ហេព្រើរ ១–១០
« ជានាមដែលប្រសើរជាង »
អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទទាំងអស់នឹងឆ្លងកាត់ការសាកល្បងនៃសេចក្តីជំនឿរបស់ពួកគេ ។ ករណីនេះបានកើតឡើងចំពោះពួកគ្រីស្ទាននៃសាសន៍យូដា ។ ក្រោមសម្ពាធនៃការបៀតបៀនផ្សេងៗ មនុស្សជាច្រើនបានដកខ្លួនចេញពីសាសនាចក្រ ហើយត្រឡប់ទៅរកសុវត្ថិភាពនៃទំនាកទំនងនៃការថ្វាយបង្គំបែបសាសន៍យូដានៅឯសាលាប្រជុំវិញ ។ ប៉ុលចង់បង្ហាញពួកគ្រីស្ទានសាសន៍យូដាទាំងនេះថា ព្រះយេស៊ូវអស្ចារ្យជាង ម៉ូសេ ហើយថាការងារបម្រើរបស់ទ្រង់បាននាំមកនូវសេចក្តីសញ្ញាថ្មីដ៏ឧត្តុងឧត្តមលើសេចក្តីសញ្ញាចាស់នៅក្រោមក្រឹត្យវិន័យរបស់ម៉ូសេ ។ មេរៀននេះអាចជួយពង្រឹងសេចក្តីជំនឿរបស់អ្នកទៅលើព្រះអង្គសង្គ្រោះ នៅពេលអ្នករៀនអំពីព្រះចេស្ដារបស់ទ្រង់លើគ្រប់ការណ៍ទាំងអស់ ដោយកំណត់អត្តសញ្ញាណនិងសិក្សាពីព្រះបរមងារនិងតួនាទីមួយចំនួនរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ
សូមចំណាយពេលមួយនាទី ហើយសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវពាក្យ ឬឃ្លាជាច្រើនដែលពិពណ៌នាអំពីខ្លួនអ្នកទៅតាមអ្វីដែលអ្នកអាចគិតឃើញ ។
-
ហេតុអ្វីបានជាអ្នកប្រើពាក្យ និងឃ្លាដែលអ្នកបានពិពណ៌នា ?
គឺដូចជាអ្នកមានពាក្យ ឬឃ្លាដែលពិពណ៌នាអំពីខ្លួនអ្នក ដែរ ព្រះយេស៊ូវគ្រីស្ទក៏មានព្រះនាម ឬព្រះបរមងារជាច្រើនដែលពិពណ៌នាអំពីទ្រង់ផងដែរ ។ នៅពេលយើងស្គាល់ព្រះបរមងារទាំងនេះកាន់តែច្បាស់ នោះយើងយល់កាន់តែច្បាស់ថាតើទ្រង់ជានរណា និងថាទ្រង់ស្រឡាញ់យើងប៉ុណ្ណា ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអំពីព្រះបរមងារមួយចំនួនដែលអ្នកស្គាល់រួចហើយ សម្រាប់ព្រះអង្គសង្គ្រោះ ។
-
តើការស្គាល់ និងការយល់ដឹងអំពីព្រះបរមងារទាំងនេះរបស់ព្រះយេស៊ូវគ្រីស្ទ មានឥទ្ធិពលលើរបៀបដែលអ្នកមានទស្សនៈអំពីទ្រង់យ៉ាងដូចម្ដេច ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីរបៀបដែលយើងអាចទទួលបានពរជ័យ នៅពេលយើងរៀនបន្ថែមអំពីព្រះអង្គសង្គ្រោះ ៖
កាលណាបងប្អូនរៀនពីព្រះអង្គសង្គ្រោះកាន់តែច្រើន នោះវាកាន់តែងាយស្រួលដើម្បីទុកចិត្តលើសេចក្ដីមេត្តាករុណារបស់ទ្រង់ សេចក្ដីស្រឡាញ់ដ៏និរន្ដរ៍របស់ទ្រង់ និងព្រះចេស្ដារបស់ទ្រង់ក្នុងការពង្រឹង ព្យាបាល និងប្រោសលោះ ។
( រ័សុល អិម ណិលសុន « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ )
-
តើអ្នកត្រូវការជំនួយពីព្រះអង្គសង្គ្រោះតាមរបៀបណាខ្លះ ចំពោះអ្វីដែលប្រធាន ណិលសុន បានពិពណ៌នា ?
