ជំពូកទី ២១
ពួកអ៊ីស្រាអែលនឹងបានប្រមូលមកវិញ ពេលដែលព្រះគម្ពីរមរមនចេញមក — ពួកសាសន៍ដទៃនឹងបានតាំងឡើងជាប្រជាជនសេរីមួយនៅទ្វីបអាមេរិក — ពួកគេនឹងបានសង្គ្រោះ បើសិនជាពួកគេជឿ ហើយប្រតិបត្តិតាម បើពុំនោះសោតទេ ពួកគេនឹងត្រូវកាត់កាលចេញ ហើយបំផ្លាញចោល — ពួកអ៊ីស្រាអែលនឹងសង់ក្រុងយេរូសាឡិមថ្មី ហើយពួកពូជអំបូរដែលវង្វេងទាំងប៉ុន្មាននឹងត្រឡប់មកវិញ។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយយើងប្រាប់អ្នករាល់គ្នាជាប្រាកដថា យើងឲ្យដល់អ្នករាល់គ្នានូវទីសម្គាល់មួយ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងថា ពេលណាការណ៍ទាំងនោះបម្រុងនឹងកើតឡើង — គឺយើងនឹងប្រមូលរាស្ត្រយើងមកវិញ បន្ទាប់ពីគេត្រូវខ្ចាត់ព្រាត់អស់ពេលដ៏យូរ ឱវង្សអ៊ីស្រាអែលអើយ ហើយនឹងតាំងក្រុងស៊ីយ៉ូនរបស់យើងឡើងវិញនៅក្នុងចំណោមពួកគេ
២ហើយមើលចុះ នេះគឺជាការណ៍ដែលយើងនឹងឲ្យដល់អ្នករាល់គ្នាទុកជាទីសម្គាល់មួយ — ត្បិតយើងប្រាប់អ្នករាល់គ្នាជាប្រាកដថា កាលណាការណ៍ទាំងនេះ ដែលយើងបានប្រកាសដល់អ្នករាល់គ្នា ហើយដែលយើងនឹងប្រកាសដល់អ្នករាល់គ្នាពេលក្រោយដោយខ្លួនយើងផ្ទាល់ និងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងបានប្រទានដល់អ្នកពីព្រះវរបិតា នោះនឹងធ្វើឲ្យពួកសាសន៍ដទៃដឹង ដើម្បីឲ្យពួកគេអាចដឹងអំពីប្រជាជននេះ គឺជាសំណល់នៃវង្សយ៉ាកុប និងអំពីរាស្ត្រយើង ដែលនឹងត្រូវពួកគេកម្ចាត់ឲ្យខ្ចាត់ព្រាត់។
៣ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា កាលណាការណ៍ទាំងនេះនឹងបានធ្វើឲ្យពួកគេដឹងដោយព្រះវរបិតា ហើយនឹងចេញមកពីព្រះវរបិតា គឺចេញពីពួកគេមកដល់អ្នករាល់គ្នា
៤ត្បិតគឺជាប្រាជ្ញានៅក្នុងព្រះវរបិតាថា គេនឹងត្រូវបានតាំងឡើងនៅលើដែនដីនេះ ហើយឲ្យទៅជាប្រជាជនសេរីមួយ ដោយព្រះចេស្ដានៃព្រះវរបិតា ដើម្បីឲ្យការណ៍ទាំងនេះបានមកពីគេដល់សំណល់មួយនៅក្នុងពូជអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីសញ្ញានៃព្រះវរបិតា អាចបានបំពេញដែលទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងរាស្ត្រទ្រង់ ឱវង្សអ៊ីស្រាអែលអើយ។
