ថ្នាក់​សិក្ខាសាលា
កិច្ចការ ១៧:១–១៤


កិច្ចការ ១៧:១–១៤

ការស្រាវជ្រាវបទគម្ពីរ

A young woman sits in her bedroom and reads her scriptures

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាការសិក្សាព្រះគម្ពីរសំខាន់ម៉្លេះ ? បទពិសោធន៍មួយចំនួនដែលប៉ុល និងដៃគូរបស់លោកមានក្នុងដំណើររបស់ប៉ុល ទៅផ្សព្វផ្សាយសាសនាជាលើកទីពីរ បង្ហាញពីព្រះចេស្តាដែលព្រះបន្ទូលរបស់ព្រះអាចមានមកលើយើង ។ មេរៀននេះអាចជួយអ្នកឲ្យមានបំណងប្រាថ្នាដ៏ធំដើម្បីដកពិសោធន៍ពរជ័យនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។

សូមលើកទឹកចិត្តឲ្យមានការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនជាប្រចាំផ្តល់នូវឱកាសដ៏ខ្ជាប់ខ្ជួនសម្រាប់គ្រូបង្រៀន និងសិស្សឲ្យរៀនដំណឹងល្អ អភិវឌ្ឍទីបន្ទាល់ និងស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ សូមរកមើលឱកាសធម្មតាៗនៅក្នុងថ្នាក់ដើម្បីលើកទឹកចិត្តឲ្យមានការសិក្សាព្រះគម្ពីរជាប្រចាំ ។ ការផ្តល់ឱកាសដល់សិស្សដើម្បីចែកចាយអ្វីដែលពួកគេកំពុងរៀន ក៏អាចជួយជំរុញអ្នកដទៃឲ្យចូលរួមក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃផងដែរ ។

ការៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយអ្វីមួយដែលមានអត្ថន័យដែលពួកគេបានរកឃើញនាពេលថ្មីៗនេះនៅក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការយល់ដឹងពីការសិក្សាព្រះគម្ពីររបស់អ្នក

សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីការសិក្សាព្រះគម្ពីរនាពេលថ្មីៗរបស់ពួកគេ ហើយចែកចាយការយល់ដឹងដ៏មានអត្ថន័យដែលពួកគេបានទទួល ។ សូមពិចារណាប្រើសំណួរខាងក្រោមនេះដើម្បីដឹកនាំការពិភាក្សានេះ ។ វាអាចជាប្រយោជន៍ក្នុងការរំឭកសិស្សនៅដើមមេរៀន នៃគោលដៅសិក្សាព្រះគម្ពីរដែលពួកគេបានកំណត់សម្រាប់ខ្លួនពួកគេនៅក្នុងថ្នាក់សិក្ខាសាលា ។ ពួកគេនឹងមានឱកាសវាយតម្លៃគោលដៅរបស់ពួកគេនៅចុងបញ្ចប់នៃមេរៀននេះ ។

  • តើការយល់ដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលអ្នកបានទទួលពីការសិក្សាព្រះគម្ពីរនាពេលថ្មីៗនេះរបស់អ្នក ?

  • តើខគម្ពីរ ឬដំណើររឿងអ្វីខ្លះដែលអ្នកបានសិក្សានាពេលថ្មីៗនេះ ដែលមានអត្ថន័យចំពោះអ្នក ? ហេតុអ្វីទៅ ?

  • ប្រសិនបើមានមិត្តម្នាក់សួរអ្នកថា ហេតុអ្វីអ្នកមានអារម្មណ៍ថាវាសំខាន់ក្នុងការសិក្សាព្រះគម្ពីរឲ្យបានជាប់លាប់ តើអ្នកនឹងឆ្លើយតបយ៉ាងណា ?

ឧទាហរណ៍អំពីតម្លៃនៃបទគម្ពីរ

បទពិសោធន៍ខ្លះដែលប៉ុលមានអំឡុងដំណើរទៅផ្សព្វផ្សាយសាសនាជាលើកទីពីររបស់លោក បង្ហាញពីតម្លៃនៃការសិក្សាព្រះគម្ពីរ ។ សូមសរសេរចំណងជើងដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖ របៀបដែលការសិក្សាព្រះគម្ពីរអាចប្រទានពរដល់ជីវិតរបស់ខ្ញុំ ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលការយល់ដឹងដែលអ្នកអាចរាយបញ្ជីនៅក្រោមចំណងជើងនេះ ។

