ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ឯកសារ​ណែនាំ ៖ ការជ្រើសរើស និង​ការរៀបចំ​ភាពជា​អ្នកដឹកនាំ​របស់​សិស្ស​ក្នុង​ថ្នាក់​សិក្ខាសាលា


« ឯកសារ​ណែនាំ ៖ ការជ្រើសរើស និង​ការរៀបចំ​ភាពជាអ្នកដឹកនាំ​របស់​សិស្ស​ក្នុង​ថ្នាក់សិក្ខាសាលា » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

ការគ្រប់គ្រង​ថ្នាក់រៀន

ឯកសារ​ណែនាំ ៖ ការជ្រើសរើស និង​ការរៀបចំ​ភាពជា​អ្នកដឹកនាំ​របស់​សិស្ស​ក្នុង​ថ្នាក់​សិក្ខាសាលា ។

រូបថត​ពី​ខាងក្រោយ​គ្រូបង្រៀន​ជាមួយ​នឹង​ក្មេងៗ

« គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​អាច​ជ្រើស​រើស​អ្នកកាន់​តំណែង​ក្នុង​ថ្នាក់​ដូចជា​ប្រធាន​ថ្នាក់​ម្នាក់ អនុប្រធាន​ថ្នាក់​ម្នាក់ និង​លេខា​ម្នាក់ ។ ជាដំបូង គ្រូបង្រៀន​ទាក់ទង​ទៅ​ឪពុក​ម្ដាយ​របស់​សិស្ស និង​ប៊ីស្សព​ស្នើសុំ​ការអនុម័ត ។ គ្រូបង្រៀន​ប្រកាស​អំពី​អ្នក​កាន់​តំណែង​ក្នុង​ថ្នាក់ ប៉ុន្តែ​ពួកគេ​មិន​ត្រូវបាន​គាំទ្រ ឬ​ធ្វើ​ពិធី​ញែកចេញ​ទេ ។ ពួកគេ​អាច​ជួយ​គ្រូបង្រៀន​ជាមួយ​នឹង​កិច្ចការ​នៅ​ក្នុង​ថ្នាក់​រៀន​តាម​ទម្លាប់ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ផ្សេង​ទៀត​ឲ្យ​មក​រៀន និង​ចូល​រួម » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ វគ្គ ១៥.១.៤ នៅ​ត្រឹម​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ ) ។ ដើម្បី​ជួយ​ពង្រឹង​ការប្រែចិត្តជឿ​របស់​សិស្ស​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ អ្នកដឹកនាំ​សិស្ស​ក្នុង​ថ្នាក់​សិក្ខាសាលា​អាច​នឹង​ជួយ​គ្រូបង្រៀន​ធ្វើ​កិច្ចការ​ដូចខាង​ក្រោម ៖

  • រក្សា​ឲ្យ​មាន​ព្រះវិញ្ញាណ​សមរម្យ​ក្នុង​ថ្នាក់ ។

  • លើក​ទឹកចិត្ត​ឲ្យ​ចុះឈ្មោះ​ចូលរៀន និង​ចូលរួម​ក្នុង​ថ្នាក់​សិក្ខាសាលា ។

  • បង្កើត​ទម្លាប់​វិជ្ជមាន ។

សិស្ស​ទាំង​ប្រុស​ទាំង​ស្រី​អាច​បម្រើ​ទៅ​តាម​សមត្ថភាព​ណាមួយ​ក្នុង​នាមជា​អ្នក​កាន់​តំណែង​នៅក្នុង​ថ្នាក់ ។

អ្នកកាន់​តំណែង​ក្នុង​ថ្នាក់​នឹង​ធ្វើការ​មាន​ប្រសិទ្ធភាព​បំផុត នៅពេល​ដែល​ពួកគេ​ទទួល​បាន​ការណែនាំ និង​ការបំពាក់បំប៉ន អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ​នៅពេល​ចាប់ផ្តើម និង​ក្នុង​អំឡុង​ពេល​បំពេញ​ការចាត់តាំង​របស់​ពួកគេ ។ ការណ៍​នេះ​អាច​ធ្វើបាន​ក្នុង​អំឡុង​ពេល​ប្រជុំ​ក្រុម​ដ៏ខ្លី​មួយ​ជាមួយ​គ្រូបង្រៀន​ដែល​ធ្វើ​ឡើង​ភ្លាមៗ​មុនពេល ឬ​ក្រោយពេល​បង្រៀន ឬ​ដោយ​ការចែកចាយ​បញ្ជី​នៃ​ការចាត់តាំង តួនាទី និង​ទំនួល​ខុសត្រូវ​របស់​ពួកគេ​យ៉ាង​ត្រឹមត្រូវ ។ ការប្រាស្រ័យ​ទាក់ទង​ជា​បន្ត​បន្ទាប់​រវាង​គ្រូបង្រៀន និង​អ្នកកាន់​តំណែង​ក្នុង​ថ្នាក់​ក៏​នឹង​មាន​ប្រយោជន៍​ផងដែរ ។