ដូចជាយើងត្រូវការព្រះអង្គសង្គ្រោះដែរ ដូច្នេះពួកគ្រីស្ទានសាសន៍យូដាដែលមិនចូលរួមការប្រជុំសាសនាចក្រដោយសារការបៀតបៀន និងសម្ពាធផ្សេងទៀតក៏ត្រូវការទ្រង់ដូចគ្នា ។ ពួកគេបានបែរទៅរកការថ្វាយបង្គំដែលពួកគេធ្លាប់ស្គាល់ និង ទំនាក់ទំនងដ៏សុខសាន្តនៃទំនៀមទម្លាប់របស់ពួកសាសន៍យូដា ដែលមិនរួមបញ្ជូលនឹងការជឿទៅលើព្រះយេស៊ូវគ្រីស្ទឡើយ ( សូមមើល ហេព្រើរ ១០:២៥, ៣៨–៣៩ ) ។ អ្នកអាចស្វែងយល់បន្ថែមអំពីសំបុត្រនេះដោយសិក្សា « ហេព្រើរ, សំបុត្រដល់ពួក » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ។
សូមស្វែងរកព្រះបរមងារ និងតួនាទីផ្សេងទៀតរបស់ព្រះយេស៊ូវគ្រីស្ទ
ប៉ុលបានចែកចាយព្រះបរមងារ និងតួនាទីជាច្រើនរបស់ព្រះអង្គសង្គ្រោះ ដែលអាចនឹងជួយពួកបរិសុទ្ធឲ្យទទួលស្គាល់តម្រូវការរបស់ពួកគេសម្រាប់ទ្រង់ ។ ជាឧទាហរណ៍ ហេព្រើរ ១:២ សង្កត់ធ្ងន់លើព្រះបរមងាររបស់ព្រះអង្គសង្គ្រោះដែលជា « ព្រះរាជបុត្រា » ដែលទាក់ទងនឹងការដែលទ្រង់ « គ្រងរបស់ទាំងអស់ ទុកជាមរដក » ។ ហេព្រើរ ១:២, ១០ ពន្យល់អំពីតួនាទីរបស់ព្រះយេស៊ូវជាអង្គបង្កបង្កើតស្ថានសួគ៌ និងផែនដី ។
ឥឡូវនេះ អ្នកបានឃើញឧទាហរណ៍មួយចំនួននៃព្រះបរមងាររបស់ព្រះអង្គសង្គ្រោះ សូមអានខគម្ពីរខាងក្រោម ហើយរកមើលព្រះបរមងារ និងតួនាទីបន្ថែមទៀតរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាគូសសម្គាល់អ្វីដែលអ្នករកឃើញ ។
-
តើសេចក្ដីពិតអ្វីដែលអ្នកបានកត់សម្គាល់អំពីព្រះអង្គសង្គ្រោះពីព្រះបរមងារ និងតួនាទីរបស់ទ្រង់មួយ ឬច្រើន ?