សូមពិចារណាការសរសេរចំណងជើងនេះនៅលើក្ដារខៀនផងដែរ ហើយបន្ថែមទៅក្នុងបញ្ជីនៅក្នុងមេរៀនទាំងមូល ។

បើមាន សូមប្រើផែនទីព្រះគម្ពីរប៊ីបលេខ ១៣ « ការធ្វើដំណើររបស់សាវកប៉ុលទៅផ្សព្វផ្សាយសាសនា » ដើម្បីកំណត់ទីតាំងក្រុងថែស្សាឡូនីច និងកន្លែងផ្សេងទៀតដែលប៉ុលបានធ្វើដំណើរក្នុងអំឡុងពេលនៃការធ្វើដំណើរទៅផ្សព្វផ្សាយសាសនាជាលើកទីពីររបស់លោក ។

សូមអាន កិច្ចការ ១៧:១–៤ ហើយរកមើលអ្វីដែលប៉ុលបានធ្វើក្នុងចំណោមសាសន៍យូដានៅក្រុងថែស្សាឡូនីច ។

  • តើអ្នកគិតថាអ្វីដែលសំខាន់ចំពោះការខិតខំរបស់ប៉ុល ?

  • តើដំណើររឿងនេះជួយអ្នកឲ្យយល់យ៉ាងណាអំពីតម្លៃនៃព្រះគម្ពីរ ?

សារលិខិតរបស់ប៉ុលទៅកាន់សាសន៍យូដានៅក្រុងថែស្សាឡូនីចរំឭកយើងថា ព្រះគម្ពីរថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ( សូមមើល យ៉ូហាន ៥:៣៩ ) ។ សូមពិចារណាបន្ថែមសេចក្តីពិតនេះទៅក្នុងបញ្ជីក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

អែលឌើ ឌី. ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមនេះអំពីគោលបំណងនៃព្រះគម្ពីរ ។ អ្នកប្រហែលជាចង់មើលវីដេអូ « The Blessings of Scripture » ចាប់ពីលេខកូដម៉ោង ១០:៤៩–១១:២១ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោម ។

2:3
Portrait of Elder D. Todd Christofferson. Photographed in March 2020.

នៅទីបញ្ចប់នេះ គោលបំណងដ៏សំខាន់បំផុតរបស់ព្រះគម្ពីរទាំងអស់គឺដើម្បីបំពេញព្រលឹងយើងដោយសេចក្ដីជំនឿលើព្រះ ជាព្រះវរបិតា និងលើព្រះរាជបុត្រាទ្រង់ ជាព្រះយេស៊ូវគ្រីស្ទ—សេចក្ដីជំនឿដែលថា គឺពិតជាមានទ្រង់ទាំងទ្វេ ជាសេចក្ដីជំនឿលើផែនការរបស់ព្រះវរបិតាសម្រាប់ជីវិតអមត និងជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើង ជាសេចក្ដីជំនឿលើដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលធ្វើឲ្យផែនការនៃសុភមង្គលអាចកើតឡើង ជាសេចក្ដីជំនឿដើម្បីធ្វើឲ្យដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទក្លាយជាផ្លូវនៃជីវិតរបស់យើង និងជាសេចក្ដីជំនឿដើម្បីមកស្គាល់ « ដ៏ជាព្រះពិតតែមួយ នឹងព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់បាន ] ចាត់ឲ្យមកផង ( យ៉ូហាន ១៧:៣ ) » ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ )

  • តើពរជ័យមួយណាដែលបានលើកឡើងដោយអែលឌើរ គ្រីស្តូហ្វឺសិន ដែលអ្នកទទួលបទពិសោធន៍តាមរយៈការសិក្សាព្រះគម្ពីររបស់អ្នក ?

  • តើខគម្ពីរអ្វីខ្លះដែលបានបង្កើនសេចក្តីជំនឿរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើសេចក្ដីពិតដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះបានជួយអ្នកបង្កើនសេចក្ដីជំនឿរបស់អ្នកយ៉ាងដូចម្ដេច ?

