ហេព្រើរ ៣–៤
ចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់
ព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យប្រទានពរពរជ័យដ៏រុងរឿងបំផុតរបស់ទ្រង់ទាំងទ្វេដល់ពួកយើង ។ ការឥតជំនឿ និងចិត្តរឹងរូសរារាំងមនុស្សជាច្រើនពីការទទួលពរជ័យទាំងនេះ ។ តាមរយៈការលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យបោះបង់ចោលអាកប្បកិរិយាឥតជំនឿ នោះប៉ុលបានព្យាយាមជួយពួកគេឲ្យត្រឡប់ទៅរកសេចក្ដីសញ្ញាដែលពួកគេបានធ្វើវិញ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយកឈ្នះលើការឥតជំនឿ ដូច្នេះអ្នកអាចទទួលបានពរជ័យដែលព្រះអង្គសង្គ្រោះបានសន្យា ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាអំពីបញ្ហាមួយដែលកំពុងប្រឈមមុខនឹងពិភពលោកសព្វថ្ងៃនេះ ៖
នៅផ្នែកខ្លះទៀតនៃពិភពលោកដែលព្រះនាមរបស់ទ្រង់ត្រូវបានប្រកាសរាប់សតវត្សរ៍មកហើយ តែបែរជាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទកំពុងតែថយចុះទៅវិញ ។ ពួកបរិសុទ្ធដ៏អង់អាចនៅទ្វីបអ៊ឺរ៉ុបបានឃើញជំនឿធ្លាក់ចុះនៅក្នុងប្រទេសរបស់ពួកគេអស់ជាច្រើនទសវត្សរ៍មកហើយ ។ គួរឲ្យស្តាយនៅសហរដ្ឋអាមេរិកវិញសេចក្ដីជំនឿក៏កំពុងដើរថយក្រោយផងដែរ ។ ការសិក្សាថ្មីៗនេះបានបង្ហាញថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះមនុស្ស ៣០ លាននាក់នៅសហរដ្ឋអាមេរិកបានដើរចេញពីការជឿលើភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ។ ក្រឡេកមើលនៅទូទាំងពិភពលោកការសិក្សាមួយទៀតបានព្យាករណ៍ថា នៅប៉ុន្មានទស្សវត្សរ៍ខាងមុខទៀតនឹងមានមនុស្សជាច្រើនគឺច្រើនជាងពីរដង ដែលដើរចេញពីគ្រិស្តសាសនាដូចទៅនឹងអ្នកដែលចូលគ្រិស្តសាសនាដែរ ។
( នែល អិល អាន់ឌើរសិន « We Talk of Christ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨ )
-
តើមានផលវិបាកអ្វីខ្លះដែលអាចកើតឡើងក្នុងពេលបច្ចុប្បន្ន និងអនាគតនៃមនុស្សដែលឥតជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
សូមគិតអំពីជំនឿរបស់អ្នកផ្ទាល់លើព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកមានអារម្មណ៍ថា ជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទខ្លាំងប៉ុណ្ណា ?
-
តើការជ្រើសរើសជឿលើទ្រង់ប្រទានពរដល់ជីវិតអ្នកដោយរបៀបណា ?
ការបង្រៀនរបស់ប៉ុលអំពីកូនចៅអ៊ីស្រាអែល
នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកសាសន៍ហេព្រើរ ប៉ុលបានទទួលស្គាល់ថា ដោយសារការបៀតបៀន នោះអ្នកប្រែចិត្តជឿខ្លះបានពិចារណាងាកចេញពីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
សូមអាន ហេព្រើរ ៣:៧–១៩ ដោយរកមើលដំណើររឿងជាប្រវត្តិសាស្ត្រដែលប៉ុលបានលើកឡើង ដើម្បីជួយពួកសាសន៍ហេព្រើរឲ្យយល់ពីគ្រោះថ្នាក់នៃការឥតជំនឿ ។
« គ្រាបះបោរ … នៅទីរហោស្ថាន » ( ហេព្រើរ ៣:៨ ) សំដៅទៅលើពេលដែលបន្ទាប់ពីត្រូវបានដោះលែងពីប្រទេសអេស៊ីព្ទ សាសន៍អ៊ីស្រាអែលបានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយបានបដិសេធពរជ័យដែលទ្រង់ប្រាថ្នានឹងប្រទានឲ្យពួកគេ ( សូមមើល ជនគណនា ១៤ ; យ៉ាកុប ១:៧–៨ ; អាលម៉ា ១២:៣៣–៣៧ ) ។
-
តើកូនចៅអ៊ីស្រាអែលខកខានទទួលពរជ័យអ្វីខ្លះ ? ហេតុអ្វី ?
