ថ្នាក់​សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នក ៤


វាយតម្លៃការរៀនសូត្ររបស់អ្នក ៤

ម៉ាថាយ ១៤–២០; ម៉ាកុស ៦–១០; លូកា ១០; ១២; ១៤–១២; យ៉ូហាន ៥–១១

Newport Beach Seminary

មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ អ្វីដែលអ្នកកំពុងរៀន និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។

ការអធិស្ឋានសម្រាប់សិស្សទាំងឡាយ ។ ដើម្បីផ្តោតលើសិស្សម្នាក់ៗឲ្យបានកាន់តែប្រសើរឡើង សូមអធិស្ឋានឲ្យពួកគេតាមឈ្មោះរបស់ពួកគេ ។ សូមទូលសូមជំនួយពីព្រះវរបិតាសួគ៌ដើម្បីយល់ដឹងពីតម្រូវការរបស់សិស្ស និងដឹងថាត្រូវប្រើយុទ្ធសាស្ត្របង្រៀនមួយណា ដើម្បីជួយបំពេញតាមតម្រូវការទាំងនោះ ។ សូមស្តាប់តាមការបំផុសគំនិតអំពីរបៀបជួយដល់សិស្សម្នាក់ៗ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីការរីកចម្រើនខាងវិញ្ញាណ ដែលពួកគេបានដកពិសោធន៍អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។ តើការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេជួយពួកគេឲ្យស្គាល់ ស្រឡាញ់ និងបម្រើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬទេ ? តើពួកគេមានបទពិសោធន៍ដ៏មានអត្ថន័យអ្វីខ្លះ ?

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀននេះមានគោលបំណងជួយឲ្យសិស្សវាយតម្លៃគោលដៅដែលពួកគេបានកំណត់ សមត្ថភាពរបស់ពួកគេក្នុងការពន្យល់អំពីការបង្រៀននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ឬរបៀបដែលអាកប្បកិរិយា បំណងប្រាថ្នា និងសមត្ថភាពរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អកំពុងផ្លាស់ប្តូរ ។ ការសិក្សារបស់សិស្សអំពីម៉ាថាយ ១៤–២០; ម៉ាកុស ៦–១០; លូកា ១០; ១២; ១៤–១២ និង យ៉ូហាន ៥–១១ ប្រហែលជាបានសង្កត់ធ្ងន់លើសេចក្តីពិត ជាជាងអ្វីដែលមាននៅក្នុងសកម្មភាពដូចខាងក្រោមនេះ ។ បើដូច្នេះមែន សកម្មភាពទាំងនេះអាចត្រូវបានកែសម្រួល ដើម្បីរួមបញ្ចូលសេចក្ដីពិតទាំងនោះ ។

ការមករកព្រះយេស៊ូវគ្រីស្ទ និងការក្លាយជាសិស្សរបស់ទ្រង់

សូមចំណាយពេលខ្លះដើម្បីសញ្ជឹងគិតអំពីរបៀបដែលអ្នកកំពុងរីកចម្រើនក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ហើយខិតខំមករកទ្រង់ឲ្យបានកាន់តែពេញលេញ នៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាថ្មី ។ វិធីមួយចំនួនដែលយើងលើកទឹកចិត្តអ្នកឲ្យធ្វើការណ៍នេះ គឺសមត្ថភាពរបស់អ្នកដើម្បីទទួល និងធ្វើតាមវិវរណៈផ្ទាល់ខ្លួន ហើយពន្យល់ពីតួនាទី និងព្រះបរមងារមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់អ្នកដើម្បីស្វែងរកសេចក្តីសុខសាន្តនៅក្នុងជីវិតនេះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សូមព្យាយាមខ្នះខ្នែងដើម្បីដឹងពីរបៀបដែលអ្នកកំពុងរីកចម្រើន និងអភិវឌ្ឍតាមរបៀបទាំងនេះមកពីព្រះវរបិតាសួគ៌របស់អ្នក ក៏ដូចជាមកពីសកម្មភាពទាំងឡាយដែលអ្នកគួរបន្តធ្វើ ឬកែសម្រួល ដើម្បីបន្តពង្រឹងភាពជាសិស្សរបស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ។

