ថ្នាក់​សិក្ខាសាលា
ហេព្រើរ ២–៤


ហេព្រើរ ២–៤

ព្រះអង្គសង្គ្រោះអាចជួយយើងនៅគ្រាចាំបាច់របស់យើង

តើអ្នកធ្លាប់ឆ្ងល់ទេថា អ្នកណាខ្លះយល់ច្បាស់ពីអ្វីដែលអ្នកកំពុងឆ្លងកាត់ក្នុងជីវិត ? គម្ពីរហេព្រើរបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានយាងចុះពីបល្ល័ង្កសួគ៌ារបស់ទ្រង់ ដើម្បីរស់នៅជាមនុស្សរមែងស្លាប់នៅលើផែនដី ហើយធ្វើដង្វាយធួនដ៏និរន្ដរ៍សម្រាប់យើង ។ ដោយសារតែហេតុនេះ ទ្រង់ស្គាល់យើងយ៉ាងល្អឥតខ្ចោះ ហើយដឹងយ៉ាងច្បាស់ពីរបៀបជួយយើង ។ មេរៀននេះអាចបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកក្នុងគ្រាចាំបាច់ ។

ការប្រើតន្ត្រីដើម្បីអញ្ជើញព្រះវិញ្ញាណ ។ តន្រ្តី, ជាពិសេសទំនុកតម្កើងរបស់សាសនាចក្រ, អាចដើរតួយ៉ាងសំខាន់ នៅក្នុងការជួយដល់សិស្សឲ្យទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងបទពិសោធន៍នៃការរៀនសូត្រអំពីដំណឹងល្អរបស់ពួកគេ ។ ការច្រៀងទំនុកតម្កើងមួយវគ្គ ឬច្រើនវគ្គដែលទាក់ទងដោយផ្ទាល់នឹងមេរៀន អាចជួយសិស្សឲ្យរៀបចំខ្លួនដើម្បីសិក្សាគោលការណ៍នៃដំណឹងល្អ ឬរំឭកគោលការណ៍ដែលពួកគេបានរៀនឡើងវិញ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាលម៉ា ៧:១១–១៣ ហើយមកថ្នាក់រៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយអំពីមូលហេតុដែលពួកគេមានអារម្មណ៍ថា នេះជាវគ្គបទគម្ពីរដ៏មានតម្លៃដើម្បីឈ្វេងយល់ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ព្រះអង្គសង្គ្រោះត្រាស់យល់

សូមពិចារណាពីការច្រៀងទំនុកតម្កើងដែលរៀបរាប់អំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះ ក្នុងការផ្តល់ការលួងលោម និងភាពសុខសាន្តដល់យើងដើម្បីចាប់ផ្តើមថ្នាក់រៀន ។ សិស្សអាចត្រូវបានសុំឲ្យស្តាប់រកមើលការយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេច្រៀងរួមគ្នា ។

អាន ច្រៀង ឬស្ដាប់ទំនុកតម្កើងបទ « ខ្ញុំរកក្តីសុខឯណា ? » (ទំនុកតម្កើង ល.រ. ៦៩ ) ។

អ្នកក៏អាចមើលវីដេអូ « Where Can I Turn for Peace? » ( ៤:០៣ ) នៅគេហទំព័រ ChurchofJesusChrist.org ផងដែរ ។

4:3
  • តើអ្នកនឹងពន្យល់សារនៃទំនុកតម្កើងនេះជាពាក្យសម្តីផ្ទាល់របស់អ្នកយ៉ាងដូចម្តេច ?

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអំពីអ្វីដែលអ្នកពិតជាត្រូវការជំនួយនៅក្នុងជីវិតរបស់អ្នក ។

នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកសាសន៍ហេព្រើរ ប៉ុលបានបង្រៀនពួកបរិសុទ្ធអំពីព្រះយេស៊ូវគ្រីស្ទ និងពីរបៀបដែលទ្រង់អាចផ្តល់កម្លាំងដល់ពួកគេនៅក្នុងកាលៈទេសៈដែលពួកគេបានជួបប្រទះ ( សូមមើល ហេព្រើរ ៤:១៦ ) ។ នៅពេលអ្នកសិក្សា សូមរកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកបាន ។

សូមពិចារណាបង្កើតតារាងជួរឈរដែលបានផ្តល់ឲ្យខាងក្រោមនៅលើក្តារខៀន ។ នៅពេលសិស្សស្រាវជ្រាវបទគម្ពីរសម្រាប់ចម្លើយ សូមអញ្ជើញពួកគេឲ្យសរសេរការរកឃើញរបស់ពួកគេនៅក្នុងជួរឈរដែលសមស្រប ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតតារាងស្រដៀងគ្នានឹងតារាងខាងក្រោម ៖

ហេតុអ្វីព្រះយេស៊ូវគ្រីស្ទអាចត្រាស់យល់ពីខ្ញុំបាន ?

