ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨


ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨

ទិដ្ឋភាពទូទៅ

ព្រះយេស៊ូវគ្រីស្ទបានឆ្លើយសំណួរ ហើយបានបង្រៀនសេចក្ដីពិតអំពីអាពាហ៍ពិពាហ៍ និងការលែងលះ ។ ទ្រង់បានអញ្ជើញយុវជនអ្នកមានម្នាក់ដោយក្ដីស្រឡាញ់ឲ្យលក់ទ្រព្យសម្បត្តិរបស់គាត់ ហើយដើរតាមទ្រង់ ។ ទ្រង់ក៏បានចែកចាយពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរផងដែរ ដែលវាបង្ហាញពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដែលទ្រង់ និងព្រះវរបិតាសួគ៌មានសម្រាប់យើងទាំងអស់គ្នា ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

ម៉ាថាយ ១៩:១–១២

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានផ្លូវឲ្យពួកគេមានអាពាហ៍ពិពាហ៍ដ៏រីករាយ និងដ៏នៅអស់កល្បជានិច្ចនាពេលអនាគតរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេអាចធ្វើបាននៅពេលឥឡូវនេះ ដើម្បីរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ដ៏រីករាយមួយ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកដំបូន្មានពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលមានអាពាហ៍ពិពាហ៍ដ៏រីករាយ និងសុចរិត ។

  • វត្ថុ ៖ កង់របស់ទោចក្រយាន ឬកង់ផ្សេងទៀតដែលមានដុំកណ្តាល

  • វាគ្មិន ៖ សូមពិចារណាអញ្ជើញគូស្វាមីភរិយាមកពីវួដ សាខា ស្តេក ឬមណ្ឌលក្នុងមូលដ្ឋានឲ្យមកកាន់ថ្នាក់រៀន ហើយពន្យល់ពីសុភមង្គលដែលអាពាហ៍ពិពាហ៍នាំមកជូនពួកគេ និងពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយពួកគេក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ។ សូមប្រាកដថាទទួលបានការយល់ព្រមពីអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន និងអ្នកសម្របសម្រួលថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាន មុនពេលអញ្ជើញពួកគេមក ។

  • វីដេអូ ៖ « Expressions of Love » ( ៣:២៦ ); « The Eternal Blessings of Marriage » ( ១៥:០២; ចាប់ពីលេខកូដម៉ោង ៦:២៣ ដល់ ៨:៤០ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើឧបករណ៍ស្ទង់មតិតាមអនឡាញ ដើម្បីឲ្យសិស្សបង្ហាញពីអារម្មណ៍របស់ពួកគេអំពីអាពាហ៍ពិពាហ៍ដោយអនាមិកនៅដើមមេរៀន ។

ម៉ាថាយ ១៩:១៦–៣០; ម៉ាកុស ១០:១៧–៣១

គោលបំណងមេរៀន ៖ មេរៀននេះនឹងលើកទឹកចិត្តសិស្សឲ្យរៀនមកពីព្រះអង្គសង្គ្រោះ នូវអ្វីដែលទ្រង់នឹងសុំឲ្យពួកគេធ្វើ នៅពេលពួកគេខិតខំធ្វើតាមទ្រង់ឲ្យបានកាន់តែប្រសើរឡើង ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកពីគ្រាមួយ ដែលពួកគេមានអំណរគុណចំពោះការកែតម្រូវពីនរណាម្នាក់ ។ តើការជួយយើងឲ្យមើលឃើញកន្លែងដែលយើងអាចកែលម្អបាន គឺជាសញ្ញានៃសេចក្ដីស្រឡាញ់ដោយរបៀបណា ?

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើគំនិតនៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនដែលមានចំណងជើងថា « ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវតែមានឆន្ទៈលះបង់ចោលនូវអ្វីៗដែលព្រះអម្ចាស់តម្រូវឲ្យយើងលះបង់ » ។ ផ្នែកនេះមាននូវឧទាហរណ៍អំពីអ្នកដែលទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ដើម្បីធ្វើការផ្លាស់ប្តូរ សូម្បីតែការលះបង់ដ៏ធំធេងក៏ដោយ ។

