ព្រះគម្ពីរ
នីហ្វៃ ទី ២ 28


ជំពូក​ទី ២៨

សាសនាចក្រ​ក្លែងក្លាយ​ជាច្រើន​នឹង​ត្រូវ​បាន​ស្ថាបនា​ឡើង នៅ​គ្រា​ចុង​ក្រោយ​បង្អស់ — សាសនាចក្រ​ទាំង​នោះ​នឹង​បង្រៀន​នូវ​លទ្ធិ​ក្លែងក្លាយ ឥត​ខ្លឹមសារ ហើយ​ឥតប្រយោជន៍ — សេចក្ដី​ក្បត់​សាសនា​នឹង​កើតឡើង​ពាសពេញ ពី​ព្រោះ​តែ​គ្រូ​ក្លែងក្លាយ​ទាំង​ឡាយ — អារក្ស នឹង​ញាំញី​នៅ​ក្នុង​ចិត្ត​មនុស្ស — វា​នឹង​បង្រៀន​នូវ​លទ្ធិ​ក្លែងក្លាយ​គ្រប់បែប​យ៉ាង។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បងប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ស្រប​តាម​ដែល​ព្រះ​វិញ្ញាណ​បាន​បង្គាប់​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​ដឹង​ថា​ការណ៍​ទាំង​នោះ​ត្រូវ​តែ​កើតជា​ប្រាកដ។

ហើយ​អ្វីៗ​ដែល​នឹង​ត្រូវ​បាន​សរសេរ​ចេញ​ពី​គម្ពីរ​នោះ នឹង​មាន​ប្រយោជន៍​យ៉ាង​ធំ​ចំពោះ​កូន​ចៅ​មនុស្ស ហើយ​ជា​ពិសេស ចំពោះ​ពូជ​យើង ដែល​ជា​សំណល់​នៃ​វង្ស​អ៊ីស្រាអែល។

ត្បិត​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​ថ្ងៃ​នោះ សាសនាចក្រ​ទាំង​ឡាយ​បាន​ស្ថាបនា​ឡើង តែមិន​បាន​ស្ថាបនា​ឡើង​សម្រាប់​ថ្វាយ​ដល់​ព្រះ​អម្ចាស់​ទេ កាល​សាសនាចក្រ​មួយ​នឹង​និយាយ​សាសនាចក្រ​មួយ​ទៀត​ថា ៖ មើល​ចុះ គឺ​ខ្ញុំ​នេះ​ហើយ ជា​សាសនាចក្រ នៃ​ព្រះ​អម្ចាស់ ឯ​សាសនាចក្រ​ផ្សេងៗ​ទៀត​នឹង​និយាយ​ថា ៖ គឺ​ខ្ញុំ​ទេតើ ដែល​ជា​សាសនាចក្រ​នៃ​ព្រះ​អម្ចាស់ ហើយ​សាសនាចក្រ​នីមួយៗ​ដែល​បាន​ស្ថាបនា​ឡើង តែងតែ​និយាយ​ថា​ដូច្នោះ តែ​មិន​បាន​ស្ថាបនា​ឡើង​សម្រាប់​ថ្វាយ​ដល់​ព្រះ​អម្ចាស់​ឡើយ —

ហើយ​ពួក​គេ​នឹង​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​សង្ឃ​របស់​គេ​ក៏​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​គេ​នឹង​បង្រៀន​អំពី​ចំណេះ​របស់​ខ្លួន តែ​មិន​ទទួល​ស្គាល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បាន​ប្រទាន​សម្ដី​នោះ​ទេ។

ហើយ​ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​ចេស្ដា​នៃ​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ ហើយ​ពួក​គេ​និយាយ​ទៅ​រក​ប្រជាជន​ថា ៖ ចូរ​ប្រុង​ស្ដាប់​តាម​យើង ហើយ​ស្ដាប់​តាម​លទ្ធិ​របស់​យើង​ចុះ ត្បិត​មើល​ចុះ សព្វ​ថ្ងៃ​នេះ គ្មាន​ព្រះ​ទេ ព្រោះ​ព្រះ​អម្ចាស់ និង​ព្រះ​ដ៏​ប្រោស​លោះ បាន​ធ្វើ​កិច្ចការ​របស់​ទ្រង់​រួច​ស្រេច​បាច់​ហើយ ហើយ​ទ្រង់​បាន​ប្រទាន​អំណាច​របស់​ទ្រង់​មក​មនុស្ស​លោក

