ហេព្រើរ ៧–១០
« បានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច »
តើអ្នកធ្លាប់ជួបប្រទះគ្រាមួយដែលអ្នកត្រូវការឲ្យសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទត្រូវបានបញ្ជាក់ដែរឬទេ ? តើនៅពេលណាអ្នកទទួលអារម្មណ៍ថា អ្នកត្រូវការជំនួយបន្ថែមខ្លះដើម្បីបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ? ពួកបរិសុទ្ធហេព្រើរកំពុងស្វែងរកការធានាអំពីសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងអំណាចរបស់ទ្រង់ដើម្បីសង្គ្រោះ ។ ប៉ុលបានសរសេរទៅពួកគេដើម្បីផ្តល់ការធានានេះ ។ លោករំឭកដល់ពួកគេថា ក្រឹត្យវិន័យរបស់ម៉ូសេផ្ទាល់គឺចង្អុលបង្ហាញទៅរកព្រះយេស៊ូវគ្រីស្ទ ហើយដង្វាយធួនរបស់ទ្រង់គឺជាប្រភពពិតនៃសេចក្តីសង្គ្រោះ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់អ្នក ដោយជួយអ្នកឲ្យយល់អំពីនិមិត្តរូបពីបុរាណនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
« គ្រប់អ្វីទាំងអស់ធ្វើទីបន្ទាល់អំពី [ ព្រះយេស៊ូវគ្រីស្ទ ] » ( ម៉ូសេ ៦:៦៣ )
សូមស្វែងរកវត្ថុនៅជិតៗនោះដែលរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ឬអាចប្រើដើម្បីថ្លែងទីបន្ទាល់អំពីទ្រង់ ។ សូមពិចារណាអំពីអ្វីដែលវត្ថុនោះរំឭកអ្នក ( ឬតំណាងឲ្យ ) ព្រះយេស៊ូវគ្រីស្ទ ។
សូមបំពេញសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រើវត្ថុនេះ ៖
« __________________ រំឭកខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ ដោយសារ ________________________ » ។
-
តើនិមិត្តរូប និងការប្រៀបធៀបបែបនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នកយ៉ាងដូចម្ដេច ?
ព្រះគម្ពីរកត់ត្រាថា អ្វីៗទាំងអស់ដែលព្រះបានប្រទានមកធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ សូមមើល នីហ្វៃ ទី២ ១១:៤ ; ម៉ូសេ ៦:៦៣ ) ។
-
តើការចងចាំការណ៍នេះជួយអ្នកយ៉ាងដូចម្ដេច ?
ពិធីការនានា និងពិធីបរិសុទ្ធនៃក្រឹត្យវិន័យរបស់ម៉ូសេ គឺមានចេតនាធ្វើជា « គំរូ » ឬ « ស្រមោល » ដែលចង្អុលប្រាប់ពួកអ៊ីស្រាអែលឲ្យទៅកាន់ព្រះយេស៊ូវគ្រីស្ទ និងការពលិកម្មធួនរបស់ទ្រង់ ( សូមមើល នីហ្វៃ ទី២ ១១:៤ ; យ៉ាកុប ៤:៤–៥ ; ម៉ូសាយ ៣:១៥ ) ។ នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកសាសន៍ហេព្រើរ ប៉ុលបានពិភាក្សាអំពីនិមិត្តសញ្ញានៃក្រឹត្យវិន័យរបស់ម៉ូសេ និងរោងឧបោសថបុរាណ ដើម្បីរំឭកដល់ពួកបរិសុទ្ធអំពីតម្រូវការរបស់ពួកគេសម្រាប់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ លោកចង់ជួយពួកបរិសុទ្ធសាសន៍យូដាឲ្យបន្តស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ ជាជាងការត្រឡប់ទៅធ្វើតាមក្រឹត្យវិន័យរបស់ម៉ូសេ—ហើយការបង្រៀនរបស់លោកក៏អាចជួយយើងផងដែរ នៅពេលយើងព្យាយាមរក្សាភាពស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះសព្វថ្ងៃនេះ ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសយល់កាន់តែច្បាស់អំពីរបៀបដែលនិមិត្ដរូបនៅក្នុងបទគម្ពីរដែលចង្អុលប្រាប់យើង និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ពួកសង្ឃតាមរបៀបលោកម៉ិលគីស្សាដែក