អ្នក​កាន់​តំណែង​ក្នុង​ថ្នាក់​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​តាម​ពេលវេលា​ពេញ​មួយ​ឆ្នាំ​សិក្សា​ទៅ​តាម​ពេល​ឈប់​សម្រាក​វិស្សមកាល ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​កាន់តែ​ច្រើន​មាន​ឱកាស​បម្រើ ។

គ្រូ​បង្រៀន​គួរ​តែ​សរសើរ និង​អរគុណ​អ្នក​កាន់​តំណែង​ក្នុងថ្នាក់​ជា​ទៀងទាត់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ។

អ្នកកាន់​តំណែង​ក្នុង​ថ្នាក់​អាច​ផ្ដល់​ការបម្រើ​តាម​មធ្យោបាយ​ជាច្រើន ដើម្បី​បង្កើន​បទពិសោធន៍​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ នេះជា​បញ្ជី​នៃ​ទំនួល​ខុសត្រូវ​មួយ​ចំនួន ៖

  • ស្វាគមន៍​សិស្ស​ដទៃ​ទៀត​មកកាន់​ថ្នាក់រៀន ។

  • ដឹកនាំ​ថ្នាក់ ។

  • លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចាប់ផ្ដើម​ទាន់​ពេល ។

  • ការប្រជុំ​ធម្មនិដ្ឋាន—ជួយ​ក្នុង​ការរៀបចំ ដាក់​កាលវិភាគ និង​ជាអ្នក​រំឭក ។

  • រំឭក​សិស្ស​ដទៃ​ទៀត​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​ថ្នាក់ ការចាត់តាំង ការរៀបចំ និង​ការតាមដាន ។

  • ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • ធ្វើ​ការងារបម្រើ​ដល់​សិស្ស​ដទៃ ។

  • ការដាក់​គោលដៅ និង​រំឭក/គាំទ្រ ។

  • ធ្វើ​ជា​គំរូ​ល្អ ។

  • អធិស្ឋាន​ដើម្បី​ដឹង​ដោយ​ខ្លួនឯង​ពី​របៀប​ដើម្បី​បម្រើ​សមាជិក​ក្នុង​ថ្នាក់ និង​ព្រះអម្ចាស់ ។

សាច់រឿង—តើ​វា​អាច​មើល​ទៅ​មាន​លក្ខណៈ​បែបណា ៖

នៅ​ដើម​ឆ្នាំ ៖

នៅ​ចុង​សប្ដាហ៍​ទី​មួយ​នៃ​ឆ្នាំ​សិក្សា​ថ្មី​នេះ​បងស្រី រ៉ូចាស បាន​អធិស្ឋាន​ស្វែងរក​សិស្ស​បី​នាក់ ដែល​គាត់​មាន​អារម្មណ៍​ថា នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ក្នុង​ថ្នាក់​ដ៏​ល្អ ៖ អ៊ីស្សាប៊ែលឡា ក្លេមិនថ៍ ជា​ប្រធានថ្នាក់ យ៉ាកុប ស្មីធ ជា​អនុប្រធាន និង សារ៉ា អាបារ៉ា ជា​លេខា ។ គាត់​បាន​ទូរសព្ទ​ទៅ​ឪពុក​ម្តាយ និង​ប៊ីស្សព​របស់​ពួកគេ​ម្នាក់ៗ​ដើម្បី​សុំ​ការអនុម័ត​ឲ្យ​សិស្ស​ទទួល​យក​ការចាត់តាំង​នោះ ។

