កិច្ចការ ៤–៥
ការស្តាប់បង្គាប់ព្រះជាជាងមនុស្ស
ពេត្រុស និងយ៉ូហានត្រូវគេចាប់ខ្លួន ហើយត្រូវជាប់ឃុំឃាំងដោយព្រោះការប្រោសឲ្យជា និងការធ្វើទីបន្ទាល់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ក្រោយមកគេបានដោះលែងពួកលោក ហើយបានណែនាំកុំឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមទ្រង់ទៀត ។ ប៉ុន្តែពេត្រុស និងយ៉ូហានបានបន្តថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយពួកលោកត្រូវបានគេចាប់ដាក់គុកម្តងទៀត ។ ទេវតាមួយអង្គបានរំដោះពួកលោកពីគុក ហើយប្រាប់ពួកលោកឲ្យត្រឡប់មកវិញ ហើយបន្តការបង្រៀនអំពីព្រះគ្រីស្ទ ដូចដែលពួកលោកធ្លាប់បានធ្វើ ។ មេដឹកនាំសាសន៍យូដាបានចាប់ពួកលោកម្ដងទៀត ហើយវាយដំពួកលោក ។ មេដឹកនាំទាំងនោះបានបញ្ជាពួកគេឲ្យឈប់ផ្សព្វផ្សាយអំពីព្រះគ្រីស្ទ ប៉ុន្តែពេត្រុស និងយ៉ូហានបានឆ្លើយថា ពួកគេគួរតែស្តាប់បង្គាប់ព្រះ ជាជាងស្តាប់បង្គាប់មនុស្ស ។ ពេត្រុស និងយ៉ូហានបានអរសប្បាយ ដែលពួកលោកអាចរងការបៀតបៀនដោយសារព្រះយេស៊ូវគ្រីស្ទ ។ ពេលអ្នកសិក្សាថ្ងៃនេះ សូមគិតអំពីរបៀបដែលអ្នកអាចបង្កើនបំណងប្រាថ្នាក្នុងការស្តាប់បង្គាប់ព្រះជាជាងអ្នកផ្សេងទៀត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការពារអ្វីដែលត្រឹមត្រូវ
-
តើមានស្ថានភាពអ្វីខ្លះ ដែលវាអាចជាបញ្ហាប្រឈមសម្រាប់អ្នក ឬអ្នកដទៃទៀតក្នុងការស្តាប់បង្គាប់ព្រះដោយសារតែសម្ពាធពីអ្នកដទៃនោះ ?
-
តើអ្វីដែលធ្វើឲ្យស្ថានភាពទាំងនេះពិបាក ?
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានមានប្រសាសន៍ ៖
ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង យើងជៀសមិនផុតពីការជួបនឹងឧបសគ្គចំពោះសេចក្តីជំនឿរបស់យើងទេ ។ ពេលខ្លះយើងឃើញថាខ្លួនឯងត្រូវហ៊ុមព័ទ្ធដោយមនុស្សជាច្រើន ប៉ុន្តែត្រូវឈរនៅក្នុងចំណោមមនុស្សមួយចំនួនតូច ឬឈរម្នាក់ឯងដោយបារម្ភពីអ្វីដែលអាចទទួលយកបាន និងអ្វីដែលមិនអាចទទួលបាន ។ តើយើងមានក្រមសីលធម៌គ្រប់គ្រាន់ដើម្បីឈរយ៉ាងរឹងមាំចំពោះសេចក្តីជំនឿរបស់យើង ទោះជាយើងត្រូវឈរតែឯងពេលធ្វើដូច្នោះដែរឬទេ ?
( ថូម៉ាស អេស ម៉នសុន « Dare to Stand Alone » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦០ )
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកនឹងវាយតម្លៃពីឆន្ទៈរបស់អ្នកក្នុងការស្តាប់បង្គាប់ព្រះ ជាជាងចុះចាញ់នឹងសម្ពាធពីអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើមានស្ថានភាពអ្វីខ្លះនាពេលអនាគត ដែលអ្នកត្រូវជ្រើសរើសស្តាប់បង្គាប់ព្រះ ជាជាងអ្នកដទៃ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលសេចក្តីពិត និងគំរូដែលអាចជួយអ្នកឲ្យមានអារម្មណ៍ចង់ស្តាប់បង្គាប់ព្រះខ្លាំងជាងមនុស្សដទៃ ។
ពេត្រុស និងយ៉ូហានត្រូវបានគេចាប់ខ្លួន ដោយព្រោះការបង្រៀន និងព្យាបាលនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ
ពេត្រុស និងយ៉ូហានបានប្រឈមមុខនឹងស្ថានភាពដែលពួកលោកត្រូវជ្រើសរើសរវាងការស្តាប់បង្គាប់ព្រះ ឬចុះចាញ់តាមសម្ពាធពីអ្នកដទៃ ។ បន្ទាប់ពីព្យាបាលបុរសខ្វិនម្នាក់នៅព្រះវិហារបរិសុទ្ធ ហើយបន្ទាប់ពីបានផ្សព្វផ្សាយក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ នោះពេត្រុស និងយ៉ូហានត្រូវគេចាប់ខ្លួន យកទៅដាក់គុក និងសួរចម្លើយដោយមេដឹកនាំសាសន៍យូដា ( សូមមើល កិច្ចការ ៣:១–១១ ; ៤:១–៧ ) ។
សូមអាន កិច្ចការ ៤:៨–២១ ដោយរកមើលពីរបៀបដែលពេត្រុស និងយ៉ូហានបានឆ្លើយតបក្នុងស្ថានភាពនេះ ។ សូមពិចារណាពីការគូសសម្គាល់ពាក្យ ឬឃ្លានៅក្នុងខគម្ពីរទាំងនេះ ដែលអ្នកមានអារម្មណ៍ថាសំខាន់ ឬដែលបំផុសគំនិតអ្នកឲ្យជ្រើសរើសស្ដាប់បង្គាប់ព្រះជាជាងរឿងទាំងអស់ផ្សេងទៀត ។ អ្នកអាចទស្សនាវីដេអូ « Peter and John Are Judged » ( ២:៥១ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ខណៈដែលអ្នកផ្ទៀងតាមក្នុងព្រះគម្ពីររបស់អ្នក ។
-
តើពាក្យ ឬឃ្លាអ្វីដែលអ្នកចាប់អារម្មណ៍ពីខគម្ពីរទាំងនេះ ? ហេតុអ្វីទៅ ?
