតំណាង​មុខ​ញញឹម​ពណ៌​បៃតង

សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​ស្ថិត​នៅ​កម្រិត​នេះ

ភាព​ជឿជាក់ ភាព​រីករាយ

ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងឡាយ

ក្រោក​ឡើង​ពី​ការបរាជ័យ​បាន​យ៉ាង​ឆាប់​រហ័ស

ចុះ​សម្រុង​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​របស់​អ្នក

ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ

អ្វី​ដែលត្រូវ​ធ្វើ

នេះ​គឺជា​ការ​ល្អ​បំផុត ។ នៅ​កម្រិត​នេះ អ្នក​កំពុង​ដោះស្រាយ​ភាព​តានតឹង​ប្រចាំថ្ងៃ​នៃ​ការផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​បាន​ល្អ ។ អ្នក​កំពុង​រៀនសូត្រ និង​កំពុង​រីក​ចម្រើន ។

សូម​បន្ត​ខិតខំ​ធ្វើ​កិច្ចការ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។

ពណ៌លឿង

រូប​តំណាង​មុខ​ស្មើ​ពណ៌​លឿង

សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​ស្ថិត​នៅ​កម្រិត​នេះ

តឹងតែង ព្រួយបារម្ភ គ្មាន​សុវត្ថិភាព ថប់បារម្ភ មិនបាន​ត្រៀម​ខ្លួន ដេក​មិន​លក់

ពិបាក​ចុះ​សម្រុង​នឹង​អ្នក​ដទៃ

មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ

អ្វី​ដែលត្រូវ​ធ្វើ

នៅ​ពេល​ខ្លះ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ចំណាយ​ពេល​មួយ​រយៈ​នៅ​កម្រិត​ពណ៌លឿង ។

សូម​មាន​ចិត្ត​ល្អ​ចំពោះ​ខ្លួន​ឯង ពេល​អ្នក​ប្រឈម​នឹង​ឧបសគ្គ​នានា ។

សូម​មានចិត្ត​អត់ធ្មត់​នៅពេល​អ្នករៀន​ជំនាញ​ថ្មីៗ ដូចជាការ​ចេះ​យកចិត្ត​ទុកដាក់​ជាដើម ។ ជំនាញ​ទាំងនេះ​នឹងជួយ​អ្នក​ឲ្យ​កាន់​តែ​រឹងមាំ និង​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការបម្រើ ។ សូម​បន្ត​អធិស្ឋាន ហើយ​បម្រើ​ដោយ​សេចក្ដី​ជំនឿ ។ សូម​រក​មើល​ជំនួយ​ពី​ក្នុង​បទគម្ពីរ និង​សុន្ទរកថា​សន្និសីទ ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ព្រមទាំង​កូនសៀវភៅ​នេះ ។

ពណ៌​ទឹក​ក្រូច

រូបតំណាង​មុខ​មិន​សប្បាយ​ចិត្ត​ពណ៌​ទឹកក្រូច

សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​ស្ថិត​នៅ​កម្រិត​នេះ

អស់​កម្លាំង ( ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត )

ឈឺ ( ឈឺក្រពះ ឬ​រោគ​សញ្ញា​ផ្សេងទៀត )

ឆាប់​ខឹង

បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង

ពុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បាន

អ្វី​ដែលត្រូវ​ធ្វើ

គ្មាន​នរណា​ម្នាក់​ចង់​នៅ​ក្នុង​កម្រិត​នៃ​ភាពតានតឹង​ពណ៌​ទឹកក្រូច​នោះ​ទេ ប៉ុន្តែ​វា​មិនមែន​ជា​ស្ថាន​ភាព​អចិន្ត្រៃយ៍​ឡើយ ។

សូម​អធិស្ឋាន​សម្រាប់​ការ​ដឹកនាំ នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរ ហើយ​អនុវត្តតាម​សេចក្ដីណែនាំ​ទាំងឡាយ​នៅ​ក្នុង​កូនសៀវភៅ​នេះ ។ សូម​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវា​កម្ម​របស់​អ្នក ប្រសិន​បើអ្នក​ស្ថិត​នៅ​ក្នុង​កម្រិត​ពណ៌ទឹក​ក្រូច​លើស​ពី​បី​ថ្ងៃ ។ ពួកគាត់​នឹង​ជួយ​អ្នក ។