ម៉ាថាយ ២០:១–១៦

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានសេចក្ដីសង្ឃឹម ដើម្បីទទួលបានពរជ័យដែលព្រះយេស៊ូវគ្រីស្ទប្រទានមកតាមរយៈដង្វាយធួនរបស់ទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យបង្កើតបញ្ជីមួយអំពីពរជ័យដែលពួកគេបានទទួលពីព្រះអម្ចាស់ ដោយសារពួកគេបានទទួលការបង្រៀនអំពីដំណឹងល្អ កាលពួកគេនៅក្មេង ។ ម្យ៉ាងវិញទៀត ពួកគេអាចបង្កើតបញ្ជីមួយអំពីឱកាសដែលមនុស្សអាចនឹងខកខានបាន ប្រសិនបើពួកគេមិនបានទទួលការបង្រៀនដំណឹងល្អនៅពេលក្រោយមកក្នុងជីវិត ។ សូមឲ្យសិស្សគិតអំពីអ្វីដែលពួកគេអាចរៀនមកពីបញ្ជីដែលពួកគេបានធ្វើនេះ ។

  • សុន្ទរកថា ៖ ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ( សូមពិចារណាសិក្សា ឬមើលសុន្ទរកថាទាំងអស់នេះ នៅពេលអ្នករៀបចំខ្លួនបង្រៀនមេរៀននេះ ) ។

  • វីដេអូ ៖ « Laborers in the Vineyard » ( ៣:០០ )

  • វីដេអូ ៖ « The Laborers in the Vineyard » ( ១៥:២២; សូមមើលចាប់ពីលេខកូដម៉ោង ១០:០២ ដល់ ១១:៤២ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ជាជាងឲ្យសិស្សអានសេចក្តីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន សូមពិចារណាចែកចាយឃ្លីបវីដេអូ « The Laborers in the Vineyard » ដែលមានសេចក្តីថ្លែងការណ៍នោះ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៨

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យទន្ទេញចាំនូវសេចក្ដីយោងបទគម្ពីរមួយចំនួន និងឃ្លាខគម្ពីរគន្លឹះពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ដំបូងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។កំណត់ចំណាំ ៖ មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលកាលវិភាគតារាងមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យយកច្បាប់ចម្លងឯកសារសាសនាចក្រចាស់ៗ ដែលពួកគេអាចកាត់ចេញបាន ដើម្បីបង្កើតជារូបភាពសម្រាប់ការទន្ទេញវគ្គចំណេះចំណានខាងគោលលទ្ធិ ។

  • សំណៅចែក ៖ បញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលពាក់ព័ន្ធ

  • សម្ភារ ៖ ឧបករណ៍ប្រើប្រាស់សម្រាប់សរសេរ ក្រដាស ហើយប្រសិនបើអាចធ្វើទៅបាន កន្ត្រៃ កាវ និងទស្សនាវដ្តី ឬសៀវភៅសិក្សាសាសនាចក្រចាស់ៗដែលមានរូបភាព

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សិស្សអាចបង្កើតសន្លឹករូបភាពចម្រុះឌីជីថលបាន ។ នៅពេលពួកគេបានបញ្ចប់ ពួកគេអាចចែកចាយអេក្រង់របស់ពួកគេ ដើម្បីបង្ហាញកម្រងរូបភាពរបស់ពួកគេទៅកាន់សិស្សក្នុងថ្នាក់បាន ។

វាយតម្លៃការរៀនសូត្ររបស់អ្នក ៤

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យវាយតម្លៃគោលដៅទាំងឡាយ ដែលពួកគេបានដាក់ អ្វីដែលពួកគេកំពុងរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកគេបានដកពិសោធន៍ អំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីការរីកចម្រើនខាងវិញ្ញាណ ដែលពួកគេបានដកពិសោធន៍អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មី ។ តើការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេជួយពួកគេឲ្យស្គាល់ ស្រឡាញ់ និងបម្រើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬទេ ? តើពួកគេមានបទពិសោធន៍ដ៏មានអត្ថន័យអ្វីខ្លះ ?

  • បទចម្រៀង ៖ សូមចាក់ចម្រៀងដែលធ្លាប់ស្គាល់តិចៗពីកាស ឬឧបករណ៍បំពងសំឡេងផ្សេងទៀត

  • វីដេអូ ៖ « Patterns of Light: Spirit of Revelation » ( ៣:០៣ )

  • រូបភាព ៖ រូបភាពនំប៉័ង និងកូនចៀម

  • សម្ភារសិល្បៈ ៖ ក្រដាស និងខ្មៅដៃពណ៌ ហ្វឺត ឬគូល័រទាន

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យចែកចាយកាតថ្លែងអំណរគុណ ឬការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេតាមកាមេរ៉ា ។