អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
៦. ការអភិវឌ្ឍ​ភាពធន់​ខាង​វិញ្ញាណ


« ៦. ការអភិវឌ្ឍ​ភាពធន់​ខាង​វិញ្ញាណ » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូនសៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ៦. ការអភិវឌ្ឍ​ភាពធន់​ខាង​វិញ្ញាណ » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​អធិស្ឋាន

៦. ការអភិវឌ្ឍ​ភាពធន់​ខាង​វិញ្ញាណ

ជួន​កាល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ភាពតានតឹង​យ៉ាង​ខ្លាំង ព្រោះតែ​ការ​សួរ​សំណួរ​ពី​ភាពពេញលេញ​នៃ​ដំណឹងល្អ ។ ពួក​អ្នក​ផ្សព្វ​ផ្សាយសាសនា​តែងតែ​មាន​ប្រតិកម្ម​បែប​នេះ ព្រោះ​ពួកគេ​ខ្វះធនធាន​ដើម្បី​ដោះស្រាយ​ភាពតាន​តឹង​ដ៏​ខ្លាំង​បែបនោះ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​បែបនេះ សូម​សាកល្បង​ធ្វើតាម​យោបល់​ខាង​ក្រោម ។ សូម​ជ្រើសរើស​យោបល់​ដែល​ហាក់​ត្រឹមត្រូវ​សម្រាប់​អ្នក ។ សូម​យោង​ទៅ​វគ្គ « ១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតានតឹង » ដើម្បី​ទទួលបាន​គំនិត​បន្ថែម ។

ក. ការពង្រឹង​ទីបន្ទាល់​របស់​អ្នក

  • ត្រូវដឹង​ថា​សំណួរ​ណា​ដែល​ល្អ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈជាច្រើន​ជា​ការ​ឆ្លើយ​នឹង​សំណួរ​ដ៏ស្មោះត្រង់​របស់​លោក ។ វាជា​ការល្អ​សម្រាប់​អ្នក ដែល​អ្នក​មាន​សំណួរ​អំពី​ដំណឹងល្អ ។ កាល​ដែល​អ្នក​ខិតខំ​ស្វែងរក​ចម្លើយ សូម​ចាំ​ថា ព្រះគម្ពីរ ព្យាការី គ្រូបង្រៀន និង​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ក្នុង​ការ​ស្វែងរក​ហេតុផល​អាចជួយ​បាន ។ ប៉ុន្តែ​មាន​តែ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​ពី​សេចក្តី​ពិត​នេះ បាន ។ ព្រះវិញ្ញាណ​អាច​ប្រាប់​យើងថា ព្រះយេស៊ូវ​គឺជាព្រះគ្រីស្ទ ហើយ​ថា​សាសនាចក្រនេះ​គឺ​ពិត ។

  • ត្រូវយល់​ថាតើ​សេចក្ដីជំនឿ​គឺជា​អ្វី ។ ការ​មាន​សេចក្ដី​ជំនឿ​គឺ​ត្រូវ​ទុក​ចិត្ត​លើ​សេចក្ដី​ល្អ សេចក្ដី​ស្រឡាញ់ ព្រះ​តម្រិះ និង​សេចក្តី​យុត្តិធម៌​ដ៏ល្អ​ឥតខ្ចោះ​របស់​ព្រះ ។ វា​គឺ​ជា​ការ​ទុក​ចិត្ត​សូម្បី​តែ​នៅ​ពេល​ដែល​យើង​មិន​យល់​ដោយ​ឥត​ខ្ចោះ​ក្តី ។ អាលម៉ា​បានបង្រៀនថា « សេចក្ដីជំនឿ​គឺ​ពុំ​មែន​ជា​តម្រិះ​ដ៏​ឥតខ្ចោះ​នូវអ្វីៗ​ទាំងឡាយ​នោះទេ ហេតុដូច្នេះ​ហើយ បើសិនជា​អ្នករាល់គ្នា​មាន​សេចក្ដីជំនឿ នោះ​អ្នករាល់គ្នា​សង្ឃឹម​ទៅ​លើអ្វី​ដែល​មើល​មិន​ឃើញ ហើយ​ដែល​ពិត » ( អាលម៉ា ៣២:២១ ) ។ អ្នកពុំ​ចាំបាច់​ត្រូវការ « តម្រិះ​ដ៏​ឥតខ្ចោះ » ដើម្បី​មាន​សេចក្ដីជំនឿ​នោះ​ទេ ។ សូម​សិក្សា អាលម៉ា ៣២ ដើម្បី​ទទួល​បាន​ជំនួយ​នៅ​ក្នុង​ការស្ថាបនា​សេចក្ដី​ជំនឿ​របស់​អ្នក ។