មើល​ចុះ ចូរ​ប្រុង​ស្ដាប់​តាម​លទ្ធិ​របស់​យើង​ចុះ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា មាន​អព្ភូតហេតុ​បាន​សម្ដែង​ឡើង ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ ចូរ​កុំ​ជឿ​ឲ្យ​សោះ ត្បិត​សព្វ​ថ្ងៃ​នេះ ទ្រង់​មិនមែន​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទេ ទ្រង់​បាន​ធ្វើ​កិច្ចការ​របស់​ទ្រង់​រួច​ស្រេច​បាច់​ហើយ។

មែន​ហើយ ហើយ​នឹង​មាន​មនុស្ស​ជាច្រើន​និយាយ​ថា ៖ ចូរ​យើង​ស៊ីផឹក ហើយ​អរ​សប្បាយ​ទៅ​ចុះ ត្បិត​ស្អែក​ឡើង យើង​ត្រូវ​ស្លាប់​ហើយ ហើយ​នឹង​បាន​ស្រួល​ដល់​យើង។

ហើយ​នឹង​មាន​មនុស្ស​ជាច្រើន​និយាយ​ថា ៖ ចូរ​យើង​ស៊ីផឹក ហើយ​អរ​សប្បាយ​ទៅ​ចុះ ប៉ុន្តែ​ចូរ​កោតខ្លាច​ដល់​ព្រះ — ទ្រង់​នឹង​រាប់​ថា​សុចរិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​បន្តិច​បន្តួច មែន​ហើយ ដូច​ជា​និយាយ​កុហក​បន្តិច​បន្តួច ជិះជាន់​មនុស្ស​ផ្សេង​ដោយ​សារ​សម្ដី​របស់​គេ ជីក​រណ្ដៅ​ទុកដាក់​អ្នក​ជិត​ខាង​ខ្លួន គ្មាន​ខុស​អ្វី​ទេ​ចំពោះ​ការណ៍​ទាំង​នេះ ហើយ​ចូរ​យើង​ប្រព្រឹត្ត​នូវ​ការណ៍​អស់​ទាំង​នេះ​ទៅ​ចុះ ត្បិត​ស្អែក​ឡើង​យើង​ត្រូវ​ស្លាប់​ហើយ ហើយ​ប្រសិនបើ​យើង​បែរជា​មាន​ទោស​ទៅ​វិញ នោះ​ព្រះ​ទ្រង់​នឹង​វាយ​យើង​ពីរ​បី​រំពាត់ ហើយ​នៅ​ទីបំផុត យើង​ក៏​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ដែរ។

មែន​ហើយ ហើយ​នឹង​មាន​មនុស្ស​ជាច្រើន​ដែល​នឹង​បង្រៀន​តាម​របៀប​នេះ គឺជា​លទ្ធិក្លែងក្លាយ ឥត​ខ្លឹមសារ ហើយ​ឥតប្រយោជន៍ ហើយ​នឹង​អួត​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ហើយ​នឹង​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ​អម្ចាស់ ហើយ​កិច្ចការ​របស់​ពួក​គេ​នឹង​នៅ​ក្នុង​ទី​ងងឹត។

១០ហើយ​ឈាម​របស់​ពួក​បរិសុទ្ធ នឹង​ស្រែក​ចេញ​ពី​ដី​មក​ទាស់​នឹង​គេ។

១១មែន​ហើយ ពួក​គេ​ទាំង​អស់​បាន​ដើរ​ចេញ​ពី​ផ្លូវ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ពុករលួយ

១២ពី​ព្រោះ​តែ​ការ​ឆ្មើងឆ្មៃ និង​ពី​ព្រោះ​តែ​ពួក​គ្រូ​ក្លែងក្លាយ និង​លទ្ធិ​ក្លែងក្លាយ នោះ​សាសនាចក្រ​ទាំង​ឡាយ​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ពុករលួយ ហើយ​សាសនាចក្រ​ទាំង​ឡាយ​របស់​ពួក​គេ​បាន​លើក​ខ្លួន​ឡើង​មក​ពី​ការ​ឆ្មើងឆ្មៃ ទើប​ពួក​គេ​បាន​អួត​ខ្លួន​ឡើង។

