ពេត្រុស ទី១ ១–៥
« មានតម្លៃជាងមាស »
អ្នកអាចនឹងចងចាំការរៀនអំពីសេចក្តីជំនឿ និងសេចក្ដីឧស្សាហ៍ព្យាយាមរបស់សាវកពេត្រុស នៅពេលអ្នកបានសិក្សាផ្នែកពាក់កណ្តាលដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ។ សំបុត្រទីមួយរបស់ពេត្រុសត្រូវបានសរសេរឡើងហៀបនឹងទីបញ្ចប់នៃជីវិតរបស់ពេត្រុស ជាច្រើនឆ្នាំបន្ទាប់ពីលោកបានដើរ និងនិយាយជាមួយព្រះយេស៊ូវគ្រីស្ទ អំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងសំបុត្រទីមួយរបស់លោក ពេត្រុស ដែលជាមេសាវក បានផ្តោតទៅលើវិធីដែលពួកបរិសុទ្ធអាចត្រូវបានពង្រឹងតាមរយៈការសាកល្បងដ៏ខ្លាំងក្លាដែលពួកគេកំពុងជួបនៅក្នុងកណ្តាប់ដៃរបស់ពួករ៉ូម ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះរាជបំណងរបស់ព្រះ ក្នុងការអនុញ្ញាតឲ្យអ្នកដកពិសោធន៏នឹងការសាកល្បង និងអាចពង្រឹងការតាំងចិត្តរបស់អ្នក ដើម្បីស៊ូទ្រាំនឹងការសាកល្បងដោយស្មោះត្រង់ ។
ហេតុអ្វីយើងជួបការលំបាកក្នុងជីវិត ?
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលយើងទាំងអស់គ្នានឹងមានបទពិសោធន៍ដែលហាក់ដូចជាមិនយុត្តិធម៌ ។ សូមមើលវីដេអូ « កំហឹងចំពោះភាពអយុត្តិធម៌ » នៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ៣:១៩ ដល់នាទីទី ៤:១២ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ៖
កំហឹងចំពោះភាពអយុត្តិធម៌
ពេលខ្លះ ភាពអយុត្តិធម៌មួយចំនួនមិនអាចពន្យល់បានទេ ភាពអយុត្តិធម៌ដែលមិនអាចពន្យល់បាននោះ គឺជាកំហឹង ។ ភាពអយុត្តិធម៌កើតមានពីការរស់នៅក្នុងរូបកាយដែលពុំឥតខ្ចោះ របួស ឬជំងឺ ។ ជីវិតរមែងស្លាប់គឺជាប់ទាក់ទងនឹងភាពអយុត្តិធម៌ ។ អ្នកខ្លះកើតមកក្នុងភាពសម្បូរបែប រីឯអ្នកខ្លះទៀតគ្មានអ្វីសោះ ។ អ្នកខ្លះមានឪពុកម្តាយពេញដោយក្តីស្រឡាញ់ រីឯអ្នកខ្លះទៀតគ្មានឡើយ ។ អ្នកខ្លះរស់នៅបានជាច្រើនឆ្នាំ រីឯអ្នកខ្លះទៀតរស់បានតែពីរបីឆ្នាំប៉ុណ្ណោះ ។ ហើយនៅមានច្រើនទៀត ។ មនុស្សខ្លះទទួលកំហុសទាំងអយុត្តិធម៌ ទោះបីពួកគេកំពុងព្យាយាមធ្វើល្អក៏ដោយ ។ មនុស្សខ្លះទៀតជ្រើសរើសមិនចាកចេញពីភាពអយុត្តិធម៌ឡើយ ទោះបីពួកគេអាចធ្វើបានក៏ដោយ ។ គួរឲ្យសោកស្តាយណាស់ មនុស្សខ្លះប្រើសិទ្ធិជ្រើសរើសដែលព្រះប្រទានឲ្យធ្វើបាបអ្នកដទៃឲ្យឈឺចាប់ សូម្បីតែពួកគេមិនគួរធ្វើក៏ដោយ ។
( ឌែល ជី រិនឡាន់ « កំហឹងចំពោះភាពអយុត្តិធម៌ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤២ )
-
ហេតុអ្វីអ្នកគិតថា អែលឌើរ រិនឡាន់ បានប្រើពាក្យ « កំហឹង » ដើម្បីពិពណ៌នាអំពីរឿងអយុត្តិធម៌មួយចំនួនដែលយើងជួបប្រទះក្នុងជីវិត ?