ការទាក់ទង​ឪពុក​ម្តាយ និង​ប៊ីស្សព ៖

បងស្រី រ៉ូចាស ទូរសព្ទ​ទៅម្តាយ​របស់ អ៊ីស្សាប៊ែលឡា ហើយ​និយាយ​ថា « ជម្រាបសួរ បងស្រី ក្លេមិនថ៍ ! ខ្ញុំ​ឈ្មោះ រ៉ូចាស ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់ អ៊ីស្សាប៊ែលឡា ។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​សុំ​ឲ្យ​នាង​ធ្វើ​ជា​ប្រធាន​ថ្នាក់​របស់​យើង​សម្រាប់​ត្រីមាស​ទីមួយ ។ ការណ៍​នេះ​នឹង​តម្រូវ​ឲ្យ​នាង​មាន​ទំនួលខុសត្រូវ​តិចតួច​នៅក្នុង​ថ្នាក់​របស់​យើង​ក្នុង​អំឡុង​ពេល​វគ្គសិក្សា​នីមួយៗ ។ តើ​បង​ពេញចិត្ត​ឲ្យ​ខ្ញុំ​សុំ​ឲ្យ អ៊ីស្សាប៊ែលឡា បំពេញ​តួនាទី​នេះ​ដែរ​ឬ​ទេ ? » គាត់​ក៏​មាន​ការសន្ទនា​ស្រដៀង​គ្នា​នេះ​ដែរ ជាមួយ​ឪពុក​ម្តាយ​របស់​យ៉ាកុប និង សារ៉ា និង​ប៊ីស្សព​របស់​ពួកគេ​ម្នាក់ៗ ។

ការអញ្ជើញ និង​ការបំពាក់បំប៉ន ៖

បន្ទាប់ពី​ឪពុក​ម្តាយ និង​ប៊ីស្សព​ម្នាក់ៗ​បាន​យល់ព្រម​ហើយ បងស្រី រ៉ូចាស ទុក​ពេលវេលា​ក្នុង​អំឡុង​ពេល​ម៉ោង​បង្រៀន​លើក​ក្រោយ ដើម្បី​ឲ្យ​សិស្ស​ធ្វើការ​លើ​ការចាត់តាំង​ជាមួយ​ដៃគូ​ម្នាក់ ។ ក្នុង​អំឡុងពេល​នេះ​គាត់​បាន​សុំឲ្យ អ៊ីស្សាប៊ែលឡា យ៉ាកុប និង សារ៉ា ឈាន​ជើង​មក​ខាងមុខ​ម្នាក់​ម្តងៗ ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យធ្វើជា​អ្នកកាន់​តំណែង​ក្នុង​ថ្នាក់ ហើយ​បាន​ផ្ដល់​ឯកសារ​តួនាទី​ដែល​មានចែង​អំពី​ទំនួល​ខុស​ត្រូវ​ឲ្យ​ពួកគេ​សិក្សា ។ បន្ទាប់​មក គាត់​អញ្ជើញ​សិស្ស​ទាំង​បី​នាក់​ឲ្យ​មក​ថ្នាក់​រៀន ១៥​នាទី​មុន ដើម្បី​ពួកគេ​អាច​ពិភាក្សា​អំពី​ទំនួល​ខុសត្រូវ និង​ឆ្លើយ​សំណួរ​ណាមួយ ។

អ្នក​កាន់​តំណែង​ក្នុង​ថ្នាក់​បាន​មក​ដល់ ១៥​នាទី​មុន​ថ្នាក់​លើកក្រោយ ហើយ​ពួកគេ​ពិភាក្សា​អំពី​ឯកសារ​តួនាទី​ដែល​ពួកគេ​បាន​ទទួល ហើយ​បានសួរ​បងស្រី រ៉ូចាស អំពី​សំណួរ​ដែល​ពួកគេ​មាន​អំពី​ការចាត់តាំង​របស់​ពួកគេ ។ បងស្រី​រ៉ូចាស សុំ​ឲ្យ អ៊ីស្សាប៊ែលឡា ដឹកនាំ​ថ្នាក់​ថ្ងៃនេះ ហើយ​ឲ្យ​ចំណុច​មួយ​ចំនួន​ដែលត្រូវ​និយាយ ដើម្បី​សម្រួល​ដល់​បទពិសោធន៍​នេះ ។

វគ្គសិក្សា​ដំបូង​បន្ទាប់ពី​ការបំពាក់បំប៉ន ៖

បន្ទាប់ពី​កិច្ចប្រជុំ​បំពាក់បំប៉ន​ដោយ​សង្ខេប បងស្រី រ៉ូចាស បាន​ណែនាំ​ខ្លួន អ៊ីស្សាប៊ែលឡា យ៉ាកុប និង សារ៉ា ជា​អ្នកកាន់​តំណែង​ក្នុង​ថ្នាក់ ។ នៅពេល​គាត់​ណែនាំ​ពួកគេ​ទៅ​សិស្ស​ផ្សេង​ទៀត គាត់​បាន​ពន្យល់​ខ្លីៗ​ពី​តួនាទី​របស់​ពួកគេ ហើយ​បន្ទាប់​មក​ប្រគល់​ពេលវេលា​ទៅ​ឲ្យ អ៊ីស្សាប៊ែលឡា ដើម្បី​ចាប់​ផ្តើម​ថ្នាក់​រៀន​ជាមួយ​នឹង​សេចក្តី​ប្រកាស និង​អំពី​ការប្រជុំ​ធម្មនិដ្ឋាន ។

