« ជំនាញ ៖ សូមឲ្យសិស្សដឹងថា ពេលសួរសំណួរ ពួកគេមានពេលគិតមុននឹងឆ្លើយតប » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម
ជំនាញ ៖ សូមឲ្យសិស្សដឹងថា ពេលសួរសំណួរ ពួកគេមានពេលគិតមុននឹងឆ្លើយតប ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
តើអ្នកប្រាប់សិស្សរបស់អ្នកញឹកញាប់ប៉ុនណាថា អ្នកនឹងផ្ដល់ពេលវេលាឲ្យពួកគេគិតមុនពេលឆ្លើយតបនឹងសំណួរមួយ ?
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ការឲ្យសិស្សដឹងថា ពួកគេមានពេលគិតអំពីចម្លើយ មុនពេលពួកគេចែកចាយ គឺជាវិធីមួយដើម្បីលើកទឹកចិត្ត ឲ្យមានការឆ្លើយតបកាន់តែប្រសើរឡើង នៅពេលសំណួរត្រូវបានលើកឡើង ។ ការណ៍នេះផ្តល់ពេលវេលាឲ្យពួកគេគិត រៀបចំ និងទទួលបាននូវចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ វាក៏លុបបំបាត់នូវអ្វីដែលសិស្សមួយចំនួនអាចចាត់ទុកថា « ជាភាពស្ងៀមស្ងាត់ទាំងទើសទាល់ » ។ នៅពេលណាដែលមានសំណួរមួយត្រូវបានសួរ គ្រូបង្រៀនអាចប្រាប់ឲ្យសិស្សដឹងថា ពួកគេនឹងមានពេលវេលាជាក់លាក់មួយដើម្បីពិចារណាអំពីសំណួរនេះ មុនពេលពួកគេចែកចាយគំនិត និងអារម្មណ៍របស់ពួកគេ ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
នេះគឺជាឧទាហរណ៍មួយចំនួនដែលគ្រូបង្រៀនអាចនិយាយបាន ៖
-
« មុននឹងប្អូនឆ្លើយសំណួរនេះ សូមគិតបន្តិចសិន » ។
-
« សូមពិចារណាអំពីសំណួរខាងក្រោមនេះពីរបីនាទី ហើយរៀបចំចែកចាយជាមួយអ្នកដែលអង្គុយជិតប្អូន » ។
-
« សូមចំណាយពេលមួយនាទីដើម្បីគិតពីរបៀបដែលអ្នកនឹងឆ្លើយសំណួរខាងក្រោមនេះ » ។
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត )
សូមសរសេរសេចក្ដីថ្លែងការណ៍ដែលអនុញ្ញាតឲ្យសិស្សរបស់អ្នកដឹងថា ពួកគេមានពេលវេលាដើម្បីរៀបចំចម្លើយចំពោះសំណួរនីមួយៗនៅខាងក្រោមនេះដែលបានចោទសួរ ៖
-
តើអ្នកធ្លាប់ទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់នៃព្រះនៅក្នុងជីវិតរបស់អ្នកនៅពេលណា ?
-
តើវាមានន័យយ៉ាងណាចំពោះអ្នកក្នុងការដាក់ « ទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត » ?
-
តើគោលការណ៍នេះជួយអ្នកឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ជញ្ជឹងគិត ឬពិភាក្សា ៖
ឥឡូវនេះអ្នកបានអនុវត្តជំនាញនេះហើយ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ នៅពេលខ្លះក្នុងការឲ្យសិស្សរបស់អ្នកដឹងថា ពួកគេមានពេលដើម្បីពិចារណាអំពីសំណួរមួយ មុនពេលពួកគេឆ្លើយតបនឹងសំណួរនោះ ?
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
សូមពិចារណាអំពីសំណួរដែលអ្នកនឹងសួរនៅក្នុងមេរៀនខាងមុខ ហើយកំណត់សំណួរមួយណាដែលអ្នកនឹងប្រាប់សិស្សថា ពួកគេមានពេលដើម្បីពិចារណាមុននឹងឆ្លើយតប ។