-
តើអ្នកដឹងថានរណាខ្លះកំពុងជួបប្រទះ ឬបានជួបប្រទះនឹងការសាកល្បងដែលមានអារម្មណ៍ខឹងសម្បារយ៉ាងអយុត្តិធម៌ ? ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់អនុញ្ញាតឲ្យមានរឿងនេះកើតឡើង ?
នៅឆ្នាំ ៦៤ នៃ គ.ស. ផ្នែកដ៏ធំនៃទីក្រុងរ៉ូមត្រូវបានបំផ្លាញដោយភ្លើង ។ សាសន៍រ៉ូមដ៏ល្បីល្បាញបានចោទប្រកាន់សមាជិកសាសនាចក្រថា ជាអ្នកដុតភ្លើងដែលនាំទៅដល់ការបៀតបៀនយ៉ាងខ្លាំងទៅលើពួកគ្រីស្ទាននៅទូទាំងចក្រភពរ៉ូម ។ ពេត្រុសទំនងជាបានសរសេរសំបុត្រដំបូងរបស់លោកនៅពេលណាមួយបន្ទាប់ពីព្រឹត្តិការណ៍នេះ ដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកបរិសុទ្ធ និងដើម្បីរំឭកពួកគេអំពីរង្វាន់ដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ សម្រាប់ការស៊ូទ្រាំនឹងការសាកល្បងដោយស្មោះត្រង់ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកឲ្យយល់ពីមូលហេតុមួយចំនួនសម្រាប់ការសាកល្បងផ្ទាល់ខ្លួន និងរបៀបដែលអ្នកអាចពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយអ្នកឲ្យស៊ូទ្រាំវាដោយស្មោះត្រង់ ។
ភ្លើងរបស់ជាងសំរង
សូមអាន ពេត្រុស ទី១ ១:៣–៩ ដោយរកមើលអ្វីដែលសាវកពេត្រុសបានបង្រៀនអំពីពរជ័យដែលកំពុងរង់ចាំអ្នកដែលស៊ូទ្រាំនឹងការសាកល្បងរបស់ពួកគេដោយស្មោះត្រង់ ។ ពាក្យ សេចក្តីល្បួង នៅក្នុងខទី ៦ គឺសំដៅលើការសាកល្បង និងទុក្ខវេទនា ( សូមមើល ពេត្រុស ទី១ ១:៦ footnote b ) ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះពីខគម្ពីរទាំងនេះ ដែលអ្នកគិតថាអាចមានប្រយោជន៍ក្នុងការចងចាំពេលអ្នក ឬអ្នកដទៃទៀតជួបនឹងការសាកល្បង ? ហេតុអ្វី ?
-
ហេតុអ្វីអ្នកគិតថា ពេត្រុសប្រៀបធៀបការសាកល្បងនៃសេចក្តីជំនឿរបស់ពួកបរិសុទ្ធទៅនឹងមាសដែលបន្សុទ្ធដោយភ្លើង ?