១៣ពួក​គេ​ប្លន់អ្នក​ទាល់ក្រ ដោយ​សារ​តែ​ទី​បរិសុទ្ធ​ដ៏​ល្អ​របស់​ខ្លួន ពួក​គេ​ប្លន់​អ្នក​ទាល់ក្រ ដោយ​សារ​តែ​គ្រឿង​សំលៀកបំពាក់​ដ៏​ល្អ​របស់​ខ្លួន ហើយ​ពួក​គេ​បៀតបៀន​អ្នក​ស្លូតត្រង់ និង​អ្នក​ទាល់ក្រ​ក្នុង​ចិត្ត ពី​ព្រោះ​តែ​នៅ​ក្នុង​ការ​ឆ្មើងឆ្មៃ​របស់​ខ្លួន ទើប​ពួក​គេ​បាន​អួត​ខ្លួន​ឡើង។

១៤ពួក​គេ​ធ្វើ​ក​រឹង ហើយ​ងើយ​ក្បាល​ខ្ពស់ មែន​ហើយ ព្រោះ​តែ​ការ​ឆ្មើងឆ្មៃ និង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ ហើយ​នឹង​អំពើ​សហាយស្មន់ នោះ​ពួក​គេ​ទាំង​អស់​ដើរ​វង្វេង លើក​លែង​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ជា​ពួក​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដោយ​រាបសា ទោះ​ជា​យ៉ាង​នេះ​ក្ដី គង់តែ​មាន​គ្រា​ជាច្រើន ដែល​ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ធ្វើ​ខុស ព្រោះ​ពួក​គេ​ត្រូវ​បាន​បង្រៀន​ដោយ​សិក្ខាបទ​ទាំង​ឡាយ​នៃ​មនុស្ស។

១៥ឱ​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​រៀន​សូត្រ និង​អ្នក​មាន ដែល​អួត​ខ្លួន​នៅ​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​ពួក​គេ និង​អស់​អ្នក​ដែល​បង្រៀន​លទ្ធិ​ទាំង​ឡាយ​ដែល​ក្លែងក្លាយ និង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សហាយស្មន់​ទាំង​ឡាយ ហើយ​បង្ខូច​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​នៃ​ព្រះ​អម្ចាស់ មែន​ហើយ វេទនា វេទនា វេទនា​ដល់​អ្នក​ទាំង​នោះ​ចុះ ព្រះ​អម្ចាស់​ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ព្រោះ​ពួក​គេ​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​ស្ថាន​នរក។

១៦វេទនា​ដល់​អ្នក​ណា ដែល​បង្វែរ​មនុស្ស​យុត្តិធម៌​ចេញ ដោយ​រឿង​មិន​ជា​ហេតុ​វិញ ហើយ​ជេរប្រមាថ​ដល់​អ្វី​ដែល​ល្អ ហើយ​ព្រម​ទាំង​និយាយ​ថា​គ្មាន​ប្រយោជន៍​ទេ! ត្បិត​ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​មក​ពិនិត្យពិច័យ​បណ្ដាជន​នៅ​លើ​ផែនដី​យ៉ាង​ឆាប់ ហើយ​នៅ​ថ្ងៃ​នោះ កាលណា​ពួក​គេ​បាន​ទុំ​សុស​ក្នុង​សេចក្ដី​ទុច្ចរិត នោះ​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ។

១៧ប៉ុន្តែ​មើល​ចុះ បើ​សិន​ជា​បណ្ដាជន​នៅ​លើ​ផែនដី​នឹង​ប្រែចិត្ត​ពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​មិន​ត្រូវ​បំផ្លាញ​ចោល​ឡើយ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៨ប៉ុន្តែ​មើល​ចុះ សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ ជា​ពេស្យា​នៃ​អស់​ទាំង​ផែនដី ត្រូវ​តែ​រលំ​ដួល​ទៅ​លើ​ផែនដី ហើយ​ការ​រលំ​ដួល​នោះ​ច្បាស់​ជា​ខ្លាំង​ណាស់​ហ្ន៎។