បង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈ

សូមចាប់ផ្តើមថ្នាក់រៀនដោយចាក់បទចម្រៀងដែលធ្លាប់ស្គាល់ ហើយបើកសំឡេងតិចៗបានហើយ ។ សូមបើកសំឡេងតូចបំផុត រហូតដល់សិស្សដែលអង្គុយក្បែរប្រភពសំឡេងនោះមិនអាចស្ដាប់បទនោះបានទេ បើពួកគេធ្វើអ្វីមានសំឡេងសូម្បីតែបន្ដិចនោះ ។ សូមឲ្យសិស្សប្រាប់ចំណងជើងបទចម្រៀងដែលកំពុងចាក់នោះ ។

សូមចំណាយពេលមួយនាទីដើម្បីស្តាប់សំឡេងជុំវិញអ្នក ។

  • តើមានសំឡេងអ្វីខ្លះដែលអ្នកអាចឮបាន នៅពេលដែលអ្នកស្តាប់ដោយយកចិត្តទុកដាក់នោះ ?

  • តើអ្នកអាចធ្វើអ្វីខ្លះ នៅពេលអ្នកឮអ្វីមួយរហៀងៗ ហើយអ្នកចង់ដឹងថាវាជាអ្វីនោះ ?

សិស្សអាចឆ្លើយតបថា ពួកគេអាចផ្លាស់ទីទៅជិតប្រភពសំឡេងនោះ ព្យាយាមនៅស្ងៀម និងស្ងាត់មាត់ ផ្តោតគំនិតរបស់ពួកគេលើការស្តាប់ ឬរារាំងសំឡេងរំខានពីផ្ទៃខាងក្រោយ ។ សូមពិចារណាសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ហើយបន្ទាប់មក សូមសិស្សឲ្យប្រើវិធីទាំងនោះដើម្បីព្យាយាមស្ដាប់ថា តើបទចម្រៀងដែលកំពុងចាក់នោះមានចំណងជើងអ្វី ។

  • តើសកម្មភាពនេះគឺដូចជាការទទួលវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេច ?

គោលបំណងសំខាន់មួយនៅក្នុងសិក្ខាសាលា គឺដើម្បីជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។

សូមពិចារណាពីតម្រូវការរបស់សិស្ស និងថាតើព័ត៌មាននៅក្នុងកថាខណ្ឌខាងក្រោមនេះនឹងមានប្រយោជន៍សម្រាប់ពួកគេដែរឬទេ ។

នៅក្នុងព្រះគម្ពីរមរមន នីហ្វៃបានពិពណ៌នាអំពីព្រះវិញ្ញាណបរិសុទ្ធថាជា « សំឡេងតូចរហៀងៗ » ដែលយើងទទួលអារម្មណ៍ច្រើនជាងយើងឮ ( នីហ្វៃទី១ ១៧:៤៥ ) ។ យើងអាចកែលម្អសមត្ថភាពរបស់យើងក្នុងការស្តាប់ ឬទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់យើង តាមរបៀបស្រដៀងគ្នានឹងរបៀបដែលយើងស្តាប់សំឡេងស្ងាត់ៗដែរ ។ ការចូលទៅកាន់តែជិតព្រះខាងវិញ្ញាណ ការមានចិត្តស្ងប់ ការផ្តោតលើគំនិតរបស់យើង និងការទប់ស្កាត់សំឡេងរំខានពីផ្ទៃខាងក្រោយ គឺជាវិធីដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនសមត្ថភាពរបស់យើងក្នុងការស្គាល់សំឡេងខ្សឹបពីព្រះវិញ្ញាណបរិសុទ្ធ ។