ខាងក្រោមនេះគឺជារូបភាពនៃឡរំលាយលោហៈ ។ ឡរំលាយលោហៈគឺជាធុងមួយដែលលោហធាតុដូចជាមាសត្រូវបានចម្រាញ់ ។ នៅពេលលោហធាតុត្រូវបានចម្រាញ់ វាត្រូវបានដុតកម្តៅ និងធ្វើឲ្យរលាយដើម្បីដកយកភាពមិនសុទ្ធ និងធ្វើឲ្យផលិតផលចុងក្រោយបានល្អប្រសើរឡើង ។
-
តើតាមរបៀបណាខ្លះដែលការសាកល្បង ឬការល្បងលសេចក្តីជំនឿអាច « វិសេសជាង … មាស ? »( ពេត្រុស ទី១ ១:៧ ) ។
សេចក្តីពិតមួយដែលអាចរកឃើញពីខគម្ពីរដែលអ្នកទើបតែបានសិក្សានោះគឺថា នៅពេលយើងស៊ូទ្រាំនឹងការសាកល្បងដោយស្មោះត្រង់ នោះសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទត្រូវបានកែលម្អ និងពង្រឹង ។ សូមពិចារណាកត់ត្រាសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីរ ឬក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
តើមានបទពិសោធន៍ឆ្លងកាត់ការលំបាកអ្វីខ្លះ ដែលអាចពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ?
ខណៈពេលដែលការជួបប្រទះនឹងទុក្ខលំបាកអាចជាការចម្រាញ់ខាងវិញ្ញាណសម្រាប់មនុស្សជាច្រើន ក៏មានអ្នកផ្សេងទៀតដែលជូរចត់ ឬពង្រឹងចិត្តពួកគេបន្ទាប់ពីការសាកល្បងដ៏លំបាក ( សូមមើល អាលម៉ា ៦២:៤១ ) ។
-
តើអ្នកគិតថា អ្វីអាចជួយបង្វែរការសាកល្បងរបស់យើងឲ្យទៅជាពរជ័យ ជាជាងបទពិសោធន៍ដែលបន្ថយជំនឿរបស់យើង ?
-
តើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះ ឬបទពិសោធន៍អ្វីខ្លះដែលអ្នកដឹង នៅពេលដែលសេចក្ដីជំនឿរបស់អ្នក ឬសេចក្ដីជំនឿរបស់អ្នកដទៃត្រូវបានពង្រឹងដោយការស៊ូទ្រាំនឹងការសាកល្បងដ៏លំបាកដោយស្មោះត្រង់ ?
-
តើបទពិសោធន៍ទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអម្ចាស់ ?
សូមមើលវីដេអូ « The Refiner’s Fire » ( ០៥:០២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលឧទាហរណ៍មួយអំពីបុគ្គលម្នាក់ដែលត្រូវបានពង្រឹងដោយព្រះអង្គសង្គ្រោះ នៅពេលនាងស៊ូទ្រាំនឹងការសាកល្បងរបស់នាងដោយស្មោះត្រង់ ។
The Refiner's Fire
ពេត្រុសទូន្មានពួកបរិសុទ្ធ
ប្រធានបទដែលមាននៅក្នុងសំបុត្រទីមួយរបស់ពេត្រុស គឺជារបៀបដែលសិស្សរបស់ព្រះយេស៊ូវគ្រីស្ទអាចស៊ូទ្រាំនឹងការរងទុក្ខ និងការបៀតបៀនដោយស្មោះត្រង់ ។ ការទូន្មានរបស់ពេត្រុសអាចផ្តល់នូវក្តីសង្ឃឹម ការលើកទឹកចិត្ត និងកម្លាំងដល់នរណាម្នាក់ដែលជួបប្រទះនឹងការសាកល្បងនៃជីវិតរមែងស្លាប់ ។
