កិច្ចការ ១៩:១–៧
ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
អំណោយទានដ៏អស្ចារ្យបំផុតមួយ ដែលព្រះវរបិតាសួគ៌ប្រទានដល់សិស្សនៃសេចក្តីសញ្ញារបស់ព្រះយេស៊ូវគ្រីស្ទ គឺជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ដូច្នេះហើយ ប៉ុលមានការភ្ញាក់ផ្អើលពេលលោកបានជួបពួកសិស្សនៅក្រុងអេភេសូរ ដែលបាននិយាយថាពួកគេបានទទួលបុណ្យជ្រមុជទឹក ប៉ុន្តែមិនដែលបានឮអំពីព្រះវិញ្ញាណបរិសុទ្ធឡើយ ។ ទីបំផុត ពួកគេបានទទួលបុណ្យជ្រមុជទឹក ប៉ុន្តែមិនមែននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទទេ ។ បន្ទាប់ពីពួកគេបានទទួលបុណ្យជ្រមុជទឹកក្នុង « ព្រះនាមព្រះអម្ចាស់យេស៊ូវ » ប៉ុលបានដាក់ដៃលើពួកគេ ហើយបានផ្តល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ( កិច្ចការ ១៩:៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យទទួលបានពរជ័យដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យចង់ប្រទានដល់អ្នកតាមរយៈអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឱវាទរបស់ យ៉ូសែប ស្ម៊ីធ ចំពោះសាសនាចក្រ
បន្ទាប់ពីការធ្វើទុក្ករកម្មរបស់យ៉ូសែប ស្ម៊ីធមក ព្រិកហាំ យ៉ង់ មានសំណួរ និងកង្វល់ជាច្រើនក្នុងនាមជាព្យាការីបន្ទាប់នៃសាសនាចក្រនេះ ។ មានពេលមួយ យ៉ូសែប ស្ម៊ីធ បានបង្ហាញខ្លួនចំពោះព្រិកហាំ យ៉ង់ក្នុងសុបិន ហើយបានផ្ដល់ឲ្យលោកនូវឱវាទដូចខាងក្រោមនេះ ៖ « សូមប្រាប់ដល់ប្រជាជនឲ្យ ________________________________________________________ » ( Saints: The Story of the Church of Jesus Christ in the Last Days, vol. 2, No Unhallowed Hand, 1846–1893 [ ឆ្នាំ ២០២០ ], ទំព័រ ៤៩ ) ។
-
តើអ្នកគិតថា យ៉ូសែប ស្ម៊ីធ អាចនឹងបានផ្តល់ឱវាទអ្វីខ្លះ ដើម្បីជួយសមាជិកសាសនាចក្រ ?
យ៉ូសែប ស្ម៊ីធ បានផ្តល់ឱវាទដល់ព្រិកហាំ យ៉ង់ ឲ្យ « ចូរប្រាប់ដល់ប្រជាជនឲ្យរក្សាព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយធ្វើតាមព្រះវិញ្ញាណ នោះព្រះវិញ្ញាណនឹងដឹកនាំពួកគេឲ្យធ្វើត្រឹមត្រូវ » ( Saints ២:៤៩ ) ។
-
ក្នុងចំណោមឱវាទទាំងអស់ដែលយ៉ូសែប អាចផ្តល់ដល់ព្រិកហាំ យ៉ង់ ហេតុអ្វីបានជាអ្នកគិតថាលោកបានសង្កត់ធ្ងន់លើការស្វែងរកដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ?