សូមចំណាយពេលខ្លះដើម្បីពិចារណាពីបទពិសោធន៍ថ្មីៗ ដែលអ្នកបានមាន ពេលទទួលវិវរណៈផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចពិនិត្យមើលកំណត់ចំណាំដែលអ្នកបានសរសេរនៅក្នុងព្រះគម្ពីររបស់អ្នក ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកឡើងវិញបាន ។ អ្នកក៏អាចទូលសូមព្រះវរបិតាសួគ៌ឲ្យជួយអ្នកឲ្យស្គាល់ ឬចងចាំវិវរណៈផ្ទាល់ខ្លួនដែលអ្នកបានទទួលផងដែរ ។ បន្ទាប់មក សូមកត់ត្រាគំនិត និងអារម្មណ៍ដែលកើតមានក្នុងចិត្ត និងបេះដូងរបស់អ្នក ។

  • តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលអ្នកបានមាន ពេលទទួលវិវរណៈផ្ទាល់ខ្លួន ? តើអ្នកស្គាល់បទពិសោធន៍ទាំងនេះថាមកពីព្រះដោយរបៀបណា ?

  • តើអ្នកបានរៀនអ្វីខ្លះនៅក្នុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ដែលអាចជួយអ្នកឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ?

  • តើអ្នកអាចចែកចាយការយល់ដឹងអ្វីខ្លះជាមួយនឹងនរណាម្នាក់ ដែលពិបាកស្គាល់ព្រះវិញ្ញាណ ?

តួនាទីសំខាន់មួយរបស់ព្រះវិញ្ញាណបរិសុទ្ធគឺ ដើម្បីថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ( សូមមើល ម៉ាថាយ ១៦:១៧ ; យ៉ូហាន ១៥:២៦ ; នីហ្វៃទី៣ ១១:៣២ ) ។

  • តើព្រះវិញ្ញាណបានជួយអ្នកឲ្យយល់ ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

  • តើអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងឱកាសទទួលបានវិវរណៈផ្ទាល់ខ្លួន គឺជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នកយ៉ាងដូចម្ដេច ?

ប្រសិនបើចាំបាច់ សូមពិចារណាបង្ហាញវីដេអូ « Patterns of Light: Spirit of Revelation » ( ៣:០៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីជួយសិស្សឲ្យយល់ថា បទពិសោធន៍ខាងវិញ្ញាណដ៏ធំ និងអស្ចារ្យអាចមិនសូវច្រើនដូចចំណាប់អារម្មណ៍ដ៏ស្ងប់ស្ងាត់ និងសាមញ្ញមកពីព្រះវិញ្ញាណបរិសុទ្ធទេ ។

3:4

សូមលើកទឹកចិត្តសិស្សឲ្យបន្តស្វែងរកវិវរណៈផ្ទាល់ខ្លួន ទោះបីជាពួកគេមានអារម្មណ៍ថា វាពិបាកក្នុងការស្គាល់ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ។

ពន្យល់ពីតួនាទី និងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ

សូមបង្ហាញរូបភាពខាងក្រោមអំពីនំប៉័ង និងសត្វចៀម ។ សូមសួរសិស្សថា តើពួកគេអាចពន្យល់ពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រើវត្ថុទាំងនេះជានិមិត្តសញ្ញា ដើម្បីបង្រៀនអំពីទ្រង់ផ្ទាល់ដែរឬទេ ។

Making Bread
Photographic illustration of Jesus Christ holding a white lamb in his arms.
  • តើព្រះអង្គសង្គ្រោះបានប្រើនំប៉័ង និងចៀមដើម្បីបង្រៀនអំពីទ្រង់ដោយរបៀបណា ?

អ្នកអាចនឹកចាំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះក្នុងពាក្យប្រៀបធៀបដូចជា « ខ្ញុំជានំបុ័ងជីវិត » ( សូមមើល យ៉ូហាន ៦:៣៥, ៤១, ៤៨ , ៥១ ) « ខ្ញុំជាអ្នកគង្វាលល្អ » ( យ៉ូហាន ១០:១១ ) និង « ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត » ( យ៉ូហាន ១១:២៥ ) ។

  • តើព្រះបរមងារទាំងនេះបង្រៀនអ្នកអ្វីខ្លះ អំពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ និងតួនាទីដែលទ្រង់អាចធ្វើបាននៅក្នុងជីវិតរបស់អ្នក ?