សេចក្ដីសម្រាករបស់ព្រះអម្ចាស់
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងទទួលបទពិសោធន៍នូវសេចក្ដីសម្រាករបស់ទ្រង់ទាំងទ្វេ ។ សូមសិក្សាវគ្គបទគម្ពីរខាងក្រោម និងសេចក្ដីថ្លែងការណ៍នៃការព្យាករណ៍ ដើម្បីរៀនថា អ្វីជាពីសេចក្ដីសម្រាករបស់ព្រះអម្ចាស់ ។ វាអាចមានប្រយោជន៍ដើម្បីរកមើលពាក្យ « សេចក្ដីសម្រាក » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ប្រសិនបើមាន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២៤ ដើម្បីស្វែងយល់បន្ថែមអំពីសេចក្តីសម្រាករបស់ព្រះអម្ចាស់ ( សូមមើលផងដែរ អាលម៉ា ១៣:៦, ១២–១៣, ២៨–២៩ ) ។
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) បានបង្រៀនពីរបៀបដែលយើងអាចចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអម្ចាស់អំឡុងពេលនៃជីវិតរមែងស្លាប់ ៖
ព្យាការីពីបុរាណថ្លែងអំពី « ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ » [ សូមមើល អាលម៉ា ១២:៣៤ ; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២៣–២៤ ] តើវាមានន័យដូចម្តេច ? នៅក្នុងចិត្តខ្ញុំ វាមានន័យថា ការចូលទៅក្នុងការចេះដឹង និងសេចក្ដីស្រឡាញ់នៃព្រះ ដោយមានសេចក្ដីជំនឿលើគោលបំណង និងផែនការរបស់ទ្រង់ រហូតដល់កម្រិតមួយដែល យើងដឹងថាយើងត្រឹមត្រូវ ហើយថាយើងមិនមែនកំពុងតែស្វែងរកអ្វីផ្សេងទៀតនោះទេ យើងមិនត្រូវបានរុកគួនដោយខ្យល់នៃសេចក្ដីបង្រៀនបោក ឬ ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកលដែលគេប្រើនាំឲ្យវង្វេងនោះឡើយ ។ … មនុស្សដែលបានឈានដល់កម្រិតនៃសេចក្ដីជំនឿទៅលើព្រះដែលការសង្ស័យ និងការភ័យខ្លាចទាំងអស់ត្រូវបានបណ្ដេញចេញពីគាត់ នោះគាត់បានចូលទៅក្នុង « សេចក្ដីសម្រាករបស់ព្រះ » ហើយ ។
( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ៥៦ )
-
តើអ្នកនឹងពិពណ៌នាអំពីសេចក្ដីសម្រាករបស់ព្រះអម្ចាស់ដូចម្ដេច ?
អាលម៉ាបានចែកចាយសារលិខិតស្រដៀងនឹងប៉ុលជាមួយនឹងមនុស្សនៅជំនាន់លោក ដែលពួកគេខ្លះមានពិបាកក្នុងការជឿផងដែរ ។ សូមអាន អាលម៉ា ១២:៣៤–៣៧ ដោយស្វែងរកការយល់ដឹងបន្ថែម ។
-
តើគោលការណ៍អ្វីខ្លះដែលអ្នកអាចរកឃើញពី ហេព្រើរ ៣ និង អាលម៉ា ១២:៣៤–៣៧ ?
គោលការណ៍មួយដែលអ្នកអាចរៀនគឺថា ប្រសិនបើយើងបន្តនៅស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះ ហើយគ្មានចិត្តរឹងរូស នោះយើងនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអម្ចាស់ ។
-
តើអ្នកគិតថា ចិត្តរឹងរូស និងការឥតជំនឿអាចរារាំងយើងពីការទទួលបានពរជ័យពីព្រះអម្ចាស់ដោយរបៀបណា ?
-
ហេតុអ្វីអ្នកគិតថា សេចក្ដីសម្រាករបស់ព្រះអម្ចាស់ជាពរជ័យមួយដែលគួរតែស្វែងរក ?
ការជ្រើសរើសដើម្បីជឿ
សូមអាន ហេព្រើរ ៣:៧–៨, ១២–១៥ ; ៤:២–៣, ៦–៧, ១១ ។ នៅពេលអ្នកអាន សូមរកមើលអ្វីដែលយើងអាចធ្វើដើម្បីចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអម្ចាស់ ។ អ្នកអាចចង់អានការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ នៃ ហេព្រើរ ៤:៣ ( នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ) ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះលើខគម្ពីរទាំងនេះ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីរបៀបដែលយើងអាចយកឈ្នះលើការឥតជំនឿ ៖
ជ្រើសរើសជឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកសង្ស័យពីព្រះជាព្រះវរបិតា និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ ឬពីភាពពិតនៃការស្ដារឡើងវិញ ឬសេចក្ដីពិតពេញលេញនៃការហៅដ៏ទេវភាពរបស់យ៉ូសែប ស្ម៊ីធ ជាព្យាការី នោះសូម ជ្រើសរើស ជឿ ហើយបន្ដនៅស្មោះត្រង់ ។ សូមយកសំណួររបស់អ្នកទូលទៅព្រះអម្ចាស់ និងទៅកាន់ប្រភពដ៏ស្មោះសរផ្សេងទៀត ។ សូមសិក្សាដោយមានបំណងចិត្តដើម្បី ជឿ ជាជាងអ្នកចង់រកកំហុសក្នុងជីវិតរបស់ព្យាការី ឬភាពមិនស្របគ្នានៅក្នុងបទគម្ពីរ ។ សូមឈប់បង្កើនការសង្ស័យរបស់អ្នក ដោយទៅធ្វើការពិភាក្សាជាមួយអ្នកសង្ស័យផ្សេងទៀត ។ សូមទុកឲ្យព្រះអម្ចាស់ដឹកនាំអ្នកក្នុងដំណើររុករកខាងវិញ្ញាណរបស់អ្នក ។
( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ )
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលកំពុងពិបាកជឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរសារដ៏ល្អមួយដើម្បីលើកទឹកចិត្តពួកគេ ។ សូមប្រាកដថា ត្រូវបញ្ចូលខគម្ពីរយ៉ាងហោចណាស់មួយសម្រាប់ពួកគេដើម្បីសិក្សា ។ ប្រសិនបើសមស្រប សូមបញ្ចូលទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ ការគិតអំពីសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន និងសំណួរខាងក្រោមអាចនឹងជួយអ្នក នៅពេលអ្នកសរសេរសារលិខិតនេះ ។
-
តើពួកគេអាចជួបបទពិសោធន៍អ្វីខ្លះ ប្រសិនបើពួកគេជ្រើសរើសជឿលើព្រះអង្គសង្គ្រោះ ?