  • មាន​សេចក្តី​ជំនឿ នៅពេល​ដែល​អ្វីៗ​ហាក់បី​ដូចជា​មិន​អាច​គ្រប់គ្រង​បាន ។ អ្នក​អាច​មាន​អារម្មណ៍​ព្រួយបារម្ភ​អំពី​កាលៈទេសៈ ឬ​លទ្ធផល​មួយ​ចំនួន ។ នៅ​ពេល​រឿង​នេះ​កើត​ឡើង សូម​រៀន​បង្អន់​សិន ហើយ​ផ្ដោត​លើ​អ្វី​ដែល​កើត​ឡើង​ក្នុង​បច្ចុប្បន្ន​កាល ( សូមមើល « ១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតាន​តឹង » )។ សម្គាល់​មើល​ផ្លូវ​អារម្មណ៍​របស់​អ្នក នៅពេល​អ្នក​មាន​អារម្មណ៍​ថា​មិន​អាច​គ្រប់​គ្រង​បាន ។ ទោះបីជា​អារម្មណ៍​ទាំងនេះ​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ស្រណុក​ចិត្ត​ក៏ដោយ ក៏​វា​មិនអាច​ធ្វើ​បាប​អ្នក​បានដែរ ។ យូរៗទៅ អ្នកនឹង​រៀន​មាន​សេចក្ដី​ជំនឿ​កាន់​តែ​ខ្លាំង​ឡើងៗ ។ អ្នកអាច​មាន​សេចក្ដី​ជំនឿ​ក្នុង​ការ​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់ និង​ឧបសគ្គ ។

  • គោរព​តាម​ព្រះបញ្ញត្តិ​នានា ។ យើង​ទុកចិត្ត​លើ​ព្រះ​កាន់តែ​ខ្លាំង​ឡើង នៅពេល​យើង​រៀន​ពីតម្លៃ​នៃ​ការបង្រៀន​ទាំងឡាយ​របស់​ទ្រង់ ។ ដើម្បី​ទទួល​បាន​ទំនុកចិត្ត​នេះ យើង​ត្រូវ​ធ្វើតាម​ព្រះហឫទ័យ​របស់​ទ្រង់ ។ « បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ » ( យ៉ូហាន ៧:១៧ ) ។

  • ចូរ​មាន​ចិត្ត​អត់ធ្មត់ ។ ពេលវេលា និងបទពិសោធន៍​នឹង​ជួយ​អ្នក​ឲ្យ​យល់​នូវ​រឿង​ទាំងឡាយ​ដែល​កំពុង​ច្របូកច្របល់​នាពេល​ឥឡូវ​នេះ ។ សូម​ចងចាំ​ការ​បង្រៀន​របស់​នីហ្វៃ ៖ « ខ្ញុំ​ដឹង​ថា [ ព្រះ ] ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ គង់តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំងអស់​នោះ​ទេ » ( នីហ្វៃទី​១ ១១:១៧ ) ។ សូម​ស្ថាបនា​នៅ​លើអ្វី​ដែល​អ្នក​ដឹង​ដោយ​ព្រះវិញ្ញាណ​ដែល​ជា​ការ​ពិត​អំពី​ព្រះ ។

ខ. ការរៀន​ប្រែចិត្ត

ការប្រែចិត្ត​ទាក់ទង​នឹង​ការដាក់​ឆន្ទៈ​របស់​អ្នក​ឲ្យ​ស្របតាម​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ ។ គោល​ការណ៍​ខាងក្រោម​នេះ​នឹងជួយ​ដល់​អ្នក នៅពេល​អ្នក​ខិតខំ​ប្រែចិត្ត ។