សូមអាន កិច្ចការ ៥:១២–៣២ ហើយបន្តការសិក្សារបស់អ្នកអំពីដំណើររឿងនេះ ។ អ្នកប្រហែលជាគួរតែពិចារណាគូសសម្គាល់គោលលទ្ធិ គោលការណ៍ ឬឃ្លាណាដែលមានអារម្មណ៍ថាសំខាន់ចំពោះអ្នក ។ ឬអ្នកអាចមើល « Peter and John Continue Preaching the Gospel » រហូតដល់លេខកូដម៉ោង ៣:៥១ ។ សូមអាន កិច្ចការ ៥:១២–៣២ ហើយបន្តការសិក្សារបស់អ្នកអំពីដំណើររឿងនេះ ។ អ្នកប្រហែលជាគួរតែពិចារណាគូសសម្គាល់គោលលទ្ធិ គោលការណ៍ ឬឃ្លាណាដែលមានអារម្មណ៍ថាសំខាន់ចំពោះអ្នក ។ ឬអ្នកអាចមើល « Peter and John Continue Preaching the Gospel » រហូតដល់លេខកូដម៉ោង ៣:៥១ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើសេចក្តីពិតអ្វីដែលអ្នករៀនចេញពីដំណើររឿងនេះ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីដំណើររឿងនេះគឺថា ប្រសិនបើយើងជ្រើសរើសស្តាប់តាមបង្គាប់ព្រះ ជាជាងកោតខ្លាចអ្នកដទៃ នោះទ្រង់នឹងគង់នៅជាមួយយើង ។
សូមគិតអំពីស្ថានភាពដែលអ្នកបានរកឃើញនៅដើមមេរៀន ដែលវាអាចនឹងពិបាកក្នុងការស្តាប់បង្គាប់ព្រះ ដោយសារតែមានសម្ពាធពីអ្នកដទៃ ។
-
តើពរជ័យអ្វីខ្លះដែលយើងអាចទទួលបានដោយសារការស្តាប់តាមបង្គាប់ព្រះ ជាជាងការកោតខ្លាចអ្នកដទៃ ?
-
តើអ្នកដឹងអ្វីខ្លះ អំពីព្រះដែលបានផ្តល់ទំនុកចិត្តដល់អ្នកឲ្យដើរតាមទ្រង់—សូម្បីតែនៅពេលអ្នកត្រូវបានអ្នកដទៃដាក់សម្ពាធក្តី ?
-
តើនៅពេលណាដែលអ្នក ឬអ្នកដទៃបានមើលឃើញពីភាពឆ្លាតវៃក្នុងការស្តាប់បង្គាប់ព្រះ ថាជាការប្រសើរជាងការកោតខ្លាចអ្នកដទៃ ? ( អ្នកក៏អាចមើលឃើញគំរូជាច្រើនមកពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះផងដែរ ) ។
គំរូសម័យទំនើប
អែលឌើរ ធារី ឃេ មូតូមបូ នៃពួកចិតសិបនាក់ បានចែកចាយគំរូអំពីគ្រួសារមួយដែលបានជ្រើសរើសគោរពតាមព្រះជាជាងគោរពតាមមនុស្ស ។ ដើម្បីស្តាប់ដំណើររឿងនេះ សូមទស្សនា « Ye Shall Be Free » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៦:៤៣ ដល់ ៨:៥១ ។
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុតអំពីរបៀបដែលគ្រួសារនេះបានឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពួកគេ ?
-
ហេតុអ្វីបានជាអ្នកគិតថា សេចក្តីជំនឿរបស់គ្រួសារនេះទៅលើព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងស្ថានភាពនេះ ?