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក នូវមូលហេតុដែលអ្នកគិតថា សារលិខិតរបស់ យ៉ូសែប ស្ម៊ីធ ទៅកាន់សាសនាចក្រនៅតែត្រូវការនៅក្នុងជំនាន់របស់យើង និងក្នុងជីវិតរបស់អ្នក ។កាលអ្នកសិក្សាមេរៀននេះ សូមគិតអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចប្រទានពរដល់ជីវិតអ្នក តាមរយៈអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
កាលប៉ុលបានចាប់ផ្ដើមដំណើរទៅធ្វើជាអ្នកផ្សាយសាសនាជាលើកទីបីរបស់លោក លោកបានធ្វើដំណើរទូទាំងស្រុកកាឡាទី និងស្រុកព្រីគា ។ បន្ទាប់មក លោកបានធ្វើដំណើរទៅក្រុងអេភេសូរ ( សូមមើល ផែនទីព្រះគម្ពីរប៊ីប ទី ១៣ ៖ « ដំណើររបស់សាវកប៉ុលទៅធ្វើជាអ្នកផ្សព្វផ្សាយសាសនា » ) ។ នៅទីនោះ លោកបានជួប និងបង្រៀនសិស្សដែលមិនធ្លាប់ឮអំពីព្រះវិញ្ញាណបរិសុទ្ធ ។ មនុស្សទាំងនេះបានទទួលបុណ្យជ្រមុជទឹកពីមុនដោយនរណាម្នាក់ដែលមិនមានសិទ្ធិអំណាចត្រឹមត្រូវ ( សូមមើល យ៉ូសែប ស្ម៊ីធ « Baptism » Times and Seasons ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៤២ ទំព័រ ៩០៤ នៅលើគេហទំព័រ josephsmithpapers.org ) ។
សូមអាន កិច្ចការ ១៩:១–៧ ដោយរកមើលពីរបៀបដែលប៉ុលបានជួយសិស្សទាំងនេះ ។
-
ហេតុអ្វីបានជាអ្នកគិតថា ប៉ុលនឹងផ្ដោតការបង្រៀនរបស់លោកទៅលើព្រះយេស៊ូវគ្រីស្ទ មុននឹងធ្វើពិធីបុណ្យជ្រមុជទឹកជាថ្មីឲ្យសិស្សទាំងឡាយ ?
-
តើអ្នកអាចពិពណ៌នាដល់មនុស្សទាំងនេះអំពីសារៈសំខាន់នៃការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធបន្ទាប់ពីពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ?
-
តើសេចក្ដីពិតអ្វីខ្លះពីដំណើររឿងនេះដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ ដែលបានទទួលបុណ្យជ្រមុជទឹកពីមុនរួចទៅហើយនៅសាសនាផ្សេង ?
សេចក្តីពិតមួយដែលយើងអាចរៀនចេញពីដំណើររឿងនេះគឺថា ដើម្បីឲ្យពិធីបុណ្យជ្រមុជទឹកបានពេញលេញ វាត្រូវតែអមដោយការបញ្ជាក់ និងការទទួលព្រះវិញ្ញាណបរិសុទ្ធ ។
សូមចំណាយពេលពីរបីនាទីដើម្បីសញ្ជឹងគិតពីមូលហេតុដែលអ្នកគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យអ្នកមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូរបស់អ្នក ។ សូមសញ្ជឹងគិតពីចំណុចនេះ ពេលអ្នកអានខគម្ពីរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់អ្នក ?
-
តើតាមរបៀបណាខ្លះដែលព្រះវិញ្ញាណបរិសុទ្ធមានសារៈប្រយោជន៍ចំពោះអ្នកជាពិសេសនៅក្នុងជីវិតរបស់អ្នក ? ហេតុអ្វីទៅ ?