-
តើពួកគេអាចនឹងបាត់បង់អ្វីខ្លះ ប្រសិនបើពួកគេជ្រើសរើសការមិនជឿ ?
-
តើអ្នកនឹងលើកទឹកចិត្តពួកគេដូចម្តេចខ្លះ ដើម្បីឲ្យពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ?
វិចារណកថា និងព័ត៌មានសាច់រឿង
តើធ្វើដូចម្តេចទើបខ្ញុំអាចមានចិត្តជឿជាងនេះ ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ ៖
គ្មានមន្ដអាគមធ្វើឲ្យមានជំនឿនោះទេ ។ ប៉ុន្តែ ការចង់ ជឿ គឺជា ជំហាន ដំបូងដ៏ចាំបាច់ ! ព្រះមិនរើសមុខអ្នកណាទេ ។ ទ្រង់គឺជាបិតារបស់អ្នក ។ ទ្រង់ចង់មានបន្ទូលមកអ្នក ។ ទោះជាយ៉ាងណាក៏ដោយ វាតម្រូវឲ្យមាននូវការយល់ដឹងខាងវិទ្យាសាស្ត្របន្ដិច—វាតម្រូវឲ្យមានការដកពិសោធន៍ទៅលើព្រះបន្ទូលនៃព្រះ—ហើយអនុវត្ត « សេចក្ដីជំនឿមួយភាគតូចមួយនោះ » [ អាលម៉ា ៣២:២៧ ] ។ វាក៏ត្រូវមានភាពរាបសាបន្ដិចផងដែរ ។ ហើយវាតម្រូវឲ្យមានដួងចិត្តបើកចំហ និងការបើកគំនិត ។ វាតម្រូវឲ្យមាន ការស្វែងរក អត្ថន័យពេញលេញនៃព្រះបន្ទូល ។ ហើយប្រហែលជាអ្វីដែលលំបាកបំផុតនោះគឺ វាតម្រូវឲ្យមានការអត់ធ្មត់ និងការរង់ចាំព្រះអម្ចាស់ ។
ប្រសិនបើយើងពុំខិតខំជឿ នោះយើងក៏ដូចជាមនុស្សដែលដកអំពូលចេញ រួចហើយបន្ទោសអំពូលភ្លើងថា ពុំផ្ដល់ពន្លឺអ្វីសោះ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Be Not Afraid, Only Believe » Ensign or Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៧៨ )
តើនរណាអាចជួយយើងឲ្យរកឃើញសេចក្ដីសម្រាករបស់ព្រះអង្គសង្គ្រោះ ?
អែលឌើរ ដបុលយូ ក្រេក ហ្ស៊ីវីគ ក្នុងពួកចិតសិបនាក់បានថ្លែង ៖
ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីគ្រប់រូបរបស់ទ្រង់ ហើយសព្វព្រះទ័យឲ្យយើងទាំងអស់គ្នាត្រឡប់ទៅរកទ្រង់វិញ ។ ទ្រង់បានប្រទានពួកព្យាការី និងអ្នកដឹកនាំបព្វជិតភាពនូវសិទ្ធិអំណាចបព្វជិតភាពពិត ដើម្បីជួយយើងឲ្យបន្ដដើរនៅលើផ្លូវតូច និងចង្អៀតនេះ ។ ដូច្នេះយើងមានការណែនាំពីអ្នកដឹកនាំទាំងនេះ ដើម្បីជួយយើងចូលទៅក្នុងសេចក្ដីសម្រាករបស់ទ្រង់ ។
( ដបុលយូ ក្រេក ហ្ស៊ីវីគ « Enter into the Rest of the Lord » Ensign ខែ កុម្ពៈ ឆ្នាំ ២០១២ ទំព័រ ២៤ )