សូមជ្រើសរើសព្រះបរមងារឬតួនាទីដែលពណ៌នាអំពីសកម្មភាពដែលអ្នកត្រូវការឲ្យព្រះយេស៊ូវគ្រីស្ទ ចាត់ចែងក្នុងជីវិតរបស់អ្នក ហើយសរសេរវានៅចំកណ្តាលក្រដាសមួយសន្លឹក ។ ការប្រើប្រាស់ព្រះគម្ពីរ កម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រChurchofJesusChrist.org រកមើលការយល់ដឹងបន្ថែមអំពីព្រះបរមងារនៃព្រះយេស៊ូវគ្រីស្ទដែលអ្នកបានជ្រើសរើស ។ របៀបមួយដើម្បីចាប់ផ្តើមការសិក្សារបស់អ្នកគឺដោយស្វែងរក ច្រកចូលទៅរក« ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ ក៏នៅក្នុ Topical Guide ។ បន្ទាប់មក អ្នកអាចរកមើលបទគម្ពីរផ្សេងៗដែលផ្តោតទៅលើព្រះអង្គសង្គ្រោះ ។
ជុំវិញព្រះបរមងារ សូមសរសេរគំនិតរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ហើយហេតុអ្វីបានជាព្រះបរមងារនោះមានអត្ថន័យសម្រាប់អ្នក ។ គំនិតទាំងនេះអាចរួមបញ្ចូល
-
ឃ្លាពីខគម្ពីរ ឬពាក្យដកស្រង់ដែលអ្នកអាន
-
គំនិតអំពីរបៀបដែលការបំពេញតួនាទីរបស់ព្រះអង្គសង្គ្រោះអាចជួយអ្នកក្នុងជីវិតរបស់អ្នក
-
ការយល់ដឹងរបស់អ្នកអំពីរបៀបដែលចំណេះដឹងអំពីព្រះបរមងារនោះអាចពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទនិង
-
សំណួរណាមួយដែលអ្នកមានអំពីព្រះបរមងារនោះ ។
ឥឡូវនេះ អ្នកបានអនុវត្តកត់សម្គាល់ព្រះនាមនិងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតថាតើអ្នកកំពុងប្រើជំនាញនេះបានល្អប៉ុណ្ណាក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ។
-
តើការស្វែងរកព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទបានជួយអ្នកឲ្យស្គាល់ទ្រង់កាន់តែច្បាស់ដោយរបៀបណា ?
-
តើអ្នកអាចបញ្ចូលការសិក្សាព្រះបរមងារនៃព្រះយេស៊ូវគ្រីស្ទទៅក្នុងការសិក្សាព្រះគម្ពីរជាប្រចាំរបស់អ្នកដោយរបៀបណា ?
សូមរកមើលព្រះបរមងារនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នក និងជាមួយក្រុមគ្រួសាររបស់អ្នក នៅពេលអ្នកបន្តសិក្សាព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរផ្សេងទៀត ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីខ្ញុំគួររៀនអំពីព្រះយេស៊ូវគ្រីស្ទ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ប្រសិនបើអ្នកបន្តរៀនអំពីព្រះយេស៊ូវគ្រីស្ទឲ្យអស់ពីសមត្ថភាព ខ្ញុំសូមសន្យានឹងអ្នកថា សេចក្តីស្រឡាញ់របស់អ្នកចំពោះទ្រង់ និងចំពោះក្រឹត្យវិន័យរបស់ព្រះ នឹងរីកចម្រើនលើសពីអ្វីដែលអ្នកនឹកស្រមៃនាពេលបច្ចុប្បន្ននេះ ។ ខ្ញុំក៏សូមសន្យានឹងអ្នកដែរថា សមត្ថភាពរបស់អ្នកដើម្បីងាកចេញពីអំពើបាបនឹងកើនឡើង ។ បំណងប្រាថ្នារបស់អ្នកដើម្បីរក្សាបទបញ្ញត្តិនឹងចម្រើនឡើង ។ អ្នកនឹងឃើញថាខ្លួនអ្នកអាចដើរចេញពីការកម្សាន្ត និងការជាប់ជំពាក់ជាមួយមនុស្សដែលមើលងាយដល់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរជាងមុន ។ …
