ព្រះគម្ពីរ
នីហ្វៃ ទី ២ 33


ជំពូក​ទី ៣៣

ពាក្យ​សម្ដី​របស់​នីហ្វៃ​ជា​ពាក្យ​ពិត — ពាក្យ​ទាំង​នេះ​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ — អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​នឹង​ជឿ​ដល់​ពាក្យ​របស់​នីហ្វៃ ដែល​នឹង​ឈរ​ជា​សាក្សី​ចំពោះ​វេទិកា​ជំនុំ​ជំរះ។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ មិន​អាច​សរសេរ​ឲ្យ​អស់​នូវ​អ្វី​ដែល​បាន​បង្រៀន​នៅ​ក្នុង​ចំណោម​ប្រជាជន​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិនសូវ​ពូកែ​ខាង​ការ​សរសេរ​ដូច​ជា​ខាង​ការ​និយាយ​នោះ​ដែរ ត្បិត​កាលណា​មនុស្ស​មួយ​និយាយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​ចេស្ដា នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​នាំ​ពាក្យ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស។

ប៉ុន្តែ​មើល​ចុះ មាន​មនុស្ស​ជាច្រើន ដែល​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​អង្គ​មិន​មាន​ទីកន្លែង​នៅ​ក្នុង​ចិត្ត​គេ​ឡើយ ហេតុ​ដូច្នោះ​ហើយ គេ​បាន​បោះបង់​ចោល​នូវ​អ្វីៗ​ដែល​បាន​សរសេរ​ជាច្រើន ហើយ​រាប់​ទុកជា​របស់​ឥតប្រយោជន៍​ទៅ​វិញ។

ប៉ុន្តែ​ខ្ញុំ នីហ្វៃ បាន​សរសេរ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ទុក ហើយ​ខ្ញុំ​រាប់​ការណ៍​នេះ​ទុកជា​មាន​តម្លៃ​ដ៏​ធំ ហើយ​ជា​ពិសេស​ចំពោះ​ប្រជាជន​របស់​ខ្ញុំ។ ត្បិត​ខ្ញុំ​អធិស្ឋាន​ឲ្យ​គេ​ពុំ​ឈប់ឈរ​នៅ​ក្នុង​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់ ទឹកភ្នែក​ខ្ញុំ​ហូរ​ជោក​ខ្នើយ​ពី​ព្រោះ​តែ​ពួក​គេ ហើយ​ខ្ញុំ​អំពាវនាវ​ដល់​ព្រះ​របស់​ខ្ញុំ​នៅ​ក្នុង​សេចក្ដី​ជំនឿ ហើយ​ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ឮ​សម្រែក​ខ្ញុំ។

ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ញែក​ការ​អធិស្ឋាន​ទាំង​ឡាយ​របស់​ខ្ញុំ ទុកជា​ប្រយោជន៍​ដល់​ប្រជាជន​របស់​ខ្ញុំ។ ហើយ​ពាក្យ​ណា​ដែល​ខ្ញុំ​សរសេរ​នៅ​ក្នុង​ភាព​ទន់ខ្សោយ នោះ​នឹង​បាន​ធ្វើ​ជា​ខ្លាំង​ដល់​ពួក​គេ ត្បិត​ពាក្យ​ទាំង​នោះ​នឹង​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ ពាក្យ​ទាំង​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​ពួក​អយ្យកោ​របស់​ខ្លួន ហើយ​ពាក្យ​ទាំង​នោះ​និយាយ​អំពី​ព្រះ​យេស៊ូវ ហើយ​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​ជឿ​ដល់​ទ្រង់ ហើយ​ឲ្យ​កាន់ខ្ជាប់ ដរាប​ដល់​ចុង​បំផុត ដែល​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

ហើយ​ពាក្យ​ទាំង​នោះ​និយាយ​ដ៏​តឹងតែង​ទាស់​នឹង​អំពើ​បាប ស្រប​តាម​សេចក្ដី​ច្បាស់លាស់​នៃ​សេចក្ដី​ពិត ហេតុ​ដូច្នោះ​ហើយ គ្មាន​មនុស្ស​ណា​ខឹង​នឹង​ពាក្យ​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​សរសេរ​ឡើយ លើក​លែង​តែ​អ្នក​នោះ​ជា​វិញ្ញាណ​នៃ​អារក្ស។

ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​សេចក្ដី​ច្បាស់លាស់ ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​សេចក្ដី​ពិត ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​ព្រះ​យេស៊ូវ​របស់​ខ្ញុំ ព្រោះ​ទ្រង់​បាន​ប្រោស​លោះ​ព្រលឹង​ខ្ញុំ​ពី​ស្ថាន​នរក។

ខ្ញុំ​មាន​សេចក្ដី​សប្បុរស​ចំពោះ​ប្រជាជន​ខ្ញុំ ហើយ​មាន​សេចក្ដី​ជំនឿ​ដ៏​មុតមាំ​ដល់​ព្រះ​គ្រីស្ទ​ថា ខ្ញុំ​នឹង​ជួប​ព្រលឹង​ជាច្រើន​ដែល​គ្មាន​ទោស​នៅ​ឯ​វេទិកា​ជំនុំ​ជំរះ​របស់​ទ្រង់។