នៅក្នុងសំបុត្ររបស់ប៉ុលទៅកាន់ពួកសាសន៍ហេព្រើរ សង្ឃជាន់ខ្ពស់ និងសង្ឃដទៃទៀតនៃពួកសាសន៍អ៊ីស្រាអែលពីបុរាណជានិមិត្តរូបអំពីព្រះយេស៊ូគ្រីស្ទ ។
តួនាទីមួយរបស់សង្ឃគឺដើរតួជាអ្នកកណ្តាល ជានិមិត្តរូបនៃការឈរនៅចន្លោះមនុស្ស និងព្រះ ។ ពួកគេបានបំពេញតួនាទីនេះដោយថ្វាយយញ្ញបូជាសត្វប្រចាំថ្ងៃសម្រាប់អំពើបាប និងការរំលងរបស់សាសន៍អ៊ីស្រាអែល ( សូមមើល លេវីវិន័យ ១ ; ហេព្រើរ ១០:១១ ) ។ ការណ៍នេះត្រូវបានធ្វើនៅក្នុងរោឧបោសថ ។
សូមអាន ហេព្រើរ ៧:២២–២៨ ដោយកត់សម្គាល់ចំពោះការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ហេព្រើរ ៧:២៥–២៦ ( មាននៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ) ។ សូមរកមើលរបៀបដែលសកម្មភាពរបស់សង្ឃជាន់ខ្ពស់ទាំងនេះជួយយើងឲ្យយល់ថា ព្រះយេស៊ូវគ្រីស្ទបានថ្វាយព្រះជន្មទ្រង់ផ្ទាល់ជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង ។ សូមពិចារណាអំពីនិយមន័យខាងក្រោមនៅពេលអ្នកសិក្សា ៖
ពាក្យ « ធានា » នៅក្នុង ហេព្រើរ ៧:២២ សំដៅទៅលើអ្នកដែលធានាបំណុលហិរញ្ញវត្ថុរបស់អ្នកដទៃ ។
« សេចក្តីសញ្ញាដ៏ប្រសើរជាង » សំដៅលើសេចក្ដីសញ្ញានៃដំណឹងល្អដ៏ខ្ពង់ខ្ពស់ដែលបានបង្កើតឡើងដោយព្រះគ្រីស្ទ ។
ពាក្យ « ទ្រង់ » នៅក្នុង ហេព្រើរ ៧:២៤ សំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ។
ពាក្យ « សព្វគ្រប់ » នៅក្នុង ហេព្រើរ ៧:២៥ មានន័យថា « ទាំងស្រុង » និង « ដ៏នៅអស់កល្បជានិច្ច » ។
-
តើពាក្យ ឬឃ្លាណាខ្លះនៅក្នុងខគម្ពីរទាំងនេះដែលមានអត្ថន័យបំផុតសម្រាប់អ្នក ? ហេតុអ្វី ?
-
តើអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានថ្វាយព្រះជន្មទ្រង់ផ្ទាល់ជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ឬបទពិសោធន៍អ្វីខ្លះដែលអ្នកមានជាមួយទ្រង់ ដែលផ្តល់ឲ្យអ្នកនូវទំនុកចិត្តថា ទ្រង់អាចសង្គ្រោះអ្នកបាន ?
និមិត្តរូបនៃរោងឧបោសថបុរាណ
មួយឆ្នាំម្តង នៅថ្ងៃនៃដង្វាយធួន ( សូមមើល លេវីវិន័យ ១៦ ) សង្ឃជាន់ខ្ពស់បានធ្វើយញ្ញបូជាសត្វពិសេស មុនពេលចូលទៅក្នុងផ្នែកនៃរោងឧបោសថដែលគេស្គាល់ថា ជាកន្លែងបរិសុទ្ធបំផុត ( ឬទីបរិសុទ្ធលើអស់ទាំងបរិសុទ្ធ ) ។ ផ្នែកនៃរោងឧបោសថនេះជានិមិត្តរូបនៃនគរសេឡេស្ទាល ឬវត្តមានរបស់ព្រះ ។ យញ្ញបូជាទាំងនេះ និងសកម្មភាពរបស់សង្ឃជាន់ខ្ពស់គឺមានបំណងធ្វើជានិមិត្តរូបអំពីរបៀបដែលព្រះយេស៊ូវ ជាសង្ឃជាន់ខ្ពស់ដ៏អស្ចារ្យធ្វើយញ្ញបូជាដែលនឹងរៀបចំផ្លូវសម្រាប់ប្រជាជនឲ្យចូលទៅក្នុងវត្តមានរបស់ព្រះ ( សូមមើល ហេព្រើរ ៩:១–១៥ ) ។
ប្រសិនបើអាច សូមមើល « The Tabernacle » ( ៧:១៨ ) ដើម្បីយល់កាន់តែច្បាស់អំពីនិមិត្តរូបនេះ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមរកមើលចម្លើយចំពោះសំណួរខាងក្រោម ពេលអ្នកអាន ហេព្រើរ ៩:១១–១៥, ២៤, ២៨ ឬ ហេព្រើរ ១០:៤, ១០–១៧ ។
-
តើអ្នកបានរៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ?