ខណៈស្ត្រី និងបុរសជាច្រើននៅក្រុងថែស្សាឡូនីចបានជឿ ហើយបានប្រែចិត្តជឿតាមរយៈការបង្រៀនរបស់ប៉ុល ក៏មានអ្នកផ្សេងទៀតបានបង្កើតក្រុមមនុស្សអាក្រក់ដើម្បីប៉ុនប៉ងចាប់ប៉ុល និងស៊ីឡាសដែរ ( សូមមើល កិច្ចការ ១៧:៤–៥ ) ។ ប៉ុល និងស៊ីឡាសអាចរត់គេចពីក្រុមមនុស្សអាក្រក់ ហើយទៅក្រុងបេរាដែលនៅជិតនោះ ជាកន្លែងដែលពួកលោកបន្តផ្សព្វផ្សាយ ។

សូមអាន កិច្ចការ ១៧:១០–១២ ដោយរកមើលរបៀបដែលប្រជាជននៅបេរាបានទទួលប៉ុល និងស៊ីឡាស ។ សូមពិចារណាគូសសម្គាល់ពាក្យ ឬឃ្លានានាដែលអ្នកមានអារម្មណ៍ថាសំខាន់ ។

  • តើការសិក្សាព្រះគម្ពីរប្រចាំថ្ងៃបានជួយប្រជាជនទាំងនេះដោយរបៀបណា ?

សេចក្តីពិតមួយដែលអាចស្វែងរកចេញពីដំណើររឿងនេះគឺ ៖ ការសិក្សាព្រះគម្ពីរជាទៀងទាត់ អាចរៀបចំយើងឲ្យស្គាល់ និងជឿលើសេចក្តីពិត ។ សូមពិចារណាបន្ថែមសេចក្តីពិតនេះទៅក្នុងបញ្ជីក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីសេចក្ដីពិតនេះ សូមពិចារណាសួរ ៖

  • តើមានឧទាហរណ៍អ្វីខ្លះអំពីរបៀបដែលសេចក្ដីពិតនេះ អាចអនុវត្តចំពោះស្ថានភាពដែលអ្នកអាចនឹងជួបក្នុងជីវិតរបស់អ្នក ?

ប្រសិនបើសិស្សត្រូវការជំនួយ សូមពិចារណាប្រើសាច់រឿងដូចខាងក្រោម ៖

សូមគិតអំពីរបៀបដែលការសិក្សាព្រះគម្ពីរជាទៀងទាត់អាចជួយអ្នកក្នុងស្ថានភាពដូចខាងក្រោមនេះ ៖

  • គ្រូរបស់អ្នកម្នាក់នៅសាលាពន្យល់អំពីគោលគំនិតដែលផ្ទុយនឹងជំនឿរបស់អ្នក ។

  • មិត្តភក្តិរបស់អ្នកមួយចំនួនលើកទឹកចិត្តអ្នកឲ្យមានអាក្បកិរិយាដែលផ្ទុយនឹងបទដ្ឋានរបស់អ្នក ដោយការនិយាយថា « គ្រាន់តែធ្វើម្តងនោះវាមិនឈឺទេ » ។

  • នៅក្នុងសន្និសីទទូទៅ សាវកបង្រៀនអ្វីមួយដែលប្រឆាំងនឹងនិន្នាការបច្ចុប្បន្ននៃពិភពលោកនេះ ។

ពរជ័យផ្សេងទៀតពីការសិក្សាព្រះគម្ពីរ

សេចក្តីពិតដែលអ្នកបានរកឃើញពីកិច្ចការ ១៧ បង្ហាញតែពរជ័យមួយចំនួនដែលយើងអាចទទួលបានតាមរយៈការសិក្សាព្រះគម្ពីរប៉ុណ្ណោះ ។

សូមចំណាយពេលពីរបីនាទីដើម្បីសិក្សាវគ្គបទគម្ពីរមួយចំនួន ឬទាំងអស់ដូចខាងក្រោម ដោយរកមើលពរជ័យផ្សេងទៀតដែលយើងអាចទទួលបានពីព្រះ ដោយការសិក្សាព្រះបន្ទូលរបស់ទ្រង់ និងព្រះបន្ទូលរបស់ព្យាការីរបស់ទ្រង់ដូចដែលមាននៅក្នុងព្រះគម្ពីរ ។ សូមបន្ថែមការយល់ដឹងរបស់អ្នកទៅក្នុងបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សូមពិចារណាបំបែកសិស្សជាក្រុមៗ ហើយចាត់តាំងខគម្ពីរមួយឲ្យក្រុមនីមួយៗ ។ សូមអញ្ជើញសិស្សពីក្រុមនីមួយៗឲ្យបន្ថែមការយល់ឃើញរបស់ពួកគេពីវគ្គបទគម្ពីរដែលពួកគេបានសិក្សាទៅក្នុងបញ្ជីនៅលើក្ដារខៀន ។

  • តើអ្វីដែលលេចធ្លោសម្រាប់អ្នកពីបញ្ជីដែលអ្នកបានបង្កើត ?