ខ្ញុំ​មាន​សេចក្ដី​សប្បុរស​ចំពោះ​សាសន៍​យូដា — ខ្ញុំ​និយាយ​ថា សាសន៍​យូដា ពី​ព្រោះ​ខ្ញុំ​មាន​ន័យ​ពី​ពួក​អ្នក​នៅ​កន្លែង​ដែល​ខ្ញុំ​ចេញ​មក។

ខ្ញុំ​ក៏​មាន​សេចក្ដី​សប្បុរស​ចំពោះ​ពួក​សាសន៍​ដទៃ​ផង​ដែរ។ ប៉ុន្តែ​មើល​ចុះ ខ្ញុំ​គ្មាន​សង្ឃឹម​អ្វី​ចំពោះ​ពួក​គេ​សោះ លើក​លែង​តែ​ពួក​គេ​ស្រុះស្រួល​ជាមួយ​នឹង​ព្រះ​គ្រីស្ទ ហើយ​ចូល​តាម​ទ្វារ​ដ៏​ចង្អៀត ហើយ​ដើរ​តាម​ផ្លូវ​តូច ដែល​នាំ​ទៅ​ឯ​ជីវិត ហើយ​បន្ត​ទៅ​លើ​ផ្លូវ​នោះ រហូត​ដល់​ចុង​បំផុត​ក្នុង​ថ្ងៃ​នៃ​ការ​សាកល្បង។

១០ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ និង​សាសន៍​យូដា​ផង ហើយ​នឹង​អស់​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ សូម​ប្រុង​ស្ដាប់​តាម​ពាក្យ​ទាំង​នេះ ហើយ​ជឿ​ដល់​ព្រះ​គ្រីស្ទ​ចុះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ដល់​ពាក្យ​ទាំង​នេះ​ទេ ក៏​សូម​ជឿ​ដល់​ព្រះ​គ្រីស្ទ។ ហើយ​បើ​សិន​ជា​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ជឿ​ដល់​ពាក្យ​ទាំង​នេះ​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​គឺជា​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​ទ្រង់​បាន​ប្រទាន​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ពាក្យ​ទាំង​នេះ​ប្រដៅ​មនុស្ស​ទាំង​អស់​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ។

១១ហើយ​បើ​សិន​ជា​ពាក្យ​ទាំង​នេះ មិនមែន​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ​ទេ នោះ​ចូរ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ទៅ — ត្បិត​ព្រះ​គ្រីស្ទ​ទ្រង់​នឹង​បង្ហាញ​ដល់​អ្នក​ដោយ​ព្រះ​ចេស្ដា និង​សិរី​ល្អ​ដ៏​ធំ​ថា ពាក្យ​ទាំង​នោះ​គឺជា​ព្រះ​បន្ទូល​របស់​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​អ្នក​រាល់​គ្នា និង​រូប​ខ្ញុំ នឹង​ឈរ​ប្រទល់​មុខ​គ្នា​នៅ​ចំពោះ​វេទិកា​របស់​ទ្រង់ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ទ្រង់​បាន​បញ្ជា​ឲ្យ​ខ្ញុំ​សរសេរ​ការណ៍​ទាំង​នេះ ដោយ​មិន​គិត​ដល់​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ​ឡើយ។

១២ហើយ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ សូម​ឲ្យ​ពួក​យើង​ជាច្រើន​នាក់ បើ​មិន​ទាំង​អស់​គ្នា​ទេ សូម​ឲ្យ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ទ្រង់​នៅ​ក្នុង​ថ្ងៃ​ដ៏​ធំ និង​ចុង​ក្រោយ​បង្អស់​នោះ។

១៣ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ គឺ​អស់​ពួក​អ្នក​ដែល​ជា​វង្ស​អ៊ីស្រាអែល និង​អស់​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​រាល់​គ្នា ដូច​ជា​សំឡេង​នៃ​ជន​ម្នាក់​ដែល​ស្រែក​ចេញ​ពី​ធូលី​ដី​មក​ថា ៖ សូម​លា​សិន​ហើយ រហូត​ដល់​ថ្ងៃ​ដ៏​ធំ​នោះ​មក​ដល់។

១៤ហើយ​អ្នក​ណា​ដែល​មិន​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ ឬ​គោរព​តាម​ពាក្យ​ទាំង​ឡាយ​របស់​ពួក​សាសន៍​យូដា ឬ​តាម ពាក្យ​សម្ដី​ខ្ញុំ​ផង ឬ​តាម​ពាក្យ​ទាំង​ឡាយ​ដែល​ចេញ​មក​ពី​មាត់​នៃ​កូន​ចៀម​នៃ​ព្រះ​ទេ មើល​ចុះ ខ្ញុំ​សូម​លា​អ្នក​ដល់​អស់​កល្ប​ជានិច្ច ព្រោះ​ពាក្យ​ទាំង​នេះ នឹង​កាត់ទោស​ដល់​អ្នក​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​វិញ។

១៥ត្បិត​អ្វី​ដែល​ខ្ញុំ​ផ្សា​ទុក​នៅ​លើ​ផែនដី​នេះ នឹង​ត្រូវ​បាន​យក​មក​ទាស់​នឹង​អ្នក​នៅ​វេទិកា​ជំនុំ​ជំរះ ត្បិត​ទ្រង់​បាន​បញ្ជា​ខ្ញុំ​ថា​ដូច្នេះ ហើយ​ខ្ញុំ​ត្រូវ​តែ​គោរព​ធ្វើ​តាម។ អាម៉ែន៕ :៚