ដើម្បីជួយអ្នកមើលឃើញ និងយល់អំពីតម្រូវការក្នុងការរៀបចំខ្លួនអ្នក ដើម្បីទទួលការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ សូមបំពេញ ឬស្រមៃមើលសកម្មភាពដូចខាងក្រោមនេះ ។
សូមដាក់ពែងទទេចំនួនបីនៅក្នុងកន្លែងលាងចាន ឬនៅលើថាសដែលអាចផ្ទុកទឹកបាន ។ សូមគ្របក្រដាស ឬគម្របពីលើពែងទឹកឲ្យបានជិត ។ សូមដាក់វត្ថុមួយ ( ដូចជាដុំថ្មមួយដុំ ) នៅក្នុងពែងទឹកមួយផ្សេងទៀតដែលដុំថ្មនេះបំពេញផ្នែកភាគច្រើនរបស់ពែងទឹកនេះ ។ បន្ទាប់មកព្យាយាមចាក់ទឹកចូលពែងពែងទាំងបី ។
-
ប្រសិនបើពែងទឹកជាតំណាងឲ្យយើង ហើយទឹកតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធ តើក្រដាស ( ឬគម្រប ) និងដុំថ្ម ( ឬវត្ថុផ្សេងទៀត ) តំណាងឲ្យអ្វីទៅនៅក្នុងជីវិតនរណាម្នាក់នោះ ?
សូមអានសេចក្តីថ្លែងការណ៍ទាំងពីរនេះដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីព្រះវិញ្ញាណបរិសុទ្ធ ៖
ព្រះវិញ្ញាណបរិសុទ្ធមិនដំណើរការណ៍នៅក្នុងជីវិតរបស់យើង ដោយគ្រាន់តែការដាក់ដៃលើក្បាលរបស់យើង ហើយពាក្យសំខាន់ទាំងបី [ « ទទួលព្រះវិញ្ញាណបរិសុទ្ធ » ] ដែលនិយាយចេញមកនោះទេ ។
( ដេវីឌ អេ បែដណា « Receive the Holy Ghost » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៥ )
ប្រសិនបើមានអ្វីមួយដែលយើងគិត មើល ស្ដាប់ ឬធ្វើឲ្យខ្លួនយើងមានគម្លាតពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងគួរបញ្ឈប់ការគិត ការមើល ការស្ដាប់ ឬការធ្វើរឿងនោះ ។ ឧទាហរណ៍ ប្រសិនបើអ្វីដែលមានបំណងសម្រាប់ការកម្សាន្តធ្វើឲ្យយើងលែងជិតសិ្នទ្ធនឹងព្រះវិញ្ញាណបរិសុទ្ធ នោះវាប្រាកដណាស់ថា ការកម្សាន្តបែបនោះគឺមិនមែនសម្រាប់យើងនោះទេ ។ ដោយសារព្រះវិញ្ញាណមិនអាចគង់នៅជាមួយនឹងអ្វីដែលគ្រោតគ្រាត អាសអាភាស ឬមិនសមរម្យនោះទេ នោះវាច្បាស់ណាស់ថារឿងបែបនោះគឺមិនមែនសម្រាប់យើងនោះទេ ។
( ដេវីឌ អេ បែដណា « That We May Always Have His Spirit to Be with Us » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣០ )
-
តើអែលឌើរ បែដណា បានបង្រៀនអ្វីខ្លះ ដែលអ្នកគិតថាមានសារៈសំខាន់ជាពិសេសសម្រាប់យុវវ័យសម័យនេះដើម្បីយល់ ? ហេតុអ្វីទៅ ?
-
តើអ្នកទទួលស្គាល់ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតអ្នកដោយរបៀបណា ? តើក្នុងពេលថ្មីៗនេះ អ្នកបានស្គាល់ឥទ្ធិពលរបស់ទ្រង់នៅពេលណា ?
-
តើការសម្រេចចិត្តអ្វីខ្លះដែលអ្នកបានធ្វើដែលបានជួយអ្នកឲ្យមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នកកាន់តែញឹកញាប់ ? តើព្រះវរបិតាសួគ៌បានប្រទានពរដល់អ្នកតាមរយៈអំណោយទាននេះដោយរបៀបណា ?
សូមដាក់ផែនការមួយដើម្បីទទួលឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធឲ្យកាន់តែពេញលេញ និងញឹកញាប់ជាងមុននៅក្នុងជីវិតរបស់អ្នក ។ សូមទូលសុំព្រះវរបិតាសួគ៌ឲ្យជួយអ្នកក្នុងផែនការរបស់អ្នក ហើយប្រទានពរអ្នកឲ្យស្គាល់ពីឥទ្ធិពលរបស់ទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកធ្វើការដើម្បីសម្រេចផែនការនេះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីបានជាវាសំខាន់ ដែលខ្ញុំត្រូវទទួលឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់ខ្ញុំ ?
ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ការអញ្ជើញដូចតទៅនេះដល់យើងម្នាក់ៗ ។
នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានការណែនាំ ការដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះទេ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។ ចូរឲ្យ [ ថ្ងៃ ] នេះក្លាយជាគ្រាដ៏មានន័យមួយនៅក្នុងជីវិតរបស់អ្នក ។ សូមជ្រើសធ្វើកិច្ចការខាងវិញ្ញាណដែលបានតម្រូវឲ្យធ្វើ ដើម្បីរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណឲ្យបានញឹកញាប់ ហើយកាន់តែច្បាស់ ។
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )
ក្នុងវីដេអូ « Enemy Territory » ( ៣:៣៨ ) ប្រធាន ប៊យដ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយបទពិសោធន៍មួយពីយុវវ័យរបស់លោក ដែលអធិប្បាយបន្ថែមទៀតអំពីសារៈសំខាន់នៃការស្តាប់តាមព្រះវិញ្ញាណ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើខ្ញុំអាចមកកាន់តែជិតដើម្បីមានដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ ៖
មានហេតុផលជាច្រើនដែលយើងត្រូវការភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធ ។ យើងមានបំណងចង់បាន ប៉ុន្តែយោងតាមបទពិសោធន៍គឺវាពុំងាយថែរក្សាទេ ។ យើងម្នាក់ៗគិត និយាយ ហើយធ្វើរឿងនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនដែលអាចប៉ះពាល់ដល់ព្រះវិញ្ញាណ ។ ព្រះអម្ចាស់បានបង្រៀនយើងថា ព្រះវិញ្ញាណបរិសុទ្ធនឹងក្លាយជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង នៅពេលដួងចិត្តយើងពេញដោយសេចក្ដីសប្បុរស និងពេលដែលគុណធម៌បានតុបតែងគំនិតរបស់យើងដោយឥតឈប់ឈរ [ សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤៥ ] ។ …
… ការបំផុសគំនិតដ៏មានតម្លៃបំផុតនឹងជាអ្វីដែលអ្នកត្រូវដឹងថាព្រះនឹងឲ្យអ្នកធ្វើ ។ ប្រសិនបើត្រូវបង់ដង្វាយមួយភាគក្នុងដប់ ឬទៅសួរសុខទុក្ខមិត្តភក្តិដែលសោកសៅ នោះអ្នកគួរតែធ្វើវា ។ ទោះនោះជាអ្វីក៏ដោយ ត្រូវតែធ្វើវា ។ នៅពេលបងប្អូនបានបង្ហាញឆន្ទៈដើម្បីគោរពតាម នោះព្រះវិញ្ញាណនឹងបញ្ជូនការបំផុសគំនិត បន្ថែមទៀតដល់បងប្អូននូវអ្វីដែលព្រះសព្វព្រះទ័យឲ្យបងប្អូនធ្វើសម្រាប់ទ្រង់ ។
នៅពេលបងប្អូនគោរពតាម នោះការបំផុសគំនិតមកពីព្រះវិញ្ញាណនឹងមានកាន់តែញឹកញាប់ ហើយកាន់តែខិតជិតនឹងភាពជាដៃគូដ៏ខ្ជាប់ខ្ជួន ។
( ហិនរី ប៊ី អាវរិង « The Holy Ghost as Your Companion » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៥ )
នៅក្នុងសុន្ទរកថារបស់លោក « Receive the Holy Ghost » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៥–៩៧ ) អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក៏បានចែកចាយការយល់ដឹងរបស់លោកផងដែរ អំពីរបៀបដែលយើងយាងអញ្ជើញភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។