តើពរជ័យអ្វីខ្លះដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានដល់ខ្ញុំ ដោយសារទ្រង់ត្រាស់យល់ពីខ្ញុំ ?

សូមអាន ហេព្រើរ ២:៩–១០, ១៣–១៨ និង ៤:១២–១៦ ដោយរកមើលចម្លើយចំពោះសំណួរនៅក្នុងតារាង ។ សូមសរសេរចម្លើយនៅខាងក្រោមចំណងជើងដែលសមស្រប ។ សូមកត់ចំណាំថា ហេព្រើរ ២:៩ និង ១៦ គឺថ្លែងពីព្រះយេស៊ូវគ្រីស្ទដែលបានចាកចេញពីបល្ល័ង្កសួគ៌ារបស់ទ្រង់ដើម្បីរស់នៅជាមនុស្សរមែងស្លាប់នៅលើផែនដី ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកទទួលអារម្មណ៍ថា អាចជួយអ្នក ឬអ្នកដទៃបាន ?

សូមស្តាប់ និងសង្កេតដោយប្រុងប្រយ័ត្ន នៅពេលសិស្សចែកចាយជាមួយថ្នាក់រៀន ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្វែងយល់ពីតម្រូវការរបស់សិស្ស ។ ប្រសិនបើចាំបាច់ សូមសួរសំណួរខាងក្រោម ឬសំណួរផ្សេងទៀត ដើម្បីពិភាក្សាឃ្លានានាមកពីព្រះគម្ពីរឲ្យកាន់តែលម្អិត ។

  • ហេតុអ្វីវាអាចជាការលួងលោមដោយដឹងថា ព្រះយេស៊ូវគ្រីស្ទអាចយល់ពី « គំនិត ដែលចិត្តគិត ?» ( ហេព្រើរ ៤:១២ ) ។

  • តើអ្នកយល់យ៉ាងណាពីឃ្លា « ទ្រង់ក៏អាចនឹងជួយដល់អស់អ្នកដែលត្រូវសេចក្តីល្បួងបានដែរ » ? ( ហេព្រើរ ២:១៨ ) ។ សូមកត់ចំណាំថា ពាក្យដែលត្រូវបានបកប្រែថា « ល្បួង » ក៏អាចបកប្រែថា « ល្បងល » ឬ « ដាក់នៅក្រោមការសាកល្បង » ផងដែរ ។ ពាក្យ ជួយ មានន័យថា រត់ទៅរកជំនួយពីនរណាម្នាក់ ។

សេចក្ដីពិតមួយដែលអ្នកអាចស្វែងរកឃើញគឺថា ដោយសារព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ហើយត្រូវបានល្បួងនៅគ្រប់រឿងទាំងអស់ នោះទ្រង់យល់ពីយើងយ៉ាងច្បាស់ ហើយអាចជួយយើងនៅគ្រាចាំបាច់បាន ។ ព្យាការី អាលម៉ា នៅក្នុងព្រះគម្ពីរមរមនក៏បានបង្រៀនសេចក្ដីពិតនេះដែរ ។ សូមពិចារណាធ្វើសេចក្តីយោងឆ្លងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាលម៉ា ៧:១១–១៣ ជាមួយនឹង ហេព្រើរ ២:១៨

សូមអញ្ជើញសិស្សចែកចាយការយល់ដឹងរបស់ពួកគេពីការរៀបចំរបស់សិស្ស ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការត្រាស់យល់ និងជួយអ្នក ។ អ្នកអាចចង់មើលវីដេអូ « Bear Up Their Burdens with Ease » ( ១៦:២៣ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១២:១៥ ដល់ ១៣:២១ ឬអានសេចក្តីថ្លែងការណ៍ដូចតទៅនេះ ។