  • តើការយល់ដឹងអំពីបុគ្គលិក លក្ខណៈ និងតួនាទីរបស់ទ្រង់ជួយអ្នកឲ្យស្រឡាញ់ទ្រង់កាន់តែខ្លាំងឡើងដោយរបៀបណា ?

នៅពេលអ្នកបានសិក្សាព្រះគម្ពីរសញ្ញាថ្មី អ្នកប្រហែលជាបានរក្សាទុកបញ្ជីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីតួនាទី និងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកមានបញ្ជីនេះ សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលវាឡើងវិញ ។ សូមបន្ថែមព្រះបរមងារ ឬតួនាទីណាមួយ ដែលអ្នកប្រហែលជាមិនទាន់មាននៅឡើយ ។ ប្រសិនបើអ្នកមិនទាន់បានបង្កើតបញ្ជីនោះទេ នោះអ្នកអាចចាប់ផ្តើមវាឥឡូវនេះ ដោយរាយបញ្ជីអំពីតួនាទី ឬព្រះបរមងារណាមួយដែលអ្នកអាចគិតឃើញ ។ ប្រសិនបើអ្នកមិនអាចគិតឃើញទេនោះ សូមពិចារណាមើល « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬ « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយTopical Guide សម្រាប់គំនិតមួយចំនួន ។

សិស្សអាចរីករាយនឹងការធ្វើសកម្មភាពខាងក្រោមជាមួយដៃគូ ឬជាក្រុមតូចៗ ។ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានបង្កើត ។

  • សូមសរសេរកាតមួយអរព្រះគុណដល់ព្រះអង្គសង្គ្រោះ ដោយផ្តោតលើតួនាទី ឬព្រះបរមងាររបស់ទ្រង់មួយ ឬច្រើន ។ សូមរួមបញ្ចូលបទពិសោធន៍ទាំងឡាយដែលអ្នកធ្លាប់បានដឹងថា ទ្រង់បានបំពេញតួនាទីនោះក្នុងជីវិតរបស់អ្នក ហើយបង្ហាញពីការដឹងគុណរបស់អ្នក ។

ប្រសិនបើសិស្សបានបង្កើតសន្លឹករូបភាពចម្រុះនៅក្នុងមេរៀនមុន សូមពិចារណារំលងសកម្មភាពដែលបានស្នើបន្ទាប់នេះ ។

  • សូមបង្កើតរូបភាពមួយដែលពន្យល់អំពីតួនាទី ឬព្រះបរមងាររបស់ព្រះអង្គសង្គ្រោះ ។ សូមរួមបញ្ចូលសេចក្ដីយោងបទគម្ពីរដែលអាចអនុវត្តបាន និងមូលហេតុដែលតួនាទី ឬព្រះបរមងារទាំងនេះមានអត្ថន័យសម្រាប់អ្នក ។ សូមពិចារណាចែកចាយវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលអ្នកធ្វើរួចរាល់ ។

  • សូមសរសេរសុន្ទរកថាខ្លីមួយ ឬរៀបចំមេរៀនតូចមួយអំពីតួនាទី ឬព្រះបរមងារមួយ ឬច្រើនរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកអាចបង្រៀនជាមេរៀនក្នុងថ្នាក់សិក្ខាសាលា ជាមេរៀននៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ ឬនៅក្នុងថ្នាក់រៀននៅព្រះវិហារ ។ សូមរួមបញ្ចូលអត្ថន័យនៃតួនាទី ឬព្រះបរមងារនោះ និងបទពិសោធន៍ទាំងឡាយដែលអ្នកមាន នៅពេលទ្រង់បំពេញតួនាទីនោះក្នុងជីវិតរបស់អ្នក ។

មានអារម្មណ៍ចង់ស្វែងរកសេចក្តីសុខសាន្តក្នុងព្រះគ្រីស្ទកាន់តែខ្លាំង

ប្រសិនបើអ្នកប្រើជំនួយចក្ខុនៅក្នុងមេរៀនដែលបានយោងនៅក្នុងកថាខណ្ឌខាងក្រោមនេះ សូមពិចារណាបង្ហាញឧបករណ៍ជំនួយចក្ខុដូចគ្នានោះ ដើម្បីជួយសិស្សឲ្យរំឭកពីមេរៀនទាំងនោះ ។ ជាជាងការអានកថាខណ្ឌនេះ សូមពិចារណាសួរសិស្សនូវអ្វីដែលពួកគេចងចាំពីមេរៀនទាំងនោះ ។