ក្នុង​រយៈពេល​ពេញមួយ​ត្រីមាស ៖

ជារឿយៗ បងស្រី រ៉ូចាស រិះរក​វិធី​ដើម្បី​អរគុណ​ដល់​អ្នក​កាន់តំណែង​ក្នុង​ថ្នាក់ និង​បន្ត​បំពាក់បំប៉ន​ពួកគេ​ក្នុង​អំឡុង​ពេល​ប្រជុំ​ខ្លីៗ​ពីមុន និង​ក្រោយ​ថ្នាក់រៀន ។ អ្នក​កាន់តំណែង​ក្នុង​ថ្នាក់​កាន់តែ​មាន​ភាពងាយ​ស្រួល​ក្នុង​ការបំពេញ​ការទទួល​ខុស​ត្រូវ​របស់​ពួកគេ ហើយ​ពួក​គេ​បំពេញ​ភារកិច្ច​ទាំង​នោះ​បាន​ល្អ ។ ពួកគេ​ប្ដូរវេន​គ្នា​ស្វាគមន៍​សិស្ស​ចូលមក​ថ្នាក់ ហើយ​ចាប់ផ្ដើម​ថ្នាក់ ។ សារ៉ា ធ្វើ​កិច្ចការ​បានល្អ​ក្នុង​ការរំឭក​សិស្ស​ផ្សេង​ទៀត នៅពេល​ដែល​វា​ជា​វេន​របស់​ពួក​គេ​ដើម្បី​ផ្តល់​ការប្រជុំ​ធម្មនិដ្ឋាន ។ យ៉ាកុប ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​​ប្រាកដ​ថា មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ស្វាគមន៍ និង​ត្រូវការ ។ អ៊ីស្សាប៊ែលឡា តែងតែ​ចែកចាយ​ការណ៍នានា​ពី​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​នាង ហើយ​លើក​ទឹក​ចិត្ត​មិត្ត​រួម​ថ្នាក់​របស់​នាង​ឲ្យ​បន្ត​ធ្វើការ​លើ​គោលដៅ​សិក្សា​របស់​ពួកគេ ។ ពេល​ខ្លះ​អ្នកកាន់​តំណែង​ក្នុង​ថ្នាក់​ផ្តល់​យោបល់​ដល់​បងស្រី រ៉ូចាស អំពី​របៀប​ដែល​អាច​កែលម្អ​ថ្នាក់​បាន ឬ​នៅពេល​ដែល​ពួកគេ​កត់​សម្គាល់​ឃើញ​សិស្ស​ម្នាក់​កំពុង​មាន​ការលំបាក ។ ពួកគេ​ក៏​ស្វែងរក​វិធី​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ធ្វើជា​មិត្តភក្តិ និង​ជួយ​ដល់​មិត្ត​រួមថ្នាក់​របស់​ពួកគេ​ផងដែរ ។

នៅ​ចុងបញ្ចប់​នៃ​ត្រីមាស ៖

បងស្រី រ៉ូចាស សម្រេច​តែងតាំង​អ្នកកាន់តំណែង​ក្នុង​ថ្នាក់​ថ្មី​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ដទៃ​ទៀត​ដឹកនាំ ។ គាត់​ធ្វើ​តាម​ដំណើរការ​ដូចគ្នា​នឹង​លើក​មុន​ដែរ ដើម្បី​អញ្ជើញ​សិស្ស​ថ្មី​បី​នាក់​ទៀត​ឲ្យ​ធ្វើ​ជា​អ្នកកាន់​តំណែង​ក្នុង​ថ្នាក់​សម្រាប់​ត្រីមាស​ក្រោយ ។ ក្នុង​អំឡុង​ពេល​ថ្នាក់​ចុង​ក្រោយ​នៃ​វគ្គ​សិក្សា​បងស្រី រ៉ូចាស ហៅ​អ៊ីស្សាប៊ែលឡា យ៉ាកុប និង សារ៉ា ឲ្យ​ឡើង​ទៅ​មុខ​ថ្នាក់​រៀន ហើយ​អរគុណ​ពួកគេ​ចំពោះ​ការខិតខំ​របស់​ពួកគេ ។ បន្ទាប់​មក គាត់​ណែនាំ​អ្នកកាន់​តំណែង​ថ្មី​ក្នុង​ថ្នាក់​សម្រាប់​ត្រីមាស​បន្ទាប់​ទៀត ។