៥ដូច្នេះកាលណាកិច្ចការទាំងនេះ និងកិច្ចការទាំងឡាយដែលនឹងកើតឡើងនៅក្នុងចំណោមពូជអ្នករាល់គ្នាពីពេលនេះតទៅ នោះនឹងបានចេញពីពួកសាសន៍ដទៃមកដល់ពូជរបស់អ្នករាល់គ្នា ដែលនឹងចុះអន់ថយក្នុងការឥតជំនឿដោយមកពីអំពើទុច្ចរិត
៦ត្បិតព្រះវរបិតាទ្រង់ទតឃើញថា ការណ៍នោះនឹងចេញមកពីពួកសាសន៍ដទៃ ដើម្បីទ្រង់អាចបង្ហាញនូវព្រះចេស្ដារបស់ទ្រង់ដល់ពួកសាសន៍ដទៃ ត្បិតដោយហេតុនេះហើយដែលពួកសាសន៍ដទៃ បើសិនជាពួកគេមិនធ្វើចិត្តរឹងរូសទេ នោះពួកគេអាចប្រែចិត្ត ហើយមករកយើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមរបស់យើង ហើយដឹងចំណុចពិតប្រាកដ នៃគោលលទ្ធិរបស់យើង ដើម្បីពួកគេអាចបានរាប់ក្នុងចំណោមរាស្ត្រយើង ឱវង្សអ៊ីស្រាអែលអើយ។
៧ហើយកាលណាការណ៍ទាំងនេះកើតឡើង នោះពូជរបស់អ្នកនឹងចាប់ផ្ដើមដឹងនូវការណ៍ទាំងនេះ — នឹងមានទីសម្គាល់មួយដល់ពួកគេ ដើម្បីឲ្យគេអាចដឹងថា កិច្ចការនៃព្រះវរបិតាបានចាប់ផ្ដើមរួចហើយចំពោះការបំពេញសេចក្ដីសញ្ញា ដែលទ្រង់បានធ្វើជាមួយនឹងប្រជាជន ដែលជាវង្សអ៊ីស្រាអែល។
៨ហើយកាលណាថ្ងៃនោះនឹងមកដល់ ហេតុការណ៍នឹងកើតឡើងថា មហាក្សត្រទាំងឡាយនឹងបិទមាត់ខ្លួនជិត ត្បិតគេនឹងឃើញការណ៍ដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្ដីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ។
៩ត្បិតនៅថ្ងៃនោះ ដោយយល់ដល់រូបយើង នោះព្រះវរបិតាទ្រង់នឹងធ្វើកិច្ចការមួយ ដែលនឹងទៅជាកិច្ចការដ៏ធំ ហើយអស្ចារ្យនៅក្នុងចំណោមពួកគេ ហើយនៅក្នុងចំណោមពួកគេនឹងមានអស់អ្នកដែលពុំជឿកិច្ចការនោះ ទោះបីមានបុរសម្នាក់ នឹងប្រកាសកិច្ចការនោះដល់ពួកគេក៏ដោយ។
១០ប៉ុន្តែមើលចុះ ជីវិតរបស់អ្នកបម្រើយើងនឹងនៅក្នុងកណ្ដាប់ដៃយើង ហេតុដូច្នេះហើយ ពួកគេពុំអាចព្យាបាទអ្នកនោះបានឡើយ ទោះបីគេអាចធ្វើឲ្យទឹកមុខអ្នកនោះខូចក៏ដោយ គង់តែយើងនឹងប្រោសអ្នកនោះឲ្យជាដែរ ត្បិតយើងនឹងបង្ហាញដល់ពួកគេថា ប្រាជ្ញារបស់យើងធំជាងកលល្បិចរបស់អារក្ស។
