ជំពូកទី ១៨
ព្រះគ្រីស្ទនឹងបានទៅជាថ្មជំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្ត — ចូរស្វែងរកព្រះអម្ចាស់ មិនមែនពួកគ្រូគាថាទេ — ចូរបែរទៅរកក្រឹត្យវិន័យ និងសេចក្ដីបន្ទាល់ទុកជាការណែនាំ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៨។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ម្យ៉ាងទៀត ព្រះបន្ទូលនៃព្រះអម្ចាស់បន្លឺមកខ្ញុំថា ៖ ចូរយកក្ដារឈ្នួនមួយធំ ហើយសរសេរជាអក្សររបស់មនុស្សថា ការរឹបជាន់មកជិតណាស់ហើយ គេរូតរះមកចាប់រំពា។
២ហើយខ្ញុំនឹងយកសាក្សីស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនយេបេរេគា ដើម្បីកត់សេចក្ដីទុក។
៣រួចមកខ្ញុំបានចូលទៅឯព្យាការីស្រី ហើយនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ។ ខណៈនោះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស។
៤ត្បិតមើលចុះ កូននេះពុំចេះហៅ ឪអើយ ម៉ែអើយនៅឡើយ នោះគេនឹងដឹកយកទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងរឹបយកនៅក្រុងសាម៉ារី នាំទៅនៅចំពោះស្ដេចស្រុកអាសស៊ើរហើយ។
៥ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា ៖
៦ដរាបណាសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោមដែលហូរគ្រឿនៗ តែមកមានសេចក្ដីរីករាយចំពោះរេស៊ីន ហើយនិងកូនរបស់រេម៉ាលាវិញ
៧ឥឡូវនេះ ដោយហេតុនោះ មើលចុះ ព្រះអម្ចាស់ទ្រង់នាំទឹកទន្លេដែលហូរខ្លាំង ហើយច្រើនមកលើគេ គឺជាស្ដេចស្រុកអាសស៊ើរ និងឫទ្ធានុភាពទាំងប៉ុន្មានរបស់ទ្រង់ ទន្លេនោះនឹងហូរចេញតាមគ្រប់ទាំងព្រែក ហើយលិចច្រាំងទាំងអស់។
៨ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនឹងជន់រាចពេញស្រុករបស់ឯង ឱអេម៉ាញូអែលអើយ។
៩ឱជនជាតិទាំងឡាយអើយ ចូររួបរួមគ្នាចុះ គង់តែអ្នករាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ៎ ! អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្ដាប់ចុះ ចូរក្រវាត់ចង្កេះខ្លួនដែរ នោះអ្នកនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះអ្នកនឹងត្រូវបាក់បែកខ្ទេចខ្ទីទៅ។
១០ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នកនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះ នឹងមិនស្ថិតស្ថេរនៅឡើយ ត្បិតព្រះទ្រង់គង់នៅខាងយើងហើយ។
១១ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកដោយព្រះហស្តសង្កត់លើខ្ញុំជាខ្លាំង ទ្រង់ដាស់តឿនខ្ញុំមិនឲ្យដើរតាមផ្លូវរបស់ជនជាតិនេះ ដោយថា ៖
១២កុំឲ្យអ្នកថា មានការក្បត់ក្នុងគ្រប់ទាំងការដែលជនជាតិនេះថា មានការក្បត់នោះឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះការដែលគេភ័យខ្លាចដែរ កុំឲ្យតក់ស្លុតឲ្យសោះ។
១៣ត្រូវឲ្យរាប់ព្រះអម្ចាស់នៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកទ្រង់ជាទីភ័យខ្លាច ហើយតក់ស្លុតវិញ។
១៤នោះទ្រង់នឹងបានសម្រាប់ជាទីបរិសុទ្ធ តែជាថ្មជំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្តដល់ពួកអ៊ីស្រាអែលទាំងពីរវង្ស គឺសម្រាប់ជាអន្ទាក់ និងជាជង់ដល់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់។
១៥ហើយមនុស្សជាច្រើននឹងជំពប់នឹងថ្មនោះ ហើយដួលទៅ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយចាប់បានផង។
១៦ចូរចងសេចក្ដីបន្ទាល់ចុះ ហើយបិទត្រាក្រឹត្យវិន័យនៅក្នុងពួកសិស្សរបស់យើងចុះ។
១៧ឯខ្ញុំៗនឹងទន្ទឹងចាំព្រះអម្ចាស់ ដែលទ្រង់លាក់ព្រះភក្ត្រនឹងវង្សនៃយ៉ាកុប ហើយខ្ញុំនឹងរង់ចាំមើលតែទ្រង់។
១៨មើលចុះ ខ្ញុំហើយនឹងកូនចៅដែលព្រះអម្ចាស់ទ្រង់បានប្រទានមកខ្ញុំ សម្រាប់ជាទីសម្គាល់មកពីព្រះអម្ចាស់នៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
១៩ហើយកាលបើអ្នកណាពោលដល់អ្នកថា ៖ ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ិអ៊ុ ហើយងុមៗ — នោះត្រូវឆ្លើយ ថា ៖ តើគួរគប្បីឲ្យបណ្ដាជន ស្វែងរកព្រះរបស់ខ្លួន ដើម្បីឲ្យមនុស្សរស់បានដំណឹងពីមនុស្សស្លាប់ឬអី?
២០ចូរទៅបើកគម្ពីរក្រឹត្យវិន័យ និងសេចក្ដីបន្ទាល់មើល បើសិនជាគេនិយាយមិនត្រូវនឹងព្រះបន្ទូលនេះ នោះពីព្រោះមកពីគេគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ។
២១ហើយគេនឹងដើរចុះឡើងក្នុងស្រុកមានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន ហើយហេតុការណ៍នឹងកើតឡើងថា កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្ដៅក្រហាយ ហើយប្រទេចផ្ដាសាដល់ស្ដេច និងព្រះរបស់ខ្លួន ដោយងាកមើលទៅលើមេឃផង។
២២រួចគេងាកមើលទៅផែនដី ឃើញមានសុទ្ធតែសេចក្ដីលំបាក និងសេចក្ដីងងឹតឈ្លប់សូន្យសុង គ្របសង្កត់ដោយវេទនាចិត្ត ហើយនឹងត្រូវបណ្ដេញទៅក្នុងសេចក្ដីងងឹតយ៉ាងក្រាស់៕