ពណ៌​ក្រហម

រូប​តំណាង​មុខ​កើតទុក្ខ​ពណ៌​ក្រហម

សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​ស្ថិត​នៅ​កម្រិត​នេះ

មាន​អារម្មណ៍​ប្រឹង​ពុះពារ ហើយ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​យ៉ាងខ្លាំង តក់ស្លុត ឬ​អន្ទះសា

មាន​អារម្មណ៍​អស់​សង្ឈឹម

ពិបាក​បរិភោគ​អាហារ ឬ​សម្រាន្ដ ( អាច​នាំ​ឲ្យ​ឈឺ )

មាន​អារម្មណ៍​ធុញទ្រាន់ និង​មិន​អាច​បន្ត​ទៅ​មុខ​បានទេ

មាន​អារម្មណ៍​ដូចជា​ព្រះ​បាន​បោះបង់​អ្នក​ចោល

អ្វី​ដែលត្រូវ​ធ្វើ

ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​កម្រិត​នេះ សូម​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក សមាជិក​គ្រួសារ ឬ​ប្រធាន​ស្តេក​ឲ្យ​ជួយ​អ្នក ។

សូម​សុំ​ការប្រសិទ្ធពរ​បព្វជិតភាព ។ សូម​ចំណាយ​ពេលខ្លះ​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ឬ​ពិចារណា​ពី​សេចក្ដីណែនាំ​ទាំងឡាយ​នៅ​ក្នុង​កូនសៀវភៅ​នេះ ។ សូម​អធិស្ឋាន​អំពីវា ។ អ្នក​អាច​ស្នើសុំ​សម្រាក​ពី​កិច្ចការ​ចាត់​តាំង​របស់​អ្នក​ដែល​អ្នក​គិត​ថា​វា​ពិបាក​បំផុត ។ សូម​និយាយ​ជាមួយ​ថ្នាក់ដឹក​នាំ​បេសកកម្ម​ផ្នែក​សេវា​កម្ម​របស់អ្នក ដើម្បី​ជួយ​ស្វែង​រក​ការផ្លាស់​ប្តូរ​ការ​បម្រើ​ដែល​ស័ក្តិសម​សម្រាប់​អ្នក ។

អ្នក​អាច​ប្រែក្លាយ​ជា​អ្នក​បម្រើ​ដ៏មាន​ប្រយោជន៍​របស់​ព្រះអម្ចាស់ មិនថា​អ្នក​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ​នោះទេ ។ សូម​ព្យាយាម​ប្រើ​គំនិត​ទាំង​ឡាយ​ក្នុង​កូន​សៀវភៅ​នេះ ហើយ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ ។ សូម​ពិចារណា​អំពី​បទពិសោធន៍​របស់​ស៊ីស្ទើរ សូឈីល អូថេអូ ដែល​បាន​បម្រើ​ក្នុង​បេសកកម្ម​ផ្នែក​សេវាកម្ម សេន​ឌីអាហ្គូ ៖

ព្រះវិហារ​បរិសុទ្ធ សេន​ឌីអាហ្គូ រដ្ឋ​កាលីហ្វ័រ​ញ៉ា

« ពេល​ខ្ញុំ​ចាប់​ផ្ដើម​បម្រើ​នៅ​អង្គការ​សប្បុរសធម៌​កាតូលិក ខ្ញុំ​មាន​អារម្មណ៍​រំភើប ប៉ុន្តែ​ក៏​ព្រួយ​បារម្ភ​ដែរ ។ គេ​បានសុំ​ឲ្យ​យើង​បង្រៀន​ថ្នាក់​អក្ខរកម្ម​ដល់​ជន​អន្តោ​ប្រវេសន៍ និង​ជនភៀសខ្លួន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​សមត្ថភាព​បង្រៀន​ថ្នាក់​ភាសា​អង់គ្លេស​ដល់​មនុស្ស​ទូទាំង​ពិភពលោក​នោះ​ទេ ។

« យើង​មិនមាន​អ្នកបកប្រែ​នៅក្នុង​ថ្នាក់​របស់​យើងទេ ដូច្នេះ​ការប្រាស្រ័យ​ទាក់​ទង​នៅ​មាន​កម្រិត ។ ស៊ីស្ទើរ ផេនណក និង​ខ្ញុំ​និយាយ​គ្នា​តាមរយៈ​រូបភាព និង​កាយ​វិការ ។ នៅ​ក្នុង​ថ្នាក់​ដំបូង​របស់​ខ្ញុំ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ! ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ប្រមូល​សិស្ស​មក​ជុំ​គ្នា ភាព​ស្ងប់​ស្ងាត់​កើត​មាន​ចំពោះ​ខ្ញុំ​មួយ​រំពេច ។

« ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ការងារ​របស់ខ្ញុំ​សាមញ្ញ​ទេ—គឺ​បម្រើ​សិស្ស​ម្នាក់ៗ ដែល​បាន​ចាកចោល​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​មករស់​នៅ​សហរដ្ឋ​អាមេរិក ហើយ​ជួយ​ពួកគេ​ឲ្យ​រៀន​ពីរបៀប​សរសេរ​ឈ្មោះ និង​ព័ត៌មាន​ទូទៅ​របស់​ពួកគេ និង​រៀន​ការសន្ទនា​មូលដ្ឋាន​ជាភាសា​អង់គ្លេស ។

« យើង​បន្ត​ទៅ​មុខ​ជានិច្ច ។ ជាច្រើន​ខែ​ក្រោយមក កាល​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សេន​ឌីអាហ្គូ ដែល​ជា​ផ្នែក​មួយ​នៃការ​ចាត់​តាំង​របស់យើង ពេល​នោះ​យើង​បាន​ឮ​បងប្អូនស្រី​និយាយ​អំពីជន​ភៀស​ខ្លួន​ដែល​បាន​មក​ពិធី​បុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃ​នោះ ។ ខ្ញុំ​មាន​សេចក្តី​រីក​រាយ​ជា​ខ្លាំង ដែល​ក្នុង​ចំណោម​អ្នក​មក​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នោះ​មាន​ម្នាក់​គឺ​ជា​អតីត​សិស្ស​របស់​យើង ។ យើង​មិន​ទាំង​ដឹង​ផង​ថា គាត់​បាន​ចូល​រួម​ក្នុង​សាសនាចក្រ ។

« ដួងចិត្ត​របស់​យើង​ក្តុកក្តួល ហើយ​រលីង​រលោង​ទឹក​ភ្នែក កាល​ស៊ីស្ទើរ ផេនណក និង​ខ្ញុំ​បាន​ដឹង​ថា យើង​បាន​ធ្វើ​ផ្នែក​របស់​យើង​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដើម្បី​ផ្តល់ពរ​ដល់​ជីវិត​សិស្ស​របស់​យើង » ។

តម្រូវ​ការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

តម្រូវការ និង​ធនធាន​លើ​មាត្រដ្ឋាន​តុល្យភាព

ការ​បម្រើ « ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២ ) គឺ​ជាការ​អញ្ជើញ​មក​ពី​ព្រះអម្ចាស់​ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក ។ ប៉ុន្តែ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ពុំ​ងាយ​ស្រួល​នោះ​ទេ ។ តម្រូវការ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ត្រូវបាន​បែងចែក​ជា​បីបួន​ផ្នែក ៖

ទូទៅ ( សូមមើល « ១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតានតឹង » ) ។ ក្នុង​អំឡុង​ពេល​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​អាច​ប្រឈម​មុខ​នឹង​ឧបសគ្គ និង​ការ​ផ្លាស់​ប្តូរ​នានា ។ វិធី​ដែល​អាច​ដោះស្រាយ​បាន​ពីមុន ប្រហែល​ជា​មិន​ដំណើរការ​ទេ​នៅ​ក្នុង​បេសកកម្ម​របស់​អ្នក ។ ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ថា​ឆ្គង ហើយ​ស្មុគស្មាញ ។ អ្នក​ប្រហែល​ជា​ឆ្ងល់​អំពី​របៀប​ដើម្បី​ជួយ​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផ្សេង​ទៀត​ដែល​ជួប​បញ្ហា​ស្មុគស្មាញ ។

រូបកាយ ( សូមមើល « ២. ការអភិវឌ្ឍ​ភាពធន់​ខាង​រូបកាយ » ) ។ អ្នកអាច​ដើរ​ច្រើន​ពេញ​មួយថ្ងៃ ។ កិច្ច​ការ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​អស់​កម្លាំង ។ ស្ថានភាព​ថ្មី​អាច​ធ្វើ​ឲ្យ​មាន​ការអស់​កម្លាំង ។