១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមគូររូបភាពសាមញ្ញមួយនៃឡរំលាយលោហៈ ដូចជារូបភាពដែលអ្នកបានឃើញពីមុននៅក្នុងមេរៀននេះ ។ នៅខាងក្នុងឡរំលាយលោហៈ សូមសរសេរការសាកល្បង និងទុក្ខលំបាកមួយចំនួនដែលអ្នកបានជួបប្រទះ ឬកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។
នៅពេលអ្នកសិក្សាកាន់តែច្រើនអំពីពាក្យសម្តីពេត្រុស សូមរកមើលការបង្រៀនដែលអាចជួយអ្នកក្នុងការសាកល្បងដែលអ្នកបានសរសេរក្នុងរូបភាពរបស់អ្នក ។ សូមកត់ត្រាការបង្រៀនទាំងនេះនៅខាងក្រៅរូបភាពឡរំលាយលោហៈរបស់អ្នក ។
សូមជ្រើសរើសខគម្ពីរយ៉ាងហោចណាស់ពីរឈុតខាងក្រោមនេះដើម្បីសិក្សា នៅពេលអ្នកស្វែងរកគោលការណ៍ដែលអ្នកអាចបន្ថែមលើរូបភាពរបស់អ្នក ។ នៅពេលអ្នកអនុវត្ត សូមសញ្ជឹងគិតនូវសំណួរដូចខាងក្រោម ៖ តើការបង្រៀនទាំងនេះអាចជួយខ្ញុំ ឬអ្នកផ្សេងទៀតដែលជួបប្រទះនឹងការសាកល្បងដ៏លំបាកយ៉ាងដូចម្ដេច ?
-
ពេត្រុស ទី១ ២:២០–២៥—គំរូរបស់ព្រះយេស៊ូវគ្រីស្ទអំពីការស៊ូទ្រាំនឹងការសាកល្បង
-
ពេត្រុស ទី១ ៤:១២–១៩—មូលហេតុដើម្បីអរសប្បាយក្នុងការសាកល្បងរបស់យើង
-
ពេត្រុស ទី១ ៥:៦–១១—ការទទួលបានកម្លាំងរបស់ព្រះអម្ចាស់ដើម្បីស៊ូទ្រាំនឹងការសាកល្បងរបស់យើង
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
ពេត្រុសទី១ ២:២០ ។ ហេតុអ្វីពេត្រុសបង្រៀនថា យើងគួរតស៊ូរងទុក្ខលំបាកដោយអត់ធ្មត់ ?
អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូចតទៅនេះ ៖
ភាពអត់ធ្មត់ត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេចក្តីជំនឿលើព្រះវរបិតាសួគ៌របស់យើង ។ តាមពិតទៅ ពេលយើងពុំមានភាពអត់ធ្មត់ទាល់តែសោះ នោះយើងកំពុងផ្ដល់យោបល់ថា យើងដឹងអ្វីដែលល្អបំផុត—ជាងព្រះជ្រាបដឹងទៅទៀត ។ ឬយ៉ាងហោចណាស់ យើងកំពុងអះអាងថា កាលវិភាគរបស់យើងប្រសើរជាងកាលវិភាគរបស់ទ្រង់ ។ … ដូច្នេះ ដូចបានបញ្ជាក់រួចមកហើយ ភាពអត់ធ្មត់គឺជាគុណធម៌ដ៏មានសារៈសំខាន់ក្នុងជីវិតរមែងស្លាប់ទាក់ទងនឹងសេចក្តីជំនឿរបស់យើង សិទ្ធិជ្រើសរើសរបស់យើង អាកប្បកិរិយារបស់យើងចំពោះជីវិត ការបន្ទាបខ្លួន និងការរងទុក្ខរបស់យើង ។ … គ្មានវិធីផ្សេងទៀតណាសម្រាប់ការរីកចម្រើនពិតប្រាកដកើតឡើងនោះទេ ។
( នែល អេ ម៉ាកស្វែល « Patience » [ Brigham Young University devotional ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ] ទំព័រ ១, ៤ នៅលើគេហទំព័រ speeches.byu.edu )
តើខ្ញុំអាចយកឈ្នះលើការសាកល្បងដែលខ្ញុំកំពុងប្រឈមមុខដោយរបៀបណា ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូចតទៅនេះ ៖