  • ចូរ​ស្មោះត្រង់​ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​អ្នក ។ ប្រសិនបើ​អ្នក​មាន​អំពើបាប​ធ្ងន់ធ្ងរ​ដែល​អ្នក​មិន​បាន​ដោះ​ស្រាយ សូម​ជួប​ជាមួយ​ប្រធាន​ស្តេក​របស់​អ្នក ។ សូម​បើកចិត្ត​ឲ្យ​ទូលាយ ហើយ​ស្មោះត្រង់ ។ គាត់​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​រឿងទាំងនេះ​បាន​ត្រឹមត្រូវ ។

  • អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង​បន្ទាប់ពី​ការ​ប្រែចិត្ត ។ ពេល​ខ្លះ មនុស្ស​នៅ​តែ​មាន​អារម្មណ៍​ថា​ខុសឆ្គង និង​ខ្មាស​អៀន​បន្ទាប់​ពី​ការប្រែចិត្ត​ហើយ ។ សូម​ចងចាំថា យើងទាំងអស់​គ្នា​មាន​វិប្បដិសារី​ចំពោះ​អំពើ​បាប និង​កំហុស​ឆ្គង​កាល​ពីអតីតកាល ។ សូម​ទុកចិត្ត​ថា ដង្វាយធួន​របស់​ព្រះគ្រីស្ទ​គឺ​ល្មម​គ្រប់គ្រាន់ សូម្បី​តែ​ចំពោះ​អ្នក​ក្តី ។ សូម​ចងចាំ​ថា ការ​ប្រែចិត្ត​ពុំមែន​គ្រាន់តែ​ជា​ផែនការ​បម្រុង​នោះ​ទេ ។ ការ​ប្រែចិត្ត​គឺជា​ផែនការ​នៃ​សុភមង្គល​សម្រាប់​មនុស្ស​គ្រប់រូប ។

  • សូម​ផ្ដោត​លើ​កិច្ចការ​ដែល​សំខាន់​បំផុត ។ ត្រូវ​ខិតខំ​ឲ្យ​អស់​ពីសមត្ថ​ភាព​ដើម្បី​ប្រែចិត្ត​ជារៀង​រាល់ថ្ងៃ ។ បន្ទាប់​មក​ត្រូវ​ប្រាកដ​ថា អ្វី​ដែល​អ្នក​បារម្ភ​គឺ​ពិតជា​រឿង​ដែល​សំខាន់​បំផុត​មែន ។ ឧទាហរណ៍​មួយ​ប្រហែល​ជា​ការបម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ ។ សូមកុំ​ខ្វល់ខ្វាយ​ពី​បញ្ហា​ភាពឆ្មើងឆ្មៃ​ផ្ទាល់​ខ្លួន ដូច​ជា​អ្វី​ដែល​អ្នក​ដទៃ​គិត​មក​លើ​អ្នក​ឡើយ ។

  • យល់​ពី​តួនាទី​នៃ​ការ​សារភាព ។ អ្នក​មិន​ចាំបាច់​សារភាព​អំពើបាប ដែល​មិន​សូវធ្ងន់ធ្ងរ ឬ​សារភាព​អំពើបាប​ដដែលៗ​ម្តងហើយ​ម្តងទៀត​នោះទេ ។ ថ្នាក់​ដឹកនាំ​បព្វជិតភាព​នឹង​ប្រាប់​អ្នក​ថា នៅ​ពេលណា​ដែល​ការសារភាព​របស់​អ្នក​គឺ​គ្រប់គ្រាន់​ល្មម​ហើយ​នោះ ។ ការ​បន្ត​មាន​អារម្មណ៍​សោកស្ដាយ និង​សោកសៅ​ចំពោះ​អំពើ​បាប​កន្លង​មក​គឺ​ជា​រឿង​ធម្មតា​ទេ ។ ប៉ុន្តែ​វា​មិនមាន​ន័យថា អ្នក​ត្រូវសារភាព​ម្តងហើយ​ម្តងទៀត​ចំពោះ​រឿង​ដដែលៗ​នោះទេ ។ សូម​ងាកចេញ​ពី​គំនិត​បែប​នោះ​ដោយ​ទៅ​ធ្វើ​សកម្មភាព​ផ្សេងៗ ។ ធ្វើការ​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ជឿ​លើ​ការអភ័យទោស​របស់​ព្រះអម្ចាស់ ។ កុំ​ខ្វល់ខ្វាយ​នឹង​ការល្បួង​ដែលនាំ​ឲ្យ​មាន​អារម្មណ៍​អន្ទះសា ឬ​ខ្មាសអៀន ។