១៩ព្រោះ​នគរ​នៃ​អារក្ស​នឹង​ត្រូវ​កក្រើក ឯ​ពួក​ដែល​នៅ​ក្នុង​នោះ ត្រូវ​រំជួល​ឲ្យ​ប្រែចិត្ត បើ​ពុំ​នោះ​សោត​ទេ អារក្ស​នឹង​ចាប់​ពួក​គេ​ចង​ដោយ​ច្រវាក់​ដ៏​ជាប់​អស់​កល្ប​ជានិច្ច ហើយ​ពួក​គេ​នឹង​ត្រូវ​ចាក់រុក​ឲ្យ​មាន​កំហឹង ហើយ​ក៏​វិនាស​ទៅ

២០ត្បិត​មើល​ចុះ នៅ​ថ្ងៃ​នោះ វា​នឹង​ញាំញី​នៅ​ក្នុង​ចិត្ត​ទាំង​ឡាយ​នៃ​កូន​ចៅ​មនុស្ស ហើយ​ចាក់រុក​ឲ្យ​ពួក​គេ​មាន​កំហឹង​ទាស់​នឹង​អ្វី​ដែល​ជា​ល្អ​វិញ។

២១ហើយ​ឯ​អ្នក​ផ្សេង​ទៀត វា​នឹង​បង្ក្រាប​ឲ្យ​សុខ ហើយ​បំពេ​ពួក​គេ​ឲ្យ​បាន​សុខ​ខាង​រូប​កាយ ដែល​ពួក​គេ​នឹង​និយាយ​ថា ៖ អ្វីៗ​បាន​ស្រួល​ទាំង​អស់​នៅ​ក្រុង​ស៊ីយ៉ូន មែន​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ចម្រើន​ឡើង អ្វីៗ​ស្រួល​អស់​ហើយ — អារក្ស​បាន​បញ្ឆោត​ព្រលឹង​ពួក​គេ​ដូច្នោះ​ហើយ ហើយ​នាំ​ពួក​គេ​ដោយ​ប្រុងប្រយ័ត្ន​ចុះ​ទៅ​ស្ថាន​នរក។

២២ហើយ​មើល​ចុះ វា​បញ្ជោរ​អ្នក​ឯ​ទៀត ហើយ​ប្រាប់​ពួក​គេ​ថា គ្មាន​ស្ថាន​នរក​ទេ ហើយ​វា​និយាយ​ទៅ​ពួក​គេ​ថា ៖ ខ្ញុំ​មិនមែន​ជា​អារក្ស​ទេ ត្បិត​គ្មាន​អារក្ស​ឯណា — ហើយ​វា​ខ្សឹប​ដាក់​ត្រចៀក​គេ​ថា​ដូច្នោះ រហូត​ដល់​វា​ចាប់​ពួក​គេ​ជាប់​ដោយ​ច្រវាក់​ដ៏​អប្រីយ៍​របស់​វា ចាប់​ពី​នោះ​ទៅ គឺ​គ្មាន​ការ​រំដោះ​ឲ្យ​រួច​បាន​ឡើយ។

២៣មែន​ហើយ ពួក​គេ​ត្រូវ​ជាប់​ដោយ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ហើយ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក និង​អារក្ស និង​អ្នក​ទាំង​អស់​ដែល​ត្រូវ​ចាប់​ទៅ​នោះ ពួក​គេ​នឹង​ឈរ​នៅ​ចំពោះ​បល្ល័ង្ក​នៃ​ព្រះ ហើយ​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន គឺ​ចាប់​ពី​នោះ​ទៅ ពួក​គេ​ត្រូវ​ទៅ​កាន់​ទីកន្លែង​ដែល​បាន​រៀបចំ​សម្រាប់​ពួក​គេ គឺ​បឹង​ភ្លើង និង​ស្ពាន់ធ័រ ដែល​ជា​សេចក្ដី​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

២៤ហេតុ​ដូច្នេះ​ហើយ វេទនា​ដល់​អ្នក​ណា ដែល​បាន​សុខ​ស្រួល​នៅ​ក្រុង​ស៊ីយ៉ូន!