  • តើពរជ័យមួយណាចេញពីបញ្ជីរបស់អ្នក ដែលអ្នកចង់ទទួលបានបទពិសោធន៍ច្រើនជាងគេនៅពេលនេះ ? ហេតុអ្វីទៅ ?

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យការសិក្សាព្រះគម្ពីររបស់អ្នកក្លាយជាបទពិសោធន៍ដ៏មានតម្លៃ និងពិសិដ្ឋកាន់តែមានតម្លៃ ?

  • តើពរជ័យអ្វីខ្លះដែលអ្នកបានដកបទពិសោធន៍តាមរយៈការសិក្សាព្រះបន្ទូលរបស់ព្រះជាទៀងទាត់នៅក្នុងព្រះគម្ពីរ ?

សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន និងទីបន្ទាល់អំពីពរជ័យដែលបានទទួលពីការសិក្សាព្រះគម្ពីរជាទៀងទាត់ ។

សូមធ្វើផែនការមួយ

ដោយសារជាផ្នែកនៃការចូលរួមរបស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលា នោះអ្នកត្រូវបានអញ្ជើញឲ្យបង្កើតគោលដៅដែលទាក់ទងនឹងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់អ្នក ។ សូមចំណាយពេលបន្តិចដើម្បីវាយតម្លៃការរីកចម្រើនរបស់អ្នកទាក់ទងនឹងគោលដៅនេះ ហើយធ្វើការកែសម្រួលតាមតម្រូវការ ដើម្បីជួយអ្នកឲ្យកាន់តែជោគជ័យនៅពេលអ្នកឆ្ពោះទៅមុខ ។

សូមប្រើសំណួរខាងក្រោមដើម្បីជួយសិស្សវាយតម្លៃពីការរីកចម្រើនរបស់ពួកគេ ៖

  • តើអ្វីទៅជាគោលដៅសិក្សាព្រះគម្ពីរដែលអ្នកបានបង្កើតសម្រាប់ខ្លួនអ្នក ?

  • តើគោលដៅនេះជួយអ្នកឲ្យមានបទពិសោធន៍កាន់តែមានន័យជាមួយនឹងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនដោយរបៀបណា ?

  • តើអ្នកត្រូវការកែតម្រូវអ្វីខ្លះ ?

សូមលើកទឹកចិត្តសិស្សឲ្យបន្តរីកចម្រើនក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមពិចារណាអំពីវិធី ដើម្បីរំឭកពួកគេអំពីគោលដៅសិក្សារបស់ពួកគេពេញមួយឆ្នាំ និងសរសើរពួកគេចំពោះការរីកចម្រើនរបស់ពួកគេ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ នឹងទទួលបានពរជ័យអ្វីផ្សេងទៀតឬទេ ?

ការនិយាយអំពីការអានព្រះគម្ពីរមរមនប្រចាំថ្ងៃ ប្រធាន រ័សុល អិម ណិលសុន បានសន្យាដូចខាងក្រោម ៖

Official portrait of President Russell M. Nelson taken January 2018

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ពីជំងឺដ៏កាចសាហាវនៃរូបអាសគ្រាម និងការញៀនផ្សេងទៀតដែលធ្វើឲ្យស្រុញគំនិត ។

( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )

ប្រធាន ដាល្លិន អេក អូកបានប្រៀបធៀបព្រះគម្ពីរទៅនឹង យូរីម និង ធូមីម ដែលយើងអាចប្រើដើម្បីទទួលវិវរណៈពីព្រះអម្ចាស់ ៖

Official Portrait of President Dallin H. Oaks taken March 2018.