  • សូម​ជួប​នឹង​ប្រធាន​ស្តេក ឬ​ប៊ីស្សព​របស់​អ្នក ប្រសិន​បើ​អ្នក​មាន​បញ្ហា​ស្មុគស្មាញ ។

គ. ការរៀន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត

  • សាកល្បង​អធិស្ឋាន​ឮៗ ទោះបី​ជា​អាច​បញ្ចេញ​សំឡេង​តែ​ខ្សឹបៗ​ក្ដី ។ សាកល្បង​រៀបចំ​ខ្លួន​ធ្វើ​ការ​អធិស្ឋាន​ដោយ​ការ​សរសេរ​សំណួរ ឬ​កង្វល់​របស់​អ្នក ។ ស្រមៃ​ថា​ព្រះ​គង់នៅ​ក្បែនោះ ។ ទូល​សួរ​ទ្រង់​នូវអ្វី​ដែល​អ្នក​អាច​ធ្វើ​សម្រាប់​ទ្រង់​នៅ​ថ្ងៃនេះ ។ បន្ទាប់​មក សូម​ធ្វើ​សកម្មភាព​ទៅ​តាម​គំនិត​ដែល​ផុស​ឡើង​នៅក្នុង​ចិត្ត​របស់​អ្នក ។ ក្នុងឱកាសនោះ សូម​ប្រើ​ការ​អធិស្ឋាន​របស់អ្នក​ដើម្បី​អរព្រះគុណ​ព្រះ​តែប៉ុណ្ណោះ ។ សូម​អរព្រះគុណ​ទ្រង់​ចំពោះ​រឿង​ល្អៗ​ជា​ច្រើន​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក ។

    អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​អធិស្ឋាន

ឃ. ការរៀន​ស្រឡាញ់​ព្រះគម្ពីរ

  • សូម​អធិស្ឋាន​ដោយ​ច្បាស់ៗ​ដើម្បី​ទទួល​បាន​ជំនួយ​នៅក្នុង​ការយល់​ដឹង និង​ការរីករាយ​នឹង​ព្រះគម្ពីរ ។ ប្រើពេល​សិក្សា​របស់អ្នកខ្លះ ដើម្បី​សរសេរ​ពី​អារម្មណ៍​របស់អ្នក​អំពី​បទគម្ពីរ និង​ប្រតិកម្ម​របស់អ្នក​ចំពោះ​បទគម្ពីរ​នោះ ។ ចូរ​សរសេរ​ពីអ្វី​ដែលអ្នករៀន ឬ​ចំណាប់​អារម្មណ៍​ខាងវិញ្ញាណ​ដែលអ្នក​ទទួល​បាន ។

ង. ការរៀន​ដើម្បី​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ

  • ចូរ​អនុវត្ត​ដោយ​មាន​ការអត់ធ្មត់ ។ ការ​រៀន​ស្គាល់​សំឡេង​នៃ​ព្រះវិញ្ញាណ គឺ​ដូចជា​ការ​រៀន​ភាសា​ដែរ ។ វាត្រូវការ​ការអនុវត្ត ការអត់ធ្មត់ និង​ការបន្ទាប​ខ្លួន ។ ចូរ​ព្យាយាម​រៀន​ពីកំហុស​ដោយ​មិន​បោះបង់​ចោល ។

  • រៀន​ពី​សន្និសីទទូទៅ ។ សម្រាប់​គំនិត​អំពី​របៀប​ដើម្បី​អ្នក​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន សូម​សិក្សា​សុន្ទរកថា​នៅ​ក្នុង​សន្និសីទទូទៅ​អំពី​ប្រធាន​បទនេះ ។