សតិអារម្មណ៍ ( សូមមើល « ៣. ការអភិវឌ្ឍ​ភាពធន់​ខាង​សតិអារម្មណ៍ » ) ។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​អន្ទះសា​នឹង​អ្វី​ដែល​អ្នក​ត្រូវ​រៀនសូត្រ ឬ​ធ្វើ ។ អ្នក​អាចមាន​បញ្ហា​ក្នុង​ការបន្ធូរ​អារម្មណ៍ ។ អ្នក​ប្រហែល​ជា​បាក់​ទឹកចិត្ត ធុញទ្រាន់ ឬ​មាន​អារម្មណ៍​ឯកោ ។

សង្គម ( សូមមើល « ៤. ការអភិវឌ្ឍ​ភាពធន់​ខាង​សង្គម » ) ។ អ្នកប្រហែល​ជាត្រូវរៀន​ស្គាល់​មនុស្ស​ថ្មីៗ​ឲ្យ​បាន​ឆាប់ ។ អ្នកអាច​និយាយ​ជាមួយ​មនុស្ស​ចម្លែក និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​កន្លែង​ដែល​អ្នក​បម្រើ ។

ការរៀន​សូត្រ និង​ការងារ ( សូមមើល « ៥. ការអភិវឌ្ឍ​ភាពធន់​ខាង​ផ្លូវចិត្ត » ) ។ អ្នក​ប្រហែល​ជាត្រូវ​រៀន​ជំនាញ​ថ្មីៗ ដើម្បី​បំពេញ​តាម​ការចាត់តាំង​របស់​អ្នក ។ អ្នក​នឹង​ត្រូវ​រៀបចំ​ផែនការ និង​គ្រប់គ្រង​គោលដៅ ។ អ្នក​ក៏ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ និង​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​គ្រប់យ៉ាង​ផងដែរ ។

ខាង​វិញ្ញាណ ( សូមមើល « ៦. ការអភិវឌ្ឍ​ភាពធន់​ខាង​វិញ្ញាណ » ) ។ អ្នក​នឹង​ហាត់ពត់​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក និង​ចៀសវាង​ការល្បួង ។ សូម​ព្យាយាម​ទទួល​អារម្មណ៍ និង​រៀន​ស្គាល់​ព្រះវិញ្ញាណ ។ នៅពេល​ខ្លះ អ្នក​នឹង​ត្រូវ​ទទួល​យក​ការកែ​តម្រូវ ប្រែ​ចិត្ត ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ភាពទន់ខ្សោយ និង​វិប្បដិសារី​របស់​អ្នក ។ សូម​បន្ទាប​ខ្លួន ហើយ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​ជាង​ពីមុន ។ នៅ​ពេល​អ្នក​ធ្វើ​រឿង​ទាំង​នេះ នោះ​អ្នក​នឹង​លូតលាស់ ហើយ រីកចម្រើន ។

ការជួប​នឹង​បញ្ហា​ប្រឈម​ក្នុង​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក

បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​បេសកកម្ម​ផ្នែក​សេវាកម្ម​មិនអាច​កាត់​បន្ថយ​បានឡើយ ។ អ្នក​នឹង​ត្រូវ​រៀន​អ្វី​ដែល​ថ្មី ។ អ្នក​ត្រូវ​គោរព​តាម​ច្បាប់ និង​មាន​ទំនាក់​ទំង​ល្អ​ជាមួយ​មនុស្ស​ដទៃ​ទៀត ។ អ្នក​ត្រូវ​ធ្វើ​ការងារ​ដែល​បាន​ចាត់តាំង​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​ចាក​ចេញ​ពី​ទម្លាប់​ស្រួលៗ​របស់​អ្នក​ដើម្បី​សាកល្បង​អ្វី​ដែល​ថ្មី ។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​នឹង​មានធនធាន​ជាច្រើន​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​នានា​ក្នុង​តួនាទី​បម្រើ​ថ្មី​របស់​អ្នក ។ កូន​សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្វែងរក ហើយ​ប្រើប្រាស់​ធនធាន​ទាំងនេះ ។ សូម​ចងចាំ​ផងដែរ​អំពី​សារៈសំខាន់​នៃការ​អធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ និង​ការជួយ​អ្នក​ដទៃ ។ អ្វី​ដែល​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។ ទ្រង់​គឺ​ជាប្រភព​ដ៏​សំខាន់​បំផុត​សម្រាប់​ការប្រឈម​នឹង​ភាពតានតឹង​ក្នុង​ជីវិត​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។