យើងមិននិយាយហួសហេតុពេកនោះទេ នៅពេលយើងនិយាយថាព្រះគម្ពីរអាចជា យូរីម និង ធូមីម ដើម្បីជួយយើងម្នាក់ៗឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួននោះ ។

ដោយសារយើងជឿថា ការអានព្រះគម្ពីរអាចជួយយើងឲ្យទទួលបានវិវរណៈ នោះយើងត្រូវបានលើកទឹកចិត្តឲ្យអានព្រះគម្ពីរម្ដងហើយម្ដងទៀត ។ ដោយមធ្យោបាយនេះ យើងមានសិទ្ធិទទួលបាននូវអ្វីដែលព្រះវរបិតាសួគ៌យើងសព្វព្រះហឫទ័យឲ្យយើងដឹង និងធ្វើនៅក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ ។ នោះគឺជាហេតុផលមួយដែលពួកបរិសុទ្ធថ្ងៃចុងក្រោយជឿលើការសិក្សាព្រះគម្ពីរ ប្រចាំថ្ងៃ

( ដាល្លិន អេក អូក « Scripture Reading and Revelation » Ensign ខែ មករា ឆ្នាំ ១៩៩៥ ទំព័រ ៨ )

សកម្មភាពរៀនសូត្របន្ថែម

បោះបង់ចោលពិភពលោក

ដើម្បីជួយសិស្សបង្កើតទំនាក់ទំនងរវាងការសិក្សាព្រះគម្ពីរ និងការទទួលយកពាក្យពេចន៍របស់ព្យាការីដែលរស់នៅ សូមពិចារណាអាន កិច្ចការ ១៧:៥–៧ ជាមួយសិស្ស ហើយពិភាក្សាសំណួរខាងក្រោមនេះ ៖

  • ហេតុអ្វីបានជាអ្នកគិតថា សាសន៍យូដាដែលមិនជឿមានអារម្មណ៍ថាការបង្រៀនរបស់ប៉ុល អំពីព្រះអង្គសង្គ្រោះ « នាំឲ្យក្រឡាប់ផែនដីនោះ » ( កិច្ចការ ១៧:៦ ) ?

  • តើការសិក្សាព្រះគម្ពីរជាទៀងទាត់អាចរៀបចំចិត្ត និងបេះដូងរបស់អ្នកដើម្បីទទួលបានការបង្រៀនរបស់ព្យាការីដែលនៅរស់ដោយរបៀបណា ?

  • តើអ្វីខ្លះជាភាពខុសគ្នាដ៏ធំបំផុតរវាងការបង្រៀនរបស់ព្រះអង្គសង្គ្រោះតាមរយៈព្យាការីដែលនៅរស់ និងជំនឿ និងវប្បធម៌នៃពិភពលោកនាសព្វថ្ងៃនេះ ?

កិច្ចការ ១៧:១១ ។ « គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល »

សូមពិចារណាចំណាយពេលមួយចំនួនដើម្បីពិភាក្សា កិច្ចការ ១៧:១០–១២ ដោយផ្តោតលើការត្រៀមខ្លួនរបស់ប្រជាជននៅបេរា ដើម្បីទទួលបានដំណឹងល្អ ។

មុនពេលសិក្សាខគម្ពីរទាំងនេះ វាអាចមានប្រយោជន៍ក្នុងការអញ្ជើញអ្នកស្ម័គ្រចិត្ដឲ្យប្រើកាយវិការដើម្បីបង្ហាញថាតើការត្រៀមខ្លួនដើម្បីធ្វើកិច្ចការអ្វីមួយវាមានលក្ខណៈបែបណា ដូចជាការចាប់បាល់ ការរត់ប្រណាំង ការបរិភោគអាហារ ការលើករបស់ធ្ងន់ ឬ ការជីករណ្ដៅ ។ សូមពិចារណាអញ្ជើញសិស្សម្នាក់ ឬច្រើននាក់ឲ្យបង្ហាញតាមរយៈកាយវិការតែប៉ុណ្ណោះថាតើនៅពេលមនុស្សម្នាក់ត្រៀមខ្លួនរួចរាល់ដើម្បីរៀនដំណឹងល្អមានលក្ខណៈបែបណា ។ សិស្សក្នុងថ្នាក់ទាំងអស់អាចព្យាយាមទស្សទាយថាតើមានអ្វីកំពុងកើតឡើង ។

បន្ទាប់មក អាចអញ្ជើញសិស្សឲ្យធ្វើបញ្ជីទង្វើ ឥរិយាបទ ឬអាកប្បកិរិយាដែលអាចបង្ហាញថាមនុស្សម្នាក់ត្រៀមខ្លួនជាស្រេចដើម្បីរៀនដំណឹងល្អ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យអាន កិច្ចការ ១៧:១០–១២ ដោយរកមើលអ្វីដែលបានជួយប្រជាជននៅបេរាឲ្យត្រៀមខ្លួនដើម្បីជឿ ហើយទទួលយកការបង្រៀនរបស់ប៉ុល និង ស៊ីឡាស ។