-
ផ្អែកលើខគម្ពីរទាំងនេះ តើពរជ័យអ្វីខ្លះអាចកើតមានដល់យើង ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើពរជ័យដែលបានសន្យារបស់ព្រះអង្គសង្គ្រោះបង្រៀនអ្នកអ្វីខ្លះអំពីអ្វីដែលទ្រង់សព្វព្រះទ័យប្រទានដល់អ្នក ?
-
តើអ្នកអាចបង្ហាញអំណរគុណរបស់អ្នកចំពោះអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់អ្នកយ៉ាងដូចម្តេច ?
សូមសញ្ជឹងគិតពីរបៀបដែលការសិក្សាអំពីការប្រៀបធៀប និងនិមិត្តរូបនៅក្នុងមេរៀននេះ បានជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
-
តើមាននិមិត្តរូបអ្វីខ្លះនៅជំនាន់របស់យើងដែលចង្អុលយើងទៅរកព្រះយេស៊ូវគ្រីស្ទ ?
សូមពិចារណាពីរបៀបដែលការស្វែងរកនិមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទកាន់តែញឹកញាប់អាចជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរកមើលរបៀបដែលអ្នកអាចធ្វើបានកាន់តែញឹកញាប់ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។ សូមធ្វើសកម្មភាពតាមការបំផុសគំនិតដែលអ្នកទទួលបាន ។
វិចារណកថា និងព័ត៌មានសាច់រឿង
តើថ្ងៃនៃដង្វាយធួនជាអ្វី ?
មួយឆ្នាំម្តងនៅក្នុងថ្ងៃបរិសុទ្ធរបស់សាសន៍យូដា គេហៅថាជាថ្ងៃនៃដង្វាយធួន ( គេក៏ហៅថា យ៉ុម គីផួរ ផងដែរ ) សង្ឃជាន់ខ្ពស់ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទីដ៏បរិសុទ្ធបំផុត ( គេក៏ហៅថា បរិសុទ្ធលើទីបរិសុទ្ធ ឬទីដ៏បរិសុទ្ធបំផុត ) នៅក្នុងរោងឧបោសថ ឬក្រោយមកជាព្រះវិហារបរិសុទ្ធយេរូសាឡិម ។ នៅឯអាសនាបូជា ដែលមានទីតាំងនៅខាងក្រៅទីដ៏បរិសុទ្ធ នោះសង្ឃជាន់ខ្ពស់បានបូជាគោឈ្មោលមួយ និងពពែឈ្មោលមួយ ។ គាត់នឹងប្រោះឈាមសត្វនៅកន្លែងដែលបានរៀបចំ នៅក្នុងកន្លែងដែលបរិសុទ្ធបំផុត ដើម្បីធ្វើជានិមិត្តរូបនៃដង្វាយធួនរបស់ព្រះគ្រីស្ទ សម្រាប់អំពើបាបរបស់ពួកសង្ឃ និងអំពើបាបរបស់មនុស្ស ។ ក្រោយមកសង្ឃជាន់ខ្ពស់ធ្វើនិមិត្តរូបនៃការផ្ទេរអំពើបាបរបស់មនុស្សបានផ្ទេរទៅសត្វពពែឈ្មោលមួយទៀត ( ដែលហៅថាពពែរងកំហុស ) បន្ទាប់មកបណ្តេញវាចេញឲ្យទៅក្នុងទីរហោស្ថាន ជានិមិត្តរូបនៃការដកចេញនូវអំពើបាបរបស់ប្រជាជន ។ គាត់ក៏ធ្វើយញ្ញបូជាសត្វចៀមឈ្មោលពីរក្បាលជាដង្វាយដុតសម្រាប់ខ្លួនគាត់ និងមនុស្សផងដែរ ។ ( សូមមើល Bible Dictionary « Fasts » សូមមើល លេវីវិន័យ ១៦:២២ ផងដែរ ) ។
ហេព្រើរ ៨:៦ ; ៩:១៥ ។ តើវាមានន័យដូចម្តេចដែលថា ព្រះយេស៊ូវគឺជា « អ្នកកណ្ដាល ? »
សូមមើលវីដេអូ « The Mediator » ( ១០:៤៧ ) ដើម្បីយល់កាន់តែច្បាស់ពីព្រះបរមងារដ៏សំខាន់របស់ព្រះអង្គសង្គ្រោះ ។