ព្រះគម្ពីរ
នីហ្វៃ ទី ៣ 25


ជំពូក​ទី ២៥

គ្រា​យាង​មក​លើក​ទី​ពីរ ពួក​អ្នក​ឆ្មើងឆ្មៃ និង​ពួក​ទុច្ចរិត​នឹង​ត្រូវ​ឆេះ​ដូច​ជា​ជញ្ជ្រាំង — អេលីយ៉ា​នឹង​ត្រឡប់​មក​វិញ​មុន​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​នោះ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាឡាគី ៤។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ត្បិត​មើល​ចុះ ថ្ងៃ​នោះ​កំពុងតែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើងឆ្មៃ មែន​ហើយ ហើយ​និង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ​នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

តែ​ព្រះ​រាជ​បុត្រា​នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់​សម្រាប់​អ្នក​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​នាម​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ លោត​កញ្ឆេង​ដូច​ជា​កូន​គោ​ដែល​លែង​ចេញ​ពី​ក្រោល។

ហើយ​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា នៅ​ថ្ងៃ​ដែល​ធ្វើ​ការ​នោះ អ្នក​រាល់​គ្នា​នឹង​ជាន់​ឈ្លី​ពួក​អាក្រក់​បង់ ត្បិត​គេ​នឹង​ដូច​ជា​ផេះ​នៅ​ក្រោម​បាទ​ជើង​របស់​អ្នក​រាល់​គ្នា។

ចូរ​នឹក​ចាំ​ពី​ក្រឹត្យវិន័យ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​យើង ដែល​យើង​បាន​បញ្ជា​ដល់​លោក នៅ​លើ​ភ្នំ​ហូរែប​សម្រាប់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គឺ​អស់​ទាំង​ក្រឹត្យ​ក្រម និង​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​នោះ។

មើល​ចុះ មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​អម្ចាស់​បាន​មក​ដល់ នោះ​យើង​នឹង​ចាត់​អេលីយ៉ា គឺជា​ព្យាការី​ឲ្យ​មក​អ្នក​រាល់​គ្នា។

ហើយ​លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​យើង​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្ដា​សា៕