សូមសិក្សាអ្វីគ្រប់យ៉ាងដែល ជា ព្រះយេស៊ូវគ្រីស្ទដោយការអធិស្ឋាន និងដោយការខិតខំស្វះស្វែងដើម្បីយល់ពីអ្វីដែលព្រះបរមងារ និងព្រះនាមនីមួយៗរបស់ទ្រង់មានន័យសម្រាប់អ្នកផ្ទាល់ ។
( រ័សុល អិម ណិលសុន ដោយគូសបញ្ជាក់បន្ថែមថា « Prophets, Leadership, and Divine Law [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ ] ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org សេចក្ដី បញ្ជាក់ បន្ថែម )
ហេព្រើរ ១:២, ១០ ។ តើតួនាទីរបស់ព្រះយេស៊ូវដែលជាអង្គបង្កបង្កើតអាចមានឥទ្ធិពលលើជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
ឆាដ អេច វិប អ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាបានពន្យល់ ៖
បងប្អូនប្រហែលជាចាំថា ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាវិចិត្រករដ៏ចំណានម្នាក់ដែលចូលចិត្តឆ្លាក់សត្វចាបឈើ ។ ថ្ងៃមួយ លោកជាអ្នកដំណើរក្នុងឡានមួយដែលបើកដោយអែលឌើរ អេ សៀដ័រ ធូថល ហើយមានរូបចម្លាក់មួយរបស់លោកបានដាក់នៅលើកៅអីអង្គុយខាងក្រោយ ។ នៅផ្លូវបំបែក អែលឌើរ ធូថល បានជាន់ហ្វ្រាំងយ៉ាងខ្លាំង ធ្វើឲ្យរូបចម្លាក់នោះធ្លាក់ដាំក្បាលចុះ ហើយបែកខ្ទេច ។ អែលឌើរ ធូថល បានភ័យរន្ធត់ជាខ្លាំង ប៉ុន្ដែប្រធាន ផាកកឺ មិនរន្ធត់សោះ ។ លោកបាននិយាយធម្មតាថា « មិនអីទេ ។ ខ្ញុំបានធ្វើវា ។ ខ្ញុំអាចជួសជួលវាបាន » ។ ហើយគាត់បានធ្វើវា ។ លោកបានធ្វើឲ្យវាមាំជាងមុន ហើយថែមទាំងកែលម្អវាបន្ដិចទៀតផង ។ ប្រធាន ផាកកឺ បានពន្យល់ថា « តើនរណាបានបង្កើតអ្នក ? តើនរណាជាអង្គបង្កបង្កើតរបស់អ្នក ? គ្មានអ្វីណាមួយអំពីជីវិតរបស់អ្នកដែលទ្រុឌទ្រោម ឬខូចដែលទ្រង់មិនអាចជួលជុលវាបាននោះទេ ហើយទ្រង់នឹងជួសជុលបាន » ។
( ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ដែលមាននៅលើគេហទំព័រChurchofJesusChrist.org )
តើការស្គាល់ព្រះយេស៊ូវគ្រីស្ទអាចនាំឲ្យខ្ញុំមានសេចក្ដីសង្ឃឹមយ៉ាងដូចម្ដេច ?
បទពិសោធន៍ខាងក្រោមដែលបានចែកចាយដោយអែលឌើរ រ៉ូណាល់ អេ រ៉ាសបាន អាចជួយយើងឲ្យយល់ពីរបៀបដែលការស្គាល់ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទអាចផ្តល់ក្តីសង្ឃឹម ។
ហេព្រើរ ២:១០ ។ តើព្រះយេស៊ូវគ្រីស្ទជា« មេដឹកនាំនៃសេចក្ដីសង្គ្រោះ[ របស់យើង ] »តាមរបៀបណា ?
ផតខាសទាំងប៉ុន្មានភាគ ខាងក្រោមចែកចាយការយល់ដឹងអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទជាមេដឹកនាំនៃសេចក្តីសង្រ្គោះរបស់យើង ៖