១១ហេតុដូច្នេះហើយ ហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលពុំជឿដល់ពាក្យយើង គឺព្រះយេស៊ូវគ្រីស្ទ ដែលព្រះវរបិតាទ្រង់នឹងចាត់ឲ្យនាំពាក្យទាំងនេះមកដល់ពួកសាសន៍ដទៃ ព្រមទាំងនឹងប្រទានដល់ទ្រង់នូវអំណាចផង ដើម្បីឲ្យទ្រង់អាចនាំពាក្យទាំងនេះមកដល់ពួកសាសន៍ដទៃ (ហើយនឹងបានសម្រេចដូចលោកម៉ូសេបានមានប្រសាសន៍មក) ពួកគេនឹងត្រូវកាត់កាលចេញពីចំណោមរាស្ត្រយើងដែលនៅក្នុងសេចក្ដីសញ្ញា។
១២ហើយរាស្ត្រយើង គឺជាសំណល់នៃវង្សយ៉ាកុបនឹងនៅក្នុងចំណោមពួកសាសន៍ដទៃ មែនហើយ នៅកណ្ដាលពួកគេ បីដូចជាសត្វសិង្ហមួយនៅកណ្ដាលសត្វព្រៃទាំងឡាយ ហើយបីដូចជាកូនសត្វសិង្ហមួយនៅក្នុងហ្វូងចៀម បើសិនជាវាដើរឆ្លងកាត់ វានឹងជាន់ឈ្លីនៅក្រោមជើង ហើយហែកឲ្យទៅជាដុំៗ ហើយគ្មានអ្នកណាអាចដោះលែងបានឡើយ។
១៣ដៃពួកគេនឹងលើកឡើង វាយមារសត្រូវទាំងឡាយរបស់គេ ហើយពួកខ្មាំងសត្រូវរបស់គេទាំងអស់ នឹងត្រូវកាត់កាលចេញ។
១៤មែនហើយ វេទនានឹងមានដល់ពួកសាសន៍ដទៃ លើកលែងតែពួកគេប្រែចិត្ត ត្បិតហេតុការណ៍នឹងកើតឡើងថា នៅថ្ងៃនោះ ព្រះវរបិតាទ្រង់មានព្រះបន្ទូលថា យើងនឹងសម្លាប់សេះទាំងឡាយពីចំណោមពួកអ្នកចេញ ហើយយើងនឹងបំផ្លាញរទេះទាំងឡាយរបស់ពួកអ្នកចោល
១៥ហើយយើងនឹងកាត់ទីក្រុងទាំងឡាយ នៅក្នុងដែនដីរបស់អ្នកចេញ ហើយរលំអស់ទាំងទីតាំងការពាររបស់អ្នកចោល
១៦ហើយយើងនឹងកាត់មន្តអាគមចេញពីដែនដីអ្នក ហើយអ្នករាល់គ្នានឹងគ្មានគ្រូទាយ ឯណាទៀតឡើយ
១៧រូបចម្លាក់ទាំងឡាយរបស់អ្នករាល់គ្នា ក៏នឹងត្រូវយើងកាត់ចេញដែរ ហើយអ្នករាល់គ្នានឹងពុំអាចថ្វាយបង្គំស្នាដៃរបស់អ្នកទៀតឡើយ
១៨ហើយយើងនឹងដកដើមឈើទាំងឡាយរបស់អ្នកចេញពីទីកណ្ដាលអ្នករាល់គ្នាយ៉ាងណា នោះយើងក៏នឹងបំផ្លាញចោលទីក្រុងទាំងឡាយរបស់អ្នកយ៉ាងនោះដែរ។
១៩ហើយហេតុការណ៍នឹងកើតឡើងថា អំពើភូតកុហក និងបោកបញ្ឆោត និងឈ្នានីស និងលោភលន់ និងឧបាយកលផ្នែកសង្ឃ និងអំពើសហាយស្មន់ទាំងអស់នេះត្រូវតែចប់។
២០ត្បិតហេតុការណ៍នឹងកើតឡើង ព្រះវរបិតាទ្រង់មានព្រះបន្ទូលថា ឱវង្សអ៊ីស្រាអែលអើយ នៅថ្ងៃនោះ អស់អ្នកណាដែលពុំប្រែចិត្ត ហើយមករកបុត្រាដ៏ជាទីស្រឡាញ់របស់យើងទេ នោះយើងនឹងកាត់អ្នកនោះចេញពីរាស្ត្រយើង