ពេត្រុស និងយ៉ូហានត្រូវបានគេដោះលែង
មេដឹកនាំសាសន៍យូដាបានពិភាក្សាអំពីអ្វីដែលត្រូវធ្វើចំពោះពេត្រុស និងយ៉ូហាន ។ មេដឹកនាំសាសន៍យូដាដ៏គួរឲ្យគោរពម្នាក់ឈ្មោះកាម៉ាលាស បានលើកទឹកចិត្តពួកគេឲ្យអនុញ្ញាតឲ្យដោះលែងពេត្រុស និងយ៉ូហានទៅ ពីព្រោះគាត់ទទួលស្គាល់ថា ប្រសិនបើពេត្រុស និងយ៉ូហានពិតជាកំពុងធ្វើកិច្ចការរបស់ព្រះមែន នោះមេដឹកនាំសាសន៍យូដានឹងមិនអាចបញ្ឈប់វាបានទេ ( សូមមើល កិច្ចការ ៥:២៩–៣៩ ) ។
សូមអាន កិច្ចការ ៥:៤០–៤២ ហើយសូមពិចារណាគូសសម្គាល់ពាក្យ ឬឃ្លាដែលពិពណ៌នាអំពីអារម្មណ៍របស់ពេត្រុស និងយ៉ូហាន បន្ទាប់ពីបានដកពិសោធន៍នូវអ្វីដែលពួកគេបានធ្វើ ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលបំផុសគំនិតអ្នកឲ្យស្ដាប់បង្គាប់ព្រះវរបិតាសួគ៌ ជាជាងមនុស្ស ?
វិចារណកថា និង ព័ត៌មានសាច់រឿង
ចុះបើខ្ញុំមិនចុះសម្រុងនឹងគេ ដោយសារខ្ញុំជ្រើសរើសស្តាប់បង្គាប់ព្រះវរបិតាសួគ៌វិញនោះ ?
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ឯកោ និងមានការយល់ច្រឡំ—ខ្ញុំធ្លាប់—ដោយសារតែអ្នកមិនចុះសម្រុងនឹងពួកគេ ។ សូមមានអំណរដែលជីវិតដ៏សុចរិតរបស់អ្នកមិនចុះសម្រុងនឹងកន្លែងដែលមិនស័ក្តិសមនឹងអ្នក ។ នេះគឺជាពេលវេលាបណ្តោះអាសន្នមួយនៃការសាកល្បង និងការរីកចម្រើនផ្ទាល់ខ្លួន ។ វានឹងត្រូវបានជំនួសដោយមិត្តភក្តិពិត និងសុភមង្គលទាន់ពេលវេលា និងកាន់តែប្រសើរជាងមុន ។
( រីឆាដ ជី ស្កត « The Power of Righteousness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៨ )
តើខ្ញុំគួរតែការពារជំនឿរបស់ខ្ញុំបែបណា ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ចូររឹងមាំ ។ ចូររស់នៅតាមដំណឹងល្អដោយស្មោះត្រង់ ទោះជាមនុស្សដទៃនៅជុំវិញខ្លួនអ្នកពុំរស់នៅតាមទាល់តែសោះក៏ដោយ ។ ចូរការពារជំនឿទាំងឡាយរបស់អ្នកដោយគួរសម និងក្ដីមេត្តាករុណា ប៉ុន្តែចូរការពារជំនឿទាំងនោះ ។
( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩ )
តើព្រះអង្គសង្គ្រោះបានបង្ហាញថា ទ្រង់បានស្ដាប់បង្គាប់ព្រះវរបិតាសួគ៌ជាជាងមនុស្សយ៉ាងដូចម្ដេច ?
វីដេអូព្រះគម្ពីរប៊ីបខាងក្រោមនេះបង្ហាញពីបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះក្នុងការបម្រើព្រះ ជាជាងធ្វើតាមគំនិតរបស់មនុស្ស ។
សូមមើល « Jesus Forgives Sins and Heals a Man Stricken with Palsy » ( ២:៥៧ ) ដើម្បីមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្ហាញព្រះចេស្ដា និងព្រះទ័យរបស់ទ្រង់ក្នុងការអត់ទោសឲ្យអំពើបាប ពេលអ្នកដទៃចោទសួរអំពីវា ។
សូមមើល « Jesus Heals A Lame Man on the Sabbath » ( ២:២៣ ) ដើម្បីមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានព្យាបាលបុរសម្នាក់ សូម្បីតែពេលដែលមេដឹកនាំសាសន៍យូដាបានគិតថា វាជាការប្រព្រឹត្តមិនសមរម្យសម្រាប់ថ្ងៃឈប់សម្រាកក្តី ។
សូមទស្សនា « Go and Sin No More » ( ៣:២១ ) ដើម្បីមើលពីរបៀបដែលព្រះអង្គសង្គ្រោះមិនបានថ្កោលទោសអ្នកដទៃ សូម្បីតែពេលដែលគេបានដាក់សម្ពាធលើទ្រង់ឲ្យធ្វើដូច្នោះក៏ដោយ ។