16:23
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

គ្មានការឈឺចាប់ខាងសាច់ឈាម ការរងរបួសខាងវិញ្ញាណ និងការឈឺចិត្តក្នុងព្រលឹង ការចុកចាប់ ជំងឺ ឬភាពកម្សោយណាដែលអ្នក ឬខ្ញុំជួបក្នុងជីវិតនេះ ដែលព្រះអង្គសង្គ្រោះមិនធ្លាប់បានមានបទពិសោធន៍ជាមុននោះទេ ។ នៅក្នុងគ្រានៃភាពទន់ខ្សោយមួយ យើងអាចនឹងស្រែកឡើងថា « គ្មាននរណាម្នាក់ស្គាល់ពីអារម្មណ៍នេះទេ ។ គ្មាននរណាម្នាក់យល់ទេ » ។ ប៉ុន្តែព្រះរាជបុត្រានៃព្រះត្រាស់ដឹង និងយល់ដ៏ឥតខ្ចោះ ដ្បិតទ្រង់បានដឹង និងរែកបន្ទុករបស់យើងម្នាក់ៗ ។ ហើយព្រោះតែពលិកម្មដ៏និរន្តរ៍ និងដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ( សូមមើល អាលម៉ា ៣៤:១៤ ) នោះទើបទ្រង់មានការយល់ដឹងដ៏ឥតខ្ចោះ ហើយអាចលាតព្រះហស្ដនៃសេចក្តីមេត្តាកុរណារបស់ទ្រង់មករកយើង ។ ទ្រង់អាចឈោងព្រះហស្ដ ប៉ះ ជួយសង្គ្រោះ ប្រោស និងពង្រឹងយើង ហួសពីអ្វីៗដែលយើងអាចធ្វើបាន ហើយជួយយើងឲ្យធ្វើអ្វីដែលយើងមិនអាចធ្វើបាន ដោយការពឹងតែទៅលើអំណាចយើងផ្ទាល់នោះ ។

( ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០ )

  • តើ អាលម៉ា ៧:១១–១៣ ឬសេចក្ដីថ្លែងការណ៍ដោយអែលឌើរ បែដណា ជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយដល់អ្នកយ៉ាងដូចម្ដេច ?

សូមគិតអំពីគំរូ—ពីជីវិតរបស់អ្នក ជីវិតរបស់អ្នកដទៃ ឬបទគម្ពីរ—ដែលបង្ហាញពីការយល់ដឹងដ៏ឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះអំពីបទពិសោធន៍ និងតម្រូវការរបស់យើង ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការគិតអំពីឧទាហរណ៍មួយ សូមពិចារណាសិក្សា យ៉ូហាន ១១:២១–២៧, ៣២–៣៦ ; ម៉ូសាយ ២៤:១១–១៥គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៥–៩

  • តើឧទាហរណ៍នេះអាចជួយអ្នកឲ្យពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍ទាំងឡាយដែលពួកគេបានរកឃើញ ។ ប្រសិនបើសិស្សស្ទាក់ស្ទើរក្នុងការចែកចាយ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬពិភាក្សាអំពីវគ្គបទគម្ពីរដែលបានផ្តល់ឲ្យ ។

ការចូលមកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន

សូមអាន ហេព្រើរ ៤:១៦ ដោយរកមើលអ្វីដែលប៉ុលអញ្ជើញយើងឲ្យធ្វើ ដើម្បីទទួលបានជំនួយដែលយើងត្រូវការ ។ សូមគិតដល់ការគូសចំណាំអ្វីដែលអ្នករកឃើញ ។

សម្រាប់ឧទាហរណ៍មួយចំនួនអំពីរបៀបដែលយើងអាចចូលទៅកាន់បល្ល័ង្កនៃព្រះគុណ សូមមើលវីដេអូ « Reach Up to Him in Faith » ( ៣:៥៤ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org

3:54
  • តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « មកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន » ?

វាអាចមានប្រយោជន៍ដើម្បីចង្អុលបង្ហាញថា នៅពេលដែលយើងមកចំពោះព្រះភក្ត្រព្រះ វាគួរតែធ្វើឡើងដោយការគោរពដ៏រាបសា ការថ្វាយបង្គំដ៏ខ្ពង់ខ្ពស់ និងការអង្វរសុំអភ័យទោស ។ យើងអាចមានទំនុកចិត្តមិនមែនដោយសារតែភាពល្អ ឬសមត្ថភាពរបស់យើងផ្ទាល់នោះទេ ប៉ុន្តែដោយសារក្តីមេត្តារបស់ព្រះយេស៊ូវគ្រីស្ទ ដែលធ្វើឲ្យយើងអាចមកចំពោះព្រះភក្ត្រព្រះ ( សូមមើល នីហ្វៃទី២ ២:៨ ) ។

  • តើយើងគួរមានទំនុកចិត្តលើអ្វីខ្លះនៅពេលចូលទៅរកព្រះ ?