២១ហើយយើងនឹងអនុវត្តការសងសឹក និងកំហឹងទៅលើពួកគេ ដូចជាទៅលើពួកឥតជំនឿដែរ គឺជាការណ៍ដែលគេឥតបានឮ។
២២តែបើពួកគេនឹងប្រែចិត្ត ហើយស្ដាប់តាមពាក្យរបស់យើង ហើយពុំធ្វើចិត្តរឹងទទឹងទេ នោះយើងនឹងតាំងសាសនាចក្ររបស់យើងឡើងនៅក្នុងចំណោមពួកគេ ហើយពួកគេនឹងចូលក្នុងសេចក្ដីសញ្ញា ហើយនឹងត្រូវបានរាប់ក្នុងចំណោមសំណល់នៃវង្សយ៉ាកុប ដែលយើងបានប្រទានដែនដីនេះទុកជាមរតក។
២៣ហើយពួកគេនឹងជួយរាស្ត្រយើង ដែលជាសំណល់នៃវង្សយ៉ាកុប និងព្រមទាំងវង្សអ៊ីស្រាអែលទាំងអស់ដែលនឹងមក ដើម្បីឲ្យពួកគេអាចសង់ទីក្រុងមួយ ដែលត្រូវហៅថា ក្រុងយេរូសាឡិមថ្មី។
២៤ហើយនៅពេលនោះ ពួកគេនឹងជួយរាស្ត្រយើង ដើម្បីគេអាចប្រមូលមកពួកអ្នកដែលខ្ចាត់ព្រាត់នៅពាសពេញលើផ្ទៃដែនដី ចូលមកឯក្រុងយេរូសាឡិមថ្មី។
២៥ហើយនៅពេលនោះ អំណាចនៃស្ថានសួគ៌នឹងចុះមករកពួកគេ ហើយយើងក៏នឹងនៅកណ្ដាលពួកគេដែរ។
២៦ហើយខណៈនោះ កិច្ចការរបស់ព្រះវរបិតានឹងចាប់ផ្ដើមឡើងនៅថ្ងៃនោះ ក្នុងកាលដំណឹងល្អនេះនឹងត្រូវបានផ្សាយនៅក្នុងចំណោមសំណល់នៃប្រជាជននេះ។ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃនោះ កិច្ចការរបស់ព្រះវរបិតានឹងចាប់ផ្ដើមឡើងនៅក្នុងចំណោមរាស្ត្រយើងទាំងអស់ដែលត្រូវខ្ចាត់ព្រាត់ មែនហើយ ព្រមទាំងក្នុងចំណោមពូជអំបូរទាំងឡាយដែលវង្វេងផង ដែលព្រះវរបិតាទ្រង់បាននាំចេញពីក្រុងយេរូសាឡិមទៅ។
២៧មែនហើយ កិច្ចការនោះនឹងចាប់ផ្ដើមឡើងនៅក្នុងចំណោមរាស្ត្រយើងទាំងអស់ ដែលត្រូវខ្ចាត់ព្រាត់ដោយមានព្រះវរបិតារៀបចំមាគ៌ាសម្រាប់ឲ្យពួកគេអាចមករកយើងវិញ ដើម្បីគេអាចអំពាវនាវដល់ព្រះវរបិតាដោយនូវនាមរបស់យើង។
២៨មែនហើយ នៅពេលនោះ កិច្ចការនោះនឹងចាប់ផ្ដើមឡើង ដោយមានព្រះវរបិតាគង់នៅក្នុងចំណោមសាសន៍ទាំងអស់ ក្នុងការរៀបចំមាគ៌ាសម្រាប់ឲ្យរាស្ត្រទ្រង់អាចប្រមូលគ្នាមកកាន់មាតុភូមិនៅលើដែនដីនៃកេរ្តិ៍អាកររបស់គេ។
២៩ហើយពួកគេនឹងចេញពីគ្រប់ទាំងសាសន៍មក ហើយពួកគេនឹងពុំចេញដោយរួសរាន់ ឬដោយរត់គេចឡើយ ត្បិតយើងនឹងទៅខាងមុខគេ ហើយយើងនឹងនៅពីក្រោយពួកគេដែរ នេះគឺព្រះបន្ទូលនៃព្រះវរបិតា៕