នៅក្នុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក អ្នកទំនងជាមានឱកាសដើម្បីរៀន និងគិតអំពីសេចក្តីសុខសាន្តដែលអាចកើតមកពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ អ្នកអាចនឹងចងចាំការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យយើងមកឯទ្រង់ នៅពេលយើងមានអារម្មណ៍ថាមានបន្ទុកធ្ងន់ ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ឬព្រះយេស៊ូវយាងលើទឹក ហើយជួយលើកពេត្រុសឡើងនៅពេលលោកចាប់ផ្តើមលិចទៅក្នុងទឹក ( សូមមើល ម៉ាថាយ ១៤: ២៦–៣៣ ) ។ អ្នកអាចនឹងមានឱកាសដើម្បីគូររូបភាពនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដែលជាផ្នែកមួយនៃមេរៀនអំពី ម៉ាកុស ៤:៣៥–៤១ ដែលបានពិភាក្សាអំពីព្រះយេស៊ូវគ្រីស្ទធ្វើឲ្យទឹករលកស្ងប់នៅសមុទ្រកាលីឡេ ។ ប្រសិនបើអ្នកមានកំណត់ចំណាំណាមួយនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នកពីមេរៀនទាំងនេះ សូមពិចារណាពិនិត្យមើលវាសាឡើងវិញ ។

សូមសញ្ជឹងគិត ហើយសូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីអ្នកអាចតាមដានការរីកចម្រើនខាងវិញ្ញាណរបស់អ្នកបាន ។

  • តើបំណងប្រាថ្នារបស់អ្នកដើម្បីស្វែងរកសេចក្តីសុខសាន្តក្នុងព្រះគ្រីស្ទបានផ្លាស់ប្តូរយ៉ាងដូចម្ដេច នៅពេលអ្នកបានសិក្សាអំពីព្រះជន្ម និងការងារបម្រើរបស់ទ្រង់ ?

  • តើអ្នកមានអារម្មណ៍ថា សេចក្តីសុខសាន្តនៅក្នុងព្រះគ្រីស្ទបានកើនឡើង ឬថយចុះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះដែរទេ ? បើដូច្នេះមែន តើអ្នកគិតថា មានកត្តាអ្វីខ្លះដែលបានរួមចំណែកដល់ការផ្លាស់ប្តូរនេះ ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទជាប្រភពនៃសេចក្តីសុខសាន្ត ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ប្រទានដល់អ្នកនូវសេចក្តីសុខសាន្តរបស់ទ្រង់ ?

សូមអញ្ជើញសិស្សដែលមានឆន្ទៈឲ្យចែកចាយគំនិត ចំណាប់អារម្មណ៍ ឬសំណួរខ្លះៗរបស់ពួកគេ ។ សូមអនុញ្ញាតឲ្យសិស្ស « មានភាពស្មោះត្រង់ចំពោះសំណួរ [ របស់ពួកគេ ] ដូចដែល [ ពួកគេ ] ត្រូវការ » ខណៈពេលអ្នកលើកទឹកចិត្តពួកគេកុំឲ្យ « អនុញ្ញាតឲ្យសំណួរទាំងនោះឈររាំងផ្លូវនៃសេចក្ដីជំនឿដែលកំពុងធ្វើការដ៏អស្ចារ្យ » ( ជែហ្វ្រី អរ ហូឡិន « Lord, I Believe » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។

សូមពិចារណាថ្លែងទីបន្ទាល់អំពីរបៀបដែលការសិក្សាពីព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរសញ្ញាថ្មីជួយបង្កើនសេចក្ដីជំនឿ ។ វាអាចមានប្រយោជន៍ក្នុងការចែកចាយដំណើររឿងផ្ទាល់ខ្លួន និងទីបន្ទាល់ ។