  • តើដើម្បី « មកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន » អាចមានសភាព និងមានអារម្មណ៍បែបណា ?

សូមពិចារណាចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សូមអញ្ជើញសិស្សឲ្យចូលមកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន ដើម្បីស្វែងរកកម្លាំង និងជំនួយនៅពេលដែលពួកគេត្រូវការ ។

វិចារណកថា និងព័ត៌មានសាច់រឿង

តើការបន្ទាបព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Official portrait of Elder Quentin L. Cook. Called to the Quorum of the Twelve Apostles on 6 October 2007.

គំរូនៃភាពរាបសា និងពលិកម្មរបស់ព្រះអង្គសង្គ្រោះសម្រាប់មនុស្សលោកទាំងអស់គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ។ សូម្បីតែព្រះអង្គសង្គ្រោះដែលជាសមាជិកមួយអង្គនៃក្រុមព្រះក៏បានស្ម័គ្រព្រះទ័យយាងមកកាន់ផែនដីជាទារកដ៏ទន់ទាប ហើយចាប់ផ្ដើមជីវិតដែលរួមមាននូវការបង្រៀន ការព្យាបាលដល់បងប្អូនប្រុសស្រីរបស់ទ្រង់ ហើយទីបំផុតរងការឈឺចាប់ដែលពុំអាចពិពណ៌នាបាននៅឯសួនច្បារគែតសេម៉ានី និងលើឈើឆ្កាងដើម្បីធ្វើឲ្យដង្វាយធួនរបស់ទ្រង់បានល្អឥតខ្ចោះ ។ ទង្វើនៃក្ដីស្រឡាញ់ និងចិត្តរាបសារបស់ព្រះគ្រីស្ទត្រូវបានគេស្គាល់ថា ជាការបន្ទាបព្រះកាយរបស់ទ្រង់ ។ ទ្រង់ធ្វើបែបនេះសម្រាប់មនុស្សគ្រប់គ្នាដែលព្រះបានបង្កើត ឬនឹងបង្កើតឡើង ។

( ឃ្វីនថិន អិល ឃុក « The Eternal Everyday » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥២ )

ហេព្រើរ ៤:១៥ ។ តើព្រះយេស៊ូវពិតជា « ត្រូវល្បួងដូចយើងដែរឬទេ ? »

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–១៩៩៥ ) បានបង្រៀនដូចតទៅនេះ ៖

Howard W. Hunter

វាជាការណ៍ដ៏សំខាន់មួយដើម្បីចងចាំថា ព្រះយេស៊ូវអាចនឹងប្រព្រឹត្តអំពើបាបបាន ថាទ្រង់អាចស្ម័គ្រព្រះទ័យចុះចាញ់ នោះផែនការនៃជីវិត និងសេចក្ដីសង្គ្រោះនឹងត្រូវបានធ្វើឲ្យខកខាន ប៉ុន្ដែទ្រង់នៅតែបន្ដស្មោះត្រង់ ។ ប្រសិនបើអារក្សសាតាំងគ្មានលទ្ធភាពល្បួងទាក់ទាញទ្រង់ទេ នោះវានឹងគ្មានការសាកល្បងដ៏ពិតប្រាកដនោះទេ វាក៏នឹងគ្មានលទ្ធផលដ៏ជោគជ័យអាចកើតឡើងឡើយ ។ ប្រសិនបើទ្រង់ត្រូវបានគេដកចេញពីអំណាចដើម្បីធ្វើអំពើបាប នោះទ្រង់នឹងត្រូវបានដកចេញពីសិទ្ធិជ្រើសរើសរបស់ទ្រង់ដែរ ។ គឺជាទ្រង់ហើយដែលបានមកការពារ និងធានាដល់សិទ្ធិជ្រើសរើសរបស់មនុស្ស ។ ទ្រង់ត្រូវតែរក្សាលទ្ធភាព និងសមត្ថភាពធ្វើអំពើបាប ប្រសិនបើទ្រង់ចង់ធ្វើដូច្នេះ ។ ដូចប៉ុលបានសរសេរថា « ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ » ( ហេព្រើរ ៥:៨ ) ហើយទ្រង់ « បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ » ( ហេព្រើរ ៤:១៥ ) ។ ទ្រង់ឥតខ្ចោះ និងគ្មានអំពើបាបសោះឡើយ មិនមែនដោយសារតែទ្រង់ត្រូវតែដូច្នោះនោះទេ ប៉ុន្ដែវាគឺដោយសារតែទ្រង់បានចង់ក្លាយជាដូច្នោះយ៉ាងពិត និងដោយការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ ។

( ហាវើដ ដបុលយូ ហឹនធើរ « The Temptations of Christ » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ទំព័រ ១៩ )

ហេព្រើរ ៤:១៦ ។ តើ « បល្ល័ង្កនៃព្រះគុណ » មានសារៈសំខាន់យ៉ាងណា ?