២៥វេទនា​ដល់​អ្នក​ណា ដែល​ស្រែក​ថា អ្វីៗ​បាន​ស្រួល​ទាំង​អស់!

២៦មែន​ហើយ វេទនា​ដល់​អ្នក​ណា ដែល​ស្ដាប់​តាម​សិក្ខាបទ​ទាំង​ឡាយ​នៃ​មនុស្ស តែ​មិន​ទទួល​ស្គាល់​ព្រះ​ចេស្ដា​នៃ​ព្រះ និង​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ!

២៧មែន​ហើយ វេទនា​ដល់​អ្នក​ណា​ដែល​ថា យើង​បាន​ទទួល​ហើយ យើង​មិន​ត្រូវ​ការ​ទៀត​ទេ!

២៨ហើយ​សរុប​សេចក្ដី​ថា វេទនា​ដល់​អស់​អ្នក​ណា​ដែល​ញ័រ ហើយ​បះបោរ ដោយ​សារ​តែ​សេចក្ដី​ពិត​នៃ​ព្រះ! ត្បិត​មើល​ចុះ អ្នក​ណា​ដែល​សង់​ឡើង​នៅ​លើ​ថ្ម នោះ​នឹង​ទទួល​យក​សេចក្ដី​ពិត​នោះ​ដោយ​ចិត្ត​រីករាយ រីឯ​អ្នក​ណា​ដែល​សង់​ឡើង​នៅ​លើ​ខ្សាច់ នោះ​នឹង​ញ័រ​វិញ ក្រែង​ខ្លួន​ត្រូវ​រលំ។

២៩វេទនា​ដល់​អ្នក​ណា​ដែល​នឹង​ថា ៖ យើង​បាន​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ​ហើយ ហើយ​យើង​មិនត្រូវ​ការ​ព្រះ​បន្ទូល​នៃ​ព្រះ​ទៀត​ទេ ត្បិត​យើង​មាន​ល្មម​គ្រប់គ្រាន់​ហើយ!

៣០ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច នេះ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំង​ឡាយ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទូន្មាន​របស់​យើង ត្បិត​ពួក​គេ​នឹង​មាន​ប្រាជ្ញា ត្បិត​ចំពោះ​អ្នក​ណា​ដែល​បាន​ទទួល នោះ​យើង​នឹង​ឲ្យ​ថែម​ទៀត តែ​ពី​អស់​អ្នក​ណា​ដែល​នឹង​និយាយ​ថា យើង​មាន​ល្មម​គ្រប់គ្រាន់​ហើយ ពី​ពួក​នោះ​នឹង​ត្រូវ​ដក​យក​វិញ ទាំង​អ្វី​ដែល​ពួក​គេ​មាន​នោះ​ផង​ដែរ។

៣១ត្រូវ​បណ្ដា​សា​ហើយ អ្នក​ណា​ដែល​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​ទៅ​លើ​មនុស្ស ឬ​យក​សាច់ឈាម​ធ្វើ​ជា​ដៃ​របស់​ខ្លួន ឬ​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​នៃ​មនុស្ស លើក​លែង​តែ​សិក្ខាបទ​ទាំង​ឡាយ​របស់​ពួក​គេ​ត្រូវ​បាន​ប្រទាន​ឲ្យ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ។

៣២ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ វេទនា​ដល់​ពួក​សាសន៍​ដទៃ! ព្រោះ​ទោះ​ជា​យើង​លូកដៃ​ទៅ​រក​ពួក​គេ​ពី​ថ្ងៃ​មួយ​ទៅ​ថ្ងៃ​មួយ​ទៀត​ក្ដី គង់តែ​ពួក​គេ​នៅ​តែ​មិន​ទទួល​ស្គាល់​យើង​ដែរ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​នឹង​មេត្តា​ករុណា​ដល់​ពួក​គេ​ដែរ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ បើ​សិន​ជា​ពួក​គេ​ប្រែចិត្ត ហើយ​មក​រក​យើង ត្បិត​ដៃ​យើង​នៅ​តែ​លូក​រាល់ៗ​ថ្ងៃ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ៕