សូមបន្តទៅមុខដោយអត់ធន់ ក្នុងការសាកល្បងដ៏សែនលំបាកលើផែនដី ហើយដោយព្រះចេស្ដានៃការព្យាបាលរបស់ព្រះអង្គសង្គ្រោះ នោះនឹងនាំមកនូវពន្លឺ ការយល់ចិត្ត ភាពសុខសាន្ត និងក្ដីសង្ឃឹមដល់អ្នក ។ សូមអធិស្ឋានដោយអស់ពីចិត្ត ។ សូមពង្រឹងសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ លើភាពជាក់ស្ដែង និងព្រះគុណទ្រង់ ។ … សូមមើលឆ្ពោះទៅមុខ ។ ក្តីអំពល់ និងទុក្ខព្រួយរបស់អ្នកមានពិតមែន ប៉ុន្តែមិនស្ថិតស្ថេររហូតទេ ។ ផលលំបាករបស់អ្នកនឹងកន្លងបាត់ទៅ ដោយសារព្រះរាជបុត្រា … [ បានមានព្រះជន្មរស់ឡើងវិញ ] ជាមួយនឹងការប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ ។
( នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ )
តើខ្ញុំអាចរកឃើញសុភមង្គលដោយរបៀបណាពេលរងទុក្ខដោយការសាកល្បងនានា ?
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងអំពីការស្វែងរកសុភមង្គលអំឡុងគ្រាលំបាក ហើយចងចាំពីពាក្យពេចន៏ដំបូន្មានរបស់ម្ដាយលោកថា « មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ចូរស្រឡាញ់វាចុះ » ។
តើយើងអាចស្រឡាញ់គ្រាដែលពោរពេញទៅដោយទុក្ខព្រួយដោយរបៀបណា ? យើងមិនអាចទេ—ពោលគឺមិនអាចទេ សូម្បីតែមួយភ្លែតក៏ដោយ ។ ខ្ញុំមិនគិតថាម្ដាយរបស់ខ្ញុំកំពុងផ្ដល់យោបល់ថា យើងហាមមិនឲ្យមានការបាក់ទឹកចិត្ត ឬបដិសេធការពិតនៃការឈឺចាប់នោះទេ ។ ខ្ញុំមិនគិតថា គាត់កំពុងតែផ្តល់យោបល់ថា យើងគួរកប់សេចក្តីពិតនៃការឈឺចាប់នៅក្រោមទង្វើនៃសុភមង្គលក្លែងក្លាយនោះទេ ។ ប៉ុន្តែខ្ញុំជឿជាក់ថា របៀបដែលយើងមានប្រតិកម្មចំពោះការលំបាក អាចជាកត្តាសំខាន់ដែលយើងអាចមានសុភមង្គល និងជោគជ័យក្នុងជីវិត ។ ប្រសិនបើយើងដោះស្រាយការលំបាកដោយប្រាជ្ញា នោះគ្រាដ៏លំបាកបំផុតរបស់យើងអាចក្លាយជាគ្រានៃការរីកចម្រើនបំផុត ដែលនាំទៅដល់គ្រានៃសុភមង្គលបំផុត ។ …
នៅពេលយើងចេះស្វែងរកការលេងសើច ស្វែងរកទស្សនវិស័យដ៏នៅអស់កល្បជានិច្ច យល់អំពីគោលការណ៍នៃការតបស្នង ហើយខិតកាន់តែជិតព្រះវរបិតាសួគ៌របស់យើង នោះយើងអាចស៊ូទ្រាំការលំបាក និងការសាកល្បងបាន ។ យើងអាចនិយាយបានដូចម្តាយរបស់ខ្ញុំដែរថា « មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ចូរស្រឡាញ់វាចុះ » ។
( យ៉ូសែប ប៊ី. វ៉ឺតលីន « Come What May, and Love It » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៦–២៨ )