« នៅក្នុងវប្បធម៌បុរាណជាច្រើន ការចូលទៅជិតរាជបល្ល័ង្កដោយគ្មានការអញ្ជើញគឺជាការប្រថុយជីវិត ប៉ុន្តែបើទៅតាមការអញ្ជើញរបស់ស្តេចវិញ នោះបុគ្គលម្នាក់អាចចូលទៅជិត ហើយនិយាយដោយមានទំនុកចិត្ត ។ ការចូលទៅជិតព្រះ ‹ ដោយក្លាហាន › មានន័យថា គឺការមានទំនុកចិត្តថា ព្រះសព្វព្រះទ័យឲ្យយើងចូលទៅជិតបល្ល័ង្ករបស់ទ្រង់ ហើយថាយើងនឹងទទួលបានជំនួយពីទ្រង់ » ( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៨ ] ទំព័រ ៤៧៧ ) ។

ទាក់ទងនឹងសេចក្ដីមេត្តាករុណាដែលព្រះបានប្រទានដល់យើង អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ប្រាកដណាស់ រឿងដែលព្រះសព្វព្រះទ័យខ្លាំងបំផុតអំពីការធ្វើជាព្រះនោះគឺ ការរំភើបព្រះទ័យក្នុងការមានក្តីមេត្តាករុណា ជាពិសេសដល់អស់អ្នកទាំងឡាយណា ដែលពុំរំពឹងថា នឹងទទួលបានវា ហើយដែលជារឿយៗពួកគេមានអារម្មណ៍ថា ពួកគេពុំសមនឹងទទួលវា ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ )

សកម្មភាពរៀនសូត្របន្ថែម

ការសាកល្បងរបស់ខ្ញុំអាចជួយខ្ញុំឲ្យយល់ និងជួយអ្នកដទៃ

បន្ទាប់ពីពិភាក្សាអំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការយល់ពីយើង សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖

Last official portrait of Elder Joseph B. Wirthlin of the Quorum of the Twelve Apostles, 2004. Died December 1, 2008.

ដោយសារព្រះយេស៊ូវគ្រីស្ទបានរងទុក្ខយ៉ាងខ្លាំងក្លា នោះទ្រង់យល់ពីការរងទុក្ខរបស់យើង ។ ទ្រង់យល់ពីភាពសោកសៅរបស់យើង ។ យើងជួបរឿងលំបាកៗដើម្បីយើងក៏អាចមានសេចក្ដីមេត្តាករុណា និងការយល់ចិត្តកាន់តែច្រើនចំពោះមនុស្សផ្សេងទៀត ។

( យ៉ូសែប ប៊ី វ៉ឺតលីន « Come What May, and Love It » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៧ )

ដើម្បីជួយសិស្សឲ្យសញ្ជឹងគិតអំពីសេចក្ដីថ្លែងការណ៍នេះ សូមសួរសំណួរដូចជា « តើពេលណាដែលអ្នកត្រូវបានបុគ្គលម្នាក់ដែលធ្លាប់មានបទពិសោធន៍ស្រដៀងនឹងអ្នកបានលួងលោមអ្នក ? « តើអ្នកបានយល់កាន់តែច្បាស់ពីអ្នកដទៃដោយរបៀបណាដោយសារការសាកល្បងដែលអ្នកបានជួបប្រទះនោះ ? »

« ព្រះអង្គសង្គ្រោះយល់ពីខ្ញុំ »

ជំនួសឲ្យសេចក្តីថ្លែងការណ៍របស់អែលឌើរ ដេវីឌ អេ បែដណា សូមពិចារណាបង្ហាញវីដេអូ « The Savior Understands Me » ( ៣:៣៧ ) ដែលមានបង្ហាញអំពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ វីដេអូនេះមាននៅគេហទំព័រ ChurchofJesusChrist.org

3:37